ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 45


កណ្ឌ​ទី ៤៥

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី ចំពោះ​សាសនាចក្រ នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ថ្ងៃ​ទី៧ ខែ​មីនា ឆ្នាំ​១៨៣១ (History of the Church, ១:១៥៨–១៦៣)។ ជា​បុព្វកថា​ចំពោះ​បញ្ជី​របស់​លោក​អំពី​វិវរណៈ​នេះ ព្យាការី​ថ្លែង​ថា ៖ « នៅ​ក្នុង​សាសនាចក្រ​ពេល​នេះ … មាន​សេចក្ដី​រាយការណ៍​ក្លែងក្លាយ … និង​រឿងរ៉ាវ​ឥត​ប្រយោជន៍​ជា​ច្រើន​ត្រូវ​បាន​បោះពុម្ពផ្សាយ … ហើយ​ចែក … ដើម្បី​ការពារ​កុំ​ឲ្យ​មាន​មនុស្ស​មក​ស្រាវជ្រាវ​ពី​កិច្ចការ ឬ​ឱប​ក្រសោប​យក​សេចក្ដី​ជំ​ជឿ …។ ប៉ុន្តែ​ជា​សេចក្ដី​អំណរ​ដល់​ពួក​បរិសុទ្ធ … ខ្ញុំ​បាន​ទទួល​វិវរណៈ​ដែល​មាន​ដូច​ត​ទៅ​នេះ » (History of the Church, ១:១៥៨)។

១–៥, ព្រះ​គ្រីស្ទ​ជា​ព្រះ​គាំទ្រ​របស់​យើង​ជាមួយ​នឹង​ព្រះ​វរបិតា; ៦–១០, ដំណឹង​ល្អ​ជា​សារ​ទូត ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះ​អម្ចាស់; ១១–១៥, ហេណុក និង​បង​ប្អូន​របស់​លោក​ត្រូវ​ព្រះ​អម្ចាស់​ទ្រង់​ទទួល​យក​ទៅ​ចំពោះ​អង្គ​ទ្រង់; ១៦–២៣, ព្រះ​គ្រីស្ទ​បាន​បង្ហាញ​ទី​សំគាល់​ទាំង​ឡាយ​អំពី​ការ​យាង​មក​របស់​ទ្រង់ ដូចដែល​បាន​បង្ហាញ​នៅ​លើ​ភ្នំ​នៃ​ដើម​អូលីវ; ២៤–៣៨, ដំណឹង​ល្អ​នឹង​បាន​សាង​ឡើង​វិញ ពេល​វេលា​នៃ​ពួក​សាសន៍​ដទៃ​នឹង​បាន​សម្រេច ហើយ​ជំងឺ​ដ៏​ហិនហោច​ខ្លោចផ្សា​នឹង​គ្រប​លើ​ដែនដី; ៣៩–៤៧, ទី​សំគាល់ ការ​អស្ចារ្យ​ទាំង​ឡាយ និង​ដំណើរ​រស់​ឡើង​វិញ នឹង​កើត​ឡើង​ក្នុង​ការ​យាង​មក​លើក​ទី​២; ៤៨–៥៣, ព្រះ​គ្រីស្ទ​នឹង​ឈរ​នៅ​លើ​ភ្នំ​នៃ​ដើម​អូលីវ ហើយ​ពួក​សាសន៍​យូដា​នឹង​ឃើញ​ស្នាម​ទាំង​ឡាយ​នៅ​លើ​ព្រះ​ហស្ត និង​ព្រះ​បាទា​របស់​ទ្រង់; ៥៤–៥៩, ព្រះ​អម្ចាស់​ទ្រង់​នឹង​សោយរាជ្យ​ក្នុង​កំឡុង​ពេល​សហស្សវត្ស; ៦០–៦២, ព្យាការី​ត្រូវ​បាន​បង្គាប់​ឲ្យ​ចាប់​ផ្ដើម​បកប្រែ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ការ​នោះ​នឹង​បង្ហាញ​ឲ្យ​ស្គាល់​ព័ត៌មាន​ដ៏​សំខាន់; ៦៣–៧៥, ពួក​បរិសុទ្ធ​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រមូល​គ្នា ហើយ​សង់​ក្រុង​យេរូសាឡិម​ថ្មី ដើម្បី​ឲ្យ​ប្រជារាស្ត្រ​មក​ពី​គ្រប់​ទាំង​សាសន៍​បាន​មក។

ចូរ​ប្រុង​ស្ដាប់ ឱ​អ្នក​រាល់​គ្នា​ជា​រាស្ត្រ​នៃ​សាសនាចក្រ​របស់​យើង ដែល​នគរ​ត្រូវ​បាន​ប្រទាន​ដល់​អើយ ចូរ​អ្នក​រាល់​គ្នា​ប្រុង​ស្ដាប់​ចុះ ហើយ​ផ្ទៀង​ត្រចៀក​ចំពោះ​ព្រះ​អង្គ​ដែល​បាន​តាំង​ឫស​ផែនដី ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​គ្រប់​ទាំង​ពួក​បរិវារ​ដែល​នៅ​លើ​មេឃ​ផង ហើយ​ដោយ​សារ​ទ្រង់ នោះ​របស់​សព្វ​សារពើ​ត្រូវ​បាន​កើត​មក ដែល​បាន​រស់ កម្រើក ហើយ​មាន​នៅ​ផង។

ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​ថា ចូរ​ប្រុង​ស្ដាប់​តាម​សំឡេង​របស់​យើង​ចុះ ក្រែងលោ​សេចក្ដី​ស្លាប់​នឹង​កើត​ដល់​អ្នក នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​មិន​គិត នោះ​រដូវ​ក្ដៅ​នឹង​កន្លង ហើយ​រដូវ​ច្រូតកាត់​បាន​ផុត​ទៅ ហើយ​ព្រលឹង​របស់​អ្នក​រាល់​គ្នា​មិនទាន់​បាន​សង្គ្រោះ​ឡើយ។

ចូរ​ស្ដាប់​តាម​ព្រះ​អង្គ ដែល​ជា​អ្នក​គាំទ្រ​ជាមួយ​នឹង​ព្រះ​វរបិតា ជា​អ្នក​ដែល​កំពុង​អង្វរ​ជំនួស​អ្នក​រាល់​គ្នា​នៅ​ចំពោះ​ទ្រង់ —

ដោយ​មាន​បន្ទូល​ថា ៖ ព្រះ​វរបិតា​អើយ សូម​ទត​មើល​ការ​រង​ទុក្ខ​ទាំង​ឡាយ និង​ការ​សុគត​របស់​អ្នក​ដែល​ពុំ​បាន​ធ្វើ​បាប​ឡើយ ជា​អ្នក​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ចុះ សូម​ទត​មើល​ព្រះ​លោហិត​នៃ​ព្រះ​រាជ​បុត្រា​របស់​ព្រះ​អង្គ ដែល​បាន​ច្រួច ជា​ព្រះ​លោហិត​របស់​អ្នក ដែល​ព្រះ​អង្គ​បាន​ប្រទាន​ឲ្យ ដើម្បី​ឲ្យ​ព្រះ​អង្គ​បាន​តម្កើង​ឡើង

ហេតុ​ដូច្នោះ​ហើយ ឱ​ព្រះ​វរបិតា​អើយ អ្នក​ផង​ទាំង​នេះ​ជា​បង​ប្អូន​របស់​ទូលបង្គំ ដែល​ជឿ​ដល់​ព្រះ​នាម​របស់​ទូលបង្គំ ដើម្បី​ឲ្យ​ពួក​គេ​អាច​មក​រក​ទូលបង្គំ ហើយ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច។

ចូរ​ប្រុង​ស្ដាប់​ចុះ ឱ​អ្នក​រាល់​គ្នា​ជា​រាស្ត្រ​នៃ​សាសនាចក្រ​យើង​អើយ ហើយ​ឱ​អ្នក​រាល់​គ្នា​ជា​ពួក​អែលឌើរ​អើយ ចូរ​ឮ​ជុំ​គ្នា ហើយ​ស្ដាប់​តាម​សំឡេង​របស់​យើង ក្នុង​កាលដែល​ហៅថា ថ្ងៃ​នេះ ហើយ​ចូរ​កុំ​ពង្រឹង​ចិត្ត​អ្នក​ឡើយ

ត្បិត​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​ជា​អាលផា និង​អូមេកា ជាដើម ហើយ​ជា​ចុង ជា​ពន្លឺ និង​ជា​ជីវិត​នៃ​ពិភពលោក — ជា​ពន្លឺ​ដែល​ភ្លឺ​មក​ក្នុង​សេចក្ដី​ងងឹត តែ​សេចក្ដី​ងងឹត​យល់​មិន​ដល់​ពន្លឺ​ទេ។

យើង​បាន​យាង​មក​រក​រាស្ត្រ​យើង ហើយ​រាស្ត្រ​យើង​មិន​បាន​ទទួល​យើង​ទេ ប៉ុន្តែ​ដល់​អស់​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​នាម​យើង នោះ​យើង​បាន​ប្រទាន​អំណាច ដើម្បី​ធ្វើ​អព្ភូតហេតុ​ជា​ច្រើន និង​ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ ហើយ​សូម្បីតែ​ដល់​ពួក​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​នាម​យើង នោះ​យើង​បាន​ប្រទាន​អំណាច​ឲ្យ​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដែរ។

ម្ល៉ោះ​ហើយ​បាន​ជា​យើង​បញ្ជូន​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​កល្ប​អស់​កាល​ជានិច្ច​របស់​យើង ឲ្យ​មក​ឯ​ពិភពលោក ដើម្បី​ធ្វើ​ជា​ពន្លឺ​ដល់​មនុស្ស​លោក ហើយ​ដើម្បី​ធ្វើ​ជា​បមាណីយ​ដល់​រាស្ត្រ​យើង ហើយ​សម្រាប់​ឲ្យ​ពួក​សាសន៍​ដទៃ​ស្វែងរក​បមាណីយ​នោះ ហើយ​ដើម្បី​ធ្វើ​ជា​សារ​ទូត​នៅ​ចំពោះ​ព្រះ​ភក្ត្រ​របស់​យើង ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​យើង។

១០ហេតុ​ដូច្នោះ​ហើយ ចូរ​អ្នក​រាល់​គ្នា​មក​រក​សេចក្ដី​សញ្ញា​នោះ​ចុះ ហើយ​អ្នក​ណា​ដែល​មក នោះ​យើង​នឹង​ពិភាក្សា​ជាមួយ​គ្នា ដូច​ជា​មួយ​មនុស្ស​នៅ​សម័យ​បុរាណ ហើយ​យើង​នឹង​បង្ហាញ​ដល់​អ្នក​នូវ​ការ​ពិភាក្សា​ដ៏​ខ្លាំង​ក្លា។

១១ហេតុ​ដូច្នោះ​ហើយ ចូរ​អ្នក​រាល់​គ្នា​ស្ដាប់​ជុំ​គ្នា ហើយ​ឲ្យ​យើង​បង្ហាញ​ដល់​អ្នក​នូវ​ប្រាជ្ញា​របស់​យើង​ចុះ — ជា​ប្រាជ្ញា​នៃ​ព្រះ​អង្គ​ដែល​អ្នក​រាល់​គ្នា​ថា ជា​ព្រះ​នៃ​លោក​ហេណុក និង​បង​ប្អូន​របស់​លោក

១២ដែល​ត្រូវ​បាន​បែក​ចេញ​ពី​ផែនដី ហើយ​ត្រូវ​បាន​យក​មក​ខ្លួន​យើង — ទី​ក្រុង​មួយ​ដែល​ត្រូវ​បាន​រក្សាទុក​រហូត​ដល់​ថ្ងៃ​នៃ​សេចក្ដី​សុចរិត​នឹង​មក​ដល់ — ថ្ងៃ​មួយ​ដែល​ត្រូវ​បាន​ស្វែងរក ដោយ​អស់​ទាំង​ពួក​អ្នក​បរិសុទ្ធ ហើយ​ពួក​គេ​រក​ពុំ​ឃើញ​ឡើយ ពី​ព្រោះ​តែ​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ

១៣ហើយ​ពួក​គេ​យល់​ព្រម​ថា​ខ្លួន​ជា​អ្នក​ដទៃ និង​ជា​អ្នក​សំណាក់​នៅ​លើ​ផែនដី​ប៉ុណ្ណោះ

១៤ប៉ុន្តែ​បាន​ទទួល​សេចក្ដី​សន្យា​ថា ពួក​គេ​ត្រូវ​រក​ថ្ងៃ​នៃ​សេចក្ដី​សុចរិត​នោះ​ឲ្យ​ឃើញ ក្នុង​កាល​ពួក​គេ​នៅ​ក្នុង​សាច់ឈាម។

១៥ហេតុ​ដូច្នោះ​ហើយ ចូរ​ប្រុង​ស្ដាប់​ចុះ ហើយ​យើង​នឹង​ពិភាក្សា​ជាមួយ​អ្នក ហើយ​យើង​នឹង​មាន​បន្ទូល​ជាមួយ​អ្នក ហើយ​ព្យាករ ដូច​ជាមួយ​មនុស្ស​នៅ​សម័យ​បុរាណ។

១៦ហើយ​យើង​នឹង​បង្ហាញ​ការ​ព្យាករណ៍​យ៉ាង​ច្បាស់ ដូច​ជា​យើង​បាន​បង្ហាញ​ដល់​ពួក​សិស្ស​របស់​យើង ក្នុង​កាល​យើង​ឈរ​នៅ​ចំពោះ​ពួក​គេ​នៅ​ក្នុង​សាច់ឈាម ហើយ​បាន​មាន​បន្ទូល​ដល់​ពួក​គេ​ថា ៖ ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​សូម​ពី​យើង​នូវ​ទី​សំគាល់​ទាំង​ឡាយ អំពី​ការ យាង​មក​របស់​យើង ក្នុង​ថ្ងៃ​ដែល​យើង​នឹង​យាង​មក​ដោយ​នូវ​សិរី​ល្អ មក​លើ​ពពក​នៅ​លើ​មេឃ ប្រយោជន៍​នឹង​បំពេញ​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ធ្វើ​នឹង​ពួក​អយ្យកោ​របស់​អ្នក

១៧ត្បិត​ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​គិត​ថា​ការ​បាត់បង់​វិញ្ញាណ​របស់​អ្នក​ជា​យូរ​ពី​រូប​កាយ​របស់​អ្នក​ទុកជា​ការ​ជាប់​ឃុំឃាំង នោះ​យើង​នឹង​បង្ហាញ​ដល់​អ្នក​អំពី​ថ្ងៃ​នៃ​សេចក្ដី​ប្រោស​លោះ ដែល​នឹង​មក​ដល់​យ៉ាង​ណា និង​ព្រម​ទាំង​អំ​ពី​ការ​សាង​ឡើង​វិញ​នៃ​សាសន៍​អ៊ីស្រាអែល ដែល​ខ្ចាត់ខ្ចាយ​ផង។

១៨ហើយ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​មើល​ព្រះ​វិហារ​នេះ ដែល​នៅ​ក្នុង​ក្រុង​យេរូសាឡិម ដែល​អ្នក​រាល់​គ្នា​ហៅថា ព្រះ​វិហារ​នៃ​ព្រះ ហើយ​ពួក​ខ្មាំងសត្រូវ​របស់​អ្នក​និយាយ​ថា ព្រះ​វិហារ​នេះ​នឹង​មិន​ត្រូវ​រលំ​ឡើយ។

១៩ប៉ុន្តែ​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា សេចក្ដី​ហិន​វិនាស​នឹង​ធ្លាក់​មក​ដល់​តំណ​មនុស្ស​នេះ ដូច​ជា​ចោរ​មក​នៅ​ពេល​យប់ ហើយ​ប្រជារាស្ត្រ​នេះ​នឹង​ត្រូវ​បំផ្លាញ​ចោល ហើយ​ខ្ចាត់ខ្ចាយ​ទៅ​លើ​គ្រប់​ចំណោម​សាសន៍​នានា។

២០ហើយ​ព្រះ​វិហារ​នេះ ដែល​អ្នក​រាល់​គ្នា​មើល​ឃើញ​នៅ​ពេល​នេះ នោះ​នឹង​ទម្លាក់​ចុះ ដើម្បី​កុំ​ឲ្យ​មាន​ថ្ម​នៅ​ត្រួត​លើ​ថ្ម​ណា​ឡើយ។

២១ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា ពួក​សាសន៍​យូដា​តំណ​នេះ នឹង​ពុំ​ត្រូវ​បាន​កន្លង​ផុត​ឡើយ លុះ​ត្រា​សេចក្ដី​ហិន​វិនាស​គ្រប់​យ៉ាង ដែល​យើង​បាន​ប្រាប់​អ្នក​កើត​ឡើង​សិន។

២២អ្នក​រាល់​គ្នា​និយាយ​ថា អ្នក​រាល់​គ្នា​ដឹង​ថា​ចុង​បំផុត​លោកិយ​នឹង​មក​ដល់ អ្នក​រាល់​គ្នា​និយាយ​ផង​ដែរ​ថា អ្នក​រាល់​គ្នា​ដឹង​ថា​ផ្ទៃ​មេឃ និង​ផែនដី​នឹង​កន្លង​បាត់​ទៅ

២៣ហើយ​ស្ដី​អំពី​ការណ៍​នេះ អ្នក​រាល់​គ្នា​និយាយ គឺ​ពិតជា​យ៉ាង​នោះ​មែន ប៉ុន្តែ​ការណ៍​ទាំង​នេះ​ដែល​យើង​បាន​ប្រាប់​អ្នក នោះ​នឹង​ពុំ​បាន​កន្លង​ផុត​ឡើយ ទាល់​តែ​គ្រប់​ទាំង​អស់​ត្រូវ​បាន​សម្រេច​សិន។

២៤ហើយ​ការណ៍​នេះ​យើង​ប្រាប់​ដល់​អ្នក​អំពី​ក្រុង​យេរូសាឡិម ហើយ​កាលណា​ថ្ងៃ​នោះ​មក​ដល់ នោះ​ពួក​សំណល់​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​លើ​គ្រប់​ចំណោម​សាសន៍​នានា

២៥ប៉ុន្តែ​ពួក​គេ​នឹង​ត្រូវ​បាន​ប្រមូល​មក​វិញ​ទៀត ប៉ុន្តែ​ពួក​គេ​នឹង​នៅ​រហូត​ដល់​ពេល​វេលា​នៃ​ពួក​សាសន៍​ដទៃ​នឹង​ត្រូវ​បាន​សម្រេច។

២៦ហើយ​នៅ​ថ្ងៃ​នោះ នឹង​បាន​ឮ​ពី​សង្គ្រាម និង​ពាក្យ​ចចាម​អារាម​អំពី​សង្គ្រាម ហើយ​ផែនដី​ទាំង​មូល​នឹង​នៅ​ក្នុង​ស្ថានភាព​ចលាចល ហើយ​មនុស្ស​លោក​នឹង​ស្រយុត​ចិត្ត ហើយ​ពួក​គេ​នឹង​និយាយ​ថា ព្រះ​គ្រីស្ទ​ទ្រង់​ពន្យារ​ពេល​វេលា ដែល​ទ្រង់​នឹង​យាង​មក ទាល់​តែ​ដល់​ចុង បំផុត​នៃ​ផែនដី។

២៧ហើយ​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​ជា​ច្រើន នឹង​រសាយ​អស់​ទៅ រីឯ​សេចក្ដី​ទុច្ចរិត​នឹង​ចម្រើន​ជា​ច្រើន​ឡើង​វិញ។

២៨ហើយ​កាលណា​ពេល​វេលា​របស់​ពួក​សាសន៍​ដទៃ​បាន​មក​ដល់ នោះ​ពន្លឺ​នឹង​ចែងចាំង​មក​ក្នុង​ចំណោម​ពួក​អ្នក ដែល​អង្គុយ​ក្នុង​សេចក្ដី​ងងឹត ហើយ​នឹង​បាន​ទៅ​ជា​ភាព​ពោរ​ពេញ​នៃ​ដំណឹង​ល្អ​របស់​យើង

២៩ប៉ុន្តែ​ពួក​គេ​មិន​ទទួល​យក​ភាព​ពោរ​ពេញ​នៃ​ដំណឹង​ល្អ​របស់​យើង​ឡើយ ត្បិត​ពួក​គេ​មើល​មិន​ឃើញ​ពន្លឺ​នោះ​ទេ ហើយ​ពួក​គេ​បែរ​ចិត្ត​គេ​ចេញ​ពី​យើង ពី​ព្រោះ​តែ​សិក្ខាបទ​នៃ​មនុស្ស​លោក។

៣០ហើយ​នៅ​ក្នុង​តំណ​មនុស្ស​នោះ នោះ​ពេល​វេលា​នៃ​ពួក​សាសន៍​ដទៃ​នឹង​ត្រូវ​បាន​សម្រេច។

៣១ហើយ​នឹង​មាន​មនុស្ស​ឈរ​រស់នៅ​ក្នុង​តំណ​នោះ ដែល​នឹង​មិន​ត្រូវ​ស្លាប់​ទៅ លុះ​ត្រា​ពួក​គេ​នឹង​បាន​ឃើញ​ការ​វាយ​ដំ​ដ៏​ហូរហៀរ​សិន ត្បិត​ជំងឺ​ដ៏​ហិនហោច​ខ្លោចផ្សា​នឹង​គ្រប​លើ​ដែនដី។

៣២ប៉ុន្តែ​ពួក​សិស្ស​របស់​យើង​នឹង​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ​ទាំង​ឡាយ ហើយ​នឹង​ពុំ​ត្រូវ​បាន​រើ​ឡើយ ប៉ុន្តែ​នៅ​ក្នុង​ចំណោម​ពួក​មនុស្ស​ទុច្ចរិត​វិញ នោះ​មនុស្ស​ទាំង​ឡាយ​នឹង​បន្លឺ​សំឡេង​គេ​ឡើង ហើយ​ប្រទេច​ផ្ដាសា​ដល់​ព្រះ ហើយ​ស្លាប់​ទៅ។

៣៣ហើយ​នឹង​មាន​ផែនដី​រញ្ជួយ​នៅ​កន្លែង​ផ្សេងៗ​ដែរ ហើយ​និង​សេចក្ដី​ហិន​វិនាស​ជា​ច្រើន​ផង ក៏​ប៉ុន្តែ​មនុស្ស​លោក​នៅ​តែ​នឹង​ពង្រឹង​ចិត្ត​ទាស់​នឹង​យើង ហើយ​ពួក​គេ​នឹង​លើក​ដាវ​ប្រឆាំង​គ្នា ហើយ​ពួក​គេ​នឹង​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក។

៣៤ហើយ​ឥឡូវ​នេះ ក្នុង​កាល​យើង ជា​ព្រះ​អម្ចាស់ មាន​បន្ទូល​នូវ​ពាក្យ​ទាំង​នេះ​ដល់​ពួក​សិស្ស​របស់​យើង​ហើយ នោះ​ពួក​គេ​មាន​ចិត្ត​ថប់​បារម្ភ។

៣៥ហើយ​យើង​បាន​មាន​បន្ទូល​ដល់​ពួក​គេ​ថា ៖ ចូរ​កុំ​ឲ្យ​មាន​ចិត្ត​ថប់​បារម្ភ​ឡើយ ត្បិត​កាលណា​ការណ៍​ទាំង​នេះ​នឹង​កើត​ឡើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ដឹង​ថា សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន ដែល​បាន​ធ្វើ​ដល់​អ្នក នោះ​នឹង​ត្រូវ​បាន​សម្រេច​ហើយ។

៣៦ហើយ​កាលណា​ពន្លឺ​នឹង​ចាប់​ផ្ដើម​ចែងចាំង​មក នោះ​នឹង​បាន​នៅ​ជាមួយ​ពួក​គេ ដូច​ជា​ពាក្យ​ប្រៀបប្រដូច ដែល​យើង​នឹង​បង្ហាញ​ដល់​អ្នក​ដែរ —

៣៧អ្នក​រាល់​គ្នា​មើល ហើយ​ឃើញ​ដើម​ល្វា​ទាំង​ឡាយ ហើយ​អ្នក​រាល់​គ្នា​មើល​ឃើញ​ដោយ​ភ្នែក​អ្នក​ផ្ទាល់ ហើយ​អ្នក​រាល់​គ្នា​និយាយ​ថា កាលណា​ដើម​ល្វា​ចាប់​ផ្ដើម​លាស់​ឡើង ហើយ​ស្លឹក​វា​នៅ​ទន់​ខ្ចី​នៅ​ឡើយ ពេល​នោះ​រដូវ​ក្ដៅ​នៅ​ជិត​ដៃ​បង្កើយ

៣៨ក៏​បែប​ដូច្នោះ​ដែរ​នៅ​ថ្ងៃ​នោះ កាលណា​ពួក​គេ​នឹង​ឃើញ​គ្រប់​ការណ៍​ទាំង​នេះ ខណៈ​នោះ ពួក​គេ​នឹង​ដឹង​ថា ជិត​ដល់​ម៉ោង​ហើយ។

៣៩ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា អ្នក​ណា​ដែល​កោតខ្លាច​ដល់​យើង នោះ​នឹង​ទន្ទឹង​ចាំ​ដល់​ថ្ងៃ​ដ៏​ធំ​នៃ​ព្រះ​អម្ចាស់ គឺ​ដល់​ទី​សំគាល់​ទាំង​ឡាយ​ពី​ការ​យាង​មក​នៃ​កូន​មនុស្ស។

៤០ហើយ​ពួក​គេ​នឹង​ឃើញ​ទី​សំគាល់ និង​ការ​អស្ចារ្យ​ទាំង​ឡាយ ត្បិត​របស់​ទាំង​នោះ​នឹង​ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​នៅ​លើ​មេឃ​ខាង​លើ និង​នៅ​លើ​ផែនដី​ខាង​ក្រោម។

៤១ហើយ​ពួក​គេ​នឹង​ឃើញ​ឈាម និង​ភ្លើង និង​កំសួល​ផ្សែង។

៤២ហើយ​មុន​ថ្ងៃ​នៃ​ព្រះ​អម្ចាស់​នឹង​មក​ដល់ នោះ​ថ្ងៃ​នឹង​ទៅ​ជា​ងងឹត ហើយ​ខែ​នឹង​ទៅ​ជា​ឈាម ហើយ​តារា​ទាំង​ឡាយ​នឹង​ធ្លាក់​ចុះ​ពីលើ​មេឃ។

៤៣ហើយ​ពួក​សំណល់​នឹង​ត្រូវ​បាន​ប្រមូល​គ្នា​មក​ទី​នេះ

៤៤ហើយ​នៅ​ខណៈ​នោះ ពួក​គេ​នឹង​សម្លឹង​រក​មើល​យើង ហើយ​មើល​ចុះ យើង​នឹង​យាង​មក ហើយ​ពួក​គេ​នឹង​ឃើញ​យើង​មក​លើ​ពពក នៅ​លើ​មេឃ បំពាក់​ដោយ​ព្រះ​ចេស្ដា និង​សិរី​ល្អ​ជា​ខ្លាំង​ជាមួយ​នឹង​ពួក​ទេវតា​បរិសុទ្ធ​ទាំង​អស់ ហើយ​អ្នក​ណា​ដែល​ពុំ​បាន​ចាំ​មើល​យើង នោះ​នឹង​ត្រូវ​កាត់​ចេញ។

៤៥ប៉ុន្តែ​មុន​ព្រះ​ពាហុ​នៃ​ព្រះ​អម្ចាស់​នឹង​ធ្លាក់​មក នោះ​ទេវតា​មួយ​រូប​នឹង​បន្លឺ​ត្រែ​របស់​លោក ហើយ​ពួក​បរិសុទ្ធ​ដែល​បាន​ដេកលក់​នោះ​នឹង​ចេញ​មក​ជួប​យើង​នៅ​លើ​ពពក

៤៦ហេតុ​ដូច្នោះ​ហើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​ដេកលក់​ក្នុង​សេចក្ដី​សុខសាន្ត នោះ​អ្នក​រាល់​គ្នា​មាន​ពរ​ហើយ ត្បិត​ឥឡូវ​នេះ ដូច​ជា​អ្នក​មើល​ឃើញ​យើង ហើយ​ដឹង​ថា​យើង​ជា​ព្រះ​យ៉ាង​ណា នោះ​អ្នក​រាល់​គ្នា​ក៏​នឹង​មក​រក​យើង​យ៉ាង​នោះ​ដែរ ហើយ​ព្រលឹង​របស់​អ្នក​រាល់​គ្នា​នឹង​រស់នៅ ហើយ​សេចក្ដី​ប្រោស​លោះ​របស់​អ្នក​នឹង​ត្រូវ​បាន​ល្អ​ឥត​ខ្ចោះ ហើយ​ពួក​បរិសុទ្ធ​នឹង​ចេញ​មក​ពី​ទិស​ទាំង​បួន​នៃ​ផែនដី។

៤៧ខណៈ​នោះ ព្រះ​ពាហុ​នៃ​ព្រះ​អម្ចាស់​នឹង​ធ្លាក់​មក​លើ​ពួក​សាសន៍​ទាំង​ឡាយ។

៤៨ហើយ​ខណៈ​នោះ ព្រះ​អម្ចាស់​នឹង​ដាក់​ព្រះ​បាទ​ទ្រង់​ជាន់​លើ​ភ្នំ​នេះ ហើយ​នឹង​ត្រូវ​ពុះ​ញែក​ជា​ពីរ ហើយ​ផែនដី​នឹង​ញ័រ​រន្ធត់ ហើយ​ទ្រេតទ្រោត ហើយ​ផ្ទៃ​មេឃ​ក៏​នឹង​ញាប់​ញ័រ​ដែរ។

៤៩ហើយ​ព្រះ​អម្ចាស់​ទ្រង់​នឹង​បន្លឺ​សំឡេង​របស់​ទ្រង់ ហើយ​អស់​ទាំង​ចុង​ផែនដី​នឹង​បាន​ឮ ហើយ​សាសន៍​ទាំង​ឡាយ​នៃ​ផែនដី​នឹង​គក់​ទ្រូង​យំ ហើយ​ពួក​គេ​ដែល​បាន​សើច​ដាក់ នោះ​នឹង​ឃើញ​សេចក្ដី​ចម្កួត​របស់​ខ្លួន។

៥០ហើយ​មហន្តរាយ​នឹង​គ្រប​ដណ្ដប់​លើ​ពួក​ចំអកឡកឡឺយ ហើយ​ពួក​ចំអក​មើល​ងាយ​នឹង​ត្រូវ​សូន្យ​បាត់​ទៅ ហើយ​ពួក​អ្នក​ដែល​រក​តែ​ឱកាស​នឹង​ប្រព្រឹត្ត​សេចក្ដី​ទុច្ចរិត នោះ​នឹង​ត្រូវ​កាប់​បោះ​ចោល​ទៅ​ក្នុង​ភ្លើង។

៥១ហើយ​ខណៈ​នោះ ពួក​សាសន៍​យូដា​នឹង​សម្លឹង​មើល​មក​រក​យើង ហើយ​និយាយ​ថា ៖ ចុះ​តើ​របួស​អ្វី​នុ៎ះ​នៅ​ដៃ​អ្នក និង​នៅ​ជើង​អ្នក?

៥២ខណៈ​នោះ ពួក​គេ​នឹង​ដឹង​ថា យើង​ជា​ព្រះ​អម្ចាស់ ត្បិត​យើង​នឹង​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ​ថា ៖ របួស​ទាំង​នេះ គឺជា​របួស​ដែល​យើងត្រូវ​របួស​នៅ​ក្នុង​ផ្ទះ​របស់​មិត្ត​សម្លាញ់​យើង។ យើង​ជា​អ្នក​ដែល​ត្រូវ​បាន​លើក​ឡើង។ យើង​ជា​ព្រះ​យេស៊ូវ​ដែល​ត្រូវ​គេ​ឆ្កាង។ យើង​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។

៥៣ហើយ​ខណៈ​នោះ ពួក​គេ​នឹង​យំ ពី​ព្រោះ​តែ​សេចក្ដី​ទុច្ចរិត​របស់​ពួក​គេ ខណៈ​នោះ ពួក​គេ​នឹង​ទួញ​សោក ពី​ព្រោះ​ពួក​គេ​បាន​ធ្វើ​ទុក្ខ​ស្ដេច​របស់​ខ្លួន។

៥៤ហើយ​ខណៈ​នោះ ពួក​អ្នក​ឥត​សាសនា​នឹង​ត្រូវ​បាន​ប្រោស​លោះ ហើយ​ពួក​គេ​ដែល​មិន​ស្គាល់​ច្បាប់ នោះ​នឹង​មាន​ចំណែក​ក្នុង​ដំណើរ​រស់​ឡើង​វិញ​ទី​មួយ ហើយ​នឹង​បាន​ងាយ​ដល់​ពួក​គេ។

៥៥ហើយ​អារក្ស​សាតាំង​នឹង​ត្រូវ​បាន​ចង ប្រយោជន៍​កុំ​ឲ្យ​វា​មាន​កន្លែង​នៅ​ក្នុង​ដួង​ចិត្ត​នៃ​កូន​ចៅ​មនុស្ស​ឡើយ។

៥៦ហើយ​នៅ​ថ្ងៃ​នោះ ក្នុង​កាលដែល​យើង​នឹង​យាង​មក​ដោយ​នូវ​សិរី​ល្អ​របស់​យើង នោះ​ពាក្យ​ប្រៀបប្រដូច​នឹង​ត្រូវ​បាន​សម្រេច ដែល​យើង​បាន​មាន​បន្ទូល​ពី​ស្រី​ព្រហ្មចារី​១០​នាក់។

៥៧ត្បិត​ពួក​អ្នក​ណា​ដែល​មាន​ប្រាជ្ញា ហើយ​បាន​ទទួល​សេចក្ដី​ពិត ហើយ​បាន​ទទួល​យក​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទុកជា​អ្នក​ណែនាំ​របស់​ខ្លួន ហើយ​ដែល​ពុំ​ត្រូវ​គេ​បញ្ឆោត — យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ពួក​គេ​នឹង​ពុំ​ត្រូវ​កាប់​បោះ​ចោល​ទៅ​ក្នុង​ភ្លើង​ឡើយ ប៉ុន្តែ​នឹង​ធន់​នៅ​ថ្ងៃ​នោះ។

៥៨ហើយ​ផែនដី​នឹង​ត្រូវ​បាន​ប្រទាន​ដល់​ពួក​គេ​ទុកជា​មរតក ហើយ​ពួក​គេ​នឹង​កើន​ចំនួន​ឡើង និង​ខ្លាំង​ពូកែ ហើយ​កូន​ចៅ​ពួក​គេ​នឹង​ធំ​ឡើង​ដោយ​គ្មាន​បាប ដោយ​បាន​ទទួល​សេចក្ដី​សង្គ្រោះ។

៥៩ត្បិត​ព្រះ​អម្ចាស់​ទ្រង់​នឹង​គង់នៅ​កណ្ដាល​ពួក​គេ ហើយ​សិរី​ល្អ​របស់​ទ្រង់​នឹង​ស្ថិត​នៅ​លើ​ពួក​គេ ហើយ​ទ្រង់​នឹង​ទៅ​ជា​មហាក្សត្រ​នៃ​ពួក​គេ និង​ជា​អ្នក​តែង​ច្បាប់​នៃ​ពួក​គេ។

៦០ហើយ​ឥឡូវ​នេះ មើល​ចុះ យើង​ប្រាប់​អ្នក​ថា ការណ៍​នេះ​នឹង​មិន​ត្រូវ​បាន​ប្រទាន​ឲ្យ​អ្នក​ដឹង អំពី​ជំពូក​នេះ​ត​ទៅ​ទៀត​ទេ ទាល់​តែ​បាន​បកប្រែ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​សិន ហើយ​នៅ​ក្នុង​ការ​បកប្រែ​នោះ នោះ​គ្រប់​ទាំង​អស់​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​ដឹង

៦១ហេតុ​ដូច្នោះ​ហើយ យើង​ប្រទាន​ដល់​អ្នក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បកប្រែ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​នៅ​ពេល​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ប្រុងប្រៀប​សម្រាប់​ការណ៍​ទាំង​ឡាយ​ដែល​នឹង​មក​ដល់។

៦២ត្បិត​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ការណ៍​ដ៏​ធំ​នោះ​កំពុងតែ​រង់ចាំ​អ្នក

៦៣អ្នក​រាល់​គ្នា​ឮ​អំពី​សង្គ្រាម​ទាំង​ឡាយ​ពី​ស្រុក​ដទៃ ប៉ុន្តែ​មើល​ចុះ យើង​ប្រាប់​អ្នក​ថា ការណ៍​នោះ​នៅ​ជិតបង្កើយ គឺ​នៅ​មាត់ទ្វារ ហើយ​មិន​ជា​យូរ​ឆ្នាំ​ប៉ុន្មាន​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​ឮ​អំពី​សង្គ្រាម​ទាំង​ឡាយ​នៅ​ក្នុង​ដែនដី​របស់​ខ្លួន។

៦៤ហេតុ​ដូច្នោះ​ហើយ យើង​ជា​ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​ថា ចូរ​អ្នក​រាល់​គ្នា​ប្រមូល​គ្នា​ពី​ដែនដី​ខាង​កើត ចូរ​ជួបជុំ​គ្នា​ចុះ ឱ​អ្នក​រាល់​គ្នា​ជា​ពួក​អែលឌើរ​នៃ​សាសនាចក្រ​របស់​យើង​អើយ ចូរ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ក្នុង​ភូមិ​ភាគ​ខាង​លិច​ទាំង​ឡាយ ចូរ​ស្រែកហៅ​បណ្ដាជន​ឲ្យ​ប្រែ​ចិត្ត​ចុះ ហើយ​ដរាបណា​ពួក​គេ​ប្រែ​ចិត្ត នោះ​ចូរ​ស្ថាបនា​សាសនាចក្រ​របស់​យើង​ឡើង​ថ្វាយ​យើង​ចុះ។

៦៥ហើយ​ដោយ​មាន​ចិត្ត​តែ​មួយ និង​គំនិត​តែ​មួយ ចូរ​ប្រមូល​ទ្រព្យសម្បត្តិ​ទាំង​ឡាយ​របស់​អ្នក​រាល់​គ្នា ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​ទិញ​ទី​មរតក ដែល​នឹង​ត្រូវ​បាន​ប្រគល់​ដល់​អ្នក​ពី​ពេល​នេះ​ត​ទៅ។

៦៦ហើយ​ទី​នោះ​នឹង​ត្រូវ​បាន​ហៅថា ក្រុង​យេរូសាឡិម​ថ្មី ជា​ដែនដីសុខសាន្ត គឺជា​ទី​ក្រុង​ពំនាក់ ជាទី​សន្តិសុខ​សម្រាប់​ពួក​បរិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត;

៦៧ហើយ​សិរី​ល្អ​នៃ​ព្រះ​អម្ចាស់​នឹង​ស្ថិតនៅ​ទី​នោះ ហើយ​សេចក្ដី​កោតខ្លាច​ដល់​ព្រះ​អម្ចាស់​ក៏​នៅ​ទី​នោះ​ដែរ គឺ​ដរាបណា​ពួក​មនុស្ស​ទុច្ចរិត​នឹង​មិន​មក​ទី​នោះ​ទេ ហើយ​ទី​នោះ​នឹង​ត្រូវ​ហៅថា ក្រុង​ស៊ីយ៉ូន។

៦៨ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​នៅ​ក្នុង​ចំណោម​ពួក​ទុច្ចរិត​ថា មនុស្ស​គ្រប់​រូប​ណា​ដែល​នឹង​មិន​កាន់​ដាវ​ប្រឆាំង​នឹង​អ្នក​ជិត​ខាង​របស់​ខ្លួន​ទេ នោះ​ច្បាស់​ជា​ត្រូវ​រត់​ទៅ​រក​ក្រុង​ស៊ីយ៉ូន ដើម្បី​ឲ្យ​បាន​សុខ។

៦៩ហើយ​នឹង​មាន​មនុស្ស​ប្រមូល​គ្នា​មក​ក្រុង​ស៊ីយ៉ូន មក​ពី​គ្រប់​សាសន៍​នៅ​ក្រោម​មេឃ ហើយ​នឹង​មាន​តែ​មនុស្ស​ណា​ដែល​នឹង​មិន​ធ្វើ​សង្គ្រាម​នឹង​គ្នា​ប៉ុណ្ណោះ។

៧០ហើយ​នឹង​ត្រូវ​បាន​ឮ​នៅ​ក្នុង​ចំណោម​ពួក​ទុច្ចរិត​ថា ៖ ចូរ​យើង​កុំ​ឡើង​ទៅ​តតាំង​នឹង​ក្រុង​ស៊ីយ៉ូន​ឡើយ ត្បិត​ពួក​បណ្ដាជន​នៅ​ក្រុង​ស៊ីយ៉ូន​គួរ​ឲ្យ​ស្ញើប​ខ្លាច​ណាស់ ហេតុ​ដូច្នោះ​ហើយ ពួក​យើង​ពុំ​អាច​តស៊ូ​បាន​ឡើយ។

៧១ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា ពួក​សុចរិត​នឹង​ត្រូវ​បាន​ប្រមូល​គ្នា​មក​ពី​ចំណោម​សាសន៍​ទាំង​អស់ ហើយ​នឹង​មក​ឯ​ក្រុង​ស៊ីយ៉ូន ដោយ​ច្រៀង​នូវ​ចម្រៀង​ទាំង​ឡាយ​អំពី​សេចក្ដី​អំណរ​ដ៏​នៅ​អស់​កល្ប​អស់​កាល​ជានិច្ច។

៧២ហើយ​ឥឡូវ​នេះ យើង​ប្រាប់​អ្នក​ថា ចូរ​ទុក​ការណ៍​ទាំង​នេះ កុំ​ឲ្យ​ឮ​សាយ​ទៅ​ដល់​មនុស្ស​លោក លុះ​ត្រា​ជា​ការ​ចាំ​បាច់​ចំពោះ​យើង ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​សម្រេច​កិច្ចការ​នេះ​បាន​ចំពោះ​ភ្នែក​នៃ​ប្រជាជន ហើយ​ចំពោះ​ភ្នែក​នៃ​ពួក​ខ្មាំងសត្រូវ​របស់​អ្នក ប្រយោជន៍​កុំ​ឲ្យ​ពួក​គេ​អាច​ដឹង​អំពី​កិច្ចការ​ទាំង​ឡាយ​របស់​អ្នក លុះ​ត្រា​អ្នក​រាល់​គ្នា​បាន​សម្រេច​ការណ៍​ដែល​យើង​បាន​បញ្ជា​ដល់​អ្នក​សិន

៧៣ព្រោះ​កាលណា​ពួក​គេ​ដឹង​អំពី​កិច្ចការ​នោះ នោះ​ពួក​គេ​អាច​ពិចារណា​ពី​ការណ៍​ទាំង​នេះ។

៧៤ត្បិត​កាល​ព្រះ​អម្ចាស់​ទ្រង់​នឹង​លេច​មក នោះ​ទ្រង់​នឹង​ទៅ​ជា​ទី​ស្ញើប​ខ្លាច​ដល់​ពួក​គេ ប្រយោជន៍​ឲ្យ​សេចក្ដី​កោតខ្លាច​នោះ​អាច​គ្រប​ដណ្ដប់​មក​លើ​ពួក​គេ ហើយ​ពួក​គេ​នឹង​ឈរ​នៅ​ឆ្ងាយ ហើយ​ញ័រ​រន្ធត់។

៧៥ហើយ​គ្រប់​សាសន៍​នឹង​ត្រូវ​ទៅ​ជា​ខ្លាច ពី​ព្រោះ​តែ​សេចក្ដី​កោតខ្លាច​ដល់​ព្រះ​អម្ចាស់ និង​ព្រះ​ចេស្ដា​នៃ​កម្លាំង​របស់​ទ្រង់។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕