មេរៀនទី ១៩
ការការពារសេរីភាពខាងសាសនា
សេចក្ដីផ្ដើម
សេរីភាពខាងសាសនា គឺជាអភ័យឯកសិទ្ធិដ៏ពិសិដ្ឋ ដើម្បីជឿ និងប្រព្រឹត្ត ពេលដែលយើងជ្រើសរើស—គឺដើម្បីកំណត់ខ្លួនឯងឲ្យច្បាស់ ហើយបន្ទាប់មករស់នៅក្នុងរបៀបដែលសម្បជញ្ញៈរបស់យើងតម្រូវ—ខណៈពេលជាមួយគ្នានឹងការគោរពដល់សិទ្ធិអ្នកដទៃ ( សូមមើល គ. និង ស. ១៣៤:៤ ) ។ នៅក្នុងមេរៀននេះ សិស្សនឹងពិនិត្យមើលដំណើររឿងក្នុងព្រះគម្ពីរមរមន ដែលនៅក្នុងនោះ បុគ្គល និងក្រុមមនុស្សទាំងឡាយ បានព្យាយាមផ្ដួលរំលំសាសនាចក្រនៃព្រះ ហើយរំលាយចោលនូវសិទ្ធិ និងសេរីភាពខាងសាសនា ។ សិស្សនឹងត្រូវបានរំឭកថា សេរីភាពខាងសាសនាត្រូវតែត្រូវបានការពារ និងថែរក្សានៅសព្វថ្ងៃនេះ ។
ការអានពីសាវតា
-
រ៉ូបឺត ឌី ហែល «Preserving Agency, Protecting Religious Freedom» Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១១១-១៣ ។
-
ដាល្លិន អេក អូក «Balancing Truth and Tolerance» Ensign ខែ កុម្ភៈ ឆ្នាំ ២០១៣ ទំព័រ ២៤–៣១ ។
-
«Why We Need Religious Freedom» mormonnewsroom.org/article/why-religious-freedom.
-
«An Introduction to Religious Freedom» mormonnewsroom.org/article/introduction-religious-freedom.
យោបល់សម្រាប់ការបង្រៀន
ម៉ូសាយ ២៩:១០–១១, ១៦–១៨, ២៥–២៦, ៣២, អាលម៉ា ៣០:៧–៩
សារៈសំខាន់នៃសិទ្ធិជ្រើសរើស និងសេរីភាពខាងសាសនា
សូមរំឭកសិស្សថា មុនពេលយើងបានមកកាន់ផែនដីនេះ យើងបានចូលរួមក្នុងក្រុមប្រឹក្សានៅស្ថានសួគ៌ ។ សូមឲ្យសិស្សចែកចាយពីគោលបំណងចម្បងៗមួយចំនួន និងលទ្ធផលនៃការប្រឹក្សានេះ ។ បន្ទាប់មក សូមបង្ហាញ ហើយអានឮៗចេញពីសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ដែលថ្លែងដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩-១៩៩៤ ) ៖
« បញ្ហាសំខាន់នៅក្នុងការប្រឹក្សានៃជីវិតមុនផែនដីនោះគឺ ៖ តើបុត្រាបុត្រីនៃព្រះមានសិទ្ធិជ្រើសរើសដែលគ្មានអ្វីរារាំង ដើម្បីជ្រើសរើសផ្លូវដែលពួកគេគួរដើរតាម មិនថាល្អ ឬអាក្រក់ ឬក៏តើពួកគេគួរតែត្រូវបានបង្ខិតបង្ខំឲ្យគោរពតាម ? ព្រះគ្រីស្ទ និងអស់អ្នកដែលបានដើរតាមទ្រង់ បានក្រោកឡើងការពារនឹងការដាក់ស្នើសុំមុន—គឺសេរីភាពនៃការជ្រើសរើស សាតាំងបានការពារយកបញ្ហាចុងក្រោយ—គឺការបង្ខិតបង្ខំ » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ៦០-៦១ ) ។
« ព្រះគម្ពីរបានបង្ហាញយ៉ាងច្បាស់ថា មានសង្គ្រាមដ៏ធំមួយនៅស្ថានសួគ៌ ជាការតវ៉ាទៅលើគោលការណ៍នៃសេរីភាព គឺសិទ្ធិនៃការជ្រើសរើស » ( Teachings: Ezra Taft Benson,ទំព័រ ៦១ ) ។
« សង្គ្រាមដែលបានចាប់ផ្ដើមនៅស្ថានសួគ៌លើបញ្ហានេះ គឺមិនទាន់ចប់នៅឡើយទេ ។ ជម្លោះនេះបន្តនៅលើទីលានប្រយុទ្ធនៃភាពរមែងស្លាប់នេះ » ( Teachings: Ezra Taft Benson, ទំព័រ ៦១ ) ។
-
តើភស្ដុតាងអ្វី ដែលអ្នកបានឃើញថា ជម្លោះនៅជីវិតមុនផែនដីអំពីសេរីភាព និងការជ្រើសរើស នៅតែបន្តនៅក្នុងជីវិតរមែងស្លាប់នេះ ?
-
តើអ្នកគិតថា ហេតុអ្វីបានជាសាតាំងព្យាយាមបំផ្លាញសេរីភាព ?
ពេលសិស្សឆ្លើយតប សូមគិតពីការចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ដេវីឌ អូ មិកឃេ ( ឆ្នាំ ១៨៧៣–១៩៧០ ) ៖
« ជាប់មកជាមួយនឹងការប្រទាននូវជីវិតផ្ទាល់ នោះសិទ្ធិដើម្បីដឹកនាំជីវិតនោះ គឺជាអំណោយមួយដ៏មហិមាបំផុតរបស់ព្រះចំពោះមនុស្ស » ( Teachings of Presidents of the Church: David O. McKay [ ឆ្នាំ ២០០៣ ] ទំព័រ ២០៨ ) ។
សូមរំឭកសិស្សថា អស់រយៈពេលជាច្រើនសតវត្សរ៍ បន្ទាប់ពីលីហៃបានមកដល់ដែនដីសន្យា សាសន៍នីហ្វៃត្រូវបានគ្រប់គ្រងដោយស្ដេចទាំងឡាយ ។ ទោះជាយ៉ាងណា ស្ដេចម៉ូសាយបានស្នើថា ទម្រង់ថ្មីមួយនៃរដ្ឋាភិបាលត្រូវចាប់ផ្ដើមអនុវត្ត ។ សូមឲ្យសិស្សសិក្សា ម៉ូសាយ ២៩:១០-១១, ១៦-១៨, ២៥-២៦ ហើយរកមើលពីមូលហេតុដែលម៉ូសាយ បានស្នើទម្រង់ថ្មីនៃរដ្ឋាភិបាលមួយឡើង ។
-
តើស្ដេចម៉ូសាយបានផ្ដល់ហេតុផលណាខ្លះ សម្រាប់ការចង់អនុវត្តនូវទម្រង់ថ្មីមួយនៃរដ្ឋាភិបាលនោះ ?
សូមពន្យល់សិស្សថា ប្រព័ន្ធនៃពួកចៅក្រម គឺជាប្រព័ន្ធដ៏សមរម្យ និងចាំបាច់ ដើម្បីថែរក្សាសេរីភាពនៅក្នុងសង្គមសាសន៍នីហ្វៃ ។ ស្រដៀងគ្នានេះដែរ សង្គមដទៃទៀតបានព្យាយាមបង្កើត និងថែរក្សាសេរីភាព ថ្វីបើប្រព័ន្ធរដ្ឋាភិបាលរបស់ពួកគេអាចត្រូវបានរៀបចំឡើងខុសពីនេះក៏ដោយ ។ សូមឲ្យសិស្សម្នាក់អានម៉ូសាយ ២៩:៣២ ឮៗ ខណៈដែលសិស្សក្នុងថ្នាក់រកមើលមូលហេតុដែលម៉ូសាយបានមានព្រះទ័យចង់ថែរក្សាសេរីភាពរបស់ប្រជាជនទ្រង់ ។
-
ហេតុអ្វីបានជាវាចាំបាច់ក្នុងការថែរក្សាសេរីភាពរបស់សាសន៍នីហ្វៃ ?
-
តើវាជាទំនួលខុសត្រូវរបស់នរណា ដើម្បីជួយថែរក្សាសិទ្ធិ និងអភ័យឯកសិទ្ធិរបស់យើង ? តើការថែរក្សានេះ អាចសម្រេចបានដោយរបៀបណា ?
សូមពន្យល់ថា ការប្រើប្រាស់សេរីភាពរបស់បុគ្គលម្នាក់ៗ មិនគួរជំនួសឲ្យគោលការណ៍នៃការគោរពតាមច្បាប់ដែនដីនោះទេ ។
សូមអញ្ជើញសិស្សឲ្យស្រាវជ្រាវក្នុងអាលម៉ា ៣០:៧-៩ ហើយរកមើលសិទ្ធិមួយក្នុងចំណោមសិទ្ធិទាំងឡាយ ដែលត្រូវបានធានាដោយរដ្ឋាភិបាលថ្មីរបស់សាសន៍នីហ្វៃ ។
អ្នកអាចពន្យល់ថា វគ្គបទគម្ពីរនេះបង្ហាញថា ព្រះអម្ចាស់ហាមឃាត់ការរើសអើងទាស់នឹងអ្នកដទៃ ដែលផ្អែកទៅលើជំនឿ ឬការឥតជំនឿរបស់ពួកគេលើព្រះ ( សូមមើលផងដែរ គ. និង ស. ១៣៤:៤ ) ។
-
តើការការពារសេរីភាពសាសនា ផ្ដល់ប្រយោជន៍អ្វីខ្លះដល់សង្គម ?
ដើម្បីជួយសិស្សឲ្យឆ្លើយសំណួរនេះ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមឲ្យឮៗ ៖
« សេរីភាពខាងសាសនា ឬសេរីភាពនៃសម្បជញ្ញៈ គឺសំខាន់ខ្លាំងណាស់ដល់សុខភាពរបស់សង្គមដែលខុសពីគ្នា ។ វាអនុញ្ញាតឲ្យសេចក្ដីជំនឿ និងការជឿផ្សេងៗគ្នារីកលូតលាស់ឡើង ។ សេរីភាពខាងសាសនា ការពារសិទ្ធិរបស់ក្រុម និងបុគ្គលទាំងអស់ រួមទាំងអ្នកងាយរងគ្រោះបំផុតដែរ មិនថាជាអ្នកកាន់សាសនា ឬអត់ឡើយ » ( «Religious Freedom» mormonnewsroom.org/official-statement/religious-freedom ) ។
ដើម្បីជួយសិស្សឲ្យយល់ពីធាតុសំខាន់ៗនៃសេរីភាពខាងសាសនា សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោម ដោយអែលឌើរ រ៉ូបឺត ឌី ហែល ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសុំសិស្សម្នាក់ឲ្យអានវា ៖
« មានកត្តាគ្រឹះចំនួនបួនក្នុងសេរីភាពសាសនា ដែលយើងជាពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវតែពឹងផ្អែកលើ និងការពារ ។
« ទីមួយគឺសេរីភាពក្នុងការជឿ ។ …
« កត្តាគ្រឹះទីពីរនៃសេរីភាពខាងសាសនា គឺសេរីភាពក្នុងការចែកចាយសេចក្ដីជំនឿ និង សាសនាយើងជាមួយមនុស្សដទៃ ។ …
« កត្តាគ្រឹះទីបីនៃសេរីភាពខាងសាសនា គឺជាសិទ្ធិសេរីភាពដើម្បីបង្កើតអង្គការសាសនា ព្រះវិហារ ដើម្បីថ្វាយបង្គំដោយសុខសាន្ដជាមួយនឹងអ្នកដទៃ ។ …
« កត្តាគ្រឹះទីបួននៃសេរីភាពខាងសាសនា គឺសេរីភាពក្នុងការរស់នៅតាមជំនឿយើង—គឺជាសេរីភាពនៃការអនុវត្តសេចក្ដីជំនឿ មិនត្រឹមតែអនុវត្តក្នុងផ្ទះ និង សាលាប្រជុំនោះទេ ប៉ុន្តែថែមទាំងក្នុងទីសាធារណៈទៀតផង » ( «Preserving Agency, Protecting Religious Freedom» Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១១២ ) ។
សូមសង្ខេបកត្តាគ្រឹះទាំងបួននេះ ដោយសរសេរចំណុចខាងក្រោមនេះនៅលើ ក្តារខៀន ៖
សេរីភាពដើម្បីជឿ ចែកចាយ បង្កើត និងរស់នៅ ។
-
តើការដាក់កំហិតលើកត្តាគ្រឹះទាំងបួននេះ រារាំងឱកាសសម្រាប់រីកចម្រើនខាងវិញ្ញាណយ៉ាងដូចម្ដេចដែរ ?
-
តើជីវិតអ្នកបានទទួលឥទ្ធិពលពីកត្តានៃសេរីភាពខាងសាសនាទាំងនេះយ៉ាងដូចម្ដេចដែរ ?
អាលម៉ា ២:១–១០, ១២, ២៧–២៨, ៤៤:១–៥, ៤៦:៤–៥, ១០–១៦, ១៩–២២
ការថែរក្សាសេរីភាពខាងសាសនា
សូមសរសេរបទគម្ពីរយោងខាងក្រោមនេះ នៅលើក្ដារខៀន ហើយពន្យល់ថា វគ្គបទគម្ពីរទាំងនេះមាននូវគំរូអំពីការគំរាមកំហែងដល់សេរីភាពខាងសាសនា ៖
សូមចាត់សិស្សពាក់កណ្ដាលថ្នាក់ ឲ្យសិក្សាវគ្គបទគម្ពីរទីមួយ ហើយពាក់កណ្ដាលថ្នាក់ទៀត សិក្សាវគ្គបទគម្ពីរទីពីរ ។ សូមឲ្យសិស្សរកមើលគោលបំណងរបស់ពួកអ្នកដែលបានគំរាមកំហែងដល់សេរីភាពខាងសាសនា ។
-
យោងតាមវគ្គបទគម្ពីរទាំងនេះ តើអ្វីទៅជាគោលបំណងរបស់អាំលីសៃ និងអាម៉ាលិកាយ ?
-
តើការបាត់បង់សេរីភាពខាងសាសនា ជះឥទ្ធិពលយ៉ាងណា ដល់សង្គមទាំងឡាយនៅក្នុងដំណើររឿងនេះ ?
សូមសរសេរបន្ថែមនូវបទគម្ពីរយោងខាងក្រោមនេះនៅលើក្ដារខៀន ៖
សូមអញ្ជើញសិស្សឲ្យអានខគម្ពីរទាំងនេះ ដែលបានបន្ថែមទៅលើវគ្គបទគម្ពីរដែលពួកគេបានអាន ហើយឲ្យពួកគេរកមើលអ្វីដែលប្រជាជនសុចរិតបានធ្វើ ដើម្បីការពារសេរីភាពខាងសាសនារបស់ខ្លួន ។
-
តើសេចក្ដីពិតអ្វីខ្លះដែលយើងអាចរៀនពីវគ្គបទគម្ពីរទាំងនេះ អំពីសារៈសំខាន់នៃការថែរក្សាសេរីភាពខាងសាសនា ? ( សិស្សគួររកឃើញសេចក្ដីពិតដូចតទៅនេះ ៖ វាគឺជាកាតព្វកិច្ចរបស់យើង ដើម្បីការពារគ្រួសារ សាសនា និងសេរីភាពរបស់យើង ។ ពេលយើងអំពាវនាវដល់ព្រះ ហើយធ្វើសេចក្ដីសញ្ញាដើម្បីកាន់តាមព្រះបញ្ញត្តិរបស់ទ្រង់ ទ្រង់នឹងពង្រឹងយើងនៅក្នុងការការពារសិទ្ធិ និងសាសនារបស់យើង ) ។
បើមានពេលគ្រប់គ្រាន់ អ្នកក៏អាចអាន អាលម៉ា ៤៤:១-៥ ជាមួយនឹងសិស្សក្នុងថ្នាក់ ហើយពិភាក្សាពីរបៀបដែលសេចក្ដីជំនឿរបស់សាសន៍នីហ្វៃ បានពង្រឹងពួកគេប្រឆាំងនឹងពួកសារ៉ាហិមណា និងពួកលេមិន ។
-
នៅក្នុងព្រះគម្ពីរមរមន សេរីភាពខាងសាសនាត្រូវបានគំរាមកំហែងជាញឹកញាប់ តាមរយៈការបៀតបៀន និងសង្គ្រាម ។ តើបុគ្គល និងក្រុមទាំងឡាយគំរាមកំហែងដល់សេរីភាពសាសនាតាមរបៀបណា នៅសព្វថ្ងៃនេះ ?
បើចាំបាច់ត្រូវជួយឆ្លើយនឹងសំណួរនេះ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះអំពីការគំរាមកំហែងដែលចេះតែរីករាលដាលដល់សេរីភាពខាងសាសនា នៅក្នុងសហរដ្ឋ ។ សូមចង្អុលបង្ហាញថា ខណៈដែលសេចក្ដីថ្លែងការណ៍នេះទាក់ទងនឹងបញ្ហានៅក្នុងសហរដ្ឋជាពិសេស ក៏មានប្រទេសផ្សេងៗជាច្រើនទៀត ដែលកំពុងប្រឈមនឹងឧបសគ្គស្រដៀងគ្នានេះ ចំពោះសេរីភាពខាងសាសនាដែរ ។ ( កំណត់ចំណាំ ៖ សូមប្រើប្រាស់សេចក្ដីថ្លែងការណ៍នេះ សម្រាប់តែជាឧទាហរណ៍ អំពីរបៀបដែលសេរីភាពខាងសាសនាមួយចំនួនត្រូវបានធ្វើឲ្យជួបឧបសគ្គប៉ុណ្ណោះ ។ សូមកុំធ្វើឲ្យការណ៍នេះក្លាយទៅជាការពិភាក្សាអំពីសិទ្ធិរបស់មនុស្សស្រឡាញ់ភេទដូចគ្នា ឬបញ្ហានយោបាយផ្សេងទៀតឡើយ ) ។
« ឧបសគ្គទាំងឡាយខាងសេរីភាពសាសនា មានឡើងពីប្រភពជាច្រើន ។ ការមាននូវការតស៊ូមតិសម្រាប់សិទ្ធិមនុស្សស្រឡាញ់ភេទដូចគ្នា គំរាមកំហែងបំព្រួញដល់សេរីភាពខាងសាសនា តាមរបៀបជាច្រើនយ៉ាង ។ ការផ្លាស់ប្ដូរនៅក្នុងការថែទាំសុខភាព គំរាមកំហែងដល់ពួកអ្នកដែលប្រកាន់ខ្ជាប់នូវការជឿជាក់ខាងសីលធម៌ជាក់លាក់នានាអំពីជីវិតមនុស្សលោក ។ ទាំងនេះ និងការអភិវឌ្ឍផ្សេងៗទៀត កំពុងតែបង្កើតការទាស់ទែង និងកំពុងចាប់ផ្ដើមរំលោភបំពានលើអង្គការសាសនា និងមនុស្សដែលមានមនសិការ ។ ការណ៍ទាំងនេះកំពុងគំរាមកំហែង … ដាក់កំហិតលើរបៀបដែលអង្គការសាសនានានាអាចចាត់ចែងការងារ និងទ្រព្យសម្បត្តិរបស់ខ្លួន ។ ការណ៍ទាំងនេះកំពុងធ្វើឲ្យមាននូវការឃាត់ឃាំងសាកលវិទ្យាល័យ សាលា និងស្ថាប័នសេវាកម្មសង្គមនានា ដែលចូលរួមខាងសាសនា ។ … នៅក្នុងកាលៈទេសៈទាំងនេះ និងផ្សេងៗទៀតជាច្រើន យើងឃើញពីរបៀបដែលសេរីភាពខាងសាសនា និងសេរីភាពនៃមនសិការ កំពុងត្រូវបានធ្វើឲ្យសឹករេចរឹលដោយមិនជាក់ស្ដែងពេកទេ តែឥតឈប់ឈរ » ( «An Introduction to Religious Freedom» mormonnewsroom.org/article/introduction-religious-freedom ) ។
សូមចង្អុលបង្ហាញថា សាសនាចក្របានតស៊ូមតិដើម្បីបានភាពយុត្តិធម៌សម្រាប់មនុស្សគ្រប់គ្នា ។ ត្រូវគ្នាជាមួយនឹង មាត្រានៃសេចក្ដីជំនឿ ១:១១ យើងត្រូវតែប្រកាសយកសិទ្ធិនៃសេរីភាពខាងសាសនារបស់យើង នៅក្នុងរបៀបមួយដែលយុត្តិធម៌ និងសមភាព ហើយក៏គោរពដល់សិទ្ធិ និងចំណាប់អារម្មណ៍នានារបស់អ្នកផ្សេងទៀតផងដែរ ( សូមមើល «Mormon Leaders Call for Laws That Protect Religious Freedom» mormonnewsroom.org/article/church-news-conference-on-religious-freedom-and-nondiscrimination ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដោយព្យាការី យ៉ូសែប ស៊្មីធ ( ឆ្នាំ ១៨០៥-៤៤ ) ឮៗ ៖
« ប្រសិនបើ វាត្រូវបានបង្ហាញថា ខ្ញុំមានឆន្ទៈនឹងស្លាប់ដើម្បី ‹ មរមន › ម្នាក់ ខ្ញុំសូមប្រកាសដោយម៉ឺងមាត់នៅចំពោះមុខស្ថានសួគ៌ថា ខ្ញុំក៏ត្រៀមរួចជាស្រេចដើម្បីស្លាប់ នៅក្នុងការការពារសិទ្ធិនៃពួកប្រូថេស្តង់ ពួកបាទីស្ទ ឬមនុស្សល្អម្នាក់នៅក្នុងនិកាយផ្សេងទៀតផងដែរ ស្លាប់ដើម្បីគោលការណ៍ដូចគ្នាដែលនឹងជាន់ឈ្លីលើសិទ្ធិរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលនឹងជាន់ឈ្លីដល់សិទ្ធិរបស់ពួករ៉ូមែនកាតូលិក ឬរបស់និកាយផ្សេងៗទៀត ដែលជានិកាយដែលមិនមានប្រជាប្រិយភាព និងទន់ខ្សោយមិនអាចការពារខ្លួនឯងបាន ។
« វាជាសេចក្ដីស្រឡាញ់មួយ ដែលបំផុសដល់ព្រលឹងខ្ញុំ—ជាសេរីភាពខាងស៊ីវិល និងខាងសាសនា ដល់ជាតិសាសន៍មនុស្សលោកទាំងមូល » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៣៤៥ ) ។
-
ហេតុអ្វីវាសំខាន់ ក្នុងការការពារសេរីភាពខាងសាសនាសម្រាប់មនុស្សទាំងអស់ មិនគ្រាន់តែសម្រាប់ពួកបរិសុទ្ធថ្ងៃចុងក្រោយនោះ ? ( ការការពារបែបនោះអាចជួយឲ្យអ្នកផ្សេងទៀតប្រើប្រាស់សិទ្ធិជ្រើសរើសរបស់ខ្លួន ស្របទៅតាមផែនការរបស់ព្រះ ហើយជំរុញឲ្យមានសង្គមមួយសុខសាន្ត និងយុត្តិធម៌ ។ ប្រសិនបើយើងចង់ឲ្យជំនឿសាសនាយើងត្រូវបានការពារ និងគោរព នោះយើងត្រូវតែការពារ និងគោរពដល់ជំនឿរបស់អ្នកផ្សេងទៀតផងដែរ ) ។
-
តើសកម្មភាពសមរម្យមួយចំនួនណាខ្លះ ដែលយើងអាចធ្វើបាន ដើម្បីថែរក្សា និងពង្រឹងដល់សេរីភាពខាងសាសនា ?
ដើម្បីជួយសិស្សឲ្យឆ្លើយសំណួរនេះ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រ៉ូបឺត ឌី ហែល ឮៗ ៖
« បងប្អូនប្រុសស្រី យើងមានទំនួលខុសត្រូវក្នុងការការពារសេរីភាព និងសិទ្ធិដ៏ពិសិដ្ឋទាំងនេះ សម្រាប់ខ្លួនយើង និងពូជពង្សក្រោយរបស់យើង ។ តើខ្ញុំ និងអ្នកអាចធ្វើអ្វីបានខ្លះ ?
« ទីមួយ យើងអាចទទួលព័ត៌មាន ។ ដឹងពីបញ្ហានានានៅក្នុងសហគមន៍របស់អ្នក ដែលអាចប៉ះពាល់ដល់សេរីភាពខាងសាសនា ។
« ទីពីរ នៅក្នុងសមត្ថភាពផ្ទាល់របស់អ្នក សូមចូលរួមជាមួយអ្នកផ្សេងទៀតដែលមានការតាំងចិត្តដូចគ្នាចំពោះសេរីភាពសាសនា ។ សូមធ្វើការគៀកស្មាគ្នាដើម្បីការពារសិទ្ធិសេរីភាពខាងសាសនា ។
« ទីបី សូមរស់នៅដោយធ្វើជាគំរូល្អនៃអ្វីដែលអ្នកជឿ—ទាំងពាក្យសម្ដី និងទង្វើ ។ របៀបដែលយើងរស់នៅដោយអនុវត្តតាមសាសនាយើង មានសារៈសំខាន់ខ្លាំងជាងអ្វីដែលយើងថ្លែងអំពីសាសនាយើងទៅទៀត » ( «Preserving Agency» ទំព័រ ១១២ ) ។
-
តើអ្នកអាចដឹងពីបញ្ហានានា ដែលជះឥទ្ធិពលដល់សេរីភាពខាងសាសនានៅក្នុងសហគមន៍របស់អ្នកបាន ដោយរបៀបណា ?
-
តើក្រុមណាផ្សេងទៀត នៅក្នុងតំបន់អ្នកដែលមានការតាំងចិត្តដូចគ្នាចំពោះសេរីភាពសាសនា ?
-
តើអ្នកបានធ្វើ ឬបានឃើញអ្នកផ្សេងទៀតធ្វើអ្វីខ្លះ ដើម្បីជំរុញដល់សេរីភាពខាងសាសនា ?
សូមប្រាប់សិស្សអំពីប្រភពនៃសេរីភាពខាងសាសនា ដែលមាននៅលើគេហទំព័រ ។ សូមលើកទឹកចិត្តសិស្សឲ្យពិចារណាអំពីអ្វីដែលពួកគេអាចធ្វើដើម្បីជំរុញ និងការពារសេរីភាពខាងសាសនា ហើយចែកចាយទីបន្ទាល់របស់អ្នកថា ព្រះវរបិតាសួគ៌នឹងដឹកនាំពួកគេនៅក្នុងការប្រឹងប្រែងរបស់ពួកគេ ។
ការអានរបស់សិស្ស
-
ម៉ូសាយ ២៩:១០–១១, ១៦–១៨, ២៥–២៦, ៣២, អាលម៉ា ២:១–១០, ១២, ២៧–២៨, ៣០:៧–៩, ៤៤:១–៥, ៤៦:៤–៥, ១០–១៦, ២០–២២ ។
-
រ៉ូបឺត ឌី ហែល «Preserving Agency, Protecting Religious Freedom» Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១១១-១៣ ។