ឆ្នាំ ២០១០-២០១៩
ការ​គាំទ្រ​ពួក​ព្យាការី
១០ 2014


ការ​គាំទ្រ​ពួក​ព្យាការី

ការ​គាំទ្រ​ពួកព្យាការី​របស់​យើង គឺ​ជា​ការ​តាំងចិត្ត​ផ្ទាល់ខ្លួន​មួយ ថា យើងនឹង​ធ្វើអស់ពីសមត្ថភាព ដើម្បី​លើក​តម្កើង​ដល់​អាទិភាព​ជា​ព្យាការី​របស់​ពួកលោក ។

ប្រធាន អាវរិង ពួក​យើង​សូម​អរគុណ​ចំពោះសារលិខិត និង​ការណែនាំ​ដ៏​បំផុស​គំនិត​របស់​លោក ។ បងប្អូន​ប្រុស​ស្រី​ជាទីស្រឡាញ់ យើង​សូម​អរគុណ​ចំពោះ​សេចក្ដី​ជំនឿ និង​ការលះបង់​របស់​បងប្អូន ។ ម្សិលមិញ យើង​ម្នាក់ៗ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​គាំទ្រ​ដល់​ ថូម៉ាស  អេស ម៉នសុន ជា​ព្យាការី​របស់​ព្រះអម្ចាស់ និង​ជា​ប្រធាន​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ ហើយ​ជា​ញឹកញាប់​យើង​ច្រៀង​បទ « យើង​សូមអរគុណ​ព្រះអង្គ​ចំពោះ​ព្យាការី » ។1 តើ​បងប្អូន និង​ខ្ញុំ ​ពិត​ជា​យល់​អំពី​អត្ថន័យ​វា​ឬ​ទេ ? សូម​គិត​ពី​ឯកសិទ្ធិ​ដែល​ព្រះអម្ចាស់ បាន​ប្រទាន​ដល់​យើង​ដើម្បី​គាំទ្រ​ដល់​ព្យាការី​របស់​ទ្រង់ ដែល​ពាក្យ​ទូន្មាន​របស់​លោក​បរិសុទ្ធ ស្អាតស្អំ និង​លើក​ទឹកចិត្ត​គ្រប់​គោលដៅ​ផ្ទាល់​ខ្លួន ហើយ​ពិត​ទាំង​ស្រុង!

តើ​យើង​ពិតជា​គាំទ្រ​ព្យាការី​ម្នាក់​តាម​របៀប​ណា ? ពីមុន​លោក​ក្លាយ​ជា​ប្រធាន​នៃ​សាសនាចក្រ ប្រធាន យ៉ូសែប  អែហ្វ ស្ម៊ីធ បាន​ពន្យល់​ថា ៖ « វាគឺ​ជា​កាតព្វកិច្ច​ដ៏​សំខាន់​មួយ​ចំពោះ​ពួក​បរិសុទ្ធ​ដែល ...  គាំទ្រ​អ្នក​មាន​សិទ្ធិអំណាច​នៃ​សាសនាចក្រ ដើម្បី​ធ្វើ​ដូច្នោះ ពុំ​ត្រឹម​តែ​ដោយការ​លើ​ដៃ​ឡើង ខាង​រាងកាយ​ទេ ប៉ុន្តែ​គាំទ្រ​ដោយ ទង្វើ ពិត » ។2

មែន​ហើយ ខ្ញុំ​នៅចាំ​យ៉ាង​ច្បាស់​ពី « ទង្វើ » ដ៏​ពិសេស​បំផុត ដើម្បី​គាំទ្រ​ព្យាការី ។ ក្នុង​នាម​ជា​វេជ្ជបណ្ឌិត និង​អ្នក​វះកាត់​ផ្នែក​បេះដូង ខ្ញុំ​មាន​ទំនួល​ខុសត្រូវ​ធ្វើការ​វះកាត់​--​បេះដូង​ឲ្យ​ប្រធាន ស្ពែនស៊ើរ  ដបុលយូ ឃឹមបឹល នៅ​ឆ្នាំ 1972 ពេល​លោក​ជា​ប្រធាន​ស្ដីទី​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ លោក​ត្រូវ​ធ្វើការ​វះកាត់​ដ៏លំបាក​បំផុត​មួយ ។ ប៉ុន្តែ ខ្ញុំ​គ្មាន​បទពិសោធន៍​ធ្វើ​ការ​វះកាត់​ឲ្យ​អ្នក​ជំងឺ​វ័យ 77 ឆ្នាំ ដែល​មាន​ជំងឺ​ខ្សោយ​បេះដូង​នោះទេ ។ ខ្ញុំ​ពុំ​ផ្ដល់​អានុសាសន៍​ឲ្យ​ធ្វើការ​វះកាត់​ទេ ដូច្នេះ​ក៏​ជូន​ដំណឹង​ដល់​ប្រធាន ឃឹមបឹល និង​គណៈប្រធានទី​មួយ ។ ប៉ុន្តែ​ដោយ​ក្ដី​ជំនឿ​ ប្រធាន ឃឹមបឹល បាន​ជ្រើសរើស​ធ្វើ​ការ​វះកាត់ ដោយ​សារ​តែ​វា​ត្រូវ​បាន​ឲ្យ​ដំបូន្មាន​ដោយ​គណៈប្រធាន​ទីមួយតែ​ប៉ុណ្ណោះ ។ នោះ​បង្ហាញ​ថា លោក​គាំទ្រ​ដល់​អ្នក​ដឹកនាំ​របស់​លោក ! ហើយ​ការ​សម្រេច​ចិត្តរបស់​លោក​ ធ្វើ​ឲ្យ​ខ្ញុំ​ភ័យញ័រ!

អរគុណ​ដល់​ព្រះអម្ចាស់ ដែល​ការ​វះកាត់​បាន​ទទួល​ជោគជ័យ ។ នៅពេល​បេះដូង​របស់​ប្រធាន​ឃឹមបឹល ​បាន​លោត​ចង្វាក់​ឡើងវិញ វា​ដើរ​ដោយ​មាន​ថាមពល​ដ៏​អស្ចារ្យ​! នៅ​គ្រានោះ ខ្ញុំ​មាន​សាក្សី​នៃ​ព្រះវិញ្ញាណ​យ៉ាង​ច្បាស់​ថា បុរស​នេះ នឹង​ក្លាយ​ជា​ប្រធាន​សាសនាចក្រ​នៅ​ថ្ងៃ​មួយ!3

បងប្អូន​ឃើញ​លទ្ធផល​ហើយ ។ គ្រាន់តែ 20 ខែ​ក្រោយមក ប្រធាន​ឃឹមបឹល បាន​ក្លាយ​ជា​ប្រធាន​សាសនាចក្រ ។ ហើយ​លោក​បាន​ផ្ដល់​នូវការ​ដឹកនាំ​ដោយ​មោះមុត និង​ក្លាហាន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។

ចាប់​តាំងពីពេល​នោះ​មក យើង​បាន​គាំទ្រ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន, ហាវើដ  ដបុលយូ ហឹនធើរ, ហ្គរដុន  ប៊ី ហ៊ិងគ្លី ហើយ​ឥឡូវ​ ថូម៉ាស  អេស ម៉នសុន ជា​ប្រធាន​នៃ​សាសនាចក្រ ។ ពួក​លោក​ជា​ព្យាការី​ពិត​មែន!

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់​ខ្ញុំ​អើយ បើ​ការ​ស្ដារឡើងវិញ ​បាន​ធ្វើនូវ​អ្វីៗ​គ្រប់​យ៉ាង នោះ​វា​បំបែក​ជំនឿ​តាំងយូរ​ដែល​ថា ព្រះ​បាន​ឈប់​មាន​បន្ទូល​មក​កាន់​កូនចៅ​របស់​ទ្រង់​ទៀតនោះ ។ គ្មាន​អ្វី​អាច​បន្ថែម​ហួស​ពី​សេចក្ដី​ពិត​នេះ​ទេ ។ ព្យាការី បាន​ដឹក​នាំ​សាសនាច​ក្រ​របស់​ព្រះ​នៅគ្រប់​គ្រា​កាន់កាប់ត្រួតត្រា ចាប់តាំង​ពី​លោក​អ័ដាម​រហូត​ដល់​បច្ចុប្បន្ន ។4 ពួក​ព្យាការី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ —អំពី​ទេវភាព​របស់​ទ្រង់ និង​អំពី​បេសកកម្ម​ និង​ការ​បម្រើ​របស់​ទ្រង់​នៅ​លើ​ផែនដី ។5 យើង​គោរព​ព្យាការី​យ៉ូសែប ស្ម៊ីធ ជា​ព្យាការី​នៃ​គ្រាកាន់កាប់ត្រួតត្រា​ចុង​ក្រោយ ។ ហើយ​យើង​គោរព​ដល់​បុរស​ម្នាក់ៗ ​ដែល​បាន​ស្នង​បន្ទាប់​ពីលោក​ធ្វើ​ជា​ប្រធាន​សាសនាចក្រ ។

នៅពេល​យើង​គាំទ្រ​ពួកព្យាការី និង​អ្នក​ដឹកនាំ​ដទៃ​ទៀត​6 នោះ​យើង​បួងសួង​សូម​ច្បាប់​នៃ​ការ​យល់ព្រម​ទូទៅ ត្បិត​ព្រះអម្ចាស់​មាន​បន្ទូល​ថា « ការណ៍​នេះ​មិន​បាន​អនុញ្ញាត​ដល់​អ្នក​ណា​មួយ ដើម្បី​ឲ្យ​ចេញ​ទៅ​ផ្សាយ​ដំណឹង​ល្អ​របស់​យើង ឬ​ដើម្បី​ឲ្យ​ស្ថាបនា​សាសនាចក្រ​របស់​យើង​ឡើង​ឡើយ លើកលែង​តែ​អ្នក​នោះ​បាន​តែងតាំង​ឡើង ដោយ​នរណា​ម្នាក់​ដែល​មាន​សិទ្ធិ​អំណាច ហើយ​ដែល​បាន​ស្គាល់​ដោយ​សាសនាចក្រ​ថា អ្នក​នោះ​មាន​សិទ្ធិ​អំណាច​ ហើយ​បាន​តែងតាំង​ដោយ​ត្រឹមត្រូវ​ដោយ​ពួក​អ្នក​ដឹកនាំ​នៃ​សាសនាចក្រ » ។7

ការណ៍​នេះ​ផ្ដល់​ដល់​យើង ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់ នូវ​ទំនុកចិត្ត និង​សេចក្ដីជំនឿ ពេល​យើង​ព្យាយាម​ដើម្បី​រក្សា​បញ្ញត្តិ​ខាង​បទគម្ពីរ ដើម្បី​គោរព​តាម​សំឡេង​របស់​ព្រះអម្ចាស់8 ពេល​វា​ចេញ​មកពី​សំឡេង​របស់​អ្នក​បម្រើ​ទ្រង់ ជា​ពួកព្យាការី ។9 អ្នក​ដឹកនាំ​ទាំងអស់​នៅ​ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ត្រូវ​បាន​ហៅ​ដោយ​សិទ្ធិ​អំណាច​ត្រឹមត្រូវ ។ ដ្បិត គ្មាន​ព្យាការី ឬ​អ្នក​ដឹកនាំ​ណា​ផ្សេង​ទៀត​ក្នុង​សាសនាចក្រ​នេះ ត្រូវ​បាន​ហៅ​ខ្លួន​ឯង​ដើម្បី​បម្រើ​ឡើយ ។ គ្មាន​ព្យាការី​ណា ធ្លាប់​ត្រូវ​បានរើស​ឡើយ ។ ព្រះអម្ចាស់ បាន​បង្ហាញ​យ៉ាង​ច្បាស់ ពេល​ទ្រង់​មាន​បន្ទូលថា « មិនមែន​អ្នក​រាល់​គ្នា​ដែល​បាន​រើស​ខ្ញុំ​ទេ គឺ​ខ្ញុំ​ទេតើ​ដែល​បាន​រើស​អ្នក​រាល់​គ្នា​វិញ ទាំង​តាំង​អ្នក​រាល់​គ្នា » ។10 បងប្អូន ហើយ​នឹង​ខ្ញុំ ពុំ « បោះ​ឆ្នោត » រើស​អ្នក​ដឹកនាំ​សាសនាចក្រ​ទេ ទោះ​នៅ​គ្រប់​កម្រិត​ណា​ក៏​ដោយ ។ តែ​យើង​មាន​ឯកសិទ្ធិ​គាំទ្រ​ពួកលោក ។

មាគ៌ា​របស់​ព្រះអម្ចាស់ គឺ​ខុស​ពី​ផ្លូវ​របស់​មនុស្ស ។ ផ្លូវ​របស់​មនុស្ស ដក​មនុស្ស​ចេញ​ពី​តំណែង ឬ​អាជីវកម្ម ពេល​ពួកគេ​ចាស់​ទៅ ឬ​​លែង​ធ្វើការ​បាន ។ ប៉ុន្តែ​ផ្លូវ​របស់​មនុស្ស គឺ​ពុំ​អាច ហើយ​នឹង​ពុំ​ដែល​ ដូចជា​មាគ៌ា​របស់​ព្រះអម្ចាស់​ឡើយ ។ ការ​គាំទ្រ​ព្យាការី​របស់​យើង គឺ​ជាការ​តាំង​ចិត្ត​ផ្ទាល់ខ្លួន​ថា​ យើង​នឹង​ខំធ្វើ​អស់​ពី​សមត្ថភាព​ដើម្បី​លើក​តម្កើង​អាទិភាព​ជា​ព្យាការី​របស់​ពួកលោក ។ ការគាំទ្រ​របស់​យើង គឺ​ជា​សញ្ញា ​ដូចជា​ការ​សន្យា​មួយ ដែល​យើង​ទទួល​ស្គាល់​ការ​ហៅ​របស់​ពួក​លោកជា​ព្យាការី ​ដើម្បីមាន​សុពលភាព និង​ភ្ជាប់​នឹង​ពួក​យើង ។

រយៈពេល​ម្ភៃ​ប្រាំ​មួយ​ឆ្នាំ ពីមុន​លោក​ក្លាយ​ជា​ប្រធាន​សាសនាចក្រ នោះ​អែលឌើរ ចច អាល់ប៊ើត​ ស្ម៊ីធ បាន​មាន​ប្រសាសន៍​ថា ៖ « កាតព្វកិច្ច​ដែល​យើង​ធ្វើ ពេល​យើង​លើក​ដៃ​យើង​ឡើង  គឺ​ជា​កិច្ច​ដ៏​ពិ​សិដ្ឋ​បំផុត​មួយ ។ វា ពុំ មាន​ន័យ​ថា យើង​នឹង​ទៅ​ដោយ​ស្ងាត់ៗ​តាម​ផ្លូវ​យើង ហើយ​ស្ម័គ្រចិត្ត​ថា ឲ្យ​ព្យាការី​របស់​ព្រះ​នឹង​ដឹកនាំ​កិច្ចការ​នេះតែ​ឯងទេ ប៉ុន្ដែ​វា​មាន​ន័យ​ថា … យើង​នឹង​ឈ​នៅ​ពី​ក្រោយ​លោក យើង​នឹង​អធិស្ឋាន​ឲ្យ​លោក យើង​នឹង​ការពារ​ឈ្មោះ​ល្អ​ឲ្យ​លោក ហើយ​យើង​នឹង​ព្យាយាម​អនុវត្ត​ការ​ណែនាំ​របស់​លោក ដូច​ព្រះអម្ចាស់​ដឹកនាំ » ។11

ព្រះអម្ចាស់​ដ៏​មាន​ព្រះជន្មរស់ ដឹកនាំ​សាសនាចក្រ​ដ៏​រស់រវើក​នេះ! 12 ព្រះអម្ចាស់​បើក​សម្ដែង​ព្រះទ័យ​ទ្រង់​ចំពោះ​សាសនាចក្រ ទៅ​ដល់​ព្យាការី​ទ្រង់ ។ ម្សិល​មិញ បន្ទាប់ពី​យើង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​គាំទ្រ​ថូម៉ាស  អេស ម៉នសុន ជា​ប្រធាន​សាសនាចក្រ នោះ​យើង​ក៏​មាន​ឯកសិទ្ធិ​ដើម្បី​គាំទ្រ​លោក និងទីប្រឹក្សា​ក្នុង​គណៈប្រធានទី​មួយ និង​សមាជិក​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ជា​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ​ផងដែរ ។ ចូរ​គិត​ទៅមើល! យើង​គាំទ្រ​បុរស 15 នាក់​ជា​ពួក​ព្យាការី​នៃ​ព្រះ ! ពួកលោក​កាន់​គ្រប់កូនសោ​បព្វជិតភាព ដែល​បាន​ប្រគល់​ដល់​បុរស​នៅ​គ្រា​កាន់កាប់​ត្រួតត្រា​នេះ ។

ការហៅ​បុរស 15 នាក់​​ជា​សាវក​ដ៏​បរិសុទ្ធ ផ្ដល់​នូវ​ការការពារ​ដ៏​អស្ចារ្យ​សម្រាប់​យើង ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ ។ ហេតុអ្វី ? ដោយ​សារ​ការ​សម្រេច​ចិត្ត​របស់​អ្នកដឹកនាំ​ទាំង​នេះ ច្បាស់​ជា​ធ្វើជា​រួម។13 តើ​អ្នក​អាច​នឹក​ដល់ទេ ថា​តើ​ព្រះវិញ្ញាណ​បាន​បំផុស​គំនិត​បុរស​ទាំង 15​ នាក់​នេះ ដើម្បី​មាន​គំនិត​រួម​មួយ​ដោយ​របៀប​ណា ? បុរស​ទាំង 15 នាក់​នេះ មាន​ប្រវត្តិការសិក្សា និង​វិជ្ជាជីវៈ​ផ្សេងៗ​គ្នា មាន​គំនិត​ផ្សេង​គ្នា​អំពី​រឿង​ជា​ច្រើន ។ សូម​ទុក​ចិត្ត​ចុះ ! បុរស​ទាំង 15 នាក់នេះ-- ជា​ពួកព្យាការី​ អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ -- ដឹង​ពី​ឆន្ទៈ​របស់​ព្រះអម្ចាស់ ពេល​ទទួល​បាន​គំនិត​រួម​នោះ ! ពួក​លោក តាំងចិត្ត​ដើម្បី​ឃើញ​ថា ត្រូវ​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះ​ដោយពិត ។ ការអធិស្ឋាន​របស់​ព្រះអម្ចាស់ ផ្ដល់​ជា​គំរូ​សម្រាប់​បុរស​ទាំង 15 នាក់​នេះ ពេល​ពួកលោក​អធិស្ឋាន​ថា ៖ « សូម​ឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ »14

សាវក​ដែល​ចាស់ទុំ​ជាងគេ​នៅ​ក្នុង​តំណែង​សាវក ធ្វើ​ជា​អធិបតី ។15 ប្រព័ន្ធ​នៃ​ភាព​ចាស់ទុំ​នោះ នឹង​ជា​ធម្មតា​នាំ​បុរស​ដែល​ចាស់ជាង​គេ ឲ្យ​កាន់​តំណែង​ជា​ប្រធាន​នៃ​សាសនាចក្រ ។16 វា​ផ្ដល់​ជា​ភាព​ចាស់ទុំ​​ខាង​បទពិសោធន៍ និង ជា​បន្ដ​បន្ទាប់ មាន​ការ​រៀបចំ​ដ៏​ទូលំទូលាយ ដូច​បាន​ដឹកនាំ​ដោយ​ព្រះអម្ចាស់ ។

សាសនាចក្រសព្វ​ថ្ងៃ ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ព្រះអម្ចាស់​ផ្ទាល់ ។ ទ្រង់​បាន​ដាក់​ប្រព័ន្ធ​គ្រប់គ្រង​ដ៏​អស្ចារ្យ​មួយ ដែល​ផ្ដល់​ជាដំណើរការ​ដដែលៗ ហើយ​មាន​អ្នក​ជំនួស ។​ ប្រព័ន្ធ​នោះ ផ្ដល់​សម្រាប់​ថ្នាក់​ដឹកនាំ​ជា​ព្យាការី ទោះ​ជា​ពេល​​មាន​ជំងឺ ឬ​អសមត្ថភាព​កើត​ឡើង​ព្រម​នឹង​អាយុកាល​ទៅ​មុខ​ក្ដី ។17 មាន​ការការពារ និង​តុល្យភាព​ជាច្រើន ដែល​គ្មាន​នរណា​ម្នាក់ អាច​ត្រូវ​បាន​ដឹកនាំ​ឲ្យ​វង្វេង​នោះ​ទេ ។ អ្នក​ដឹកនាំ​រៀមច្បង គឺ​ត្រូវ​បាន​បង្រៀន​ដោយ​ខ្ជាប់ខ្ជួន ដើម្បី​ថ្ងៃ​មួយ ពួក​លោក​​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​អង្គុយ​នៅ​ក្នុង​ក្រុមប្រឹក្សា​ជាន់ខ្ពស់​បំផុត ។ ពួកលោក​រៀន​អំពី​របៀប​ស្ដាប់​តាម​សំឡេង​នៃ​ព្រះអម្ចាស់ តាមរយៈ​ការ​ខ្សឹប​ប្រាប់​របស់​ព្រះវិញ្ញាណ ។

ខណៈ​កំពុង​បម្រើ​ជា​ទីប្រឹក្សា​ទីមួយ ដល់ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ដែល​​​ហៀប​នឹង​ផុត​ជីវិត​រមែង​ស្លាប់ នោះ​​ប្រធាន​ ហ៊ីងគ្លី ​បាន​ពន្យល់​ថា ៖

« គោលការណ៍ និង​ទម្រង់ការ​ទាំងឡាយ ដែល​ព្រះអម្ចាស់​បាន​ដាក់​សម្រាប់​គ្រប់គ្រង​សាសនាចក្រ​ទ្រង់ ផ្ដល់​ជា​ការ​បម្រុង​ទុកគ្រប់…  កាលៈទេសៈ ។ វា​សំខាន់…  ដែល​គ្មាន​ការ​សង្ស័យ ឬ​កង្វល់​ណា​មួយ អំពី​ការ​គ្រប់គ្រង​សាសនាចក្រ និង​ការ​អនុវត្ត​នៃ​អំណោយទាន​ជា​ព្យាការី រួម​ទាំង​សិទ្ធិ​ដើម្បី​បំផុស​គំនិត និង​ការ​បង្ហាញ​អំពី​ការគ្រប់គ្រង​កិច្ចការ ​និង​កម្មវិធី​នានា​របស់​សាសនាចក្រ ពេល​ប្រធាន​អាចនឹង​​ត្រូវ​ឈឺ ឬ​ពុំ​អាច​ធ្វើ​កិច្ចការ​បាន​ពេញលេញ ។

« គណៈ​ប្រធាន​ទី​មួយ និង​ក្រុមប្រឹក្សានៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ហៅ និង​តែងតាំង​ឲ្យ​កាន់​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព មាន​សិទ្ធិ​អំណាច និង​ការទទួលខុសត្រូវ​ដើម្បី​គ្រប់គ្រង​សាសនាចក្រ ដើម្បី​បម្រើ​ពិធីបរិសុទ្ធ ដើម្បី​ពន្យល់​គោលលទ្ធិ និង​ដើម្បី​ស្ថាបនា និង​ថែរក្សា​ការ​អនុវត្ត​នានា » ។

ប្រធាន​ ហ៊ីងគ្លី បាន​បន្ដ​ថា ៖

« នៅពេល​ប្រធាន​ឈឺ ឬ​ពុំ​អាច​ធ្វើការ​បាន​ពេញលេញ​ក្នុង​គ្រប់​កាតព្វកិច្ច​នៃ​តំណែង​របស់​លោក នោះ​ទីប្រឹក្សា​ទាំង​ពីរ​នាក់ រួមគ្នា​ជា​កូរ៉ុម​នៃ​គណៈប្រធាន​ទីមួយ ។ ពួកលោក​បន្ដ​ធ្វើកិច្ចការ​នៃ​គណៈប្រធាន​​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ  …

«… ប៉ុន្តែ​បើមាន​សំណួរ​ចម្បង​ណា​មួយ​អំពី​គោលនយោបាយ ទម្រង់ការ កម្មវិធី ឬ​គោលលទ្ធិ​ គឺ​ត្រូវ​ពិចាណា​ដោយ​ប្រុងប្រយ័ត្ន និង​ប្រកប​ដោយការ​អធិស្ឋាន ដោយគណៈប្រធាន​ទីមួយ និង​ពួក​ដប់ពីរ​នាក់​រួមគ្នា » ។18

ឆ្នាំមុន ពេល​ប្រធាន ម៉នសុន បាន​ឈាន​ដល់រយៈពេល​ប្រាំឆ្នាំ នៃ​ការ​បម្រើ​ជា​ប្រធាន​សាសនាចក្រ នោះ​លោក​បាន​គិត​ពី​ការបម្រើ​ជា​សាវក​រយៈពេល 50 ឆ្នាំ​របស់​លោក ហើយ​បាន​ថ្លែង​ដូច​នេះ​ថា ៖ « វ័យ​ចេះ​តែចាស់ទៅៗ​សម្រាប់​យើង ។​ ទោះ​ជា​យ៉ាង​ណា យើង​ចូលរួម​បន្លឺ​សំឡេង​ជាមួយ​ស្ដេច​បេនយ៉ាមីន ដែល​មាន​បន្ទូល​ថា …  « យើង​ក៏​ដូចជា​អ្នក​រាល់គ្នា​ដែរ ដែល​មានភាព​ទន់ខ្សោយ​គ្រប់​បែប​យ៉ាង​ខាង​រូបកាយ និង​ខាង​គំនិត ក៏​ប៉ុន្តែ​យើង​ត្រូវ​បាន​រើស …  ហើយ​បាន​តាំងឡើង​ដោយ​បិតា​យើង …  ហើយ​ត្រូវ​បាន​ថែរក្សា​ឲ្យ​គង់វង្ស​ដោយ​ព្រះចេស្ដា​ដ៏​ឥត​ប្រៀប​ផ្ទឹម​បាន​របស់​ទ្រង់ ដើម្បី​បម្រើ​អ្នក​ឲ្យ​អស់ពី​សមត្ថភាព អស់ពីគំនិត និង​អស់​ពី​កម្លាំង ដែល​ព្រះអម្ចាស់​ទ្រង់​បាន​ប្រទាន​មក​ឲ្យ​ខ្ញុំ (ម៉ូសាយ 2:11) » ។

ប្រធាន​​ម៉នសុន បាន​បន្ដ​ថា ៖ « ដោយ​មិនគិត​ពីឧបសគ្គ​ខាង​សុខភាព​ដែល​មាន​មក​ដល់​ពួក​យើង ដោយ​មិនគិត​ពី​ភាព​ទន់ខ្សោយ​ខាង​រូបកាយ ឬ​គំនិត នោះ​យើង​បម្រើ​ឲ្យ​អស់ពី​សមត្ថភាព​របស់​យើង ។ ខ្ញុំ​សូម​អះអាង​បងប្អូនថា សាសនាចក្រ​គឺ​ស្ថិត​នៅក្នុង​ការ​មើល​ថែយ៉ាង​ល្អ ។ ប្រព័ន្ធ​ដែល​បង្កើត​ឡើង​សម្រាប់​ក្រុមប្រឹក្សា​នៃ​គណៈប្រធានទីមួយ និង​កូរ៉ូម​នៃ​ [ពួក​សាវក] ដប់ពីរ​នាក់ អះអាង​ដល់​ [ យើង ] ថា វា​នឹង​ស្ថិត​នៅក្នុងការ​មើល​ថែ​យ៉ាង​ល្អ​ជានិច្ច មិនថា​អ្វី​កើត​ឡើង​ទេ យើង​ពុំ​ចាំបាច់​ព្រួយ​បារម្ភ ឬ​ខ្លាច​ឡើយ ។ ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​យើង​ដើរតាម ដែល​យើង​ថ្វាយបង្គំ ហើយ​ដែល​យើង​បម្រើ គឺ​កំពុង​ដឹកនាំ​សាសនាចក្រ​ទ្រង់ » ។19

ប្រធាន ម៉នសុន យើង​សូម​អរគុណ​ចំពោះ​ការ​ពិត​ទាំង​នោះ​ណាស់​! ហើយ​យើង​អរគុណ​លោក​ចំពោះ​ភាពជា​គំរូ និង​ការ​បម្រើ​ដ៏​លះបង់​ពេញ​មួយ​ជីវិត​របស់​លោកប្រធាន ។ ខ្ញុំ​សូម​និយាយ​ជួស​សមាជិក​នៃ​សាសនាចក្រ​ទូទាំង​ពិភពលោក​ ដោយ​ការ​សម្ដែង​​ការដឹងគុណ​​អស់​ពី​ចិត្ត​ និង​ជារួម​​របស់​យើង​ចំពោះ​លោក​ប្រធាន ។ ពួកយើង​គោរព​លោក​ប្រធាន ! ពួកយើង​​ស្រឡាញ់​លោក​ប្រធាន​ណាស់ ! ពួកយើង​គាំទ្រ​លោកប្រធាន ពុំគ្រាន់​តែ​ដោយការ​លើក​ដៃ​ទេ ប៉ុន្តែ​ដោយ​អស់​ពី​ដួងចិត្ត និង​កិច្ចខិតខំ​ដែល​បាន​​ញែកចេញ​របស់​យើង ។ « យើង​សូម​អធិស្ឋាន​ដោយ​រាបសារ និង​អស់​ពី​ចិត្ត​ឲ្យ​​​លោក ឱ ព្យាការី​ជា​ទីស្រឡាញ់​យើង​អើយ! » 20 ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាមែន ។

កំណត់​​ចំណាំ

  1. « យើង​សូម​អរគុណ​ព្រះអង្គ​ចំពោះ​ព្យាការី »Hymns, no. 19.។

  2. Teachings of Presidents of the Church: Joseph  F.Smith (ឆ្នាំ 1998) ទំព័រ 211 ការ​គូសបញ្ជាក់​នៅ​ក្នុង​ច្បាប់ដើម។ សេចក្ដី​ថ្លែង​នេះ គឺ​ធ្វើ​ឡើង​នៅ​ឆ្នាំ 1898 ពេល​ប្រធាន​ស្ម៊ីធ ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ ។

  3. សម្រាប់​ព័ត៌មានលម្អិត​បន្ថែម សូមមើល Spencer J. Condie, Russell M. Nelson: Father—Surgeon—Apostle ( ឆ្នាំ 2003), 153–56 ។

  4. សូមមើល Bible Dictionary «Dispensations» ។

  5. ព្យាការី​មួយ​ចំនួន​បាន​ព្យាករ​ពី​ការយាង​មក​របស់​ព្រះអម្ចាស់ រួមមាន លីហៃ (សូមមើល នីហ្វៃទី 1 1:19), នីហ្វៃ (សូមមើល នីហ្វៃទី 1 11:31--33; 19:7–8),យ៉ាកុប (សូមមើល យ៉ាកុប 4:4–6), បេនយ៉ាមីន (សូមមើល ម៉ូសាយ 3:5–11, 15),អ័រប៊ីណាដៃ (សូមមើល ម៉ូសាយ 15:1–9), អាលម៉ា (សូមមើល អាលម៉ា 40:2), និង សាំយូអែល សាសន៍​លេមិន (សូមមើល ហេលេមិន 14:12)។ មុន​ពេល​ព្រះអង្គ​សង្គ្រោះ​ប្រសូត​នៅ​បេថ្លេហិម ពួក​លោក​បាន​ព្យាករណ៍​ពី​ការបូជា​ដ៏​ធួន​របស់​ទ្រង់ និង ដំណើរ​រស់​ឡើង​វិញ​ពេល​ក្រោយ​របស់​ទ្រង់ ។

  6. គោលការណ៍​នៃ​ការគាំទ្រ​ថ្នាក់​ដឹកនាំ​គឺ​ជា​គោលការណ៍​គ្រឹះ​ទូទាំង​សាសនាចក្រ​របស់​ទ្រង់ ។ បុគ្គល​ម្នាក់​ត្រូវ​បាន​គាំទ្រ​ពីមុន​ត្រូវ​បាន​ញែកចេញ​សម្រាប់​ការបម្រើ ឬ ត្រូវ​បាន​តែងតាំង​សម្រាប់​តំណែង​មួយ​នៅ​ក្នុង​បព្វជិតភាព ។

  7. គោលលទ្ធិ និង​សេចក្ដី​សញ្ញា 42:11។ ការ​អនុវត្ត​នៃការគាំទ្រ​អ្នកដឹកនាំ​យើង ត្រូវ​បាន​ធ្វើ​នៅ​ថ្ងៃ​ទី 6 ខែ​មេសា ឆ្នាំ1830 ពេល​សាសនាចក្រ​ត្រូវ​បាន​រៀបចំ​ឡើង ហើយ​នៅ​ខែ​មិនា ឆ្នាំ 1836 ពេល​សមាជិក​នៃ​គណៈប្រធាន​ទីមួយ និង​កូរ៉ូម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ត្រូវ​បាន​គាំទ្រ​ជា​ព្យាការី​ អ្នក​មើលឆុត និង​អ្នកទទួលវិវរណៈ ( សូមមើល History of the Church, 1:74--77) ។

  8. ព្រះគម្បីរមរមន ព្រមាន​ពីគ្រោះថ្នាក់ បើ​យើង​ពុំ​គោរព​តាម​ការ​បង្រៀន​របស់ព្យាការី ។ យើង​អាន​ថា « អគារ​ដ៏​ធំ និង​ទូលាយ គឺ​ជា​សេចក្ដីឆ្មើង​ឆ្មៃ​នៃ​មនុស្ស​លោក ហើយ​អគារ​នោះ​រលំ ឯការ​រលំ​របស់​វា​ធំធ្ងន់ធ្ងរ​ណាំស់ ។ ហើយ​ទេវតា​នៃ​ព្រះអម្ចាស់​មាន​បន្ទូល​ថាមកថា …៖ សេចក្ដី​បំផ្លិច​បំផ្លាញ​នៃ​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់ភាសា ហើយ​គ្រប់​ទាំង​ប្រជាជន ដែល​នឹង​ច្បាំ​នឹង​ពួកសាវក​ដប់ពីរ​នាក់ នៃ​កូនចៀម នឹង​កើត​ទៅ​យ៉ាង​ដូច្នោះ » (នីហ្វៃទី 1 11:36)។

  9. សូមមើល ដានីយ៉ែល 9:10; អាម៉ុស 3:7; គោលលទ្ធិ និង​សេចក្ដីសញ្ញា 21:1, 4–5; 124:45–46

  10. យ៉ូហាន 15:16មាត្រា​នៃ​សេចក្ដីជំនឿ​ទីប្រាំ បាន​បញ្ជាក់ថា ៖ យើង​ខ្ញុំ​ជឿ​ថា មនុស្ស​ត្រូវ​តែ​បាន​ហៅ​ពី​ព្រះ ដោយ​ការព្យាករណ៍ និង ដោយ​ការ​ដាក់​ដៃ​លើ ដោយ​អស់​អ្នក​ណា​ដែល​មាន​សិទ្ធិ​អំណាច ដើម្បី​នឹង​ផ្សាយ​ដំណឹង​ល្អ ហើយ​ប្រព្រឹត្ត​ពិធីការ​ទាំងឡាយ​នៃ​ដំណឹង​ល្អ ។

  11. Teachings of Presidents of the Church: George Albert Smith (ឆ្នាំ 2011) ទំព័រ 64 ការ​គូសបញ្ជាក់​នៅ​ក្នុង​ច្បាប់ដើម។ ពាក្យ​ដក​ស្រង់​នេះ ចេញមកពី​សុន្ទរកថា​សន្និសីទ​មួយ ដោយ​អែលឌើរ ចច អាល់ប៊ើត ស្ម៊ីធ ​ក្នុង​ឆ្នាំ 1919 ។ លោក​បាន​ក្លាយ​ជា​ប្រធាន​សាសនាចក្រ​នៅ​ឆ្នាំ 1945 ។

  12. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា 122:38

  13. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា 107:27

  14. នីហ្វៃទី 3 13:10; សូមមើល​ផងដែរ ម៉ាថាយ 6:10 លូកា 11:2

  15. នៅពេល​ប្រធាន​សាសនាចក្រ​ស្លាប់ គណៈប្រធាន​ទីមួយ​ត្រូវ​បាន​រំលាយ ហើយ​ទីប្រឹក្សា​ទៅ​កាន់​កន្លែង​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ។ កូរ៉ូម​នៃ​ពួកសាវក​ដប់ពីរនាក់ ធ្វើជា​អធិបតីលើ​សាសនាចក្រ រហូត​ដល់​គណៈប្រធាន​ទីមួយ ត្រូវ​បាន​រៀបចំឡើងជា​ថ្មី ។ ក្នុង​រយៈពេល​នោះ គឺ​ត្រូវ​បាន​ហៅ​ថា​ជា​ចម្លោះ​ពេល​នៃ​សាវក​ម្នាក់ ។ ជា​ប្រវត្តិសាស្ត្រ ចន្លោះ​ពេល​នោះ មាន​រយៈពេល​ផ្សេងៗ​គ្នា ចាប់ពីបួន​ថ្ងៃ ទៅ​បីរ ឬ​កន្លះឆ្នាំ ។

  16. ប្រាកដណាស់ គំរូ​នៃ​ការ​ស្នង​តំណែង​នោះ ពុំ​អនុវត្ត​ចំពោះ​ការ​ហៅ​របស់​យ៉ូសែប ស្ម៊ីធ​ ដែល​ត្រូវ​បាន​តែងតាំងជាមុន ដើម្បី​ធ្វើ​ជា​ព្យាការី​នៃ​ការ​ស្ដារឡើងវិញ និង​ជា​ប្រធានទីមួយ​នៃ​សាសនាចក្រ​នោះ​ទេ ( សូមមើល នីហ្វៃទី 2 3:6–22; សូមមើល​ផងដែរ អរប្រាហាំ 3:22–23) ។

  17. យើង​ដឹង​ថា ព្រះអម្ចាស់​ផ្ទាល់ អាច​ហៅ​ពួក​យើង​ណាម្នាក់​ត្រឡប់ទៅ​ផ្ទះវិញ​ពេល​ណា​ក៏​បាន ដែល​ទ្រង់ជ្រើសរើស ។

  18. ហ្គរដិន ប៊ី. ហ៊ីងគ្លី « God Is at the Helm, » Ensign, ខែ​ឧសភា ឆ្នាំ 1994, 54; សូមមើល​ផងដែរ ហ្គរដិន  ប៊ី. ហ៊ីងគ្លី «He Slumbers Not, nor Sleeps,» Ensign, ខែ​ឧសភា ឆ្នាំ 1983, 6។

  19. «សារលិខិត​នៃការ​បំផុស​គំនិត​ពី​ប្រធានថូម៉ាស  អេស ម៉នសុន Church News ថ្ងៃ​ទី  3 ខែ ធ្នូ ឆ្នាំ 2013 ទំព័រ 9 ។

  20. « We Ever Pray for Thee, » Hymns, no. 23។