មេរៀនទី ២០
ការពង្រឹងសេចក្ដីជំនឿ និងទីបន្ទាល់របស់យើង
សេចក្ដីផ្ដើម
សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ នាំមកនូវភាពរឹងមាំ និងការការពារខាងវិញ្ញាណចំពោះបុត្រាបុត្រីព្រះ ។ ព្រះគម្ពីរមរមនបង្ហាញពីលក្ខណៈ និងអាកប្បកិរិយាដែល អាចដឹកនាំបុគ្គលទាំងឡាយឲ្យចុះអន់ថយនៅក្នុងការឥតជំនឿ ។ ពួកព្យាការីនៅក្នុងព្រះគម្ពីរមរមន បានព្រមានពីអាកប្បកិរិយា និងលក្ខណៈទាំងនេះ ហើយបានបង្រៀនពីគោលការណ៍ដំណឹងល្អ ដែលនឹងបង្កើន ហើយពង្រឹងសេចក្ដីជំនឿ និងទីបន្ទាល់របស់យើង ។
ការអានពីសាវតា
-
នែល អិល អាន់ឌើរសិន «Spiritual Whirlwinds» Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៤ ១៨–២១ ។
-
អិល វិតនី ក្លេតុន «Choose to Believe» Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣៦-៣៩ ។
-
ឡារី អេស ខាឆើរ «Trifle Not with Sacred Things» Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ១០៤-៦ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី២ ១:១០–១១, ៩:២៨, ម៉ូសាយ ២:៣៦–៣៧, ២៦:១–៤, អាលម៉ា ១២:៩–១១, ៣១:៨–១១, ៤៦:៧–៨, ហេលេមិន ៤:១១–១៣, ១៣:២៤–២៦, មរមន ៩:៧–៨
អាកប្បកិរិយា និងឥរិយាបថ ដែលអាចធ្វើឲ្យអន្តរាយដល់សេចក្ដីជំនឿ និងទីបន្ទាល់
សូមបង្ហាញសំណួរខាងក្រោមនេះ ហើយអញ្ជើញសិស្សឲ្យឆ្លើយដោយសង្ខេប ៖
-
តើវាអាចកើតឡើងបានយ៉ាងដូចម្ដេចទៅ ដែលពួកអ្នកដែលធ្លាប់បានដកពិសោធន៍នូវពរជ័យទាំងឡាយនៃដំណឹងល្អ ហើយបែរជាបាត់បង់សេចក្ដីជំនឿ និងទីបន្ទាល់របស់ខ្លួនទៅវិញនោះ ?
សូមរំឭកសិស្សថា ព្យាការីលីហៃបានព្រមានថា កូនចៅរបស់លោកនឹងបាត់បង់សេចក្ដីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ និង ដំណឹងល្អរបស់ទ្រង់ នៅថ្ងៃណាមួយ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន នីហ្វៃទី២ ១:១០-១១ ឮៗ ហើយឲ្យសិស្សក្នុងថ្នាក់ឲ្យរកមើលឥទ្ធិពលដែលការឥតជំនឿមានទៅលើកូនចៅរបស់លីហៃ នៅទីបំផុត ។ ( វាអាចមានប្រយោជន៍ ដើម្បីពន្យល់ថា « ចុះអន់ថយក្នុងការឥតជំនឿ » មានន័យថា ចុះអន់ថយខាងវិញ្ញាណ ដោយសារការឥតជំនឿ ) ។
-
តើឥទ្ធិពលអ្វី ដែលការឥតជំនឿមានទៅលើពូជពង្សរបស់លីហៃ នៅទីបំផុត ?
សូមចង្អុលបង្ហាញថា ខណៈដែលមានកត្តាជាច្រើន ដែលនាំទៅរកការបំផ្លិចបំផ្លាញអារ្យធម៌នីហ្វៃ នោះឫសគល់ដែលនាំឲ្យមានឱនភាពនៃសាសន៍នីហ្វៃនោះគឺ ការបាត់បង់សេចក្ដីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ សម្រាប់ហេតុផលនេះ ពួកអ្នកសរសេរព្រះគម្ពីរមរមន បានព្រមានម្ដងហើយម្ដងទៀត អំពីឥរិយាបទ និងអាកប្បកិរិយានានា ដែលធ្វើឲ្យសេចក្ដីជំនឿលើព្រះអម្ចាស់ទន់ខ្សោយ ហើយក៏បានបង្រៀនឥតឈប់ឈរពីរបៀបដើម្បីកសាង និងពង្រឹងទីបន្ទាល់ ។
សូមឲ្យសិស្សម្នាក់អាន ម៉ូសាយ ២៦:១-៤ ឮៗ ហើយលើកទឹកចិត្តសិស្សក្នុងថ្នាក់ឲ្យរកមើលអាកប្បកិរិយា និងឥរិយាបទទាំងឡាយ ដែលធ្វើឲ្យសេចក្ដីជំនឿរបស់បុគ្គលមួយចំនួនចុះទន់ខ្សោយ ក្នុងអំឡុងរជ្ជកាលស្ដេចម៉ូសាយ ។
សូមអញ្ជើញសិស្សរកមើលគោលការណ៍មួយ ដែលមានបង្រៀននៅក្នុងខគម្ពីរទាំងនេះ អំពីអ្វីដែលកើតឡើងចំពោះប្រជាជនដែលជ្រើសរើសមិនជឿដំណឹងល្អ ហើយមិនអនុវត្តតាមសេចក្ដីពិត ។ ក្នុងចំណោមគោលការណ៍ទាំងឡាយ ដែលសិស្សអាចរកឃើញ រួមមានដូចខាងក្រោម ៖ ពេលមនុស្សជ្រើសរើសមិនជឿ ហើយមិនអនុវត្តតាមសេចក្ដីពិតទាំងឡាយដែលពួកគេត្រូវបានបង្រៀន នោះចិត្តរបស់ពួកគេក្លាយជារឹង ហើយពួកគេពុំអាចរីករាយនឹងពរជ័យទាំងឡាយនៃសេចក្ដីជំនឿ និងទីបន្ទាល់បានឡើយ ។
-
តើអ្នកគិតថា ហេតុអ្វីចិត្តរបស់ពួកគេរឹងចំពោះព្រះវិញ្ញាណ ពេលមនុស្សជ្រើសរើសមិនជឿ ហើយមិនអនុវត្តតាមសេចក្ដីពិតទាំងឡាយដែលពួកគេត្រូវបានបង្រៀន ?
ដើម្បីជួយសិស្សឲ្យរកមើលអាកប្បកិរិយា និងឥរិយាបថបន្ថែមទៀត ដែលអាចនាំទៅកាន់ការបាត់បង់សេចក្ដី ជំនឿ និងទីបន្ទាល់ សូមសរសេរបទគម្ពីរយោងខាងក្រោមនៅលើក្ដារខៀន ៖ សូមចាត់តាំងឲ្យសិស្សម្នាក់ៗអានវគ្គបទគម្ពីរមួយ ឬច្រើនជាងនោះ ហើយត្រូវប្រកដថា វគ្គបទគម្ពីរនីមួយៗត្រូវបានចាត់ទៅឲ្យសិស្ស ។ សូមឲ្យសិស្សស្រាវជ្រាវក្នុងវគ្គបទគម្ពីរដែលបានចាត់ទៅឲ្យពួកគេរកមើលអាកប្បកិរិយា និងឥរិយាបថនានា ដែលអាចនាំមនុស្សទៅកាន់ការបាត់បង់សេចក្ដីជំនឿ និងទីបន្ទាល់ ។
បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សចែកចាយពីអាកប្បកិរិយា និងឥរិយាបថនានា ដែលពួកគេបានរកឃើញ ហើយពន្យល់ពីរបៀបដែលការណ៍ទាំងនេះអាចធ្វើឲ្យសេចក្ដីជំនឿ និងទីបន្ទាល់ចុះទន់ខ្សោយ ។ សូមសង្ខេបចម្លើយរបស់សិស្សដាក់ នៅលើក្ដារខៀនក្បែរបទគម្ពីរយោងដែលត្រូវគ្នា ។
-
តើអ្នកគិតថា អាកប្បកិរិយា និងឥរិយាបថណាខ្លះក្នុងចំណោមនេះ ដែលមានគ្រោះថ្នាក់បំផុតដល់សមាជិកសាសនាចក្រដែលជាយុវមជ្ឈិមវ័យ នៅសព្វថ្ងៃនេះ ? ហេតុអ្វី ?
សូមឲ្យសិស្សជ្រើសរើសអាកប្បកិរិយា ឬឥរិយាបថមួយដែលមានរាយនៅលើក្ដារខៀន ហើយពន្យល់ពីអ្វីដែលយើងអាចធ្វើបាន ដើម្បីការពារទប់ទល់នឹងអាកប្បកិរិយា ឬឥរិយាបថនោះ ។
សូមទុកពេលឲ្យសិស្សមួយស្របក់ ដើម្បីសញ្ជឹងគិតថា អាកប្បកិរិយា ឬឥរិយាបថណាមួយដែលគំរាមកំហែងដល់សេចក្ដីជំនឿ និងទីបន្ទាល់របស់គេផ្ទាល់ ហើយថាអ្វីដែលពួកគេអាចធ្វើបាន ដើម្បីពង្រឹងខ្លួនឯង ។
នីហ្វៃទី២ ២៨:២១–២៣, មរមន ៥:១៦–១៨
លទ្ធផលនៃការបាត់បង់សេចក្ដីជំនឿ និង ទីបន្ទាល់
សូមរំឭកសិស្សថា ពេលដែលព្យាការីមរមន បានដឹកនាំពលទ័ពនីហ្វៃ នោះមានពេលមួយដែលលោកបានសង្កេតឃើញពីស្ថានភាពទុច្ចរិត និងអស់សង្ឃឹមរបស់ប្រជាជនលោក ។ សូមឲ្យសិស្សសិក្សា មរមន ៥:១៦–១៨ ដោយរកមើលការពិពណ៌នារបស់មរមន អំពីស្ថានភាពខាងវិញ្ញាណរបស់ប្រជាជនលោក ។
-
តើអ្នកគិតថា « គ្មានព្រះគ្រីស្ទ និងព្រះនៅក្នុងលោកិយ » មានន័យយ៉ាងណា ?
-
តើគោលការណ៍អ្វី ដែលយើងអាចរៀនចេញពីពាក្យសម្ដីរបស់មរមន អំពីពួកអ្នកដែលបាត់បង់សេចក្ដី ជំនឿលើព្រះអម្ចាស់ ហើយបដិសេធការប្រែចិត្តនោះ ? ( ទោះបីជាពួកគេអាចប្រើពាក្យសម្ដីខុសគ្នាមែន ក៏សិស្សគួរតែរកឃើញគោលការណ៍ដូចតទៅនេះ ៖ ប្រសិនបើយើងអនុញ្ញាតខ្លួនយើង ឲ្យបាត់បង់សេចក្ដីជំនឿ ហើយយើងបដិសេធការប្រែចិត្ត នោះព្រះវិញ្ញាណនឹងយាងចេញពីយើង ហើយយើងនឹងបាត់បង់ការដឹកនាំពីព្រះអម្ចាស់ ) ។
-
យោងតាម ខទី ១៨ តើមរមនបានព្រមានយើងថា អ្វីជាលទ្ធផលមកពីការបាត់បង់ការដឹកនាំរបស់ព្រះអម្ចាស់នោះ ?
សូមពន្យល់ថា នីហ្វៃបានបង្រៀនថា ដំណើរការនៃការបាត់បង់ព្រះវិញ្ញាណ និងការដែលត្រូវបាននាំទៅក្នុងសេវកភាពដោយអារក្ស ជាញឹកញាប់ គឺយឺតៗ ហើយសន្សឹមៗ ។ សូមឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗក្នុង នីហ្វៃទី២ ២៨:២១–២៣ ហើយឲ្យសិស្សក្នុងថ្នាក់រកមើលពាក្យ និងឃ្លាទាំងឡាយដែលពិពណ៌នាអំពីការចុះអន់ថយខាងវិញ្ញាណបន្ដិចម្ដងៗនេះ ។
-
តើអាកប្បកិរិយាអ្វីខ្លះ ដែលនីហ្វៃបានកំណត់ឃើញថា អាចដឹកនាំទៅកាន់ការចុះអន់ថយខាងវិញ្ញាណរបស់មនុស្សម្នាក់ ។
-
តើអ្នកគិតថាហេតុអ្វីអាកប្បកិរិយាទាំងនេះគ្រោះថ្នាក់ ជាពិសេសដល់សេចក្ដីជំនឿរបស់យើង ?
សូមឲ្យសិស្សម្នាក់អានឮៗនូវរឿងខាងក្រោមដោយប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ ៖
« ដូចជាសេចក្ដីពិតដែលត្រូវបានប្រទានដល់យើងមួយបន្ទាត់ម្ដងៗ ចំណែកឯពន្លឺក៏ភ្លឺបន្ដិចម្ដងៗកាលដែលយើងគោរពតាមដូចគ្នាដែរ ពេលយើងមិនគោរពតាម នោះទីបន្ទាល់របស់យើងអំពីសេចក្ដីពិតក៏ថយតិចទៅៗ រហូតស្ទើរតែមើលមិនឃើញបន្តិចម្ដងៗ ហើយភាពងងឹតក៏ចេះតែកើនឡើងយឺតៗ ដែលពួកអ្នកឆ្មើងឆ្មៃអាចបដិសេធដោយងាយថាអ្វីៗកំពុងផ្លាស់ប្ដូរនោះ ។
« ខ្ញុំបានឮពីអំនួតនៃបុរសម្នាក់ ដែលបានដើរចេញពីសាសនាចក្រដោយយឺតៗ ។ មុនដំបូង គាត់គ្រាន់តែឈប់បង្រៀនថ្នាក់សាលាថ្ងៃអាទិត្យរបស់គាត់ បន្ទាប់មកគាត់នៅឲ្យឆ្ងាយពីសាសនាចក្រ ហើយបន្ទាប់មកទៀតគាត់បានភ្លេចបង់ដង្វាយមួយភាគក្នុងដប់នៅពេលនោះ និងពេលក្រោយមកទៀត ។ … គាត់ពុំអាចដឹងពីភាពខុសគ្នានោះទេ តែខ្ញុំអាចដឹង ។ ពន្លឺនៅក្នុងកែវភ្នែករបស់គាត់ ហើយសូម្បីតែភាពចែងចាំងនៅលើផ្ទៃមុខរបស់គាត់ក៏ស្រអាប់ទៅដែរ ។ គាត់ពុំអាចប្រាប់ពីការផ្លាស់ប្ដូរបានទេ ដោយសារឥទ្ធិពលមួយក្នុងចំណោមឥទ្ធិពលទាំងឡាយនៃការមិនគោរពព្រះ ហាក់ដូចជាថា យើងបានបាត់បង់ក្ដីរំភើបខាងវិញ្ញាណល្មមដែលយើងមិនអាចប្រាប់បានថា យើងកំពុងនៅឆ្ងាយពីព្រះឡើយ ។ មិនត្រឹមតែទីបន្ទាល់អំពីសេចក្ដីពិតទេដែលសឹករេចរឹលយឺតៗនោះ តែសូម្បីតែការចងចាំថាតើវាមានភាពយ៉ាងណានៅក្នុងពន្លឺនោះ ក៏ចាប់ផ្ដើមហាក់ដូចជាការបំភាន់មួយចំពោះគាត់ដែរ » ( «A Life Founded in Light and Truth» [ ការប្រជុំធម្មនិដ្ឋាននៅសាកលវិទ្យាល័យព្រិកហាំ យ៉ង់ ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០០០ ] ទំព័រ ៣, speeches.byu.edu ) ។
-
តើអ្នកគិតថា អ្វីជាការចង្អុលបង្ហាញមួយចំនួន ដែលថាមនុស្សម្នាក់កំពុងចាប់ផ្ដើមបាត់បង់សេចក្ដីជំនឿ និងទីបន្ទាល់របស់គាត់នោះ ?
នីហ្វៃទី១ ១៥:៧–១១, នីហ្វៃទី២ ២៥:២៨–២៩, ម៉ូសាយ ៤:១១–១២, ១៥:១១, ហេលេមិន ១៥:៧–៨
ការពង្រឹងសេចក្ដីជំនឿ និងទីបន្ទាល់របស់យើង
សូមបង្ហាញ និងអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដី ថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« តាមធម្មជាតិ ដើមឈើដែលលូតលាស់ក្នុងបរិស្ថានដែលមានខ្យល់ខ្លាំងនឹងមានភាពកាន់តែរឹងមាំ ។ កាលខ្យល់បក់ខ្លាំងជុំវិញដើមឈើតូចមួយ វាជំរុញឲ្យផ្នែកខាងក្នុងនៃដើមឈើនោះធ្វើរឿងពីរយ៉ាង ។ ទីមួយ វាធ្វើឲ្យឫសលូតលាស់កាន់តែលឿន ហើយចាក់ឫសកាន់តែជ្រៅ ។ ទីពីរ កម្លាំងនៅក្នុងដើមឈើនោះ ចាប់ផ្ដើមបង្កើតទម្រង់កោសិកាដែលធ្វើឲ្យគល់ និងមែកឡើងក្រាស់ ហើយអាចបត់បែនទៅតាមសម្ពាធខ្យល់បាន ។ ឫស និងមែកដ៏រឹងមាំទាំងនេះ ការពារដើមឈើនោះពីខ្យល់ដែលនឹងកើតមានម្ដងទៀត ។
« អ្នកពិតជាមានតម្លៃចំពោះព្រះលើសពីដើមឈើមួយដើមទៅទៀត ។ អ្នកជាបុត្រា និងបុត្រីនៃទ្រង់ ។ ទ្រង់បានធ្វើឲ្យវិញ្ញាណអ្នករឹងមាំ ហើយធន់ទៅនឹងខ្យល់កួចនៃជីវិតនេះ ។ « ខ្យល់កួចនៅក្នុងភាពយុវវ័យរបស់អ្នក ដែលប្រៀបបាននឹងខ្យល់បក់បោកទៅលើដើមឈើតូចមួយ អាចបង្កើនកម្លាំងខាងវិញ្ញាណអ្នក ដោយរៀបចំអ្នកសម្រាប់អនាគត » ( «Spiritual Whirlwinds» Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១៨ ) ។
-
តើយើងអាចធ្វើអ្វីខ្លះ ដើម្បីទទួលបានកម្លាំងខាងវិញ្ញាណ ហើយអត់ទ្រាំនឹងឧបសគ្គនានាដែលមានមកលើសេចក្ដីជំនឿ និងទីបន្ទាល់របស់យើង ?
សូមរំឭកសិស្សថា ព្រះគម្ពីរមរមនរួមមាននូវគោលការណ៍ដំណឹងល្អ ដែលអាចដឹកនាំបុគ្គលទាំងឡាយដែលស្វែងរកសេចក្ដីជំនឿ និងទីបន្ទាល់ដែលកាន់តែរឹងមាំជាងមុន ។
សូមឲ្យសិស្សអាន នីហ្វៃទី២ ២៥:២៨-២៩ ឮៗ ហើយពន្យល់ថា ខគម្ពីរទាំងនេះសង្ខេបពីទេសនកថាដ៏មានអំណាចមួយ ដែលនីហ្វៃបានផ្ដល់ដល់ប្រជាជនរបស់លោក អំពីរបៀបដើម្បីបានសង្គ្រោះ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលអ្វី ដែលនីហ្វៃបានបង្រៀន ដែលជាការសម្រេចចិត្តដ៏សំខាន់បំផុត ដែលយើងនឹងត្រូវធ្វើនៅក្នុងជីវិតយើង ។
-
តើនីហ្វៃបានបង្រៀនអ្វី ដែលជាការសម្រេចចិត្តដ៏សំខាន់បំផុត ដែលយើងនឹងត្រូវធ្វើនៅក្នុងជីវិតយើង ? ( សូមជួយសិស្សឲ្យរកឃើញនូវគោលការណ៍ដូចតទៅនេះ ៖ បើយើងជ្រើសរើសជឿលើព្រះយេស៊ូវគ្រីស្ទ ហើយថ្វាយបង្គំទ្រង់ឲ្យអស់ពីសមត្ថភាព អស់ពីគំនិត អស់ពីកម្លាំង នោះយើងនឹងបន្តមានភាពរឹងមាំខាងវិញ្ញាណ ហើយមិនត្រូវបានបោះបង់ចោលឡើយ ) ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ អិល វិតនី ក្លេតុន នៃកុ្រមចិតសិបនាក់ ហើយឲ្យសិស្សម្នាក់អានវា ៖
« ព្យាការីជាច្រើនជំនាន់មកហើយបានលើកទឹកចិត្ត ហើយសុំអង្វរករយើងឲ្យជឿលើព្រះគ្រីស្ទ ។ …ការសម្រេចចិត្តជឿ គឺជាជម្រើសដ៏សំខាន់បំផុតដែលយើងធ្លាប់ធ្វើការសម្រេចចិត្ត ។ វាសម្រួចសម្រាំងរាល់ការសម្រេចចិត្តទាំងអស់របស់យើង ។ …
« ការជឿ និងទីបន្ទាល់ ព្រមទាំងសេចក្តីជំនឿគឺពុំមែនជាគោលការណ៍អកម្មនោះទេ ។ ការណ៍នោះ មិនគ្រាន់តែកើតឡើងចំពោះយើងឡើយ ។ ការជឿគឺជាអ្វីដែលយើងបានជ្រើសរើស—យើងសង្ឃឹមទទួលបានវា យើងធ្វើការដើម្បីទទួលវា ហើយយើងលះបង់ដើម្បីទទួលបានវា ។ យើងនឹងមិនមកជឿលើព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់ដោយចៃដន្យឡើយ លើកលែងតែយើងអធិស្ឋាន ឬបង់ដង្វាយមួយភាគក្នុងដប់ដោយខ្ជាប់ខ្ជួនប៉ុណ្ណោះ ។ យើងជ្រើសរើសដោយសកម្មដើម្បីជឿ គឺដូចជាយើងជ្រើសរើសដើម្បីកាន់តាមព្រះបញ្ញត្តិដទៃទៀតដែរ » ( «Choose to Believe» Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣៨ ) ។
-
តើអ្នកគិតថា « ការជឿ និងទីបន្ទាល់ ព្រមទាំងសេចក្តីជំនឿគឺពុំមែនជាគោលការណ៍អកម្ម » មានន័យដូចម្ដេច ?
-
តើអ្នកគិតថា ហេតុអ្វីការពុះពារព្យាយាមដើម្បីរស់នៅតាមគោលការណ៍នៃដំណឹងល្អ គឺជារបៀបដ៏ល្អបំផុត ដើម្បីពង្រឹងសេចក្ដីជំនឿ និងទីបន្ទាល់របស់យើង ?
ដើម្បីជួយសិស្សឲ្យរកឃើញរបៀបមួយចំនួន ដែលយើងអាចធ្វើការប្រឹងប្រែង ដើម្បីពង្រឹងសេចក្ដីជំនឿ និងទីបន្ទាល់ សូមសរសេរវគ្គបទគម្ពីរខាងក្រោមនៅលើក្ដារខៀន ហើយឲ្យសិស្សម្នាក់ៗអានដោយស្ងាត់ស្ងៀម យ៉ាងហោចណាស់ម្នាក់មួយវគ្គបទគម្ពីរ ៖ សូមអញ្ជើញពួកគេឲ្យរកមើលគោលការណ៍ទាំងឡាយ ដែលអាចជួយពួកយើងឲ្យពង្រឹងសេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។
សូមអញ្ជើញសិស្សឲ្យចែកចាយការយល់ដឹង ដែលពួកគេបានរកឃើញនៅក្នុងវគ្គបទគម្ពីរទាំងនេះ ។ អ្នកអាចអញ្ជើញសិស្សឲ្យថ្លែងទីបន្ទាល់ អំពីរបៀបដែលពួកគេបានអនុវត្តគោលការណ៍ទាំងនេះ ឬផ្សេងទៀតនៅក្នុងជីវិតរបស់ពួកគេ ហើយត្រូវបានប្រទានពរឲ្យមានសេចក្ដីជំនឿដែលកើនឡើងទៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ សូមលើកទឹកចិត្តដល់សិស្សឲ្យធ្វើការប្រឹងប្រែងដែលចាំបាច់ ដើម្បីពង្រឹងសេចក្ដីជំនឿរបស់ពួកគេលើព្រះអម្ចាស់ ។
ការអានរបស់សិស្ស
-
នីហ្វៃទី១ ១៥:៧–១១, នីហ្វៃទី២ ១:១០–១១, ៩:២៨ ២៥:២៨–២៩, ២៨:២១–២៣ ម៉ូសាយ ២:៣៦–៣៧, ៤:១១–១២, ១៥:១១, ២៦:១–៤, អាលម៉ា ១២:៩–១១, អាលម៉ា ៣១:៨–១១, ៤៦:៧–៨, ហេលេមិន ៤:១១–១៣, ១៣:២៤–២៦, ១៥:៧–៨, មរមន ៥:១៦–១៨, ៩:៧–៨ ។
-
អិល វិតនី ក្លេតុន «Choose to Believe» Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣៦-៣៩ ។