មេរៀនទី ២១
ការយាងមករបស់ព្រះយេស៊ូវគ្រីស្ទ
សេចក្ដីផ្ដើម
លក្ខខណ្ឌ និងព្រឹត្តិការណ៍នានាដែលទាក់ទងនឹង ការយាងមករបស់ព្រះយេស៊ូវគ្រីស្ទមកកាន់ទ្វីបអាមេរិកគឺជាគំរូសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ។ មេរៀននេះនឹងជួយសិស្សឲ្យអនុវត្តគោលការណ៍ទាំងឡាយចេញពីព្រះគម្ពីរមរមន ដើម្បីត្រៀមខ្លួនកាន់តែប្រសើរសម្រាប់ « ថ្ងៃដ៏ធំ និងគួរស្ញែងខ្លាច » ( នីហ្វៃទី៣ ២៥:៥ ) ជាពេលដែលព្រះគ្រីស្ទនឹងយាងមកម្ដងទៀត ។
ការអានពីសាវតា
-
ដាល្លិន អេក អូក «Preparation for the Second Coming» Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៧–១០ ។
-
ជែហ្វ្រី អ័រ ហូឡិន «Preparing for the Second Coming» New Era ខែ ធ្នូ ឆ្នាំ ២០១៣ ទំព័រ ២-៥ ។
យោបល់សម្រាប់ការបង្រៀន
ហេលេមិន ១៤:២០–៣០, ១៦:១–៥, នីហ្វៃទី៣ ៩:១–៥, ១២–១៤, ១០:១២
ទីសម្គាល់ទាំងឡាយត្រូវបានផ្ដល់ឲ្យ ដើម្បីជួយយើងឲ្យជឿ ហើយត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ។
សូមអញ្ជើញសិស្សឲ្យចែកចាយគំរូនៃព្រឹត្តិការណ៍ ឬសកម្មភាពនានានៅក្នុងជីវិតរបស់ខ្លួន ដែលបានតម្រូវឲ្យមានការត្រៀមខ្លួន ( ឧទាហរណ៍ បេសកកម្ម ) ។ បន្ទាប់មកសូមសួរ ៖
-
តើការត្រៀមខ្លួនរបស់អ្នក បានធ្វើឲ្យមានភាពខុសគ្នាយ៉ាងណានៅក្នុងបទពិសោធន៍ទាំងមូលរបស់អ្នក ?
-
តើអ្នកគិតថា បទពិសោធន៍នោះនឹងមានភាពខុសគ្នាយ៉ាងណា ប្រសិនបើអ្នកមិនបានត្រៀមខ្លួនទេនោះ ?
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកមើលថា ប្រធាន ប៊ែនសឹន បានបង្រៀនថា ព្រះគម្ពីរមរមន អាចជួយយើងត្រៀមខ្លួនសម្រាប់អ្វី ៖
« នៅក្នុងព្រះគម្ពីរមរមន យើងរកឃើញគំរូមួយអំពីការត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីរ ។ ផ្នែកមួយដ៏សំខាន់នៃព្រះគម្ពីរ គឺផ្តោតទៅលើរយៈពេលប៉ុន្មានទសវត្សរ៍មុនការយាងមកដល់របស់ព្រះគ្រីស្ទទៅកាន់ទ្វីបអាមេរិក ។ ដោយការសិក្សាពីព្រឹត្តិការណ៍នៅក្នុងពេលនោះដោយយកចិត្តទុកដាក់នោះ យើងអាចកំណត់បានពីមូលហេតុដែលមនុស្សមួយចំនួនត្រូវបានបំផ្លាញក្នុងការជំនុំជម្រះ ដ៏ គួរ ឲ្យ ព្រឺខ្លាច ពី មុន ការ យាង មក របស់ ទ្រង់ និងអ្វីដែលនាំឲ្យអ្នកផ្សេងទៀតឈរនៅឯព្រះវិហារបរិសុទ្ធលើដែនដីបរិបូរណ៍ ហើយលូកដៃរបស់ពួកគេទៅស្ទាបស្នាមរបួសនៅត្រង់ព្រះហស្ដ និងព្រះបាទារបស់ទ្រង់ » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ១៤០ ) ។
-
យោងតាមប្រធាន ប៊ែនសឹន តើហេតុអ្វីយើងគួរតែសិក្សាដោយយកចិត្តទុកដាក់ អំពីដំណើររឿងនៅក្នុងគម្ពីរមរមន ពីការយាងមករបស់ព្រះយេស៊ូវគ្រីស្ទ ទៅកាន់ប្រជាជនរបស់ទ្រង់នៅក្នុងទ្វីបអាមេរិក ? ( សូមប្រាកដថា សិស្សយល់ថា ដោយការសិក្សាដំណើររឿងនៅក្នុងព្រះគម្ពីរមរមន អំពីព្រឹត្តិការណ៍ជុំវិញការយាងទៅកាន់ទ្វីបអាមេរិករបស់ព្រះយេស៊ូវគ្រីស្ទ យើងអាចរៀនពីគំរូមួយដើម្បីត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីរ ) ។
សូមអញ្ជើញសិស្សឲ្យរកមើលគោលការណ៍ និងគោលលទ្ធិទាំងឡាយ នៅពេលពួកគេសិក្សាពីដំណើររឿងនៃការយាងទៅកាន់ទ្វីបអាមេរិករបស់ព្រះអង្គសង្គ្រោះ ដែលនឹងជួយពួកគេឲ្យត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីរ ។
សូមរំឭកសិស្សថា មុនពេលការប្រសូត្ររបស់ព្រះអង្គសង្គ្រោះ សាំយូអែលជាសាសន៍លេមិន បានព្យាករពីទីសម្គាល់ទាំងឡាយដែលនឹងកើតឡើងជាមួយនឹងការប្រសូត្រ និងការសុគតរបស់ព្រះអង្គសង្គ្រោះ ។ សូមឲ្យសិស្សមើលត្រួសៗនៅក្នុង ហេលេមិន ១៤:២០-២៧ ហើយរកមើលទីសម្គាល់ទាំងឡាយអំពីការសុគតរបស់ព្រះគ្រីស្ទ ។
-
តើទីសម្គាល់អ្វីខ្លះ ដែលសាំយូអែលបានប្រាប់ពួកសាសន៍នីហ្វៃថា នឹងកើតឡើងជាមួយនឹងការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ ?
សូមឲ្យសិស្សពាក់កណ្ដាលថ្នាក់អាន ហេលេមិន ១៤:២៨–៣០ ខណៈសិស្សពាក់កណ្ដាលទៀតអាន ហេលេមិន ១៦:៤-៥ ។ សូមឲ្យពួកគេរកមើលមូលហេតុទាំងឡាយ ដែលទីសម្គាល់ទាំងនេះត្រូវបានផ្ដល់ដល់ពួកសាសន៍នីហ្វៃ ។ អ្នកអាចលើកទឹកចិត្តសិស្សឲ្យផ្ដោតការយកចិត្តទុកដាក់ជាពិសេស ទៅលើឃ្លា« ក្នុងបំណងឲ្យ … » ។
-
យោងតាមខគម្ពីរទាំងនេះ ហេតុអ្វីព្រះអម្ចាស់ប្រទានទីសម្គាល់ទាំងឡាយ ? ( សូមជួយសិស្សឲ្យរកឃើញគោលលទ្ធិដូចតទៅនេះ ៖ ព្រះអម្ចាស់ប្រទានទីសម្គាល់ និងការណ៍អស្ចារ្យនានា ដើម្បីយើងអាចជឿលើទ្រង់ ហើយត្រូវបានសង្គ្រោះ ។ សូមគិតពីការសរសេរគោលលទ្ធិនេះនៅលើក្ដារខៀន ) ។
-
តើ ហេលេមិន ១៤:២៩ ចង្អុលបង្ហាញថា អ្វីនឹងកើតឡើងដល់ពួកអ្នកដែលមិនជឿលើទីសម្គាល់ និងការអស្ចារ្យទាំងឡាយ ? ( ការវិនិច្ឆ័យដ៏សុចរិតមួយនឹងធ្លាក់មកលើពួកគេ ) ។
សូមពន្យល់ថា នៅក្នុងដំណើររឿងដែលមានក្នុង នីហ្វៃទី៣ ទីសម្គាល់ និងការណ៍ដ៏អស្ចារ្យដែលបានសន្យា—រួមមានការបំផ្លិចបំផ្លាញ ដែលប្រាប់ជាមុនពីការសុគគរបស់ព្រះអង្គសង្គ្រោះ—បានចាប់ផ្ដើមបំពេញ ។ សូមឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗចេញពី នីហ្វៃទី៣ ៩:១-៥, ១២-១៤, ១០:១២ ខណៈសិស្សក្នុងថ្នាក់រកមើលអ្វីដែលបានកើតឡើងចំពោះពួកអ្នកដែលជឿលើសារដំណឹងរបស់សាំយូអែល និងនីហ្វៃ ក៏ដូចជាអ្វីដែលបានកើតឡើងចំពោះពួកអ្នកដែលមិនជឿ ។
-
យោងតាមខគម្ពីរទាំងនេះ ហេតុអ្វីប្រជាជនមួយចំនួនត្រូវបានបំផ្លិចបំផ្លាញ ? ហេតុអ្វីអ្នកខ្លះត្រូវបានទុកជីវិតឲ្យរស់នៅ ?
សូមចង្អុលបង្ហាញថា អ្នកដើរតាមព្រះយេស៊ូវគ្រីស្ទនៅសព្វថ្ងៃនេះ ត្រូវបានបង្រៀនឲ្យរង់ចាំមើលទីសម្គាល់ទាំងឡាយដែលនឹងមានមុនការយាងមកជាលើកទីពីររបស់ទ្រង់ ។ សូមឲ្យសិស្សពិភាក្សា ពីរបៀបដែលការយល់ និងការដឹងពីទីសម្គាល់ទាំងឡាយនៃការយាងមកជាលើកទីពីរ ដែលពួកព្យាការីបានព្យាករ អាចជួយសមាជិកសាសនាចក្រនៅសព្វថ្ងៃនេះឲ្យត្រៀមខ្លួនកាន់តែប្រសើរសម្រាប់ការយាងមករបស់ទ្រង់ ។
នីហ្វៃទី៣ ១១:១–១៧
ការត្រៀមខ្លួនដើម្បីជួបនឹងព្រះអង្គសង្គ្រោះ
សូមបង្ហាញរូបភាពនៃព្រះយេស៊ូវគ្រីស្ទ ដែលបានយាងជួបនឹងពួកសាសន៍នីហ្វៃ ។ ពេលសិស្សរំឭកពីដំណើររឿងនៃការយាងជួបពួកសាសន៍នីហ្វៃរបស់ព្រះអង្គសង្គ្រោះ សូមលើកទឹកចិត្តពួកគេឲ្យរកមើលពរជ័យទាំងឡាយដែលបានទទួលដោយពួកអ្នកដែលបានជឿលើទីសម្គាល់ទាំងឡាយនៃការសុគតរបស់ព្រះអម្ចាស់ ហើយបានត្រៀមខ្លួនសម្រាប់ការយាងមករបស់ទ្រង់ ។
សូមអញ្ជើញសិស្សបួនប្រាំនាក់ប្ដូរវេនគ្នាអានឮៗនៅក្នុង នីហ្វៃទី៣ ១១:១-១២ ។
-
តើការជឿលើទីសម្គាល់ដែលបានសន្យាអំពីការយាងមករបស់ព្រះអម្ចាស់ បានរៀបចំប្រជាជនសម្រាប់បទពិសោធន៍នេះយ៉ាងដូចម្ដេច ?
-
តើនៅក្នុងរបៀបណា ដែលខគម្ពីរទាំងនេះរំឭកយើងអំពីការត្រូវការត្រៀមខ្លួនយើងផ្ទាល់ ?
សូមអញ្ជើញសិស្សឲ្យប្ដូរវេនគ្នាអាន នីហ្វៃទី៣ ១១:១៣-១៧ ឮៗ ហើយស្រមៃមើលថា វាអាចនឹងមានអារម្មណ៍យ៉ាងណាក្នុងការមានវត្តមាននៅក្នុងឱកាសនោះ ។
-
តើបទពិសោធន៍នេះ អាចជាតំណាងដល់អ្វីដែលព្រះអម្ចាស់យេស៊ូវគ្រីស្ទ មានព្រះរាជបំណងសម្រាប់យើងម្នាក់ៗ យ៉ាងដូចម្ដេចដែរ ? ( សិស្សគួរគិតពីសេចក្ដីពិតដូចតទៅនេះ ៖ ព្រះយេស៊ូវគ្រីស្ទ អញ្ជើញមនុស្សទាំងអស់គ្នាឲ្យមកឯទ្រង់ ហើយទទួលទីបន្ទាល់មួយថា ទ្រង់គឺជាព្រះនៃផែនដីទាំងមូល ) ។
-
តើនៅក្នុងរបៀបណាខ្លះ ដែលព្រឹត្តិការណ៍ទាំងនេះ ស្រដៀងទៅនឹងអ្វីដែលនឹងកើតឡើងនៅការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវ ?
-
តើអ្នកអាចធ្វើអ្វី ដើម្បីធ្វើតាមការអញ្ជើញរបស់ព្រះអង្គសង្គ្រោះ ដើម្បីអ្នកនឹងត្រៀមខ្លួនរួចជាស្រេច ដើម្បីឈរចំពោះព្រះភក្ត្រទ្រង់នៅថ្ងៃណាមួយនោះ ?
សូមបញ្ចប់មេរៀន ដោយការបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដាល្លិន អេក. អូកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ចុះបើថ្ងៃនៃការយាងមករបស់ទ្រង់ជាថ្ងៃស្អែកវិញ ? ប្រសិនបើយើងបានដឹងថា យើងត្រូវជួបនឹងព្រះអម្ចាស់នៅថ្ងៃស្អែក — តាមរយៈការស្លាប់មុនអាយុ ឬតាមរយៈការយាងមកដែលមិនអាចរំពឹងទុកបានមុនរបស់ទ្រង់ — តើយើងនឹងធ្វើអ្វីនៅថ្ងៃនេះ ? តើយើងនឹងសារភាពអ្វីខ្លះ ? តើយើងនឹងបញ្ឈប់ការអនុវត្តអ្វីខ្លះ ? តើយើងនឹងយកដំណើររឿងណាមួយដោះស្រាយ ? តើការអត់ទោសណាខ្លះដែលយើងនឹងផ្ដល់ឲ្យ ? តើយើងនឹងថ្លែងទីបន្ទាល់ណាមួយ ?
« ចុះបើយើងនឹងត្រូវធ្វើការណ៍ទាំងនោះនៅពេលនោះ ហេតុអ្វីយើងមិនធ្វើឥឡូវនេះទៅ ? ហេតុអ្វីមិនស្វែងរកសេចក្ដីសុខសាន្ត ទន្ទឹមនឹងពេលដែលសេចក្ដីសុខសាន្តអាចរកបាននោះ ? » («Preparation for the Second Coming» Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៩ ) ។
-
ហេតុអ្វីបានជាវាសំខាន់ ដើម្បីត្រៀមខ្លួនយើង ដូចជាព្រះអម្ចាស់នឹងយាងមកនៅថ្ងៃស្អែក ?
សូមអញ្ជើញសិស្សឲ្យស្វែងរក ហើយឆ្លើយតបចំពោះការបំផុសគំនិតនៃព្រះវិញ្ញាណ ពេលដែលពួកគេរៀបចំខ្លួនដើម្បីទៅជួបនឹងព្រះអម្ចាស់ ។
ការអានរបស់សិស្ស
-
ហេលេមិន ១៤:២០–៣០, ១៦:១–៥, នីហ្វៃទី៣ ៩:១–៥, ១២–១៤, ១០:១២, ១១:១–១៧ ។
-
ដាល្លិន អេក អូក «Preparation for the Second Coming» Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៧–១០ ។