មេរៀនទី ២៣
ការខ្ចាត់ព្រាត់ និងការប្រមូលផ្ដុំនៃសាសន៍អ៊ីស្រាអែល
សេចក្ដីផ្ដើម
ព្រះអម្ចាស់បានធ្វើឲ្យវង្សអ៊ីស្រាអែលខ្ចាត់ខ្ចាយ ដោយសារពួកគេបានពង្រឹងចិត្តគេទាស់នឹងទ្រង់ តែទ្រង់បានសន្យាថា ពួកគេនឹងត្រូវបានប្រមូលផ្ដុំវិញនៅថ្ងៃចុងក្រោយ ។ ការព្យាករទាំងឡាយនៅក្នុងព្រះគម្ពីរមរមនបានបង្ហាញយ៉ាងច្បាស់ថា ការប្រមូលផ្ដុំដែលបានសន្យាជាយូរមកហើយនេះ បានចាប់ផ្ដើមហើយ ។ សមាជិកនៃសាសនាចក្រ មានទំនួលខុសត្រូវដើម្បីផ្ដល់ពរដល់ក្រុមគ្រួសារនៅលើផែនដី ដោយការចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
ការអានពីសាវតា
-
រ័សុល អិម ណិលសុន «The Gathering of Scattered Israel» Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៧៩–៨២ ។
-
ស៊ី ស្កត ហ្គ្រូ «The Book of Mormon, the Instrument to Gather Scattered Israel» Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៣៣-៣៥ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី១ ២២:៣–៥, នីហ្វៃទី២ ២៥:១៥–១៧, នីហ្វៃទី៣ ៥:២៤–២៦, ២០:១៣, ២៩–៣១, ៣០:២
ការខ្ចាត់ព្រាត់ និងការប្រមូលផ្ដុំនៃវង្សអ៊ីស្រាអែល
សូមអញ្ជើញសិស្សម្នាក់ ដែលជាអ្នកប្រែចិត្តជឿដល់សាសនាចក្រ ឬដែលបានជួយនរណាម្នាក់ឲ្យចូលរួមនឹងសាសនាចក្រ ឲ្យចែកចាយបទពិសោធន៍របស់គាត់ ។ សូមលើកទឹកចិត្តសិស្សឲ្យគិតអំពីនរណាម្នាក់ដែលពួកគេស្គាល់ ដែលអាចបើកចិត្តស្ដាប់សារលិខិតនៃដំណឹងល្អ ។ សូមឲ្យសិស្សរកមើលសេចក្ដីពិតនានានៃដំណឹងល្អ ពេញមេរៀនថ្ងៃនេះ ដែលអាចលើកទឹកចិត្ត និងជួយពួកគេនៅក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការចែកចាយដំណឹងល្អទៅកាន់អ្នកផ្សេងទៀត ។
សូមឲ្យសិស្សអាន នីហ្វៃទី១ ២២:៣–៥ ដើម្បីឃើញពីអ្វីដែលនីហ្វៃបានព្យាករអំពីវង្សអ៊ីស្រាអែល ។
-
តើឃ្លាថា វង្សអ៊ីស្រាអែលត្រូវ « ខ្ចាត់ខ្ចាយ » មានន័យដូចម្តេច ?
សូមពន្យល់ថា ការខ្ចាត់ខ្ចាយនៃវង្សអ៊ីស្រាអែល គឺជាប្រធានបទដ៏សំខាន់ចំពោះនីហ្វៃ ព្រោះក្រុមគ្រួសាររបស់លោកជាផ្នែកនៃការខ្ចាត់ខ្ចាយនោះ ។ ពួកគេបានខ្ចាត់ខ្ចាយចេញពីទីក្រុងយេរូសាឡិម ទៅទ្វីបអាមេរិក ដោយសារតែភាពទុច្ចរិតនៃប្រជាជនដែលរស់នៅក្នុងដែនដីយូដា ។
សូមប្រាប់សិស្សថា ការព្យាករជាច្រើនក្នុងព្រះគម្ពីរមរមន រួមមាននូវការអះអាងដែលលួងលោមចិត្តថា នៅក្នុងថ្ងៃចុងក្រោយ វង្សអ៊ីស្រាអែលនឹងត្រូវបានប្រមូលផ្ដុំម្ដងទៀត ។ សូមសរសេរបទគម្ពីរយោងខាងក្រោមលើក្ដារខៀន ហើយចាត់ឲ្យសិស្សអានម្នាក់មួយបទគម្ពីរៗ ។ សូមប្រាកដថា វគ្គបទគម្ពីរនីមួយៗ ត្រូវបានអាន ។ សូមឲ្យសិស្សរកមើលអ្វីដែលបុគ្គលម្នាក់ៗត្រូវរៀន និងធ្វើ ដើម្បីត្រូវបានប្រមូលផ្ដុំជាមួយនឹងវង្សអ៊ីស្រាអែល ។
-
តើការណ៍អ្វីខ្លះ ដែលបុគ្គលទាំងឡាយត្រូវរៀន និងធ្វើ ដើម្បីត្រូវបានប្រមូលផ្ដុំជាមួយនឹងវង្សអ៊ីស្រាអែល ? ( សេចក្ដីពិតមួយចំនួន ដែលសិស្សអាចរកឃើញ រួមមានដូចតទៅនេះ ៖ ព្រះអម្ចាស់ប្រមូលផ្ដុំសមាជិកនៃវង្សអ៊ីស្រាអែល ពេលពួកគេជឿលើទ្រង់ ប្រែចិត្ត ហើយមកកាន់ទ្រង់ ) ។
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីសេចក្ដីពិតនេះ អ្នកអាចនឹងចង់អានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ( ឆ្នាំ ១៩១៥–៨៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ហេតុអ្វីបានជាវង្សអ៊ីស្រាអែលត្រូវខ្ចាត់ខ្ចាយ ? ចម្លើយគឺច្បាស់ វាសាមញ្ញ ចេញពីវា នោះគ្មានការសង្ស័យអ្វីនោះទេ ។ ជីដូនជីតាសាសន៍អ៊ីស្រាអែលរបស់យើង ត្រូវបានខ្ចាត់ខ្ចាយ ដោយសារពួកគាត់បដិសេធដំណឹងល្អ ធ្វើឲ្យបព្វជិតភាពមិនបរិសុទ្ធ លះបង់ចេញពីសាសនាចក្រ និង ចាកចេញពីនគរ ។ …
« បើអញ្ចឹង តើអ្វីដែលទាក់ទងនឹងការប្រមូលផ្ដុំសាសន៍អ៊ីស្រាអែល ? ការប្រមូលផ្ដុំសាសន៍អ៊ីស្រាអែល មាននៅក្នុងការជឿ និងការទទួល និងការរស់នៅឲ្យស្របនឹងអ្វីទាំងអស់ដែលព្រះអម្ចាស់ធ្លាប់បានផ្ដល់ដល់ប្រជាជនជម្រើសពីបុរាណរបស់ទ្រង់ ។ … វារួមមានការជឿតាមដំណឹងល្អ ការចូលរួមក្នុងសាសនាចក្រ និងការមកក្នុងនគរ ។ … វាក៏អាចមានការប្រជុំនៅកន្លែងជម្រើសមួយ ឬដែនដីនៃការថ្វាយបង្គំ » ( A New Witness for the Articles of Faith [ ឆ្នាំ ១៩៨៥ ] ទំព័រ ៥១៥ ។
-
យោងតាមអែលឌើរ ម៉ាក់ខន់ឃី តើមនុស្សម្នាក់ត្រូវតែធ្វើអ្វី ដើម្បីត្រូវបានប្រមូលផ្ដុំជាមួយនឹងវង្សអ៊ីស្រាអែល ?
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិត ពីរបៀបដែលខ្លួនពួកគេផ្ទាល់ត្រូវបានប្រមូលផ្ដុំឲ្យចូលក្នុងវង្សអ៊ីស្រាអែល ពេលពួកគេជឿលើព្រះអង្គសង្គ្រោះ ប្រែចិត្ត ហើយមកកាន់ទ្រង់ ) ។
នីហ្វៃទី១ ១៥:១២-១៦, ២២:៨-១២
នៅថ្ងៃចុងក្រោយ សមាជិកនៃសាសនាចក្រនឹងនាំដំណឹងល្អទៅកាន់ក្រុមគ្រួសារទាំងឡាយនៅលើផែនដី ។
សូមរំឭកសិស្សថា លីហៃបានប្រើការប្រៀបធៀបនៃដើមអូលីវ ដើម្បីបង្រៀនគ្រួសារលោកអំពីការខ្ចាត់ខ្ចាយ និងការប្រមូលផ្ដុំនៃសាសន៍អ៊ីស្រាអែល ( សូមមើល នីហ្វៃទី១ ១០:១២-១៤ ) ។ លេមិន និងលេមយួល បានប្រាប់នីហ្វៃថា ពួកគេពុំអាចយល់ពីអត្ថន័យនៃការបង្រៀនរបស់ឪពុកគេទេ ( សូមមើល នីហ្វៃទី១ ១៥:៧ ) ។
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យប្ដូរវេនគ្នាអាន នីហ្វៃទី១ ១៥:១២–១៦ ឮៗ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យរកមើលអ្វីដែលអាចរៀនពីការពន្យល់របស់នីហ្វៃអំពីវង្សអ៊ីស្រាអែល ។
-
តើការប្រៀបធៀបនៃដើមអូលីវ ជួយឲ្យយើងយល់អំពីការខ្ចាត់ខ្ចាយ និងការប្រមូលផ្ដុំនៃសាសន៍អ៊ីស្រាអែល យ៉ាងដូចម្ដេចដែរ ?
-
យោងតាម ខ ១៣ តើនរណានឹងយកភាពពោរពេញនៃដំណឹងល្អទៅដល់សំណល់នៃពូជពង្សរបស់លីហៃ ? ( ពួកសាសន៍ដទៃ ជាអ្នកដែលទទួលភាពពោរពេញនៃដំណឹងល្អ ) ។
សូមពន្យល់ទៅសិស្សថា នៅក្នុងព្រះគម្ពីរមរមន ពាក្យថា ពួកសាសន៍ដទៃ ជាធម្មតា គឺពោលសំដៅដល់មនុស្សដែលមិនមែនជាពូជពង្សរបស់ពួកយូដា ឬមកពីដែនដីយូដា ។ ព្រះគម្ពីរមរមនមាននូវការព្យាករទាំងឡាយ ដែលថា នៅក្នុងថ្ងៃចុងក្រោយពួកសាសន៍ដទៃមួយចំនួននឹងទទួលបាននូវភាពពោរពេញនៃដំណឹងល្អ ( សូមមើល នីហ្វៃទី១ ១៥:១៣ ) ហើយក្លាយជាសមាជិកនៃសាសនាចក្ររបស់ព្រះគ្រីស្ទ ។ ពួកព្យាការីក្នុងព្រះគម្ពីរមរមនបង្រៀនថា ពួកសាសន៍ដទៃទាំងនេះ នឹងមានទំនួលខុសត្រូវដើម្បីនាំដំណឹងល្អទៅកាន់មនុស្សទាំងអស់នៅលើផែនដី ។
ដើម្បីជួយសិស្សឲ្យយល់ពីនិយមន័យនៃពាក្យ ពួកសាសន៍ដទៃ សូមបង្ហាញ ហើយអានការពន្យល់ខាងក្រោមដោយអែលឌើរ ប្រ៊ូស អរ ម៉ាក់ខន់ឃី ៖
« យើងបានស្គាល់ពួកយូដាតាំងពីមុនមក ថាជា [ ពួកអ្នកដែលរស់នៅក្នុង ] នគរយូដា ហើយជាកូនចៅជាប់ពូជពង្សរបស់ពួកគេ ។ … ហើយយើងបាននិយាយ ដោយប្រើប្រាស់វាក្យសព្ទទាំងនេះថា អ្នកទាំងអស់ផ្សេងទៀតគឺជាពួកសាសន៍ដទៃ រួមទាំងសំណល់នៃនគរអ៊ីស្រាអែលដែលបាត់បង់ និងខ្ចាត់ខ្ចាយផងដែរ ។ … យ៉ូសែប ស្ម៊ីធ ដែលជាពូជអំបូរអេប្រាអិម … គឺជាសាសន៍ដទៃ ដែលតាមរយៈលោក ទើបព្រះគម្ពីរមរមនបានមាននៅសព្វថ្ងៃនេះ ហើយសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ … គឺជាសាសន៍ដទៃ ដែលនាំយកនូវសេចក្ដីសង្គ្រោះទៅដល់សាសន៍លេមិន និងទៅដល់សាសន៍យូដា » ( The Millennial Messiah [ ឆ្នាំ ១៩៨២ ] ទំព័រ ២៣៣ ) ។
សូមសិស្សពីរបីនាក់ឲ្យប្ដូរវេនគ្នាអានចេញពីនីហ្វៃទី១ ២២:៨-១២ ខណៈសិស្សក្នុងថ្នាក់រកមើលមនុស្សទាំងឡាយដែលនឹងទទួលបានពរជ័យ ហើយត្រូវបានបីបាច់ដោយពួកសាសន៍ដទៃ ( សមាជិកសាសនាចក្រ ) នៅក្នុងថ្ងៃចុងក្រោយ ។ ពេលសិស្សអាន វាអាចមានប្រយោជន៍ដែលពន្យល់ថា ឃ្លា « លាតព្រះពាហុ នៅភ្នែកនៃគ្រប់ទាំងសាសន៍ » នៅក្នុង ខ ១០–១១ សំដៅដល់ព្រះអម្ចាស់បង្ហាញពីព្រះចេស្ដារបស់ទ្រង់ដែលមានទូទាំងពិភពលោក ។
-
តើនរណានឹងទទួលបានពរជ័យ និងត្រូវបានបីបាច់ដោយពួកសាសន៍ដទៃនៅថ្ងៃចុងក្រោយ ? ( កូនចៅរបស់លីហៃ វង្សអ៊ីស្រាអែលទាំងអស់ និង « អស់ទាំងពូជមនុស្សនៅលើផែនដី » ) ។
-
យោងតាម ខ ៩-១១ តើព្រះអម្ចាស់នឹងប្រទានពរដល់ « ពូជមនុស្ស » ( ក្រុមគ្រួសារ ) នៅលើផែនដីនៅក្នុងថ្ងៃចុងក្រោយ យ៉ាងដូចម្ដេចដែរ ? ( សូមជួយសិស្សឲ្យរកឃើញសេចក្ដីពិតដូចតទៅនេះ ៖ នៅក្នុងថ្ងៃចុងក្រោយ ព្រះអម្ចាស់នឹងធ្វើការតាមរយៈសមាជិកនៃសាសនាចក្ររបស់ទ្រង់ ដើម្បីប្រទានពរដល់ក្រុមគ្រួសារទាំងឡាយនៅលើផែនដី ជាមួយនឹងដំណឹងល្អ និងសេចក្ដីសញ្ញារបស់ទ្រង់ ) ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន រ័សុល អិម ណិលសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« ទំនួលខុសត្រូវរបស់យើង គឺជួយបំពេញសេចក្ដីសញ្ញាអ័ប្រាហាំ ។ កូនចៅរបស់យើងត្រូវបានតែងតាំងពីមុនកំណើតលោកិយមក ហើយត្រូវបានរៀបចំដើម្បីផ្ដល់ពរជ័យដល់មនុស្សទាំងអស់នៅលើផែនដីនេះ ។ … បន្ទាប់ពី ៤០០០ ឆ្នាំ នៃការគិតទុកជាមុន និងការរៀបចំ នេះហើយជាជំនាន់ដែលត្រូវបានចាត់តាំង ជាពេលដែលដំណឹងល្អត្រូវបានប្រគល់ឲ្យពូជមនុស្សទាំងឡាយនៅលើផែនដី ។ នេះគឺជាពេលនៃការប្រមូលផ្ដុំសាសន៍អ៊ីស្រាអែលដែលបានសន្យានោះ ? ហើយយើងមានឱកាសចូលរួម ! តើនោះមិនគួរឲ្យរំភើបទេឬអី ? ព្រះអម្ចាស់កំពុងរំពឹងលើយើង និងកូនប្រុសយើង—ហើយទ្រង់កំពុងមានអំណរគុណយ៉ាងជ្រាលជ្រៅដល់កូនស្រីយើង—ដែលបម្រើបេសកកម្មដោយសក្ដិសម ជាអ្នកផ្សព្វផ្សាយសាសនា នៅក្នុងជំនាន់ដ៏អស្ចារ្យនៃការប្រមូលផ្ដុំសាសន៍អ៊ីស្រាអែលនេះ » ( «Covenants» Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៨៨ ) ។
-
តើអ្នកគិតថា ពួកអ្នកដែលត្រូវបានប្រមូលផ្ដុំ ( អ្នកប្រែចិត្តជឿ ) នឹងមានអារម្មណ៍យ៉ាងណា អំពីអ្នកដែលបានប្រមូលផ្ដុំពួកគេ ( អ្នកដែលបានចែកចាយដំណឹងល្អជាមួយនឹងពួកគេ ) ?
-
តើមានរបៀបណាខ្លះ ដែលយើងអាចចូលរួមក្នុងកិច្ចការរបស់ព្រះ ដោយការចែកចាយដំណឹងល្អជាមួយនឹងក្រុមគ្រួសារទាំងឡាយនៅលើផែនដីនោះ ?
នីហ្វៃទី៣ ១៦:៤–៥, ២១:១–៧
តួនាទីនៃព្រះគម្ពីរមរមន នៅក្នុងការប្រមូលផ្ដុំសាសន៍អ៊ីស្រាអែល
សូមអញ្ជើញសិស្សឲ្យអាន នីហ្វៃទី៣ ២១:១-៧ ដោយស្ងៀមស្ងាត់ ហើយរកមើលទីសម្គាល់ដែលបង្ហាញពីការចាប់ផ្ដើមនៃការប្រមូលផ្ដុំពួកអ៊ីស្រាអែលនៅថ្ងៃចុងក្រោយ ។
-
ព្រះអង្គសង្គ្រោះបានមានព្រះបន្ទូលអំពី « ការណ៍ទាំងនេះ ដែលយើងបានប្រកាសដល់អ្នករាល់គ្នា » ( ខ ២ ) ។ តើព្រះបន្ទូលរបស់ទ្រង់ទៅកាន់ ពួកសាសន៍នីហ្វៃ មានកត់ត្រានៅទីណា ? ( នៅក្នុងព្រះគម្ពីរមរមន ) ។
-
តើអ្វីជាទីសម្គាល់ដែលបង្ហាញពីការចាប់ផ្ដើមនៃការប្រមូលផ្ដុំពួកអ៊ីស្រាអែលនៅថ្ងៃចុងក្រោយ ? ( សិស្សគួររកឃើញសេចក្ដីពិតដូចតទៅនេះ ៖ ការលេចចេញមកនៃព្រះគម្ពីរមរមន ជាទីសម្គាល់មួយថា ព្រះកំពុងតែបំពេញសេចក្ដីសញ្ញារបស់ទ្រង់ក្នុងការប្រមូលផ្ដុំពួកអ៊ីស្រាអែលនៅថ្ងៃចុងក្រោយ ) ។
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី៣ ១៦:៤-៥ ឮៗ ហើយអញ្ជើញសិស្សក្នុងថ្នាក់ឲ្យរកមើលឥទ្ធិពលទាំងឡាយរបស់ព្រះគម្ពីរមរមន និងរបស់សារលិខិតនៃដំណឹងល្អ នៅថ្ងៃចុងក្រោយ ។
-
តើព្រះគម្ពីរមរមនជួយធ្វើឲ្យការប្រមូលរាស្ត្ររបស់ព្រះនៅក្នុងថ្ងៃចុងក្រោយកើតឡើងយ៉ាងដូចម្ដេចដែរ ? ( សេចក្ដីពិតមួយ ដែលសិស្សអាចរកឃើញ គឺដូចតទៅនេះ ៖ ព្រះគម្ពីរមរមនជួយនាំមនុស្សឲ្យមានការចេះដឹងពីព្រះអង្គប្រោសលោះ ដើម្បីពួកគេអាចត្រូវបានប្រមូលទៅកាន់ទ្រង់ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្តីថ្លែងការណ៍ដូចខាងក្រោមដោយប្រធាន រ័សុល អិម ណិលសុន ឮៗ ៖ សូមឲ្យសិស្សស្ដាប់មើលពីតួនាទីនៃព្រះគម្ពីរមរមន នៅក្នុងការប្រមូលផ្ដុំសាសន៍អ៊ីស្រាអែល ។
« ការលេចមកនៃព្រះគម្ពីរមរមនគឺជាទីសម្គាល់មួយទៅកាន់ពិភពលោកទាំងមូលថា ព្រះអម្ចាស់បានចាប់ផ្ដើមប្រមូលសាសន៍អ៊ីស្រាអែល ហើយបំពេញតាមសេចក្ដីសញ្ញាដែលទ្រង់បានធ្វើនឹងអ័ប្រាហាំ អ៊ីសាក និង យ៉ាកុប ។ យើងមិនគ្រាន់តែបង្រៀនពីគោលលទ្ធិនេះប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ចូលរួមចំណែកនៅក្នុងកិច្ចការនេះដែរ ។ យើងធ្វើដូច្នេះ នៅពេលយើងជួយប្រមូលអ្នករើសតាំងរបស់ព្រះអម្ចាស់នៅផ្នែកទាំងសង្ខាងនៃវាំងនន ។
« ព្រះគម្ពីរមរមនគឺជាចំណុចសំខាន់នៃកិច្ចការនេះ ។ វាប្រកាសពីគោលលទ្ធិនៃការប្រមូលផ្ដុំ ។ វាធ្វើឲ្យមនុស្សរៀនពីព្រះយេស៊ូវគ្រីស្ទ ជឿលើដំណឹងល្អទ្រង់ ហើយចូលរួមនឹងសាសនាចក្រទ្រង់ ។ តាមពិតទៅ ប្រសិនបើមិនមានព្រះគម្ពីរមរមនទេ ការប្រមូលផ្ដុំសាសន៏អ៊ីស្រាអែលដែលបានសន្យានោះ ក៏មិនបានកើតឡើងដែរ » ( «The Gathering of Scattered Israel» Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៨០ ) ។
សូមឲ្យសិស្សចែកចាយបទពិសោធន៍ណាក៏ដោយ ដែលពួកគេមាន ជាមួយនឹងការមើលឃើញថាព្រះគម្ពីរមរមនជួយអ្នកផ្សេងទៀតឲ្យរៀនអំពីព្រះយេស៊ូវគ្រីស្ទ និងត្រូវបានប្រមូលមកកាន់សាសនាចក្ររបស់ទ្រង់ ។
សូមជំរុញសិស្សឲ្យជួយនៅក្នុងដំណើរការនៃការប្រមូលផ្ដុំសាសន៍អ៊ីស្រាអែល ដោយការចែកចាយព្រះគម្ពីរមរមនជាមួយនរណាម្នាក់ដែលមិនមានជំនឿដូចជាយើង ។
ការអានរបស់សិស្ស
-
នីហ្វៃទី១ ១៥:១២–១៦, ២២:៣–៥, ៨–១២, នីហ្វៃទី២ ២៥:១៥–១៧, នីហ្វៃទី៣ ៥:២៤–២៦, ១៦:៤–៥, ២០:១៣, ២៩–៣១, ២១:១–៧, ៣០:២ ។
-
រ័សុល អិម ណិលសុន «The Gathering of Scattered Israel» Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៧៩–៨២ ។