ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៥ ៖ ដង្វាយធួន​ដ៏​និរន្តរ​របស់​ព្រះយេស៊ូវគ្រីស្ទ


មេរៀនទី ៥

ដង្វាយធួន​ដ៏​និរន្តរ​របស់​ព្រះយេស៊ូវគ្រីស្ទ

សេចក្ដីផ្ដើម

ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ—ជា​ព្រឹត្តិការណ៍​ដ៏​មហិមា​បំផុត​ដែល​ធ្លាប់​កើត​មាន—ធ្វើ​ឲ្យ​មនុស្ស​ទាំងអស់​អាច​ត្រូវបាន​អភ័យទោស​ពី​អំពើបាប ហើយ​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​អស់កល្ប​អស់កាល​ជានិច្ច ។ តាមរយៈ​ដង្វាយធួន នោះ​មនុស្ស​ទាំងអស់​នឹង​បានរស់​ឡើងវិញ ហើយ​ត្រឡប់​ទៅកាន់​វត្តមាន​នៃ​ព្រះ ដើម្បី​ទទួល​ការជំនុំ​ជម្រះ ។ ដោយសារ​ដង្វាយធួន​បានតម្រូវ​ឲ្យ​ព្រះយេស៊ូវ​រងទុក្ខ​តាម​របៀប​ជាច្រើន​យ៉ាង​ឥត​គណនា នោះ​ទ្រង់​មាន​ក្ដីអាណិត​អាសូរ​ឥតខ្ចោះ​ចំពោះ​យើង ។

ការអាន​ពី​សាវតា

  • ប៊យដ៍ ឃេ ផាកកឺ « The Atonement » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៧៥–៧៨ ។

  • ឌី ថត គ្រីស្តូហ្វឺសិន « Redemption » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ១០៩–១២ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ូសាយ ៣:៥–១១, អាលម៉ា ៣៤:៨–១២

មានតែ​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ដែល​អាច​សម្រេច​បាន​នូវ​ដង្វាយធួន​ដ៏​និរន្តរ

សូម​បង្ហាញ និង​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ( ឆ្នាំ ១៩២៩-២០០៧ ) នៃ​គណៈប្រធាន​ទីមួយ ៖

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« ខ្ញុំ​ចង់​និយាយ​អំពី​ព្រឹត្តិការណ៍​ដ៏​មហិមា​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ទាំងអស់ ។ ព្រឹត្តិការណ៍​តែ​មួយ​នោះ​គឺជា​ដង្វាយធួន​ដ៏​ឥត​ប្រៀបផ្ទឹម​បាន​របស់​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ ។ នេះ​ជា​ទង្វើ​ដ៏​វិសេសវិសាល​បំផុត ដែល​ធ្លាប់​បាន​កើតឡើង » ( « The Atonement: Our Greatest Hope » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០១ ទំព័រ ១៨ ) ។

សូម​អញ្ជើញ​សិស្ស​ពីរ ឬ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​ពី អាលម៉ា ៣៤:៨-១២ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​គូសចំណាំ​ពាក្យ ឬ​ឃ្លា​គន្លឹះ​ទាំងឡាយ​ដែល​បង្ហាញ​ពី​មូលហេតុ​ដែល​ថា ដង្វាយធួន​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​មហិមា​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ ។

  • ហេតុអ្វី​បាន​ជា​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រឹត្តិការណ៏​ដ៏​មហិមា​បំផុត​ដែល​ធ្លាប់​បាន​កើតឡើង ? ( សូម​សង្កត់ធ្ងន់​ទៅលើ​សេចក្ដីពិត​នេះ ៖ ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​និរន្តរ៍ ហើយ​អស់កល្ប​ជានិច្ច ដែល​ធ្វើ​ឲ្យ​សេចក្ដី​សង្គ្រោះ​អាច​កើត​មាន​ដល់​មនុស្សលោក​ទាំងអស់ ) ។

សូម​ពិចារណា​អំពី​ការចែកចាយ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ ដោយ​ប្រធាន រ័សុល អិម ណិលសុន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

« តម្រូវ​ឲ្យ​មាន​ដង្វាយធួន​ដ៏​និរន្តរ៍ ដើម្បី​ប្រោសលោះ​អ័ដាម អេវ៉ា និង​ពូជពង្ស​ទាំងអស់​របស់​ពួកគាត់ ។ … យោង​តាម​ច្បាប់​ដ៏​អស់កល្ប​ជានិច្ច ដង្វាយធួន​នោះ​តម្រូវ​ឲ្យ​មាន​ពលិកម្ម​ផ្ទាល់​ខ្លួន​មួយ ដោយ​អង្គ​ដ៏​អមត​មួយ​ដែល​មិន​ចុះ​ញ៉ម​សេចក្ដី​ស្លាប់​ឡើយ ។ ទោះយ៉ាងណា​ទ្រង់​ត្រូវសុគត ហើយ​ទទួល​យក​រូបកាយ​របស់​ទ្រង់​ផ្ទាល់​ជាថ្មី​ម្ដង​ទៀត ។ ព្រះអង្គ​សង្គ្រោះ គឺជា​អង្គ​តែ​មួយ​គត់​ដែល​អាច​សម្រេច​ការណ៍​នេះ​បាន ។ ចេញពី​ម្ដាយ​របស់​ទ្រង់ ទ្រង់​បាន​ទទួល​អំណាច​ដើម្បី​សុគត ។ ចេញពី​ព្រះវរបិតា​របស់​ទ្រង់ ទ្រង់​ទទួល​បាន​អំណាច​ដើម្បី​យក​ឈ្នះ​លើ​ការសុគត​នោះ » ( « Constancy amid Change » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ៣៤ ) ។

  • ហេតុអ្វី​ព្រះយេស៊ូវគ្រីស្ទ​ជា​អង្គ​តែ​មួយ​គត់​ដែល​អាច​ប្រោសលោះ​មនុស្ស​ទាំងអស់​បាន ? ( ទ្រង់​ជា​អង្គ​ដ៏​អមត ដែល​មិនចុះ​ញ៉ម​នឹង​ការសុគត ) ។

  • តើ​នៅក្នុង​របៀប​ណា​ខ្លះ ដែល​ការលះបង់​ដ៏​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជា​ការលះបង់​ដ៏និរន្តរ និង​អស់កល្ប​ជានិច្ច ?

ដើម្បី​ជួយ​ឆ្លើយ​នឹង​សំណួរ​នេះ សូម​បង្ហាញ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន រ័សុល អិម ណិលសុន ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

« ដង្វាយធួន​របស់ [ ព្រះយេស៊ូវគ្រីស្ទ ] គឺ​និរន្តរ—គ្មាន​ទីបញ្ចប់ ។ វា​ក៏ជា​និរន្តរផងដែរ ដើម្បី​មនុស្ស​ទាំងអស់​នឹង​ត្រូវ​បាន​សង្គ្រោះ​ពី​សេចក្ដីស្លាប់​ដ៏​មិន​ចេះ​ចប់ ។ វា​ជានិរន្តរ៍​ក្នុង​ន័យ​នៃ​ការឈឺចាប់​ដ៏​ខ្លាំង​របស់​ទ្រង់ ។ … វា​ជានិរន្តរ៍​ក្នុង​ដែនកំណត់—វា​ត្រូវ​ធ្វើតែ​ម្ដង​សម្រាប់មនុស្ស​គ្រប់គ្នា ។ ហើយ​សេចក្ដី​មេត្តា​ករុណា​នៃ​ដង្វាយធួន មិន​ត្រឹម​តែ​ឈោង​ទៅ​ដល់​មនុស្ស​ដ៏​ច្រើន​ឥតគណនា​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ដល់​ពិភពលោក​មួយ​ដ៏​និរន្ដរដែល​ទ្រង់​បាន​បង្កើត​ទៀត​ផង ។ វា​ជា​និរន្ដរ៍​លើស​ពី​ការស្មាន​នៃ​រង្វាស់​របស់​មនុស្ស ឬ​លើសពី​ការយល់ដឹង​ខាង​សាច់ឈាម » ( « The Atonement » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៣៥ ) ។

សូម​ពន្យល់​ថា នៅ​ទីបញ្ចប់​នៃ​រាជ្យ​ទ្រង់ ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន​ប្រជារាស្ត្រ​របស់​ទ្រង់​ថា ទេវតា​មួយ​អង្គ​បាន​ប្រកាស​ដល់​ទ្រង់​នូវ​សារដំណឹង​មួយ​អំពី « ដំណឹង​ដ៏​រីករាយ​មួយ​ពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ » ដែល​នឹង​ធ្វើ​ឲ្យ​ប្រជាជន « បាន​ពោរពេញ​ដោយ​សេចក្ដី​អំណរ » ( ម៉ូសាយ ៣:២-៤ ) ។ សូម​ឲ្យ​សិស្ស​បីបួន​នាក់​ប្ដូរវេនគ្នា​អាន​ឮៗ​ចេញពី ម៉ូសាយ ៣:៥–១១​ខណៈ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ដោយ​រកមើល « ដំណឹង​ដ៏​រីករាយ » ដែល​ស្ដេច​បេនយ៉ាមីន​បាន​ពិពណ៌នា ។

  • តើ​សារដំណឹង​អ្វី​ខ្លះ​នៅក្នុង​ខ​ទាំងនេះ ដែល​អ្នក​គិត​ថា​បាន​ធ្វើ​ឲ្យ​ប្រជាជន​របស់​ស្ដេច​បេនយ៉ាមីន​បាន​ពោរពេញ​ដោយ​អំណរ ? ( នៅពេល​សិស្ស​ឆ្លើយតប សូម​សង្កត់ធ្ងន់​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ ) ។

  • តើ​ពាក្យ ឬ​ឃ្លា​ទាំងឡាយ​ណា​ខ្លះ ដែល​ពិពណ៌នា​អំពី​ថ្លៃ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​បង់​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​យើង ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជេម អ៊ិ ថាល់មេហ្គ ( ឆ្នាំ ១៨៦២-១៩៣៣ ) នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ជេម អ៊ិ ថាល់មេហ្គ

« ការឈឺ​ចាប់​ដ៏ខ្លាំង​បំផុត​របស់​ព្រះគ្រីស្ទ​ក្នុង​សួនច្បារ គឺ​មិនអាច​យល់បាន តាម​ការគិត​ដែល​មាន​កំណត់​នោះទេ គឺ​ទាំង​ភាព​ខ្លាំងក្លា​នៃ​ការឈឺចាប់ និង​បុព្វហេតុ​នៃ​ការឈឺចាប់ ។ … ទ្រង់​ស៊ូទ្រាំ ហើយ​ស្រែកថ្ងូរ​ក្នុង​ទម្ងន់​មួយ​ដែល​គ្មាន​មនុស្សលោក​ណា​ម្នាក់ ដែល​បានរស់​នៅលើ​ផែនដី​នេះ​អាច​សូម្បី​តែ​គិត​ថា វា​អាច​ទៅ​រួច​នោះឡើយ ។ វា​មិន​មែន​ជា​ការឈឺចាប់​ខាង​សាច់ឈាម ហើយ​ក៏​មិន​មែន​ការតានតឹង​ខាង​អារម្មណ៍​តែ​មួយ​មុខ​នោះ​ទេ ដែល​ធ្វើ​ឲ្យ​ទ្រង់​រងទុក្ខ​បែបនោះ រហូត​ដល់​ចេញ​ព្រះលោហិត​តាម​រន្ធ​ញើស​ទាំងអស់ ប៉ុន្ដែ​វា​ជា​ការថ្ងូរ​ខាង​ដួង​ព្រលឹង​វិញ្ញាណ​ក្នុង​នាម​ជា​ព្រះ ដែល​អាច​យល់​ពី​ការណ៍​នេះ​បាន ។ គ្មាន​មនុស្ស​ណា​ផ្សេង​ទៀត​អាច​រងទុក្ខ​ដូច្នោះ​ឡើយ មិនថា​គាត់​មាន​អំណាច​នៃ​ការស៊ូទ្រាំ​ខាង​សាច់ឈាម ឬ​អារម្មណ៍​ខ្លាំង​ប៉ុណ្ណា​ឡើយ ( Jesus the Christ ការបោះពុម្ព​លើក​ទី ៣ [ ឆ្នាំ ១៩១៦ ] ទំព័រ ៦១៣ ) ។

  • តើ​អ្នក​មាន​គំនិត និង​អារម្មណ៍​យ៉ាង​ណា ពេល​អ្នក​សញ្ជឹងគិត​ពី​ទំហំ​នៃ​ការរងទុក្ខ​របស់​ព្រះយេស៊ូវគ្រីស្ទ​សម្រាប់​យើង ?

នីហ្វៃទី២ ៩:៦–១២, ២០–២២

ព្រះយេស៊ូវគ្រីស្ទ​បានយកឈ្នះ​លើ​ការស្លាប់​ទាំង​ខាងសាច់ឈាម និង​ខាង​សាច់ឈាម ។

សូម​ឲ្យ​សិស្ស​ស្រមៃ​ថា អ្វី​នឹង​កើតឡើង​បើ​ពុំ​មាន​ដង្វាយធួន​ទេ​នោះ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្រមៃ​ឃើញ​ពី​ស្ថានភាព​របស់​មនុស្សលោក​នឹង​ទៅ​ជា​យ៉ាង​ណា បើ​ពុំ​មាន​ដង្វាយធួន សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី២ ៩:៦–៩ ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ដោយ​រកមើល​ឃ្លា​ទាំងឡាយ​ដែល​ពិពណ៌នា​ពី​អ្វី​ដែលជា​វាសនា​របស់​យើង បើ​យើង​ពុំ​មាន​ដង្វាយធួន​ទេ​នោះ ។

  • ស្រប​តាម​ព្យាការី យ៉ាកុប តើ​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​រាងកាយ​យើង ប្រសិនបើ​គ្មាន​ដង្វាយធួន​ទេ​នោះ ? តើ​មាន​អ្វី​នឹង​កើត​ឡើង​ចំពោះ​វិញ្ញាណ​យើង ?

សូម​រំឭក​សិស្ស​ថា សារដំណឹង​ដ៏​សំខាន់​នៃ​ដំណឹងល្អ​គឺ​ថា ដោយសារ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ យើង​មិន​ត្រូវតែ​ដកពិសោធន៍​នូវ​វាសនា​ដ៏​គួរឲ្យ​រន្ធត់​នេះ​ឡើយ ។

សូម​ឲ្យ​សិស្ស​ពីរ​នាក់​ប្ដូរវេនគ្នា​អាន​ឮៗ​ចេញពី នីហ្វៃទី២ ៩:១០–១២, ២០–២២ ខណៈ​សិស្ស​ក្នុង​ថ្នាក់​រកមើល​មធ្យោបាយ​នានា ដែល​យើង​ត្រូវបាន​រំដោះ​ចេញ​ពី​សេចក្ដីស្លាប់​ខាង​វិញ្ញាណ និង​រូបកាយ ។

  • តើ​អ្វី​ជា​មធ្យោបាយ​ដែល​ត្រូវបាន​ផ្ដល់​ដល់​យើង ដើម្បី​គេចផុត​ពី​សេចក្តីស្លាប់​ខាង​វិញ្ញាណ​និង​ខាង​រូបកាយ ? ( សូម​ជួយ​សិស្ស​សង្ខេប​គោលលទ្ធិ​នេះ ៖ តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​បានយកឈ្នះ​លើ​ឥទ្ធិពល​នៃ​ការស្លាប់​ខាង​រូបកាយ និង​ខាង​វិញ្ញាណ ) ។

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វីខ្លះ អំពី​ពរជ័យ​នៃ​ដំណើរ​រស់ឡើងវិញ ? ( រូបកាយ​ខាង​សាច់ឈាម​របស់​យើង និង​វិញ្ញាណ​របស់​យើង​នឹង​ផ្គុំ​គ្នា​ជា​ថ្មី​សម្រាប់​ភាព​អស់កល្ប​ជានិច្ច ) ។ យើង​នឹង​ត្រូវបាន​នាំ​ត្រឡប់​ទៅ​វត្តមាន​នៃ​ព្រះ​វិញ ដើម្បី​ទទួល​ការជំនុំ​ជម្រះ ) ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« តាមរយៈ​ដង្វាយធួន និង​ដំណើរ​រស់​ឡើង​វិញ​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​បានយកឈ្នះ​លើ​គ្រប់​ទិដ្ឋភាព​នៃ​ការធ្លាក់ ។ សេចក្តី​ស្លាប់​ខាង​សាច់ឈាម​នឹង​ជា​រឿង​បណ្ដោះ​អាសន្ន ហើយ​សូម្បីតែ​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ​ក៏មាន​ទីបញ្ចប់ មនុស្ស​គ្រប់គ្នា​នឹង​ត្រឡប់​ទៅ​វត្តមាន​នៃ​ព្រះ​ក្នុង​រយៈ​ពេល​ខ្លី ដើម្បី​បាន​ជំនុំជម្រះ » ( « The Resurrection of Jesus Christ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១១២ ) ។

  • តើ​នៅពេលណា ដែលអ្នក​មានអារម្មណ៍​ដឹងគុណ ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​យកឈ្នះ​សេចក្ដី​ស្លាប់​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ?

ម៉ូសាយ ៣:១១, ១៦, ១៥:៧–៩, អាលម៉ា ៧:១១–១៣, មរ៉ូណៃ ៨:៨–១២, គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៧:៧–៩

តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​ការប្រោសលោះ​ដល់​មនុស្ស​ទាំងអស់ ។

សូម​រំឭក​សិស្ស​ថា បន្ថែម​លើ​ការរំដោះ​មនុស្ស​ជាតិ​ទាំងអស់​ចេញពី​សេចក្ដី​ស្លាប់​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​ដែល​បណ្ដាល​មក​ពី​ការធ្លាក់ នោះ​ព្រះយេស៊ូវគ្រីស្ទ​អាច​រំដោះ​យើង​ចេញពី​សេចក្ដី​ស្លាប់​នៃ​វិញ្ញាណ​ដែល​បណ្ដាល​មកពី​អំពើបាប​របស់​យើង​ផ្ទាល់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន ម៉ូសាយ ១៥:៧-៩ ឲ្យ​ឮៗ នៅពេល​សិស្ស​ក្នុង​ថ្នាក់​រកមើល​ពី​របៀប​ដែល​ព្រះគ្រីស្ទ​ធ្វើ​ឲ្យ​យើង​អាច​ត្រូវបាន​ប្រោសលោះ​ចេញពី​អំពើបាប​របស់​យើង ។

  • តើ​ខ​គម្ពីរ​ទាំងនេះ​បង្រៀន​អ្វី​ខ្លះ អំពី​របៀប​ដែល​ព្រះគ្រីស្ទ​ធ្វើ​ឲ្យ​យើង​អាច​ត្រូវបាន​ប្រោសលោះ​ចេញពី​អំពីបាប​របស់​យើង ? ( សូម​សង្កត់ធ្ងន់​ទៅលើ​គោលលទ្ធិ​នេះ ៖ តាមរយៈ​ដង្វាយធួន ព្រះយេស៊ូវគ្រីស្ទ​បាន​បំបាក់​ចំណង​នៃ​សេចក្ដីស្លាប់ ហើយ​បាន​យក​សេចក្ដី​ទុច្ចរិត​របស់​យើង​ដាក់​លើ​អង្គទ្រង់ ដែល​បំពេញ​ដល់​តម្រូវការ​នៃ​សេចក្ដី​យុត្តិធម៌ ហើយ​ទទួលបាន​នូវ​ព្រះចេស្ដា​ដើម្បី​អង្វរ​ជំនួស​យើង ) ។

  • តើ​ពាក្យ អង្វរ​ជំនួស មានន័យ​ដូច​ម្ដេច ? ( អង្វរ​ជំនួស ជា​ទង្វើ​នៃ​ការធ្វើ​អន្តរាគមន៍​រវាង​ភាគី​ទាំងឡាយ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​សម្រុះសម្រួល​គ្នា​លើ​ភាពខុសគ្នា​ទាំងឡាយ ) ។ នៅក្នុង​ករណី​នេះ ព្រះយេស៊ូវ​បាន​អង្វរ​ជំនួស​រវាង​យើង និង​ព្រះ ដើម្បី​សម្រប​សម្រួល​ទំនាក់ទំនង​ដែល​បាក់បែក ដែល​បណ្ដាល​មក​ពី​អំពីបាប​របស់​យើង ) ។

សូម​ពន្យល់​ថា ព្រះគម្ពីរ​មរមន​ជួយ​យើង​ឲ្យ​យល់​ពី​របៀប​ដែល​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ សង្គ្រោះ​កូនក្មេង​តូចៗ និង​មនុស្ស​ដែល​បាន​ស្លាប់​ទៅ​ដោយ​មិនបាន​ទទួល​ដំណឹងល្អ ឬ​បុណ្យ​ជ្រមុជ​ទឹក ។

សូម​ឲ្យ​សិស្ស​មួយ​ផ្នែក​អាន​ដោយ​ស្ងាត់ស្ងៀម ម៉ូសាយ ៣:១៦ ហើយ​ធ្វើ​បទគម្ពីរ​យោង​ទៅ មរ៉ូណៃ ៨:៨-១២ ។ សូម​ឲ្យ​សិស្ស​មួយ​ផ្នែក​ទៀត​អាន​ដោយ​ស្ងាត់ស្ងៀម ម៉ូសាយ ៣:១១ ហើយ​ធ្វើ​បទគម្ពីរ​យោង​ទៅ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៧:៧-៩ ។

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វី​ខ្លះ អំពី​សេចក្ដី​សង្គ្រោះ​របស់​កូនក្មេង​តូចៗ ដែល​ស្លាប់​មុន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ?

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វី​ខ្លះ អំពី​សេចក្ដី​សង្គ្រោះ​របស់​ពួក​អ្នក​ដែល « ស្លាប់​ទៅ​ដោយ​មិន​បាន​ដឹង​អំពី​ព្រះហឫទ័យ​នៃ​ព្រះ ? » ( ម៉ូសាយ ៣:១១ ) ។

សូម​ប្រាប់​សិស្ស​ថា តាមរយៈ​ដង្វាយធួន ព្រះអង្គ​សង្គ្រោះ​មាន​នូវ​ការយល់​ចិត្ត​ដ៏​ឥតខ្ចោះ​អំពី​យើង ហើយ​ជួយ​យើង​តាមរយៈ​ឧបសគ្គ​ទាំងឡាយ​នៃ​ជីវិត​រមែងស្លាប់ ។ សូម​ឲ្យ​សិស្ស​ស្រាវជ្រាវ​មើល អាលម៉ា ៧:១១–១៣ ដោយ​រកមើល​ពាក្យ​ទាំងឡាយ​ដែល​ពិពណ៌នា​ពី​ឧបសគ្គ​នៃ​ជីវិត​រមែងស្លាប់ ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ដកពិសោធន៍ ដែល​ជា​ផ្នែក​នៃ​ដង្វាយធួន ។ ពេល​សិស្ស​ប្រាប់​ពី​ការរកឃើញ​របស់​ពួកគេ សូម​សរសេរ​ពាក្យ​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ ការឈឺចាប់ ទុក្ខវេទនា ការល្បួង ជំងឺ សេចក្ដីស្លាប់ ជំងឺឈឺចាប់ ( ភាពទន់ខ្សោយ ឬ​ពិការភាព ) និង អំពីបាប ។ សូម​ចង្អុល​បង្ហាញ​ឃ្លា « គ្រប់បែបយ៉ាង » នៅក្នុង អាលម៉ា ៧:១១ ហើយ​ឲ្យ​សិស្ស​ចែកចាយ​គំរូ​នៃ​លក្ខខណ្ឌ​ផ្សេងៗ​ដែល​មាន​រាយ​នៅលើ​ក្ដារខៀន ។

សូម​ចង្អុល​បង្ហាញ​ថា ឃ្លា « លើកដាក់​លើ​ខ្លួន​ទ្រង់ » ត្រូវបាន​លើកឡើង​ជា​ច្រើន​ដង​នៅក្នុង ខ ១១-១៣ ។ ( កំណត់ចំណាំ ៖ ការរកមើល​ពី​អ្វីដែល​លើកឡើង​ម្ដង​ហើយ​ម្ដង​ទៀត​នោះ គឺជា​ជំនាញ​សិក្សា​ព្រះគម្ពីរ​មួយ ដែល​អ្នក​អាច​សង្កត់ធ្ងន់​នៅ​ទីនេះ ។ ការកត់ចំណាំ​ពី​អ្វីដែល​លើកឡើង​ដដែលៗ​ក្នុង​ព្រះគម្ពីរ អាច​ជួយ​អ្នករៀន​រកមើល​ពី​ចំណុច​គន្លឹះ​នៃ​ការសង្កត់ធ្ងន់​នោះ ) ។

  • យោងតាម ខ ១១-១២ ហេតុអ្វី​ព្រះយេស៊ូវគ្រីស្ទ « លើកដាក់​លើ​ខ្លួន​ទ្រង់ » នូវ​ការឈឺចាប់ ជំងឺ ជំងឺឈឺចាប់ និង​លក្ខខណ្ឌ​ផ្សេងៗ​ទៀត​ដែល​មាន​រាយ​នៅលើ​ក្ដារខៀន ? ( សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​គោលការណ៍​នេះ ៖ ព្រះអង្គ​សង្គ្រោះ​លើកដាក់​លើ​ខ្លួន​ទ្រង់​នូវ​ការឈឺចាប់ ជំងឺ ជំងឺឈឺចាប់ ដើម្បី​ទ្រង់​អាច​ជួយ​យើង ពេល​យើង​ប្រឈម​នឹង​ឧបសគ្គ​ទាំងឡាយ​នៃ​ជីវិត​រមែង​ស្លាប់ ) ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ មិនត្រឹម​តែ​លើក​បន្ទុក​នៃ​អំពើ​បាប​ចេញ​ពី​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​លើក​បន្ទុក​នៃ​ការខកចិត្ត និង​ទុក្ខព្រួយ​របស់​យើង ព្រមទាំង​ដួងចិត្ត​ឈឺចាប់ និង​សេចក្ដី​អស់​សង្ឃឹម​របស់​យើង​ផងដែរ [ សូមមើល អាលម៉ា ៧:១១–១២ ] ។ តាំងពី​ដំបូង​មក ការទុកចិត្ត​លើ​ជំនួយ​បែបនេះ គឺ​បាន​ផ្ដល់​ដល់​យើង​ទាំង​មូលហេតុ​មួយ និង​របៀប​មួយ​ដើម្បី​អភិវឌ្ឍ ឲ្យ​ដាក់ចុះ​បន្ទុក​របស់​យើង និង​លើក​យកមក​នូវ​សេចក្ដី​សង្គ្រោះ​របស់​យើងវិញ » ( « Broken Things to Mend » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ៧០–៧១ ) ។

  • តើ​ការទុកចិត្ត​លើ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ជះឥទ្ធិពល​លើ​សកម្មភាព និង​ទស្សនវិស័យ​ដ៏​អស់កល្ប​របស់​អ្នក​យ៉ាង​ដូច​ម្ដេចដែរ ?

  • តើ​ការយល់ដឹង​ពី​សេចក្ដីពិត​នៅក្នុង អាលម៉ា ៧:១១-១៣ ជួយ​អ្នក ពេល​អ្នក​ប្រឈម​នឹង​ឧបសគ្គ​ទាំងឡាយ​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​ទទួល​អារម្មណ៍​ពី​ព្រះចេស្ដា​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​ជីវិត​ពួកគេ ( សូម​ដាស់តឿន​ពួកគេ​កុំ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពិសិដ្ឋ​ពេក ឬ​ផ្ទាល់ខ្លួន​ពេក ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នូវ​អ្វី ដែល​ពួកគេ​អាច​អនុវត្ត​បាន​កាន់តែ​ប្រសើរ​នូវ​ព្រះចេស្ដា​នៃ​ការប្រោស​ឲ្យ​ជា និង​ចម្រើន​កម្លាំង​របស់​ដង្វាយធួន​នៃ​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ជីវិត​ពួកគេ​ផ្ទាល់ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ប្រព្រឹត្ត​តាម​ការបំផុស​របស់​ពួកគេ ។

ការអាន​របស់​សិស្ស

បោះពុម្ព