ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១០ ៖ ការអធិស្ឋាន និង​វិវរណៈ


មេរៀន​ទី ១០

ការអធិស្ឋាន និង​វិវរណៈ

សេចក្ដីផ្ដើម

ការអធិស្ឋាន​គឺជា​ឯកសិទ្ធិ និង​ជា​ព្រះបញ្ញត្តិ​ដ៏​ពិសិដ្ឋ​មួយ ដែល​អនុញ្ញាត​ឲ្យ​យើង​ទាក់ទង​នឹង​ព្រះវរបិតាសួគ៌​ដ៏​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់ ។ ទ្រង់​ឮ ហើយ​ឆ្លើយ​តប​ការអធិស្ឋាន​របស់​យើង ។ អ្នក​ទាំងឡាយ​ដែល​ស្វែងរក​ការដឹកនាំ​របស់​ព្រះ​ដោយ​ឧស្សាហ៍​ព្យាយាម អាច​ត្រូវបាន​ប្រទាន​ពរ​ឲ្យ​មាន​វិវរណៈ​ផ្ទាល់​ខ្លួន ។ មេរៀន​នេះ​បង្ហាញ​ពី​គោលសំខាន់ៗ​ដែល​យើង​អាច​ធ្វើ ដើម្បី​ត្រៀម​ដួងចិត្ត និង​គំនិត​របស់​យើង ទទួល​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​យើង ។

ការអាន​ពី​សាវតា

  • ប៊យ ឃេ. ផាកកឺ « The Candle of the Lord » Ensign ខែ មករា ឆ្នាំ ១៩៨៣ ទំព័រ ៥១–៥៦ ។

  • រីឆាដ ជី ស្កត « How to Obtain Revelation and Inspiration for Your Personal Life » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៤៥–៤៧ ។

  • ដេវីឌ អេ បែដណា « The Spirit of Revelation » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៨៧–៩០ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី២ ៣២:៨–៩, នីហ្វៃទី៣ ១៤:៧–១១

ព្រះ​ឮ​ការអធិស្ឋាន​របស់​យើង

សូម​ឲ្យ​សិស្ស​សរសេរ​ពី​របៀប​មួយ​ចំនួន​ដែល​យើង​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ទាក់ទង​ជាមួយ​មនុស្ស​ដទៃ​ទៀត ។ សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្តារខៀន ។

  • ខណៈ​ដែល​បច្ចេកវិទ្យា​អនុញ្ញាត​ឲ្យ​យើង​ទាក់ទង​ស្ទើរតែ​ជាមួយ​មនុស្ស​គ្រប់គ្នា​ដែល​យើង​ជ្រើស​ទាក់ទង​បាន តែ​ហេតុអ្វី​ពេល​ខ្លះ​យើង​ឃើញ​ថា​វា​មាន​ការពិបាក​ដើម្បី​ទាក់ទង​ដោយ​មាន​ប្រសិទ្ធិភាព​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​របស់​យើង ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន នីហ្វៃទី៣ ១៤:៧–១១ ឮៗ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​អំពី​ព្រះឆន្ទៈ​របស់​ព្រះវរបិតាសួគ៌ ក្នុង​ការឆ្លើយតប​ការអធិស្ឋាន​របស់​យើង ។

  • តើ​គោលការណ៍​អ្វី ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន អំពី​ព្រះឆន្ទៈ​របស់​ព្រះវរបិតាសួគ៌ ក្នុង​ការឆ្លើយតប​ការអធិស្ឋាន​របស់​យើង ? ( ចម្លើយ​របស់​សិស្ស​គួរ​រួម​បញ្ចូល​គោលការណ៍​ដូច​តទៅនេះ ៖ ព្រះវរបិតាសួគ៌​ឮ ហើយ​ឆ្លើយតប​ដល់​យើង ពេល​យើង​ទូលសុំ ស្វែងរក ហើយ​គោះ ) ។

ដើម្បី​ជួយ​ឲ្យ​ការយល់​ដឹង​របស់​សិស្ស​កាន់តែ​ស៊ីជម្រៅ​អំពី​គោលការណ៍​នេះ សូម​ចែកចាយ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ( ឆ្នាំ ១៩២៩-២០០៧ ) នៃ​គណៈប្រធាន​ទីមួយ ៖

ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« គ្មាន​សិទ្ធិ​អំណាច​ណា​ក្នុង​លោក​នេះ ដែល​អាច​បំបែក​យើង​ចេញ​ពី​ទំនាក់ទំនង​ផ្ទាល់​ចំពោះ​ព្រះ​ដ៏​បង្កបង្កើត​របស់​យើង​បានឡើយ ។ នឹង​មិន​ដែល​មាន​គ្រឿង​ម៉ាស៊ីន ឬ​ខូច​ភ្លើង​ឡើយ នៅ​ពេល​យើង​អធិស្ឋាន ។ គ្មាន​កម្រិត​ចំនួន​ដង ឬ​រយៈ​ពេល​ដែល​យើង​អាច​អធិស្ឋាន​រៀង​រាល់​ថ្ងៃ​ឡើយ ។ គ្មាន​ដែនកំណត់​ថា តម្រូវការ​ច្រើន​ប៉ុណ្ណា​ដែល​យើង​ប្រាថ្នា​ចង់​អធិស្ឋាន​សុំ សម្រាប់​ការអធិស្ឋាន​នីមួយៗ​ឡើយ ។ យើង​មិន​ចាំ​បាច់​និយាយ​ជាមួយ​នឹង​លេខាធិការ ឬ​ធ្វើ​ការណាត់​ជួប​ដើម្បី​ចូល​ទៅ​បល្ល័ង្ក​នៃ​ព្រះគុណ​ឡើយ ។ យើង​អាច​និយាយ​ជាមួយ​នឹង​ទ្រង់​ពេល​ណា និង​ទីកន្លែង​ណា​ក៏​បាន​ដែរ » ( « The Lifeline of Prayer » Ensign ខែ ឧសភា ឆ្នាំ ២០០២ ទំព័រ ៥៩ ) ។

  • តើ​អ្វី​ដែល​អ្នក​អាច​នឹង​និយាយ ដើម្បី​ជួយ​ដល់​បុគ្គល​ទាំងឡាយ​ដែល​ពុំ​អធិស្ឋាន​ជា​ញឹកញាប់ ដោយសារ​ពួកគេ​ពុំ​ជឿ​ថា ព្រះ​ឮ ឬ​ឆ្លើយតប​ការអធិស្ឋាន​របស់​ពួកគេ ?

ចូរ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន នីហ្វៃទី២ ៣២:៨-៩ ឮៗ ហើយ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រក​មើល​អ្វី​ដែល​នីហ្វៃ​បាន​បង្រៀន​អំពី​ការអធិស្ឋាន ។ អ្នក​អាច​នឹង​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​អ្នក​គិត​ថា « អធិស្ឋាន​ជានិច្ច » មាន​ន័យ​យ៉ាង​ណា​ដែរ ?

  • តើ​គំរូ​អ្វី​ខ្លះ​ដែល​អ្នក​បាន​ឃើញ​ពី​នរណា​ម្នាក់​ដែល​អធិស្ឋាន​ជានិច្ច ? តើ​មនុស្ស​នេះ​បាន​ទទួល​ពរជ័យ​យ៉ាង​ណា ដោយសារ​តែ​ការអនុវត្ត​នេះ ?

  • តើ​វា​មានន័យ​យ៉ាង​ណា​សម្រាប់​អ្នក ដែល​ព្រះអម្ចាស់​នឹង « ញែក » កិច្ចប្រឹងប្រែង​របស់​អ្នក​សម្រាប់​សុខុមាលភាព​នៃ​ព្រលឹង​របស់​អ្នក ពេល​អ្នក​អធិស្ឋាន​សុំ​ជំនួយ​ពី​ទ្រង់ ? ( វា​អាច​នឹង​ជា​ប្រយោជន៍​ដើម្បី​ចង្អុល​បង្ហាញ​ថា ញែក​អ្វី​មួយ មានន័យ​ថា ឧទ្ទិស​វា​សម្រាប់​គោលបំណង​ពិសិដ្ឋ ឬ​ពិសេស​មួយ ឬ​ធ្វើ​ឲ្យ​វា​ទៅ​ជា​បរិសុទ្ធ ) ។

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​មាន​ភាពឧស្សាហ៍​ព្យាយាម​នៅក្នុង​ការអធិស្ឋាន​ជានិច្ច ។ សូម​អះអាង​ចំពោះ​ពួកគេ​ថា ព្រះវរបិតាសួគ៌​ពិតជា​ឮ​ការអធិស្ឋាន​របស់​ពួកគេ ហើយ​មាន​ព្រះទ័យ​ចង់​ប្រទានពរ​ដល់​ពួកគេ​ជា​ខ្លាំង ។

នីហ្វៃទី១ ១០:១៧–១៩, ១៥:១–៣, ៧–១១, យ៉ាកុប ៤:៦, អាលម៉ា ២៦:២២

អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ​ទាំងអស់​អាច​ទទួល​វិវរណៈ​ផ្ទាល់​ខ្លួន

សូម​ឲ្យ​សិស្ស​សរសេរ​ពី​សំណួរ និង​កាលៈទេសៈ​មួយ​ចំនួន​ដែល​យុវមជ្ឈិមវ័យ​អាច​នឹង​ប្រាថ្នា​ចង់​បាន​វិវរណៈ​ពី​ព្រះ ។

សូម​រំឭក​សិស្ស​ពី​សុបិន​របស់​លីហៃ​អំពី​ដើមឈើ​ជីវិត ហើយ​ចង្អុល​បង្ហាញ​ថា បន្ទាប់​ពី​នីហ្វៃ​បាន​ឮ​អំពី​សុបិន​ដ៏​បំផុស​គំនិត​នេះ​ហើយ លោក​បាន​ប្រាថ្នា​ចង់​រៀន​បន្ថែម​ទៀត​ពី​វា ។ សូម​អញ្ជើញ​សិស្ស​បីបួន​នាក់​ប្ដូរ​វេន​គ្នា​អាន នីហ្វៃទី១ ១០:១៧-១៩ ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​ខគម្ពីរ​ទាំងនេះ​បង្រៀន អំពី​វិវរណៈ រួម​ទាំង​នរណា​ដែល​មាន​សិទ្ធិ​ទទួល​វិវរណៈ ។

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វីខ្លះ​អំពី​វិវរណៈ​ផ្ទាល់​ខ្លួន ? ( សូម​ប្រាកដ​ថា សិស្ស​រកឃើញ​គោលលទ្ធិ​ដូច​តទៅ​នេះ ៖ ព្រះ​បើកសម្ដែង​សេចក្ដីពិត​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដល់​អ្នក​ទាំងឡាយ​ដែល​ស្វែង​ចង់​ដឹង​ដោយ​ឧស្សាហ៍​ព្យាយាម ) ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

អែលឌើរ ដាវីឌ អេ បែដណា

« [ វិញ្ញាណ​នៃ​វិវរណៈ ] គឺ​ពុំ​មែន​ត្រូវ​បាន​កម្រិត​ថា​មាន​ចំពោះ​តែ​អ្នក​មាន​សិទ្ធិអំណាច​ជា​អធិបតី​ក្នុង​សាសនាចក្រ​នោះទេ តែ​វា​ជា​កម្មសិទ្ធិ ហើយ​គួរ​តែ​ប្រតិបត្តិ​នៅក្នុង​ជីវិត​របស់​មនុស្ស​គ្រប់​រូប ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ដែល​ឈាន​ដល់​អាយុ​មាន​ការដឹង​ខុសត្រូវ ហើយ​ចូល​ក្នុង​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ​ទាំងឡាយ ។ បំណង​ប្រាថ្នា​ដ៏​ស្មោះ និង​ភាពសក្ដិសម អញ្ជើញ​វិញ្ញាណ​នៃ​វិវរណៈ​ចូល​ក្នុង​ជីវិត​យើង » ( « The Spirit of Revelation » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៨៧ ) ។

  • ហេតុអ្វី​ការយល់ដឹង​ពី​អែលឌើរ បែដណា លើក​ទឹកចិត្ត​ដល់​អ្នក ?

សូម​ពន្យល់​ថា ដោយសារ​តែ​បំណង​ប្រាថ្នា​របស់​នីហ្វៃ ភាពសក្ដិសម​របស់​លោក និង​សេចក្ដី​ជំនឿ​របស់​លោក នោះ​លោក​ក៏​ត្រូវបាន​បង្ហាញ​នូវ​ការនិមិត្ត​អំពី​ដើមឈើ​ជីវិត​ផងដែរ ( សូមមើល នីហ្វៃទី១ ១១–១៤ ) ។ សូម​ចង្អុល​បង្ហាញ​ផងដែរ​ថា ការឆ្លើយតប​របស់​លេមិន និង​លេមយួល​ចំពោះ​ការនិមិត្ត​របស់​ឪពុក​ពួកគេ គឺ​ខុសគ្នា​ពី​ការឆ្លើយតប​របស់​នីហ្វៃ ។ សូម​ឲ្យ​សិស្ស​ពីរនាក់​អាន នីហ្វៃទី១ ១៥:១-៣, ៧-៩ ឮៗ ហើយ​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម ហើយ​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​ខគម្ពីរ​ទាំងនេះ ។

  • តើ​អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​អ្នក​នៅក្នុង​ខ​គម្ពីរ​ទាំងនេះ ?

សូម​ឲ្យ​សិស្ស​ម្នាក់​ទៀត​អាន នីហ្វៃទី១ ១៥:១០-១១ ឮៗ ។ សូម​ពិចារណា​អំពី​ការចង្អុល​បង្ហាញ​ដល់​សិស្ស​ថា ខ ១១ គឺជា​ឧទាហរណ៍​អំពី​ឃ្លា « បើ-នោះ » នៅក្នុង​ព្រះគម្ពីរ ។ សូម​សរសេរ​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ហើយ​សួរ​សិស្ស​ថា តើ​ពួកគេ​នឹង​បំពេញ​ចន្លោះ​ទាំង​នេះ​ដោយ​របៀប​ណា ដោយ​ផ្អែកលើ​អ្វី​ដែល​ពួកគេ​បាន​អាន​នៅក្នុង ខ ១០–១១ ៖

បើ នោះ  ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​សេចក្ដី​យោង ខ ១១ ជាមួយ​នឹង អាលម៉ា ២៦:២២ ហើយ​បន្ទាប់​មក​សូម​សួរ ៖

  • តើ​អ្នក​អាច​នឹង​ប្រើប្រាស់​អ្វី​ដែល​បាន​បង្រៀន​នៅក្នុង នីហ្វៃទី១ ១៥:១០-១១ និង អាលម៉ា ២៦:២២ យ៉ាង​ដូច​ម្ដេច ដើម្បី​បង្រៀន​នរណា​ម្នាក់​ពី​របៀប​ស្វែងរក​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​គាត់ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន យ៉ាកុប ៤:៦ ឮៗ ហើយ​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រកមើល​នូវ​អ្វី​ដែល​ប្រជាជន​របស់​យ៉ាកុប​បាន​ធ្វើ បន្ថែម​លើ​ការសុំ​ដោយ​សេចក្ដី​ជំនឿ ដើម្បី​អញ្ជើញ​ឲ្យ​មាន​វិវរណៈ ។ អ្នក​អាច​ពន្យល់​ថា « ពិចារណា​មើល​សេចក្ដី​ព្យាករ​នៃ​ពួក​ព្យាការី » សំដៅ​ដល់​ការអាន​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី​នៅក្នុង​ព្រះគម្ពីរ ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​ការសិក្សា​ពាក្យសម្ដី​នៃ​ព្យាការី​ទាំង​ពី​បុរាណ និង​ព្យាការី​ថ្ងៃ​ចុងក្រោយ អាច​នាំ​ទៅ​រក​ការទទួល​វិវរណៈ​ពី​ព្រះអម្ចាស់ ?

សូម​បង្ហាញ និង​អាន​នូវ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ​អែលឌើរ រ៉ូបឺត ឌី ហែល នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

អែលឌើរ រ៉ូបឺត ឌី ហែល

« នៅ​ពេល​យើង​ចង់​និយាយ​ទៅ​កាន់​ព្រះ នោះ​យើង​អធិស្ឋាន ។ ហើយ​នៅ​ពេល​យើង​ចង់​ឲ្យ​ទ្រង់​មាន​បន្ទូល​មក​កាន់​យើង នោះ​យើង​សិក្សា​ស្រាវជ្រាវ​ព្រះគម្ពីរ​ទាំងឡាយ ដ្បិត​ព្រះបន្ទូល​របស់​ទ្រង់​បាន​មក​តាម​រយៈ​ពួក​ព្យាការី​របស់​ទ្រង់ ។ បន្ទាប់​មក​ទ្រង់​នឹង​បង្រៀន​ដល់​យើង នៅ​ពេល​យើង​ស្តាប់​តាម​ការបំផុស​គំនិត​ទាំងឡាយ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ។

« ប្រសិនបើ​អ្នក​ស្តាប់​មិន​ឮ​នូវ​សំឡេង​របស់​ទ្រង់ មាន​ព្រះបន្ទូល​មកកាន់​អ្នក​ថ្មីៗ​នេះ​ទេ នោះ​សូម​ត្រឡប់​មក​វិញ​ជាមួយ​នឹង​ភ្នែក​ថ្មី និង​ត្រចៀក​ថ្មី​មក​មើល និង​ស្ដាប់​ព្រះគម្ពីរ ។ ព្រះគម្ពីរ​ជា​អ្វី​ដែល​សង្គ្រោះ​យើង​ខាង​វិញ្ញាណ » ( « Holy Scriptures: The Power of God unto Our Salvation » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ២៦–២៧ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ឧបសគ្គ ឬ​ការសម្រេច​ចិត្ត​មួយ ដែល​ពួកគេ​កំពុង​ប្រឈម​មុខ ។ សូម​ឲ្យ​ពួកគេ​ពិចារណា​ថា ពួកគេ​បាន​សួរ​ដល់​ព្រះអម្ចាស់​នៅក្នុង​ការអធិស្ឋាន ហើយ​បែរ​ទៅរក​ព្រះគម្ពីរ​ដើម្បី​បាន​ចម្លើយ​ហើយ​ឬ​នៅ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​មើល​ពី​គំរូ​នៃ​របៀប​ដែល​ព្រះអម្ចាស់​ប្រទាន​វិវរណៈ​ផ្ទាល់​ខ្លួន​ដល់​យើង សូម​សរសេរ​បទគម្ពីរ​យោង​ខាងក្រោម​នៅលើ​ក្ដារខៀន ។

នីហ្វៃទី១ ៤:៦

នីហ្វៃទី១ ៨:២

យ៉ាកុប ៧:៥

អេណុស ១:១០

ហេលេមិន ១៣:៥

នីហ្វៃទី៣ ១១:៣

សូម​ចាត់​សិស្ស​ពីរបី​នាក់​ឲ្យ​អាន​វគ្គ​បទគម្ពីរ​នីមួយៗ ។ សូម​ឲ្យ​ពួកគេ​អាន​វគ្គ​បទគម្ពីរ​ដែល​បាន​ចាត់​ទៅ​ឲ្យ​ពួកគេ​នោះ ហើយ​រកមើល​របៀប​មួយ​ដែល​ព្រះ​ប្រទាន​វិវរណៈ​ផ្ទាល់ខ្លួន​ដល់​បុត្រា​បុត្រី​ទ្រង់ ។ សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ ពេល​អ្នក​ពិចារណា​ពី​សេចក្ដី​ត្រូវការ​របស់​សិស្ស​អ្នក នោះ​អ្នក​អាច​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​ប្រធាន ប៊យដ៍ ឃេ ផាកកឺ ( ឆ្នាំ ១៩២៤–២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

ប្រធាន ប៊យដ៍ ឃេ ផាកកឺ

« ព្រះវិញ្ញាណ​ពុំ​ទាញ​ការយកចិត្ត​ទុកដាក់​របស់​យើង ដោយ​ការស្រែក ឬ​ចាប់​រលាក់​ដៃ​យើង​ធ្ងន់ៗ​នោះ​ទេ ។ តែ​ទ្រង់​ខ្សឹប​វិញ ។ ទ្រង់​បបោស​អង្អែល​ដោយ​ថ្មមៗ ដែល​បើសិន​យើង​ខ្វល់​អំពល់ នោះ​យើង​ពុំ​អាច​ទទួល​អារម្មណ៍​ពី​ទ្រង់​សោះឡើយ ។ …

« ពេលខ្លះ ទ្រង់​នឹង​ប៉ះ​ខ្លាំង​ល្មម​ដើម្បី​នឹង​ឲ្យ​យើង​ចាប់​អារម្មណ៍​ស្ដាប់ ។ តែ​ភាគ​ច្រើន​បំផុត បើ​យើង​មិន​ស្ដាប់​ដល់​អារម្មណ៍​ដ៏​ទន់ភ្លន់ នោះ​ព្រះវិញ្ញាណ​នឹង​ចាកចេញ ហើយ​ចាំ​ទាល់តែ​យើង​មក​រក ហើយ​ស្ដាប់ និង​និយាយ​តាម​របៀប ព្រមទាំង​ការបង្ហាញ​អារម្មណ៍​របស់​យើង ដូច​ជា​សាំយូអែល​ពី​បុរាណ ‹ មាន​ព្រះបន្ទូល​មក​ចុះ [ ព្រះអម្ចាស់​អើយ ] ដ្បិត​ទូលបង្គំ ជា​អ្នក​បម្រើ​ទ្រង់​ប្រុង​ស្តាប់​ហើយ › ។ ( សាំយូអែល ទី១ ៣:១០ ) » ។ ( « The Candle of the Lord » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៣ ទំព័រ ៥៣ ) ។

អែលឌើរ រីឆាត ជី ស្កត

« ចម្លើយ​របស់​ទ្រង់​នឹង​មក​ដោយ​កម្រ ខណៈ​ដែល​អ្នក​លុត​ជង្គង់​ចុះ​អធិស្ឋាន សូម្បី​ជា​ពេល​ដែល​អ្នក​អាច​អង្វរ​សុំ​ការឆ្លើយតប​ដ៏​ភ្លាមៗ​ក្តី ។ តែ​ទ្រង់​នឹង​បំផុស​គំនិត​អ្នក​នៅក្នុង​គ្រា​ដ៏​ស្ងប់ស្ងាត់​នានា ពេល​ដែល​ព្រះវិញ្ញាណ​អាច​រំជួល​ដល់​គំនិត និង​ដួងចិត្ត​អ្នក​យ៉ាង​មាន​ប្រសិទ្ធិភាព​បំផុត ។ ចាប់ពី​នោះ អ្នក​គួរតែ​ស្វែងរក​ពេលវេលា​ស្ងប់ស្ងាត់​នានា ដើម្បី​បានដឹង​ពី​ពេល​ដែល​អ្នក​កំពុង​ត្រូវបាន​ណែនាំ និង​ពង្រឹង » ( « Using the Supernal Gift of Prayer » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ៩ ) ។

សូម​រំឭក​សិស្ស​ថា យើង​ពុំ​ជ្រើសរើស​របៀប​ដែល​ទ្រង់​នឹង​បើកសម្ដែង​សេចក្ដីពិត​ដល់​យើង​នោះ​ទេ តែ​ពេល​យើង​ប្រព្រឹត្ត​ដោយ​សេចក្ដី​ជំនឿ នោះ​យើង​ត្រៀម​ចិត្ត និង​គំនិត​យើង​កាន់តែ​ប្រសើរ ដើម្បី​ទទួល​វិវរណៈ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​របៀប​ដែល​ពួកគេ​បាន​ទទួល​វិវរណៈ​ផ្ទាល់ខ្លួន បើ​បទពិសោធន៍​នោះ​មិន​ផ្ទាល់ខ្លួន ឬ​ពិសិដ្ឋ​ពេក​ទេ​នោះ ។

នីហ្វៃទី១ ១៨:១-៣, នីហ្វៃទី២ ២៨:៣០, អាលម៉ា ១២:៩-១១

ការទទួល និង​ប្រព្រឹត្ត​តាម​វិវរណៈ

សូម​ឲ្យ​សិស្ស​ប្រៀបធៀប​ដោយ​ស្ងៀមស្ងាត់​នូវ នីហ្វៃទី២ ២៨:៣០ និង អាលម៉ា ១២:៩–១១ ហើយ​រកមើល​គោលការណ៍​ទាំងឡាយ​ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ទទួល​វិវរណៈ​ផ្ទាល់ខ្លួន​កាន់តែ​ច្រើនឡើង ។

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​ថា​អ្វី​ដែល​នឹង​ជួយ​យើង​ឲ្យ​ទទួល​វិវរណៈ​ផ្ទាល់ខ្លួន​កាន់តែ​ច្រើន​ឡើង ? ( ទោះបីជា​ពួកគេ​អាច​ប្រើ​ពាក្យ​ផ្សេងៗគ្នា​មែន ក៏​សិស្ស​គួរ​តែ​រកឃើញ​គោលការណ៍​ដូច​តទៅនេះ ៖ ព្រះអម្ចាស់​បើក​សម្ដែង​សេចក្ដី​ពិត​ដល់​យើង​ដោយ​ផ្អែក​ទៅលើ​ភាព​ឧស្សាហ៍​ព្យាយាម​ដែល​យើង​មាន​ដើម្បី​ស្ដាប់តាម​ព្រះបន្ទូល​របស់​ទ្រង់​ប៉ុណ្ណា ។ ជាញឹកញាប់​វិវរណៈ​ផ្ដល់ដល់​យើង​មួយ​បន្ទាត់​ម្ដងៗ ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​មាន​ព្រះទ័យ​តម្រូវ​ឲ្យ​យើង​គោរពប្រតិបត្តិ​ដល់​អ្វី​ដែល​ទ្រង់​បាន​បើកសម្ដែង​ដល់​យើង​រួចហើយ ពីមុន​ដែល​ទ្រង់​បើកសម្ដែង​ចំណេះដឹង​បន្ថែម​ទៀត ?

  • តើ​វា​ន័យ​ដូចម្ដេច ដែល​ថា​វិវរណៈ​ផ្ដល់​ដល់​យើង « មួយ​បន្ទាត់​ម្ដងៗ » ?

បើ​មាន​ពេល​គ្រប់គ្រាន់ អ្នក​អាច​នឹង​ចង់​ពិភាក្សា នីហ្វៃទី១ ១៨:១-៣ ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ដើម្បី​បង្ហាញ​ពី​របៀប​ដែល​នីហ្វៃ​បាន​ទទួល​វិវរណៈ​បន្ថែម​ទៀត​ដើម្បី​ដឹង​ពី​របៀប​សង់​សំពៅ ។

សូម​បង្ហាញ ហើយ​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដេវីឌ អេ បែដណា ៖

អែលឌើរ ដេវីឌ អេ បែដណា

« ជានិច្ចកាល វិវរណៈ​កើត​ឡើង​នៅ​ក្នុង​ចំនួន​ដ៏​តូច​បន្តិច​ម្ដងៗ ហើយ​ត្រូវបាន​ផ្ដល់​ឲ្យ​ស្រប​តាម​បំណង​ប្រាថ្នា ភាពសក្ដិសម និងការ​រៀបចំ​ខ្លួន​របស់​យើង ។ ទំនាក់ទំនង​បែប​នោះ ដែល​មកពី​ព្រះវរបិតាសួគ៌ ‹ ចុះ​មកលើ [ ព្រលឹង​របស់​យើង ] ដូចជា​ទឹក​សន្សើម​ចុះ​ពី​លើ​មេឃ › ( គ. និង ស. ១២១:៤៥ ) ។ លំនាំ​វិវរណៈ​នេះ​កើតឡើង​ជា​ញឹកញាប់​ជាង​ការកើត​ឡើង​ដោយ​កម្រ » ( « The Spirit of Revelation » ទំព័រ ៨៨ ) ។

  • ពេល​អ្នក​គិត​ត្រឡប់​ទៅ​មើល​ជីវិត​អ្នក​ពី​មុន តើ​ព្រះអម្ចាស់​បាន​ដឹកនាំ​អ្នក​បន្ថែម​ទៀត​ដោយ​របៀប​ណា នៅក្នុង​ការធ្វើ​ការសម្រេច​ចិត្ត ឬ​ការស្វែងរក​ការយល់​ដឹង​ពី​ទ្រង់ ?

សូម​បញ្ចប់​មេរៀន​ដោយ​ការបង្ហាញ ហើយ​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែង​ការណ៍​ដូចខាង​ក្រោម​ដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន ៖

ប្រធាន ថូម៉ាស អេស ម៉នសុន

« បើ​មាន​ពួក​យើង​ណា​ម្នាក់ ធ្លាប់​មាន​ភាពយឺតយ៉ាវ​ក្នុង​ស្ដាប់​តាម​ដំបូន្មាន​ដែល​ឲ្យ​អធិស្ឋាន​ជានិច្ច នោះ​គ្មាន​ពេល​ណា​ប្រសើរ​ជាង​ចាប់ផ្ដើម​ឥឡូវ​នេះ​ទេ ។ វិល្លៀម ខៅផ័រ បាន​ប្រកាស​ថា ‹ សាតាំង​ញ័រ​រន្ធត់ ពេល​វា​ឃើញ​ពួកបរិសុទ្ធ​ដែល​ទន់ខ្សោយ​បំផុត​លុតជង្គង់​គាត់ › [‹Exhortation to Prayer› នៅក្នុង Olney Hymns] » (« A Royal Priesthood » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៦១ ) ។

សូម​ឲ្យ​សិស្ស​គិត​អំពី​ការប្រឹងប្រែង​ដែល​ពួកគេ​កំពុង​ធ្វើ​ចំពោះ​ការអធិស្ឋាន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើតាម​គោលការណ៍​ទាំងឡាយ​ដែល​បាន​ពិភាក្សា​នៅក្នុង​មេរៀន​នេះ ដើម្បី​អញ្ជើញ​ឲ្យ​មាន​វិវរណៈ​ផ្ទាល់​ខ្លួន​បន្ថែម​ទៀត តាមរយៈ​ការអធិស្ឋាន និង​ការសិក្សា​ព្រះគម្ពីរ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​របៀប​ដែល​ពួកគេ​ដឹង​ថា ព្រះវរបិតាសួគ៌​ឆ្លើយ​តប​នឹង​ការអធិស្ឋាន​ទាំងឡាយ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា ព្រះវរបិតាសួគ៌​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​យើង នឹង​បំផុស​គំនិត​យើង​ជាមួយ​នឹង​ការយល់ដឹង និង​ការណែនាំ បើ​យើង​រៀបចំ​ខ្លួន​យើង​ដើម្បី​ទទួល​វា ។

ការអាន​របស់​សិស្ស