មានឥស្សរភាពរហូតតទៅ ដើម្បីធ្វើសកម្មភាពដោយខ្លួនឯង
វាគឺជាឆន្ទៈរបស់ព្រះដែលយើងជាបុរស និងស្ត្រីអាចឡើងទៅដល់សក្ដានុពលពេញលេញរបស់យើង ទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ។
រឿងរបស់ វិល្លាម សេកស្ពៀរ ចំណងជើង The Life of King Henry V (ជីវិតរបស់ស្ដេច ហិនរីទីប្រាំ) មានបញ្ចូលទាំងទស្សនិយភាពនាពេលយប់មួយ នៅជំរុំទ័ពអង់គ្លេស នៅ អាហ្គីនខត មុនពេលប្រយុទ្ធក្នុងសមរភូមិជាមួយទាហានបារាំង ។ ក្នុងពន្លឺភ្លើងផ្លុងៗ ព្រាលៗ ស្ដេច ហិនរី បានបន្លំខ្លួនដើរនៅក្នុងចំណោមទាហានរបស់ទ្រង់ ។ ទ្រង់មានបន្ទូលជាមួយពួកគេ ព្យាយាមវាយតម្លៃពីភាពជឿជាក់របស់កងទាហានចំនួនតិចរបស់ទ្រង់ ហើយដោយសារពួកគេពុំស្គាល់ថាទ្រង់ជានរណា នោះពួកគេនិយាយពីមតិស្មោះត្រង់របស់ខ្លួន ។ អំឡុងការសន្ទនា ពួកគេបាននិយាយអំពីអ្នកដែលនឹងទទួលខុសត្រូវចំពោះអ្វីដែលកើតឡើងចំពោះទាហានក្នុងសមរភូមិថា— ជាស្ដេច ឬក៏ជាទាហានម្នាក់ៗ ។
ដល់ចំណុចមួយនោះ ស្ដេច ហិនរី បានប្រកាសថា « ខ្ញុំគិតថា ខ្ញុំស៊ូស្លាប់ក្នុងកងទ័ពរបស់ស្ដេច ព្រោះផ្លូវទ្រង់ត្រឹមត្រូវ » ។
ម៉ៃឃល វិល្លាម បានតបថា « នោះវាហួសពីអ្វីដែលយើងដឹងហើយ » ។
ទាហានផ្សេងទៀតយល់ស្របថា « មែនហើយ វាហួសពីអ្វីដែលយើងគួរដឹង ពីព្រោះវាគ្រប់គ្រាន់ហើយដើម្បីយើងដឹងថា យើងស្ថិតនៅក្រោមស្ដេច ។ បើផ្លូវទ្រង់ខុស នោះយើងពុំមានកំហុសទេ ពីព្រោះយើងគ្រាន់តែធ្វើតាមស្ដេចទេតើ ។
វិល្លាម បានបន្ថែមថា « បើផ្លូវមិនត្រូវ នោះស្ដេចផ្ទាល់ជាអ្នកទទួលខុសត្រូវ » ។
ពុំភ្ញាក់ផ្អើលទេដែលស្ដេចមិនយល់ស្របនោះ ។ « អ្វីគ្រប់យ៉ាងដែលនៅក្រោមស្ដេច គឺជារបស់ស្ដេច តែមនុស្សគ្រប់រូបទទួលខុសត្រូវចំពោះព្រលឹងខ្លួនឯង » ។1
សេកស្ពៀរ ពុំព្យាយាមដោះស្រាយការពិភាក្សានៅក្នុងរឿងនេះទេ ហើយសណ្ដាប់នោះនៅមានបន្ដមករហូតដល់ជំនាន់របស់យើងថា—តើនរណាទទួលខុសត្រូវចំពោះអ្វីដែលកើតឡើងនៅក្នុងជីវិតរបស់យើង ?
ពេលរឿងអាក្រក់កើតឡើង នោះយើងមានទំនោរបន្ទោសដល់អ្នកដទៃ ឬដល់ព្រះ ។ ពេលខ្លះ អារម្មណ៍ដែលថាអ្នកដទៃគួរមើលថែខ្លួន ហើយបុគ្គល ឬក្រុមនោះ ព្យាយាមបង្វែរទំនួលខុសត្រូវខាងសុខុមាលភាពពួកគេនោះ ទៅឲ្យមនុស្សដទៃ ឬរដ្ឋាភិបាលវិញ ។ រឿងខាងវិញ្ញាណ មានមនុស្សមួយចំនួនគិតស្មានថា បុរស និងស្ត្រីពុំត្រូវការព្យាយាមឲ្យមានសេចក្ដីសុចរិតផ្ទាល់ខ្លួនទេ—ព្រោះព្រះស្រឡាញ់ និងសង្គ្រោះយើង « តាមស្ថានភាពយើងជានរណា» ហើយ ។
ប៉ុន្តែព្រះមានព្រះទ័យថា កូនចៅរបស់ទ្រង់គួរតែធ្វើសកម្មភាពស្របតាមសិទ្ធិជ្រើសរើសខាងសីលធម៌ ដែលទ្រង់បានប្រទានដល់ពួកគេ « ប្រយោជន៍ឲ្យមនុស្សគ្រប់រូប អាចបានទទួលការខុសត្រូវ ចំពោះអំពើបាបទាំងឡាយរបស់ខ្លួននៅថ្ងៃជំនុំជំរះ » ។ 2 វាគឺជាផែនការរបស់ទ្រង់ និងឆន្ទៈទ្រង់ ដែលយើងមានតួនាទីធ្វើការសម្រេចចិត្តជាចំបងនៅក្នុងជីវិតផ្ទាល់របស់យើង ។ ព្រះនឹងមិនរស់នៅជួសយើងទេ ឬគ្រប់គ្រងយើង ដូចជាយើងជាអាយ៉ងទ្រង់ ដូចដែលលូស៊ីហ្វើ ធ្លាប់ស្នើសុំធ្វើនោះទេ ។ ហើយពួកព្យាការីរបស់ទ្រង់ ក៏នឹងមិនទទួលធ្វើជា « អ្នកបញ្ជាអាយ៉ង» ជំនួសព្រះដែរ ។ ព្រិកហាំ យ៉ង់ បានថ្លែងថា ៖ « ខ្ញុំពុំប្រាថ្នាឲ្យពួកបរិសុទ្ធថ្ងៃចុងក្រោយណាម្នាក់ នៅក្នុងលោកនេះ ទាំងនៅស្ថានសួគ៌ ស្កប់ស្កល់នឹងអ្វីដែលខ្ញុំធ្វើនោះទេ លុះត្រាតែព្រះវិញ្ញាណ នៃព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ព្រះវិញ្ញាណនៃវិវរណៈ ធ្វើឲ្យពួកគេស្កប់ស្កល់ ។ ខ្ញុំចង់ឲ្យពួកគេដឹងដោយខ្លួនឯង ហើយយល់ពីខ្លួនឯង » ។ 3
ទីមួយ ដូច្នេះព្រះពុំសង្គ្រោះយើង « តាមស្ថានភាពយើងជានរណា» ទេ ពីព្រោះ « តាមតែខ្លួនយើង » គឺយើងពុំស្អាតស្អំ ហើយ « គ្មានអ្វីដែលមិនស្អាត អាចអាស្រ័យនៅ ... ក្នុងទីវត្តមានរបស់ទ្រង់បានឡើយ ត្បិតនៅក្នុងភាសាអ័ដាម មនុស្សនៃបរិសុទ្ធភាព គឺជាព្រះនាមរបស់ទ្រង់ ហើយព្រះនាមនៃព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ គឺជាកូនមនុស្ស [នៃបរិសុទ្ធភាព]» ។ 4 ហើយទីពីរ ព្រះនឹងពុំធ្វើសកម្មភាពឲ្យប្រែក្លាយជាអ្វីមួយ ដែលយើងពុំជ្រើសរើសប្រែក្លាយដោយសកម្មភាពរបស់យើងនោះទេ ។ ពិតណាស់ ទ្រង់ស្រឡាញ់យើង ហើយដោយសារទ្រង់ស្រឡាញ់យើង ទ្រង់ពុំបានបង្ខំ ឬបោះបង់យើងចោលទេ ។ តែទ្រង់ជួយ និងដឹកនាំយើង ។ ច្បាស់ណាស់ ការបង្ហាញក្ដីស្រឡាញ់ពិតរបស់ព្រះ គឺបទបញ្ញត្តិរបស់ទ្រង់ ។
យើងគួរ (ហើយយើង) រីករាយនៅក្នុងផែនការដែលបានតែងតាំងរបស់ព្រះ ដែលអនុញ្ញាតឲ្យយើងធ្វើការជ្រើសរើសដើម្បីធ្វើសកម្មភាពដោយខ្លួនយើង ហើយទទួលពិសោធន៍ផលវិបាកនានា ឬដូចខគម្ពីរបានបង្ហាញវាថា « ភ្លក់នូវសេចក្ដីល្វីងជូរចត់ ប្រយោជន៍ឲ្យពួកគេអាចចេះឲ្យតម្លៃដល់របស់ល្អ » ។5 យើងមានអំណរគុណជារៀងរហូតចំពោះដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ យកឈ្នះលើអំពើបាបពីដើមដំបូង ដើម្បីយើងអាចកើតនៅក្នុងលោកិយនេះ តែមិនទទួលទណ្ឌកម្មដោយសារអំពើរំលងរបស់អ័ដាម ។ 6 ដោយបានប្រោសលោះពីការធ្លាក់ នោះយើងចាប់ផ្ដើមជីវិតស្លូតត្រង់នៅចំពោះព្រះ ហើយ « ទើបពួកគេមានឥស្សរភាពរហូតតទៅ ដោយដឹងខុស និងត្រូវ ដើម្បីធ្វើសកម្មភាពដោយខ្លួនឯង ពុំមែនទទួលសកម្មភាពទេ » ។ 7 យើងអាចជ្រើសរើសក្លាយជាមនុស្សដែលយើងនឹងប្រែក្លាយ ហើយដោយមានជំនួយរបស់ព្រះ ដើម្បីយើងអាចបានដូចជាទ្រង់ ។ 8
ដំណឹងល្អ នៃព្រះយេស៊ូវគ្រីស្ទបើកផ្លូវទៅរកអ្វីដែលយើងនឹងប្រែក្លាយ ។ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ និងព្រះគុណទ្រង់ នោះការបរាជ័យរបស់យើងក្នុងការរស់នៅតាមក្រិត្យវិន័យសេឡេស្ទាលឲ្យល្អឥតខ្ចោះ និងខ្ជាប់ខ្ជួន អាចត្រូវបានលុបចោល ហើយយើងអាចបង្កើតលក្ខណៈចរិតដូចព្រះគ្រីស្ទ ។ ទោះជាយ៉ាងណា តាមតម្រូវការនៃសេចក្ដីយុត្តិធម៌ រឿងនេះ ពុំអាចកើតឡើងដោយគ្មានការយល់ព្រម និងការចូលរួមរបស់យើងនោះទេ ។ នេះជារបៀបដែលតែងតែមាន ។ វត្តមានរបស់យើងនៅលើផែនដី មានរូបកាយសាច់ឈាម គឺមានដោយសារតែជម្រើសដែលយើងម្នាក់ៗបានធ្វើ នៅក្នុងផែនការរបស់ព្រះវរបិតារបស់យើង ។9 ដូច្នេះ សេចក្ដីសង្គ្រោះ ពុំមែនជាអ្វីមួយ ដែលកើតឡើង ដោយផ្អែកលើព្រះទ័យព្រះតែម្យ៉ាងនោះទេ ។ 10
សេចក្ដីយុត្តិធម៌ គឺជាលក្ខណៈដ៏សំខាន់មួយរបស់ព្រះ ។ យើងអាចមានជំនឿលើព្រះ ព្រោះទ្រង់គួរឲ្យទុកចិត្តបាន ។ បទគម្ពីរបង្រៀនយើងថា « ត្បិតព្រះ ទ្រង់មិនយាងលើផ្លូវវៀចវាងឡើយ ឬក៏ទ្រង់ងាកពីឆ្វេងទៅស្ដាំ ឬក៏ទ្រង់បែរចេញពីអ្វីដែលទ្រង់មានបន្ទូលដែរ ម្ល៉ោះហើយ ផ្លូវទាំងឡាយរបស់ទ្រង់ ត្រង់ ហើយដំណើររបស់ទ្រង់ ជាវង់មួយដ៏នៅអស់កល្បជានិច្ច » ។11 ហើយថា « ព្រះមិនរើសមុខអ្នកណាទេ » ។ 12 យើងពឹងផ្អែកទៅលើគុណធម៌ដ៏ទេវភាពនៃសេចក្ដីយុត្តិធម៌សម្រាប់សេចក្ដីជំនឿ ទំនុកចិត្ត និងសេចក្ដីសង្ឃឹម ។
ប៉ុន្តែជាលទ្ធផលនៃសេចក្ដីយុត្តិធម៌ដ៏ឥតខ្ចោះ នោះមានអ្វីមួយចំនួនដែលព្រះពុំអាចធ្វើ ។ ទ្រង់ពុំអាចធ្វើជាអជ្ញាកណ្ដាលជួយសង្គ្រោះដល់មនុស្សខ្លះ ហើយដាក់ទណ្ឌកម្មអ្នកផ្សេងទៀតទេ ។ ទ្រង់ « ពុំអាចទតមើលអំពើបាប សូម្បីតែបន្ដិចបន្ដួចបានឡើយ » ។13 ទ្រង់ពុំអាចអនុញ្ញាតឲ្យក្ដីមេត្តាមកប្លន់សេចក្ដីយុត្តិធម៌បានឡើយ ។14
កត្តាដែលព្រះបង្កើតគោលការណ៍នៃសេចក្ដីមេត្តាករុណា គឺជាភស្ដុតាងយ៉ាងច្បាស់ថា ទ្រង់មានយុត្តិធម៌ ។ វាគឺដោយសារទ្រង់មានយុត្តិធម៌ ទើបទ្រង់បង្កើតផ្លូវមួយសម្រាប់សេចក្ដីមេត្តាករុណា មានតួនាទីដ៏សំខាន់នៅក្នុងជោគវាសនាដ៏អស់កល្បជានិច្ចរបស់យើង ។ ដូច្នេះ ឥឡូវ « សេចក្ដីយុត្តិធម៌ អនុវត្តនូវសេចក្ដីទាមទារទាំងអស់របស់វា ឯសេចក្ដីមេត្តាករុណាក៏ទាមទារនូវអ្វីៗ ដែលនៅក្នុងអំណាចរបស់វាដែរ»។ 15
យើងដឹងថា វាគឺជា « ការរងទុក្ខទាំងឡាយ និងការសុគតរបស់អ្នក ដែលពុំបានធ្វើបាបឡើយ ជាអ្នកដែល [ព្រះវរបិតា] សព្វព្រះហឬទ័យ … ព្រះលោហិតនៃព្រះរាជបុត្រា [របស់ព្រះអង្គ] ដែលបានច្រួច »16 នោះធ្វើឲ្យស្កប់ស្កល់ដល់សេចក្ដីយុត្តិធម៌ ផ្ដល់សេចក្ដីមេត្តាករុណា ហើយប្រោសលោះយើង ។17 ហេតុដូច្នោះហើយ «ស្របតាមសេចក្ដីយុត្តិធម៌ ផែនការនៃសេចក្ដីប្រោសលោះពុំអាចនឹងអនុវត្តបានឡើយ លើកលែងតែលក្ខខណ្ឌទាំងឡាយនៃការប្រែចិត្តរបស់មនុស្ស »។18 វាគឺជាតម្រូវការ និងឱកាសសម្រាប់ការប្រែចិត្ត ដែលអនុញ្ញាតឲ្យសេចក្ដីមេត្តាករុណា អាចធ្វើកិច្ចការរបស់វា ដោយពុំបំផ្លាញសេចក្ដីយុត្តិធម៌ ។
ព្រះគ្រីស្ទ ពុំបានសុគតដើម្បីសង្គ្រោះមនុស្សតាមអំណាចចិត្តនោះទេ ប៉ុន្តែដើម្បីផ្ដល់ឱកាសដល់មនុស្សប្រែចិត្ត ។ យើងជឿជាក់ថា «ដោយពឹងផ្អែកទាំងស្រុងទៅលើបុណ្យគុណរបស់ទ្រង់ ដែលមានឥទ្ធិឬទ្ធិដើម្បីសង្គ្រោះ» 19 នៅក្នុងដំណើរការនៃការប្រែចិត្ត ប៉ុន្តែការធ្វើសកម្មភាពប្រែចិត្ត គឺជាការផ្លាស់ប្ដូរឆន្ទៈរបស់ខ្លួន ។ ដូច្នេះតាមរយៈការធ្វើឲ្យការប្រែចិត្តជាលក្ខខណ្ឌមួយសម្រាប់ការទទួលអំណោយទាននៃព្រះគុណ នោះព្រះអាចជួយយើងឲ្យរក្សាការទទួលខុសត្រូវសម្រាប់ខ្លួនយើង ។ ការប្រែចិត្ត គោរព ហើយគាំទ្រដល់សិទ្ធិជ្រើសរើសខាងសីលធម៌របស់យើង ៖ « ម្ល៉ោះហើយ សេចក្ដីមេត្តាករុណា អាចធ្វើឲ្យស្កប់ស្កល់ដល់ការទាមទារនៃសេចក្ដីយុត្តិធម៌ ហើយឱបក្រសោបពួកគេនៅក្នុងដៃនៃសេចក្ដីសុខ នៅពេលដែលអ្នកនោះពុំអនុវត្តសេចក្ដីជំនឿចំពោះ ការប្រែចិត្ត នោះត្រូវលាតត្រដាងនៅក្នុងច្បាប់ទាំងមូលចំពោះ ការទាមទារនៃសេចក្ដីយុត្តិធម៌ ហេតុដូច្នេះហើយ មានតែដល់អ្នកណាដែលមានសេចក្ដីជំនឿ ចំពោះ ការប្រែចិត្ត ទើបនាំមកនូវផែនការនៃសេចក្ដីប្រោសលោះដ៏មហិមា និងអស់កល្បជានិច្ចបាន » ។20
ការយល់ខុសអំពីសេចក្ដីយុត្តិធម៌ និងសេចក្ដីមេត្តាករុណារបស់ព្រះ គឺជារឿងមួយ ហើយការបដិសេធវត្តមានរបស់ព្រះ និងភាពរុងរឿងរបស់ទ្រង់ គឺជារឿងមួយទៀត ប៉ុន្តែវាមួយណាក៏ដោយ នឹងមានលទ្ធផលជាការមិនទទួលបានសក្ដានុពលដ៏ទេវភាពពេញលេញ—ជួនកាល—ឃ្លាតឆ្ងាយតែម្ដង ។ ព្រះដែលពុំតម្រូវអ្វីទាំងអស់ គឺដំណើរការដូចជានឹងព្រះដែលពុំមានព្រះជន្មផងដែរ ។ ពិភពលោកដោយពុំមានព្រះ ព្រះដ៏មានព្រះជន្មរស់ ដែលបានបង្កើតក្រិត្យវិន័យសីលធម៌ ដើម្បីគ្រប់គ្រង និងធ្វើឲ្យកូនចៅទ្រង់ឥតខ្ចោះ គឺជាពិភពលោកដែលគ្មានសេចក្ដីពិត ឬសេចក្ដីយុត្តិធម៌ផងដែរ ។ វាគឺជាពិភពលោកមួយដែលទទួលស្គាល់ជាសាកលថា អ្វីដែលខុស និងអ្វីដែលត្រូវ គឺផ្សេងគ្នាសម្រាប់មនុស្សគ្រប់រូប ។
ជាសាកលមានន័យថា មនុស្សម្នាក់ៗ គឺមានសិទ្ធិអំណាចខ្ពស់បំផុតរបស់ខ្លួន ។ ប្រាកដណាស់ វាពុំមែនគ្រាន់តែអ្នកដែលបដិសេធព្រះ ទើបស្ថិតក្នុងទស្សនៈវិជ្ជានេះទេ ។ មនុស្សខ្លះដែលជឿលើព្រះ នៅតែជឿថា ពួកគេម្នាក់ៗ មានការសម្រេចចិត្តនូវអ្វីដែលត្រូវ និងខុសដោយខ្លួនគេ ។ មានយុវវ័យម្នាក់បានសម្ដែងតាមរបៀបនេះថា ៖ « ខ្ញុំពុំគិតថា ខ្ញុំអាចនិយាយថា សាសនាហ៊ិនឌូ ខុស ឬសាសនាកាតូលិកខុស ឬអេពីកូផាលីន ខុស ទេ—ខ្ញុំគិតថា វាអាស្រ័យលើអ្វី ដែលអ្នកជឿ ។ … ខ្ញុំមិនគិតថា មានត្រូវ និងខុសនោះទេ » ។ 21 ម្នាក់ទៀត ត្រូវបានគេសួរអំពីមូលដ្ឋានសម្រាប់ជំនឿសាសនារបស់គាត់ បានតបថា « ខ្ញុំជឿលើខ្លួនឯង—វាពិតជាអញ្ចឹងមែន ។ ខ្ញុំចង់មានន័យថា តើអាចមានសិទ្ធិអំណាចមកលើអ្វី ដែលអ្នកជឿដោយរបៀបណា ? » 22
ចំពោះអ្នកទាំងឡាយដែលជឿអ្វីមួយ ឬអ្វីក៏ដោយ អាចជាការពិត ដែលការប្រកាសពីគោលបំណង ជាសេចក្ដីពិតខ្ជាប់ខ្ជួន និងជាសាកល មានអារម្មណ៍ដូចជាការបង្ខំទៅវិញថា—« ខ្ញុំមិនគួរបង្ខំឲ្យជឿលើអ្វីថាពិត ដែលខ្ញុំមិនចូលចិត្តនោះទេ » ។ តែនោះពុំអាចផ្លាស់ប្ដូរភាពពិតបានទេ ។ ការមិនចូលចិត្តច្បាប់នៃទំនាញ នឹងពុំទប់មនុស្សម្នាក់នោះមិនឲ្យធ្លាក់ចុះនោះទេ បើគាត់ដើរធ្លាក់ច្រាំងនោះ ។ ក្រិត្យវិន័យដ៏អស់កល្ប និងសេចក្ដីយុត្តិធម៌ក៏ដូចគ្នានេះដែរ ។ សេរីភាព ពុំកើតចេញមកពីការទប់ទល់នោះទេ ប៉ុន្តែវាកើតចេញមកពីការអនុវត្តវា ។ នោះគឺជាគ្រឹះចំពោះព្រះចេស្ដាផ្ទាល់របស់ព្រះ ។ បើវាពុំដោយសារតែភាពពិតនៃសេចក្ដីពិតដ៏ខ្ជាប់ខ្ជួន និងពុំផ្លាស់ប្ដូរទេ នោះអំណោយទាននៃការជ្រើសរើស នឹងគ្មានន័យឡើយ ព្រោះយើងនឹងពុំអាចមើលឃើញជាមុន ឬរំពឹងនូវលទ្ធផលនៃទង្វើរបស់យើងទេ ។ ដូចលីហៃបានបង្ហាញវាថា ៖ « បើសិនជាកូនរាល់គ្នានឹងនិយាយថា គ្មានក្រិត្យវិន័យទេ កូនរាល់គ្នាក៏ត្រូវនិយាយថា គ្មានបាបដែរ ។ « បើសិនជាកូនរាល់គ្នានឹងនិយាយថា គ្មានបាបទេ កូនរាល់គ្នាក៏ត្រូវនិយាយថា គ្មានសេចក្ដីសុចរិតដែរ ។ ហើយបើសិនជាគ្មានសេចក្ដីសុចរិតទេ នោះក៏គ្មានសុភមង្គលដែរ ។ ហើយបើសិនជាគ្មានសេចក្ដីសុចរិត ឬសុភមង្គលទេ នោះក៏គ្មានទោស និងសេចក្ដីទុក្ខវេទនាដែរ ។ ហើយបើសិនជាគ្មានអ្វីទាំងនេះទេ នោះក៏គ្មានព្រះដែរ ។ ហើយបើសិនជាគ្មានព្រះទេ ក៏គ្មានពួកយើង ឬផែនដីដែរ ត្បិតពុំអាចមាននូវការបង្កើតអ្វីទាំងឡាយ ដែលនឹងធ្វើសកម្មភាព ឬទទួលសកម្មភាពដែរ ហេតុដូច្នោះហើយ អ្វីៗសព្វសារពើ ត្រូវតែសាបសូន្យបាត់អស់ » ។23
ទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ឱកាសទទួលខុសត្រូវខ្លួនឯង គឺជាអំណោយទានដែលប្រទានឲ្យដោយព្រះ បើគ្មានវា នោះយើងពុំអាចសម្រេចសក្ដានុពលពេញលេញរបស់យើង ក្នុងនាមជាបុត្រី និងបុត្រារបស់ព្រះបានឡើយ ។ ទំនួលខុសត្រូវផ្ទាល់ខ្លួន ក្លាយជាសិទ្ធិ និងករណីយកិច្ច ដែលយើងត្រូវតែការពារដោយខ្ជាប់ខ្ជួន ត្បិតវាត្រូវបានវាយប្រហារតាំងពីមុនការបង្កបង្កើតមកម្ល៉េះ ។ យើងត្រូវតែការពារទំនួលខុសត្រូវយើង ទប់ទល់នឹងមនុស្ស និងភ្នាក់ងារណាដែល ( ពេលខ្លះវាចេតនា) ធ្វើឲ្យយើងផ្ដេកផ្ដួលលើនោះ ។ ហើយយើងត្រូវតែការពារវា ទប់ទល់នឹងអារម្មណ៍ផ្ដេកផ្ដួលផ្ទាល់ខ្លួនរបស់យើង ពុំធ្វើការងារដែលតម្រូវឲ្យបង្កើតទេពកោសល្យ សមត្ថភាព និងលក្ខណៈសម្បត្តិដូចព្រះគ្រីស្ទ ។
មានរឿងមួយ និយាយអំពីបុរសម្នាក់ ដែលជាធម្មតាមិនចង់ធ្វើការទេ ។ គាត់ចង់ឲ្យគេបំពេញតម្រូវការឲ្យគាត់ទាំងអស់ ។ តាមអ្វីដែលគាត់គិតគឺថា សាសនាចក្រ ឬរដ្ឋាភិបាល ឬទាំងពីរ ត្រូវចិញ្ចឹមគាត់ ដោយសារគាត់បានបង់ដង្វាយមួយភាគក្នុងដប់ និងបង់ពន្ធគាត់ហើយ ។ គាត់គ្មានអ្វីបរិភោគទេ តែបដិសេធមិនមើលថែខ្លួនគាត់ទេ ។ ដោយភាពអស់សង្ឃឹម និងការខ្ពើមរអើម អ្នកទាំងឡាយដែលព្យាយាមជួយគាត់ បានសម្រេចចិត្តថា ដោយសារគាត់ពុំចង់ទ្រទ្រង់ខ្លួនគាត់ នោះពួកគេនឹងយកគាត់ទៅទីស្មសាន ហើយទុកឲ្យគាត់ស្លាប់នៅទីនោះទៅ ។ នៅតាមផ្លូវទៅទីស្មសាន មានបុរសម្នាក់និយាយថា « យើងពុំអាចធ្វើដូចនេះបានទេ ។ ខ្ញុំមានពោតខ្លះៗ ខ្ញុំនឹងចែកឲ្យគាត់ » ។
ដូច្នេះពួកគេបានប្រាប់រឿងនេះ ដល់បុរសដែលគេសែងនោះ រួចគាត់សួរថា « តើបកសំបកហើយឬនៅ ? »
ពួកគេតបថា « នៅទេ » ។
រួចគាត់និយាយថា « អញ្ចឹង សែងទៅមុខទៀត » ។
វាគឺជាឆន្ទៈរបស់ព្រះ ដែលយើងធ្វើជាបុរស និងស្ត្រីដែលមានសេរីភាព អាចងើបឡើងទៅដល់សក្ដានុពលពេញលេញរបស់យើង ទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ដើម្បីយើងមានសេរីភាពពីគំនៀបនៃភាពក្រីក្រ និងទាសភាពនៃអំពើបាប ដើម្បីយើងរីករាយ គោរពខ្លួនឯង និងឯករាជ្យ ថាយើងបានត្រៀមខ្លួនជាស្រេចក្នុងគ្រប់កិច្ចការទាំងអស់ ដើម្បីចូលរួមនឹងទ្រង់ ក្នុងនគរសេលេស្ទាលរបស់ទ្រង់ ។
ខ្ញុំពុំជឿគំនិតខុសឆ្គងដែលថា ការណ៍នេះអាចធ្វើបាន ដោយការខិតខំរបស់យើងផ្ទាល់ ដោយគ្មានជំនួយរបស់ទ្រង់ដ៏ខ្ជាប់ខ្ជួននោះទេ ។ « យើងដឹងថា មានតែដោយព្រះគុណទេ ទើបយើងបានសង្គ្រោះ បន្ទាប់ពីអ្វីៗទាំងអស់ ដែលយើងអាចធ្វើបាន» ។24 ហើយយើងពុំចាំបាច់ទទួលបានសមត្ថភាព ឬសេចក្ដីល្អក្នុងកម្រិតខ្លះ មុនពេលព្រះនឹងជួយនោះទេ— ជំនួយព្រះ អាចជារបស់យើងនៅគ្រប់ម៉ោងរាល់ថ្ងៃ មិនថាយើងនៅកន្លែងណា នៅលើផ្លូវនៃការគោរពប្រតិបត្តិនោះទេ ។ ប៉ុន្តែខ្ញុំដឹងថា ក្រៅពីការប្រាថ្នាជំនួយរបស់ទ្រង់ យើងត្រូវប្រើខ្លួនយើង យើងប្រែចិត្ត ហើយជ្រើសរើសយកព្រះ ដើម្បីទ្រង់អាចធ្វើកិច្ចការក្នុងជីវិតយើង ស្របនឹងសេចក្ដីយុត្តិធម៌ និងសិទ្ធិជ្រើសរើសខាងសីលធម៌ ។ ការអង្វរករបស់ខ្ញុំ គឺថា សូមទទួលយកទំនួលខុសត្រូវជាធម្មតា ហើយទៅធ្វើការ ដើម្បីមានអ្វីមួយឲ្យព្រះជួយយើង ។
ខ្ញុំថ្លែងជាសាក្សីថា ព្រះមានព្រះជន្ម ថាព្រះរាជបុត្រា ទ្រង់ ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះប្រោសលោះយើង ហើយថាព្រះវិញ្ញាណបរិសុទ្ធ គឺមានវត្តមាននៅជាមួយយើង ។ ក្ដីប្រាថ្នារបស់ទ្រង់ គឺដើម្បីជួយយើងកុំឲ្យសង្ស័យ ហើយសមត្ថភាពទ្រង់ដើម្បីធ្វើដូច្នោះគឺមានជានិរន្ដន៍ ។ ចូរយើង « ភ្ញាក់ឡើង ហើយក្រោកចេញពីធូលីដី ... ដើម្បីឲ្យសេចក្ដីសញ្ញារបស់ព្រះវរបិតាដ៏អស់កល្ប ដែលទ្រង់បានធ្វើជាមួយ [យើង] អាចត្រូវបានបំពេញ » ។25 នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន។