យ៉ូសែប ស្ម៊ីធ
ព្រះយេស៊ូវគ្រីស្ទ បានជ្រើសរើសបុរសបរិសុទ្ធ បុរសសុចរិតម្នាក់ ដើម្បីដឹកនាំការស្ដារឡើងវិញនៃភាពពេញលេញនៃដំណឹងល្អរបស់ទ្រង់ ។ ទ្រង់បានជ្រើសរើសយ៉ូសែប ស្ម៊ីធ ។
នៅក្នុងការយាងមកជាលើកដំបូងទៅជួបព្យាការីយ៉ូសែប ស្ម៊ីធ ពេលលោកមានអាយុ 17 ឆ្នាំ ទេវតាបានហៅឈ្មោះ យ៉ូសែប ហើយប្រាប់លោកថា ទ្រង់គឺជា មរ៉ូណៃ ជាសារទូតម្នាក់ ដែលបានបញ្ជូនមកពីវត្តមានរបស់ព្រះ ហើយថាព្រះមានកិច្ចការមួយឲ្យលោកធ្វើ ។ ចូរនឹកគិតនូវអ្វីដែលយ៉ូសែបបានគិត ពេលមានទេវតាមកប្រាប់គាត់ថា ឈ្មោះរបស់គាត់ « នឹងមានដើម្បីសេចក្ដីល្អ និងសេចក្ដីអាក្រក់ក្នុងគ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស និងគ្រប់ទាំងភាសា» ។ 1 ប្រហែលជាយ៉ូសែបស្រឡាំងកាំងហើយ ទើបបានជាមរ៉ូណៃ និយាយឡើងវិញម្ដងទៀតថា នឹងមានទាំងមនុស្សទាំងអស់នឹងនិយាយទាំងសេចក្ដីល្អ និងសេចក្ដីអាក្រក់អំពីលោក ។ 2
ការនិយាយល្អពី យ៉ូសែប ស៊្មីធ បានមានដោយសន្សឹមៗ តែការនិយាយរឿងអាក្រក់ពីលោក បានចាប់ផ្ដើមមានមួយរំពេច ។ យ៉ូសែប សរសេរថា « ចម្លែកអ្វីម្ល៉េះ ហេតុអ្វីក៏ក្មេងប្រុសម្នាក់ដែលមិនសូវមានគេស្គាល់ ... ម្ដ៉េចក៏គេគិតថា ជាមនុស្សគ្រាន់បើ … ទៅដល់ធ្វើឲ្យមនុស្សមានចិត្តបៀតបៀន... នឹងប្រទេចផ្ដាសាដ៏ល្វីងជូរចត់ដូច្នេះ » ។3
ខណៈដែលមានមនុស្សស្រឡាញ់យ៉ូសែបកើនឡើង នោះក៏មានការប្រទុស្ដរ៉ាយផងដែរ ។ នៅអាយុ 38 ឆ្នាំ លោកត្រូវមនុស្សកំណាច 150 នាក់ដែលលាបមុខខ្មៅ មកធ្វើឃាត ។4 ខណៈដែលជីវិតរបស់យ៉ូសែបបានបញ្ចប់ភ្លាម នោះការនិយាយល្អ និងនិយាយអាក្រក់ពីយ៉ូសែប ក៏បានចាប់ផ្ដើមភ្លាម ។
តើយើងគួរភ្ញាក់ផ្អើលនឹងការនិយាយអាក្រក់ទាស់នឹងលោកទេ ? សាវកប៉ុល ត្រូវបានហៅថាឆ្កួត។5 ព្រះអង្គសង្គ្រោះជាទីស្រឡាញ់របស់យើង ព្រះរាជបុត្រានៃព្រះ ត្រូវបានគេហៅថាមនុស្សលោភ មនុស្សប្រមឹក និងអារក្សចូល ។6
ព្រះអម្ចាស់ បានប្រាប់យ៉ូសែប ពីជោគវាសនារបស់លោកថា ៖
« នៅគ្រប់ចុងផែនដីនឹងសាកសួរអំពីឈ្មោះរបស់អ្នក ហើយពួកល្ងង់ខ្លៅ នឹងសើចចំអកអ្នក ហើយស្ថាននរកខ្ញាល់ទាស់នឹងអ្នក
« ក្នុងកាលអ្នកមានចិត្តបរិសុទ្ធ … អ្នកមានប្រាជ្ញា … និងអ្នកដែលមានគុណធម៌ នោះនឹងស្វែងរក … ព្រះពរទាំងឡាយជារៀងរហូតពីក្រោមដៃអ្នក »។7
ហេតុអ្វីព្រះអម្ចាស់អនុញ្ញាតឲ្យមានការនិយាយអាក្រក់ កើតឡើងព្រមគ្នានឹងការនិយាយល្អដូច្នេះ ? ការប្រឆាំងជំទាស់នឹងរឿងទាំងឡាយរបស់ព្រះ ជម្រុញអ្នកស្វែងរកសេចក្ដីពិតឲ្យលុតជង្គង់ពួកគេចុះសុំសួរចម្លើយ ។8
យ៉ូសែប គឺជាព្យាការីនៃការស្ដារឡើងវិញ ។ កិច្ចការខាងវិញ្ញាណរបស់លោក បានចាប់ផ្ដើមជាមួយនឹងការលេចមករបស់ព្រះវរបិតា និងព្រះរាជបុត្រា នឹងការយាងមករបស់សារទូតសួគ៌ជាច្រើនទៀត ។ លោកគឺជាឧបករណ៍នៅក្នុងព្រះហស្តរបស់ព្រះ ក្នុងការនាំយកគម្ពីរពិសិដ្ឋចេញមក បើកសម្ដែងគោលលទ្ធិដែលត្រូវបានបោះបង់ចោល និងស្ដារឡើងវិញនូវបព្វជិតភាព ។ សារៈសំខាន់នៃកិច្ចការរបស់យ៉ូសែប តម្រូវឲ្យមានលើសពីការពិចារណាខាងបញ្ញាឈ្លាសវៃ វាតម្រូវថា យើង « សូមសួរដល់ព្រះ » ដូចជាយ៉ូសែប ។9 សំណួរខាងវិញ្ញាណ សមនឹងទទួលចម្លើយខាងវិញ្ញាណ ។
មនុស្សជាច្រើនដែលពុំជឿលើកិច្ចការនៃការស្ដារឡើងវិញ ជាធម្មតាពុំជឿថា តួអង្គសួគ៌ា មានបន្ទូលមកកាន់មនុស្សលើផែនដីទេ ។ ពួកគេនិយាយថា វាពុំអាចទៅរួចទេ ដែលផ្ទាំងចំណារមាស ត្រូវបានប្រគល់ឲ្យដោយទេវតាមួយអង្គ ហើយបានបកប្រែដោយព្រះចេស្ដានៃព្រះនោះ ។ ចេញមកពីការពុំជឿនោះ ពួកគេបដិសេធទីបន្ទាល់របស់យ៉ូសែប ហើយមនុស្សមួយចំនួនតូចបានប្រព្រឹត្តអំពើអាក្រក់បង្ខូចដល់ជីវិតរបស់យ៉ូសែប ហើយនិយាយកុហកអំពីចរិយារបស់លោក ។
យើងមានការសោកស្ដាយ ជាពិសេសពេលនរណាដែលធ្លាប់កោតសរសើរដល់យ៉ូសែប ស្ម៊ីធពីមុន រួចបែរជាដើរចេញពីការជឿស៊ប់របស់ពួកគេ ហើយមករិះគន់ដល់ព្យាការីវិញនោះ ។10
« ការសិក្សាអំពីសាសនាចក្រ … តាមរយៈកែវភ្នែករបស់មនុស្សដែលដើរចេញពីសាសនាចក្រ » អែលឌើរ នែល អេ ម៉ាក់ស្វែល មានប្រសាសន៍ថា « គឺដូចជានិយាយទៅពួកយូដាឲ្យយល់អំពីព្រះយេស៊ូវដូច្នោះដែរ ។ អ្នកដែលដើរចេញពីសាសនាចក្រ តែងតែប្រាប់យើងជាច្រើនអំពីខ្លួនពួកគេ ជាជាងប្រាប់ពីសាសនាចក្រ ដែលពួកគេបានដើរចេញនោះ » 11
ព្រះយេស៊ូវមានបន្ទូលថា « ត្រូវឲ្យពរដល់អ្នកណាដែលប្រទេចផ្ដាសា ... ត្រូវអធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ » ។ 12 ចូរយើងផ្ដល់សណ្ដានចិត្តល្អចំពោះអ្នកទាំងឡាយដែលរិះគន់ដល់យ៉ូសែប ស្ម៊ីធ ដោយដឹងក្នុងចិត្តរបស់យើងថា លោកគឺជាព្យាការីរបស់ព្រះ ហើយលួងលោមចិត្តថា រឿងទាំងអស់នេះ គឺមានតាំងពីយូរមកហើយ ដូចបានព្យាករដោយមរ៉ូណៃ ។
តើយើងគួរឆ្លើយតបនឹងអ្នកសួរដោយស្មោះ ដែលបារម្ភអំពីមតិអវិជ្ជមាន ដែលពួកគេបានឮ ឬអានអំពីព្យាការីយ៉ូសែប ស្ម៊ីធដោយរបៀបណា ? ពិតណាស់ យើងតែងតែស្វាគមន៍ចំពោះសំណួរស្មោះត្រង់ និងឆ្លាតវៃ ។
ចំពោះសំណួរអំពីចរិយាសម្បត្តិរបស់យ៉ូសែប យើងអាចចែកចាយនូវសម្ដីរបស់មនុស្សរាប់ពាន់នាក់ ដែលស្គាល់លោកផ្ទាល់ ហើយដែលបានប្រគល់ជីវិតរបស់ពួកគេដើម្បីកិច្ចការដែលលោកបានជួយស្ថាបនានោះ ។ យ៉ូហាន ថេលើរ ដែលត្រូវបានបាញ់បួនដងដោយពួកមនុស្សកំណាច ដែលបានសម្លាប់យ៉ូសែប ក្រោយមកបានប្រកាសថា ៖ « ខ្ញុំថ្លែងទីបន្ទាល់ចំពោះព្រះ ពួកទេវតា និងមនុស្សថា [យ៉ូសែប] គឺជាបុរសល្អ គួរគោរព [និង] ប្រកបដោយគុណធម៌— … [ហើយ] ថាចរិយារបស់លោកក្នុងទីកំបាំង និងទីសាធារណៈ គឺបរិសុទ្ធ— ហើយថា លោកបានរស់នៅ និងបានស្លាប់ទៅ ជាបុរសម្នាក់របស់ព្រះ » ។13
យើងអានរំឭកដល់អ្នកសួរដោយស្មោះនោះថា ព័ត៌មានលើអ៊ិនធឺណែត ពុំបានចម្រាញ់ភាពមិន « ពិត » ចេញទេ ។ ទោះជាវាទាក់ទាញគួរឲ្យជឿប៉ុណ្ណាក៏ដោយ ព័ត៌មានមួយចំនួន ជាធម្មតា គឺមិនពិតទេ ។
ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំអានអត្ថបទទស្សនាវដ្ដី ឈ្មោះ Time ដែលរាយការណ៍ពីការរកឃើញសំបុត្រមួយ ដែលសន្និដ្ឋានថាត្រូវបានសរសេរដោយ ម៉ាទីន ហារីស ដែលស្តីជំទាស់នឹងដំណើររឿងរបស់យ៉ូសែប ស្ម៊ីធ ក្នុងការរកឃើញផ្ទាំងគម្ពីរមរមន ។14
មានសមាជិកមួយចំនួន បានចាកចេញពីសាសនាចក្រ ដោយសារតែឯកសារនោះ ។15
គួរឲ្យសោកស្ដាយ ពួកគេចាកចេញរហ័សពេក ។ អស់ជាច្រើនខែក្រោយមក អ្នកជំនាញបានស្រាវជ្រាវ ( ហើយអ្នកក្លែងបន្លំបានសារភាព ) រកឃើញថា សំបុត្រនោះ គឺជាការបោកបញ្ឆោតទាំងស្រុង ។16 អ្នកគួរតែមានចម្ងល់អំពីអ្វីដែលអ្នកបានស្ដាប់ឮក្នុងសារព័ត៌មាន ប៉ុន្តែអ្នកពុំគួរសង្ស័យនឹងទីបន្ទាល់របស់ពួកព្យាការីនៃព្រះសោះឡើយ ។
យើងអាចរំឭកដល់អ្នកសួរថា ព័ត៌មានមួយចំនួនអំពីយ៉ូសែប ថ្វីបើវាពិត មែនក្តី វាត្រូវបានបង្ហាញខុសទាំងស្រុងចេញពីបរិបទក្នុងជំនាន់របស់លោក និងស្ថានភាពរបស់លោកផ្ទាល់ ។
អែលឌើរ រ័សុល អិម ណិលសុន បានបង្ហាញចំនុចនេះ ។ គាត់បានប្រាប់ថា ៖ « ខ្ញុំបម្រើជាអ្នកប្រឹក្សាចំពោះរដ្ឋាភិបាលសហរដ្ឋនៅផ្នែកមជ្ឈមណ្ឌល គ្រប់គ្រងជំងឺជាតិ នៅអាត្លង់តា ចចចារ ។ មានម្ដងនោះ ពេលកំពុងរង់ចាំឡានតាក់ស៊ី ជិះទៅអាកាសយានដ្ឋានវិញ បន្ទាប់ពីការប្រជុំយើង នៅទីនោះ ខ្ញុំបានទម្រេទខ្លួនលើស្មៅដើម្បីទទួលកម្ដៅព្រះអាទិត្យមុនពេលទៅកាន់ រដូវត្រជាក់ រដ្ឋយូថាហ៍វិញ ។ ... ក្រោយមក ខ្ញុំបានទទួលរូបថតមួយក្នុងសំបុត្រ ដែលអ្នកថតរូបបានថតយ៉ាងជិត ថតយករូបនៃការដេកលេងលើស្មៅរបស់ខ្ញុំ ។ នៅខាងក្រោមរូបថតនោះ មានចំណងជើងថា « អ្នកប្រឹក្សាខាងរដ្ឋាភិបាលនៅមជ្ឈមណ្ឌលជាតិ » ។ រូបថតគឺពិត ចំណងជើងក៏ពិត ប៉ុន្តែភាពពិតនោះ ត្រូវបានប្រើដើម្បីផ្សព្វផ្សាយពីចំណាប់អារម្មណ៍ខុសឆ្គងមួយ » ។17 យើងពុំបដិសេធអ្វីមួយដែលយើងដឹងថា ជាអ្វីមួយដែលយើងពុំទាន់យល់នោះទេ ។
យើងអាចរំឭកដល់អ្នកសួរថា យ៉ូសែប ពុំនៅម្នាក់ឯងទេ ពេលពួកទេវតាមកជួបនោះ ។
សាក្សីអំពីគម្ពីរមរមនបានសរសេរថា « យើងសូមថ្លែងដោយម៉ឺងម៉ាត់ថា មានទេវតានៃព្រះបានចុះមកពីស្ថានសួគ៌ ហើយ... យើងបានទាំងមើល និងឃើញផ្ទាំងទាំងឡាយ » ។18 យើងអាចដកស្រង់ពាក្យអ្នកផ្សេងទៀតមកផងដែរ ។19
អ្នកសួរសំណួរស្មោះត្រង់ម្នាក់ គួរតែមើលនូវការរីកលូតលាស់នៃដំណឹងល្អដែលបានស្ដារឡើងវិញ ដូចជាផលផ្លែនៃកិច្ចការរបស់ព្រះអម្ចាស់ តាមរយៈព្យាការី ។
ឥឡូវ មានក្រុមជំនុំច្រើនជាង 29,000 នាក់ ហើយអ្នកផ្សព្វផ្សាយសាសនាចំនួន 88000 នាក់កំពុងបង្រៀនដំណឹងល្អនៅទូទាំងពិភពលោក ។ ពួកបរិសុទ្ធថ្ងៃចុងក្រោយរាប់លាននាក់ កំពុងព្យាយាមដើរតាមព្រះយេស៊ូវគ្រីស្ទ រស់នៅក្នុងជីវិតដ៏គួរគោរព មើលថែទាំជនក្រីក្រ ហើយផ្ដល់ពេលវេលា និងទេពកោសល្យក្នុងការជួយអ្នកដទៃ ។
ព្រះយេស៊ូវ មានបន្ទូលថា ៖
« ធម្មតា ដើមឈើល្អ មិនដែលបញ្ចេញផលអាក្រក់បានទេ ហើយដើមដែលអាក្រក់ ក៏ពុំអាចនឹងបញ្ចេញផលល្អបានដែរ ។ …
« ... អ្នករាល់គ្នានឹងស្គាល់គេបាន គឺដោយសារផលគេបង្កើត » ។20
ការពន្យល់ទាំងនេះ គួរឲ្យជឿណាស់ ប៉ុន្តែអ្នកសួរដោយស្មោះ ពុំគួរពឹងផ្អែកលើវាទាំងស្រុង ដើម្បីបញ្ឈប់ការស្រាវជ្រាវរកសេចក្ដីពិតរបស់ពួកគេនោះទេ ។
អ្នកជឿម្នាក់ៗ ត្រូវការមាននូវការបញ្ជាក់ខាងវិញ្ញាណ អំពីបេសកកម្មដ៏ទេវភាព និងចរិយារបស់ព្យាការីយ៉ូសែប ស្ម៊ីធ ។ រឿងនេះគឺពិតគ្រប់ជំនាន់ ។ សំណួរខាងវិញ្ញាណ សមនឹងទទួលចម្លើយខាងវិញ្ញាណមកពីព្រះ ។
ថ្មីៗនេះ ពេលខ្ញុំនៅប៉ែកឆ្នេរខាងកើតនៃសហរដ្ឋ អ្នកត្រឡប់មកពីផ្សព្វផ្សាយសាសនាម្នាក់បាននិយាយនឹងខ្ញុំអំពីមិត្តម្នាក់ ដែលបានធ្លាក់ខ្លួនភាន់ច្រឡំជាមួយនឹងព័ត៌មាន ដែលគាត់បានទទួលអំពីព្យាការីយ៉ូសែប ស្ម៊ីធ ។ ពួកគេបាននិយាយគ្នាជាច្រើនដង ហើយអ្នកត្រឡប់មកពីផ្សាយសាសនានោះ ហាក់ដូចជាមានការសង្ស័យខ្លះៗក្នុងខ្លួន ជាហេតុនាំឲ្យមានការពិភាក្សា ។
ទោះជាយ៉ាងណា ខ្ញុំសង្ឃឹមថា គាត់អាចពង្រឹងដល់មិត្តគាត់ តែខ្ញុំបារម្ភអំពីទីបន្ទាល់របស់គាត់ ។ បងប្អូនប្រុសស្រី ខ្ញុំសូមដាស់តឿនអ្នកថា ៖ អ្នកនឹងពុំអាចជួយអ្នកដទៃបានច្រើនទេ បើជំនឿផ្ទាល់ខ្លួនរបស់អ្នក ពុំមានជំហររឹងមាំនោះ ។
ប៉ុន្មានសប្ដាហ៍មុន ខ្ញុំបានជិះយន្ដហោះទៅកាន់អាមេរិកខាងត្បូង ។ អ្នកបម្រើតាមយន្ដហោះ បានបង្វែរចិត្តរបស់យើងទៅមើលវីដេអូសុវត្ថិភាព ។ យើងត្រូវបានព្រមានថា « វាប្រហែលជាមិនទំនង ប៉ុន្តែបើមានការផ្លាស់ប្ដូរសម្ពាធខ្យល់ក្នុងយន្ដហោះ នោះបន្ទះគំរបនៅខាងលើកៅអីរបស់អ្នកនឹងបើក ហើយទម្លាក់ម៉ាសអ៊ុកស៊ីស្សែនមក ។ បើរឿងនេះកើតឡើង សូមចាប់យកម៉ាសនោះមក ។ សូមដាក់ម៉ាស់គ្របលើច្រមុះ និងមាត់របស់អ្នក ។ សូមទាញខ្សែមកទាក់នឹងក្បាលរបស់អ្នក ហើយកែតម្រូវតាមចាំបាច់ ។ រួចហើយមានការព្រមាននេះថា ៖ « សូមប្រាកដថា កែសម្រួលម៉ាសរបស់អ្នកជាមុនសិន មុននឹងជួយដល់អ្នកដទៃ » ។
មតិអវិជ្ជមានអំពីព្យាការីយ៉ូសែប ស្ម៊ីធ នឹងបង្កើនឡើង នៅពេលយើងខិតទៅជិតនឹងការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។ ការពិតពាក់កណ្ដាល និងការបោកបញ្ឆោត នឹង មិនបន្ថយឡើយ ។ នឹងមានសមាជិកគ្រួសារ និងមិត្តភក្ដិជាច្រើន ដែលនឹងត្រូវការជំនួយពីអ្នក ។ ឥឡូវ គឺជាពេលដើម្បីកែសម្រួលម៉ាសអ៊ុកស៊ីស្សែនផ្ទាល់ខ្លួនរបស់អ្នក ដើម្បីអ្នកត្រៀមខ្លួនជួយដល់អ្នកដទៃដែលកំពុងស្វែងរកសេចក្ដីពិត ។21
ទីបន្ទាល់មួយអំពី ព្យាការីយ៉ូសែប ស្ម៊ីធ អាចជ្រៀតចូលមកក្នុងដួងចិត្តរបស់យើងម្នាក់ៗ ខុសគ្នា។ វាអាចកើតមក ពេលអ្នកលុតជង្គង់ចុះអធិស្ឋាន សុំព្រះឲ្យបញ្ជាក់ថា លោកគឺជាព្យាការីពិត ។ វាអាចកើតមក ពេលអ្នកអានដំណើររឿងនៃការនិមិត្តដំបូងរបស់ព្យាការី ។ ទីបន្ទាល់មួយ អាចនឹងដក់ជាប់ទៅលើព្រលឹងរបស់អ្នក ពេលអ្នកអានគម្ពីរមរមន ម្ដងហើយម្ដងទៀត ។ វាអាចកើតឡើង ពេលអ្នកថ្លែងទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកអំពីព្យាការី ឬនៅពេលអ្នកឈនៅក្នុងព្រះវិហារបរិសុទ្ធ ហើយដឹងថា តាមរយៈយ៉ូសែប ស្ម៊ីធ នោះអំណាចនៃការផ្សាភ្ជាប់ដ៏បរិសុទ្ធ ត្រូវបានស្ដារឡើងវិញលើផែនដី ។22 ជាមួយជំនឿ និងបំណងពិត នោះទីបន្ទាល់របស់អ្នកអំពីព្យាការីយ៉ូសែប ស្ម៊ីធ នឹងបានពង្រឹង ។ ការបាញ់ទឹកច្រើនពីកាំភ្លើងបាញ់ទឹក អាចនឹងធ្វើឲ្យអ្នកទទឹកខ្លួន ប៉ុន្តែវាពុំអាចពន្លត់ភ្លើងនៃសេចក្ដីជំនឿរបស់អ្នក ដែលកំពុងឆេះបានសោះឡើយ ។
ចំពោះ យុវវ័យដែលកំពុងស្ដាប់នៅថ្ងៃនេះ ឬការអានពាក្យទាំងឡាយនេះនៅថ្ងៃក្រោយ ខ្ញុំសូមឲ្យសំណូមពរជាក់លាក់មួយ ៖ សូមទទួលសាក្សីផ្ទាល់ខ្លួនអំពីព្យាការីយ៉ូសែប ស៊្មីធ ។ សូមឲ្យសំឡេងរបស់អ្នកជួយបំពេញពាក្យព្យាករណ៍របស់មរ៉ូណៃ ដើម្បីនិយាយល្អអំពីព្យាការី ។ នេះគឺជាគំនិតពីរ ៖ ទីមួយ រកខគម្ពីរក្នុងគម្ពីរមរមន ដែលអ្នកដឹង និងជឿថាពិតទាំងស្រុង ។ បន្ទាប់មកចែកចាយវាជាមួយគ្រួសារ និងមិត្តភក្ដិក្នុងរាត្រីជួបជុំក្រុមគ្រួសារ ថ្នាក់សិក្ខាសាលា និងថ្នាក់យុវជន និងថ្នាក់យុវនារីរបស់អ្នក ដោយទទួលស្គាល់ថា យ៉ូសែប គឺជាឧបករណ៍មួយនៅក្នុងព្រះហស្ថរបស់ព្រះ ។ បន្ទាប់មក សូមអានទីបន្ទាល់អំពីព្យាការីយ៉ូសែប ស្ម៊ីធ នៅគម្ពីរមុក្ដាដ៏មានតម្លៃមហិមា ឬនៅក្នុងកូនសៀវភៅនេះ ដែលឥឡូវមានជា 158 ភាសា ។ អ្នកអាចរកវាបាននៅលើអ៊ិនធើរណិត LDS.org ឬជាមួយអ្នកផ្សព្វផ្សាយសាសនា ។ នេះគឺជាទីបន្ទាល់ផ្ទាល់របស់យ៉ូសែប អំពីអ្វីដែលបានកើតឡើងពិតប្រាកដ ។ សូមអានវាឲ្យញឹកញាប់ ។ ចូរពិចារណាថតសំឡេងទីបន្ទាល់របស់យ៉ូសែប ស្ម៊ីធ ជាពាក្យសម្ដីអ្នកផ្ទាល់ ស្ដាប់វាឲ្យទៀងទាត់ រួចចែកចាយជាមួយមិត្តភក្ដិ ។ ការស្ដាប់ពាក្យសម្ដីរបស់ព្យាការីជាសំឡេងអ្នកផ្ទាល់ នឹងជួយអ្នកទទួលបានសាក្សីដែលអ្នកស្វែងរក ។
មានថ្ងៃដ៏អស្ចារ្យជាច្រើននៅខាងមុខ ។ ប្រធាន ថូម៉ាស អេស ម៉នសុន បានថ្លែងថា ៖ « បុព្វហេតុដ៏អស្ចារ្យនេះ ... នឹងបន្ដទៅមុខ ផ្លាស់ប្ដូរ និងប្រទានពរដល់ជីវិតមនុស្ស ។ ... គ្មានកម្លាំងណាក្នុងលោកិយទាំងមូលនេះ អាចបញ្ឈប់កិច្ចការរបស់ព្រះបានឡើយ ។ មិនថានឹងមានអ្វីកើតឡើងទេ បុព្វហេតុដ៏អស្ចារ្យនេះ នឹងបន្ដបោះជំហានទៅមុខ » ។23
ខ្ញុំសូមផ្ដល់ជាសាក្សីថា ព្រះយេស៊ូវ គឺជាព្រះគ្រីស្ទ ជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង ។ ទ្រង់បានជ្រើសរើសបុរសបរិសុទ្ធ បុរសសុចរិតម្នាក់ ដើម្បីដឹកនាំការស្ដារឡើងវិញនៃភាពពេញលេញនៃដំណឹងល្អរបស់ទ្រង់ ។ ទ្រង់បានជ្រើសរើសយ៉ូសែប ស្ម៊ីធ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា យ៉ូសែប ស៊្មីធ គឺជាបុរសស្មោះត្រង់ និងប្រកបដោយគុណធម៌ ជាសិស្សម្នាក់របស់ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។ ព្រះ ជាព្រះបិតា និងព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ បានបង្ហាញអង្គដល់លោក ។ លោកបានបកប្រែគម្ពីរមរមន ដោយអំណោយទាន និងព្រះចេស្ដានៃព្រះ ។
នៅក្នុងសង្គមយើង ហួសពីវាំងនននៃសេចក្ដីស្លាប់ យើងនឹងយល់យ៉ាងច្បាស់អំពីការហៅដ៏ពិសិដ្ឋ និងបេសកកម្មដ៏ទេវភាពនៃព្យាការី យ៉ូសែប ស៊្មីធ ។ ពេលនោះ នឹងមកដល់យ៉ាងឆាប់ បងប្អូន និងខ្ញុំ និង« មនុស្សរាប់លាននាក់ [ទៀត] នឹងស្គាល់ បងប្រុស យ៉ូសែប ម្ដងទៀត24 ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។