ចូរតាមខ្ញុំទៅមើល
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ តែងតែបាន និងតែងតែធ្វើជាសាសនាចក្រនៃការផ្សព្វផ្សាយសាសនា។
សារលិខិតរបស់ខ្ញុំ ត្រូវបានផ្ដោតជាពិសេសទៅបុគ្គលម្នាក់ៗ ដែលពុំមែនជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ខ្ញុំនឹងលើកពីសំណួរគ្រឹះមួយ ដែលបងប្អូនជាច្រើនអាចមាន ៖ « ហេតុអ្វីក៏ពួកបរិសុទ្ធថ្ងៃចុងក្រោយ ចង់ប្រាប់ខ្ញុំអំពីអ្វីដែលពួកគេជឿ ហើយចង់អញ្ជើញខ្ញុំឲ្យរៀនអំពីសាសនាចក្ររបស់ពួកគេខ្លាំងដល់ម្ល៉េះ» ?
ខ្ញុំសូមអធិស្ឋានឲ្យព្រះវិញ្ញាណនៃព្រះអម្ចាស់ នឹងជួយខ្ញុំឲ្យថ្លែងដោយមានអានុភាព ហើយបងប្អូនអាចយល់បានច្បាស់នូវចម្លើយតបរបស់ខ្ញុំចំពោះសំណួរសំខាន់នេះ ។
កិច្ចការដ៏ទេវភាព
ពួកសិស្សស្មោះត្រង់របស់ព្រះយេស៊ូវគ្រីស្ទ តែងតែបាន និងតែងតែធ្វើជាអ្នកផ្សព្វផ្សាយសាសនាដោយអង់អាច ។ អ្នកផ្សព្វផ្សាយសាសនាម្នាក់ គឺជាអ្នកដើរតាមម្នាក់របស់ព្រះគ្រីស្ទ ដែលថ្លែងទីបន្ទាល់អំពីទ្រង់ ថាជាព្រះអង្គប្រោសលោះ ហើយប្រកាសពីសេចក្ដីពិតទាំងឡាយនៃដំណឹងល្អរបស់ទ្រង់ ។
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ តែងតែបាន និងតែងតែធ្វើជាសាសនាចក្រនៃការផ្សព្វផ្សាយសាសនា ។ សមាជិកសាសនាចក្ររបស់ព្រះអង្គសង្គ្រោះម្នាក់ៗ បានទទួលយកកាតព្វកិច្ចដ៏សំខាន់ ដើម្បីជួយបំពេញកិច្ចការដ៏ទេវភាព ដែលបានប្រទានឲ្យដោយព្រះអម្ចាស់ ទៅដល់ពួកសាវករបស់ទ្រង់ ដូចបានកត់ត្រានៅក្នុងព្រះគម្ពីរសញ្ញាថ្មីថា ៖
« ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ ៖
« ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប ។ អាមែន » (ម៉ាថាយ 28:19–20)។
ពួកបរិសុទ្ធថ្ងៃចុងក្រោយ ទទួលយកទំនួលខុសត្រូវនេះដោយម៉ឺងម៉ាត់ ដើម្បីបង្រៀនដល់មនុស្សនៅគ្រប់ជាតិសាសន៍ អំពីព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ ។ យើងជឿថា សាសនាចក្រតែមួយ ដែលបានបង្កើតឡើងដោយព្រះអង្គសង្គ្រោះកាលពីបុរាណ ត្រូវបានស្ថាបនាឡើងវិញនៅលើផែនដីដោយទ្រង់ក្នុងថ្ងៃចុងក្រោយនេះ។ គោលលទ្ធិ គោលការណ៍ សិទ្ធិអំណាចបព្វជិតភាព ពិធីបរិសុទ្ធ និងសេចក្ដីសញ្ញានៃដំណឹងល្អរបស់ទ្រង់ គឺមាននៅសព្វថ្ងៃនេះក្នុងសាសនាចក្ររបស់ទ្រង់ ។
នៅពេលយើងអញ្ជើញបងប្អូនឲ្យចូលរួមព្រះវិហារជាមួយនឹងយើង ឬរៀនជាមួយអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង នោះយើងពុំមែនកំពុងព្យាយាមលក់ផលិតផលដល់អ្នកនោះទេ ។ ក្នុងនាមជាសមាជិកសាសនាចក្រ យើងពុំទទួលរង្វាន់ ឬពិន្ទុបន្ថែមក្នុងការប្រកួតខាងវិញ្ញាណឡើយ ។ យើងពុំមែនព្យាយាមបង្កើនចំនួនសមាជិកនៃសាសនាចក្រនោះទេ ។ ហើយសំខាន់បំផុត យើងពុំព្យាយាមបង្ខំបងប្អូនឲ្យជឿដូចជាយើងនោះដែរ ។ យើងអញ្ជើញឲ្យបងប្អូនមកស្ដាប់សេចក្ដីពិតនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ ដើម្បីអ្នកអាចសិក្សា ពិចារណា អធិស្ឋាន ហើយបានដឹងដោយខ្លួនឯង ថាតើរឿងទាំងឡាយដែលយើងបានចែកចាយជាមួយបងប្អូនជាការពិតដែរឬទេ ។
បងប្អូនមួយចំនួនអាចតបថា « ប៉ុន្តែខ្ញុំបានជឿលើព្រះយេស៊ូវ ហើយធ្វើតាមការបង្រៀនរបស់ទ្រង់រួចហើយ » ឬថា « ខ្ញុំមិនប្រាកដថា ព្រះមានពិតនោះទេ » ។ ការអញ្ជើញរបស់យើងចំពោះបងប្អូន គឺពុំមែនព្យាយាមលុបបំបាត់ទំនៀមទម្លាប់សាសនា ឬបទពិសោធន៍ជីវិតរបស់បងប្អូនទេ ។ ចូរនាំយកអ្វីដែលបងប្អូនដឹងថាជាការពិត ល្អ ហើយគួរគោរពមក--រួចហើយសាកល្បងសារលិខិតរបស់យើង ។ ក៏ដូចជាព្រះយេស៊ូវបានអញ្ជើញពួកសិស្សទ្រង់ពីរនាក់ឲ្យ « តាមខ្ញុំទៅមើល » (យ៉ូហាន 1:39) ដូច្នេះយើងសូមលើកទឹកចិត្តបងប្អូនឲ្យមក ហើយមើល ថាតើដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ បានពង្រីក និងចម្រើននូវអ្វីដែលបងប្អូនបានជឿថា ជាការពិតរួចហើយនោះដែរឬទេ ។
ប្រាកដណាស់ យើងដឹងពីទំនួលខុសត្រូវដ៏សំខាន់ ដើម្បីនាំសារលិខិតនេះទៅដល់គ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា ហើយគ្រប់ទាំងប្រជាជន ។ ហើយនោះ គឺជាអ្វីពិតដែលយើងកំពុងធ្វើ ជាមួយនឹងកម្លាំងនៃពួកអ្នកផ្សព្វផ្សាយសាសនា កំពុងធ្វើការមានចំនួនជាង 88,000 នាក់សព្វថ្ងៃនេះ នៅក្នុងរដ្ឋដែលមានអធិបតេយ្យភាពច្រើនជាង 150 កន្លែង នៅជុំវិញពិភពលោក ។ យុវជន យុវនារី និងគូស្វាមីភរិយាដ៏អស្ចារ្យទាំងនេះ ជួយសមាជិកនៃសាសនាចក្រយើងឲ្យបំពេញទំនួលខុសត្រូវដែលបានចាត់តាំងដ៏ទេវភាព និងទំនួលខុសត្រូវផ្ទាល់ខ្លួន ដែលយើងម្នាក់ៗ ត្រូវប្រកាសដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ (សូមមើល គ. និង ស. 68:1)។
លើសពីករណីយកិច្ចខាងវិញ្ញាណ
ប៉ុន្តែការចង់ប្រកាសរបស់យើងអំពីសារលិខិតនេះ គឺពុំមែនចេញមកតែពីស្មារតីនៃករណីយកិច្ចខាងវិញ្ញាណប៉ុណ្ណោះទេ ។ តែវាគឺជាបំណងប្រាថ្នា ដើម្បីចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញរបស់យើងជាមួយបងប្អូន គឺជាការឆ្លុះបញ្ចាំងអំពីសារៈសំខាន់នៃសេចក្ដីពិតទាំងនេះមានធំបំផុតចំពោះពួកយើងទៅវិញទេតើ ។ ខ្ញុំជឿថា ខ្ញុំអាចពិពណ៌នាបានយ៉ាងល្អបំផុតថា មូលហេតុដែលយើងពុំលាក់លៀមសោះក្នុងការព្យាយាមពន្យល់អំពីជំនឿរបស់យើង ទៅដល់បងប្អូន តាមរយៈបទពិសោធន៍មួយរបស់ភរិយាខ្ញុំ និងខ្ញុំ កាលពីជាច្រើនឆ្នាំមុនជាមួយនឹងកូនប្រុសពីរនាក់របស់យើង ។
នាល្ងាចមួយ ស៊ូសាន និងខ្ញុំ បានឈរនៅជិតបង្អួចមួយក្នុងផ្ទះយើង ហើយបានមើលទៅកូនប្រុសតូចៗពីរនាក់របស់យើង ដែលកំពុងលេងនៅក្រៅផ្ទះ ។ អំឡុងពេលដែលពួកគេលេងនោះ កូនប្អូនបានត្រូវរបួសតិចតួចពីគ្រោះថ្នាក់តូចមួយ ។ យើងបានដឹងភ្លាមថា គាត់ពុំឈឺខ្លាំងទេ ហើយយើងបានសម្រេចចិត្តថាពុំទៅជួយភ្លាមទេ ។ យើងចង់សង្កេតមើល ថាតើការប្រៀនប្រដៅអំពីការជួយគ្នាជាបងប្អូនក្នុងគ្រួសាររបស់យើងបានដក់ជាប់ក្នុងចិត្តពួកគេឬដែរឬទេ ។ អ្វីដែលបានកើតឡើងបន្ទាប់ គឺមានទាំងការភ្ញាក់ផ្អើល និងជាការរៀនសូត្រផង ។
បងប្រុស បានលួង ហើយបានជួយប្អូនត្រឡប់មកផ្ទះវិញដោយប្រុងប្រយ័ត្ន ។ ស៊ូសាន និងខ្ញុំ បានឈរទៅជិតផ្ទះបាយ ដើម្បីយើងអាចមើលឃើញអ្វីកើតឡើងបន្ទាប់ទៀត ហើយយើងនឹងត្រៀមខ្លួនដើម្បីជួយភ្លាម បើមានគ្រោះថ្នាក់ខាងរាងកាយណាទំនងជានឹងកើតមានឡើងបន្ថែមទៀតនោះ ។
បងប្រុស បានទាញកៅអីទៅជិតកន្លែងលាងដៃនៅផ្ទះបាយ ។ គាត់បានឡើងលើកៅអី បានជួយប្អូនឲ្យឡើងលើកៅអីដែរ រួចបើកទឹក ហើយចាក់សាប៊ូលាងចានយ៉ាងច្រើនទៅត្រង់កន្លែងស្នាមរបួសនៅលើដៃរបស់ប្អូន ។ គាត់ខំដោយអស់ពីលទ្ធភាពដើម្បីលាងដីដែលប្រឡាក់ដោយថ្នមៗ ។ ប្រតិកម្មរបស់ប្អូនចំពោះវិធីនេះ អាចពិពណ៌នាដោយត្រឹមត្រូវតែតាមរយៈការប្រើភាសាក្នុងព្រះគម្ពីរដ៏បរិសុទ្ធថា ៖ « ហើយពួកគេមានហេតុដើម្បីស្រែកថ្ងូរ និងយំ ហើយទ្រហោ និងសង្កៀតធ្មេញគេ » (ម៉ូសាយ 16:2)។ ប្អូនតូចនោះស្រែកយំមែន!
បន្ទាប់ពីការដុះលាងបានចប់សព្វគ្រប់ហើយ ដៃនោះត្រូវបានជូតឲ្យស្ងួតដោយកន្សែង ។ ទីបំផុត ការស្រែកយំក៏បានឈប់ ។ ក្រោយមក បងប្រុស បានឡើងលើតុផ្ទះបាយ បើកទូ ហើយរកឃើញបំពង់ថ្នាំថ្មីមួយបំពង់ ។ ទោះជាស្នាមរបួសប្អូនប្រុសគាត់ពុំធំក្ដី ក៏បងប្រុសនោះ បានដាក់ថ្នាំស្ទើរតែអស់មួយបំពង់លើដៃរបួសនោះ ។ ការស្រែកយំឈប់មានទៀតហើយ ដ្បិតប្អូនប្រុសនោះចូលចិត្តការលាបថ្នាំនោះ ច្រើនជាងការលាងសម្អាតដោយសាប៊ូលាងចាន ។
បងប្រុសបានត្រឡប់ទៅទូដែលដាក់ថ្នាំវិញ ដែលមានដាក់បង់បិទដំបៅថ្មីមួយប្រអប់ ។ រួចគាត់បានបកវាចេញ ហើយបានដាក់រុំដៃប្អូនប្រុស-- តាំងពីកដៃរហូតដល់កែងដៃ ។ ដោយបានដោះស្រាយភាពអាសន្នរួចហើយ នោះមានពពុះសាប៊ូ ថ្នាំបិទដំបៅ និងបង់រុំដំបៅ បាននៅរាយប៉ាយក្នុងផ្ទះបាយ នោះក្មេងប្រុសទាំងពីរនាក់នេះ បានលោតចុះពីកៅអីដោយស្នាមញញឹម និងទឹកមុខរីករាយ ។
អ្វីដែលកើតឡើងបន្ទាប់គឺសំខាន់បំផុត ។ ប្អូនប្រុសដែលរងរបួសនោះ បានប្រមូលបង់ និងថ្នាំដែលនៅសល់នោះ រួចហើយដើរទៅក្រៅវិញ ។ គាត់បានទៅរកមិត្តភក្ដិភ្លាម រួចហើយបានលាបថ្នាំ និងរុំបង់លើដំបៅដៃរបស់ពួកគេនោះ ។ ស៊ូសាន និងខ្ញុំ យើងទាំងពីរនាក់ បានអស្ចារ្យចំពោះការឆ្លើយតបរបស់គាត់ដោយស្មោះ អង់អាច និងភ្លាមៗនោះ ។
ហេតុអ្វីក៏ក្មេងតូចនោះ ធ្វើរឿងដូច្នោះបាន ? សូមកត់សម្គាល់ថា គាត់ចង់ផ្ដល់ទៅឲ្យមិត្តគាត់ភ្លាមៗ ទាំងដឹងច្បាស់ នូវអ្វីៗទាំងអស់ដែលបានជួយគាត់ នៅពេលគាត់បានឈឺនោះ ។ ក្មេងតូចនោះ ពុំចាំបាច់ត្រូវជំរុញចិត្ត អញ្ជើញ លើកទឹកចិត្ត ឬជម្រុញឲ្យធ្វើនោះទេ ។ បំណងប្រាថ្នាចង់ចែកចាយរបស់គាត់ គឺផលពីធម្មជាតិ កើតចេញមកពីបទពិសោធន៍ផ្ទាល់ខ្លួនដ៏មានប្រយោជន៍ និងជាជំនួយល្អបំផុតនោះ ។
ចំពោះយើងភាគច្រើនជាមនុស្សធំ មានឥរិយាបទស្រដៀងគ្នាណាស់ នៅពេលយើងទទួលបានការព្យាបាល ឬថ្នាំ ដែលសម្រាលការឈឺចាប់ ដែលយើងបានឈឺចាប់ជាយូរមកហើយនោះ ឬពេលយើងបានទទួលប្រឹក្សាដែលអាចជួយយើងប្រឈមមុខនឹងឧបសគ្គដោយភាពក្លាហាន ហើយប្រឈមមុខនឹងភាពច្របូកច្របល់ដោយភាពអត់ធ្មត់ ។ នោះការចែកចាយជាមួយអ្នកដទៃនូវអ្វីដែលមានអត្ថន័យបំផុតចំពោះយើង ឬដែលបានជួយយើង គឺពុំមែនជារឿងចម្លែកឡើយ ។
គំរូដូចគ្នានេះ គឺជាភស្ដុតាងជាពិសេសអំពីសារៈសំខាន់ និងលទ្ធផលខាងវិញ្ញាណដ៏អស្ចារ្យ ។ ឧទាហរណ៍ ដំណើររឿងមួយក្នុងព្រះគម្ពីរ ដែលយើងស្គាល់ថាជា ព្រះគម្ពីរមរមន បានគូសចំណាំឲ្យឃើញអំពីសុបិនមួយ ដែលបានទទួលដោយព្យាការី-អ្នកដឹកនាំពីបុរាណ ឈ្មោះថា លីហៃ ។ លក្ខណៈពិសេសក្នុងការនិមិត្តរបស់លីហៃ គឺ ដើមឈើជីវិត -- ដែលជានិមិត្តរូបមួយនៃ « សេចក្ដីស្រឡាញ់របស់ព្រះ » ដែល « គួរឲ្យប្រាថ្នាដ៏លើសលប់ជាងអ្វីៗទាំងអស់ » និង « ជាសេចក្ដីរីករាយបំផុតដល់ព្រលឹង » ( នីហ្វៃទី1 11:22–23 សូមមើល នីហ្វៃទី1 8:12, 15)។
លីហៃ បានពន្យល់ថា ៖
« ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានដើរចូលទៅបេះផ្លែឈើនោះ ហើយទទួលទាន ហើយខ្ញុំឃើញថាវាមានរសជាតិផ្អែមបំផុត គឺផ្អែមជាងអ្វីៗ ដែលខ្ញុំធ្លាប់បានភ្លក់ពីមុន ។ មែនហើយ ហើយខ្ញុំបានឃើញថា ផ្លែឈើនោះមានពណ៌-ស គឺ ស ជាងអ្វីទាំងអស់ ដែលខ្ញុំធ្លាប់បានឃើញមក ។
«ហើយកាលខ្ញុំបានទទួលទានផ្លែឈើនោះហើយ នោះព្រលឹងវិញ្ញាណខ្ញុំក៏ពោរពេញទៅដោយសេចក្ដីអំណរជាអតិបរមា ហេតុដូច្នោះហើយ ខ្ញុំក៏ចាប់ផ្ដើមមានបំណងចង់ឲ្យគ្រួសារខ្ញុំ ទទួលទានផ្លែឈើនោះដែរ » ( នីហ្វៃទី1 8:11–12 គូសបញ្ជាក់បន្ថែម)។
ការសម្ដែងពីសេចក្ដីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះ ចំពោះកូនចៅរបស់ទ្រង់ គឺជាការបម្រើក្នុងជីវិតរមែងស្លាប់ ពលិកម្មធួន និងដំណើររស់ឡើងវិញរបស់ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។ ផ្លែនៅដើមឈើនោះ អាចចាត់ទុកថាជានិមិត្តរូបមួយអំពីពរជ័យទាំងឡាយនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។
ការឆ្លើយតបភ្លាមៗរបស់លីហៃ ដើម្បីទទួលទានផ្លែឈើនោះ និងបទពិសោធន៍នៃសេចក្ដីអំណរដ៏អស្ចារ្យ គឺបានបង្កើនបំណងខ្លាំងមួយ ដើម្បីចែកចាយ និងបម្រើគ្រួសាររបស់លោក ។ ដូច្នេះ នៅពេលលោកបានងាកទៅរកព្រះគ្រីស្ទ នោះលោកក៏ងាកទៅរកអ្នកដទៃដោយសេចក្ដីស្រឡាញ់ និងការបម្រើផងដែរ ។
រឿងដ៏សំខាន់មួយទៀត នៅក្នុងព្រះគម្ពីរមរមន ពិពណ៌នាអំពីអ្វីដែលបានកើតឡើងចំពោះមនុស្សម្នាក់ ដែលឈ្មោះ អេណុស បន្ទាប់ពីការអធិស្ឋានដ៏ក្លៀវក្លា និងការអំពាវនាវរបស់លោកត្រូវបានព្រះទ្រង់ព្រះសណ្ដាប់ឮ និងឆ្លើយតប ។
លោកបានមានប្រសាសន៍ថា ៖
« ហើយព្រលឹងខ្ញុំស្រេកឃ្លាន ហើយខ្ញុំបានលុតជង្គង់ចុះនៅចំពោះព្រះដែលបង្កើតខ្ញុំ ហើយខ្ញុំបានអំពាវនាវដល់ព្រះអង្គដោយការអធិស្ឋាន និងការទូលអង្វរដ៏ខ្លាំង សម្រាប់ព្រលឹងខ្ញុំផ្ទាល់ ហើយខ្ញុំបានអំពាវនាវដល់ព្រះអង្គអស់ពេញមួយថ្ងៃ មែនហើយ ហើយដល់ពេលយប់ ខ្ញុំបានស្រែកអំពាវនាវយ៉ាងខ្លាំង លុះត្រាបានឮដល់ស្ថានសួគ៌ ។
« ហើយស្រាប់តែមានសំឡេងបន្លឺមកខ្ញុំថា ៖ អេណុស បាបទាំងឡាយរបស់អ្នកត្រូវបានអត់ទោសឲ្យហើយ ហើយអ្នកនឹងបានពរ ។
ហើយខ្ញុំ អេណុស ដឹងថា ព្រះពុំកុហកឡើយ ហេតុដូច្នោះហើយ ទោសរបស់ខ្ញុំបានបំបាត់ចោលទៅ ។
« ហើយខ្ញុំបានទូលថា ៖ ឱព្រះអម្ចាស់អើយ ចុះតើការណ៍នេះបានធ្វើយ៉ាងណាទៅ ?
« ហើយទ្រង់មានព្រះបន្ទូលមកខ្ញុំថា ៖ ពីព្រោះមកពីសេចក្ដីជំនឿដែលអ្នកមានដល់ព្រះគ្រីស្ទ ដែលអ្នកពុំដែលបានឮ ឬបានឃើញពីមុនមកឡើយ ។ ... ហេតុដូច្នោះហើយ ចូរអ្នកទៅចុះ សេចក្ដីជំនឿរបស់អ្នក បានជួយសង្គ្រោះអ្នកហើយ ។
« ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលខ្ញុំឮពាក្យទាំងនេះហើយ នោះខ្ញុំក៏ចាប់ផ្ដើមមានអារម្មណ៍ប្រាថ្នាចង់បានសុខុមាលភាពដល់បងប្អូនខ្ញុំ ជាពួកសាសន៍នីហ្វៃ ហេតុដូច្នោះហើយ ខ្ញុំបានប្លុងព្រលឹងខ្ញុំទាំងមូលទៅព្រះ ដើម្បីពួកគេ» (អេណុស 1:4–9 គូសបញ្ជាក់បន្ថែម)។
នៅពេល អេណុស បានងាកទៅរកព្រះអម្ចាស់ « ដោយស្មោះអស់ពីចិត្ត » ( នីហ្វៃទី2 31:13) ការបារម្ភរបស់លោកចំពោះសុខុមាលភាពនៃគ្រួសារ មិត្តភក្ដិ និងមនុស្សជុំវិញខ្លួនលោក បានកើនឡើងដំណាលគ្នា។
មេរៀនដ៏អង្វែងដែលយើងបានរៀនមកពីរឿងទាំងពីរនេះ គឺអំពីសារៈសំខាន់នៃការទទួលបទពិសោធន៍ក្នុងជីវិតផ្ទាល់ខ្លួនយើងនូវពរជ័យនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ មុនពេលយើងអាចផ្ដល់ការបម្រើដោយស្មោះត្រង់ និងត្រឹមត្រូវ ដែលហួសពីការគ្រាន់តែ « ធ្វើចលនា »។ ដូចជា លីហៃ អេណុស និងកូនប្រុសតូចៗរបស់យើង ក្នុងរឿងដែលខ្ញុំបានរៀបរាប់ យើងជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានដឹងពីការឈឺចាប់ទាក់ទងនឹងភាពសង្ស័យខាងវិញ្ញាណ និងអំពើបាប ។ យើងក៏បានទទួលបទពិសោធន៍អំពីការសម្អាត ភាពសុខសាន្ដក្នុងមនសិការ ការសះស្បើយខាងវិញ្ញាណ និងការចាប់ផ្ដើមឡើងវិញ ព្រមទាំងការដឹកនាំដែលត្រូវបានទទួល តែតាមរយៈការរៀនសូត្រ និងការរស់នៅតាមគោលការណ៍នៃដំណឹងល្អរបស់ព្រះអង្គសង្គ្រោះប៉ុណ្ណោះ ។
ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ផ្ដល់ជាអ្នកសម្អាតដែលចាំបាច់ដើម្បីធ្វើឲ្យបរិសុទ្ធ និងស្អាតស្អំ លាបឱសថដើម្បីព្យាបាលរបួសខាងវិញ្ញាណ ហើយលុបការខុសឆ្គងចេញ ហើយផ្ដល់ការការពារ ដែលអាចជួយយើងឲ្យមានភាពស្មោះត្រង់នៅក្នុងគ្រាល្អ និងគ្រាមិនល្អ ។
មានសេចក្ដីពិតទាំងស្រុង
ចំពោះសមាជិកគ្រួសារ និងមិត្តភក្ដិ ដែលពុំមែនជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ខ្ញុំបានព្យាយាមពន្យល់ពីមូលហេតុគ្រឹះថា ហេតុអ្វីយើងគឺជាអ្នកផ្សព្វផ្សាយសាសនា ។
មានសេចក្ដីពិតទាំងស្រុងនៅក្នុងពិភពលោកមួយ ដែលមានការមាក់ងាយ និងការលុបបំបាត់កើនឡើង ។ នៅពេលអនាគត « ឲ្យគ្រប់ទាំងជង្គង់ [នឹង] លុតចុះ » ហើយ « ឲ្យគ្រប់ទាំងអណ្ដាត [នឹង] បានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទ ទ្រង់ជាព្រះអម្ចាស់ សម្រាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតា » (ភីលីព 2:10–11)។ ព្រះយេស៊ូវ ជាព្រះគ្រីស្ទ គឺពិតជាព្រះរាជបុត្រាតែមួយគត់នៃព្រះវរបិតាដ៏អស់កល្បជានិច្ច ។ ក្នុងនាមជាសមាជិកនៃសាសនាចក្ររបស់ទ្រង់ យើងជាសាក្សីថា ទ្រង់មានព្រះជន្មរស់ ហើយសាសនាចក្រទ្រង់ ត្រូវបានស្ដារឡើងវិញក្នុងភាពពេញលេញនៅថ្ងៃចុងក្រោយនេះ ។
យើងសូមធ្វើការអញ្ជើញឲ្យបងប្អូនរៀន អំពីសារលិខិតរបស់យើង ហើយសាកភ្លក់នូវផលនៃឥទ្ធិពលវិជ្ជមានរបស់ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដែលមាននៅក្នុងជីវិតរបស់យើងចុះ ។ ពេលខ្លះ យើងអាចមានភាពឆ្គាំឆ្គង ឬគ្រោតគ្រាត ឬជំនះដោយឥតឈប់ឈរក្នុងបំណងរបស់យើង ។ បំណងទូទៅរបស់យើង គឺដើម្បីចែកចាយនឹងបងប្អូននូវសេចក្ដីពិតដែលមានតម្លៃដ៏មហិមាបំផុតចំពោះយើង ។
ក្នុងនាមជាសាវកម្នាក់របស់ព្រះអម្ចាស់ និងដោយអស់ពីព្រលឹងរបស់ខ្ញុំ ខ្ញុំសូមធ្វើជាសាក្សីអំពីទេវភាព និងភាពពិតរបស់ទ្រង់ ។ ហើយខ្ញុំសូមអញ្ជើញបងប្អូនឲ្យ « តាមខ្ញុំទៅមើល » (យ៉ូហាន 1:39) នៅក្នុងព្រះនាមដ៏ពិសិដ្ឋរបស់ព្រះយេស៊ូវគ្រីស្ទ អាមែន។