ជ្រើសរើសដោយវាងវៃ
« បដិសេធចោលរបស់អាក្រក់ ហើយរើសយករបស់ល្អវិញ » (អេសាយ 7:15)។
បងប្អូនប្រុសជាទីស្រឡាញ់ បំណងខ្ញុំនាល្ងាចនេះគឺចង់ចែកចាយដំបូន្មានខ្លះអំពីការសម្រេចចិត្ត និងជម្រើស ។
កាលនៅក្មេងខ្ញុំធ្វើជាមេធាវីនៅតំបន់ឈូងសមុទ្រ សាន់ ហ្វ្រាន់ស៊ីស្កូ សហគ្រាសយើងបានធ្វើការផ្នែកច្បាប់ឲ្យក្រុមហ៊ុនដែលផលិតរឿងរបស់ ឆាលី ប្រោន ជាកម្មវិធីពិសេសតាមទូរទស្សន៍សម្រាប់ថ្ងៃបុណ្យ ។1 ខ្ញុំបានក្លាយជាអ្នកគាំទ្រលោក ឆាល ស្សុល និងវណ្ណកម្មលោកគឺ—រឿង សណ្ដែកដី ដែលមាន ឆាលី ប្រោន លូស៊ី ស្នូបភី និង តួសម្ដែងល្បីៗដទៃទៀត ។
វគ្គកំប្លែងដែលខ្ញុំចូលចិត្តជាងគេគឺទាក់ទងនឹង លូស៊ី ។ បើតាមខ្ញុំចាំ ក្រុមកីឡាវាយកូនបាល់របស់ ឆាលី ប្រោន បានចូលរួមការប្រកួតដ៏សំខាន់មួយគឺ—លូស៊ី ជាអ្នកចាប់កូនបាល់ ហើយកូនបាល់មួយបានហោះសំដៅមកនាង ។ កន្លែងចាំទីទាំងបីពេញទាំងអស់ ហើយវាជាវគ្គផ្ដាច់ព្រ័ត្រ ។ បើ លូស៊ី ចាប់កូនបាល់បាននោះ ក្រុមនាងនឹងឈ្នះ ។ បើ លូស៊ី លែងកូនបាល់នោះ ក្រុមគេនឹងឈ្នះ ។
វាអាចកើតឡើងតែក្នុងវគ្គកំប្លែងនេះប៉ុណ្ណោះ ដែលសមាជិកក្រុមទាំងអស់បានមកឈរជុំវិញ លូស៊ី នៅពេលកូនបាល់ធ្លាក់ចុះមក ។ លូស៊ី បានគិតថា « បើខ្ញុំចាប់កូនបាល់ ខ្ញុំនឹងក្លាយជាវីរនារី តែបើខ្ញុំលែងវាចោល ខ្ញុំនឹងជាមនុស្សល្ងង់ » ។
កូនបាល់បានធ្លាក់ចុះមក ហើយពេលសមាជិកក្រុមសម្លឹងមើលនាងយ៉ាងមុតមាំ លូស៊ី បានលែងកូនបាល់នោះចោល ។ ឆាលី ប្រោន បានគ្រវែងស្រោមដៃទៅលើដីទាំងខឹង ។ លូស៊ី បានមើលទៅសមាជិកក្រុមនាង ហើយឈរច្រត់ចង្កេះដោយពោលថា « តើអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំចាប់កូនបាល់នោះយ៉ាងម៉េចបើខ្ញុំចេះតែខ្វល់ខ្វាយពីបញ្ហាគោលនយោបាយកិច្ចការបរទេសប្រទេសយើងជាមួយប្រទេសដទៃនោះ ? »
នេះមិនមែនជាកូនបាល់ទីមួយទេ ដែល លូស៊ី បានលែងចោលពេញមួយឆ្នាំ ហើយតែងតែមានការដោះសារជានិច្ច ។2 ទោះជាទង្វើទាំងនោះគួរឲ្យអស់សំណើចក្ដី ក៏ការដោះសាររបស់ លូស៊ី តែងតែមានជានិច្ច ដែលជាហេតុផលដែលនាងពុំចាប់កូនបាល់ ។
អំឡុងការបម្រើរបស់ប្រធាន ថូម៉ាស អេស ម៉នសុន លោកតែងបង្រៀនថា ការសម្រេចចិត្តកំណត់ពីជោគវាសនា ។3 ដំបូន្មានខ្ញុំល្ងាចនេះគឺត្រូវងើបចេញពីការដោះសារទាំងឡាយណាដែលបង្ខាំងយើងពីការធ្វើជម្រើសត្រឹមត្រូវ ជាពិសេសបំណងបម្រើព្រះយេស៊ូវគ្រីស្ទ ។ គម្ពីរអេសាយបង្រៀនថាយើងត្រូវ « បដិសេធចោលរបស់អាក្រក់ ហើយរើសយករបស់ល្អវិញ » ។4
ខ្ញុំជឿថាវាជាផ្នែកសំខាន់ក្នុងជីវិតយើង កាលសាតាំងកំពុងតែក្ដាប់ដួងចិត្តមនុស្សដោយល្បិចដ៏ប៉ិនប្រសប់ និងថ្មីៗជាច្រើន ថាជម្រើស និងការសម្រេចចិត្តយើងត្រូវធ្វើដោយប្រុងប្រយ័ត្ន ស្របទៅនឹងគោលដៅ និងទិសដៅដែលយើងចង់រស់នៅតាម ។ យើងត្រូវការការតាំងចិត្តដ៏ម៉ឺងម៉ាត់ចំពោះព្រះបញ្ញត្តិ ហើយគោរពប្រតិបត្តិយ៉ាងតឹងរ៉ឹងចំពោះសេចក្ដីសញ្ញាដ៏ពិសិដ្ឋ ។ ពេលយើងអនុញ្ញាតឲ្យការដោះសារទាំងឡាយរារាំងយើងពីអំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ បេសកកម្មដ៏សក្ដិសម និងអាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធ វាពិតជាគ្រោះថ្នាក់ណាស់ ។ វាជារឿងខូចចិត្តបំផុតកាលយើងចង់រស់តាមគោលដៅទាំងនេះ តែរាល់ថ្ងៃមិនរស់តាមរបៀបដែលតម្រូវឲ្យមានដើម្បីសម្រេចបានវានោះ ។5
យុវវ័យខ្លះចង់ដាក់គោលដៅរៀបការក្នុងព្រះវិហារបរិសុទ្ធ តែពុំមានភាពសក្ដិសមចូលព្រះវិហារបរិសុទ្ធ ។ និយាយតាមត្រង់ យុវវ័យខ្លះពុំព្រមទាំងណាត់គ្នាដើរលេងផង! ពួកបុរសដែលនៅលីវអើយ ដរាបណាអ្នកនៅលីវកាន់តែយូរ បន្ទាប់ពីគ្រប់អាយុ និងភាពចាស់ទុំល្មមហើយនោះ អ្នកនឹងចង់តែរស់ដោយពុំរៀបការ ។ ប៉ុន្តែអ្នកក៏អាចមិនមានអារម្មណ៍ស្រណុកចិត្តព្រោះមិនទាន់បានរៀបការដែរ ! សូម «ចូលរួមឲ្យបានរស់រវើក » 6 ក្នុង សកម្មភាពក្រុមខាងវិញ្ញាណ និងខាងសង្គមដែលអាចសម្រេចគោលដៅអ្នកទៅរកអាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធ ។
មនុស្សខ្លះពន្យាពេលរៀបការរហូតដល់បញ្ចប់ការសិក្សា ហើយរកការងារបានធ្វើសិន ។ ទោះជាទង្វើនេះត្រូវពិភពលោកទទួលស្គាល់ក្ដី ក៏ហេតុផលនេះពុំបង្ហាញពីសេចក្ដីជំនឿ ពុំធ្វើតាមដំបូន្មានពួកព្យាការីសម័យទំនើប ហើយពុំសមស្របទៅនឹងគោលលទ្ធិឡើយ ។
ថ្មីៗនេះ ខ្ញុំបានជួបនឹងយុវជនដ៏សង្ហាម្នាក់ ។ គោលដៅគាត់គឺទៅបម្រើបេសកកម្ម បញ្ចប់ការសិក្សា រៀបការក្នុងព្រះវិហារបរិសុទ្ធ ហើយមានក្រុមគ្រួសាររីករាយដ៏ស្មោះត្រង់មួយ ។ ខ្ញុំពេញចិត្តគោលដៅរបស់គាត់ ។ ប៉ុន្តែពេលបន្តការពិភាក្សា វាបង្ហាញថាការប្រព្រឹត្ត និងជម្រើសរបស់គាត់ពុំស្របទៅនឹងគោលដៅគាត់ឡើយ ។ ខ្ញុំឃើញថាគាត់ពិតជាចង់ទៅបម្រើបេសកកម្ម ហើយចៀសវាងរាល់អំពើរំលងធ្ងន់ធ្ងរដែលនឹងបង្អាក់គាត់ពីបេសកកម្ម ប៉ុន្តែការប្រព្រឹត្តរបស់គាត់ពីមួយថ្ងៃទៅមួយថ្ងៃពុំរៀបចំខ្លួនគាត់សម្រាប់ឧបសគ្គខាងសាច់ឈាម សតិអារម្មណ៍ សង្គម បញ្ញា និងខាងវិញ្ញាណដែលគាត់នឹងជួបប្រទះឡើយ។7 គាត់ពុំទាន់ចេះធ្វើការដោយព្យាយាមនោះទេ ។ គាត់ពុំយកចិត្តទុកដាក់នឹងការសិក្សា ឬចូលថ្នាក់សិក្ខាសាលាឡើយ ។ គាត់ទៅព្រះវិហារ តែពុំអានព្រះគម្ពីរមរមនឡើយ ។ គាត់ចំណាយពេលច្រើនលេងហ្គេមវីដេអូ និងប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម ។ គាត់ទំនងជាគិតថាការចេញបម្រើបេសកកម្មដ៏សាមញ្ញមួយគឺគ្រប់គ្រាន់ហើយមើលទៅ ។ ពួកយុវជនអើយ សូមតាំងចិត្តឡើងវិញដើម្បីប្រព្រឹត្តដោយសក្ដិសម ហើយរៀបចំខ្លួនដោយម៉ឹងម៉ាត់ដើម្បីធ្វើជារាជទូតរបស់ព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះគឺ ព្រះយេស៊ូវគ្រីស្ទ ។
កង្វល់ខ្ញុំពុំមែនគ្រាន់តែជាការសម្រេចចិត្តដែលកំណត់ជោគវាសនាប៉ុណ្ណោះទេ តែក៏ជាការសម្រេចចិត្តដ៏តូចៗ—គឺជាការសម្រេចចិត្តរាល់ថ្ងៃ ដែលមើលទៅដូចជារឿងធម្មតាៗ ដែលយើងចំណាយពេលស្ទើរតែមួយជីវិត ។ ចំពោះកត្តាទាំងនេះ យើងត្រូវសង្កត់ធ្ងន់លើការគ្រប់គ្រងខ្លួន តុល្យភាព និងជាពិសេសនោះគឺ ប្រាជ្ញា ។ វាចាំបាច់ដែលត្រូវចៀសវាងការដោះសារនានា ហើយធ្វើការសម្រេចិត្តដ៏ប្រពៃ ។
ឧទាហរណ៍ដ៏អស្ចារ្យនៃតម្រូវការឲ្យមានការគ្រប់គ្រងខ្លួន តុល្យភាព និងប្រាជ្ញាគឺជា ការប្រើប្រាស់អ៊ិនធឺណែត ។ វាអាចត្រូវប្រើដើម្បីធ្វើកិច្ចការផ្សព្វផ្សាយសាសនា ជួយដល់ទំនួលខុសត្រូវបព្វជិតភាព ស្វែងរកបុព្វការីជនជាទីស្រឡាញ់ដើម្បីធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ និងកិច្ចការផ្សេងទៀតជាច្រើន ។ លទ្ធភាពសម្រាប់កិច្ចការល្អមានសន្ធឹកសន្ធាប់ ។ យើងក៏ដឹងដែរថា វាអាចនាំមកនូវការណ៍អាក្រក់ជាច្រើនរួមទាំងរឿងអាសអាភាស ភាពគ្រោតគ្រាតនៃប្រព័ន្ធអ៊ិនធឺណែត8 និងការសន្ទនាបែបអនាមិក ។ វាក៏អាចនាំឲ្យមានទង្វើឆ្កួតលីលាមិនចេះស្បើយ ។ ដូចបងប្រុស រ៉ានឌល អិល រិដ បានបង្រៀនយ៉ាងខ្លាំងៗនៅសន្និសីទទូទៅកាលពីលើកមុន ដោយមានប្រសាសន៍ពីអ៊ិនធឺណែតថា « អ្នកអាចធ្លាក់ទៅក្នុងរឿងឥតប្រយោជន៍ជាច្រើន ដែលខ្ជះខ្ជាយពេលវេលា ហើយបង្អាប់បង្អោនអ្នកពីការធ្វើល្អ » ។9
ការបង្អាក់ស្មារតី និងការផ្ទុយពីសុចរិតភាពពុំគ្រាន់តែមានលើអ៊ិនធឺណែតទេ គឺនៅគ្រប់ទីកន្លែង ។ វាពុំមែនប៉ះពាល់តែពួកយុវវ័យទេ តែគឺយើងទាំងអស់គ្នា ។ យើងរស់ក្នុងពិភពលោកដែលមានសភាពគួរឲ្យភ្ញាក់ផ្អើល ។10 យើងត្រូវឡោមព័ទ្ធដោយ « ការសប្បាយ និងល្បែង » ដ៏សម្បូរបែប ថែមទាំងជីវិតដែលអសីលធម៌ និងមិនសមរម្យ ។ ការប្រព្រឹត្តទាំងនេះត្រូវបានបង្ហាញថាជាទង្វើធម្មតាក្នុងប្រព័ន្ធផ្សពផ្សាយសង្គមភាគច្រើន ។
ថ្មីៗនេះ អែលឌើរ ដេវីឌ អេ បែដណា បានព្រមានសមាជិកឲ្យស្មោះត្រង់ក្នុងការចូលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ។11 បុរសដ៏ល្បីល្បាញម្នាក់ អាសើរ ស៊ី ប្រ៊ូក បានគូសបញ្ជាក់ពីបញ្ហានេះ ។ លោកសង្កេតឃើញថា នៅពេលប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម យើងចង់ចែកចាយពីព័ត៌មានល្អៗនៃជីវិត តែមិនមែនជាគ្រាលំបាកនៅឯសាលា ឬកន្លែងធ្វើការឡើយ ។ យើងចែកចាយពីជីវិតមិនពេញលេញ—ជួនកាលតាមរបៀបបំផ្លើសពីខ្លួនឯង ឬខុសពីការពិត ។ យើងចែកចាយពីជីវិតនេះ ហើយក្រោយមកយើងបំផ្លាញ « ជីវិតដែលស្ទើរតែខុសពីការពិតនៃ ‘មិត្តភក្ដិ’ [យើង] លើប្រព័ន្ធសង្គម » ។ ប្រ៊ូក បន្ថែមថា « តើយើងអាចមិនមានអារម្មណ៍អាក្រក់ដែលត្រូវចំណាយពេលខ្លះធ្វើពុតជាមានសុភមង្គលជាងភាពពិត ហើយពេលខ្លះទៀតឃើញថាមនុស្សដទៃមានសុភមង្គលជាងអ្នកយ៉ាងដូចម្ដេចទៅ » ? 12
ពេលខ្លះ ហាក់ដូចជាយើងកំពុងតែវង្វេងនៅក្នុងភាពភ្លើតភ្លើនមិនសមហេតុផល គ្រឿងបញ្ឆោតចិត្តឥតបានការ និងវិវាទគ្មានទីបញ្ចប់ ។ នៅពេលយើងកាត់បន្ថយគ្រឿងបញ្ឆោតចិត្ត ហើយកំណត់ថាវាជាអ្វីនោះ វានឹងពុំសូវមានក្នុងដំណើការនៃតម្រូវការដ៏អស់កល្បឆ្ពោះទៅរកគោលដៅដ៏សុចរិតឡើយ ។ មានឪពុកម្នាក់ឆ្លើយតបដោយវាងវៃទៅនឹងសំណើរសុំជាច្រើនដងរបស់កូនៗគាត់ដើម្បីប្រើគ្រឿងបញ្ឆោតចិត្តទាំងនេះ ។ គាត់ឆ្លើយយ៉ាងសាមញ្ញថា « តើវានឹងធ្វើឲ្យកូនក្លាយជាមនុស្សកាន់តែប្រសើរទេ » ?
ពេលយើងដោះសារចំពោះជម្រើសខុស ទោះធំ ឬតូចក្ដី ដែលពុំសមស្របនឹងដំណឹងល្អដែលបានស្ដារឡើងវិញ នោះយើងបាត់បង់ពរជ័យ និងការការពារដែលយើងត្រូវការ ហើយធ្លាក់ទៅក្នុងអំពើបាប ឬបាត់បង់ការដឹកនាំដោយងាយ ។
ខ្ញុំពិតជាបារម្ភពីភាពភ្លើតភ្លើន13 និង ការចង់បាន « អ្វីដែលទំនើប » ។ ក្នុងសាសនាចក្រ យើងផ្សព្វផ្សាយ ហើយឲ្យតម្លៃខ្ពស់លើសេចក្ដីពិត និងចំណេះដឹងទូទៅ ។ ប៉ុន្តែពេលវប្បធម៌ ចំណេះដឹង និងទំនៀមទម្លាប់សង្គមបានឃ្លាតឆ្ងាយពីផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះ និងតួនាទីសំខាន់នៃព្រះយេស៊ូវគ្រីស្ទ លំដាប់នោះនឹងមានការស្រុតចុះក្នុងសង្គមដែលចៀសមិនរួច ។14 សព្វថ្ងៃ ទោះជាមានវឌ្ឈនភាពក្នុងគ្រប់វិស័យដែលមិនធ្លាប់មានពីមុនមក ជាពិសេសផ្នែកវិទ្យាសាស្ត្រ និងការទំនាក់ទំនងក្ដី ក៏តម្លៃមូលដ្ឋានសំខាន់ៗបានធ្លាក់ចុះ ហើយសុភមង្គល និងសុខុមាលភាពពេញលេញបានថយចុះដែរ ។
កាលសាវក ប៉ុល ត្រូវគេអញ្ជើញឲ្យថ្លែងសុន្ទរកថានៅទីអើរីយ៉ូស ទីក្រុងអាថែន លោកបានរកឃើញភាពក្រអឺតក្រទមខាងបញ្ញា និងអវត្តមាននៃសេចក្ដីពិតដែលកើតមានសព្វថ្ងៃនេះ ។15 នៅក្នុងគម្ពីរកិច្ចការចែងថា ៖ « រីឯពួកអ្នកនៅក្រុងអាថែន និងពួកអ្នកប្រទេសក្រៅដែលមកស្នាក់នៅទាំងប៉ុន្មាន គេមិនដែលបង់ពេលទំនេរនឹងធ្វើអ្វីទៀតទេ គេគិតតែពីប្រាប់ ឬស្ដាប់សេចក្ដីថ្មីប៉ុណ្ណោះ » ។16 ការគូសបញ្ជាក់របស់ ប៉ុល គឺអំពីដំណើររស់ឡើងវិញនៃព្រះយេស៊ូវគ្រីស្ទ ។ កាលបណ្ដាជនបានដឹងថាសារលិខិតលោកជាខាងសាសនា មនុស្សខ្លះចំអក ខ្លះបដិសេធពោលថា « យើងនឹងស្ដាប់អ្នកពីដំណើរនេះម្ដងទៀត » ។17 ប៉ុល ក៏ចេញពីក្រុងអាថែន ដោយគ្មានជោគជ័យអ្វីឡើយ ។ ឌៀន ហ្វ្រែឌើរិក ហ្វារ៉ា បានសរសេរពីទស្សនកិច្ចនេះថា ៖ « នៅក្រុងអាថែន លោកពុំឃើញមានព្រះវិហារ ហើយលោកពុំបានសរសេរសំបុត្រទៅក្រុងនោះទេ ហើយក្រុងអាថែននោះឯងជាប្រទេសជិតខាងដែលលោកមិនដែលឈានជើងទៅម្ដងទៀតឡើយ » ។18
ខ្ញុំជឿលើសារលិខិតដ៏បំផុសគំនិតរបស់ អែលឌើរ ដាល្លិន អេក អូក ដែលបែងចែកដាច់ស្រឡះរវាងពាក្យ « ប្រសើរ ប្រសើរជាង ប្រសើរបំផុត » ផ្ដល់នូវវិធីដ៏ល្អដើម្បីវាយតម្លៃជម្រើស និងអាទិភាព ។19 ជម្រើសជាច្រើនពុំសុទ្ធតែអាក្រក់ទេ តែបើវាស៊ីពេលទាំងអស់ ហើយបង្ខាំងយើងពីជម្រើសប្រសើរបំផុត ដូច្នេះ វាពិតជាគ្រោះថ្នាក់ ។
សូម្បីតែសកកម្មភាពដ៏សំខាន់ក៏ត្រូវការការវាយតម្លៃដែរដើម្បីអាចកំណត់ថាតើវាអាចបង្អាក់ដល់គោលដៅប្រសើរបំផុតយើងឬទេ ។ ខ្ញុំចាំការពិភាក្សាមួយជាមួយឪពុកខ្ញុំកាលខ្ញុំនៅជាយុវជន ។ គាត់ពុំជឿថាពួកយុវវ័យផ្ដោតអារម្មណ៍លើការត្រៀមខ្លួនសម្រាប់គោលដៅសំខាន់រយៈពេលយូរ—ដូចជាការងារ និងការផ្គត់ផ្គង់គ្រួសារឡើយ ។
ការសិក្សាដ៏មានអត្ថន័យ និងបទពិសោធន៍ការងារតែងតែជាអាទិភាពឈានមុខដែលឪពុកខ្ញុំបានប្រៀនប្រដៅ ។ គាត់យល់ថាសកម្មភាពបន្ថែមក្រៅម៉ោងសិក្សាដូចជា ការតស៊ូមតិ និងសិស្សរដ្ឋាភិបាលអាចជាទិសដៅតម្រង់ទៅកាន់គោលដៅសំខាន់ៗខ្លះរបស់ខ្ញុំ ។ គាត់ពុំសូវជឿជាក់លើម៉ោងបន្ថែមដែលខ្ញុំចំណាយលើការលេងបាល់ឱប បាល់បោះ វាយកូនបាល់ និងរត់ប្រណាំងឡើយ ។ គាត់ទទួលស្គាល់ថាកីឡាអាចបង្កើនកម្លាំងខ្លាំងក្លា អត់ធន់ និងការងារជាក្រុម ប៉ុន្តែគាត់បន្ថែមថាប្រហែលជាការផ្ដោតអារម្មណ៍លើកីឡាតែមួយប្រភេទក្នុងពេលមួយខ្លីគឺប្រសើរជាង ។ ក្នុងទស្សនៈគាត់ កីឡាគឺប្រសើរ តែមិនប្រសើរបំផុតឡើយសម្រាប់ខ្ញុំ ។ គាត់បារម្ភថាកីឡាខ្លះគឺសម្រាប់ភាពល្បីល្បាញ មានកិត្តិនាមដែលត្រូវចំណាយពេលសម្រាប់គោលដៅវែង ។
ដោយបទពិសោធន៍នេះ នោះមូលហេតុមួយនៃរឿងរបស់ លូស៊ី លេងវាយកូនបាល់គឺថា ក្នុងទស្សនៈឪពុកខ្ញុំ ខ្ញុំគួរសិក្សាពីគោលនយោបាយក្រៅប្រទេស ហើយកុំបារម្ភថាតើត្រូវចាប់កូនបាល់ឬទេ ។ ខ្ញុំគួរប្រាប់ថាម្ដាយខ្ញុំចូលចិត្តកីឡា ។ វាបានធ្វើឲ្យគាត់អាក់ខានមើលការប្រកួតខ្ញុំតែម្ដងគត់គឺនៅពេលគាត់ឈឺសម្រាកពេទ្យ ។
ខ្ញុំបានសម្រេចចិត្តធ្វើតាមដំបូន្មានឪពុកខ្ញុំ ហើយមិនលេងកីឡាកាលខ្ញុំរៀននៅមហាវិទ្យាល័យ ។ ក្រោយមកគ្រូបង្វឹកបាល់ឱបនៅវិទ្យាល័យយើងបានប្រាប់ខ្ញុំថាគ្រូបង្វឹកបាល់ឱបសាលាស្ទែនហ្វដ ចង់ជួបញ៉ាំអាហារថ្ងៃត្រង់ជាមួយ មើលីន អូលសិន និងខ្ញុំ ។ បងប្អូនដែលនៅក្មេងប្រហែលមិនស្គាល់ មើលីន ថាជានរណាទេ ។ គាត់ជាអ្នកលេងខ្សែការពារដ៏ឆ្នើមជនជាតិអាមេរិក លេងឲ្យក្រុមបាល់ឱបវិទ្យាល័យ ឡូហ្គិន ជាកន្លែងដែលខ្ញុំលេងជាអ្នកចោលបាល់ ខ្សែការពារ និងអ្នកចាប់បាល់ ហើយនាំយកទៅបោះក្នុងកន្លែងចាំទី ។ នៅវិទ្យាល័យ មើលីន ជាកីឡាករជម្រើសដោយក្រុមបាល់ឱបដ៏ពូកែៗពេញប្រទេស ។ នៅមហាវិទ្យាល័យគាត់ឈ្នះពានរង្វាន់ឆ្នើមជាខ្សែប្រកួតខាងក្នុងជម្រើសជាតិដ៏ប៉ិនប្រសប់ ។ មើលីន ជាមនុស្សទីបីដែលគេជ្រើសរើសដើម្បីលេងក្នុងសម្ព័ន្ធកីឡាជាតិបាល់ឱប ហើយប្រកួតយ៉ាងអស្ចារ្យក្នុងការប្រកួតប្រចាំលើកទី 14 ។ គាត់ត្រូវបានរាប់បញ្ចូលក្នុងក្រុមកីឡាករជម្រើស ហល អូហ្វ ហ្វេម ក្នុងឆ្នាំ 1982 ។20
ការញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្រូបង្វឹកស្ទែនហ្វដ ត្រូវធ្វើឡើងនៅភោជនីយដ្ឋាន ប៊្លូបឺដ ក្នុងទីក្រុង ឡូហ្គែន រដ្ឋ យូថាហ៍ ។ ក្រោយពីបានចាប់ដៃខ្ញុំគាត់ពុំបានមើលមកខ្ញុំម្ដងទៀតឡើយ ។ គាត់និយាយតែជាមួយ មើលីន ហើយបានទុកខ្ញុំចោល ។ ពេលញ៉ាំអាហារហើយ គាត់បែរមកខ្ញុំជាលើកដំបូង តែគាត់មិនចាំឈ្មោះខ្ញុំឡើយ ។ រួចគាត់ប្រាប់ មើលីន ថា « បើប្អូនសម្រេចលេងឲ្យស្ទែនហ្វដ ហើយចង់នាំមិត្តប្អូនម្នាក់នេះមកដែរ គាត់មានពិន្ទុល្អល្មម ហើយយើងអាចរៀបចំបាន » ។ បទពិសោធន៍នេះបង្ហាញថាខ្ញុំគួរធ្វើតាមដំបូន្មានដ៏វាងវៃនៃឪពុកខ្ញុំ ។
បំណងខ្ញុំគឺពុំមែនបំបាក់ទឹកចិត្តបងប្អូនពីការចូលលេងកីឡា ឬការប្រើប្រាស់អ៊ិនធឺណែត ឬសកម្មភាពល្អៗផ្សេងទៀតដែលពួកយុវវ័យចូលចិត្តឡើយ ។ មានសកម្មភាពច្រើនប្រភេទដែលត្រូវការការគ្រប់គ្រងខ្លួន តុល្យភាព និងប្រាជ្ញា ។ ពេលប្រើវាដោយវាងវៃ វានឹងបង្កើនជីវិតរស់នៅយើង ។
យ៉ាងណាក៏ដោយ ខ្ញុំសូមលើកទឹកចិត្តបងប្អូនទាំងចាស់ ក្មេង ឲ្យរំឭកពីគោលដៅ និងទិសដៅនានា ហើយព្យាយាមអនុវត្តវិន័យកាន់តែប្រសើរ ។ ការប្រព្រឹត្ត និងជម្រើសប្រចាំថ្ងៃយើង គួរតែស្របជាមួយគោលដៅរបស់យើង ។ យើងត្រូវចៀសវាងពីការដោះសារ និងគ្រឿងបញ្ឆោតចិត្តខាងលើ ។ ជាពិសេស វាសំខាន់ដើម្បីធ្វើជម្រើសដែលស្របនឹងសេចក្ដីសញ្ញាយើងដើម្បីបម្រើព្រះយេស៊ូវគ្រីស្ទក្នុងសុចរិតភាព ។21 យើងមិនត្រូវគ្រលៀសភ្នែក ឬលែងបាល់ចោលដោយហេតុផលណាមួយឡើយ ។
ជីវិតនេះជាពេលដើម្បីត្រៀមខ្លួនទៅជួបព្រះ ។22 យើងជាមនុស្សរីករាយ និងមានអំណរ ។ យើងរីករាយនូវភាពកំប្លុកកំប្លែង និងអោយតម្លៃពេលវេលាដែលគ្មានការកំណត់នៅជាមួយមិត្តភក្ដិ និងក្រុមគ្រួសារ ។ ប៉ុន្តែយើងទទួលស្គាល់ថា មានភាពប្រាកដប្រជានៃគោលបំណងដែលត្រូវតែជាមូលដ្ឋាននៃជីវិត និងជម្រើសទាំងអស់របស់យើង ។ គ្រឿងបញ្ឆោតចិត្ត និងការដោះសារដែលកម្រិតការរីកចម្រើនមានគ្រោះថ្នាក់បំផុត តែពេលវាបន្ថយសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្រទ្រង់ វាជារឿងគួរឲ្យខ្លោចផ្សា ។
ខ្ញុំអធិស្ឋានសូមឲ្យការប្រព្រឹត្តរបស់អ្នកកាន់បព្វជិតភាព យើងនឹងធ្វើឲ្យទង្វើរបស់យើង ស្របជាមួយគោលបំណងដ៏ថ្លៃថ្នូ ដែលតម្រូវពីអ្នកទាំងឡាយ ដែលស្ថិតក្នុងបម្រើដល់លោកចៅហ្វាយ ។ ក្នុងគ្រប់ការណ៍ទាំងអស់ យើងគួរចាំថាការមាន « ភាពក្លាហានចំពោះទីបន្ទាល់នៃព្រះយេស៊ូវ » ជាការសាកល្បងដាច់ស្រឡះរវាងនគរសេឡេស្ទាល និងទេរេស្ទ្រាល ។23 យើងចង់ទៅនគរសេឡេស្ទាល ។ ក្នុងនាមជាសាវកទ្រង់ម្នាក់ ខ្ញុំសូមថ្លែងទីបន្ទាល់ដោយក្លៀវក្លាពីភាពពិតនៃដង្វាយធួន និងទេវភាពនៃព្រះយេស៊ូវគ្រីស្ទ ជា ព្រះអង្គសង្គ្រោះយើង ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។