មេរៀនទី ៤
ការធ្លាក់របស់អ័ដាម និងអំណោយទាននៃសិទ្ធិជ្រើសរើស
សេចក្ដីផ្ដើម
ការធ្លាក់របស់អ័ដាមជាផ្នែកដ៏ចាំបាច់នៃផែនការនៃព្រះ ។ វានាំមកនូវលក្ខខណ្ឌទាំងឡាយ ដែលអាចធ្វើឲ្យយើងមកកាន់ផែនដី ហើយទទួលបាននូវការសាកល្បង ។ ផែនការរបស់ព្រះក៏បញ្ចូលផងដែរនូវការប្រទានសិទ្ធិជ្រើសរើសដល់បុត្រាបុត្រីទ្រង់ ( សូមមើល នីហ្វៃទី២ ២:២៧ ) ។ ក្នុងមេរៀននេះ សិស្សនឹងរៀនថា គន្លឹះដើម្បីអនុវត្តសិទ្ធិជ្រើសរើសរបស់យើងបានយ៉ាងល្អ គឺត្រូវព្យាយាមធ្វើតាមព្រះឆន្ទៈរបស់ព្រះ គឺធ្វើតាមគំរូដែលបានបង្ហាញដោយព្រះយេស៊ូវគ្រីស្ទ ។
ការអានពីសាវតា
-
រ៉ូបឺត ឌី ហែល « Agency: Essential to the Plan of Life » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ២៤–២៧ ។
-
ជែហ្វ្រី អ័រ ហូឡិន « Where Justice, Love, and Mercy Meet » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៤–៦ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី២ ២:១៩–២៦, ២៨, អាលម៉ា ៤២:៦–១០, ១៤, ម៉ូសេ ៥:៥–៩
ការធ្លាក់របស់អ័ដាម
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ប៊្រូស ស៊ី ហាហ្វែន នៃកុ្រមចិតសិបនាក់ ហើយឲ្យសិស្សម្នាក់អានវាឮៗ ៖
« តាំងពីសតវត្សរ៍ទីប្រាំមក គ្រឹស្តសាសនាបានបង្រៀនថា ការធ្លាក់របស់អ័ដាម និងអេវ៉ា គឺជាកំហុសដ៏សោកនាដកម្មមួយ ។ … ទស្សនៈនោះគឺខុសហើយ ។ … ការធ្លាក់ពុំមែនជាមហន្តរាយមួយនោះទេ ។ វាពុំមែនជាកំហុស ឬជាការចៃដន្យមួយឡើយ ។ វាគឺជាផ្នែកដែលបានគិតទុកជាមុនក្នុងផែនការនៃសេចក្ដីសង្គ្រោះ » ( « The Atonement: All for All » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៩៧ ) ។
-
តើអ្នកគិតថា ហេតុអ្វីវាសំខាន់ដើម្បីយល់ថា ការធ្លាក់ពុំមែនជាកំហុស ឬការចៃដន្យមួយ តែជាផ្នែកដែលបានគិតទុកជាមុនក្នុងផែនការនៃសេចក្ដីសង្គ្រោះ ?
សូមអញ្ជើញសិស្សឲ្យសិក្សា នីហ្វៃទី២ ២:១៩–២៥ ហើយធ្វើបញ្ជីមួយអំពីឥទ្ធិពលនៃការធ្លាក់—ការណ៍ទាំងឡាយដែលបានកើតឡើងដល់អ័ដាម និងអេវ៉ា បន្ទាប់ពីពួកគាត់បានទទួលទានផ្លែឈើហាមឃាត់ ។ សូមឲ្យសិស្សសរសេរចំណុចទាំងឡាយដែលមានក្នុងបញ្ជីរបស់ពួកគេនៅលើក្តារខៀន ។ ( កំណត់ចំណាំ ៖ ការស្វែងរកបញ្ជីនានានៅក្នុងវគ្គបទគម្ពីរ គឺជាជំនាញការសិក្សាព្រះគម្ពីរមួយ ដែលអ្នកអាចបង្រៀនជាមួយនឹងវគ្គបទគម្ពីរនេះ សូមមើល ការបង្រៀន និង ការរៀនសូត្រដំណឹងល្អ [ ឆ្នាំ ២០១២ ] ទំព័រ ២៣ ) ។ បញ្ជីនោះគួរបញ្ចូលនូវចំណុចដូចតទៅនេះ ៖ អ័ដាម និងអេវ៉ា ត្រូវបានបណ្ដេញចេញពីសួនច្បារអេដែន ពួកគាត់បាននាំឲ្យមានកូនចៅ ពួកគាត់បានចូលទៅក្នុងស្ថានភាពសាកល្បង ពួកគាត់បានវង្វេង និងត្រូវការការប្រែចិត្ត ហើយពួកគាត់បានដកពិសោធន៍ភាពផ្ទុយគ្នា ដែលបានអនុញ្ញាតឲ្យពួកគាត់ដកពិសោធន៍ការណ៍ល្អ និងអាក្រក់ ហើយប្រើប្រាស់សិទ្ធិជ្រើសរើសរបស់ពួកគាត់ដោយឆ្លាតវៃ ។
-
តើបញ្ជីនៅលើក្ដារខៀន ជួយពន្យល់ពីមូលហេតុដែលការធ្លាក់របស់អ័ដាម ជាផ្នែកដ៏ចាំបាច់មួយនៃផែនការរបស់ព្រះវរបិតាសួគ៌យ៉ាងដូចម្ដេច ? ( សិស្សនឹងទំនងជាផ្ដល់ចម្លើយខុសៗគ្នា ដែលអាចត្រូវបានសង្ខេបដោយគោលការណ៍នេះ ៖ ការធ្លាក់របស់អ័ដាម បានធ្វើឲ្យវាកើតឡើងបានសម្រាប់យើង ដើម្បីចូលទៅក្នុងជីវិតរមែងស្លាប់ និងដើម្បីរីកចម្រើនឆ្ពោះទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច) ។
-
តើ « មនុស្សលោកទាំងអស់… វង្វេងបង់ » ដោយសារតែការធ្លាក់ មានន័យដូចម្ដេច ? ( នីហ្វៃទី២ ២:២១ ) ។
ដើម្បីជួយសិស្សឆ្លើយសំណួរនេះ សូមអញ្ជើញសិស្សមួយចំនួនឲ្យប្ដូរវេនគ្នាអាន អាលម៉ា ៤២:៦-១០, ១៤ ឮៗ ខណៈដែលសិស្សក្នុងថ្នាក់រកមើលឥទ្ធិពលបន្ថែមទៀតនៃការធ្លាក់ ។ ពេលសិស្សចែកចាយអ្វីដែលពួកគេរកឃើញ នោះអ្នកអាចនឹងចង់បន្ថែមចម្លើយរបស់ពួកគេទៅលើបញ្ជីនៅលើក្ដារខៀន ។
-
តើ « ត្រូវបានកាត់ចេញ…ពីវត្តមាននៃព្រះអម្ចាស់ » មានន័យដូចម្ដេច ?
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« [ អ័ដាម និងអេវ៉ា ] បានរំលងព្រះបញ្ញត្តិមួយរបស់ព្រះ ដែលតម្រូវឲ្យពួកគាត់ចាកចេញពីសួនច្បាររបស់ពួកគាត់ ប៉ុន្តែអនុញ្ញាតឲ្យពួកគាត់មានកូនចៅពីមុននឹងប្រឈមនឹងការស្លាប់ខាងរូបកាយ ។ ជាការបន្ថែមទុក្ខព្រួយ និងភាពស្មុគស្មាញដល់ស្ថានភាពរបស់ពួកគាត់ នោះការរំលងរបស់ពួកគាត់មានលទ្ធផលខាងវិញ្ញាណផងដែរ គឺការកាត់ពួកគាត់ចេញពីវត្តមាននៃព្រះអម្ចាស់ជារៀងរហូត ។ ដោយសារពេលនោះយើងបានកើតមកនៅក្នុងពិភពលោកដែលធ្លាក់នោះ ហើយដោយសារយើងនឹងរំលងក្រឹត្យវិន័យរបស់ព្រះផងដែរ នោះយើងក៏ស្ថិតនៅក្រោមការដាក់ទោសដូចគ្នាដែលអ័ដាម និងអេវ៉ា បានជួបផងដែរ ។ …
« …ចាប់តាំងពីពេលដែលឪពុកម្ដាយដើមបានឈានជើងដើរចេញពីសួនច្បារអេដែនមក ព្រះ និងជាព្រះវរបិតានៃយើងទាំងអស់គ្នា ដោយបានជ្រាបពីការសម្រេចចិត្តរបស់អ័ដាម និងអេវ៉ា ជាមុនរួចទៅហើយនោះ ទ្រង់បានបញ្ជូនទេវតាមកពីស្ថានសួគ៌ ហើយប្រកាសដល់ពួកគាត់—ហើយរហូតមកដល់ជំនាន់យើង—ថាការធ្លាក់ចុះនេះ ត្រូវបានរៀបចំឡើងសម្រាប់សុភមង្គលដ៏អស់កល្បរបស់យើង ។ វាគឺជាចំណែកនៃផែនការដ៏ទេវភាពរបស់ទ្រង់ ដែលមានព្រះអង្គសង្គ្រោះ ជាព្រះរាជបុត្រានៃព្រះផ្ទាល់— ដែលជា ‹ អ័ដាម › ម្នាក់ទៀត ដែលសាវកប៉ុលបានហៅទ្រង់ [ សូមមើល កូរិនថូស ទី១ ១៥:៤៥ ]—ដែលនឹងយាងមកនៅក្នុងពេលដ៏ត្រឹមត្រូវ ដើម្បីធ្វើឲ្យធួនសម្រាប់ការរំលងទីមួយរបស់អ័ដាម ។ ដង្វាយធួននោះនឹងសម្រេចជោគជ័យទាំងស្រុងទៅលើការស្លាប់ខាងរូបកាយ ។ … ដោយសេចក្ដីមេត្តាករុណា ដង្វាយធួនក៏ប្រទាននូវការអភ័យទោសសម្រាប់អំពើបាបផ្ទាល់ខ្លួនរបស់យើងគ្រប់គ្នា តាំងពីការធ្លាក់របស់អ័ដាមដល់ទីបញ្ចប់នៃពិភពលោក ក្រោមលក្ខខណ្ឌនៃការប្រែចិត្ត និងការគោរពតាមព្រះបញ្ញត្តិដ៏ទេវភាពទាំងឡាយ » ( « Where Justice, Love, and Mercy Meet » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៥–៦ ) ។
-
ហេតុអ្វីបានជាយើង « ស្ថិតនៅក្រោមការដាក់ទោសដូចគ្នាដែលអ័ដាម និងអេវ៉ា បានជួបផងដែរ » ? ( យើងកើតមកនៅក្នុងពិភពលោកដែលធ្លាក់ ហើយយើងរំលងក្រឹត្យវិន័យរបស់ព្រះ ) ។
សូមអញ្ជើញសិស្សបីបួននាក់ប្ដូរវេនគ្នាអានឮៗចេញពី នីហ្វៃទី២ ២:២៦, ២៨ និង ម៉ូសេ ៥:៥-៩ ខណៈដែលសិស្សក្នុងថ្នាក់រកមើលពីរបៀបដើម្បីយកឈ្នះលើឥទ្ធិពលនៃការធ្លាក់នៅក្នុងជីវិតយើង ។
-
យោងតាមវគ្គបទគម្ពីរទាំងនេះ តើយើងអាចត្រូវបានប្រោសលោះចេញពីឥទ្ធិពលនៃការធ្លាក់យ៉ាងដូចម្ដេច ? ( ចម្លើយគួរតែរួមមាននូវគោលការណ៍ដូចតទៅនេះ ៖ បើយើងប្រែចិត្ត ហើយអំពាវនាវដល់ព្រះ ដើម្បីបានការអភ័យទោស នោះយើងអាចត្រូវបានប្រោសលោះចេញពីអំពីបាបរបស់យើងតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ) ។
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីតួនាទីរបស់ការធ្លាក់ នៅក្នុងផែនការនៃសេចក្ដីសង្គ្រោះ និងរបៀបដែលវា « ត្រូវបានរៀបចំឡើងសម្រាប់សុភមង្គលដ៏អស់កល្បរបស់យើង » ។ សូមអញ្ជើញសិស្សម្នាក់ ឬពីរនាក់ឲ្យចែកចាយគំនិតរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។
នីហ្វៃទី២ ២:១៤, ១៦, ២៦–២៩, ហេលេមិន ១៤:៣០–៣១, នីហ្វៃទី៣ ២៧:១៣
អំណោយទាននៃសិទ្ធិជ្រើសរើស
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន រ័សុល អិម ណិលសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« អ័ដាម និងអេវ៉ា បានក្លាយជារមែងស្លាប់ [ តាមរយៈការធ្លាក់ ] ។ ជាការរីករាយសម្រាប់យើង ពួកគាត់ក៏អាចបង្កើតកូនចៅ ហើយបំពេញគោលបំណងទាំងឡាយសម្រាប់ការបង្កើតពិភពលោកនេះ ។ … មានពរជ័យផ្សេងៗទៀត ត្រូវបានប្រទានឲ្យយើងតាមរយៈការធ្លាក់ ។ វាធ្វើឲ្យមាននូវអំណោយទានពីរបន្ថែមទៀតពីព្រះ មានតម្លៃស្ទើរតែដូចជាជីវិតដែរ—សិទ្ធិជ្រើសរើស និងទំនួលខុសត្រូវ » ( « Constancy amid Change » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ៣៤ អក្សរទ្រេតត្រូវបានបន្ថែម ) ។
-
តើនៅក្នុងរបៀបណាខ្លះ ដែលសិទ្ធិជ្រើសរើស និងទំនួលខុសត្រូវ « មានតម្លៃស្ទើរតែដូចជាជីវិតដែរ » ?
សូមឲ្យសិស្សសិក្សា នីហ្វៃទី២ ២:១៤, ១៦, និង ២៦ ដោយរកមើលអ្វីដែលខគម្ពីរទាំងនេះបង្រៀនអំពីរបៀបដែលបុត្រាបុត្រីព្រះខុសពីការបង្កបង្កើតផ្សេងៗទៀតរបស់ទ្រង់ ។
-
តើភាពខុសគ្នាអ្វីដែលខគម្ពីរទាំងនេះគូសបញ្ជាក់រវាងបុត្រាបុត្រីព្រះ និងការបង្កបង្កើតផ្សេងៗទៀតរបស់ទ្រង់ ? ( សិស្សគួរតែរកឃើញគោលលទ្ធិដូចតទៅនេះ ៖ បុត្រាបុត្រីព្រះត្រូវបានបង្កើតមក ដើម្បីធ្វើសកម្មភាពសម្រាប់ខ្លួនផ្ទាល់ ជាជាងទទួលសកម្មភាព ) ។
-
តើវាមានន័យយ៉ាងណា ដែលព្រះអម្ចាស់បានបង្កើតយើងដើម្បីធ្វើសកម្មភាពសម្រាប់ខ្លួនផ្ទាល់ ជាជាងទទួលសកម្មភាព ?
-
ហេតុអ្វីវាសំខាន់ដើម្បីដឹងថា បុត្រាបុត្រីព្រះត្រូវបានបង្កើតមក ដើម្បីធ្វើសកម្មភាពសម្រាប់ខ្លួនផ្ទាល់ ជាជាងទទួលសកម្មភាព ?
ដើម្បីជួយឆ្លើយនឹងសំណួរនេះ អ្នកអាចនឹងពិភាក្សាសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយប្រធាន ប៊យដ៍ ឃេ ផាកកឺ ( ឆ្នាំ ១៩២៤-២០១៥ ) នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ពាក្យចាស់ពោលថា ‹ ព្រះអម្ចាស់គាំទ្រខ្ញុំ ហើយលូស៊ីហ្វើរទាស់នឹងខ្ញុំ តែវាជាការគាំទ្ររបស់ខ្ញុំទេតើ ដែលសំខាន់ › ពិពណ៌នាពីភាពច្បាស់លាស់ខាងគោលលទ្ធិដែលសិទ្ធិជ្រើសរើសរបស់យើង គឺមានអំណាចជាងឆន្ទៈរបស់មារសត្រូវ ។ សិទ្ធិជ្រើសរើសមានតម្លៃណាស់ ។ យើងអាចធ្វើវាទាំងលីលា ងងឹតងងល់ តែវាមិនអាចត្រូវបានដកយកពីយើងទាំងបង្ខំនោះឡើយ ។
« ក៏មានការដោះសាពីបុរាណមួយ ៖ ‹ អារក្សល្បួងខ្ញុំឲ្យធ្វើវា › ។ វាពុំមែនដូច្នោះទេ ! វាអាចបោកបញ្ឆោតអ្នក និងដឹកនាំអ្នកខុស តែវាពុំមានអំណាចដើម្បីបង្ខំអ្នក ឬនរណាម្នាក់ផ្សេងទៀតឲ្យរំលងឡើយ » ( « Cleansing the Inner Vessel » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៧៤ ) ។
សូមឲ្យសិស្សមួយចំនួនអាន នីហ្វៃទី១ ២:២៦–២៩ ហើយសិស្សផ្សេងទៀតអាន ហេលេមិន ១៤:៣០–៣១ ។ សូមលើកទឹកចិត្តសិស្សឲ្យគូសចំណាំពាក្យ និងឃ្លាទាំងឡាយដែលបង្ហាញពីលទ្ធផលនៅថ្ងៃអនាគតនៃជម្រើសដែលយើងជ្រើសរើសក្នុងពេលឥឡូវនេះ ។ សូមអញ្ជើញសិស្សឲ្យចែកចាយពាក្យ ឬឃ្លាមួយចំនួនដែលពួកគេបានគូសចំណាំ ។
-
តើសេចក្ដីពិតអ្វី ដែលយើងអាចរៀនចេញពីវគ្គបទគម្ពីរទាំងនេះ អំពីឥទ្ធិពលនៃជម្រើសរបស់យើង ? ( សិស្សគួររកឃើញសេចក្ដីពិតដូចតទៅនេះ ៖ របៀបដែលយើងប្រើប្រាស់សិទ្ធិជ្រើសរើសរបស់យើង កំណត់ពីការរីកចម្រើនខាងវិញ្ញាណ និងពរជ័យដ៏អស់កល្បរបស់យើង ) ។
ដើម្បីជួយសិស្សឲ្យយល់ពីសេចក្ដីពិតនេះ សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រ៉ូបឺត ឌី ហែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ពេលយើងជ្រើសរើសធ្វើតាមព្រះឆន្ទៈព្រះវរបិតាសួគ៌របស់យើង នោះសិទ្ធិជ្រើសរើសរបស់យើងត្រូវបានរក្សាទុក ឱកាសរបស់យើងកើនឡើង ហើយយើងរីកចម្រើនឡើង ។ … អ្វីដែលផ្ទុយពីនោះក៏ត្រឹមត្រូវដែរ ៖ ពេលយើងមិនកាន់តាមព្រះបញ្ញត្តិ ឬមិនធ្វើតាមការបំផុសរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះឱកាសរបស់យើងត្រូវបានកាត់បន្ថយ សមត្ថភាពរបស់យើងក្នុងការប្រព្រឹត្ត និងរីកចម្រើនត្រូវចុះថយ ។ …ការគោរពប្រតិបត្តិដល់ព្រះបញ្ញត្តិការពារដល់សិទ្ធិជ្រើសរើសយើងខ្លាំងបំផុត » ( « Agency: Essential to the Plan of Life » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ២៥–២៦ ) ។
-
តើលទ្ធផលមួយចំនួនអ្វីខ្លះ ដែលបានមកពីការប្រើប្រាស់សិទ្ធិជ្រើសរើសខុស ?
-
តើការគោរពប្រតិបត្តិតាមព្រះបញ្ញត្តិរបស់ព្រះ ការពារដល់សិទ្ធិជ្រើសរើសរបស់យើងយ៉ាងដូចម្ដេច ?
-
ហេតុអ្វីការប្រើប្រាស់សិទ្ធិជ្រើសរើស « ដើម្បីធ្វើតាមព្រះឆន្ទៈព្រះវរបិតាសួគ៌របស់យើង » ជាគន្លឹះមួយ នាំឲ្យមានការរីកចម្រើនខាងវិញ្ញាណរបស់យើង ?
សូមឲ្យសិស្សអាន នីហ្វៃទី៣ ២៧:១៣ ដោយស្ងៀមស្ងាត់ ហើយពិចារណាពីគំរូរបស់ព្រះយេស៊ូវគ្រីស្ទអំពីការប្រើប្រាស់អំណោយទាននៃសិទ្ធិជ្រើសរើសដោយសុចរិត ។
-
តើនៅក្នុងរបៀបណាខ្លះ ដែលព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះដែលថា « យើងបានមក ដើម្បីធ្វើតាមព្រះហឫទ័យនៃព្រះវរបិតាយើង » អាចជួយយើងឲ្យប្រើប្រាស់អំណោយទាននៃសិទ្ធិជ្រើសរើសដោយឆ្លាតវៃ…នោះ ?
សូមចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រីឆាត ជី ស្កត ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដើម្បីជួយសិស្សឲ្យយល់ពីពរជ័យដ៏អស្ចារ្យដែលបានមកពីការប្រើប្រាស់សិទ្ធិជ្រើសរើសរបស់យើងដោយសុចរិត ៖
« ព្រះអម្ចាស់មានគម្រោងពង្រឹងដល់ការរីកចម្រើន និងការអភិវឌ្ឍផ្ទាល់ខ្លួនរបស់អ្នក ។ ដំណើរការនោះត្រូវបានពន្លឿន នៅពេលអ្នកនឹងមានឆន្ទៈឲ្យទ្រង់ដឹកនាំអ្នកឆ្លងកាត់រាល់បទពិសោធន៍រីកចម្រើននានាដែលអ្នកបានជួប មិនថាពីមុនវាជាការចូលចិត្តផ្ទាល់ខ្លួនរបស់អ្នក ឬក៏អត់នោះទេ ។ នៅពេលអ្នកទុកចិត្តលើព្រះអម្ចាស់ នៅពេលអ្នកមានឆន្ទៈឲ្យដួងចិត្តរបស់អ្នក និងគំនិតរបស់អ្នកផ្ដោតលើឆន្ទៈរបស់ទ្រង់ នៅពេលអ្នកសុំឲ្យព្រះវិញ្ញាណដឹកនាំអ្នកដើម្បីធ្វើតាមឆន្ទៈរបស់ទ្រង់ អ្នកនឹងត្រូវបានធានាឲ្យបាននូវសុភមង្គលដ៏អស្ចារ្យនៅតាមផ្លូវ និងការទទួលបានដ៏ពេញលេញបំផុតពីបទពិសោធន៍ខាងសាច់ឈាមនេះ ។ ប្រសិនបើអ្នកមានសំណួរចំពោះអ្វីៗទាំងអស់ដែលអ្នកត្រូវបានសុំឲ្យធ្វើនោះ ឬ មិនអាចដោះស្រាយនឹងឧបសគ្គដ៏មិនរីករាយគ្រប់ពេលនោះ អ្នកធ្វើឲ្យព្រះអម្ចាស់កាន់តែពិបាកនឹងប្រទានពរដល់អ្នកហើយ ។ [ សូមមើល នីហ្វៃទី១ ៣:៧ ] ។
« សិទ្ធិជ្រើសរើសរបស់អ្នក ជាសិទ្ធិដើម្បីធ្វើការជ្រើសរើស មិនត្រូវបានប្រទានមកដើម្បីអ្នកអាចទទួលបាននូវអ្វីដែលអ្នកចង់បាននោះទេ ។ អំណោយទានដល់ពិសិដ្ឋនេះត្រូវបានប្រទានឲ្យ ដើម្បីអ្នកនឹងជ្រើសរើសអ្វីដែលព្រះវរបិតារបស់អ្នកដែលគង់នៅស្ថានសួគ៌មានព្រះទ័យចង់បានសម្រាប់អ្នក ។ តាមរបៀបនោះ ទ្រង់អាចដឹកនាំអ្នកឲ្យក្លាយជាអ្វីទាំងអស់ដែលទ្រង់មានព្រះទ័យចង់ឲ្យអ្នកប្រែក្លាយ ។ [ សូមមើល គ. និង ស. ៥៨:២៦–៣២ ] » ។ (« Finding Joy in Life » Ensign ខែ ឧសភា ឆ្នាំ ១៩៩៦ ទំព័រ ២៥ ) ។
សូមឲ្យសិស្សគិតអំពីគ្រាទាំងឡាយ ដែលពួកគេបានធ្វើការសម្រេចចិត្តដើម្បីប្រព្រឹត្តដោយសេចក្ដីសុចរិត ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយពីរបៀប ដែលលទ្ធផលនៃការសម្រេចចិត្តទាំងនោះបាននាំពរជ័យនានាដល់ពួកគេ ។
សូមលើកទឹកចិត្តសិស្សឲ្យសញ្ជឹងគិតពីរបៀប ដែលពួកគេអាចធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទកាន់តែប្រសើរឡើង នៅក្នុងការធ្វើតាមព្រះឆន្ទៈរបស់ព្រះវរបិតាសួគ៌ ។ សូមចែកចាយទីបន្ទាល់របស់អ្នកថា ការប្រើប្រាស់សិទ្ធិជ្រើសរើសរបស់យើងដោយត្រឹមត្រូវអាចនាំយើងឆ្ពោះទៅកាន់ជីវិតអស់កល្បជានិច្ច ។
ការអានរបស់សិស្ស
-
នីហ្វៃទី២ ២:១៤, ១៦, ១៩–២៩, អាលម៉ា ៤២:៦–១០, ១៤, ហេលេមិន ១៤:៣០–៣១, នីហ្វៃទី៣ ២៧:១៣, ម៉ូសេ ៥:៥–៩ ។
-
ជែហ្វ្រី អ័រ ហូឡិន « Where Justice, Love, and Mercy Meet » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៤–៦ ។