ជួយសង្គ្រោះដោយសាមគ្គីគ្នា
ដើម្បីជួយព្រះអង្គសង្គ្រោះ យើងត្រូវធ្វើការរួមគ្នាដោយសាមគ្គីភាព និង ភាពសុខដុម។ មនុស្សគ្រប់រូប គ្រប់មុខងារ និងការហៅជាកត្តាដ៏សំខាន់។
ជារឿយៗ យើងស្ដាប់ឮប្រធានថូម៉ាស អេស ម៉នសុន ថ្លែងថា «សូមឈោងទៅជួយសង្គ្រោះ»។1 ខ្ញុំបានគិតឃើញពីរឿងមួយក្នុងព្រះគម្ពីរសញ្ញាថ្មី។ វាជាការបង្ហាញមួយដ៏ល្អឥតខ្ចោះពីរបៀបដែលសមាជិក និងពួកអ្នកផ្សាយសាសនាអាចធ្វើការរួមគ្នាក្នុងសាមគ្គីភាពតាមរយៈក្រុមប្រឹក្សាវួដដើម្បីឈោងទៅ ហើយជួយសង្គ្រោះ។ រឿងនោះគឺនៅក្នុងម៉ាកុស 2:1–5។ ខ្ញុំរកឃើញថា បទពិសោធន៍ដែលព្រះយេស៊ូវបានប្រើដើម្បីបង្រៀនយើងពីគោលលទ្ធិ ឬគោលការណ៍ជាក់លាក់តែងមានការបំផុសគំនិត និងងាយយល់បំផុត ។
តួអង្គមួយក្នុងរឿងនេះគឺជាបុរសខ្វិនម្នាក់ ដែលត្រូវការជំនួយពេលធ្វើចលនា។ បុរសនេះ អាចនៅតែផ្ទះ រង់ចាំឲ្យគេមកជួយប៉ុណ្ណោះ។
ក្នុងជំនាន់យើង វាអាចមានរឿងបែបនេះ។ មានមនុស្សបួននាក់ បានបំពេញការចាត់តាំងមកពីប៊ីស្សព ឲ្យទៅសួរសុខទុក្ខផ្ទះបុរសនេះ ដែលឈឺស្វិតដៃជើងនោះ។ ខ្ញុំអាចស្រមៃឃើញថា ពួកគេ ម្នាក់មកពីសមាគមសង្គ្រោះ ម្នាក់មកពីកូរ៉ុមអែលឌើរ ម្នាក់ទៀតមកពីបព្វជិតភាពអើរ៉ុន ហើយនឹង អ្នកផ្សាយសាសនាពេញម៉ោង។ ក្នុងក្រុមប្រឹក្សាវួដថ្មីៗ បន្ទាប់ពីប្រឹក្សារួមគ្នាអំពីតម្រូវការក្នុងវួដហើយ នោះប៊ីស្សពបានចាត់ឲ្យមាន «ការជួយសង្គ្រោះ»។ អ្នកទាំងបួននេះត្រូវបានចាត់ឲ្យជួយបុរសម្នាក់នេះ ដែលមានជំងឺស្លាប់ដៃជើង។ ពួកគេមិនបានរងចាំឲ្យគាត់មកព្រះវិហារដោយខ្លួនឯងនោះទេ។ ពួកគេត្រូវទៅសួរសុខទុក្ខគាត់នៅផ្ទះ។ ពួកគេត្រូវទៅស្វែងរកគាត់ ហើយពួកគេបានចេញទៅ។ បុរសនោះត្រូវបាននាំទៅរកព្រះយេស៊ូវ។
«មាន ៤ នាក់សែងមនុស្សស្លាប់ដៃស្លាប់ជើងម្នាក់[មក]ឯទ្រង់» (ម៉ាកុស 2:3)។
ប៉ុន្តែបន្ទប់នោះមានមនុស្សយ៉ាងច្រើន។ ពួកគេមិនអាចចូលតាមមាត់ទ្វារបានឡើយ។ ខ្ញុំជឿថា ពួកគេបានព្យាយាមតាមគ្រប់របៀបដែលពួកគេ អាចគិតឃើញ ប៉ុន្តែពួកគេនៅតែមិនអាចចូលទៅបាន។ រឿងទាំងឡាយមិនកើតឡើងដូចអ្វីដែលគិតទុកនោះទេ។ នៅតាមផ្លូវនៃការ «ជួយសង្គ្រោះ» តែងមានឧបសគ្គជានិច្ច។ ប៉ុន្តែពួកគេមិនចុះចាញ់ឡើយ។ ពួកគេមិនបានទុកបុរសដែលមានជំងឺស្លាប់ដៃជើងចោលនៅក្បែរមាត់ទ្វារឡើយ។ ពួកគេបានប្រឹក្សារួមគ្នាពីអ្វីដែលត្រូវធ្វើបន្ទាប់ទៀត—ពីរបៀបដែលពួកគេអាចនាំបុរសនោះទៅឲ្យព្រះយេស៊ូវគ្រីស្ទព្យាបាល។ កិច្ចការដើម្បីជួយព្រះយេស៊ូវគ្រីស្ទក្នុងការជួយសង្គ្រោះដល់ព្រលឹង យ៉ាងហោចណាស់សម្រាប់ពួកគេ ពុំមែនជាការបង្ខិតបង្ខំឡើយ។ ពួកគេបានមានផែនការមួយ—ជាអ្វីមួយដ៏ពិបាក ប៉ុន្តែពួកគេបានធ្វើវា។
«តែពុំអាចនឹងចូលទៅជិតទ្រង់បានឡើយ ដោយព្រោះហ្វូងមនុស្ស បានជាគេបើកដំបូលផ្ទះត្រង់កន្លែងដែលទ្រង់គង់នៅ កាលទំលុះរួចហើយ នោះក៏សំរូតគ្រែដែលមនុស្សស្លាប់ដៃស្លាប់ជើងដេកនោះចុះទៅ» (ម៉ាកុស 2:4)។
ពួកគេបាននាំគាត់ឡើងទៅដំបូលផ្ទះ។ ឧបមាថា គ្មានកាំជណ្ដើរនៅខាងក្រៅ វាត្រូវចំណាយពេលយ៉ាងយូរដើម្បីឲ្យមនុស្សគ្រប់គ្នាអាចឡើងលើដំបូលនោះបាន។ ខ្ញុំគិតថា វាអាចកើតឡើងតាមរបៀបនេះឯង៖ យុវជនក្នុងវួដគាត់បានឡើងទៅដំបូលនោះមុនគេ។ កាលគាត់នៅក្មេង ហើយពេញកម្លាំង ការណ៍នោះមិនពិបាកទេសម្រាប់គាត់។ ដៃគូបង្រៀនតាមផ្ទះគាត់មកពីកូរ៉ុមនៃអែលឌើរ និងអ្នកផ្សាយសាសនាពេញម៉ោង ដែលមានមាឌខ្ពស់ ហើយមាំ បានខំជួយរុញពីក្រោម។ បងប្អូនស្រីក្នុងសមាគមសង្គ្រោះត្រូវរំឭកពួកគេឲ្យប្រុងប្រយ័ត្ន ហើយនិយាយលើកទឹកចិត្តពួកគេ។ រួចពួកបុរសទាំងនោះបានបើកដំបូល កាលបងប្អូនស្រីនោះបន្តលួងលោមចិត្តបុរសនោះ ពេលគាត់រង់ចាំដើម្បីទទួលការព្យាបាល—ដើម្បីអាចធ្វើចលនាដោយខ្លួនឯង ហើយមានសេរីភាព។
កិច្ចការជួយសង្គ្រោះនេះតម្រូវឲ្យមនុស្សគ្រប់រូបធ្វើការរួមគ្នា។ ក្នុងគ្រាដ៏សំខាន់នោះ វាត្រូវការការសហការគ្នាដើម្បីសំរូតបុរសនោះដោយប្រុងប្រយ័ត្នចុះពីលើដំបូល។ បួននាក់នោះត្រូវធ្វើការរួមគ្នា និងដោយភាពសុខដុម។ ពួកគេមិនត្រូវមានការទាស់ទែងគ្នាឡើយ។ ពួកគេត្រូវសំរូតបុរសនោះចុះដំណាលគ្នា។ បើនរណាម្នាក់សំរូតខ្សែនោះលឿនជាងបីនាក់ទៀត បុរសនោះនឹងត្រូវធ្លាក់ពីលើគ្រែមិនខានឡើយ។ គាត់មិនអាចទប់ខ្លួនឯងបានទេ ដោយសារស្ថានភាពទន់ខ្សោយរបស់គាត់។
ដើម្បីជួយព្រះអង្គសង្គ្រោះ យើងត្រូវធ្វើការរួមគ្នាដោយសាមគ្គីភាព និង ភាពសុខដុម។ មនុស្សគ្រប់រូប គ្រប់មុខងារ និងការហៅជាកត្តាដ៏សំខាន់។ យើងត្រូវតែសាមគ្គីគ្នាក្នុងព្រះអម្ចាស់របស់យើង ព្រះយេស៊ូវគ្រីស្ទ។
នៅទីបំផុត បុរសដែលមានជំងឺស្លាប់ដៃជើងនោះត្រូវបានដាក់នៅចំពោះព្រះយេស៊ូវ។ «ព្រះយេស៊ូវក៏ឃើញសេចក្ដីជំនឿរបស់អ្នកទាំងនោះ ហើយទ្រង់មានបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា កូនអើយ បាបរបស់ឯងបានអត់ទោសឲ្យឯងហើយ» (ម៉ាកុស 2:5)។ ព្រះយេស៊ូវបានបង្ហាញក្ដីមេត្តាដល់គាត់ ហើយបានព្យាបាលគាត់—ទាំងខាងរូបកាយ និង ខាងវិញ្ញាណ៖ «កូនអើយ បាបរបស់ឯងបានអត់ទោសឲ្យឯងហើយ»។ តើនោះមិនអស្ចារ្យទេឬអី ? តើយើងមិនចង់ឲ្យរឿងនោះកើតឡើងចំពោះយើងគ្រប់គ្នាដែរទេឬអី? ខ្ញុំពិតជាចង់។
តើយើងស្គាល់នរណាម្នាក់ដែលរងទុក្ខដោយជំងឺខាងវិញ្ញាណ ជាមនុស្សម្នាក់ដែលមិនអាចត្រឡប់មកសាសនាចក្រដោយខ្លួនឯងដែរឬទេ? គាត់អាចជាកូនចៅយើង ជាឪពុក ឬម្ដាយ ជាស្វាមី ភរិយា ឬមិត្តយើង។
ឥឡូវនេះដោយមានអ្នកផ្សាយសាសនាពេញម៉ោងជាច្រើនក្នុងសាសនាចក្រ ប៊ីស្សព និង ប្រធានសាខាគួរឈ្លាសវៃដើម្បីប្រើពួកគេនៅក្នុងក្រុមប្រឹក្សាវួដ និងសាខារបស់ខ្លួន។ ប៊ីស្សពអាចអញ្ជើញសមាជិកម្នាក់ៗក្នុងក្រុមប្រឹក្សាឲ្យកត់បញ្ជីឈ្មោះមនុស្សដែលអាចត្រូវការជំនួយ។ សមាជិកក្នុងក្រុមប្រឹក្សាវួដនឹងប្រឹក្សារួមគ្នាដោយប្រុងប្រយ័ត្នពីរបៀបដែលពួកគេអាចជួយបានល្អបំផុត។ ប៊ីស្សពនឹងស្ដាប់រាល់គំនិត ហើយធ្វើការចាត់តាំង។
ពួកអ្នកផ្សាយសាសនាពេញម៉ោងគឺជាធនធានដ៏ធំសម្រាប់វួដក្នុងការខិតខំជួយសង្គ្រោះទាំងនេះ។ ពួកគេនៅក្មេង ហើយពេញដោយកម្លាំង។ ពួកគេចង់បានបញ្ជីឈ្មោះមនុស្សជាក់លាក់ដើម្បីជួយ។ ពួកគេរីករាយធ្វើការរួមគ្នាជាមួយនឹងសមាជិកវួដ។ ពួកគេដឹងថា នេះជាឱកាសដ៏អស្ចារ្យសម្រាប់ពួកគេស្វែងរកសមាជិក។ ពួកគេមានការលះបង់ក្នុងការស្ថាបនានគរព្រះអម្ចាស់។ ពួកគេមានទីបន្ទាល់រឹងមាំថា ពួកគេនឹងក្លាយកាន់តែដូចជាព្រះគ្រីស្ទ ពេលពួកគេចូលរួមក្នុងកិច្ចការជួយសង្គ្រោះទាំងនេះ។
ជាទីបញ្ចប់ ខ្ញុំសូមចែកចាយរឿងដ៏មានតម្លៃមួយទៀតដែលបានលាក់ទុកក្នុងដំណើររឿងនៃព្រះគម្ពីរជាមួយនឹងបងប្អូន។ វាគឺនៅក្នុងខ ទី ៥៖ «ព្រះយេស៊ូវក៏ឃើញសេចក្ដីជំនឿរបស់អ្នកទាំងនោះ» (ការគូសបញ្ជាក់បានបន្ថេម)។ ពីមុន ខ្ញុំមិនបានកត់សម្គាល់ទេនៅពាក្យថា—សេចក្ដីជំនឿរបស់អ្នកទាំងនោះ។ សេចក្ដីជំនឿរួមគ្នារបស់យើងក៏នឹងជះឥទ្ធិពលដល់សុខុមាលភាពរបស់អ្នកដទៃដែរ។
តើនរណាទៅជាមនុស្សដែលព្រះយេស៊ូវបានលើកឡើង? ពួកគេជាអ្នកទាំងបួនដែលសែងបុរសដែលមានជំងឺស្លាប់ដៃជើងនោះ ជាបុរសនោះផ្ទាល់ ជាមនុស្សដែលបានអធិស្ឋានឲ្យគាត់ និងជនដែលនៅទីនោះស្ដាប់ការបង្រៀនរបស់ព្រះយេស៊ូវ ហើយអបអរដោយស្ងៀមស្ងាត់ក្នុងចិត្តពួកគេសម្រាប់អព្ភូតហេតុដែលនឹងកើតមានក្នុងពេលឆាប់ៗ។ ពួកគេក៏អាចជាស្វាមី ឬភរិយា ឪពុក ឬម្ដាយ កូនប្រុស ឬកូនស្រី អ្នកផ្សាយសាសនា ប្រធានកូរ៉ុម ប្រធានសមាគមសង្គ្រោះ ប៊ីស្សព និង មិត្តម្នាក់ដែលនៅឆ្ងាយផងដែរ។ យើងទាំងអស់គ្នាអាចជួយគ្នាទៅវិញទៅមក។ យើងគួរមានចិត្តចង់ចូលរួមក្នុងការស្វែងរកជួយសង្គ្រោះដល់ជនដែលខ្វះខាតជានិច្ច។
ខ្ញុំថ្លែងទីបន្ទាល់ថាព្រះយេស៊ូវគ្រីស្ទ គឺជាព្រះនៃអព្ភូតហេតុ។ ព្រះយេស៊ូវគ្រីស្ទស្រឡាញ់យើងគ្រប់គ្នា ហើយមានព្រះចេស្ដាដើម្បីសង្គ្រោះ និងព្យាបាល ទាំងខាងសាច់ឈាម និង ខាងវិញ្ញាណ។ ពេលយើងជួយទ្រង់ក្នុងបេសកកម្មរបស់ទ្រង់ដើម្បីជួយសង្គ្រោះដល់ព្រលឹង យើងក៏ត្រូវបានជួយសង្គ្រោះដែរ។ ខ្ញុំថ្លែងទីបន្ទាល់ដូច្នោះ ក្នុងព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ ជាព្រះយេស៊ូវគ្រីស្ទ អាម៉ែន។