មេរៀនទី ២៧
សេចក្តីជំនឿ សេចក្តីសង្ឃឹម និងសេចក្ដីសប្បុរស
សេចក្ដីផ្ដើម
អាកប្បកិរិយានៃសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីសប្បុរស គឺចាំបាច់សម្រាប់មនុស្សទាំងអស់ណាដែលប្រាថ្នាចង់រស់នៅក្នុងទីវត្តមានរបស់ព្រះវរបិតារបស់យើងនៅឋានសួគ៌ ។ អាកប្បកិរិយាទាំងនេះ ជាអំណោយទានមកពីព្រះ ដែលមានដល់ពួកអ្នកទាំងឡាយដែលស្វែងរកវា ដោយការធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ។
ការអានពីសាវតា
-
ឌៀថើរ អេស្វ អុជដូហ្វ «The Infinite Power of Hope» Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២១–២៤ ។
-
រីឆាដ ជី ស្កត «The Transforming Power of Faith and Character» Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៤៣-៤៦ ។
យោបល់សម្រាប់ការបង្រៀន
អេធើរ ១២:២៨, មរ៉ូណៃ ១០:១៨–២១
សេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីសប្បុរស គឺចាំបាច់សម្រាប់សេចក្តីសង្គ្រោះ
សូមឲ្យសិស្សរៀបរាប់ឲ្យលឿនពីអាកប្បកិរិយាទាំងឡាយ ដែលពួកគេគិតថាសំខាន់ដើម្បីទទួលបានខណៈនៅក្នុងជីវិតរមែងស្លាប់នេះ ។ បន្ទាប់មក សូមឲ្យពួកគេរកមើលក្នុងចំណោមអាកប្បកិរិយាទាំងនោះ ថាអាកប្បកិរិយាណាខ្លះ ដែលពួកគេគិតថាសំខាន់បំផុត ដើម្បីគ្រងនគរនៃព្រះទុកជាមរតក ។
សូមរំឭកសិស្សថា ពេលមរ៉ូណៃកំពុងបញ្ចប់កិច្ចការរបស់លោកនៅលើផ្ទាំងមាស លោកបានសរសេរពាក្យសម្ដីចុងក្រោយមួយចំនួននៃការដាស់តឿនដល់ពួកអ្នកទាំងឡាយណា ដែលនឹងអានបញ្ជីនេះនៅថ្ងៃណាមួយ ។ ជាផ្នែកនៃដំបូន្មានរបស់លោក លោកបានលើកជាគោលនូវអាកប្បកិរិយាចំនួនបី ដែលចាំបាច់ចំពោះសេចក្ដីសង្គ្រោះរបស់យើង ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន មរ៉ូណៃ ១០:១៨-២១ ឮៗ ហើយឲ្យសិស្សក្នុងថ្នាក់ រកមើលពីអាកប្បកិរិយាទាំងបីនេះ ។
-
តើអ្នកគិតថា ចរិតលក្ខណៈនៃសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីសប្បុរស ចាំបាច់ខ្លាំងម៉្លេះចំពោះសេចក្តីសង្គ្រោះរបស់យើង ?
ដើម្បីជួយសិស្សឲ្យឆ្លើយសំណួរនេះ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន អេធើរ ១២:២៨ ឮៗ ហើយឲ្យសិស្សរកមើលគោលលទ្ធិដែលបានបង្រៀននៅក្នុងខគម្ពីរនេះ ។
-
តើមានគោលលទ្ធិអ្វី ដែលមានកត់ត្រានៅក្នុងខគម្ពីរនេះ ? ( សិស្សគួរតែរកឃើញនូវអ្វីដែលមានដូចតទៅនេះ ៖ ការអភិវឌ្ឍសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីសប្បុរស នាំយើងទៅរកព្រះយេស៊ូវគ្រីស្ទ ) ។
សូមអញ្ជើញសិស្សឲ្យរកមើលគោលការណ៍ និងគោលលទ្ធិទាំងឡាយ ពេញទាំងមេរៀននេះ ដែលអាចជួយពួកគេយល់ ហើយអភិវឌ្ឍអាកប្បកិរិយាសំខាន់ៗទាំងនេះកាន់តែពេញលេញ ។
អាលម៉ា ៣២:២៦–២៩, ៣៧–៤១, មរ៉ូណៃ ៧:២១, ២៥–២៨, ៣៣
សេចក្ដីជំនឿអនុញ្ញាតឲ្យយើង « ក្ដាប់ជាប់នូវគ្រប់ទាំងអ្វីៗដែលល្អ »
សូមសរសេរ ការបង្កើនសេចក្ដីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ នៅលើក្ដារខៀន ។
សូមរំឭកសិស្សថា ព្យាការីអាលម៉ា បានប្រើការប្រៀបធៀបអំពីគ្រាប់ពូជដែលលូតលាស់ ដើម្បីបង្រៀនពួកសាសន៍សូរាំ ពីរបៀបដើម្បីអភិវឌ្ឍសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ សូមឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗពី អាលម៉ា ៣២:២៦–២៩ ។ សូមលើកទឹកចិត្តសិស្សស្វែងរកឃ្លាទាំងឡាយ ដែលពិពណ៌នាពីអ្វីដែលយើងអាចធ្វើបាន ដើម្បីបង្កើនសេចក្ដីជំនឿរបស់យើង ។
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយឃ្លាមួយដែលពួកគេបានរកឃើញ ហើយពន្យល់ថាតើឃ្លានោះបង្រៀនអ្វី អំពីរបៀបដែលយើងអាចបង្កើនសេចក្ដីជំនឿរបស់យើង ។ នៅពេលសិស្សប្រាប់ពីឃ្លាទាំងនោះ អ្នកអាចនឹងចង់សរសេរវានៅក្រោមចំណងជើងនៅលើក្ដារខៀន ។ ឃ្លាទាំងឡាយអាចរួមមានដូចតទៅនេះ ៖ ភ្ញាក់ឡើង ហើយដាស់សមត្ថភាពទាំងឡាយរបស់ខ្លួន ធ្វើការពិសោធន៍ដល់ពាក្យសម្ដីរបស់ខ្ញុំ ចង់ជឿ ទុកកន្លែងមួយសម្រាប់ឲ្យគ្រាប់ពូជនោះ [ ព្រះបន្ទូល ] អាចដុះនៅក្នុងចិត្តរបស់អ្នក ។ បើចាំបាច់ សូមជួយសិស្សឲ្យយល់ថាពាក្យ សមត្ថភាព សំដៅដល់សមត្ថភាពរបស់យើងដើម្បីគិត និងប្រព្រឹត្ត ។
-
នៅក្នុង ខ ២៩ តើអ្នកគិតថា ហេតុអ្វីអាលម៉ាបានបង្រៀនថា សេចក្ដីជំនឿរបស់យើងនឹងមិនបានឥតខ្ចោះនោះទេ បន្ទាប់ពីធ្វើការពិសោធន៍នេះហើយនោះ ?
-
តើអ្នកគិតថា យើងត្រូវធ្វើអ្វីថែមទៀតដើម្បី ធ្វើឲ្យសេចក្ដីជំនឿយើងបានឥតខ្ចោះ ?
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យប្ដូរវេនគ្នាអាន អាលម៉ា ៣២:៣៧-៤១ ហើយឲ្យសិស្សក្នុងថ្នាក់រកមើលអ្វីដែលយើងត្រូវតែធ្វើ ដើម្បីអភិវឌ្ឍសេចក្ដីជំនឿដែលចាំបាច់ ដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។
-
តើគោលការណ៍អ្វី ដែលអាលម៉ាបានបង្រៀននៅក្នុងខគម្ពីរទាំងនេះ អំពីរបៀបដែលយើងអាចបន្តពង្រឹងសេចក្ដីជំនឿរបស់យើងនោះ ? ( សិស្សគួរតែរកឃើញគោលការណ៍ដូចតទៅនេះ ៖ បើយើងបីបាច់ព្រះបន្ទូលរបស់ព្រះដោយឧស្សាហ៍ព្យាយាមនៅក្នុងដួងចិត្តយើង នោះសេចក្តីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទនឹងកើនឡើង ។ សូមសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន) ។
-
តើអ្នកគិតថា បីបាច់ព្រះបន្ទូលរបស់ព្រះដោយឧស្សាហ៍ព្យាយាមមានន័យដូចម្តេច ? តើមានសកម្មភាពដ៏ខ្ជាប់ខ្ជួនណាខ្លះដែលយើងអាចធ្វើ ដើម្បីបីបាច់ព្រះបន្ទូលរបស់ព្រះ ហើយជួយឲ្យសេចក្ដីជំនឿលូតលាស់កាន់តែជ្រៅទៅក្នុងដួងចិត្តយើង ?
ដើម្បីជួយសិស្សឲ្យយល់ពីរបៀបដែលពួកគេអាចបីបាច់ព្រះបន្ទូលនៃព្រះ សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ ហើយសូមអញ្ជើញសិស្សម្នាក់ឲ្យអានវាឮៗ ខណៈសិស្សក្នុងថ្នាក់រកមើលគន្លឹះទាំងឡាយសម្រាប់ការបីបាច់សេចក្ដីជំនឿរបស់យើង ៖
« មិនថាយើងមានសេចក្ដីជំនឿក្នុងការគោរពព្រះខ្លាំងប៉ុណ្ណាទេ ក្នុងពេលឥឡូវនេះយើងនឹងនៅតែត្រូវពង្រឹងវាយ៉ាងខ្ជាប់ខ្ជួន និងបន្តផ្ដល់កម្លាំងដល់វាដោយឥតឈប់ឈរ ។ យើងអាចធ្វើវាបាន ដោយការសម្រេចចិត្តឥឡូវនេះ ដើម្បីឆាប់គោរព និងឆាប់តាំងចិត្តដើម្បីស៊ូទ្រាំ ។ ការរៀនដើម្បីចាប់ផ្ដើមឆាប់ៗ និងដើម្បីមានភាពនឹងន គឺជាកូនសោទាំងឡាយ ដើម្បីរៀបចំខាងវិញ្ញាណ ។ …
« … យើងសាងសេចក្ដី ជំនឿឲ្យហួសពីការសាកល្បងនៃការគោរពប្រតិបត្តិ ក្នុងពេលយ៉ាងយូរ និងតាមរយៈការសម្រេចចិត្តជារៀងរាល់ថ្ងៃរបស់យើង ។ យើងអាចសម្រេចចិត្តឥឡូវនេះ ដើម្បីធ្វើឲ្យឆាប់នូវអ្វី ក៏ដោយដែលព្រះស្នើពីយើង ។ ហើយយើងអាចសម្រេចចិត្ត ដើម្បីមានភាពរឹងមាំនៅក្នុងការសាកល្បងនៃការគោរពប្រតិបត្តិ ដែលសាងសេចក្ដីជំនឿដើម្បីលើកយើងឡើងឆ្លងកាត់ការសាកល្បងដ៏ធំធេងនានា ដែលប្រាកដជានឹងកើតឡើង » ( «Spiritual Preparedness: Start Early and Be Steady» Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៣៨, ៤០ ) ។
-
តើប្រធាន អាវរិង បានមានប្រសាសន៍ថា យើងត្រូវតែធ្វើអ្វី ដើម្បីពង្រឹង និងបីបាច់ដល់សេចក្ដីជំនឿរបស់យើង ?
-
តើអ្នកគិតថា ហេតុអ្វីការគោរពប្រតិបត្តិដ៏ខ្ជាប់ខ្ជួន និងជាប្រចាំថ្ងៃចំពោះព្រះបន្ទូលនៃ ព្រះ សំខាន់ខ្លាំងម្ល៉េះក្នុងការសាងសេចក្ដីជំនឿ និងការទុកចិត្តរបស់យើងទៅលើទ្រង់ ?
សូមអញ្ជើញសិស្សពីរបីនាក់ ឲ្យចែកចាយពីរបៀបដែលការធ្វើតាមគោលការណ៍ទាំងឡាយដែលបានបង្រៀនដោយអាលម៉ា បានជះឥទ្ធិពលលើសេចក្ដីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ ។
សូមប្រាប់សិស្សថា ព្យាការីមរមនបានថ្លែងទីបន្ទាល់អំពីសារៈសំខាន់ដ៏អស់កល្បនៃសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យប្ដូរវេនគ្នាអានឮៗចេញពីទីបន្ទាល់របស់មរមន នៅក្នុង មរ៉ូណៃ ៧:២១, ២៥-២៨, ៣៣ ខណៈដែលសិស្សក្នុងថ្នាក់សញ្ជឹងគិតពីអ្វី ដែលពួកគេអាចធ្វើបានដើម្បីបង្កើនសេចក្ដីជំនឿរបស់ខ្លួនលើព្រះអម្ចាស់ ហើយ « ក្ដាប់ជាប់នូវ » ពរជ័យទាំងឡាយដែលមរមនបានរៀបរាប់ ។
អេធើរ ១២:៤, ៨–៩, មរ៉ូណៃ ៧:៤០–៤២
សេចក្ដីសង្ឃឹម គឺជាយុថ្កាដល់ព្រលឹង
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន អេធើរ ១២:៨-៩ ឮៗ ហើយឲ្យសិស្សម្នាក់ទៀតអាន មរ៉ូណៃ ៧:៤០-៤២ ឮៗ ។ សូមឲ្យសិស្សស្វែងរកអាកប្បកិរិយាទាំងឡាយ ដែលយើងអាចទទួលបាន ពេលយើងអភិវឌ្ឍសេចក្ដីជំនឿ ។
-
យោងតាមវគ្គបទគម្ពីរទាំងនេះ តើអាកប្បកិរិយាអ្វីដែលបានមកដោយសារសេចក្ដីជំនឿរបស់យើង ?
សូមអានសេចក្ដីថ្លែងទាំងពីរខាងក្រោមនេះ ហើយឲ្យសិស្សរកមើលភាពខុសគ្នារវាងសេចក្ដីថ្លែងការណ៍ទាំងពីរនេះ ៖ (១) ខ្ញុំសង្ឃឹមថាវាមិនភ្លៀងទេថ្ងៃនេះ ។ (២) ខ្ញុំមានសេចក្ដីសង្ឃឹមថា បើខ្ញុំប្រែចិត្ត នោះខ្ញុំនឹងត្រូវបានអត់ទោសឲ្យតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។
-
តើការថ្លែងពីសេចក្ដីសង្ឃឹមទាំងនេះ ខុសគ្នាយ៉ាងដូចម្ដេច ? ( សេចក្ដីថ្លែងទីមួយគឺជាការប្រាថ្នាដែលមិនច្បាស់លាស់ ដែលចង់បានអ្វីមួយដែលហួសពីការគ្រប់គ្រងរបស់មនុស្សម្នាក់ ហើយទីពីរគឺជាសេចក្ដីថ្លែងពីទំនុកចិត្តដែលជំរុញឲ្យមានសកម្មភាព ) ។
ដើម្បីជួយសិស្សឲ្យយល់អត្ថន័យខាងព្រះគម្ពីរអំពីសេចក្ដីសង្ឃឹម សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃ គណៈប្រធានទីមួយ ៖
« សេចក្ដីសង្ឃឹមគឺ … ជាសេចក្ដីទុកចិត្តដ៏ស្ថិតស្ថេរថា ព្រះអម្ចាស់នឹងបំពេញសេចក្ដីសន្យារបស់ទ្រង់ចំពោះយើង ។ វាគឺជាទំនុកចិត្តថា បើយើងរស់នៅតាមច្បាប់របស់ព្រះ និងតាមពាក្យសម្ដីនៃពួកព្យាការីទ្រង់សព្វថ្ងៃនេះ នោះយើងនឹងទទួលបាននូវពរជ័យដែលគួរឲ្យប្រាថ្នានៅក្នុងពេលអនាគត ។ វាគឺជាការជឿ និងការរំពឹងទុកថា ការអធិស្ឋានរបស់យើងនឹងត្រូវឆ្លើយតប ។ វាគឺជាការបង្ហាញដោយទំនុកចិត្តសុទិដ្ឋិនិយម សេចក្ដីសាទរ និងសេចក្ដីខ្ជាប់ខ្ជួន ប្រកបដោយការអត់ធ្មត់ » ( «The Infinite Power of Hope» Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២២ ) ។
សូមអញ្ជើញសិស្សអានដោយស្ងាត់ស្ងៀមចេញ ពី មរ៉ូណៃ ៧:៤១ ហើយរកមើលថាតើ យើងនឹងមានសេចក្ដីសង្ឃឹមអ្វី ពេលយើងអភិវឌ្ឍសេចក្ដីជំនឿលើព្រះគ្រីស្ទ ។
-
តើគោលការណ៍អ្វី ដែលមរមនបានបង្រៀនទាក់ទងនឹងសេចក្ដីសង្ឃឹមនៅក្នុងខគម្ពីរនេះ ? ( សិស្សគួរតែរកឃើញនូវអ្វីដែលមានដូចតទៅនេះ ៖ នៅពេលយើងអភិវឌ្ឍសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ នោះយើងទទួលបាននូវសេចក្ដីសង្ឃឹមថា តាមរយៈដង្វាយធួន នោះយើងអាចត្រូវបានលើកឡើងទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច ) ។
-
តើអ្នកគិតថា ហេតុអ្វីសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងសេចក្ដីសង្ឃឹមមានទំនាក់ទំនងយ៉ាងជិតស្និតនឹងគ្នា ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន អេធើរ ១២:៤ ឮៗ ហើយឲ្យសិស្សក្នុងថ្នាក់រកមើលពីរបៀបដែលមរ៉ូណៃបានពិពណ៌នាអំពីសេចក្ដីសង្ឃឹម ។
-
តើការប្រើប្រាស់យុថ្ការបស់មរមន បង្រៀនយើងអ្វីខ្លះ អំពីសេចក្ដីសង្ឃឹម ? តើមនុស្សម្នាក់ដែលខ្វះសេចក្ដីជំនឿ ប្រៀបដូចទៅនឹងកប៉ាល់ឥតយុថ្កាដូចម្ដេចទៅ ?
សូមអញ្ជើញសិស្សពីរបីនាក់ ឲ្យថ្លែងទីបន្ទាល់ពីសេចក្ដីសង្ឃឹម ដែលមានដល់ជីវិតរបស់ពួកគេ ដោយសារសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
អេធើរ ១២:៣៣-៣៤, មរ៉ូណៃ ៧:៤៣-៤៨
សេចក្តីសប្បុរស គឺជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន មរ៉ូណៃ ៧:៤៣-៤៤ ឮៗ ហើយឲ្យសិស្សរកមើលអាកប្បកិរិយាអ្វី ដែលមរមនបានប្រកាសថា យើងត្រូវតែអភិវឌ្ឍ ពេលយើងមានសេចក្តីជំនឿ និងសេចក្ដីសង្ឃឹម ។
សូមបង្ហាញនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« ប្រសិនបើយើងព្យាយាមដោយពិតដើម្បីក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ និងលោកគ្រូរបស់យើង នោះការរៀនស្រឡាញ់ដូចជាទ្រង់ស្រឡាញ់ គប្បីជាគោលដៅដ៏ខ្ពស់បំផុតរបស់យើង ។ មរមនបានហៅសេចក្ដីសប្បុរសថាជា ‹ សេចក្ដីដ៏មហិមាបំផុត › ( មរ៉ូណៃ ៧:៤៦ ) » ( «Godly Characteristics of the Master» Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៤៧ ) ។
ដើម្បីបញ្ជាក់ពីមូលហេតុដែលសេចក្ដីសប្បុរសជាអាកប្បកិរិយាមួយបែបដ៏សំខាន់ដែលត្រូវស្វែងរកនោះ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យប្ដូរវេនគ្នាអានឮៗចេញពី មរ៉ូណៃ ៧:៤៥-៤៧ ។ សូមចង្អុលបង្ហាញថា ខគម្ពីរទាំងនេះជួយយើងឲ្យយល់ពីសេចក្ដីសប្បុរស ដោយការរៀបរាប់ថាអ្វីជាសេចក្ដីសប្បុរស ហើយអ្វីដែលមិនមែន ។
-
តើពាក្យ និងឃ្លាអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ដែលទាក់ទងនឹងសារៈសំខាន់នៃសេចក្ដីសប្បុរស ?
-
តើអ្នកអាចចែកចាយនូវគំនិត ឬការយល់ដឹងអ្វីខ្លះ អំពីអាកប្បកិរិយាទាំងឡាយនៃសេចក្ដីសប្បុរស ដែលមានរៀបរាប់នៅក្នុង ខ ៤៥ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន មរ៉ូណៃ ៧:៤៨ ឮៗ ។
-
តើមរ៉ូណៃបានទូន្មានយើងឲ្យធ្វើអ្វីខ្លះ ពេលយើងស្វែងរកអំណោយទាននៃសេចក្ដីសប្បុរសនោះ ? ( សូមជួយសិស្សឲ្យរកឃើញនូវគោលការណ៍ដូចតទៅនេះ ៖ ប្រសិនបើយើងអធិស្ឋានដោយអស់ពីថាមពលនៃដួងចិត្ត ហើយធ្វើតាមព្រះយេស៊ូវគ្រីស្ទ នោះយើងអាចត្រូវបានបំពេញដោយសេចក្ដីសប្បុរស ) ។
-
តើការស្វែងរកអំណោយទាននៃសេចក្ដីសប្បុរស ជួយយើងឲ្យក្លាយទៅជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទកាន់តែល្អប្រសើរយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន អេធើរ ១២:៣៣-៣៤ ឮៗ ខណៈសិស្សក្នុងថ្នាក់រកមើលទំនាក់ទំនងរវាងសេចក្ដីសប្បុរស និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
តើអ្វីជាទំនាក់ទំនងរវាងសេចក្ដីសប្បុរស និងដង្វាយធួន ?
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« និយមន័យដែលកាន់តែអស្ចារ្យនៃឃ្លាថា ‹ សេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ › … មិនមែនជាអ្វីដែលយើងជាពួកគ្រីស្ទានព្យាយាម តែភាគច្រើនមិនបានបង្ហាញឲ្យអ្នកផ្សេងទៀតឃើញនោះទេ ប៉ុន្តែជាអ្វីដែលព្រះគ្រីស្ទមានជោគជ័យទាំងស្រុងក្នុងការបង្ហាញដល់យើង ។ សេចក្ដីសប្បុរសដ៏ពិត ត្រូវបានស្គាល់តែម្ដងគត់ ។ វាត្រូវបានបង្ហាញយ៉ាងច្បាស់ និងយ៉ាងបរិសុទ្ធនៅក្នុងសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ ដ៏ខ្ពង់ខ្ពស់បំផុត និងដ៏ធួនរបស់ព្រះគ្រីស្ទសម្រាប់យើង ។ … វាគឺជាសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទមានសម្រាប់យើង ដែល ‹ ទ្រាំទ្រការណ៍ទាំងអស់ ជឿដល់ការណ៍ទាំងអស់ សង្ឃឹមដល់ការណ៍ទាំងអស់ ហើយស៊ូទ្រាំទ្រការណ៍ទាំងអស់ › ។ វាត្រូវបានបង្ហាញនៅក្នុងព្រះគ្រីស្ទថា ‹ សេចក្ដីសប្បុរសពុំបាត់បង់ទៅឡើយ › ។ វាគឺជាសេចក្ដីសប្បុរសនោះ—ជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធរបស់ទ្រង់មានសម្រាប់យើង—ដែលបើគ្មានវាទេ យើងនឹងគ្មានជាអ្វីទាំងអស់ អស់សង្ឃឹមជាបុរស និងស្ត្រីដែលវេទនាបំផុត ។ ពិតណាស់ ពួកអ្នកដែលមានសេចក្ដីសប្បុរស នឹងទទួលបានពរជ័យនៃសេចក្ដីស្រឡាញ់របស់ទ្រង់នៅថ្ងៃចុងក្រោយ—ដង្វាយធួន ដំណើររស់ឡើងវិញ ជីវិតដ៏នៅអស់កល្បជានិច្ច ការសន្យាដ៏អស់កល្ប—ពិតណាស់ នឹងបានស្រួលទាំងអស់ដល់អ្នកនោះហើយ » ( Christ and the New Covenant [ ឆ្នាំ ១៩៩៧ ] ទំព័រ ៣៣៦ ) ។
-
តើអែលឌើរ ហូឡិន បានជួយអ្នកឲ្យយល់ពីមូលហេតុដែល « សេចក្ដីសប្បុរសពុំបាត់បង់ទៅឡើយ » និងមូលហេតុដែលវាគឺអំណោយទានខាងវិញ្ញាណដ៏ « មហិមាបំផុត » យ៉ាងដូចម្ដេចដែរ ?
-
តើអ្នកអាចនឹងធ្វើអ្វី ដើម្បីចែកចាយជាមួយអ្នកផ្សេងទៀតនូវសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធរបស់ព្រះយេស៊ូវគ្រីស្ទថា ទ្រង់បានប្រទានដល់អ្នកដោយសេរី ?
សូមឲ្យសិស្សរំឭក មរ៉ូណៃ ៧:៤៥ ហើយបន្ទាប់មកដាក់គោលដៅមួយ ដើម្បីអធិស្ឋាន និងធ្វើការអភិវឌ្ឍឲ្យបានកាន់តែពេញលេញ នូវអាកប្បកិរិយាមួយនៃសេចក្ដីសប្បុរស ។ សូមថ្លែងទីបន្ទាល់ អំពីជំនួយដ៏ទេវភាព ដែលអ្នកបានទទួលពេលដែលអ្នកបានធ្វើការអភិវឌ្ឍសេចក្ដីសប្បុរសខ្លួនអ្នកផ្ទាល់ ។
ការអានរបស់សិស្ស
-
អាលម៉ា ៣២:២៦–២៩, ៣៧–៤១, អេធើរ ១២:៤, ៨–៩, ២៨, ៣៣–៣៤, មរ៉ូណៃ ៧:២១, ២៥–២៨, ៣៣, ៤០–៤៨, ១០:១៨–២១ ។
-
ឌៀថើរ អេស្វ អុជដូហ្វ «The Infinite Power of Hope» Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២១–២៤ ។