មេរៀនទី ២៤
មនុស្សទាំងអស់គ្នាគឺដូចគ្នានៅចំពោះព្រះ
សេចក្ដីផ្ដើម
ដើម្បីការពារខ្លួនគេបន្ទាប់ពីមរណភាពរបស់លីហៃ នោះនីហ្វៃ និងសមាជិកសុចរិតផ្សេងទៀតក្នុងគ្រួសារលីហៃ ត្រូវបានដឹកនាំដោយព្រះអម្ចាស់ឲ្យបំបែកខ្លួនចេញពីលេមិន និងលេមយួល និងពួកអ្នកដើរតាមពួកគេ ។ ហេតុដូច្នោះហើយ ការទាស់ទែង និងសង្គ្រាមទាំងឡាយ ជាញឹកញាប់បង្ហាញពីទំនាក់ទំនងរវាងពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន ។ មេរៀននេះពិភាក្សាពីរបៀបដែលដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទមានភាពធំធេងជាងភាពខុសគ្នាខាងសាសនា ជាតិសម្ពន្ធ វប្បធម៌ និងភាពខុសគ្នាផ្សេងៗទៀត ក្នុងការរួបរួមបុត្រាបុត្រីនៃព្រះ ។
ការអានពីសាវតា
-
ដាល្លិន អេក អូក «All Men Everywhere» Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ៧៧–៨០ ។
-
ហាវើដ ដបុលយូ ហឹនធើរ «The Gospel—A Global Faith» Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩១ ទំព័រ ១៨-១៩ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី២ ២៦:២៣–២៨, ៣៣, យ៉ាកុប ៧:២៤, អេណុស ១:១១, ២០
បុត្រាបុត្រីទាំងអស់របស់ព្រះ ត្រូវបានអញ្ជើញឲ្យមកឯទ្រង់
សូមសិស្សឲ្យពិចារណាក្រុមសាសនា ជាតិសម្ពន្ធ ឬវប្បធម៌មួយចំនួននៅក្នុងពិភពលោកនេះ ហើយគិតអំពីអាកប្បកិរិយាដែលមនុស្សខ្លះៗនៅក្នុងក្រុមទាំងនោះមានចំពោះសមាជិកនៃក្រុមដទៃទៀត ។
សូមរំឭកសិស្សថា ក្រោយពីមរណភាពរបស់លីហៃ កូនចៅរបស់លោកបានបែកខ្ញែកគ្នាជាពីរក្រុម ៖ សាសន៍នីហ្វៃ និងសាសន៍លេមិន ( សូមមើល នីហ្វៃទី២ ៥:១–៧ ) ។ មិនយូរប៉ុន្មាន បន្ទាប់ពីការបែកខ្ញែកនេះ ក្រុមទាំងពីបានចាប់ផ្ដើមទាស់ទែង និងធ្វើសង្គ្រាមជាមួយគ្នាទៅវិញទៅមក ( សូមមើល នីហ្វៃទី២ ៥:៣៤ ) ។ បទពិសោធន៍របស់ក្រុមទាំងពីរនេះបង្ហាញថា ពេលមនុស្សមិនដឹង ហើយមិនធ្វើតាមព្រះបញ្ញត្តិរបស់ព្រះ ជាញឹកញាប់ ពួកគេសង្កត់ធ្ងន់លើភាពខុសគ្នារវាងពួកគេផ្ទាល់ និងអ្នកផ្សេងទៀត ដែលនាំឲ្យមានការបែកខ្ញែកពីអ្នកដទៃ ហើយមានអារម្មណ៍នៃការស្អប់ខ្ពើមចំពោះពួកគេ ។ សូមចង្អុលបង្ហាញថា ផ្ទុយទៅវិញ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ មានព្រះទ័យចង់ឲ្យមនុស្សទាំងអស់មានអារម្មណ៍នៃសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក ហើយរួបរួមគ្នា ។
សូមអញ្ជើញសិស្សបួនប្រាំនាក់ប្ដូរវេនគ្នាអានឮៗនៅក្នុង នីហ្វៃទី២ ២៦:២៣-២៨, ៣៣ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលរបៀបដែលនីហ្វៃបានប្រើពាក្យ គ្មានអ្នកណាម្នាក់ នរណាម្នាក់ និង ទាំងអស់គ្នា ។ សូមគិតពីការលើកទឹកចិត្តសិស្សឲ្យគូសចំណាំពាក្យទាំងនេះ នៅក្នុងព្រះគម្ពីររបស់ពួកគេ ។
-
តើគោលលទ្ធិសំខាន់អ្វី ដែលយើងរៀនចេញពីខគម្ពីរទាំងនេះ ? ( ទោះបីជាពួកគេអាចប្រើពាក្យសម្ដីខុសគ្នាមែន ក៏សិស្សគួរតែរកឃើញគោលលទ្ធិដូចតទៅនេះ ៖ ព្រះយេស៊ូវគ្រីស្ទស្រឡាញ់មនុស្សទាំងអស់គ្នា ហើយអញ្ជើញឲ្យមនុស្សទាំងអស់ចូលមករកទ្រង់ ហើយទទួលយកសេចក្ដីសង្គ្រោះរបស់ទ្រង់ ។ អ្នកអាចនឹងចង់សរសេរគោលលទ្ធិនេះនៅលើក្ដារខៀន ។ អ្នកអាចលើកទឹកចិត្តសិស្សឲ្យធ្វើបទគម្ពីរយោង នីហ្វៃទី២ ២៦:៣៣ ជាមួយនឹង អាលម៉ា ៥:៣៣–៣៤ និង អាលម៉ា ១៩:៣៦ ) ។
សូមទុកពេលឲ្យសិស្សពីរបីនាទីដើម្បីអានដោយស្ងាត់ស្ងៀមនៅក្នុង យ៉ាកុប ៧:២៤ និង អេណុស ១:១១, ២០ ដោយរកមើលបំណងប្រាថ្នារបស់ពួកសាសន៍នីហ្វៃ ដែលមានចំពោះពួកសាសន៍លេមិន អំឡុងពេលរបស់ព្យាការីយ៉ាកុប និងអេណុស ។
-
តើសណ្តាប់ខុសឆ្គងអ្វីខ្លះ ដែលរារាំងពួកសាសន៍លេមិន ពីការទទួលយកការអញ្ជើញឲ្យមករកព្រះយេស៊ូវគ្រីស្ទ ?
-
ការដឹងថា ពួកលេមិនតែងមានអារម្មណ៍ស្អប់ខ្ពើមចំពោះពួកសាសន៍នីហ្វៃជាញឹកញាប់ នោះតើពួកសាសន៍នីហ្វៃជាច្រើន ត្រូវយកឈ្នះលើអាកប្បកិរិយា ឬសណ្តាប់ខុសឆ្គងអ្វីខ្លះ ដើម្បីចែកចាយដំណឹងល្អជាមួយពួកគេនោះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដាល្លិន អេក អូក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ព្រះគម្ពីរមរមនសន្យាថា មនុស្សទាំងអស់ដែលទទួល ហើយប្រព្រឹត្តតាមការអញ្ជើញរបស់ព្រះអម្ចាស់ដែលឲ្យ ‹ ប្រែចិត្ត ហើយជឿដល់ព្រះរាជបុត្រាទ្រង់ › នឹងក្លាយជា ‹ រាស្ត្រនៅក្នុងសេចក្ដីសញ្ញានៃព្រះអម្ចាស់ › ( នីហ្វៃទី២ ៣០:២ ) ។ នេះជាការរំឭកដ៏មានអានុភាពថា មិនមែនភាពមានបាន ឬវង្សត្រកូល ឬអភ័យឯកសិទ្ធិណាផ្សេងទៀតនៃកំណើត ដែលគួរតែធ្វើឲ្យយើងជឿថា យើង ‹ គ្រាន់បើជាងអ្នកឯទៀត › នោះ ទេ ( អាលម៉ា ៥:៥៤; សូមមើលផងដែរ យ៉ាកុប ៣:៩ ) ។ ពិតណាស់ ព្រះគម្ពីរមរមនបង្គាប់ថា ‹ អ្នករាល់គ្នាមិនត្រូវលើកតម្កើងមនុស្សម្នាក់ជាងមនុស្សម្នាក់ផ្សេងទៀតឡើយ › ( ម៉ូសាយ ២៣:៧ ) » ( «All Men Everywhere» Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ៧៩ ) ។
សូមអញ្ជើញសិស្សឲ្យយកពេលមួយស្របក់គិតពីអាកប្បកិរិយារបស់ពួកគេចំពោះបុគ្គលទាំងឡាយ ដែលមានសាវតាខុសពីខ្លួន ។ សូមលើកទឹកចិត្តពួកគេឲ្យធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ដោយការពុះពារព្យាយាមស្រឡាញ់បុត្រាបុត្រីទាំងអស់របស់ព្រះ រួមទាំងពួកអ្នកដែលមានជាតិសម្ពន្ធ វប្បធម៌ ឬសាសនាខុសពីខ្លួនផងដែរ ។
ម៉ូសាយ ២៨:១–៣, ហេលេមិន ៦:១–៨
ការបង្កើនបំណងប្រាថ្នាដើម្បីចែកចាយដំណឹងល្អ ជាមួយបុត្រាបុត្រីទាំងអស់របស់ព្រះ
សូមរំឭកសិស្សថា ព្រះគម្ពីរមរមនបានកត់ត្រានូវបទពិសោធន៍ដ៏គួរឲ្យកត់សម្គាល់នានា ដែលពួកសាសន៍នីហ្វៃបានមាន ខណៈកំពុងផ្សព្វផ្សាយដំណឹងល្អ ដល់ពួកសាសន៍លេមិន ។ សូមរំឭកសិស្សអំពីការប្រែចិត្តជឿដ៏អស្ចារ្យរបស់ពួកបុត្រានៃម៉ូសាយ ( សូមមើលម៉ូសាយ ២៧ ) ហើយបន្ទាប់មកឲ្យសិស្សម្នាក់អាន ម៉ូសាយ ២៨:១-៣ ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្វែងរកមូលហេតុដែលពួកបុត្រានៃម៉ូសាយ មានបំណងប្រាថ្នាផ្សព្វផ្សាយដំណឹងល្អទៅដល់ពួកសាសន៍លេមិន ។
-
ក្នុងចំណោមមូលហេតុទាំងឡាយដែលអ្នករកឃើញ តើមូលហេតុណាខ្លះ ដែលមានអត្ថន័យជាពិសេសចំពោះអ្នក ពេលអ្នកគិតអំពីការចែកចាយដំណឹងល្អជាមួយអ្នកដទៃទៀត ?
-
នៅក្នុង ខ ១ តើពាក្យមួយណា ដែលបង្ហាញពីរបៀបដែលពួកបុត្រានៃម៉ូសាយមើលទៅពួកសាសន៍លេមិន ?
-
តើបំណងប្រាថ្នារបស់យើងដើម្បីចែកចាយដំណឹងល្អត្រូវបានជះឥទ្ធិពលយ៉ាងណា ពេលដែលយើងមើលទៅក្រុមអ្នកដែលនៅសាសនា ពូជសាស្ត្រ ឬជាតិសម្ពន្ធផ្សេងទៀត ថាជាបងប្អូនប្រុសស្រីរបស់យើងនោះ ? ( នៅពេលសិស្សឆ្លើយ សូមជួយសិស្សឲ្យរកឃើញគោលការណ៍ដូចតទៅនេះ ៖ ពេលយើងមើលទៅអ្នកដទៃថាជាបងប្អូនប្រុសស្រីរបស់យើង នោះបំណងប្រាថ្នារបស់យើងដើម្បីចែកចាយដំណឹងល្អជាមួយពួកគេនឹងកើនឡើង ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហាវើដ ដបុលយូ ហឹនធើរ ( ឆ្នាំ ១៩០៧-៩៥ ) ៖
« បុរស និងស្ត្រីទាំងអស់ ពុំត្រឹមតែមានជាប់ពូជពង្សគ្នាខាងសាច់ឈាមដែលនាំត្រឡប់ទៅដល់អ័ដាម និងអេវ៉ា ជាឪពុកម្ដាយដើមលើផែនដីប៉ុណ្ណោះទេ តែថែមទាំងកេរដំណែលខាងវិញ្ញាណមួយដែលនាំត្រឡប់ទៅព្រះជាព្រះវរបិតាទៀតផង ។ ហេតុដូច្នោះហើយ មនុស្សទាំងអស់នៅលើផែនដី គឺពិតជាបងប្អូនប្រុសស្រីនៅក្នុងក្រុមគ្រួសារនៃព្រះ ។
« វាគឺនៅក្នុងការយល់ដឹង និងការទទួលភាពជាបិតាជាទូទៅរបស់ព្រះនេះហើយ ដែលមនុស្សលោកទាំងអស់អាចមានអំណរគុណបំផុតចំពោះការខ្វល់ខ្វាយរបស់ព្រះចំពោះពួកគេ និងទំនាក់ទំនងរបស់ពួកគេចំពោះគ្នាទៅវិញទៅមក ។ នេះគឺជាសារនៃជីវិត និងសេចក្ដីស្រឡាញ់ ដែលបំបាក់ដោយសុចរិតទាស់នឹងសណ្តាប់ដ៏តឹងតែងទាំងឡាយដែលផ្អែកលើពូជសាសន៍ ភាសា ជំហរសេដ្ឋកិច្ច ឬនយោបាយ កម្រិតអប់រំ ឬសាវតាខាងវប្បធម៌ ដ្បិតយើងទាំងអស់គ្នាជាពូជពង្សខាងវិញ្ញាណដូចតែគ្នា » ( Teachings of Presidents of the Church: Howard W. Hunter [ ឆ្នាំ ២០១៥ ] ទំព័រ ១២៣-២៤ ) ។
-
តើអ្នកមានគំនិតដូចម្តេចខ្លះ នៅពេលអ្នកឮពាក្យទាំងនេះពីប្រធាន ហឹនធើរ ?
សូមទុកពេលឲ្យសិស្សពីរបីនាទីដើម្បីអាន ហេលេមិន ៦:១–៨ ។ សូមចង្អុលបង្ហាញថា កាលៈទេសៈទាំងឡាយដែលបានពិពណ៌នានៅក្នុងខគម្ពីរទាំងនេះ បានកើតឡើងប្រហែល ៥០ ឆ្នាំ បន្ទាប់ពីពួកបុត្រានៃម៉ូសាយ បានបម្រើបេសកកម្មរបស់ខ្លួនទៅកាន់ពួកសាសន៍លេមិន ។ សូមឲ្យសិស្សគិតអំពី ស្ថានភាពទំនាក់ទំនងរវាងសាសន៍នីហ្វៃ និងសាសន៍លេមិន នៅពេលពួកគេបម្រើបេសកកម្មទាំងនោះ ហើយរកមើលថា តើទំនាក់ទំនងនោះបានផ្លាស់ប្ដូរយ៉ាងណានៅក្នុងរយៈ ៥០ ឆ្នាំ ។
-
តើមានការផ្លាស់ប្ដូរអ្វីខ្លះ នៅក្នុងទំនាក់ទំនងរវាងពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន ? ហេតុអ្វីទំនាក់ទំនងនោះបានផ្លាស់ប្ដូរ ?
-
តើយើងអាចរៀនអ្វីខ្លះ អំពីការចែកចាយដំណឹងល្អ ដែលចេញពីអាកប្បកិរិយានៃពួកបុត្រារបស់ម៉ូសាយ និងចេញពីលទ្ធផលនៃបេសកកម្មរបស់ពួកគេ ?
អាលម៉ា ២៧:១–២, ២០–២៤, ៥៣:១០–១១, ១៣–១៧, នីហ្វៃទី៤ ១:១–៣, ១១–១៣, ១៥–១៨
ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ គឺធំធេងជាងភាពខុសគ្នារវាងមនុស្សនិងមនុស្សទៅទៀត
សូមអញ្ជើញសិស្សឲ្យពិចារណាសំណួរដូចខាងក្រោម ហើយចែកចាយគំនិតរបស់គេ ៖
-
តើអ្នកគិតថា ហេតុអ្វីបុគ្គលទាំងឡាយដែលមានសាវតាខុសៗគ្នាជាច្រើន អាចជួបជុំគ្នាក្នុងស្មារតីតែមួយនៃភាពសុខសាន្ត និងសេចក្ដីស្រឡាញ់នៅក្នុងសាសនាចក្របាន ? តើអ្វីទៅដែលបង្រួបបង្រួមសមាជិកសាសនាចក្រ ?
សូមបែងចែកថ្នាក់ជាពីរក្រុម ។ សូមអញ្ជើញសិស្សពាក់កណ្ដាលថ្នាក់ឲ្យសិក្សា អាលម៉ា ២៧:១–២, ២០–២៤ ហើយរកមើលអ្វីដែលពួកសាសន៍នីហ្វៃបានធ្វើ ដើម្បីជួយដល់ប្រជាជនអាន់តៃ-នីហ្វៃ-លីហៃ ? សូមអញ្ជើញសិស្សពាក់កណ្ដាលថ្នាក់ ទៀតឲ្យសិក្សា អាលម៉ា ៥៣:១០-១១, ១៣-១៧ ហើយរកមើលអ្វីដែលប្រជាជនអាន់តៃ-នីហ្វៃ-លីហៃ ( ប្រជាជនអាំម៉ូន ) បានធ្វើសម្រាប់ពួកសាសន៍នីហ្វៃ ? បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយនោះ សូមឲ្យសិស្សចែកចាយអ្វីដែលពួកគេបានឃើញ ។
-
តើអ្នកគិតថា អ្វីដែលបណ្ដាលឲ្យក្រុមទាំងពីរនេះ មានអារម្មណ៍នៃសេចក្ដីស្រឡាញ់បែបនោះចំពោះគ្នាទៅវិញទៅមក ? ( ជាផ្នែកនៃការពិភាក្សានេះ សូមជួយសិស្សឲ្យរកឃើញគោលការណ៍ដូចតទៅនេះ ៖ ពេលមនុស្សឱបក្រសោបនូវការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ នោះពួកគេប្រែជារួបរួមគ្នាទៅវិញទៅមក ) ។
សូមពន្យល់ថា ការបង្ហាញដ៏ប្រពៃមួយអំពីគោលការណ៍នេះ គឺមាននៅក្នុង នីហ្វៃទី៤ ។ សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី៤ ១:១-២ ឮៗ ។ សូមសង្កត់ធ្ងន់ថា បន្ទាប់ពីការយាងមករបស់ព្រះអង្គសង្គ្រោះដល់ទ្វីបអាមេរិក ពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិនទាំងអស់បានប្រែចិត្ត បានជ្រមុជទឹក បានទទួលព្រះវិញ្ញាណបរិសុទ្ធ ហើយបានប្រែចិត្តជឿលើព្រះអម្ចាស់ ។ សូមចាត់ឲ្យសិស្សស្រាវជ្រាវ នីហ្វៃទី៤ ១:៣, ១១–១៣, ១៥–១៨ ដោយរកមើលពរជ័យទាំងឡាយ ដែលប្រជាជនបានដកពិសោធន៍ ពេលដែលមនុស្សគ្រប់គ្នាបានប្រែចិត្តជឿលើដំណឹងល្អ ។
-
តើពាក្យ ឬឃ្លាណាខ្លះ ដែលពិពណ៌នាអំពីមនុស្សនៅជំនាន់នោះ ?
-
ហេតុអ្វីការរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទទទួលបាននូវពរជ័យទាំងនេះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន នីហ្វៃទី៤ ១:១៧ ឮៗ ។
-
តើអ្នកគិតថា ឃ្លា « គ្មានពួកណាផ្សេងទៀតឡើយ » មានន័យដូចម្ដេចដែរ ? ( ប្រជាជនលែងញែកខ្លួនគេចេញពីគ្នាជាមួយនឹងងារដូចជាសាសន៍នីហ្វៃ ឬសាសន៍លេមិន ទៀតហើយ ។ ពួកគេយកឈ្នះរាល់ភាពខុសគ្នាដែលមានរវាងពួកគេ ហើយបានរស់នៅដោយភាពសាមគ្គី និងសុខសាន្ត ) ។
-
តើអ្នកបានឃើញថា ដំណឹងល្អកាត់បន្ថយនូវភាពខុសគ្នារវាងប្រជាជនដែលមានសាវតាខុសគ្នាយ៉ាងដូចម្ដេចដែរ ?
ដើម្បីជួយឲ្យការយល់ដឹងរបស់សិស្សកាន់តែស៊ីជម្រៅ អំពីរបៀបដែលការរស់នៅតាមដំណឹងល្អបង្រួបបង្រួមប្រជាជនដែលមានសាវតាខុសគ្នា សូមចែកចាយសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយអែលឌើរ រីឆាដ ជី ស្កត ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ព្រះវរបិតាសួគ៌របស់អ្នក បានចាត់អ្នកឲ្យកើតមកក្នុងពូជពង្សជាក់លាក់ ដែលអ្នកបានទទួលមរតកនៃពូជសាសន៍ វប្បធម៌ និងប្រពៃណីនានា ។ ពូជពង្សនោះ អាចផ្ដល់នូវកេរដំណែលដ៏ថ្លៃថ្លា និងអាចផ្ដល់នូវមូលហេតុទាំងឡាយដើម្បីរីករាយ ។ តែអ្នកមានទំនួលខុសត្រូវដើម្បីកំណត់ថា បើមានផ្នែកណានៃកេរដំណែលនោះ ដែលត្រូវតែបះបង់ចោល ដោយសារវាប្រឆាំងនឹងផែនការនៃសុភមង្គលរបស់ព្រះ ។ …
« ខ្ញុំសូមថ្លែងទីបន្ទាល់ថា អ្នកនឹងដកចេញនូវរនាំងទាំងឡាយដែលរារាំងសុភមង្គល ហើយស្វែងរកភាពសុខសាន្តដែលកាន់តែធំធេង ពេលដែលអ្នកធ្វើឲ្យភក្ដីភាពដំបូងរបស់អ្នក ជាសមាជិកភាពនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ហើយធ្វើឲ្យការបង្រៀនរបស់ទ្រង់ជាគ្រឹះនៃជីវិតអ្នក ។ បើសណ្តាប់គ្រួសារ ឬជាតិសាសន៍ ឬទំនៀមទម្លាប់ទាស់នឹងការបង្រៀនរបស់ព្រះ នោះសូមទុកវាមួយឡែក ។ បើសណ្តាប់ និងទំនៀមទម្លាប់ស្របជាមួយនឹងការបង្រៀនរបស់ទ្រង់ នោះវាគប្បីត្រូវបានស្រឡាញ់បីបាច់ ហើយធ្វើតាម ដើម្បីថែរក្សាវប្បធម៌ និងកេរដំណែលរបស់អ្នក » ( «Removing Barriers to Happiness» Ensign, ខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ៨៦–៨៧ ) ។
-
តើអ្នកគិតថា ហេតុអ្វីភាពខុសគ្នារវាងប្រជាជនដែលមានសាវតាខុសគ្នាថមថយចុះ នៅពេលដែលប្រជាជនទាំងនេះដាក់ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ជាការគោរពទីមួយរបស់ខ្លួន ?
-
តើការក្លាយជាសមាជិកនៃសាសនាចក្រ បានជួយអ្នកឲ្យមានអារម្មណ៍រួបរួមជាមួយសមាជិកសាសនាចក្រនានា ដែលមានសាវតាខុសគ្នាពីអ្នក យ៉ាងដូចម្ដេចដែរ ?
សូមបញ្ចប់មេរៀន ដោយថ្លែងទីបន្ទាល់ថា ព្រះគម្ពីរមរមនរួមមាននូវគំរូពិតៗទាំងឡាយនៃរបៀបដែលប្រជាជនមកពីសាវតាខុសគ្នា បានរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ហើយបានយកឈ្នះនូវភាពខុសគ្នារបស់ពួកគេ ។ ដង្វាយធួន និងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទធំជាងភាពខុសគ្នាខាងពូជសាសន៍ ជាតិសម្ពន្ធ វប្បធម៌ អាយុ និងភេទផ្សេងៗទៀត ដើម្បីការរួបរួមបុត្រាបុត្រីនៃព្រះ ។
សូមលើកទឹកចិត្តសិស្សឲ្យពិចារណាពីរបៀបដែលដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ អាចជួយពួកគេយកឈ្នះលើសណ្តាប់ ឬគំនិតខុសឆ្គងណា ដែលបានរៀនពីសមាជិកគ្រួសារ ឬមិត្តភក្ដិ ឬឲ្យដោះស្រាយនូវភាពខុសគ្នាណាដែលពួកគេអាចមានជាមួយនរណាម្នាក់ដែលពួកគេស្គាល់ ។ សូមលើកទឹកចិត្តពួកគេឲ្យស្វែងរករបៀបដើម្បីឲ្យកាន់តែមានសាមគ្គីភាពជាមួយនឹងសមាជិកក្នុងក្រុមជំនុំក្នុងមូលដ្ឋានរបស់គេ ។
ការអានរបស់សិស្ស
-
នីហ្វៃទី២ ២៦:២៣–២៨, ៣៣, យ៉ាកុប ៧:២៤, អេណុស ១:១១, ២០, ម៉ូសាយ ២៨:១–៣, អាលម៉ា ២៧:១–២, ២០–២៤, ៥៣:១០–១១, ១៣–១៧, ហេលេមិន ៦:១–៨, នីហ្វៃទី៤ ១:១–៣, ១១–១៣, ១៥–១៨ ។
-
ដាល្លិន អេក អូក «All Men Everywhere» Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ៧៧–៨០ ។