មេរៀនទី ១៤
អំណាចនៃការដោះលែងឲ្យរួចរបស់ព្រះ
សេចក្ដីផ្ដើម
ព្រះគម្ពីរមរមនរួមមានដំណើររឿងជាច្រើនអំពីបុគ្គល និងសង្គមទាំងឡាយ ដែលស្ថិតនៅក្រោមសេវកភាពតាមទម្រង់មួយចំនួន ។ ភាគច្រើននៃដំណើររឿងទាំងនេះបង្ហាញថា ព្រះយេស៊ូវគ្រីស្ទគឺជាអង្គជួយរំដោះដ៏អស្ចារ្យ ហើយជាប្រភពនៃជំនួយ ពេលដែលការគេចរួចខ្លួន ឬការសង្គ្រោះហាក់ដូចជាមិនអាចកើតមានបាន ។ ពេលយើងខិតជិតព្រះអម្ចាស់ តាមរយៈការប្រែចិត្ត ការបន្ទាបខ្លួន និងការអធិស្ឋាន នោះយើងត្រៀមខាងវិញ្ញាណកាន់តែប្រសើរឡើងដើម្បីអំពាវនាវ និងទទួលអំណាចនៃការដោះលែងឲ្យរួចរបស់ព្រះ ។
ការអានពីសាវតា
-
អិល ថម ភែរី « The Power of Deliverance » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៩៤–៩៧ ។
-
ដាល្លិន អេក អូក « He Heals the Heavy Laden » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៦-៩ ។
-
ដេវីឌ អេ បែដណា « Bear Up Their Burdens with Ease » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៨៧–៩០ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី១ ១:២០, អាលម៉ា ៣៦:១–៣, ២៧–២៩
ព្រះមានអំណាចដើម្បីប្រទានការដោះលែង
សូមអញ្ជើញសិស្សឲ្យពិចារណាពីពេលដែលពួកគេត្រូវបានធ្វើឲ្យស្ងើចសរសើរដោយភាពក្លាហាន និងភាពរឹងមាំរបស់នរណាម្នាក់ ដែលបានប្រឈមមុខនឹងឧបសគ្គ ឬការលំបាកៗដ៏ធំ ។ សូមឲ្យសិស្សចែកចាយដោយសង្ខេប ពីអ្វីដែលពួកគេបានសង្កេតឃើញ ។
សូមឲ្យសិស្សអានដោយស្ងាត់ស្ងៀមចេញពី នីហ្វៃទី១ ១:១ ដោយរកមើលអ្វីដែលនីហ្វៃបាននិយាយ អំពីការលំបាកដែលលោកបានមានបទពិសោធន៍នៅក្នុងជីវិតលោក ។
-
តើនីហ្វៃបានសង្ខេបពីអារម្មណ៍របស់លោកយ៉ាងណា បន្ទាប់ពីទទួលបទពិសោធន៍ « សេចក្ដីទុក្ខវេទនាទាំងឡាយ » ?
-
តើអ្នកគិតថា ហេតុអ្វីបានជាមនុស្សម្នាក់អាចមានអារម្មណ៍ថា « បានប្រោសប្រណីជាខ្លាំងពីព្រះអម្ចាស់ » សូម្បីតែពេលកំពុងជួបឧបសគ្គ ឬការលំបាកទាំងឡាយក្ដី ?
សូមប្រាប់សិស្សឲ្យធ្វើបទគម្ពីរយោង នីហ្វៃទី១ ១:១ ជាមួយនឹង នីហ្វៃទី១ ១:២០ ហើយរកមើលមូលហេតុមួយ ដែលនីហ្វៃបានពិពណ៌នាពីអារម្មណ៍ដែលថា « បានប្រោសប្រណីជាខ្លាំងពីព្រះអម្ចាស់ » ។
-
តើគោលការណ៍អ្វីនៅក្នុងខគម្ពីរនេះ ដែលអាចជួយមនុស្សម្នាក់ ឲ្យមានអារម្មណ៍នៃក្ដីសង្ឃឹម ពេលកំពុងជួបឧបសគ្គ និងការលំបាកនានាទាំងនោះ ? ( សិស្សគួរតែរកឃើញគោលការណ៍ដូចតទៅនេះ ៖ នៅពេលយើងអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ នោះយើងអាចទទួលបានសេចក្ដីមេត្តាករុណា និងការដោះលែងមកពីព្រះ ) ។
សូមពន្យល់ថាឃ្លា « ខ្ញុំ នីហ្វៃ នឹងបង្ហាញដល់អ្នករាល់គ្នា » ប្រាប់ថា នីហ្វៃមានបំណងកត់ត្រាគំរូទាំងឡាយនៃអំណាចនៃការដោះលែងរបស់ព្រះ ។ សូមអញ្ជើញសិស្សឲ្យអាន នីហ្វៃទី១ ជំពូក ១-៨ និង ១៦–១៨ ដោយរកមើលគំរូនានាពីជីវិតនីហ្វៃ ដែលបង្ហាញពីអំណាចនៃការដោះលែងរបស់ព្រះ ។ សូមអញ្ជើញសិស្សឲ្យចែកចាយដោយសង្ខេប ពីគំរូទាំងឡាយដែលពួកគេបានរកឃើញ ។ បើសិស្សពិបាកនឹងរកគំរូទាំងនោះ អ្នកអាចដឹកនាំពួកគេទៅរកគំរូមួយ ឬច្រើនជាងនោះ អំពីវគ្គបទគម្ពីរខាងក្រោមនោះ ៖ នីហ្វៃទី១ ៣:២៣–៣១, ៤:១–១៨, ៧:១៦–១៩, ៨:៧–១២, ១៦:១០, ១៨–៣១, ៣៦–៣៩, ១៧:៤៨–៥៥ និង ១៨:១–៣, ១១–២១ ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយ អែលឌើរ អិល ថម ភែរី ( ឆ្នាំ ១៩២២–២០១៥ ) នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« រឿងជាច្រើនក្នុងព្រះគម្ពីរមរមន គឺជារឿងនៃការដោះលែងឲ្យរួច ។ « ការចាកចេញរបស់លីហៃទៅក្នុងវាលរហោស្ថានជាមួយគ្រួសាររបស់គាត់ គឺអំពីការដោះលែងឲ្យរួចពីការបំផ្លាញក្រុងយេរូសាឡិម ។ រឿងពីពួកសាសន៍យ៉ារេឌ ជារឿងមួយពីការដោះលែងឲ្យរួច ក៏ដូចជារឿងពីពួកសាសន៍មូលេកដែរ ។ អាលម៉ាជាកូនត្រូវបានដោះលែងឲ្យរួចពីអំពើបាប ។ កងទ័ពហេលេមិនត្រូវបានដោះលែងឲ្យរួចពីសង្គ្រាម ។ នីហ្វៃ និងលីហៃត្រូវបានដោះលែងឲ្យរួចពីគុក ។ ប្រធានបទនៃការដោះលែងឲ្យរួចនេះ មានជាក់ស្ដែងពេញទាំងព្រះគម្ពីរមរមន » ( « The Power of Deliverance » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៩៤ ) ។
ជាគំរូមួយអំពីការដោះលែងខាងវិញ្ញាណ សូមពន្យល់ថា អាលម៉ាបានពិពណ៌នាអំពីការដោះលែងពីអំពើបាបរបស់លោកទៅកាន់កូនប្រុសរបស់ខ្លួនគឺហេលេមិន ។ សូមឲ្យសិស្សម្នាក់អាន អាលម៉ា ៣៦:១-៣ ឮៗ ហើយអញ្ជើញសិស្សម្នាក់ទៀតអាន អាលម៉ា ៣៦:២៧-២៩ ឮៗ ( សូមកត់ចំណាំថា អាលម៉ា ៥:១-១២ មាននូវដំបូន្មានស្រដៀងគ្នាដែរ ) ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ដោយរកមើលការយល់ដឹងដែលអាចជួយមនុស្សម្នាក់ ដែលកំពុងតស៊ូនឹងសេចក្ដីវេទនា ឬការលំបាកនានា ។
-
តើការយល់ដឹងអ្វីខ្លះ ដែលអ្នកបានរកឃើញនៅក្នុងវគ្គបទគម្ពីរទាំងនេះ ដែលអាចជួយដល់នរណាម្នាក់ដែលកំពុងប្រឈមមុខនឹងការលំបាកខាងរូបកាយ ឬខាងវិញ្ញាណនោះ ?
-
តើសេវកភាពខាងរាងកាយ និងខាងវិញ្ញាណណាខ្លះ ដែលប្រជាជនប្រឈមមុខនាពេលសព្វថ្ងៃនេះ ? ( ឧទាហរណ៍រួមមានសុខភាពមិនល្អ ការញៀនថ្នាំ និងការណ៍អាសគ្រាម ភាពក្រីក្រ ការរំលោភបំពាន ការរើសអើង អំពើបាប ការឥតជំនឿ និងការបះបោរ ) ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« តើអ្នកកំពុងតែប្រយុទ្ធនឹងបីសាចនៃការញៀន—ដូចជាថ្នាំជក់ ឬថ្នាំញៀន ឬល្បែងស៊ីសង ឬរោគពិសនៃការណ៍អាសគ្រាមដ៏ចង្រៃនាសម័យនេះឬ ? តើអាពាហ៍ពិពាហ៍របស់អ្នកស្ថិតនៅក្នុងបញ្ហា ឬកូនរបស់អ្នកស្ថិតនៅក្នុងគ្រោះថ្នាក់ឬ ? តើអ្នកមានការភាន់ច្រឡំនឹងអត្តសញ្ញាណនៃភេទ ឬកំពុងស្វែងរកការគោរពឲ្យតម្លៃខ្លួនឯងឬ ? តើអ្នក—ឬនរណាម្នាក់ដែលអ្នកស្រឡាញ់—ប្រឈមមុខនឹងជំងឺ ឬសម្ពាធចិត្ត ឬសេចក្ដីស្លាប់ឬ ? មិនថាអ្នកត្រូវបោះជំហានមួយណា ដើម្បីដោះស្រាយកង្វល់ទាំងនេះទេ សូមមករកដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទមុនគេបង្អស់ ។ សូមទុកចិត្តទៅលើការសន្យាទាំងឡាយនៃឋានសួគ៌ ។ ទាក់ទងនឹងការណ៍នោះ ទីបន្ទាល់របស់អាលម៉ា គឺជាទីបន្ទាល់របស់ខ្ញុំ ៖ លោកមានប្រសាសន៍ថា ‹ ព្រោះឪពុកដឹងថា នរណាដែលដាក់ទីទុកចិត្តរបស់ខ្លួនទៅលើព្រះ អ្នកនោះហើយដែលនឹងបានគាំទ្រនៅក្នុងការពិសោធន៍របស់គេ និងវិបត្តិរបស់គេ និងទុក្ខវេទនារបស់គេ › [ អាលម៉ា ៣៦:៣ ] » ( « Broken Things to Mend » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ៧០ ) ។
-
តើអែលឌើរ ហូឡិន បានមានប្រសាសន៍ថា អ្វីដែលនឹងជួយយើងឲ្យចាប់ផ្ដើមដោះស្រាយកង្វល់ និងឧបសគ្គទាំងឡាយរបស់យើង ?
នីហ្វៃទី១ ៦:៤, ម៉ូសាយ ២១:២–៥, ១៤–១៦, ២៣:២៣–២៤, ២៤:១៣–១៥, ២១, អាលម៉ា ៣៤:៩, ហេលេមិន ៥:៩
ព្រះយេស៊ូវគ្រីស្ទគឺជាប្រភពនៃការដោះលែង
សូមអញ្ជើញសិស្សឲ្យពិពណ៌នាពីមូលហេតុខុសគ្នា ដែលអ្នកនិពន្ធម្នាក់អាចត្រូវបានជំរុញចិត្តឲ្យសរសេរសៀវភៅមួយ ។ ( ឧទាហរណ៍ អ្នកនិពន្ធម្នាក់អាចនឹងចង់ប្រាប់ពីរឿងមួយ ចែកចាយភាពស្ទាត់ជំនាញលើប្រធានបទអ្វីមួយ ឬរកកម្រៃចិញ្ចឹមជីវិត ) ។ បន្ទាប់ពីសិស្សពីរបីនាក់បានចែកចាយពីគំនិតរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ហើយ សូមអញ្ជើញសិស្សឲ្យអាន នីហ្វៃទី១ ៦:៤ ដោយស្ងាត់ស្ងៀម រកមើលមូលហេតុមួយក្នុងចំណោមមូលហេតុនានា ដែលនីហ្វៃត្រូវបានជំរុញចិត្តឲ្យសរសេរគម្ពីរនេះ ។
-
តើព្យាការីនីហ្វៃបានមានប្រសាសន៍ថា អ្វីទៅជាគោលបំណងនៃការសរសេរបញ្ជីរបស់លោក ? ( លោកបានមានបំណងប្រាថ្នាចង់លួងលោមមនុស្សឲ្យមករកព្រះ ហើយបានសង្គ្រោះ ) ។
សូមថ្លែងទីបន្ទាល់ទៅកាន់សិស្សថា ព្រះចេស្ដារបស់ព្រះដើម្បីសង្គ្រោះ គឺជាអំណាចនៃការដោះលែងឲ្យរួច ។
សូមចម្លងតារាងវគ្គបទគម្ពីរដូចខាងក្រោមដាក់នៅលើក្ដារខៀន ហើយពន្យល់សិស្សថា វគ្គបទគម្ពីរទាំងនេះពិពណ៌នាពីប្រជាជនដែលត្រូវការការដោះលែង ។
ប្រជាជនរបស់លិមហៃ |
ប្រជាជនរបស់អាលម៉ា |
មនុស្សទាំងអស់ |
---|---|---|
សូមឲ្យសិស្សអានវគ្គបទគម្ពីរទាំងឡាយនៅលើក្ដារខៀនដោយស្ងាត់ស្ងៀម ដោយរកមើលអ្វីដែលវគ្គបទគម្ពីរនីមួយៗបង្រៀន អំពីប្រភពនៃការដោះលែងឲ្យរួចពីឧបសគ្គ និងការលំបាកនានា ។
-
តើអ្នកបានរៀនអ្វីខ្លះពីវគ្គបទគម្ពីរទាំងនេះ អំពីប្រភពនៃការដោះលែង ? ( នៅពេលសិស្សឆ្លើយ សូមសង្កត់ធ្ងន់លើគោលលទ្ធិដូចតទៅនេះ ៖ ព្រះយេស៊ូវគ្រីស្ទមានព្រះចេស្ដាដើម្បីដោះលែងយើងឲ្យរួចចេញពីស្ថានភាពវង្វេង និងធ្លាក់របស់យើង ព្រមទាំងពីឧបសគ្គនៃភាពរមែងស្លាប់ផ្សេងៗទៀត ) ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« ខ្ញុំចង់ថ្លែងទីបន្ទាល់អំពីអំណាចនៃសេចក្ដីដោះលែងឲ្យរួចរបស់ព្រះ ។ នៅគ្រាមួយក្នុងជីវិតយើង យើងទាំងអស់គ្នានឹងត្រូវការអំណាចនោះ ។ មនុស្សគ្រប់គ្នាដែលកំពុងរស់នៅ គឺស្ថិតនៅកណ្ដាលការសាកល្បងទាំងឡាយ ។ … មានការណ៍ពីរយ៉ាងដែលដូចគ្នាសម្រាប់យើងទាំងអស់គ្នា ។ ការណ៍ទាំងពីរនោះគឺជាផ្នែកនៃការរចនាឡើងសម្រាប់ជីវិតរមែងស្លាប់ ។
« ទីមួយ ការសាកល្បងនៅគ្រាទាំងឡាយ នឹងទាញយើងទាល់តែយើងមានអារម្មណ៍ត្រូវការជំនួយហួសពីខ្លួនយើងអាចធ្វើបាន ។ ហើយទីពីរ ដោយមានព្រះទ័យមេត្តា និងព្រះប្រាជ្ញារបស់ទ្រង់ ព្រះបានធ្វើឲ្យអំណាចនៃការដោះលែងឲ្យរួចមានដល់យើង » [ ការប្រជុំធម្មនិដ្ឋាននៅសាកលវិទ្យាល័យព្រិកហាំ យ៉ង់ ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០០៨ ] ទំព័រ ១, speeches.byu.edu ) ។
-
តើនៅពេលណាដែលអ្នកបានទទួល « ជំនួយហួសពីខ្លួន [ អ្នក ] អាចធ្វើបាន » អំឡុងនៃការលំបាកទាំងឡាយ ?
បើមានពេលគ្រប់គ្រាន់ អ្នកអាចអានដំណើររឿងរបស់ប្រជាជនអាលម៉ា នៅក្នុង ម៉ូសាយ ២៤:១៣-១៥ ដើម្បីបង្ហាញពីគំនិតដែលការដោះលែងរបស់ព្រះពុំតែងតែមានន័យថា បន្ទុករបស់យើងនឹងត្រូវបានដកចេញនោះទេ តែជាញឹកញាប់ ព្រះដោះលែងយើងដោយការពង្រឹងសមត្ថភាពរបស់យើងដើម្បីទ្រាំទ្រនឹងបន្ទុករបស់យើងបាន ។ ការអត់ធ្មត់ និងការស៊ូទ្រាំគឺតម្រូវឲ្យមានក្នុងស្ថានភាពទាំងនេះ ដូចជាពេលមានបញ្ហាសុខភាពបន្តរហូតអស់មួយជីវិតរបស់ខ្លួន ។ ការដោះលែងនោះបានមកតាមរបៀបរបស់ព្រះផ្ទាល់ ហើយទៅតាមពេលវេលារបស់ទ្រង់ ។
ម៉ូសាយ ៧:៣៣, ២៩:២០, អាលម៉ា ៥៨:១០–១១, នីហ្វៃទី៣ ៤:៣៣
ការទទួលបាននូវអំណាចនៃការដោះលែង
សូមថ្លែងទីបន្ទាល់ថា មាននូវសេចក្ដីសង្ឃឹមសម្រាប់យើងម្នាក់ៗ ពេលយើងឃើញថាខ្លួនយើងស្ថិតនៅក្នុងកាលៈទេសៈទាំងឡាយដែលហាក់បីដូចជាមិនអាចគេចរួច ឬសង្គ្រោះបាន ។ សូមរំឭកសិស្សថា ព្រះគម្ពីរទាំងឡាយមាននូវការណែនាំអំពីរបៀបដើម្បីទទួលបានអំណាចនៃការដោះលែងរបស់ព្រះអង្គសង្គ្រោះ ។
សូមសរសេរបទគម្ពីរយោងខាងក្រោមនេះនៅលើក្ដារខៀន ។ ( សូមកុំបញ្ចូលព័ត៌មាននៅក្នុងវង់ក្រចក ព្រោះវាផ្ដល់សម្រាប់តែគ្រូបង្រៀនប៉ុណ្ណោះ ) ។ សូមអញ្ជើញសិស្សឲ្យអានវគ្គបទគម្ពីរនីមួយៗ ដោយរកមើលសកម្មភាពដែលជួយយើងឲ្យទទួលបានអំណាចនៃការដោះលែងរបស់ព្រះអង្គសង្គ្រោះ ។
ម៉ូសាយ ៧:៣៣ ( បែរទៅរកព្រះពេញដោយគោលបំណងក្នុងចិត្ត ទុកចិត្តទ្រង់ បម្រើទ្រង់ដោយឧស្សាហ៍ព្យាយាម )
ម៉ូសាយ ២៩:២០ ( បន្ទាបខ្លួន អំពាវនាវដល់ព្រះជាខ្លាំង )
អាលម៉ា ៥៨:១០-១១ ( ចាក់ព្រលឹងទៅក្នុងការអធិស្ឋាន សេចក្ដីសង្ឃឹមថាបានការដោះលែង )
នីហ្វៃទី៣ ៤:៣៣ ( ប្រែចិត្ត បន្ទាបខ្លួន )
បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សឲ្យចែកចាយ និងពិភាក្សាពីសកម្មភាពណាដែលពួកគេបានរកឃើញ ហើយសរសេរចម្លើយរបស់សិស្សនៅលើក្ដារខៀន ។ សូមសង្កត់ធ្ងន់ទៅលើគោលការណ៍ខាងក្រោមនេះ ៖ ពេលយើងបែរទៅរកព្រះពេញដោយគោលបំណងក្នុងចិត្ត ហើយអធិស្ឋានសុំជំនួយពីទ្រង់ ដោយមានស្មារតីនៃការប្រែចិត្ត និងបន្ទាបខ្លួន នោះយើងអាចទទួលបានអំណាចនៃការដោះលែងរបស់ទ្រង់ ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហិនរី ប៊ី អាវរិង ៖
« ព្រះអម្ចាស់មានព្រះទ័យចង់ដឹកនាំយើងទៅកាន់ការដោះលែងជានិច្ច តាមរយៈការក្លាយកាន់តែសុចរិត ។ ការណ៍នោះតម្រូវឲ្យមានការប្រែចិត្ត ។ ហើយវាត្រូវការការបន្ទាបខ្លួន ។ ដូច្នេះ ផ្លូវទៅកាន់ការដោះលែង តម្រូវឲ្យមានការបន្ទាបខ្លួន ដើម្បីព្រះអម្ចាស់អាចដឹកនាំយើងដោយដឹកដៃទៅកន្លែងដែលទ្រង់មានព្រះទ័យចង់យកយើងទៅ ដោយឆ្លងកាត់បញ្ហារបស់យើង ហើយបន្តទៅកាន់ភាពបរិសុទ្ធ » ( « The Power of Deliverance » [ ការប្រជុំធម្មនិដ្ឋាននៅសាកលវិទ្យាល័យព្រិកហាំ យ៉ង់ ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០០៨ ] ទំព័រ ៤, speeches.byu.edu ) ។
-
តើការប្រែចិត្ត ការបន្ទាបខ្លួន និងការអធិស្ឋាន ជួយយើងឲ្យទទួលបានអំណាចនៃការដោះលែងរបស់ព្រះអម្ចាស់យ៉ាងដូចម្ដេច ?
-
តើនៅពេលណាដែលអ្នក ឬមនុស្សដែលអ្នកស្គាល់ បានបែរទៅរកព្រះអម្ចាស់ដើម្បីសុំការដោះលែង ហើយបានទទួលវានោះ ? តើបទពិសោធន៍នេះ បានបង្កើនការទុកចិត្តរបស់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទយ៉ាងណាដែរ ?
សូមលើកទឹកចិត្តសិស្សឲ្យពិចារណាពីពេលមួយ ដែលពួកគេបានទទួលបទពិសោធន៍អំពីអំណាចនៃការដោះលែងរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់ពួកគេ ។ សូមលើកទឹកចិត្តពួកគេឲ្យកត់ត្រាបទពិសោធន៍របស់ពួកគេដើម្បីទុកជាការចងចាំសម្រាប់ពេលអនាគត ។ សូមពិចារណាអំពីការការអញ្ជើញសិស្សឲ្យចែកចាយពីបទពិសោធន៍របស់ខ្លួន ដែលមិនពិសិដ្ឋ ឬផ្ទាល់ខ្លួនពេក ។
ការអានរបស់សិស្ស
-
នីហ្វៃទី១ ១:២០, ៦:៤, ម៉ូសាយ ៧:៣៣, ២១:២–៥, ១៤–១៦, ២៣:២៣–២៤, ២៤:១៣–១៥, ២១, ២៩:២០, អាលម៉ា ៣៤:៩, ៣៦:១–៣, ២៧–២៩, ៥៨:១០–១១, ហេលេមិន ៥:៩, នីហ្វៃទី៣ ៤:៣៣ ។
-
អិល ថម ភែរី « The Power of Deliverance » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៩៤–៩៧ ។