ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១ ៖ ព្រះគម្ពីរ​មរមន ជា​សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ


មេរៀន​ទី ១

ព្រះគម្ពីរ​មរមន ជា​សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ

សេចក្ដីផ្ដើម

អស់អ្នក​ដែល​សិក្សា ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន នឹង​បានដឹង​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​រៀន​ថា អ្នកនិពន្ធ​សំខាន់ៗ​ភាគច្រើន​នៃ​ព្រះគម្ពីរ​នេះ គឺជា​សាក្សី​ផ្ទាល់​ភ្នែក​នៃ​ព្រះរាជបុត្រា​នៃ​ព្រះ ហើយ​ថា​ពាក្យ​សម្ដី​របស់​ពួកលោក​ជួយ​ពង្រីក​ការយល់ដឹង និង​ទីបន្ទាល់​របស់​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់​កាន់តែ​ស៊ីជម្រៅ ។

ការអាន​ពី​សាវតា

  • ហ្គរដុន ប៊ី ហ៊ិងគ្លី «A Testimony Vibrant and True » Ensign ខែ សីហា ឆ្នាំ ២០០៥ ទំព័រ ២–៦ ។

  • « The Book of Mormon—Keystone of Our Religion » ជំពូក​ទី ៩ នៅក្នុង Teachings of Presidents of the Church: Ezra Taft Benson ( ឆ្នាំ ២០១៤ ) ទំព័រ ១២៥–៣៥ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី១ ១៣:៤០; នីហ្វៃទី២ ២៥:១៧–១៨, អាលម៉ា ៣៣:២២–២៣

ព្រះគម្ពីរ​មរមន ជា​សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ព្យាការី យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ១៨០៥–៤៤ ) ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« ខ្ញុំ​បាន​ប្រាប់​បងប្អូន​ទាំងឡាយ​ថា ព្រះគម្ពីរមរមន គឺ​ជា​គម្ពីរ​ដ៏​ត្រឹមត្រូវ​បំផុត​ជាង​គម្ពីរ​នានា​ទាំងអស់​នៅ​លើ​ផែនដី​នេះ ហើយ​ជា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង ហើយ​បុគ្គល​ម្នាក់ៗ​អាច​ចូល​ទៅ​ជិត​ព្រះ​បាន ដោយសារ​ធ្វើ​តាម​សិក្ខាបទ​ទាំងឡាយ​នៃ​គម្ពីរ​នេះ ជាជាង​គម្ពីរ​ដទៃ​ទាំងអស់ » (បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន) ។

  • តើ​សម្ដី​អះអាង​ណា​ខ្លះ​របស់​ព្យាការី​អំពី​ព្រះគម្ពីរ​មរមន ដែល​អ្នក​មាន​ទីបន្ទាល់ ហើយ​មូលហេតុ​អ្វី ?

  • តើ​សេចក្តី​ថ្លែងការណ៍​របស់​ព្យាការី ពង្រីក​ការជំរុញ​ទឹកចិត្ត​អ្នក​ឲ្យ​សិក្សា​ព្រះគម្ពីរ​មរមន​យ៉ាង​ដូចម្តេច​ដែរ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​គូស​ពណ៌​ចំណាំ​សេចក្ដី​ថ្លែងការណ៍​នេះ នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ផ្ទាល់ នៅក្នុង​កថាខណ្ឌ​ទីប្រាំមួយ​នៃ​បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ហើយ​ផ្ដល់​យោបល់​ដល់​ពួកគេ​ឲ្យ​សរសេរ​នៅក្បែរ​កថាខណ្ឌ​នោះ នូវ​ខគម្ពីរ​យោង នីហ្វៃទី១ ១៣:៤០ និង នីហ្វៃទី២ ២៥:១៧–១៨ ។ ( កំណត់ចំណាំ ៖ ការធ្វើ​ខគម្ពីរ​យោង គឺជា​ជំនាញ​សិក្សា​ព្រះគម្ពីរ​មួយ ដែល​អ្នក​អាច​ជ្រើសរើស​ដើម្បី​ធ្វើ​ការសង្កត់ធ្ងន់​ពេញ​មួយ​វគ្គសិក្សា​នេះ ។ កាលដែល​សិស្ស​ពង្រឹង​ជំនាញ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ នោះ​ពួកគេ​ប្រែ​កាន់តែ​មាន​ភាពខ្លួន​ទីពឹង​ខ្លួន​ខាង​វិញ្ញាណ​ខ្លាំងឡើង ) ។

សូម​អញ្ជើញ​សិស្ស​បីបួន​នាក់​ប្ដូរ​វេនគ្នា​អាន​ឮៗ​ចេញពី នីហ្វៃទី១ ១៣:៤០ និង នីហ្វៃទី២ ២៥:១៧–១៨ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​រកមើល​គោលបំណង​ចម្បង​នៃ​ព្រះគម្ពីរ​មរមន ។

  • យោងតាម​ខ​ទាំងនេះ តើ​អ្វីទៅ​ជា​គោលបំណង​ចម្បង​មួយ​នៃ​ព្រះគម្ពីរ​មរមន ? ( សិស្ស​គួរ​តែ​រកឃើញ​សេចក្ដីពិត​ដូច​តទៅនេះ ៖ ព្រះ​បាន​នាំ​ចេញ​មក​នូវ​ព្រះគម្ពីរ​មរមន នៅក្នុង​ថ្ងៃ​ចុងក្រោយ​នេះ ដើម្បី​បញ្ចុះបញ្ចូល​មនុស្ស​ទាំងអស់​ថា ព្រះ​យេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ។ [ សូមមើល​ផងដែរ ទំព័រ​ចំណងជើង​នៃ​ព្រះគម្ពីរ​មរមន ] ) ។

  • តើ​ព្រះគម្ពីរ​មរមន​បញ្ចុះបញ្ចូល​មនុស្ស​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ​យ៉ាង​ដូចម្ដេច​ដែរ ?

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) ហើយ​សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​វា​ដោយ​ស្ងៀមស្ងាត់ ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ពួក​គ្រិស្តសាសនិក​ជា​ច្រើន​នៅក្នុង​ពិភពលោក​សព្វ​ថ្ងៃ​នេះ បដិសេធ​ភាព​ជា​ព្រះ​នៃ​ព្រះ​អង្គសង្គ្រោះ ។ ពួក​គេ​សង្ស័យ​ពី​កំណើត​ដ៏​មិនគួរ​ឲ្យ​ជឿ​របស់​ទ្រង់ ជីវិត​រស់នៅ​ដ៏​ល្អ​ឥតខ្ចោះ និង​ភាព​ពិត​ប្រាកដ​នៃ​ការមាន​ព្រះ​ជន្មរស់​ឡើង​វិញ​ដ៏​រុងរឿង​របស់​ទ្រង់ ។ ព្រះគម្ពីរ​មរមន​បង្រៀន​ក្នុង​លក្ខខណ្ទ​យ៉ាង​ច្បាស់​លាស់ និង​គ្មាន​កំហុស​អំពី​សេចក្តី​ពិត​នៃ​គ្រប់​ការណ៍​ទាំងអស់​នោះ ។ វា​ក៏​បានផ្តល់​នូវ​ការពន្យល់​ដ៏​ពេញលេញ​បំផុត ពី​គោលលទ្ធិ​នៃ​ដង្វាយធួន​ផងដែរ ។ ពិត​ណាស់ គម្ពីរ​ដ៏​បំផុស​គំនិត​ប្រកប​ដោយ​ទេវភាព​នេះ គឺជា​សិលាគន្លឹះ​មួយ​ក្នុង​ការធ្វើ​ជា​សាក្សី​ចំពោះ​ពិភពលោក​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ១២៩–៣០ ) ។

  • តើ​ភាពពិត​អ្វីខ្លះ អំពី​ព្រះជន្ម​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ការបម្រើ​របស់​ទ្រង់ ដែល​ត្រូវបាន​បញ្ជាក់​នៅក្នុង​ព្រះគម្ពីរ​មរមន ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន រ័សុល អិម ណិលសុន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

« ខ្ញុំ​បាន​អាន [ ព្រះគម្ពីរ​មរមន ] ជាច្រើន​ដង ។ ខ្ញុំ​ក៏​បាន​អាន​អ្វីៗ​ជាច្រើន​ដែល​បាន​សរសេរ​អំពី​វា ។ អ្នកនិពន្ធ​ខ្លះ​បានផ្ដោត​ទៅលើ​រឿង​ទាំងឡាយ មនុស្ស ឬ​ការពិពណ៌នា​នៃ​ប្រវត្តិ​របស់​វា ។ អ្នកនិពន្ធ​ផ្សេងទៀត​ត្រូវបាន​ធ្វើ​ឲ្យ​ទាក់ចិត្ត ដោយសារ​រចនាបទ​ភាសា​របស់​វា ឬ​បញ្ជី​ទាំងឡាយ​របស់​វា​អំពី​គ្រឿង​សាស្ត្រាវុធ ភូមិសាស្ត្រ ជីវិតសត្វ វិធីសាស្ត្រ​នៃ​ការសាងសង់ ឬ​ប្រព័ន្ធ​នៃ​ការថ្លឹង​ទម្ងន់ និង​រង្វាស់ ។

« ទោះបី​ការណ៍​ទាំងនេះ​គួរឲ្យ​ចាប់​អារម្មណ៍​ក្តី ក៏​ការសិក្សា​ព្រះគម្ពីរ​មរមន​មានតម្លៃ​បំផុត នៅពេលដែល​មនុស្ស​ម្នាក់​ផ្ដោត​លើ​គោលបំណង​ដ៏​ចម្បង​របស់​វា—គឺដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ប្រសិន​បើ​ប្រៀបធៀប​ទៅ ការណ៍​ទាំងអស់​ផ្សេងៗ​ទៀត​គឺ​ជា​រឿង​បន្ទាប់​បន្សំ​ប៉ុណ្ណោះ ។

« ពេល​អ្នក​អាន​ព្រះគម្ពីរ​មរមន សូម​ផ្ដោត​ទៅលើ​តួអង្គ​ដ៏​សំខាន់​បំផុត​នៅក្នុង​ព្រះគម្ពីរ—តាំងពី​ជំពូក​ដំបូង​ទៅដល់​ជំពូក​ចុងក្រោយ​របស់​វា—គឺ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះដ៏​មាន​ព្រះជន្ម​រស់ » ( «A Testimony of the Book of Mormon» Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៦៩ ) ។

  • ក្នុង​ចំណោម​សារ​ទាំងអស់​នៃ​ព្រះគម្ពីរ​មរមន តើ​អ្នក​គិត​ថា ហេតុអ្វី​វា​សំខាន់​បំផុត​ដើម្បី​ផ្ដោតទៅ​លើ​សារលិខិត​អំពី​ព្រះយេស៊ូវគ្រីស្ទ ?

សូម​ពន្យល់​សិស្ស​ថា បន្ទាប់​ពី​ព្យាការី​អាលម៉ា បានបង្រៀន​ពួកសាសន៍​សូរាំ អំពី​ការបម្រើ​របស់​ព្រះអង្គ​សង្គ្រោះ ( សូមមើល អាលម៉ា ៣៣:២២ ) លោក​បានអញ្ជើញ​ពួកអ្នកស្ដាប់​របស់​លោក​ឲ្យ​បណ្ដុះ​ព្រះបន្ទូល​នៃ​ព្រះ​នៅក្នុង​ដួងចិត្ត​របស់​ពួកគេ ដើម្បី​វា​អាច​ដុះឡើង ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន អាលម៉ា ៣៣:២២–២៣ ដោយ​ស្ងៀមស្ងាត់ ហើយ​រកមើល​សេចក្ដីពិត​ទាំងឡាយ​ដែល​អាលម៉ា​បាន​លើក​ទឹកចិត្ត​ពួកអ្នកអាន​របស់​លោក​ឲ្យ « បណ្ដុះ » នៅក្នុង​ដួងចិត្ត​របស់​ពួកគេ ។

  • តើ​សារ​អ្វី​ដែល​អាលម៉ា​ចង់​ឲ្យ​ពួកអ្នក​ស្ដាប់​របស់​លោក​បណ្ដុះ​នៅក្នុង​ដួងចិត្ត​របស់​ពួកគេ​នោះ ?

  • តើ​លទ្ធផល​អ្វី​ខ្លះ ដែល​អាលម៉ា​បានសន្យា ប្រសិនបើ​ពួកគេ​នឹង​បណ្ដុះ ហើយ​បីបាច់​ជំនឿ​ទាំងនេះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ? ( ទីបន្ទាល់​របស់​ពួកគេ​នឹង​លូតលាស់ « ដល់​ជីវិត​ដ៏​អស់កល្ប​ជានិច្ច » បន្ទុក​របស់​ពួកគេ​នឹង​បាន​ស្រាល ) ។

  • តើ​ការសិក្សា​ព្រះគម្ពីរ​មរមន បាន​ជួយ​អ្នក​ឲ្យ​ទទួល​ពរជ័យ​ដែល​អាលម៉ា​បាន​ពិពណ៌នា​ដោយ​របៀបណា​ដែរ ?

នីហ្វៃទី១ ៦:៤, នីហ្វៃទី២ ១១:២–៣, យ៉ាកុប ១:៧–៨, មរមន ១:១៥, ៣:២០–២២, អេធើរ ១២:៣៨–៣៩, ៤១

ពួក​អ្នកសរសេរ​ព្រះគម្ពីរ​មរមន គឺជា​សាក្សី​ផ្ទាល់​ភ្នែក​អំពី​ព្រះយេស៊ូវគ្រីស្ទ

សូម​ពន្យល់​ថា ភាគច្រើន​បំផុត​ព្រះគម្ពីរ​មរមន​ត្រូវបាន​សរសេរ​ឡើង ដោយ​អ្នកនិពន្ធ​ចម្បង​បួន​នាក់ ៖ នីហ្វៃ យ៉ាកុប មរមន និង មរ៉ូណៃ ។ ( លើកលែង​តែ គម្ពីរ​អេណុស យ៉ារ៉ុម និង អោមណៃ ) ។

សូម​ចម្លង​តារាង​ខាងក្រោម​ដាក់​លើ​ក្ដារខៀន ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀន​អំពី​អ្នក​សរសេរ​ចម្បង​ទាំង​បួន​រូប​នេះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ជ្រើសរើស ហើយ​អាន​ដោយ​ស្ងៀមស្ងាត់​នូវ​វគ្គបទគម្ពីរ​មួយ​ក្នុង​ចំណោម​វគ្គបទគម្ពីរ​ទាំងឡាយ​ខាង​ក្រោម​នេះ ។ សូម​ឲ្យ​ពួកគេ​រកមើល​គុណសម្បត្តិ ដែល​ធ្វើ​ឲ្យ​អ្នកសរសេរ​នោះ ក្លាយជា​សាក្សី​ដ៏​រឹងមាំ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

អ្នកសរសេរ

បទពិសោធន៍

១. នីហ្វៃ

នីហ្វៃទី២ ១១:២

២. យ៉ាកុប

នីហ្វៃទី២ ១១:៣

៣. មរមន

មរមន ១:១៥

៤. មរ៉ូណៃ

អេធើរ ១២:៣៨–៣៩

សូម​អនុញ្ញាត​ឲ្យ​សិស្ស​ចែកចាយ​ពី​អ្វី ដែល​ពួកគេ​បាន​រៀន​ចេញពី​វគ្គបទគម្ពីរ​នីមួយៗ​នៃ​វគ្គបទគម្ពីរ​ទាំងបួន​នោះ ។ បន្ទាប់មក សូម​សួរ ៖

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​យល់​ថា ពួកអ្នក​សរសេរ​ចម្បងៗ​នៃ​ព្រះគម្ពីរ​មរមន គឺ​ជា​សាក្សី​ផ្ទាល់​ភ្នែក​នៃ​ព្រះយេស៊ូវគ្រីស្ទ ? ( នៅពេល​អ្នក​ពិភាក្សា​ពី​សំណួរ​នេះ សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ តាមរយៈ​ការសិក្សា​គម្ពីរ​មរមន នោះ​យើង​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​បេសកកម្ម​របស់​ទ្រង់ ពី​អ្នក​ទាំងឡាយ​ដែល​បានឃើញ និង​បាន​ស្គាល់​ទ្រង់ ។ អ្នក​អាច​ចង្អុល​បង្ហាញ​ថា អ្នកបកប្រែ​ព្រះគម្ពីរ​មរមន​គឺ យ៉ូសែប ស្ម៊ីធ ក៏​ជា​សាក្សី​ផ្ទាល់​ភ្នែក​ម្នាក់​នៃ​ព្រះយេស៊ូវគ្រីស្ទ​ផងដែរ ។

បន្ថែម​ប្រអប់ឈរ​ទីបី​ទៅលើ​តារាង​ដែល​នៅលើ​ក្ដារខៀន ដូច​ដែល​បាន​បង្ហាញ​នេះ ៖

អ្នកសរសេរ

បទពិសោធន៍

គោលបំណង

១. នីហ្វៃ

នីហ្វៃទី២ ១១:២

នីហ្វៃទី១ ៦:៤

២. យ៉ាកុប

នីហ្វៃទី២ ១១:៣

យ៉ាកុប ១:៧–៨

៣. មរមន

មរមន ១:១៥

មរមន ៣:២០–២២

៤. មរ៉ូណៃ

អេធើរ ១២:៣៨–៣៩

អេធើរ ១២:៤១

សូម​ឲ្យ​សិស្ស​ម្នាក់ៗ​អាន​វគ្គ​បទគម្ពីរ​មួយ​ក្នុង​ចំណោម​វគ្គ​បទគម្ពីរ​ទាំងឡាយ​ដែល​នៅក្នុង​ប្រអប់ឈរ​ទីបី​ដោយ​ស្ងៀមស្ងាត់ ដោយ​រកមើល​មូលហេតុ​នានា​ដែល​អ្នកសរសេរ​ម្នាក់ៗ​បានកត់ត្រា​សារ​របស់​លោក ។

  • តើ​មូលហេតុ​អ្វី​បានជា​អ្នកសរសេរ​គម្ពីរ​មរមន​ទាំងនេះ បាន​កត់ត្រា​សារ​របស់​ពួកលោក ?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​អ្នកសរសេរ​ទាំងនេះ​មានបំណង​យ៉ាង​មោះមុត ក្នុង​ការអញ្ជើញ​អ្នក​ដទៃ​ទៀត​ឲ្យ​មក​ឯ​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​ការអញ្ជើញ​របស់​ពួកលោក​ដែល​ឲ្យ​មកឯ​ព្រះគ្រីស្ទ អនុវត្ត​ចំពោះ​ខ្លួន​អ្នក​ផ្ទាល់​យ៉ាង​ដូចម្តេច​ដែរ ? តើ​អ្នក​មាន​គំនិត និង​អារម្មណ៍​យ៉ាង​ណា ពេល​អ្នក​សញ្ជឹងគិត​ពី​ការអញ្ជើញ​ទាំងនេះ ?

នីហ្វៃទី២ ៣៣:១–២, ៤–៥, ១០–១១

ព្រះគម្ពីរ​មរមន​ជួយ​យើង​ឲ្យ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

សូម​ពន្យល់​ថា ខណៈដែល​ជីវិត​របស់​មនុស្ស​ដ៏​ច្រើន​ឥត​គណនា ត្រូវបាន​ផ្លាស់ប្ដូរ​តាមរយៈ​ទីបន្ទាល់​របស់​ពួកលោក​អំពី​ព្រះគម្ពីរ​មរមន នោះ​មាន​អ្នក​ផ្សេងទៀត​ជាច្រើន​ពុះពារ​ជាមួយ​នឹង​ការសង្ស័យ​អំពី​ភាពពេញលេញ និង​ភាពពិត​នៃ​ព្រះគម្ពីរ​នេះ ។

  • តើ​ដំបូន្មាន​អ្វីខ្លះ​ដែល​អ្នក​នឹង​ផ្ដល់ ដើម្បី​ជួយ​ដល់​មនុស្ស​ម្នាក់​ឲ្យ​ពង្រឹង ឬ​ទទួល​ទីបន្ទាល់​មួយ​អំពី​ព្រះគម្ពីរ​មរមន ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​នីហ្វៃទី២ ៣៣:១-២ ឮៗ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​រកមើល​ព្រះចេស្ដា​ដែល​អនុញ្ញាត​ឲ្យ​សារ​នៃ​ព្រះគម្ពីរ​មរមន ចូល​ទៅក្នុង​ដួងចិត្ត​របស់​មនុស្ស​ម្នាក់ ។

  • តើ​ព្រះចេស្ដា​អ្វី​ដែល​នីហ្វៃ​បាន​មាន​ប្រសាសន៍​ថា នឹង​អនុញ្ញាត​ឲ្យ​សារ​របស់​លោក​ចូល​ទៅក្នុង​ដួងចិត្ត​របស់​មនុស្ស​ម្នាក់​នោះ ? ( ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ) ។

  • តើ​នីហ្វៃ​បាន​មាន​ប្រសាសន៍​ថា អ្វី​នឹង​រារាំង​មនុស្ស​មួយ​ចំនួន​ពី​ការទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ថ្លែង និង​ពិភាក្សា​ពី​គោលការណ៍​មួយ ដែល​បាន​បង្រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ ( សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​គោលការណ៍​ដូច​តទៅ​នេះ ៖ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​នាំ​សារ​នៅក្នុង​ព្រះគម្ពីរ​មរមន ចូល​ទៅក្នុង​ដួងចិត្ត​របស់​យើង​បាន ដរាបណា​យើង​មិន​ពង្រឹង​ដួងចិត្ត​យើង​ទាស់​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​គិត​ពី​ការសរសេរ​គោលការណ៍​នេះ​នៅ​លើ​ក្ដារខៀន ) ។

សូម​ផ្ដល់​ពេល​ឲ្យ​សិស្ស​មួយ​ភ្លែត​ដើម្បី​សិក្សា នីហ្វៃទី២ ៣៣:៤-៥ ដោយ​រកមើល​ពរជ័យ​បន្ថែម​ទៀត ដែល​យើង​អាច​ទទួល​បាន​ពី​ការសិក្សា​ព្រះគម្ពីរ​មរមន ។ សូម​ឲ្យ​សិស្ស​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ អិល វិតនី ក្លេតុន នៃ​ពួកចិតសិប​នាក់ ហើយ​សូម​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
អែលឌើរ អិល វិតនី ក្លេតុន

« [ យើង ] ត្រូវ​ជ្រើសរើស​បើក​ដួងចិត្ត ចំពោះ​ភាព​ពិត​ប្រាកដ​នៃ​ភាព​ជា​ព្រះ​របស់​ព្រះអង្គសង្គ្រោះ ។ … ព្រះ​មិនបង្ខំ​ឲ្យ​យើង​ជឿទេ ។ ផ្ទុយទៅវិញ ទ្រង់​អញ្ជើញ​យើង​ឲ្យ​ជឿ តាមរយៈ​ការបញ្ជូន​ព្យាការី និង​សាវក​ដែល​នៅ​រស់​ឲ្យ​បង្រៀន​យើង តាមរយៈ​ការផ្តល់​ព្រះគម្ពីរ ព្រមទាំង​ការអំពាវនាវ​ដល់​យើង តាមរយៈ​ព្រះវិញ្ញាណ​របស់​ទ្រង់ ។ …ការ​សម្រេចចិត្ត​ជឿ គឺជា​ជម្រើស​ដ៏​សំខាន់​បំផុត​ដែល​យើង​ធ្លាប់​ធ្វើ​ការសម្រេច​ចិត្ត ។ វា​គឺ​ជា​សណ្ឋាន​នៃការ​សម្រេច​ចិត្ត​ទាំងអស់​របស់​យើង » (« Choose to Believe » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣៨ ) ។

  • តើ​ការទទួល​យក​ការអញ្ជើញ​របស់​អ្នកសរសេរ​ព្រះគម្ពីរ​មរមន ដែល​អញ្ជើញ​ឲ្យ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ អាច​ជា​សណ្ឋាន​នៃការ​សម្រេច​ចិត្ត​ទាំងអស់​របស់​យើង​ដោយ​របៀប​ណា ?

សូម​បន្ត ដោយ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន នីហ្វៃទី២ ៣៣:១០-១១ ឮៗ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​រកមើល​របៀប​ដែល​នីហ្វៃ​ពិពណ៌នា​ពី​ទំនាក់ទំនង​រវាង​ការជឿ​លើ​ពាក្យសម្ដី​របស់​លោក និង​ការជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

  • យោងតាម​នីហ្វៃ តើ​អ្វី​ជា​ទំនាក់ទំនង​រវាង​ការជឿ​លើ​ពាក្យសម្ដី​របស់​លោក និង​ការជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​នីហ្វៃ​បាន​មាន​ប្រសាសន៍​ថា អ្វី​នឹង​កើតឡើង « នៅ​ថ្ងៃ​ចុងក្រោយ » ចំពោះ​អស់​អ្នក​ណា​ដែល​បដិសេធ​ពាក្យ​ទាំងឡាយ​របស់​លោក ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ អំពី​របៀប​ដែល​ព្រះគម្ពីរ​មរមន​បាន​ជួយ​ពួកគេ​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះយេស៊ូវគ្រីស្ទ ។

ការអាន​របស់​សិស្ស​

បោះពុម្ព