មេរៀនទី ១២
តម្រូវការរបស់យើងសម្រាប់ការកើតឡើងវិញខាងវិញ្ញាណ
សេចក្ដីផ្ដើម
ចេញពីព្រះគម្ពីរមរមន យើងរៀនថា « មនុស្សខាងសាច់ឈាមគឺជាសត្រូវដល់ព្រះ » ( ម៉ូសាយ ៣:១៩ ) ។ នៅក្នុងមេរៀននេះ សិស្សត្រូវបានណែនាំថា តាមរយៈការប្រែចិត្ត និងការអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ យើងអាចយកឈ្នះភាពជាមនុស្សខាងសាច់ឈាម « កើតម្ដងទៀត » ហើយទទួលបទពិសោធន៍នៃការផ្លាស់ប្ដូរដ៏ធំនៃដួងចិត្ត ។ ការផ្លាស់ប្ដូរនេះគឺចាំបាច់ ដើម្បីចូលទៅក្នុងនគរនៃព្រះ ។
ការអានពីសាវតា
-
ដេវីឌ អេ បែដណា « The Atonement and the Journey of Mortality » Ensign ខែ មេសា ឆ្នាំ ២០១២ ទំព័រ ៤០–៤៧ ។
-
ឌី ថត គ្រីស្តូហ្វឺសិន « Born Again » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៧៦-៧៩ ។
យោបល់សម្រាប់ការបង្រៀន
ម៉ូសាយ ៣:១៩, ១៦:២–៥, អាលម៉ា ៤១:១០–១១
ការសម្រាតចោលភាពជាមនុស្សខាងសាច់ឈាម
នៅលើក្ដារខៀន សូមសរសេរសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) ដែលដកស្រង់ចេញពី « To ‹ the Rising Generation › » New Era ខែ មិថុនា ឆ្នាំ ១៩៨៦ ទំព័រ ៥ ៖
« អ្នកមិនអាចធ្វើខុស ហើយមានអារម្មណ៍ថាត្រូវនោះទេ ។ វាមិនអាចទៅរួចទេ ! » ( ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន )
-
ហេតុអ្វីវាមិនអាចទៅរួច ដែលមានភាពរីករាយពេលកំពុងធ្វើការជ្រើសរើសខុសនោះ ?
សូមឲ្យសិស្សម្នាក់អាន អាលម៉ា ៤១:១០-១១ ឮៗ ខណៈដែលសិស្សក្នុងថ្នាក់រកមើលផលនៃសេចក្ដីទុច្ចរិត ។ ( សូមសង្កត់ធ្ងន់ទៅលើសេចក្ដីពិតដូចតទៅនេះ ៖ សេចក្ដីទុច្ចរិតពុំដែលជាសុភមង្គលឡើយ ) ។
-
តើមានការបំភាន់មួយចំនួនណាខ្លះ ដែលសាតាំងប្រើប្រាស់ដើម្បីលួងលោមយើងថា ការបំពានព្រះបញ្ញត្តិនាំទៅរកសុភមង្គល ?
-
យោងតាមខ ១១ តើវាមានន័យដូចម្ដេច ក្នុងការស្ថិតនៅក្នុង « ស្ថានភាពខាងសាច់ឈាម » ? ( « នៅក្នុងស្ថានភាពខាងរូបកាយ » « នៅក្នុងប្រមាត់ល្វីងជូរចត់ និងចំណងទាំងឡាយនៃអំពើទុច្ចរិត » និង « គ្មានព្រះក្នុងលោកិយ » ) ។
-
តើ អាលម៉ា ៤១:១០-១១ ជួយពន្យល់យ៉ាងណា ពីមូលហេតុដែលភាពពោរពេញដោយអំពើបាបពុំអាចនាំទៅរកសុភមង្គលបាននោះ ? ( វាផ្ទុយពីធម្មជាតិនៃព្រះ ហើយ « ធម្មជាតិនៃព្រះ » គឺជា « ស្ថានភាពនៃសុភមង្គល » ) ។
សូមរំឭកសិស្សថា យើងទាំងអស់គ្នាបានគ្រងមរតកពីឥទ្ធិពលនៃការធ្លាក់របស់អ័ដាម ។ សូមឲ្យសិស្សម្នាក់អាន ម៉ូសាយ ១៦:២-៥ ឮៗ ខណៈដែលសិស្សក្នុងថ្នាក់រកមើលពាក្យ និងឃ្លាទាំងឡាយដែលពិពណ៌នាពីស្ថានភាពធ្លាក់របស់មនុស្សលោក ។
-
តើពាក្យ និងឃ្លាណាខ្លះ ដែលអ័ប៊ីណាដៃបានប្រើ ដើម្បីពិពណ៌នាពីស្ថានភាពធ្លាក់របស់មនុស្សលោក ?
-
តើអ្វីជាសារៈសំខាន់នៃពាក្យ « ស្ថិតនៅក្នុង » នៅក្នុង ខ ៥ ? ( កំណត់ចំណាំ ៖ ការរកមើលពាក្យគន្លឹះ គឺជាជំនាញសិក្សាព្រះគម្ពីរមួយដ៏សំខាន់ ដែលអ្នកអាចជ្រើសរើសសង្កត់ធ្ងន់នៅទីនេះ ) ។
-
តើអ្វីដែលធ្វើឲ្យយើងអាចត្រូវបានប្រោសលោះចេញពីស្ថានភាពដែលពោរពេញដោយអំពើបាប និងធ្លាក់របស់យើង ?
សូមឲ្យសិស្សអានដោយស្ងាត់ៗក្នុង ម៉ូសាយ ៣:១៩ ហើយរកមើលរបៀបដែលយើងអាចយកឈ្នះលើស្ថានភាពធ្លាក់របស់យើង ។
-
តើ « ព្រមធ្វើតាមសេចក្តីទូន្មាននៃព្រះវិញ្ញាណបរិសុទ្ធ » មានអត្ថន័យដូចម្តេច ?
-
តើយើងត្រូវធ្វើអ្វីខ្លះដើម្បី « [ សម្រាត ] ភាពខាងសាច់ឈាមចេញ » ? ( សិស្សគួរតែរកឃើញគោលការណ៍ដូចតទៅនេះ ៖ នៅពេលយើងធ្វើតាមការបំផុសនៃព្រះវិញ្ញាណបរិសុទ្ធ ហើយប្រើប្រាស់អំណាចនៃដង្វាយធួន នោះយើងអាចសម្រាតភាពខាងសាច់ឈាមចេញ ) ។
សូមអញ្ជើញសិស្សឲ្យពិចារណាពីភស្ដុតាងដែលពួកគេធ្លាប់បានឃើញថា ព្រះអង្គសង្គ្រោះអាចផ្លាស់ប្ដូរយើងទៅជាមនុស្សដែលប្រសើរជាងដែលយើងអាចក្លាយដោយខ្លួនយើងទៅទៀត ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយការយល់ដឹងរបស់ពួកគេ ។
សូមអញ្ជើញសិស្សឲ្យឆ្លើយសំណួរខាងក្រោមនេះដោយស្ងាត់ស្ងៀម ៖
-
តើអ្នកអាចធ្វើខ្លះដើម្បី « [ ធ្វើតាម ] សេចក្តីទូន្មាននៃព្រះវិញ្ញាណបរិសុទ្ធ » កាន់តែពេញលេញ ?
-
តើអាកប្បកិរិយាណាខ្លះរបស់កូនក្មេង ដែលមាននៅក្នុង ម៉ូសាយ ៣:១៩ ដែលអ្នកត្រូវអភិវឌ្ឍខ្លាំងបំផុតនោះ ?
ម៉ូសាយ ៥:១–៥, ៧–៨, ២៧:២៤–២៦
ការកើតម្ដងទៀត
សូមឲ្យសិស្សរាយឈ្មោះនៃមនុស្សនៅក្នុងព្រះគម្ពីរមរមន ដែលមានបទពិសោធន៍នៃការផ្លាស់ប្ដូរនៅក្នុងស្ថានភាពសាច់ឈាមរបស់ពួកគេ ដោយសារតែដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។
សូមរំឭកសិស្សថា អាលម៉ាជាកូន និងពួកបុត្រានៃម៉ូសាយ មានពេលមួយ ស្ថិតនៅក្នុងចំណោមពួកឥតជំនឿនៅទីក្រុងសារ៉ាហិមឡា ដែលបានបៀតបៀនសមាជិកសាសនាចក្រ ( សូមមើល ម៉ូសាយ ២៧:៨ ) ។ ក្រោយពីការយាងមកជួបរបស់ទេវតា អាលម៉ាអស់កម្លាំង ហើយមិនអាចនិយាយបានឡើយ ។ បីថ្ងៃក្រោយមក អាលម៉ាមានទទួលកម្លាំងឡើងវិញ ហើយលោកបានថ្លែងទីបន្ទាល់អំពីការផ្លាស់ប្ដូរដែលប្រកបដោយអព្ភូតហេតុ ដែលបានកើតឡើងនៅក្នុងខ្លួនលោក ( សូមមើល ម៉ូសាយ ២៧:១១-២៤ ) ។
សូមឲ្យសិស្សម្នាក់អាន ម៉ូសាយ ២៧:២៤-២៦ ឮៗ ខណៈដែលសិស្សក្នុងថ្នាក់រកមើលពីរបៀបដែលអាលម៉ាបានពិពណ៌នាពីការផ្លាស់ប្ដូរដ៏ប្រកបដោយអព្ភូតហេតុនេះ ។
-
តើពាក្យ និងឃ្លាអ្វីខ្លះ នៅក្នុងខគម្ពីរទាំងនេះ ដែលជួយកំណត់អត្ថន័យពីការដែលបានកើតម្ដងទៀត ?
-
តើ ខ ២៦ ជួយពន្យល់យ៉ាងណា ពីមូលហេតុដែលយើងត្រូវការកើតម្ដងទៀត ? ( សូមប្រាកដថា សិស្សយល់អំពីសេចក្ដីពិតនេះ ៖ មានតែដោយការក្លាយជាសត្វលោកថ្មីនៅក្នុងព្រះគ្រីស្ទប៉ុណ្ណោះ ដែលយើងអាចគ្រងនគរព្រះទុកជាមរតកបាន ) ។
ដើម្បីជួយសិស្សឲ្យយល់អំពីអ្វីដែលកើតឡើងពេល ដែលយើងកើតជាថ្មីខាងវិញ្ញាណ សូមឲ្យសិស្សម្នាក់អាន ម៉ូសាយ ៥:១-៥, ៨ ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលពាក្យ ឬឃ្លាទាំងឡាយ ដែលចង្អុលបង្ហាញថាប្រជាជនរបស់ស្ដេចបេនយ៉ាមីន បានទទួលបទពិសោធន៍ការកើតជាថ្មីខាងវិញ្ញាណ ។
-
តើភស្ដុតាងអ្វី ដែលអ្នកបានរកឃើញថា ប្រជាជនរបស់ស្ដេចបេនយ៉ាមីន បានទទួលបទពិសោធន៍នៃការផ្លាស់ប្ដូរខាងវិញ្ញាណ ? ( ចម្លើយគួរតែរួមមានដូចតទៅនេះ ៖ ពួកគេពុំមានចិត្តធ្វើអាក្រក់ទៀតឡើយ ពួកគេប្រាថ្នាចង់ធ្វើល្អជានិច្ចវិញ គំនិតរបស់ពួកគេត្រូវបានបំភ្លឺ ហើយពួកគេបានពេញដោយអំណរ និងមានឆន្ទៈដើម្បីធ្វើសេចក្ដីសញ្ញាជាមួយនឹងព្រះអម្ចាស់ ) ។
-
យោងតាម ខ ២ និង ៤ តើអ្វីដែលតម្រូវឲ្យមានដើម្បីទទួលបាន « ការផ្លាស់ប្ដូរយ៉ាងធំ … នៅក្នុងចិត្ត » ? ( សិស្សគួរតែរកឃើញគោលការណ៍នេះ ៖ នៅពេលយើងអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ហើយទទួលព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចទទួលបទពិសោធន៍នៃការផ្លាស់ប្ដូរដ៏ធំក្នុងចិត្ត ) ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមឲ្យសិស្សម្នាក់អានវាឮៗ ខណៈដែលសិស្សក្នុងថ្នាក់រកមើលពីរបៀបដែលអែលឌើរ បែដណា ពិពណ៌នាពីការផ្លាស់ប្ដូរដ៏ធំក្នុងចិត្ត ។
« សូមកត់ចំណាំថា ការប្រែចិត្តជឿដែលបានពិពណ៌នានៅក្នុង [ ម៉ូសាយ ៥ ] គឺធំ មិនមែនតូចទេ—ជាការកើតជាថ្មីខាងវិញ្ញាណ និងជាការផ្លាស់ប្ដូរជាមូលដ្ឋាននៃអ្វីដែលយើងមានអារម្មណ៍ និងប្រាថ្នា អ្វីដែលយើងគិត ហើយធ្វើ ព្រមទាំងអ្វីដែលជាអំពីខ្លួនយើង ។ ពិតណាស់ សារៈសំខាន់នៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ តម្រូវឲ្យមានការផ្លាស់ប្ដូរជាមូលដ្ឋាន និងអចិន្ដ្រៃយ៍នៅក្នុងនិស្ស័យរបស់យើង ដែលកើតមានតាមរយៈការពឹងផ្អែករបស់យើងទៅលើ ‹ បុណ្យគុណ និងសេចក្ដីមេត្តាករុណា និងព្រះគុណនៃព្រះម៊ែស៊ីដ៏បរិសុទ្ធ › ( នីហ្វៃទី២ ២:៨ ) » ( « Ye Must Be Born Again » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ២០ ) ។
-
តើអ្វីដែលលេចធ្លោចំពោះអ្នកនៅក្នុងការពិពណ៌នារបស់អែលឌើរ បែដណា អំពីការផ្លាស់ប្ដូរដ៏ធំក្នុងចិត្ត ?
សូមអញ្ជើញសិស្សឲ្យពិភាក្សាពីអ្វីដែលយើងអាចធ្វើ ដើម្បីបន្តទទួលបទពិសោធន៍នៃការផ្លាស់ប្ដូរយ៉ាងធំនៅក្នុងចិត្ត ។
សូមឲ្យសិស្សអាន ម៉ូសាយ ៥:៧ ដោយស្ងៀមស្ងាត់ ហើយរកមើលពីរបៀបដែលទំនាក់ទំនងរបស់យើងនឹងព្រះយេស៊ូវគ្រីស្ទផ្លាស់ប្ដូរ នៅពេលដែលយើងកើតម្ដងទៀត ។
-
តើនៅក្នុងរបៀបណា ដែលយើងក្លាយជាបុត្រាបុត្រីនៃព្រះយេស៊ូវគ្រីស្ទ ?
សូមអញ្ជើញសិស្សឲ្យគិតអំពីសារៈសំខាន់នៃការក្លាយជា « កូនចៅនៃព្រះគ្រីស្ទ » ហើយអញ្ជើញពួកគេឲ្យចែកចាយថា ការណ៍នេះគួរតែជំរុញចិត្តយើងយ៉ាងណា ពេលយើងព្យាយាមដើម្បីកើតម្ដងទៀត ។
អាលម៉ា ៥:១៤, ២៦–២៧, អេធើរ ១២:២៧
ការកើតជាថ្មីខាងវិញ្ញាណត្រូវការពេលវេលា និងការប្រឹងប្រែង
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ខណៈដែលសិស្សក្នុងថ្នាក់ស្ដាប់មើលពីរបៀបដែលលោកពិពណ៌នាពីដំណើរការនៃការទទួលការផ្លាស់ប្ដូរនៅក្នុងចិត្ត ។
« អ្នកអាចសួរថា ហេតុអ្វីការផ្លាស់ប្ដូរយ៉ាងធំនេះមិនកើតឡើងលឿនជាងនេះចំពោះខ្ញុំ ? អ្នកគួរតែចងចាំថា គំរូដ៏អស្ចារ្យនៃប្រជាជនរបស់ស្ដេចបេនយ៉ាមីន អាលម៉ា និងអ្នកផ្សេងទៀតមួយចំនួននៅក្នុងព្រះគម្ពីរ គឺ—អស្ចារ្យបែបនោះ ហើយពុំមែនសាមញ្ញទេ ។ សម្រាប់ពួកយើងភាគច្រើន ការផ្លាស់ប្ដូរទាំងឡាយគឺភាគច្រើនកើតឡើងបន្តិចម្ដងៗ ហើយកើតឡើងច្រើនដង ។ ការកើតម្ដងទៀត គឺពុំដូចជាការកើតខាងរូបកាយទេ វាគឺជាដំណើរការមួយ មិនមែនជាព្រឹត្តិការណ៍មួយនោះទេ ។ ហើយការចូលរួមក្នុងដំណើរការនោះ គឺជាគោលបំណងដ៏សំខាន់នៃជីវិតរមែងស្លាប់ ។
« ក្នុងពេលដូចគ្នានោះដែរ ចូរយើងកុំដោះសារខ្លួនយើងនៅក្នុងការប្រឹងប្រឹងធម្មតាៗឡើយ ។ ចូរយើងកុំរីករាយនឹងការមានចិត្តខ្លះនឹងធ្វើអាក្រក់ឡើយ ។ ចូរយើងទទួលទានសាក្រាម៉ង់ដោយសក្ដិសមជារៀងរាល់សប្ដាហ៍ ហើយបន្តប្រើប្រាស់ព្រះវិញ្ញាណបរិសុទ្ធ ដើម្បីរកឲ្យឃើញ ហើយដកចេញនូវសំណល់ចុងក្រោយនៃភាពមិនបរិសុទ្ធដែលនៅក្នុងខ្លួនយើង ។ ខ្ញុំថ្លែងទីបន្ទាល់ថា ពេលអ្នកបន្តនៅក្នុងផ្លូវនៃការកើតជាថ្មីខាងវិញ្ញាណ នោះព្រះគុណដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទ នឹងដកយកចេញនូវអំពើបាបរបស់អ្នក និងស្នាមប្រឡាក់នៃអំពើបាបទាំងនោះដែលនៅក្នុងអ្នក ការល្បួងនឹងបាត់បង់ភាពទាក់ទាញរបស់វា ហើយតាមរយៈព្រះគ្រីស្ទ អ្នកនឹងក្លាយជាបរិសុទ្ធ ដូចជាទ្រង់ និងព្រះវរបិតារបស់យើងដែលបរិសុទ្ធ » ( « Born Again » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៧៨ ) ។
-
យោងតាមអែលឌើរ គ្រីស្តូហ្វឺសិន ហេតុអ្វីការកើតជាថ្មី គឺជាដំណើរការមួយជាជាងព្រឹត្តិការណ៍មួយ ?
-
តើដំណើរការនៃការកើតជាថ្មីខាងវិញ្ញាណ ជួយយើងឲ្យក្លាយជាបរិសុទ្ធដូចជាព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទ យ៉ាងដូចម្ដេចដែរ ? ( សូមជួយសិស្សឲ្យរកឃើញសេចក្ដីពិតនេះ ៖ តាមរយៈព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងអាចទទួលបានការអភ័យទោស ហើយទទួលជំនួយដើម្បីបន្តនៅលើផ្លូវនៃការកើតជាថ្មីខាងវិញ្ញាណ ) ។
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់ពីអត្ថន័យនៃពាក្យ ព្រះគុណ សូមគិតពីការចែកចាយសេចក្ដីថ្លែងដូចតទៅនេះ ចេញពី Bible Dictionary ( វចនានុក្រមព្រះគម្ពីរប៊ីប ) ៖
« វាគឺ … តាមរយៈព្រះគុណរបស់ព្រះអម្ចាស់ តាមរយៈសេចក្តីជំនឿលើដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ និងការប្រែចិត្តពីអំពើបាបទាំងឡាយរបស់ពួកគេ ដែលបុគ្គលទាំងឡាយនឹងទទួលបានកម្លាំង និងជំនួយដើម្បីធ្វើកិច្ចការល្អនានា បើពុំដូចនោះទេពួកគេមិនមានលទ្ធភាពដើម្បីបន្តឡើយ ប្រសិនបើត្រូវទុកឲ្យពួកគេធ្វើដោយខ្លួនឯងនោះ ។ ព្រះគុណនេះ គឺជាអំណាចមួយដែលអាចធ្វើអ្វីបានទាំងអស់ ដែលអនុញ្ញាតឲ្យបុរស និងស្ត្រីទទួលបានជីវិតអស់កល្បជានិច្ច និងការលើកតម្កើង បន្ទាប់ពីពួកគេបានពង្រីកការខិតខំរបស់ពួកគេឲ្យអស់ពីសមត្ថភាពរបស់ពួកគេផ្ទាល់ » ( Bible Dictionary « Grace » )
សូមអញ្ជើញសិស្សឲ្យអាន អាលម៉ា ៥:១៤, ២៦–២៧ ដោយស្ងាត់ស្ងៀម ហើយរកមើលនូវអ្វីដែលអាលម៉ាបានបង្រៀនពួកអ្នកដែលបានចាប់ផ្ដើមរួចទៅហើយនូវដំណើរការនៃការកើតជាថ្មីខាងវិញ្ញាណនេះ ហើយទទួលបទពិសោធន៍នៃការផ្លាស់ប្ដូរក្នុងចិត្ត ។ សូមអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀបដែលពួកគេនឹងឆ្លើយសំណួររបស់អាលម៉ា ។
-
យោងតាម ខ ២៧ តើយើងចាំបាច់ត្រូវធ្វើអ្វីខ្លះ បន្ទាប់ពីយើងទទួលការផ្លាស់ប្ដូរក្នុងចិត្ត ? ( យើងត្រូវតែបន្តដើរដោយគ្មានទោសចំពោះព្រះ បន្ទាបខ្លួន និងស្វែងរកការអភ័យទោសចំពោះអំពើបាបរបស់យើង ) ។
-
តើអ្នកគិតថា ហេតុអ្វីអាលម៉ាបានបង្រៀនថា ការបន្ទាបខ្លួនគឺជាផ្នែកដ៏សំខាន់បែបនេះ ក្នុងការរក្សាការផ្លាស់ប្ដូរក្នុងចិត្តរបស់យើង ?
សូមប្រាប់សិស្សថា ព្រះអម្ចាស់បានបង្រៀនអេធើរ ពីមូលហេតុដែលអំណាចនៃការបន្ទាបខ្លួនសំខាន់យ៉ាងខ្លាំង ពេលយើងព្យាយាមមានការផ្លាស់ប្ដូរក្នុងចិត្ត ។ សូមរំឭកសិស្សថា ជាញឹកញាប់គោលការណ៍ក្នុងព្រះគម្ពីរប្រើពាក្យ បើ និង នោះ ហើយបន្ទាប់មកអញ្ជើញពួកគេឲ្យរំឭក អេធើរ ១២:២៧ ដោយស្ងាត់ស្ងៀម ដោយរកមើលគោលការណ៍ « បើ-នោះ » ។ សូមពិភាក្សាគោលការណ៍ទាំងឡាយដូចខាងក្រោម ពេលសិស្សរកឃើញវា ៖ បើសិនជាយើងមករកព្រះយេស៊ូវគ្រីស្ទ នោះទ្រង់នឹងបង្ហាញយើងនូវភាពទន់ខ្សោយរបស់យើង ។ បើសិនជាយើងបន្ទាប ហើយមានសេចក្ដីជំនឿលើព្រះអម្ចាស់ នោះទ្រង់នឹងធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែចំពោះយើងវិញ ។
-
តើអ្នកគិតថា ហេតុអ្វីវាសំខាន់សម្រាប់យើង ដើម្បីស្គាល់ពីភាពទន់ខ្សោយរបស់ខ្លួនយើង ?
-
តើអ្នកគិតថាឃ្លា « គុណរបស់យើងមានគ្រប់គ្រាន់សម្រាប់មនុស្សទាំងអស់ដែលបន្ទាបខ្លួននៅចំពោះយើង » មានន័យយ៉ាងណា ?
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ប៊្រុសូ ស៊ី ហាហ្វែន នៃកុ្រមចិតសិបនាក់ ហើយឲ្យសិស្សម្នាក់អានវាឮៗ ៖
« បើអ្នកមានបញ្ហានៅក្នុងជីវិតអ្នក ចូរកុំសន្មតថា មានអ្វីមួយខុសក្នុងខ្លួនអ្នកនោះឡើយ ។ ការពុះពារជាមួយនឹងបញ្ហាទាំងនោះ គឺជាខ្លឹមដ៏សំខាន់បំផុតនៃគោលបំណងក្នុងជីវិតនេះ ។ កាលដែលយើងខិតទៅជិតព្រះ នោះទ្រង់នឹងបង្ហាញយើងនូវភាពទន់ខ្សោយរបស់យើង ហើយតាមរយៈភាពទន់ខ្សោយទាំងនោះវាធ្វើឲ្យយើងកាន់តែឆ្លាតវៃ កាន់តែរឹងមាំ ។ បើអ្នកកំពុងឃើញភាពទន់ខ្សោយរបស់អ្នកកាន់តែច្រើនទៅៗ នោះប្រហែលគ្រាន់តែមានន័យថា អ្នកកំពុងតែខិតកាន់តែជិតព្រះ មិនមែនកាន់តែឆ្ងាយនោះទេ » ( « The Atonement: All for All » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៩៧ ) ។
-
តើយើងអាចធ្វើអ្វីខ្លះ ដើម្បីចៀសវាងពីការបាក់ទឹកចិត្ត ពេលយើងស្គាល់ពីភាពទន់ខ្សោយរបស់យើង ?
សូមចែកចាយទីបន្ទាល់របស់អ្នកថា ព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ នឹងជួយយើងឲ្យយកឈ្នះភាពទន់ខ្សោយរបស់យើង កាលដែលយើងព្យាយាមដើម្បីបានកើតជាថ្មីខាងវិញ្ញាណ ។
ការអានរបស់សិស្ស
-
ម៉ូសាយ ៣:១៩, ៥:១–៥, ៧–៨; ១៦:២–៥, ២៧:២៤–២៦, អាលម៉ា ៥:១៤, ២៦–២៧, ៤១:១០–១១, អេធើរ ១២:២៧ ។
-
ដេវីឌ អេ បែដណា « The Atonement and the Journey of Mortality » Ensign ខែ មេសា ឆ្នាំ ២០១២ ទំព័រ ៤០–៤៧ ។