២០១៥
ការរៀបចំ​ដើម្បី​ចូល​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់
ខែ កក្កដា ឆ្នាំ ២០១៥


ការរៀបចំ​ដើម្បី ចូល​ក្នុង ដំណាក់ របស់ ព្រះអម្ចាស់

ញញឹម​ពេល​អ្នក​គិត​អំពី​ព្រះវិហារ​បរិសុទ្ធ ។ វា​ជា​កន្លែង​នៃ​ព្រះចេស្តា និង ពរជ័យ ។

The Washington D.C. Temple at sunset and evening shots.  Also shots with fog.

នៅ​ឯ​ពិធី​សម្ភោធ​ព្រះវិហារ​បរិសុទ្ធ​មួយ ខ្ញុំ​បាន​កត់​សម្គាល់​ថា ក្មេង​ស្រី​មួយ​ចំនួន​ដើរ​ពី​ក្រោយ​ឪពុក​ម្ដាយ​របស់​ពួកគេ​ឆ្លងកាត់​ព្រះវិហារ​បរិសុទ្ធ ។ ពួកគេ​ញញឹម​ពេល​ពួកគេ​ឃើញ​​រូប​របស់​ពួកគេ​នៅក្នុង​កញ្ចក់​បន្ទប់​កូន​ក្រមុំ ។ លោក​យាយ​របស់​ពួកគេ​បាន​ខ្សឹប​ថា « ចូរ​ចាំ​ថា ចៅ​ពិសេស​យ៉ាង​ណា ហើយ​ថា​ព្រះវរបិតាសួគ៌​ស្រឡាញ់​ចៅ​យ៉ាង​ណា » ។ ក្មេង​ស្រី​ម្នាក់ៗ​បាន​ស្រមៃ​ពី​ពេល​ដែល​ពួកគេ​នឹង​ត្រឡប់​មក​ព្រះវិហារ​បរិសុទ្ធ ជា​ស្ត្រី​ម្នាក់​នៃ​សេចក្ដី​ជំនឿ ជាមួយ​នឹង​សេចក្ដី​ស្រឡាញ់ និង សមត្ថភាព​ដែល​កាន់តែ​ចាស់​ទុំ ដែល​ត្រៀម​រួច​ជា​ស្រេច​ដើម្បី​បំពេញ​បេសកកម្ម​របស់​នាង​នៅ​លើ​ផែនដី​នេះ ។ ក្មេង​ប្រុស​ទាំងឡាយ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​សម្ភោធ ក៏បាន​សម្លឹងឃើញ​​ពី​ពរជ័យ និង ទំនួល​ខុសត្រូវ​របស់​ពួកគេ​នា​ពេល​អនាគត​ដែរ ។

អ្វី​ដែល​កុមារ​ទាំងនេះ​បាន​មាន​ក្នុងអារម្មណ៍​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​គឺ​ពិត ។ ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ចង់​ប្រទាន​ពរ​ដល់​អ្នក ។ ពរជ័យ​ដ៏​មហិមា​បំផុត​របស់​ទ្រង់​បាន​មក ពេល​ដែល​អ្នក​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ទទួល​ពិធី​បរិសុទ្ធ​ទាំងឡាយ ហើយ​ដើម្បី​ធ្វើ និង រក្សា​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ ។ អ្នក​ទទួល​ខុស​ត្រូវ ក្នុង​ការរៀបចំ​ខ្លួន និង ការត្រៀម​រួច​ជា​ស្រេច ។

ព្រះវិហារ​បរិសុទ្ធ​សំខាន់​នៅក្នុង​ជីវិត​របស់​អ្នក ជា​ពិសេស​ពេល​អ្នក​នៅ​ក្មេង ៖ « យុវជន​ត្រូវការ​កន្លែង​របស់​គាត់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ សូម្បី​តែ​ជាង​ឪពុក និង លោកតា​របស់​គាត់​ផង ជា​អ្នក​ដែល​មាន​ជំហរ​រឹងមាំ​ដោយ​បទពិសោធន៍​ទាំងឡាយ​នៃ​ជីវិត ហើយ​យុវនារី​ដែល​ទើប​ចាប់​ផ្ដើម​ស្រាវជ្រាវអំពីជីវិត ត្រូវការ​វិញ្ញាណ ឥទ្ធិពល និង ការណែនាំ ដែល​បាន​មក​ពី​ការចូលរួម​ក្នុង​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ » ។ សូម​ចាប់​ផ្ដើម​ឥឡូវ​នេះ ដើម្បី​រៀបចំ​ដួងចិត្ត និង គំនិត​អ្នក ដើម្បី​អាច ទទួល និង យល់ ពី​ពរជ័យ​ទាំងនេះ​ឲ្យ​បាន​ពេញលេញ ( សូមមើល ម៉ាថាយ ១៣:២៣​; ម៉ាកុស ៤:២០ ) ។

ការទទួល​នូវ​ភាពពេញលេញ​នៃ​ដំណឹងល្អ

ប្រសិន​បើ​អ្នក​នឹង​រៀបចំ​ខ្លួន​អ្នក​ដើម្បី​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​អ្នក​នឹង « បាន​ប្រុង​ប្រៀប ដើម្បី​ទទួល​ភាពពោរពេញ​នៃ​ដំណឹងល្អ [ របស់​ទ្រង់ ] » នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ( គ. និង ស. ៣៥:១២ ការសង្កត់​ន័យ​ត្រូវ​បាន​បន្ថែម ) ។ ព្រះវិហារ​បរិសុទ្ធ​ជា​កន្លែង​នៃ​អំណាច និង ពរជ័យ ។ ព្រះអម្ចាស់​បាន​ណែនាំ​ដល់​ព្យាការី យ៉ូសែប ស្ម៊ីធ និង ពួក​បរិសុទ្ធ​ជំនាន់​មុន​ឲ្យ​ប្រមូល​ផ្ដុំ​គ្នានៅ ខឺតឡង់ រដ្ឋ អូហៃអូ ស.រ.អា ជា​កន្លែង​ដែល​ពួកគេ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​មួយ ។ « នៅ​ទី​នោះ អ្នក​នឹង​ត្រូវ​បាន ទទួល​ព្រះចេស្ដា មកពី​ស្ថានលើ » ( គ. និង ស. ៣៨:៣២ ការសង្កត់​ន័យ​ត្រូវបាន​បន្ថែម ) ។

នៅ​ឯ​ពិធី​សម្ភោធ​ព្រះវិហារ​បរិសុទ្ធ​មួយ​ថ្មីៗ​នេះ សាវក​ម្នាក់​បាន​ប្រមូល​ផ្ដុំ​ក្រុម​គ្រួសារ​របស់​លោក​ជុំ​វិញ​អាសនា​ដ៏​បរិសុទ្ធ​នៅក្នុង​បន្ទប់​ផ្សារ​ភ្ជាប់ ។ លោក​បាន​បង្រៀន​ពួកគេ​ថា អ្វីៗ​គ្រប់​យ៉ាង​ដែល​យើង​ធ្វើ​នៅ​ក្នុង​សាសនាចក្រ — ថ្នាក់​រៀន សកម្មភាព កម្មវិធី និង ការប្រជុំ​នានា — រៀបចំ​យើង​ឲ្យ​មក​ឯ​អាសនា​នៃ​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ទទួល​ពិធី​បរិសុទ្ធ​នៃ​ការ​ផ្សារ​ភ្ជាប់ ។ ព្រះវិហារ​បរិសុទ្ធ​តំណាង​ឲ្យ​ខ្លឹមសារ​ដ៏​សំខាន់​បំផុត​នៃ​ផែនការ​ព្រះវរបិតាសួគ៌​របស់​អ្នក សម្រាប់​សុភមង្គល និង ការរីក​ចម្រើន​ដ៏​អស់កល្ប​ជានិច្ច​របស់​អ្នក ។

ការរៀបចំ​ដើម្បី​ធ្វើ​សេចក្ដី​សញ្ញា​ទាំងឡាយ​ជាមួយ​នឹង​ព្រះ

ការរៀបចំ​របស់​អ្នក ដើម្បី​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង ដើម្បី​ធ្វើ​សេចក្ដី​សញ្ញា​ទាំងឡាយ ពុំ​កើត​ឡើង​ភ្លាមៗ​នោះ​ទេ ។ វា​ចាប់​ផ្ដើម​ជាមួយ​នឹង​បុណ្យ​ជ្រមុជ​ទឹក និង ពិធី​បញ្ជាក់​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​របស់​អ្នក ហើយ​លូតលាស់​ឡើង​ជាមួយ​នឹង​ការអធិស្ឋាន ការសិក្សា​ព្រះគម្ពីរ ការគោរព​ប្រតិបត្តិ និង ការបម្រើ ។ វា​អញ្ជើញ​ឲ្យ​មាន​ភាពស្អាតស្អំ​ជា​រៀង​រាល់​សប្ដាហ៍ ពេល​អ្នក​ចូលរួម​ក្នុង​ពិធី​សាក្រាម៉ង់ ។ វា​កើតឡើង ពេល​អ្នក​រៀន​ដើម្បី​ស្វែងរក​ការអភ័យទោស​តាម​រយៈ​ការប្រែចិត្ត ពេល​អ្នក​រក្សា​បទដ្ឋាន និង ពេល​អ្នក​កាន់​បណ្ឌ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​កំណត់​ដោយ​ភាព​សក្ដិសម ។ កម្មវិធី​យុវវ័យ​នឹង​ជួយ​អ្នក ប៉ុន្តែ​ការរៀបចំ​របស់​អ្នក​គឺ​ផ្ទាល់​ខ្លួន អ្នក​បង្កើត​នូវ​ភាពសក្ដិសម របស់​អ្នក ទីបន្ទាល់ របស់​អ្នក ការប្រែចិត្ត​ជឿ របស់​អ្នក ។ ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​អនុវត្ត​ចំពោះ​អ្នក​ដោយ​ផ្ទាល់​ខ្លួន ។

ពេល​អ្នក​បង្កើន​កម្រិត​នៃ​ភាព​ចាស់ទុំ​ខាង​វិញ្ញាណ​របស់​អ្នក នោះ​អ្នក​នឹង​មាន​បំណង​ប្រាថ្នា​ដើម្បី​រៀបចំ​សម្រាប់ និង ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ នៅ​ទី​នោះ អ្នក​នឹង​ទទួល​ពិធី​បរិសុទ្ធ និង ធ្វើ​សេចក្ដី​សញ្ញា​ទាំងឡាយ ដែល​ជា​ជំហាន​ចាំបាច់​ដើម្បី​ខិត​កាន់តែ​ជិត​ព្រះវរបិតាសួគ៌​របស់​អ្នក ។ ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​គឺ « ពិធី​បរិសុទ្ធ … ដែល​លើក​តម្កើង​បំផុត ដែល​ត្រូវបាន​បើក​សម្ដែង​ដល់​មនុស្ស​លោក » ។

ពេល​អ្នក​ទទួល​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ អ្នក​ធ្វើ​នូវ​សេចក្ដី​សញ្ញា​ដ៏​ឧឡារិក​ជាមួយ​នឹង​ព្រះវរបិតា​របស់​អ្នក​តែ​ម្ដង​ប៉ុណ្ណោះ​សម្រាប់​ខ្លួន​អ្នក​ផ្ទាល់ ហើយ​បន្ទាប់​ពី​នោះ អ្នក​នឹង​ពុះពារ​ព្យាយាម​រស់នៅ​តាម​សេចក្ដី​សញ្ញា​ទាំងនោះ​អស់​មួយ​ជីវិត​អ្នក ។ រាល់​លើក​ដែល​អ្នក​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ អ្នក​អាច​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​របស់​ទ្រង់ ហើយ​ទទួល​នូវ​វិវរណៈ និង ការយល់​ដឹង​បន្ថែម​ទៀត ខណៈ​ពេលកំពុង​ផ្ដល់​នូវ​ពិធី​បរិសុទ្ធ​ចាំបាច់​នានា​ដល់​អ្នក​ដទៃ​ទៀត ។ អ្នក​នឹង​យល់​ដឹង និង ទទួល​ការបញ្ជាក់អំពី​ការមាន​ជីវិត​ដ៏​នៅ​អស់កល្ប​របស់​អ្នក និង អំណាច​ដ៏​គ្មាន​ទីបញ្ចប់​នៃ​សេចក្ដី​សញ្ញា​របស់​អ្នក ។ ប្រសិន​បើ​អ្នក​មិន​មែន​ជា​តួអង្គ​ដ៏​នៅ​អស់កល្ប​ទេ នោះ​ព្រះវិហារ​បរិសុទ្ធ​នឹង​ពុំ​មាន​ការចាំបាច់​អ្វី​ឡើយ ។ អ្នក​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ធ្វើ​សេចក្ដី​សញ្ញា​ទាំងឡាយ ព្រោះ អ្នក​នឹង​នៅ​រស់រាន​អស់កល្ប​ជានិច្ច ហើយ​ចង់​រស់​នៅ​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​របស់​អ្នក និង ក្រុម​គ្រួសារ​របស់​អ្នក​នៅក្នុង « សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ » ( ម៉ូសាយ ២:៤១ ) ។ ការបញ្ជាក់នេះ​រីក​លូតលាស់​ឡើង​នៅក្នុង​ព្រលឹង​អ្នក​ផ្ទាល់ ហើយ​ត្រូវបាន​បញ្ជាក់​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ការ​មាន​ភាពសក្ដិសម

Young woman meeting with her bishop.  Shot in the Philippines.

តួនាទី​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ពិត ។ ទ្រង់​បង្រៀន​អ្នក ធ្វើ​ឲ្យ​អ្នក​បរិសុទ្ធ និង ផ្ទេរ​ដល់​អ្នក​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា ( សូមមើល រ៉ូម ៥:៥ ) ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​ការសន្យា គឺ​ជា​អំណាច​ដ៏​សច្ចានុមិត​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ធ្វើ​ឲ្យ​សេចក្ដី​សញ្ញា​នីមួយៗ​មាន​សុពលភាព​អស់កល្ប​ជានិច្ច ។

ដើម្បី​ទទួល​បាន​ព្រះវិញ្ញាណ អ្នក​ត្រូវតែ​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដោយ​ស្អាតស្អំ និង បរិសុទ្ធ ដោយ​ឥត​មាន​ការរំលង​ណា​ដែល​ពុំ​ទាន់​ត្រូវបាន​អភ័យទោស​ឡើយ ។ ប្រសិនបើ​មារ​សត្រូវ​អាច​មាន​ជោគជ័យ​នៅក្នុង​ការយក​ឈ្នះ​លើអ្នក​បាន​ដោយ​តាម​វិធី​ណា​ក៏​ដោយ​នោះ វា​នឹង​រារាំង​អ្នក​ពី​ព្រះវិហារ​បរិសុទ្ធ ឬ វា​នឹង​បញ្ឆោត​ចិត្ត​អ្នក​ឲ្យ​ទៅ​ទី​នោះ​ទាំង​មិន​មាន​ភាព​សក្ដិសម ។

សម្រាប់​ហេតុផល​នេះ អ្នក​នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​អង្គុយ​នៅក្នុង​ការសម្ភាសន៍​ផ្ទាល់​ខ្លួន​មួយ ជាមួយ​នឹង​ប៊ីស្សព ឬ ប្រធាន​សាខា​របស់​អ្នក ដើម្បី​ពិចារណា​ពី​ភាពសក្ដិសម និង ភាពរួចរាល់​របស់​អ្នក ក្នុង​ការ​ទទួល​បណ្ឌ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ សូម​ស្មោះត្រង់ ហើយ​ទុកចិត្ត​គាត់​ដើម្បី​ជួយ​អ្នក ។ នៅ​ក្នុង​ភាព​ពិត អ្នក​ត្រូវ​កំណត់​ពី​ជំហរ​របស់​អ្នក​ផ្ទាល់​នៅ​ចំពោះ​ព្រះអម្ចាស់ ( សូមមើល គ. និង ស. ១០៩:២៤ ) ។ អ្នក​នឹង​ចុះ​ហត្ថលេខា​លើ​បណ្ឌ​ចូល​ព្រះវិហារ​បរិសុទ្ធ​របស់​អ្នក​ផ្ទាល់ ។ អ្នក​នឹង​ធ្វើ​ជា​សាក្សី​ពី​ភាព​សក្ដិសម​របស់​អ្នក​នៅ​ចំពោះ​ព្រះអម្ចាស់ ។

ដើម្បី​មាន​ភាពសក្ដិសម ពុំ​មែន​មាន​ន័យ​ថា អ្នក​ល្អ​ឥតខ្ចោះ​នោះ​ទេ ។ វា​មានន័យ​ថា ដួងចិត្ត​របស់​អ្នក​គឺ​ត្រឹមត្រូវ ថា​អ្នក​កំពុង​រស់នៅ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ហើយ​ថា អ្នក​មាន​បំណង​ប្រាថ្នា​ដើម្បី​ប្រព្រឹត្តិឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​ជា​រៀង​រាល់​ថ្ងៃ ។

ការរៀន​ពី​និមិត្តរូប​ទាំងឡាយ

ដូច​នៅ​ក្នុង​ព្រះគម្ពីរ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ព្រះអម្ចាស់​បង្រៀន​ដោយ​ប្រើប្រាស់​និមិត្តរូប​ទាំងឡាយ ។ អ្នក​អាច​រកឃើញ​និមិត្តរូប​ជាច្រើន​នៅក្នុង​ព្រះគម្ពីរ ដូច​ជា សិលា គ្រាប់ពូជ ផ្លែឈើ ដើមឈើ​នៃ​ជីវិត និង នំប៉័ង និង ទឹក​នៃ​ពិធី​សាក្រាម៉ង់ ( សូមមើល ឧទាហរណ៍ នីហ្វៃទី១ ១១; អាលម៉ា ៣២; ហេលេមិន ៥:១២ ) ។ បុណ្យ​ជ្រមុជ​ទឹក​ដោយ​ពន្លិច ជា​និមិត្តរូប​ឲ្យ​ជីវិត​ថ្មី កើត​ជា​ថ្មី និង ភាព​ជ្រះ​ស្អាត ( សូមមើល រ៉ូម ៦:៣–៥ ) ។ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​ទាំងអស់​គ្នា​ស្លៀកពាក់​ពណ៌ស ជា​និមិត្តរូប​នៃ​ភាពបរិសុទ្ធ ភាពពិសិដ្ឋ ពន្លឺ និង ភាពស្មើគ្នា ។

និមិត្តរូប​មួយ​ចំនួន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ គឺ​ទាំងខាង​រូបកាយ​ផង និង ខាង​វិញ្ញាណ​ផង ។ ឧទាហរណ៍ ការស្លៀកពាក់​សំលៀកបំពាក់​បរិសុទ្ធ គឺ​ជា​ការរំឭក​ខាង​រូបកាយ​ប្រចាំ​ថ្ងៃ អំពី​សេចក្ដី​សញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង ពរជ័យ​ដែល​បាន​សន្យា ។ បើគោរព និង អនុវត្ត នោះ​សំលៀកបំពាក់​បរិសុទ្ធ​ការពារ​យើង​ពី​ការល្បួង និង ឥទ្ធិពល​ដែល​ឥត​សុចរិត​នានា ។

ពិធី​បរិសុទ្ធ​នីមួយៗ​នៃ​ព្រះវិហារ​បរិសុទ្ធ​គឺជា​និមិត្តរូប ។ « នៅក្នុង​ពិធី​ដ៏​ពិសិដ្ឋ បុគ្គល​មួយ​រូប​អាច​ត្រូវ​បាន​លាង និង តាំងប្រេង » ដែល​ជា​ការរំឭក​ដល់​ពួក​ស្ដេច និង សង្ឃ​នៃ​ពួក​អ៊ីស្រាអែល​ពី​បុរាណ ដែល​ត្រូវបាន​រៀបចំ​ឲ្យ​ទទួល​តំណែង​ទាំងឡាយ​របស់​ពួកគេ ( សូមមើល សាំយ៉ូអែល ទី១ ១០:១; ១៦:១៣ ) ។ សេចក្ដី​ណែនាំ និង សេចក្ដី​សញ្ញា​នៅ​ក្នុង​ពិធី​អំណោយទាន​ពិសិដ្ឋ ជា​សញ្ញា​ប្រាប់​ពី​ការដែល​ត្រូវបាន​បំពាក់ ឬ ត្រូវបាន​ប្រគល់​ឲ្យ​នូវ​អំណាច និង ការសន្យាបន្ថែម​ទៀត​ពី​ព្រះ ( សូមមើល លូកា ២៤:៤៩ ) ។ ប្រហែល និមិត្តរូប​ដ៏​ស្រស់​ស្អាត​បំផុត គឺ​ពិធី​បរិសុទ្ធ​នៃ​ការផ្សារ​ភ្ជាប់ ដែល​គូ​ស្វាមី​ភរិយា​ត្រូវបាន​រួបរួម​គ្នា​នៅ​ក្នុង​ចំណង​មួយ​ដែល​មិន​អាច​ផ្ដាច់​បាន ដែល​អាច​ស្ថិតស្ថេរ​នៅ​អស់កល្ប​អស់កាល​ជានិច្ច ។

ការសន្យា​ទាំងឡាយ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ គឺ​បរិបូរ និង ឧត្ដុង្គ​ឧត្ដម ។ ការសន្យា​ទាំងនោះ​គឺ « ការប្រោស​ប្រណី​ដ៏​ធំ » និង « ព្រះពរ​ដ៏​ធំ​ទាំងឡាយ » ( នីហ្វៃទី៣ ១០:១៨ ) ដែល​ព្រះវរបិតា​របស់​យើង​បាន​រក្សា​ទុក​សម្រាប់​អ្នក​ដោយ​អង្គទ្រង់ផ្ទាល់ ។ ដូច្នេះ សូម​ញញឹម​ឡើង ពេល​អ្នក​គិត​អំពី​ព្រះវិហារ​បរិសុទ្ធ ។

មិន​ថា​អ្នក​មាន​អាយុ​ប៉ុណ្ណា​ទេ សូម​ធ្វើ​អ្វី​ៗដែល​ចាំបាច់​ដើម្បី​ត្រៀម​រួច​ជា​ស្រេច ដើម្បី​ទទួល​ពរជ័យ​ដ៏​អស្ចារ្យ​បំផុត ដែល​ព្រះវរបិតា​របស់​អ្នក​ដែល​ទ្រង់​គង់​នៅ​ស្ថានសួគ៌ ប្រទាន​ដល់​អ្នក ។ សូម​ទុកចិត្ត​ចំពោះអារម្មណ៍​ដែល​អ្នក​ធ្លាប់មាន ពេល​អ្នក​នៅ​ជា​កុមារ ហើយ​ច្រៀង​ថា « ខ្ញុំ​ចូល​ចិត្តវិហារ​បរិសុទ្ធ ។ ខ្ញុំ​​ទៅ​ទីនោះ​ថ្ងៃ​មួយ ។ … ខ្ញុំនឹង​រៀប​ចំ​ខ្លួន កាល​ខ្ញុំ​នៅ​ក្មេង ។ នេះ​ជា​កិច្ចការ​ពិសិដ្ឋ​ខ្ញុំ ។ » ។ វា​អាច​ពិត​សម្រាប់​អ្នក ។

កំណត់​ចំណាំ

  1. John A. Widtsoe, “Temple Worship,” Utah Genealogical and Historical Magazine, ខែ មេសា ឆ្នាំ ១៩២១ ទំព័រ ៩១–៩២ ។

  2. ការរៀបចំ​ខ្លួន​ដើម្បី​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ ( កូនសៀវភៅ ឆ្នាំ ២០០២ ) ទំព័រ ១ ។

  3. សូមមើល យ៉ូស្វេ ២៤:២២, ២៧ ៖ « ឯង​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​ទាស់​នឹង​ខ្លួន​ឯង​ថា បាន​រើស​យក​ព្រះយេហូវ៉ា ដើម្បី​នឹង​គោរព​ប្រតិបត្តិ​ដល់​ទ្រង់ ។ ហើយ​គេ​ក៏​ទទួល​ថា យើង​ខ្ញុំ​ជា​ទីបន្ទាល់​ពិតមែន » ។ បន្ទាប់​មក យ៉ូស្វេ​បាន​យក​ថ្ម​ដ៏​ធំ​មួយ ហើយ​បាន​ដាក់​វា​ក្រោម​ដើម​ម៉ៃសាក់ ដោយ​និយាយ​ថា « ថ្ម​នេះ [ ដូច​ជា​បណ្ណ​ព្រះវិហារ​បរិសុទ្ធ​ផ្ទាល់​ខ្លួន​របស់​យើង ] នឹង​បាន​ជា​ទី​បន្ទាល់​ទាស់​នឹង​យើង​រាល់​គ្នា ដ្បិត​ថ្ម​នេះ​បាន​ឮ​អស់​ទាំង​ព្រះបន្ទូល » ។

  4. ការរៀបចំ​ខ្លួន​ដើម្បី​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ ទំព័រ ១ ។

  5. “I Love to See the Temple,” Children’s Songbook, 95

រូបថត​នៃ​ព្រះវិហារ​បរិសុទ្ធ​រ៉េចប៊ើក អៃដាហូ

ក្បាច់រចនា​បង្អួច​នៅ​ព្រះ​វិហារ​បរិសុទ្ធ លៃ រដ្ឋ​ហាវៃ