ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៣ ៖ សេចក្ដី​សញ្ញា​បុណ្យ​ជ្រមុជ​ទឹក ថ្ងៃឈប់​សម្រាក និង​ពិធីសាក្រាម៉ង់


មេរៀន​ទី ១៣

សេចក្ដី​សញ្ញា​បុណ្យ​ជ្រមុជ​ទឹក ថ្ងៃឈប់​សម្រាក និង​សាក្រាម៉ង់

សេចក្ដីផ្ដើម

តាមរយៈ​ពិធីបរិសុទ្ធ​នៃ​បុណ្យជ្រមុជ​ទឹក អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ​ធ្វើ​សេចក្ដី​សញ្ញា​ថា យក​ព្រះនាម​ទ្រង់​ដាក់​លើ​ខ្លួន​ពួកគេ ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​រៀន​ថា ព្រះគម្ពីរ​មរមន​បង្រៀន​ថា សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ ត្រូវ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ឈប់សម្រាក ហើយ​រីករាយ​នឹង​ឯកសិទ្ធិ​ដ៏​ពិសិដ្ឋ​នៃ​ការទទួលទាន​សាក្រាម៉ង់ ។ នៅពេល​យើង​ទទួលទាន​សាក្រាម៉ង់ យើង​រំឭក​ពី​សេចក្ដី​សញ្ញា​បុណ្យ​ជ្រមុជទឹក​របស់​យើង ហើយ​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​គង់​នៅ​ជាមួយនឹង​យើង ។

ការអាន​ពី​សាវតា

  • អិល ថម ភែរី « The Sabbath and the Sacrament » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៦-៩ ។

  • រ័សុល អិម ណិលសុន « The Sabbath Is a Delight » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១២៩–៣២ ។

  • ដាល្លិន អេក អូក « Sacrament Meeting and the Sacrament » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ១៧–២០ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ូសាយ ១៨:៨-១០, ២៥:២៣-២៤

លើកដាក់​មកលើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះគ្រីស្ទ

សូម​ឲ្យ​សិស្ស​ពីរបី​នាក់ ពិពណ៌នា​ពី​អ្វី​មួយ​ដែល​ពោរពេញ​ដោយ​អត្ថន័យ ដែល​ពួកគេ​ចងចាំ​អំពី​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ពួកគេ—ឧទាហរណ៍ ការធ្វើ​ពិធីបុណ្យ​ជ្រមុជ​ទឹក ពិធី​បរិសុទ្ធ​នៃ​ពិធី​នេះ​ផ្ទាល់ ឬ​គំនិត និង​អារម្មណ៍​ទាំងឡាយ​ដែល​ពួកគេ​បាន​មាន ។ បន្ទាប់មក សូម​ផ្ដល់​ពេល​ដល់​សិស្ស​មួយ​ភ្លែត​ឲ្យ​សញ្ជឹងគិត​ថាតើ​ពួកគេ​មាន​អារម្មណ៍​ថា ពួកគេ​បាន​រក្សា​សេចក្ដី​សញ្ញា​បុណ្យ​ជ្រមុជទឹក​របស់​ពួកគេ​បាន​ល្អ​ប៉ុណ្ណា​ដែរ ។

សូម​រំឭក​សិស្ស​ថា អាលម៉ា​បាន​បង្រៀន​អំពី​សេចក្ដី​សញ្ញា​នៃ​បុណ្យ​ជ្រមុជទឹក​នៅឯ​ទឹក​មរមន ហើយ​បន្ទាប់​មក​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ ១៨:៨-១០ ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ដោយ​រកមើល​នូវ​អ្វី​ដែល​យើង​ធ្វើ​សេចក្ដី​សញ្ញា​ថា​នឹង​ធ្វើ ពេល​យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

សូម​សរសេរ​ឃ្លា​ដូច​តទៅ​នេះ នៅលើ​ក្ដារខៀន ៖

ពេល​យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក យើង​ធ្វើ​សេចក្ដី​សញ្ញា​ថា​នឹង …

  • តើ​យើង​ចុះ​សេចក្ដី​សញ្ញា​ថា​ធ្វើ​អ្វី​ខ្លះ នៅពេល​យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក ? ( នៅពេល​សិស្ស​ឆ្លើយតប សូម​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្ដារខៀន ដើម្បី​បំពេញ​សេចក្ដី​ថ្លែង​ខាង​គោលលទ្ធិ​នេះ ៖ នៅពេល​យើង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក យើង​ធ្វើ​សេចក្តី​សញ្ញា​ថា លើក​បន្ទុក​គ្នា​ទៅវិញ​ទៅ​មក ឈរជា​សាក្សី​ដល់​ព្រះ បម្រើ​ទ្រង់ ហើយ​កាន់​តាម​ព្រះបញ្ញត្តិ​ទំាងឡាយ​របស់​ទ្រង់ ) ។

សូម​ជួយ​សិស្ស​ឲ្យ​យល់​ពី​បរិបទ​នៃ​វគ្គ​បទគម្ពីរ​បន្ទាប់​នេះ ដោយ​ពន្យល់​ថា បន្ទាប់​ពី​អាលម៉ា និង​ប្រជាជន​របស់​លោក​បាន​ចូលរួម​ជាមួយ​នឹង​ពួកអ្នកជឿ​នៅ​ទីក្រុង​សារ៉ាហិមឡា អាលម៉ា​បាន​ស្ថាបនា​ក្រុមជំនុំ​នៃ​ពួកអ្នកជឿ​ជាច្រើន ។ សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ប្ដូរ​វេន​គ្នា​អាន ម៉ូសាយ ២៥:២៣-២៤ ឮៗ ហើយ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​ការយល់ដឹង​បន្ថែម​ទៅក្នុង​សេចក្ដី​សញ្ញា​បុណ្យ​ជ្រមុជទឹក ។ ក្រោយពី​សិស្ស​ពិភាក្សា​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ហើយ សូម​សួរ ៖

  • តើ​ប្រជាជន​ទាំងនេះ​ត្រូវបាន​ប្រទានពរ ជា​លទ្ធផល​នៃ​ការជ្រមុជទឹក និង​ការចូលរួម​ក្នុង​សាសនាចក្រ​នៃ​ព្រះ​ដោយ​របៀបណា ? ( សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​គោលការណ៍​ដូច​តទៅ​នេះ ៖ នៅពេល​យើង​យក​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ មកដាក់​លើ​ខ្លួន​យើង ហើយ​រស់នៅ​ស្របតាម​ព្រះនាម​នោះ ព្រះអម្ចាស់​នឹង​ចាក់​ព្រះវិញ្ញាណ​របស់​ទ្រង់​មកលើ​យើង ) ។

  • ពេល​អ្នក​បាន​រស់នៅ​ស្រប​តាម​សេចក្ដី​សញ្ញា​បុណ្យ​ជ្រមុជទឹក​របស់​អ្នក តើ​ជីវិត​របស់​អ្នក​បាន​ទទួល​ឥទ្ធិពល​យ៉ាង​ណា ដោយ​ការមាន​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ចាក់​ស្រោច​មក​លើ​អ្នក ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត​ពី​របៀប​ដែល​សេចក្ដី​សញ្ញា​បុណ្យ​ជ្រមុជទឹក​របស់​ពួកគេ អាច​ពង្រឹង​ការតាំងចិត្ត​របស់​ពួកគេ​ដើម្បី​ធ្វើ​ជា​អ្នក​ដើរតាម​ម្នាក់​របស់​ព្រះយេស៊ូវគ្រីស្ទ នៅក្នុង​ការសម្រេចចិត្ត និង​សកម្មភាព​ទាំងឡាយ​របស់​ពួកគេ ។

និក្ខមនំ ៣១:១៣, ១៦–១៧, ម៉ូសាយ ១៨:១៧, ២៣–២៥, មរ៉ូណៃ ៦:៤–៦

ការថ្វាយ​បង្គំ​នៅ​ថ្ងៃឈប់​សម្រាក

សូម​ពន្យល់​ថា ព្រះគម្ពីរ​មរមន​បង្ហាញ​ពី​របៀប​មួយ​ចំនួន​ដែល​សមាជិក​សាសនាចក្រ​នៃ​ព្រះគ្រីស្ទ ត្រូវ​រក្សា​សេចក្ដី​សញ្ញា​បុណ្យ​ជ្រមុជ​ទឹក ។

សូម​ឲ្យ​សិស្ស​ពាក់កណ្ដាល​ថ្នាក់​សិក្សា ម៉ូសាយ ១៨:១៧, ២៣–២៥ ខណៈ​សិស្ស​ពាក់កណ្ដាល​ថ្នាក់​ទៀត​សិក្សា មរ៉ូណៃ ៦:៤-៦ ។ សូម​ផ្ដល់​យោបល់​ឲ្យ​សិស្ស​គូសចំណាំ​ពាក្យ ឬ​ឃ្លា​នានា​ដែល​ពិពណ៌នា​អំពី​ការអនុវត្ត​ការថ្វាយបង្គំ​ដែល​ប្រតិបត្តិ​ឡើង​ដោយ​ពួកអ្នក​ដើរតាម​ព្រះគ្រីស្ទ ។ បន្ទាប់មក សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​អ្វី​ខ្លះ​ជា​មូលហេតុ​មួយ​ចំនួន ដែល​សមាជិក​បាន​ប្រមូលផ្ដុំ​គ្នា​ជាញឹកញាប់ ? ( សិស្ស​គួរ​រកឃើញ​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ ពេល​យើង​ក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ យើង​ត្រូវបាន​បញ្ជា​ឲ្យ​ប្រតិបត្តិ​ថ្ងៃ​ឈប់សម្រាក ហើយ​រក្សា​វា​ឲ្យ​បរិសុទ្ធ ។ ក្នុង​នាម​ជា​សាមជិក​សាសនាចក្រ យើង​ត្រូវ​ជួប​គ្នា​ជាញឹកញាប់ ដើម្បី​ទទួល​ការបីបាច់​ដោយ​ព្រះបន្ទូល​ដ៏​ល្អ​នៃ​ព្រះ តមអាហារ អធិស្ឋាន ពង្រឹងគ្នា​ទៅ​វិញ​ទៅមក និង​ទទួលទាន​សាក្រាម៉ង់ ) ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« មនុស្ស​ភាគច្រើន​បំផុត ពុំ​មក​ព្រះវិហារ​ដោយ​គ្រាន់តែ​រក​ការពិត​នៃ​ដំណឹងល្អ​ថ្មីៗ​មួយ​ចំនួន ឬ​ដើម្បី​មក​ជួប​មិត្ត​ចាស់​ប៉ុណ្ណោះ​ទេ តែទោះ​ជា​យ៉ាងណា​ក្តី ការណ៍​ទាំងអស់​នេះ​មាន​សារៈសំខាន់ ។ ពួកគេ​មករក​បទពិសោធន៍​ខាង​វិញ្ញាណ ។ ពួកគេ​ចង់​បាន​សេចក្ដី​សុខសាន្ត ។ ពួកគេ​ចង់​ឲ្យ​សេចក្ដី​ជំនឿ​របស់​គេ​បាន​រឹងប៉ឹង និង​ទទួល​បាន​សេចក្ដី​សង្ឃឹម​របស់​ពួកគេ​មកវិញ ។ និយាយ​ឲ្យ​ខ្លី​ទៅ ពួកគេ​ចង់​បាន​ការបីបាច់​ដោយ​ព្រះបន្ទូល​ដ៏​ល្អ​នៃ​ព្រះ ចង់​បាន​ការពង្រឹង​ដោយ​អំណាច​នៃ​ស្ថានសួគ៌ » ( « A Teacher Come from God » Ensign ខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ២៦ ) ។

  • តើ​ការប្រមូលផ្ដុំ​ជា​មួយនឹង​សមាជិក​ផ្សេងទៀត​នៃ​សាសនាចក្រ​នៅ​ថ្ងៃ​ឈប់សម្រាក ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​ថា « បាន​ការពង្រឹង​ដោយ​អំណាច​នៃ​ស្ថានសួគ៌ » ដោយ​របៀប​ណា ?

  • តើ​អ្នក​ធ្វើ​អ្វី​ខ្លះ​នៅ​ព្រះវិហារ ដើម្បី​ខិត​កាន់តែ​ជិត និង​ថ្វាយបង្គំ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ត្រឹមត្រូវ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់ ពី​មូលហេតុ​ដែល​សមាជិក​សាសនាចក្រ​ត្រូវបាន​បញ្ហា​ឲ្យ​ប្រតិបត្តិ​ថ្ងៃ​ឈប់សម្រាក និង​រក្សា​វា​ឲ្យ​បរិសុទ្ធ សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន និក្ខមនំ ៣១:១៣, ១៦-១៧ ហើយ​ធ្វើ​សេចក្ដី​យោង​វា​ជាមួយ​នឹង ម៉ូសាយ ១៨:២៣ ។

  • តើ​វា​មានន័យ​យ៉ាង​ណា​ដែល​ថា ថ្ងៃ​ឈប់សម្រាក​គឺ​ជា « ទីសម្គាល់ » រវាង​យើង និង​ព្រះអម្ចាស់​នោះ ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន រ័សុល អិម ណិលសុន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់ ៖

ប្រធាន រ័សុល អិម ណិលសុន

« តើ​យើង​ធ្វើ​ឲ្យ​ថ្ងៃឈប់​សម្រាក​ស័ក្ដិសិទ្ធិ​ដោយ​របៀបណា ? កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​សិក្សា​ពី​បញ្ជី​មួយ ដែល​គេ​ចុះ​អំពី​កិច្ចការ​ដែល​ត្រូវ​ធ្វើ និង​កិច្ចការ​ដែល​មិន​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ឈប់​សម្រាក ។ ក្រោយ​មក​ទើប​ខ្ញុំ​បាន​រៀន​ពី​ព្រះគម្ពីរ​ថា ការប្រព្រឹត្ត និង​អាកប្បកិរិយា​របស់​ខ្ញុំ​នៅ​ថ្ងៃ​ឈប់​សម្រាក គឺ​ជា​ទីសម្គាល់​រវាង​ខ្ញុំ និង​ព្រះវរបិតាសួគ៌​ខ្ញុំ ។ ដោយ​មាន​ការយល់ដឹង​បែប​នោះ ខ្ញុំ​ពុំ​ត្រូវការ​បញ្ជី​នៃ​កិច្ចការ​ដែល​ត្រូវ​ធ្វើ និង​មិន​ត្រូវ​ធ្វើ​ទៀត​ឡើយ ។ ពេល​ខ្ញុំ​សម្រេចចិត្ត​ថា​តើ​សកម្មភាព​ណា ដែល​សមស្រប​នៅ​ថ្ងៃ​ឈប់​សម្រាក ខ្ញុំ​គ្រាន់តែ​សួរ​ខ្លួន​ឯង​ថា ‹ តើ​ទីសម្គាល់​ណា​ដែល​ខ្ញុំ​ចង់​បង្ហាញ​ដល់​ព្រះ › ? សំណួរ​នោះ​បាន​ធ្វើ​ឲ្យ​ជម្រើស​របស់​ខ្ញុំ​អំពី​ថ្ងៃ​ឈប់​សម្រាក​ច្បាស់​ដូច​ជា​កែវ​គ្រីស្ទាល់ » ( « The Sabbath Is a Delight » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១៣០ ) ។

  • តើ​ការសួរ​ខ្លួន​យើង​ថា « តើ​ទីសម្គាល់​ណា ដែល​ខ្ញុំ​ចង់​ថ្វាយ​ដល់​ព្រះ ? » ជួយ​យើង​ឲ្យ​ធ្វើ​ការជ្រើសរើស​កាន់តែ​ប្រសើរ​អំពី​អ្វី​ដែល​យើង​ធ្វើ​នៅ​ថ្ងៃ​ឈប់សម្រាក​យ៉ាង​ដូច​ម្ដេច​ដែរ ?

  • តើ​អ្នក​គិត​ថា កិច្ចខិតខំ​របស់អ្នក​ដើម្បី​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ​ជះ​ឥទ្ធិពល​ដល់​ថ្ងៃ​ផ្សេងៗ​ទៀត​នៅក្នុង​សប្ដាហ៍​នោះ​យ៉ាង​ដូច​ម្ដេច​ដែរ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ប៉ាន់ប្រមាណ​ពី​ការប្រឹងប្រែង​របស់​ខ្លួន ក្នុង​ការរក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ ។ សូម​ឲ្យ​ពួកគេ​ពិចារណា​ថា គំនិត និង​សកម្មភាព​ទាំងឡាយ​របស់​ពួកគេ​បង្ហាញ​ពី​ការថ្វាយបង្គំ​ដ៏​ស្មោះត្រង់​ចំពោះ​ព្រះវរបិតា​នៅ​ថ្ងៃ​នោះ​ដែរ​ឬ​ទេ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ដាក់​គោលដៅ​ជាក់លាក់​មួយ ដើម្បី​ធ្វើ​ឲ្យ​ការថ្វាយបង្គំ​ថ្ងៃ​ឈប់សម្រាក​របស់​ពួកគេ​កាន់តែ​ប្រសើរ​ឡើង ។

នីហ្វៃទី៣ ១៨:១–១១, ២០:៣–៩, មរ៉ូណៃ ៤:៣, ៥:២

ការទទួលទាន​សាក្រាម៉ង់

នៅលើ​ក្ដារខៀន សូម​សរសេរ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ អិល ថម ភែរី ( ឆ្នាំ ១៩២២-២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ( ចេញពី « As Now We Take the Sacrament » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ៣៩ ) ៖

« ការទទួល​ទាន​សាក្រាម៉ង់ ផ្ដល់​ដល់​យើង​នូវ​ពេលវេលា​ដ៏​ពិសិដ្ឋ​មួយ​នៅក្នុង​កន្លែង​ដ៏​បរិសុទ្ធ​មួយ » ។ ( អែលឌើរ អិល ថម ភែរី )

  • តើ​គំនិត​នេះ​ដែល​ថា « ពេលវេលា​ដ៏​ពិសិដ្ឋ​មួយ » និង « កន្លែង​ដ៏​បរិសុទ្ធ​មួយ » ជះឥទ្ធិពល​ដល់​គំនិត និង​សកម្មភាព​របស់​យើង​យ៉ាង​ដូច​ម្ដេច ពេល​យើង​ទទួលទាន​សាក្រាម៉ង់ ?

សូម​រំឭក​សិស្ស​ថា ព្រះយេស៊ូវគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើងវិញ​បាន​តាំង​ពិធី​សាក្រាម៉ង់​ឡើង នៅពេល​ទ្រង់​យាង​ទៅ​ជួប​នឹង​ពួកសាសន៍​នីហ្វៃ​នៅ​ដែនដី​បរិបូរ ។ សូម​អញ្ជើញ​សិស្ស​បួនប្រាំ​នាក់​ឲ្យ​ប្ដូរ​វេន​គ្នា​អាន នីហ្វៃទី៣ ១៨:១–១១ ឮៗ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​អំពី​គោលបំណង​នៃ​ពិធី​សាក្រាម៉ង់ ។

  • តើ​គោលការណ៍​មួយ​ណា ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន អំពី​គោលបំណង​នៃ​ពីធី​សាក្រាម៉ង់ ? ( ពេល​សិស្ស​ឆ្លើយ សូម​សរសេរ​គោលការណ៍​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ ពេល​យើង​ទទួលទាន​សាក្រាម៉ង់ ហើយ​ចងចាំ​ព្រះយេស៊ូវគ្រីស្ទ​ជានិច្ច នោះ​យើង​នឹង​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​យើង ) ។

  • តើ​អ្នក​ធ្វើ​អ្វី​ខ្លះ ដើម្បី​ចងចាំ​ដល់​ព្រះអង្គ​សង្គ្រោះ ខណៈ​ទទួលទាន​សាក្រាម៉ង់ និង​អំឡុង​ពេល​ដែល​នៅ​សល់​នៅក្នុង​សប្ដាហ៍​នោះ ?

សូម​រំឭក​សិស្ស​ថា មរ៉ូណៃ​បាន​កត់ត្រា​ពាក្យ​សម្ដី​ដែល​អ្នក​ដើរតាម​ព្រះគ្រីស្ទ​បាន​ប្រើប្រាស់​ពេល​ប្រសិទ្ធិពរ​ដល់​សាក្រាម៉ង់ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​មើល​ការអធិស្ឋាន​សាក្រាម៉ង់​ដែលមាន​នៅក្នុង មរ៉ូណៃ ៤:៣ និង ៥:២ ហើយ​គូសបន្ទាត់​ពីក្រោម​ឃ្លា​ទាំងឡាយ​ដែល​ទាក់ទង​ទៅនឹង​គោលការណ៍​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន ។

  • តើ​វា​អាច​នឹង​មាន​លទ្ធផល​យ៉ាងណា បើ​យើង​មិន​បាន « ចងចាំ​ដល់​ទ្រង់​ជានិច្ច » នោះ ? ( មរ៉ូណៃ ៤:៣, ៥:២ ) ។

សូម​រំឭក​សិស្ស​ថា ពេល​ព្រះយេស៊ូវគ្រីស្ទ​យាង​ទៅ​ជួប​នឹង​ពួកសាសន៍​នីហ្វៃ បន្ទាប់ពី​ទ្រង់​បានតាំង​ពិធី​សាក្រាម៉ង់​ឡើង​ថ្ងៃ​នោះ ទ្រង់​បានធ្វើ​ពិធីបរិសុទ្ធ​នោះ​ម្ដងទៀត​ដល់​ពួកគេ ។ សូម​អញ្ជើញឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​ពី នីហ្វៃទី៣ ២០:៣-៩ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​នូវពរជ័យ​បន្ថែម​ទៀត​ដែល​អាច​កើត​មាន​ពី​ការទទួលទាន​សាក្រាម៉ង់ ។

  • តើ​វា​មានន័យ​យ៉ាង​ណា ដែល​ព្រលឹង​របស់​យើង « នឹង​ពុំ​ចេះ​ស្រេក​ឃ្លាន​ឡើយ តែ​បាន​ឆ្អែត​ជានិច្ច » ?

  • តើ​តាម​របៀប​ណា​ខ្លះ ដែល​ការទទួលទាន​សាក្រាម៉ង់​បំពេញ​ភាព​ស្រេក​ឃ្លាន​ខាង​វិញ្ញាណ​របស់​អ្នក​នោះ ?

  • តើ​ការទទួលទាន​សាក្រាម៉ង់​ដោយ​ការបន្ទាបខ្លួន និង​ការដឹងគុណ ជួយ​យើង​ឲ្យ​កាន់តែ​ចងចាំ​ដល់​ព្រះអង្គ​សង្គ្រោះ អំឡុង​ពេល​ដែល​នៅ​សល់​នៅក្នុង​សប្ដាហ៍​នោះ​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អាកប្បកិរិយា​របស់​ខ្លួន នៅ​អំឡុង​ការបម្រើ​សាក្រាម៉ង់ ខណៈ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

អែលឌើរ ដាល្លិន អេក អូក

« នៅ​អំឡុង​ការប្រជុំ​សាក្រាម៉ង់—ហើយ​ជាពិសេស​អំឡុង​ការបម្រើ​សាក្រាម៉ង់—យើង​គប្បី​សញ្ជឹងគិត​លើ​ការថ្វាយបង្គំ ហើយ​ទប់​អារម្មណ៍​ពី​អស់​ទាំង​សកម្មភាព​ផ្សេងៗ​ទៀត ជាពិសេស​ពី​អាកប្បកិរិយា​ដែល​អាច​បង្អាក់​ដល់​ការថ្វាយបង្គំ​របស់​អ្នក​ផ្សេងទៀត ។ … ការប្រជុំ​សាក្រាម៉ង់​មិនមែន​ជា​ពេល​មួយ​សម្រាប់​អាន​សៀវភៅ ឬ​ទស្សនាវដ្ដី​នោះ​ទេ ។ យុវវ័យ​អើយ វា​មិនមែន​ជា​ពេល​មួយ​សម្រាប់​ខ្សឹប​ពី​ការសន្ទនា​តាម​ទូរសព្ទ​ ឬ​សម្រាប់​ផ្ញើ​សារ​ទៅ​មនុស្ស​ដែល​នៅ​ទីកន្លែង​ផ្សេងទៀត​នោះ​ទេ ។ ពេល​យើង​ទទួលទាន​សាក្រាម៉ង់ យើង​ធ្វើ​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ​មួយ​ថា យើង​នឹង​តែងតែ​ចងចាំ​ព្រះអង្គ​សង្គ្រោះ​ជានិច្ច ។ ឱ​គួរ​ឲ្យ​សោកស្ដាយ​ណាស់ ដែល​ឃើញ​មនុស្ស​បំពាន​សេចក្ដី​សញ្ញា​នោះ​យ៉ាង​ជាក់ស្ដែង នៅក្នុង​ការប្រជុំ​នោះ​តែ​ម្ដង ដែល​ជា​កន្លែង​ដែល​យើង​ធ្វើ​សេចក្ដី​សញ្ញា​នោះ » ( « Sacrament Meeting and the Sacrament » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ១៨–១៩ ) ។

ពេល​អ្នក​ពិចារណា​ពី​សេចក្ដី​ត្រូវការ​របស់​សិស្ស​អ្នក និង​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ អ្នក​អាច​អាន ម៉ាកុស ១៤:៣៧ ជាមួយ​ពួកគេ ហើយ​ចង្អុល​បង្ហាញ​ថា ការអនុវត្ត​មួយ​នៃ​ខគម្ពីរ​នេះ គឺ​យើង​ត្រូវ​ទុក​ការរំខាន​ទាំងអស់​មួយ​អន្លើរ ហើយ​ថ្វាយ​ដល់​ព្រះអម្ចាស់​នូវ​ការផ្ដោត​ទាំងស្រុង​របស់​យើង​រៀងរាល់​សប្ដាហ៍ ពេល​យើង​ថ្វាយបង្គំ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​មាន​បទពិសោធន៍​មួយ​ដែល​កាន់តែ​ពិសិដ្ឋ នៅពេល​ទទួលទាន​សាក្រាម៉ង់ ។ សូម​សួរ​បើ​ពួកគេ​ចង់​ចែកចាយ​ទីបន្ទាល់​មួយ​អំពី​សារៈសំខាន់​នៃ​ថ្ងៃ​ឈប់សម្រាក និង​ពិធី​សាក្រាម៉ង់ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​យើង​ឲ្យ​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់ នៅពេល​យើង​គោរព​សេចក្ដី​សញ្ញា​បុណ្យ​ជ្រមុជ​ទឹក​របស់​យើង ហើយ​ព្យាយាម​ចងចាំ​ដល់​ទ្រង់​ជានិច្ច ។

ការ​អាន​របស់​សិស្ស