មេរៀនទី ១៧
អានុភាពនៃព្រះបន្ទូល
សេចក្ដីផ្ដើម
ព្យាការីក្នុងព្រះគម្ពីរមរមន បានដាក់ការខិតខំប្រឹងប្រែងជាខ្លាំងដល់ការបង្កើត និងរក្សាទុកព្រះគម្ពីរ ដែលនឹងផ្ដល់ពរដល់យើងនៅសព្វថ្ងៃនេះ ។ នៅក្នុងមេរៀននេះ សិស្សនឹងត្រូវបានរំឭកថា ពេលពួកគេសិក្សា ហើយរស់នៅតាមពាក្យសម្ដីរបស់ពួកព្យាការី នោះពួកគេអាចទទួលបានអំណាចដើម្បី យកឈ្នះលើសាតាំង តម្រង់ផ្លូវរបស់ខ្លួនឆ្លងកាត់ជីវិតរមែងស្លាប់ ហើយនៅទីបំផុតទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។
ការអានពីសាវតា
-
រីឆាដ ជី ស្កត «The Power of Scripture» Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៦–៨ ។
-
ឌី ថត គ្រីស្តូហ្វឺសិន «The Blessing of Scripture» Ensign ឬ Liahona ខែឧសភា ឆ្នាំ ២០១០ ទំព័រ ៣២-៣៥ ។
-
«The Power of the Word» ជំពូកទី ៨ នៅក្នុង Teachings of Presidents of the Church: Ezra Taft Benson ( ឆ្នាំ ២០១៤ ) ទំព័រ ១១៥-២៤ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី១ ៣:១៩–២០, ៥:២១–២២, អោមណៃ ១:១៤–១៧, ម៉ូសាយ ១:៣–៥, អាលម៉ា ៣៧:៣–៤, ៨
សារៈសំខាន់នៃព្រះគម្ពីរ
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសូមសួរសិស្សថា ពួកគេនឹងឆ្លើយសំណួរដែលលោកសួរយ៉ាងដូចម្ដេច ៖
« យើងជំពាក់បំណុល [ ដ៏ធំ ] ដល់ពួកអ្នកដែលបានកត់ត្រា និងរក្សាទុកព្រះបន្ទូលអស់ជាច្រើនឆ្នាំដោយស្មោះត្រង់ ជាញឹកញាប់គឺដោយការធ្វើការ និងការលះបង់ដ៏ព្យាយាម—ម៉ូសេ អេសាយ អ័ប្រាហាំ យ៉ូហាន ប៉ុល នីហ្វៃ មរមន យ៉ូសែប ស្ម៊ីធ និងអ្នកផ្សេងទៀតជាច្រើន ។ តើពួកគេបានដឹងអ្វីខ្លះអំពីសារៈសំខាន់នៃព្រះគម្ពីរទាំងឡាយ ដែលយើងក៏ត្រូវដឹងដែរនោះ ? » ( «The Blessing of Scripture» Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៣២ ) ។
-
តើអ្នកគិតថា អ្នកសរសេរទាំងនេះបានដឹងអ្វីខ្លះអំពីសារៈសំខាន់នៃព្រះគម្ពីរទាំងឡាយ ដែលយើងក៏ត្រូវដឹងដែរនោះ ?
សូមរំឭកសិស្សថា នីហ្វៃ និងបងប្រុសរបស់លោក ត្រូវបានបញ្ជាដោយព្រះអម្ចាស់ឲ្យ ត្រឡប់ ទៅ ក្រុង យេរូសាឡិមវិញ ដើម្បីទៅយកផ្ទាំងលង្ហិន ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យ ប្ដូរវេនគ្នាអានឮៗចេញពី នីហ្វៃទី១ ៣:១៩–២០ និង ៥:២១–២២ ខណៈសិស្សក្នុងថ្នាក់រកមើលមូលហេតុទាំងឡាយដែលផ្ទាំងលង្ហិនសំខាន់ម៉្លេះដល់លីហៃ និងគ្រួសារលោក ។
-
យោងតាមខគម្ពីរទាំងនេះ ហេតុអ្វីបានជាព្រះគម្ពីរសំខាន់ខ្លាំងម៉្លេះ ? ( សិស្សគួររកឃើញសេចក្ដីពិតដូចតទៅនេះ ៖ ព្រះគម្ពីររក្សាទុកនូវព្រះបន្ទូល និងព្រះបញ្ញត្តិរបស់ព្រះ ដូចដែលបានទាក់ទងតាមរយៈពួកព្យាការីរបស់ទ្រង់ ) ។
ដើម្បីជួយពង្រឹងសេចក្ដីពិតនេះ សូមរំឭកសិស្សថា រាប់រយឆ្នាំបន្ទាប់ពីក្រុមគ្រួសាររបស់លីហៃបានមកដល់ដែនដីសន្យា ពូជពង្សរបស់ពួកលោកបានជួបនឹងប្រជាជននៃទីក្រុងសារ៉ាហិមឡា ( សាសន៍មូលេក ) ដែលបានធ្វើដំណើរពីទីក្រុងយេរ៉ូសាឡិម មិនយូរប៉ុន្មានបន្ទាប់ពីក្រុមគ្រួសាររបស់លីហៃបានចាកចេញ ។
សូមអញ្ជើញសិស្សឲ្យអាន អោមណៃ ១:១៤-១៧ និង ម៉ូសាយ ១:៣-៥ ហើយកត់ចំណាំពីភាពផ្ទុយគ្នារវាងពួកអ្នកដែលមានព្រះគម្ពីរ ( សាសន៍នីហ្វៃ ) និងពួកអ្នកដែលពុំមានព្រះគម្ពីរ ( សាសន៍មូលេក ) ។ ( កំណត់ចំណាំ ៖ ដើម្បីរៀនអំពីជំនាញសិក្សាព្រះគម្ពីរ « ការប្រៀបធៀប និងការផ្ទុយគ្នា » សូមមើល ការបង្រៀន និងការរៀនសូត្រដំណឹងល្អ ៖ ក្បួនខ្នាតសម្រាប់គ្រូបង្រៀន និងអ្នកដឹកនាំថ្នាក់សិក្ខាសាលា និង ថ្នាក់វិទ្យាស្ថានសាសនា [ ឆ្នាំ ២០១២ ] ទំព័រ ២២ ) ។
-
តើលទ្ធផលអ្វីខ្លះ ដែលសាសន៍មូលេកបានដកពិសោធន៍ ដោយសារតែពួកគេពុំបានមានព្រះគម្ពីរនោះ ? ( សូមមើលផងដែរ នីហ្វៃទី១ ៤:១៣ ) ។
-
តើពរជ័យអ្វីខ្លះ ដែលមានដល់ពួកសាសន៍នីហ្វៃ ដោយសារតែពួកគេមានព្រះគម្ពីរ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន អាលម៉ា ៣៧:៣-៤, ៨ ឮៗ ខណៈសិស្សក្នុងថ្នាក់រកមើលពរជ័យទាំងឡាយ ដែលសាសន៍នីហ្វៃបានទទួលពីផ្ទាំងលង្ហិន ។
-
យោងតាម ខ ៨ តើអ្វីខ្លះជាពរជ័យមួយចំនួន ដែលសាសន៍នីហ្វៃបានទទួលពីផ្ទាំងលង្ហិន ?
-
តើអ្នកគិតថាអាលម៉ាចង់មានន័យដូចម្ដេច កាលដែលលោកបានមានប្រសាសន៍ថា ព្រះគម្ពីរ « បានពង្រីកស្មារតីរបស់ប្រជាជននេះ » ?
ដើម្បីជួយបំភ្លឺពីអត្ថន័យនៃឃ្លានេះ សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ឮៗ ខណៈសិស្សក្នុងថ្នាក់រកមើលការយល់ដឹងបន្ថែមពីរបៀបដែលព្រះគម្ពីរពង្រីកស្មារតីរបស់យើង ៖
« ព្រះគម្ពីរពង្រីកស្មារតីរបស់យើង ដោយជួយយើងឲ្យចងចាំព្រះអម្ចាស់ ព្រមទាំងទំនាក់ទំនងរបស់យើងជាមួយទ្រង់ និងព្រះវរបិតាជានិច្ច ។ ព្រះគម្ពីររំឭកយើងពីអ្វីដែលយើងបានដឹងនៅក្នុងជីវិតយើងមុនឆាកជីវិតនេះ ។ ហើយវាពង្រីកស្មារតីរបស់យើងក្នុងន័យមួយផ្សេងទៀត ដោយបង្រៀនយើងអំពីយុគសម័យ ប្រជាជន និងហេតុការណ៍ដែលយើងមិនបានដកពិសោធន៍ដោយផ្ទាល់ ។ …
« ព្រះគម្ពីរក៏ពង្រីកស្មារតីរបស់យើង ដោយជួយយើងកុំឲ្យភ្លេចនូវអ្វីដែលយើង និងអ្នកជំនាន់មុនៗបានរៀនផងដែរ ។ ពួកអ្នកដែលមិនមាន ឬក៏ព្រងើយកន្តើយនឹងព្រះបន្ទូលនៃព្រះដែលបានកត់ត្រា នឹងឈប់ជឿលើទ្រង់ ហើយ នៅទីបំផុតភ្លេចពីគោលបំណងនៃការមានជីវិតរបស់ខ្លួន » ( «The Blessing of Scripture» ទំព័រ ៣៣ ) ។
-
តើព្រះគម្ពីរពង្រីកស្មារតីរបស់យើង តាមរបៀបណាខ្លះ ?
-
តើគោលលទ្ធិ គោលការណ៍ ឬរឿងរ៉ាវនៅក្នុងព្រះគម្ពីរណាខ្លះ ដែលបានពង្រីកស្មារតីរបស់អ្នក អំពីព្រះអម្ចាស់ និងទំនាក់ទំនងរបស់អ្នកជាមួយទ្រង់ ?
នីហ្វៃទី១ ៨:២១–២៤, ២៩–៣០, ១៥:២៣–២៤, នីហ្វៃទី២ ៣:១២, ៣២:៣, ៣៣:៤–៥, យ៉ាកុប ២:៨, ៧:១០–១១, អាលម៉ា ៥:១០–១៣, ៣១:៥, ៣៧:២, ៨–១០, ហេលេមិន ៣:២៩–៣០, ១៥:៧–៨
ព្រះបន្ទូលនៃព្រះនាំមកនូវពរជ័យទាំងឡាយ
សូមអញ្ជើញសិស្សឲ្យសង្ខេបដោយខ្លី នូវការនិមិត្តរបស់លីហៃ អំពីដើមឈើជីវិត ( សូមមើល នីហ្វៃទី១ ៨ ) ។ បន្ទាប់មក សូមសួរសិស្សក្នុងថ្នាក់ថា ដំបងដែកតំណាងឲ្យអ្វី ហើយមូលហេតុអ្វីវាជាផ្នែកដ៏សំខាន់បែបនោះនៅក្នុងការនិមិត្តនោះ ។ បើចាំបាច់ សូមអញ្ជើញសិស្សឲ្យអាន នីហ្វៃទី១ ៨:២១–២៤, ២៩–៣០ ។
សូមឲ្យសិស្សស្រាវជ្រាវ នីហ្វៃទី១ ១៥:២៣–២៤ ហើយរកមើលពរជ័យដែលនឹងកើតឡើងដល់អ្នកទាំងឡាយណាដែលតោងជាប់នឹងព្រះបន្ទូលនៃព្រះ ។ អ្នកអាចលើកទឹកចិត្តដល់សិស្សឲ្យគូសចំណាំអ្វីដែលពួកគេរកឃើញ ។
-
តើអ្នកគិតថា « តោងជាប់ » នឹងព្រះបន្ទូលនៃព្រះ មានន័យដូចម្ដេច ?
-
យោងតាមខគម្ពីរទាំងនេះ តើពរជ័យអ្វីខ្លះដែលយើងអាចទទួលបាន ដោយការតោងជាប់នឹងព្រះបន្ទូលនៃព្រះ ? ( សិស្សគួរតែរកឃើញគោលការណ៍ដូចតទៅនេះ ៖ ប្រសិនបើយើងតោងជាប់នឹងព្រះបន្ទូលនៃព្រះ នោះយើងនឹងមិន ដែលត្រូវវិនាសខាងវិញ្ញាណឡើយ ហើយមារសត្រូវនឹងមិនអាចមានអំណាចមកលើយើងទេ ) ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ អែលឌើរ ដាវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសូមអញ្ជើញសិស្សម្នាក់អានវាឮៗ ៖
« ខ្ញុំសូមណែនាំថា ការតោងជាប់នឹងដំបងដែកគឺតម្រូវឲ្យមានការប្រើប្រាស់ព្រះគម្ពីរដ៏បរិសុទ្ធ ឲ្យ បាន ច្រើន ប្រកប ដោយ ការអធិស្ឋាន ខ្ជាប់ខ្ជួន និងដោយអស់ពីចិត្ត ដែលជាប្រភពនៃការបើកសម្តែងសេចក្តីពិត និងការដឹកនាំដែលអាចទុកចិត្តបាន សម្រាប់ ការធ្វើ ដំណើរ លើ ផ្លូវ តូច និងចង្អៀតឆ្ពោះទៅកាន់ដើមជីវិត — គឺទៅឯព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ » ( «Lehi’s Dream: Holding Fast to the Rod» Ensign ខែ តុលា ឆ្នាំ ២០១១ ទំព័រ ៣៦ ) ។
សូមពន្យល់ថា ពួកព្យាការីក្នុងព្រះគម្ពីរមរមនមួយចំនួន បានបង្រៀនពីពរជ័យទាំងឡាយ ដែលនឹងកើតឡើងដល់អ្នកទាំងឡាយណាដែលតោងជាប់នឹងព្រះបន្ទូលនៃព្រះ ។ សូមសរសេរបទគម្ពីរយោងដូចតទៅនេះនៅលើក្ដារខៀន ៖ សូមអញ្ជើញសិស្សម្នាក់ៗឲ្យសិក្សាបទគម្ពីរមួយ ឬពីរ ដោយព្យាយាមរកមើលនូវពរជ័យទាំងឡាយ ដែលមានឡើងពីការសិក្សាព្រះបន្ទូលនៃព្រះ ។ បន្ទាប់មក សូមឲ្យសិស្សសរសេរពីពរជ័យដែលពួកគេរកឃើញនៅលើក្ដារខៀនក្បែរបទគម្ពីរយោងដែលត្រូវគ្នា ៖
-
តើពេលណាដែលអ្នកបានទទួលបទពិសោធន៍នៃពរជ័យទាំងនេះ ?
សូមអញ្ជើញសិស្សឲ្យពិពណ៌នា ពីអ្វីដែលយុវមជ្ឈិមវ័យនៅលីវអាចធ្វើបាននៅក្នុងជីវិតប្រចាំថ្ងៃ ដើម្បីតោងជាប់នឹងដំបងដែក ។
សូមឲ្យសិស្សគិត ថាតើការប្រើប្រាស់ព្រះគម្ពីររបស់ពួកគេ អាចនិយាយថាជាការតោងជាប់នឹងដំបងដែកដែរឬទេ ។
សូមអញ្ជើញសិស្សឲ្យពិចារណា ហើយសរសេរនូវការណ៍ជាក់លាក់នានា ដែលពួកគេអាចធ្វើ ដើម្បីតោងឲ្យកាន់តែជាប់នឹងដំបងដែក ហើយទទួលពរជ័យទាំងនេះកាន់តែពេញលេញ ។
អាលម៉ា ៣៧:៣៨-៤៦
ព្រះបន្ទូលនៃព្រះដឹកនាំទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច
សូមរំឭកសិស្សថា ព្យាការីលីហៃ បានទទួលឧបករណ៍មួយពីព្រះអម្ចាស់ ដែលហៅថា លីអាហូណា ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន អាលម៉ា ៣៧:៣៨-៤២ ឮៗ ខណៈសិស្សក្នុងថ្នាក់រកមើលពីរបៀបដែលលីអាហូណាបានផ្ដល់ពរដល់ក្រុមគ្រួសាររបស់លីហៃ ។
-
តើលីអាហូណាផ្ដល់ពរដល់គ្រួសាររបស់លីហៃយ៉ាងដូចម្ដេច ?
-
តើមានការតម្រូវអ្វី ពីក្រុមគ្រួសាររបស់លីហៃ ដើម្បីធ្វើឲ្យលីអាហូណាដំណើរការត្រឹមត្រូវ ? ( ត្រីវិស័យនោះដំណើរការ នៅពេលដែលពួកគេស្ដាប់តាមការណែនាំរបស់វា ហើយអនុវត្តសេចក្ដីជំនឿ និងមានសេចក្ដីឧស្សាហ៍ព្យាយាមប៉ុណ្ណោះ ។ សូមមើលផងដែរ នីហ្វៃទី១ ១៦:២៨ ) ។
សូមពន្យល់ថា អាលម៉ាបានបង្រៀនថា ការប្រើប្រាស់លីអាហូណា គឺជា « គំរូ » និងជា « ស្រមោល » មួយ—មានន័យថាជានិមិត្តរូបមួយ—នៃរបៀបដែលយើងគួរប្រើប្រាស់ព្រះបន្ទូលនៃព្រះ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន អាលម៉ា ៣៧:៤៣-៤៦ ឮៗ ខណៈសិស្សក្នុងថ្នាក់រកមើលពីការប្រៀបធៀបដែលអាលម៉ាបានគូសបញ្ជាក់រវាងលីអាហូណា និងព្រះបន្ទូលនៃព្រះគ្រីស្ទ ។
-
តើគោលការណ៍អ្វីទាក់ទងទៅនឹងព្រះបន្ទូលនៃព្រះគ្រីស្ទ ដែលអាលម៉ាបានបង្រៀននៅក្នុងខគម្ពីរទាំងនេះ ? ( សិស្សគួរតែរកឃើញគោលការណ៍ដូចតទៅនេះ ៖ ប្រសិនបើយើងស្ដាប់តាមព្រះបន្ទូលនៃព្រះគ្រីស្ទ នោះយើងនឹងត្រូវបានដឹកនាំឲ្យនៅក្នុងផ្លូវត្រង់ដែលឆ្ពោះទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច ។ អ្នកអាចលើកទឹកចិត្តសិស្សឲ្យគូសចំណាំពេលមានពាក្យ បើសិនជា នៅក្នុង ខ ៤៥–៤៦ ។ សូមប្រាប់សិស្សថា ការរៀនរកមើលទំនាក់ទំនងនៃបុព្វហេតុ និងឥទ្ធិពលគឺជាជំនាញដ៏សំខាន់មួយ ដែលអាចពង្រីកការសិក្សាព្រះគម្ពីររបស់ពួកគេ ) ។
-
តើអ្នកគិតថា ការដែលត្រូវបានដឹកនាំឲ្យនៅក្នុង « ផ្លូវត្រង់ » មួយឆ្ពោះទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច មានន័យយ៉ាងដូចម្ដេច ?
-
តើមានការណ៍អ្វីខ្លះ ដែលយើងអាចធ្វើបាន ដើម្បីធ្វើឲ្យហួសពីការគ្រាន់តែអានព្រះបន្ទូលនៃព្រះគ្រីស្ទ ហើយចាប់ផ្ដើម « ស្ដាប់បង្គាប់តាម » ព្រះបន្ទូលទាំងនោះ ។
សូមបញ្ចប់មេរៀននេះ ដោយការបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ដេវីឌ អេ បែដណា ហើយអញ្ជើញសិស្សឲ្យអាន និងសញ្ជឹងគិតពីសំណួរទាំងឡាយរបស់អែលឌើរ បែដណា ៖
« លំហូរទៀងទាត់មួយនៃទឹករស់គឺមានភាពប្រសើរខ្លាំងណាស់ចំពោះការភ្លក់ម្ដងម្កាល ។
« តើអ្នក និងខ្ញុំ អាន សិក្សា និងស្រាវជ្រាវព្រះគម្ពីរជាប្រចាំថ្ងៃ តាមវិធីដែលអាចឲ្យយើងកាន់ខ្ជាប់ទៅនឹងដំបងដែកដែរឬទេ… ? តើអ្នក និងខ្ញុំ ឆ្ពោះទៅកាន់ប្រភពនៃទឹករស់—ដោយពឹងផ្អែកទៅលើព្រះបន្ទូលនៃព្រះដែរឬទេ ? ទាំងនេះគឺជាសំណួរដ៏សំខាន់សម្រាប់យើងម្នាក់ៗ ដើម្បីយកទៅសញ្ជឹងគិតប្រកបដោយការអធិស្ឋាន » ( «A Reservoir of Living Water» [ ការប្រជុំពិសេសនៃប្រព័ន្ធអប់រំសាសនាចក្រ សម្រាប់យុវមជ្ឈិមវ័យ ថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០០៧ ] ទំព័រ ៧ lds.org/broadcasts ) ។
សូមសួរបើសិនមានសិស្សណាម្នាក់ចង់ចែកចាយទីបន្ទាល់របស់ខ្លួន អំពីរបៀបដែលការសិក្សាព្រះបន្ទូលនៃព្រះបានផ្ដល់ពរជ័យដល់ពួកគេ ។ សូមលើកទឹកចិត្តសិស្សឲ្យបន្តសញ្ជឹងគិតពីសំណួរទាំងឡាយដែលអែលឌើរ បែដណា បានសួរ ហើយអញ្ជើញពួកគេឲ្យធ្វើតាមគំនិត និងចំណាប់អារម្មណ៍ទាំងឡាយដែលពួកគេបានទទួល អំឡុងមេរៀននេះ ដើម្បីធ្វើឲ្យការសិក្សារបស់ពួកគេអំពីព្រះបន្ទូលនៃព្រះ កាន់តែមានប្រសិទ្ធភាព និងមានអត្ថន័យ ។
ការអានរបស់សិស្ស
-
នីហ្វៃទី១ ៣:១៩–២០, ៥:២១–២២, ៨:២១–២៤, ២៩–៣០, ១៥:២៣–២៤, នីហ្វៃទី២ ៣:១២, ៣២:៣, ៣៣:៤–៥, យ៉ាកុប ២:៨, ៧:១០–១១, អោមណៃ ១:១៤–១៧, ម៉ូសាយ ១:៣–៥, អាលម៉ា ៥:១០–១៣, ៣១:៥, ៣៧:២–៤, ៨–១០, ៣៨–៤៦, ហេលេមិន ៣:២៩–៣០, ១៥:៧–៨ ។
-
រីឆាដ ជី ស្កត «The Power of Scripture» Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៦–៨ ។