មេរៀនទី ២
ការស្ដាប់តាមពាក្យសម្ដីរបស់ព្យាការី
សេចក្ដីផ្ដើម
ព្រះហៅព្យាការីឲ្យថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ប្រកាសពីការប្រែចិត្ត និងអញ្ជើញមនុស្សទាំងអស់ឲ្យមកឯព្រះអង្គសង្គ្រោះ ។ ព្រះគម្ពីរមរមនបង្រៀនថា ពួកអ្នកដែលស្ដាប់តាមព្យាការីទាំងនេះ ត្រូវបានប្រទានពរ ខណៈពួកអ្នកដែលប្រឆាំងនឹងពួកលោក នឹងមានការសោកស្ដាយ និងទុក្ខព្រួយ ។
ការអានពីសាវតា
-
រ័សុល អិម ណិលសុន « Sustaining the Prophets » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៧៤–៧៧ ។
-
ក្លូឌីអូ អរ អែម កូស្តា « Obedience to the Prophets » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១១–១៣ ។
-
ខារ៉ុល អេហ្វ ម៉ាកខន់ឃី « Live according to the Words of the Prophets » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៧៧–៧៩ ។
-
« Our Need for Living Prophets » ជំពូកទី ១ នៅក្នុង Teachings of the Living Prophets Student Manual ( សៀវភៅសិក្សាប្រព័ន្ធអប់រំសាសនាចក្រ ឆ្នាំ ២០១០ ) ទំព័រ ៤–១៣ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី១ ១:៤–១៥, ១៨, ម៉ូសាយ ១១:២០–២៥, ១៣:៣៣–៣៥
តួនាទីរបស់ព្យាការី
សូមសួរសិស្សក្នុងថ្នាក់ ៖
-
តើការជឿរបស់យើងទៅលើព្យាការីដែលនៅរស់ ញែកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ឲ្យខុសពីសាសនាផ្សេងៗយ៉ាងដូចម្ដេច ?
-
ហេតុអ្វីព្យាការីដែលនៅរស់បច្ចុប្បន្ននេះ មានភាពចាំបាច់ដូចជាព្យាការីនានានៅក្នុងជំនាន់ផ្សេងទៀតនៃប្រវត្តិសាស្ត្ររបស់ពិភពលោកដែរ ?
សូមអញ្ជើញសិស្សបីបួននាក់ប្ដូរវេនគ្នាអានឮៗពី នីហ្វៃទី១ ១:៤–១៥, ១៨ ខណៈដែលសិស្សក្នុងថ្នាក់ផ្ទៀងតាម ដោយរកមើលរបៀបដែលព្រះអម្ចាស់បានត្រាស់ហៅ និងរៀបចំលីហៃ ឲ្យក្លាយជាព្យាការីម្នាក់ ។
-
តើលីហៃបានទទួលបទពិសោធន៍អ្វីខ្លះ ដែលបានរៀបចំលោកឲ្យក្លាយជាព្យាការីម្នាក់ ? ( លោកបានទទួលសាក្សីមួយអំពីព្រះយេស៊ូវគ្រីស្ទ ហើយលោកបានឃើញជាមុននូវការបំផ្លិចបំផ្លាញដល់ពួកមនុស្សទុច្ចរិត និងព្រះគុណដែលត្រូវបានប្រទានដល់ពួកអ្នកដែលបានមករកព្រះ ) ។
-
ហេតុអ្វីបានជាប្រជាជននៅទីក្រុងយេរូសាឡិម ត្រូវការព្យាការីដូចជាលីហៃ ? ( នៅពេលសិស្សឆ្លើយតប សូមប្រាកដថា ពួកគេរកឃើញសេចក្ដីពិតដូចតទៅនេះ ៖ ព្រះអម្ចាស់ហៅព្យាការី ហើយបើកសម្ដែងព្រះឆន្ទៈរបស់ទ្រង់តាមរយៈពួកលោក ) ។
សូមអញ្ជើញសិស្សម្នាក់អានសេចក្តីថ្លែងការណ៍ខាងក្រោមដោយប្រធាន យ៉ូហាន ថេលើរ ( ឆ្នាំ ១៨០៨-៨៧ ) ៖
« យើងត្រូវការដើមឈើដែលមានជីវិត—ប្រភពទឹករស់—បញ្ញារស់ ចេញមកពីបព្វជិតភាពដែលនៅមានជីវិតនៅស្ថានសួគ៌ តាមរយៈបព្វជិតភាពនៅរស់នៅលើផែនដី ។ … ហើយចាប់តាំងពីគ្រាដែលអ័ដាមបានទទួលទំនាក់ទំនងដំបូងមកពីព្រះ រហូតដល់ពេលដែលយ៉ូហានបានទទួលទំនាក់ទំនងរបស់លោកនៅលើកោះប៉ាត់ម៉ុស ឬ យ៉ូសែប ស្ម៊ីធ ដែលស្ថានសួគ៌បានបើកដល់លោក វាតែងតែតម្រូវឲ្យមានវិវរណៈថ្មី សម្របទៅនឹងស្ថានភាពពិសេសៗដែលព្រះវិហារ ឬបុគ្គលទាំងឡាយស្ថិតនៅ ។
« វិវរណៈរបស់អ័ដាមពុំបានណែនាំណូអេឲ្យសង់សំពៅទេ ហើយវិវរណៈរបស់ណូអេ ក៏ពុំបានប្រាប់ឡុតឲ្យបោះបង់ចោលទីក្រុងសូដុំមដែរ ហើយវិវរណៈទាំងនេះក៏ពុំបាននិយាយអំពីការធ្វើដំណើររបស់កូនចៅអ៊ីស្រាអែលឲ្យចាកចេញពីស្រុកអេស៊ីព្ទដែរ ។ ព្យាការីទាំងអស់នេះបានមានវិវរណៈសម្រាប់ខ្លួនពួកលោក ហើយក៏ដូចជាអេសាយ, យេរេមា, អេសេគាល, ព្រះយេស៊ូវ, ពេត្រុស, ប៉ុល, យ៉ូហាន, និង យ៉ូសែប ដែរ ។ ហើយយើងក៏ត្រូវតែដូច្នោះដែរ » ( Teachings of Presidents of the Church: John Taylor [ ឆ្នាំ ២០០១ ] ទំព័រ ១៥៨ ) ។
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីដឹងថា ព្រះអម្ចាស់បន្តបើកសម្ដែងព្រះឆន្ទៈរបស់ទ្រង់តាមរយៈព្យាការី នៅសព្វថ្ងៃនេះ ?
-
តើការសិក្សាពីតួនាទីរបស់ព្យាការីនៅក្នុងព្រះគម្ពីរមរមន ជួយយើងនៅក្នុងជំនាន់របស់យើងយ៉ាងដូចម្ដេចដែរ ?
សូមសរសេរបទគម្ពីរយោងខាងក្រោមនេះនៅលើក្ដារខៀន ៖
សូមពន្យល់ថា ខណៈដែលព្យាការីប្រាប់ពីសារជាច្រើន ដែលជាក់លាក់សម្រាប់ជំនាន់របស់ពួកលោក នោះវាក៏មានសារដូចគ្នាទាំងឡាយ ដែលព្យាការីទាំងអស់ប្រកាស ។ សូមអញ្ជើញសិស្សឲ្យរកមើលសារបែបនោះចំនួនពីរ កាលដែលពួកគេអានវគ្គបទគម្ពីរទាំងឡាយដែលនៅលើក្ដារខៀនដោយស្ងាត់ស្ងៀម ។ សូមឲ្យសិស្សគូសចំណាំនៅក្នុងព្រះគម្ពីររបស់ពួកគេនូវសារដ៏សំខាន់ ដែលបានថ្លែងដោយព្យាការីអ័ប៊ីណាដៃ ដែលនៅក្នុងវគ្គបទគម្ពីរនីមួយៗ ។ ( កំណត់ចំណាំ ៖ ការគូសចំណាំព្រះគម្ពីរ គឺជាជំនាញសិក្សាព្រះគម្ពីរមួយ ដែលអ្នកអាចនឹងពិចារណាក្នុងការបង្រៀននៅពេញមួយវគ្គសិក្សានេះ ) ។
សូមឲ្យសិស្សចែកចាយនូវអ្វីដែលពួកគេបានរកឃើញ ហើយសង្ខេបគំហើញរបស់ពួកគេ ដោយសង្កត់ធ្ងន់លើគោលលទ្ធិនេះ ៖ ព្យាការីទាំងអស់របស់ព្រះប្រកាសពីការប្រែចិត្ត និងថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។
សូមពិចារណាអំពីការអញ្ជើញសិស្សឲ្យចំណាយពេលពីរបីនាទី រកមើលកន្លែងណាដែលមានឧទាហរណ៍មួយអំពីព្យាការីក្នុងព្រះគម្ពីរមរមនប្រកាសពីការប្រែចិត្ត ឬថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ ( ឧទាហរណ៍ទាំងឡាយអំពីការប្រកាសពីការប្រែចិត្ត រួមមាន អេសាយ នៅក្នុង នីហ្វៃទី២ ១៦:៩–១១, យ៉ាកុប នៅក្នុង យ៉ាកុប ២–៣, អ័ប៊ីណាដៃ នៅក្នុង ម៉ូសាយ ១១–១២, សាំយូអែល នៅក្នុង ហេលេមិន ១៣–១៦, និង មរមន នៅក្នុង មរមន ៣ ។ ឧទាហរណ៍ទាំងឡាយអំពីការបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ រួមមាន នីហ្វៃ នៅក្នុង នីហ្វៃទី១ ១៩ និងនៅក្នុង នីហ្វៃទី២ ២៥, អាលម៉ា នៅក្នុង អាលម៉ា ៧; និង មរមន នៅក្នុង មរមន ៧ ) ។ សូមអញ្ជើញសិស្សឲ្យចែកចាយឧទាហរណ៍របស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។
-
តើអ្នកគិតថា ហេតុអ្វីព្យាការីប្រកាសពីការប្រែចិត្ត និងថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ឥតឈប់ឈរ ?
-
តើការស្ដាប់តាមសារទាំងនេះ ជួយយើងឲ្យទទួលបានសេចក្ដីសង្គ្រោះដោយរបៀបណា ?
ហេលេមិន ១៣:២៤–៣៣, នីហ្វៃទី៣ ៨:២៤–២៥, ៩:១០–១១
ការបដិសេធព្យាការីរបស់ព្រះ នាំទៅរកការស្ដាយក្រោយ
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« ពេលព្យាការីចង្អុលបង្ហាញពីអំពើបាបទាំងឡាយនៃពិភពលោក មនុស្សខាងលោកិយបែរជាចង់បំបិទមាត់ព្យាការី ជាជាងធ្វើការប្រែចិត្តពីអំពើបាបរបស់ខ្លួន ឬបើមិនដូច្នោះទេ គឺធ្វើដូចជាគ្មានព្យាការីអញ្ចឹង ។ ប្រជាប្រិយភាព គឺពុំមែនជាការសាកល្បងនៃសេចក្ដីពិតនោះទេ ។ … ពេលយើងខិតមកកាន់តែជិតដល់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ អ្នកអាចរំពឹងថា ពេលប្រជាជននៃពិភពលោកកាន់តែទុច្ចរិត នោះព្យាការីនឹងកាន់តែមានប្រជាប្រិយភាពតិចទៅៗចំពោះពួកគេ » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ១៥២ ) ។
-
តើអ្នកគិតថា ហេតុអ្វីមនុស្សខ្លះមិនស្ដាប់តាមពាក្យសម្ដីរបស់ព្យាការី ?
សូមអញ្ជើញសិស្សក្នុងថ្នាក់ ឲ្យស្រាវជ្រាវដោយស្ងៀមស្ងាត់នូវពាក្យសម្ដី របស់ព្យាការីសាំយូអែល នៅក្នុង ហេលេមិន ១៣:២៤-២៩ ដោយរកមើលមូលហេតុនានា ដែលបុគ្គលទាំងឡាយបដិសេធការព្រមានដ៏ប្រកបដោយការព្យាករ ។ អ្នកអាចលើកទឹកចិត្តម្ដងទៀតឲ្យសិស្សគូសចំណាំអ្វីដែលពួកគេរកឃើញ ។
-
យោងតាមសាំយូអែល ហេតុអ្វីបានជាសាសន៍នីហ្វៃបានបដិសេធពួកព្យាការីរបស់ព្រះ ?
-
ទោះបីជាយើងគ្មានកំហុសក្នុងការបំពាន ឬសម្លាប់ព្យាការីក៏ដោយ តើខគម្ពីរទាំងនេះអាចជាការព្រមានដល់យើងនាសព្វថ្ងៃនេះយ៉ាងដូចម្ដេចដែរ ?
សូមឲ្យសិស្សម្នាក់អានហេលេមិន ១៣:៣០–៣៣ឮៗ ខណៈដែលសិស្សក្នុងថ្នាក់រកមើលលទ្ធផលទាំងឡាយ ដែលសាំយូអែល ដែលជាសាសន៍លេមិន បានព្យាករថា នឹងកើតឡើងដល់ពួកអ្នកដែលបានបដិសេធពាក្យសម្ដីរបស់ព្យាការី ។ បន្ទាប់មក សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យអានការបំពេញនូវការព្យាករនេះ នៅក្នុង នីហ្វៃទី៣ ៨:២៤-២៥, ៩:១០-១១ ។
-
តើសេចក្ដីពិតអ្វីខ្លះ ដែលយើងអាចសង្ខេបចេញពីខគម្ពីរទាំងនេះ ? ( សិស្សគួរតែរកឃើញគោលលទ្ធិដូចតទៅនេះ ៖ ប្រសិនបើយើងបដិសេធពាក្យសម្ដីនៃព្យាការីរបស់ព្រះអម្ចាស់ នោះយើងនឹងជួបនឹងការសោកស្ដាយ និងទុក្ខព្រួយ ។ [ សូមមើលផងដែរ នីហ្វៃទី៣ ២៨:៣៤ ] ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖
« បើយើងចង់ដឹងថា យើងឈរជាមួយព្រះអម្ចាស់បានល្អប៉ុណ្ណា នោះចូរយើងសួរខ្លួនឯងថា យើងឈរជាមួយនឹងមេបញ្ជាការខាងជីវិតរមែងស្លាប់របស់ទ្រង់បានល្អប៉ុណ្ណាដែរ—ថាជីវិតរបស់យើងស្របទៅនឹងអ្នកដែលបានតែងតាំងរបស់ព្រះខ្លាំងប៉ុណ្ណា—គឺជាព្យាការីដែលនៅរស់—គឺប្រធាននៃសាសនាចក្រ និងកូរ៉ុមនៃគណៈប្រធានទីមួយ » ( Teachings: Ezra Taft Benson ទំព័រ ១៥០ ) ។
« របៀបដែលយើងឆ្លើយតបចំពោះពាក្យសម្ដីរបស់ព្យាការីដែលនៅរស់ ពេលលោកប្រាប់យើងពីអ្វីដែលយើងត្រូវដឹង ប៉ុន្តែបែរជាមិនស្ដាប់ គឺជាការសាកល្បងមួយដល់ភាពស្មោះត្រង់របស់យើង » ( Teachings: Ezra Taft Benson ទំព័រ ១៥២ ) ។
-
តើសេចក្ដីថ្លែងការណ៍របស់ប្រធាន ប៊ែនសឹន ជួយជំរុញទឹកចិត្តអ្នកឲ្យកាន់តែឧស្សាហ៍ព្យាយាមក្នុងការធ្វើតាមដំបូន្មានរបស់ព្យាការីដែលនៅរស់យ៉ាងដូចម្ដេចដែរ ?
-
តើសារដ៏ប្រកបដោយការព្យាករណាខ្លះ ដែលអ្នកគិតថា ស្ថិតនៅក្នុងចំណោមសារដ៏សំខាន់បំផុតសម្រាប់ពួកបរិសុទ្ធថ្ងៃចុងក្រោយនៅសព្វថ្ងៃនេះ ?
ម៉ូសាយ ១៥:១០–១៣, នីហ្វៃទី៣ ១០:១២, ១២:១–២, អេធើរ ៧:២៣–២៧
ការធ្វើតាមព្យាការីរបស់ព្រះនាំមកនូវពរជ័យ
សូមប្រាប់សិស្សថា ព្យាការីអ័ប៊ីណាដៃ បានបង្រៀនស្ដេចណូអេ និងពួកសង្ឃទុច្ចរិតរបស់ទ្រង់ អំពីសារៈសំខាន់នៃការស្ដាប់តាមពាក្យសម្ដីរបស់ព្យាការី ។ សូមឲ្យសិស្សម្នាក់អាន ម៉ូសាយ ១៥:១០–១៣ខណៈដែលសិស្សក្នុងថ្នាក់ពិចារណាពីរបៀបដើម្បីសង្ខេបខគម្ពីរទាំងនេះទៅជាសេចក្ដីថ្លែងគោលការណ៍មួយ ។
-
តើអ្នកនឹងថ្លែងពាក្យសម្ដីរបស់អ័ប៊ីណាដៃ ទៅជាសេចក្ដីថ្លែងពីគោលការណ៍មួយដោយរបៀបណា ? ( សិស្សអាចនឹងសង្ខេបវគ្គបទគម្ពីរនេះដូចតទៅនេះ ៖ ពួកអ្នកដែលស្ដាប់តាមពាក្យសម្ដីរបស់ព្យាការី ជឿលើព្រះចេស្ដាដ៏ប្រោសលោះរបស់ព្រះយេស៊ូវគ្រីស្ទ ហើយប្រែចិត្តពីអំពីបាបទាំងឡាយរបស់ខ្លួន គឺជាអ្នកគ្រងមរតកនៃនគររបស់ព្រះ ) ។
សូមឲ្យសិស្សនឹកគិត ហើយចែកចាយឧទាហរណ៍នានាចេញពីព្រះគម្ពីរមរមន អំពីបុគ្គល និងក្រុមមនុស្សដ៏ស្មោះត្រង់ទាំងឡាយ ដែលត្រូវបានប្រទានពរដោយការស្ដាប់តាមពាក្យសម្ដីរបស់ព្យាការី ។ ឧទាហរណ៍មួយចំនួនអាចរួមមានដូចតទៅនេះ ៖ ក្រុមគ្រួសារលីហៃបានគេចផុតពីការបំផ្លិចបំផ្លាញ ដោយការធ្វើតាមដំបូន្មានដែលឲ្យចាកចេញពីក្រុងយេរូសាឡិម ( នីហ្វៃទី២ ១:៤ ) អាលម៉ាជាឪពុកបានស្ដាប់តាមពាក្យសម្ដីរបស់អ័ប៊ីណាដៃ ហើយអាចបង្រៀនដល់មនុស្សជាច្រើន ( ម៉ូសាយ ១៧:១–៤, ១៨:១–៣ ) ពលទ័ពរបស់មេទ័ពមរ៉ូណៃបានរៀនពីកន្លែងដែលត្រូវទៅដើម្បីការពារខ្លួនប្រឆាំងនឹងពលទ័ពលេមិន ដោយការស្វែងរកដំបូន្មានពីអាលម៉ា ( អាលម៉ា ៤៣:២៣–២៤ ) ។
សូមសរសេរបទគម្ពីរយោងខាងក្រោមនៅលើក្ដារខៀន ( សូមកុំសរសេរគោលការណ៍ដែលមានអក្សរដិត ) ៖
នីហ្វៃទី៣ ១០:១២ ( សុវត្ថិភាពបានមកពីការធ្វើតាមព្យាការីរបស់ព្រះ ) ។
នីហ្វៃទី៣ ១២:១-២ ( ព្យាការីបង្រៀនយើងពីរបៀបទទួលបានការផ្ដាច់បាបរបស់យើង ) ។
អេធើរ ៧:២៣-២៧ ( ពេលយើងធ្វើតាមដំបូន្មានរបស់ព្យាការី ហើយចងចាំព្រះអម្ចាស់ នោះទ្រង់នឹងប្រទានពរដល់យើងតាមតម្រូវការរបស់យើង ) ។
សូមចាត់សិស្សឲ្យអានវគ្គបទគម្ពីរមួយ ក្នុងចំណោមវគ្គបទគម្ពីរទាំងឡាយនៅលើក្ដារខៀន ហើយសង្ខេបអ្វីដែលពួកគេបានអានទៅជាសេចក្ដីថ្លែងនៃគោលការណ៍មួយ ។ នៅពេលសិស្សចែកចាយសេចក្ដីថ្លែងរបស់ពួកគេ សូមពិចារណាអំពីការសរសេរសេចក្ដីថ្លែងនៃគោលការណ៍ដែលបានផ្ដល់នោះ នៅក្បែរបទគម្ពីរយោងនីមួយៗ ។
ដើម្បីជួយសិស្សឲ្យយល់ថា ពរជ័យបន្ថែមទៀតនានាបានមកពីការធ្វើតាមព្យាការី សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសុំសិស្សម្នាក់ឲ្យអានវាឮៗ ៖
« បងប្អូនប្រុសស្រី វាពុំមែនជារឿងតូចតាចទេ ដើម្បីមានព្យាការីម្នាក់របស់ព្រះក្នុងចំណោមពួកយើងនោះ ។ ពរជ័យគឺមហិមា និងអស្ចារ្យណាស់ ដែលកើតមានក្នុងជីវិតរបស់យើង ពេលយើងស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលបានប្រទានដល់យើង តាមរយៈរូបលោក ។ … នៅពេលយើងស្ដាប់តាមដំបូន្មានរបស់ព្រះអម្ចាស់ ដែលបង្ហាញតាមរយៈពាក្យសម្ដីរបស់ប្រធាននៃសាសនាចក្រ នោះការឆ្លើយតបរបស់យើងគួរតែវិជ្ជមាន និងធ្វើឲ្យបានឆាប់ ។ ប្រវត្តិសាស្ត្របានបង្ហាញថា មានសុវត្ថិភាព សន្ដិភាព ភាពរុងរឿង និងសុភមង្គល នៅក្នុងការធ្វើតាមដំបូន្មានរបស់ព្យាការី » (« His Word Ye Shall Receive » Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៦៥ ) ។
-
តើពេលណាដែលអ្នកបានទទួលពរជ័យ ដោយការឆ្លើយតបដោយវិជ្ជមាន និងឆាប់រហ័សចំពោះដំបូន្មានដែលប្រកបដោយការព្យាករ ?
-
កាលដែលអ្នកទន្ទឹងរង់ចាំដល់អនាគត តើអ្នកគិតថា ហេតុអ្វីវាសំខាន់ក្នុងការមានព្យាការីនៅលើផែនដីនេះ ?
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតថា សកម្មភាពរបស់គេផ្ទាល់ ឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ពួកគេដើម្បីធ្វើតាមព្យាការីរបស់ព្រះអម្ចាស់ដោយស្មោះត្រង់ដែរឬទេ ។ សូមឲ្យពួកគេពិចារណាអំពី អ្វីដែលពួកគេអាចចាំបាច់ត្រូវផ្លាស់ប្ដូរនៅក្នុងជីវិតរបស់ខ្លួន ដើម្បីរីករាយកាន់តែពេញលេញនឹងពរជ័យដែលបានសន្យាដល់ពួកអ្នកស្មោះត្រង់ ។
ការអានរបស់សិស្ស
-
នីហ្វៃទី១ ១:៤–១៥, ១៨, ម៉ូសាយ ១១:២០–២៥, ១៣:៣៣–៣៥, ១៥:១០–១៣, ហេលេមិន ១៣:២៤–៣៣, នីហ្វៃទី៣ ៨:២៤–២៥, ៩:១០–១១, ១០:១២, ១២:១–២, អេធើរ ៧:២៣–២៧ ។
-
រ័សុល អិម ណិលសុន « Sustaining the Prophets » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៧៤–៧៧ ។