ឆ្នាំ ២០១០-២០១៩
តើ​ឈប់​មាន​ថ្ងៃ​នៃ​អព្ភូតហេតុ​ហើយ​ឬ ?
ខែ តុលា ២០១៧


2:3

តើ​ឈប់​មាន​ថ្ងៃ​នៃ​អព្ភូតហេតុ​ហើយ​ឬ ?

ការផ្តោត​សំខាន់​បំផុត​របស់​យើង​គួរតែ​ផ្តោត​ទៅ​លើ​អព្ភូតហេតុ​ខាង​វិញ្ញាណ ដែល​មាន​សម្រាប់​កូនចៅ​ទាំងអស់​របស់​ព្រះ ។

ឆ្នាំ​មុន ខ្ញុំ​ត្រូវបាន​ចាត់តាំង​ឲ្យ​ទៅ​រដ្ឋ​កាលីហ្វូញ៉ា ជាមួយ​ប្រធាន​ស្តេក​ដើម្បី​សួរសុខទុក្ខ ក្លាក និង ហូលី ហ្វេល និង​គ្រួសារ​នៅ​ផ្ទះ​របស់​ពួកគេ ។ ពួកគេ​ប្រាប់​ខ្ញុំ​ថា ពួកគេ​ទើបតែ​ជួប​អព្ភូតហេតុ​មួយ ។ ពេល​យើង​ទៅដល់ ក្លាក​មាន​ការលំបាក​ក្នុង​ការក្រោក​ឈរ​ស្វាគមន៍​ពួកយើង ដោយសារ​គាត់​ពាក់​រណប​អប​ឆ្អឹង​នៅ​ខ្នង ក និង​ដៃ​របស់​គាត់ ។

កាល​ពី​ពីរ​ខែ​មុន ក្លាក កូនប្រុស​របស់​គាត់ ធី និង​ពួកយុវជន​ប្រមាណ​ជា ៣០ នាក់ ព្រមទាំង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត បាន​ចេញ​ដំណើរ​ទៅ​សកម្មភាព​ស្តេក​ដោយ​ឡើង​ភ្នំ​កម្ពស់ ៤៣២២ ម៉ែត្រ​នៅ​កំពូល​ភ្នំ ស្សាស្តា ជា​កំពូល​ដ៏​ខ្ពស់​បំផុត​នៅ​រដ្ឋ​កាលីហ្វូញ៉ា ។ នៅ​ថ្ងៃ​ទី​ពីរ​នៃ​ការឡើង​ភ្នំ​ដ៏​លំបាក​នោះ អ្នក​ឡើង​ភ្នំ​ភាគច្រើន​បាន​ឡើង​ដល់​កំពូល—ជា​សមិទ្ធិផល​មួយ​ដ៏​រំភើប​រីករាយ​ដែល​អាច​ធ្វើ​បាន ដោយសារ​បាន​រៀបចំ​ខ្លួន​អស់​ជា​ច្រើន​ខែ ។

មនុស្ស​ដំបូង​ដែល​ឡើង​ទៅ​ដល់​កំពូល​នៅ​ថ្ងៃ​នោះ​គឺ​ក្លាក ។ បន្ទាប់​ពី​បាន​សម្រាក​បន្តិច​នៅ​គែម​កំពូល​ភ្នំ​នោះ គាត់​បាន​ក្រោក​ឈរ ហើយ​ចាប់ផ្តើម​ដើរ ។ ពេល​គាត់​ដើរ គាត់​បាន​ជំពប់​ជើង ហើយ​ដួល​ផ្ងារ​ក្រោយ​ទៅលើ​គែម​ចំណោត​ភ្នំ​នោះ បណ្តាល​ឲ្យ​គាត់​ធ្លាក់​ចុះ​ទៅ​ក្រោម​ប្រហែល ១២ ម៉ែត្រ ហើយ​បន្ទាប់​មក​បន្ត​ធ្លាក់​ចុះ​ទៅក្នុង​ចំណោត​ភ្នំ​ដ៏​ត្រជាក់​នោះ​ជម្រៅ ៩១ ម៉ែត្រ​ទៀត ។ គួរ​ឲ្យ​អស្ចារ្យ​ណាស់ ក្លាក​នៅ​រស់រាន​មាន​ជីវិត ប៉ុន្តែ​គាត់​មាន​របួស​ជា​ទម្ងន់ ហើយ​ពុំ​អាច​កម្រើក​ខ្លួន​បាន​ឡើយ ។

អព្ហូហេតុ​នានា​ដែល​ក្លាក​បាន​ជួប​អំឡុង​ពេល​គ្រោះថ្នាក់​នេះ​គឺ​គ្រាន់តែ​ជា​ការចាប់ផ្តើម​ប៉ុណ្ណោះ ។ មនុស្ស​មួយ​ចំនួន​ដំបូង​ដែល​ទៅ​ជួយ « អន្តរាគមន៍ » គាត់ គឺ​ជា​ក្រុម​អ្នក​ឡើង​ភ្នំ​ដែល​រួមមាន មគ្គុទ្ទេសក៍​សង្គ្រោះ​នៅ​ភ្នំ និង​ពេទ្យ​សង្គ្រោះ​បន្ទាន់​ដែល​មាន​វិជ្ជាជីវៈ ។ ពួកគេ​រួសរាន់​ព្យាបាល​ក្លាក​ឲ្យ​ផុត​ពី ការស្ហុក ហើយ​រុំ​ខ្លួន​គាត់​ដើម្បី​ឲ្យ​គាត់​មាន​ភាព​កក់​ក្តៅ ។ ក្រុម​នេះ​ក៏​បាន​ធ្វើ « អន្តរាគមន៍ » ក្នុងការ​ធ្វើ​តេស្ត​ឧបករណ៍​ទំនាក់ទំនង​ថ្មី​មួយ ហើយ​បញ្ជូន​សំណើ​សុំ​ជំនួយ​ពី​តំបន់​នោះ​ជា​តំបន់​ដែល​ទូរសព្ទ​ដៃ​គ្មាន​សេវា ។ ភ្លាម​នោះ​ឧទ្ធម្ភាគចក្រ​តូច​មួយ​ត្រូវបាន​បញ្ជូន​ទៅ​កាន់​ភ្នំ ស្សាស្តា ដោយ​ចំណាយ​ពេល​មួយ​ម៉ោង ។ បន្ទាប់​ពី​ព្យាយាម​ចុះ​ចត​លើ​ទួល​ពីរ​ដង​ប្រកប​ដោយ​គ្រោះថ្នាក់ និង​ពុំ​បាន​ជោគជ័យ​ដែល​វា​ហួស​ពី​ដែន​កំណត់​របស់​ឧទ្ធម្ភាគចក្រ និង​ការពុះពារ​នឹង​ស្ថានភាព​ខ្យល់​បក់​ដ៏​គ្រោះ​ថ្នាក់​មក អាកាសយាន្តនិក​បាន​ចាប់ផ្តើម​ព្យាយាម​ចុះ​ចត​ជា​លើក​ទីបី និង​ជា​លើក​ចុង​ក្រោយ​ផងដែរ ។ ពេល​ឧទ្ធម្ភាគចក្រ​បាន​ចុះ​ចត​នៅ​ចំណុច​មួយ​ផ្សេង​ទៀត ខ្យល់​បាន​ប្រែជា « ស្ងប់ស្ងាត់ » ហើយ​ឧទ្ធម្ភាគចក្រ​ចុះ​ចត​បាន​ល្មម​នឹង​ឲ្យ​ក្រុម​នោះ​រួសរាន់ និង​ប្រជ្រៀត​គ្នា​យ៉ាង​លំបាក​លើក​ក្លាក​ដាក់​ក្នុង​កន្លែង​តូច​មួយ​នៅ​ពី​ក្រោយ​កៅអី​របស់​អាកាសយាន្តនិក ។

ពេល​ក្លាក​ត្រូវបាន​វាយ​តម្លៃ​នៅ​មជ្ឈមណ្ឌល​វះកាត់ នោះ​លទ្ធផល​ពិនិត្យ​ជាច្រើន​បាន​បង្ហាញ​ថា គាត់​ទទួល​រង​ការបាក់​ឆ្អឹង​ច្រើន​កន្លែង​នៅ-ក ខ្នង ឆ្អឹង​ជំនីរ និង​ក-ដៃ​របស់​គាត់ មាន​ខ្យល់​ចូល​ស្រោម​សួត និង​មាន​ការដាច់ និង​រលាត់​ជា​ច្រើន​កន្លែង​ទៀត ។ « ចៃដន្យ​ណាស់ » វេជ្ជបណ្ឌិត​វះកាត់​ផ្នែក​របួស​សសៃ​ប្រាសាទ​ដ៏​ល្បីល្បាញ​ម្នាក់​យាម​នៅ​ថ្ងៃ​នោះ គាត់​នៅ​មន្ទីរពេទ្យ​នេះ​តែ​ពីរបី​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ។ ក្រោយ​មក​វេជ្ជបណ្ឌិត​រូប​នេះ​បាន​ថ្លែង​ថា គាត់​ពុំ​ធ្លាប់​ឃើញ​នរណា​ម្នាក់​ទទួល​រង​របួស​លើ​សសៃ​ប្រសាទ​ឆ្អឹង​ខ្នង និង​សសៃ​អាទែ​ការ៉ូទីត​ខ្លាំង​បែប​នេះ ហើយ​នៅ​រស់​នោះ​ទេ ។ ក្លាក​ពុំ​ត្រូវបាន​រំពឹង​ថា​នៅរស់​ឡើយ ប៉ុន្តែ​គាត់​បាន​ប្រែ​ជា​ជា​សះស្បើយ​វិញ ។ វេជ្ជបណ្ឌិត​វះ​កាត់​រូប​នោះ រៀបរាប់​ពី​ខ្លួន​គាត់​ថា​ជា​អ្នក​បដិសេធ​ព្រះ គាត់​បាន​មាន​ប្រសាសន៍​ថា ករណី​របស់​ក្លាក​នេះ​បាន​ផ្ទុយ​ពី​ការចេះ​ដឹង​ខាង​ផ្នែក​វិទ្យាសាស្ត្រ​របស់​គាត់​អំពី​របួស​លើ​សសៃ​ប្រសាទ ហើយ​អាច​ត្រឹមតែ​ពិពណ៌នា​ថា វា​ជា​អព្ភូតហេតុ​ប៉ុណ្ណោះ ។

នៅពេល​ក្លាក និង​ហូលី​បាន​បញ្ចប់​ការប្រាប់​ដំណើរ​រឿង​ដ៏​តាន​តឹង​នេះ ខ្ញុំ​ហាក់​ដូចជា​និយាយ​លែង​ចេញ ។ វា​ពុំមែន​ដោយសារ​តែ​អព្ភូតហេតុ​ជាក់ស្តែង​នេះ​ឡើយ ប៉ុន្តែ​ដោយសារតែ​អព្ភូតហេតុ​ដ៏​ធំ​អស្ចារ្យ​ជាង​នេះ ។ ខ្ញុំ​មាន​ការបំផុសគំនិត​យ៉ាង​ជ្រាលជ្រៅ—ជា​សាក្សី​ខាង​វិញ្ញាណ—ដែល​ហូលី និង​កូន​ស្រស់​ស្អាតទាំង​ប្រាំ​នាក់​ដែល​អង្គុយ​នៅក្នុង​បន្ទប់​ទទួលភ្ញៀវ​ជុំវិញ​ឪពុក​ម្តាយ​របស់​ពួកគេ មាន​ជំនឿ​បែប​នេះ​ថា ពួកគេ​អាច​ទទួល​យក​នូវ​លទ្ធផល​ណា​ក៏​ដោយ​ដែល​កើត​ឡើង​នៅ​ថ្ងៃ​នោះ ហើយ​ពួកគេ​នៅតែ​មាន​ការរីកចម្រើន​ខាង​វិញ្ញាណ ។ ក្លាក និង​ហូលី ព្រមទាំង​កូន​ច្បង​ពីរនាក់​របស់​គេ ធី និង​ផតទើរ នៅ​ជាមួយ​យើង​ថ្ងៃ​នេះ​នៅក្នុង​មជ្ឈមណ្ឌល​សន្និសីទ ។

ក្នុងការ​ពិចារណា​អំពី​បទពិសោធន៍​របស់​គ្រួសារ ហ្វេល ខ្ញុំ​បាន​គិត​ច្រើន​អំពី​ស្ថានភាព​នានា​របស់​មនុស្ស​ជាច្រើន​ទៀត ។ ចុះ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដែល​ពោរពេញ​ដោយ​សេចក្តីជំនឿ ពួកបរិសុទ្ធ​ដែល​ទទួល​ការប្រសិទ្ធពរ​បព្វជិតភាព ពួកបរិសុទ្ធ​ដែល​អធិស្ឋាន​ឥត​ឈប់ឈរ ពួកបរិសុទ្ធ​ដែល​រក្សា​សេចក្តីសញ្ញា ពួកបរិសុទ្ធ​ដែល​ពោរពេញ​ដោយ​ក្តីសង្ឃឹម តែ​គ្មាន​អព្ភូតហេតុ​កើត​ឡើង​វិញ​នោះ ? យ៉ាង​ហោច​ណាស់​នៅក្នុង​របៀប​មួយ​ដែល​ពួកគេ​យល់​អំពី​អព្ភូតហេតុ ។ យ៉ាង​ហោច​ណាស់​នៅក្នុង​របៀប​មួយ​ដែល​បង្ហាញ​ថា មនុស្ស​ដទៃ​ទទួល​អព្ភូតហេតុ ។

ចុះ​អស់​អ្នក​ដែល​រងទុក្ខ​ដោយ​ទុក្ខវេទនា​ដ៏​ខ្លាំង​ក្លា​នោះ​ទាំង—ខាង​រូបកាយ ខាង​សតិអារម្មណ៍ ខាងផ្លូវ​ចិត្ត—អស់​ពេល​ជាច្រើន​ឆ្នាំ ឬ​ទសវត្សរ៍ ឬ​ពេញ​មួយ​ជីវិត​រមែង​ស្លាប់​របស់​ពួកគេ​នោះ ? ចុះ​អស់​អ្នក​ដែល​ស្លាប់​តាំងពី​ក្មេង​នោះ ?

កាល​ពី​ពីរខែ​មុន គូស្វាមី​រៀបការ​ពីរគូ​ដែល​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ជាមួយ​កូន​បីនាក់​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង និង​កូន​ប្រាំ​នាក់​ផ្សេង​ទៀត​របស់​ពួកគេ បាន​ជិះ​យន្តហោះ​តូច​មួយ​តែ​មួយ​រយៈពេល​ខ្លី ។ ខ្ញុំ​មាន​ទំនុកចិត្ត​ថា ពួកគេ​បាន​អធិស្ឋាន​ទូលសូម​សុវត្ថិភាព​ពីមុន​ការហោះហើរ ហើយ​បាន​អធិស្ឋាន​ដោយ​ស្មោះ ពេល​យន្តហោះ​ពួកគេ​ជួប​នឹង​បញ្ហា​ម៉ាស៊ីន​ដ៏​ធ្ងន់ធ្ងរ​ពីមុន​វា​ធ្លាក់​ចុះ ។ គ្មាន​នរណា​ម្នាក់​នៅ​រស់​ឡើយ ។ ចុះ​ពួកគេ​យ៉ាង​ម៉េច​ដែរ ?

តើ​ពួក​មនុស្ស​ល្អ និង​មនុស្ស​ជាទីស្រឡាញ់​របស់​ពួកគេ​មាន​ហេតុផល ដើម្បី​សួរ​សំណួរ​ដែល​មរមន​សរសេរ​ថា ៖ « តើ​ឈប់​មាន​ថ្ងៃ​នៃ​អព្ភូតហេតុ​ហើយ​ឬ ? »

ចំណេះដឹង​មាន​កំណត់​របស់​ខ្ញុំ​ពុំ​អាច​ពន្យល់​អំពី​មូលហេតុ​ដែល​ថា ជួនកាល​មានការ​អន្តរាគមន៍​មកពី​ព្រះ និង​គ្រា​ផ្សេង​ទៀត​គឺ​ពុំ​មាន​ឡើយ ។ ប៉ុន្តែ​ប្រហែល​យើង​ខ្វះ​ការយល់​ដឹង​អំពី​អត្ថន័យ​នៃ​ពាក្យ​អព្ភូតហេតុ ។

ជារឿយៗ យើង​ពិពណ៌នាអំពី​អព្ភូតហេតុ​ថា ជាការ​ត្រូវបាន​ជាសះស្បើយ​ដោយ​គ្មាន​ការពន្យល់​ទាំងស្រុង​ពី​វេជ្ជបណ្ឌិត ឬ​ការចៀសផុត​ពី​គ្រោះ​មហន្តរាយ​តាមរយៈ​ការស្តាប់​តាម​ការបំផុសគំនិត​ដ៏​ច្បាស់​លាស់ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការផ្តល់​និយមន័យ​អំពី​ពាក្យ អព្ភូតហេតុ ថា​ជា ‹ ព្រឹត្តិការណ៍​ដែល​ផ្តល់​អត្ថប្រយោជន៍ ដែល​បាន​នាំ​មក​ដោយ​អំណាច​នៃ​ព្រះ ដែល​ជីវិត​រមែងស្លាប់​នេះ​មិន​អាច​យល់​បាន » ផ្តល់​នូវ​ទស្សនវិស័យ​ធំ​មួយ​ទៅកាន់​ភាពកាន់តែ​អស់កល្ប​ជានិច្ច ។ និយមន័យ​នេះ​ក៏​អនុញ្ញាត​ឲ្យ​យើង​គិត​អំពី​តួនាទី​សំខាន់​នៃ​សេចក្តីជំនឿ​នៅក្នុង​ការទទួល​អព្ភូតហេតុ ។

មរ៉ូណៃ​បាន​បង្រៀន​ថា « ហើយ​គ្មាន​ពេល​ណា​ទេ ដែល​អ្នក​ណា​ម្នាក់​នាំ​មក​នូវ​អព្ភូតហេតុ លុះ​ត្រា​ក្រោយ​ពី​សេចក្ដី​ជំនឿ​របស់​ពួក​គេ​សិន » ។ អំាំម៉ូន​បាន​ប្រកាស​ថា « ព្រះ​ទ្រង់​បាន​ប្រទាន​មធ្យោបាយ​មួយ​ថា តាម​រយៈ​សេចក្ដី​ជំនឿ នោះ​មនុស្ស​អាច​សម្ដែង​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ផ្សេងៗ » ។ ព្រះអម្ចាស់​បាន​បើក​សម្តែង​ដល់​យ៉ូសែប ស្ម៊ីធ​ថា « ដ្បិត​យើង​ជា​ព្រះ … ហើយ​យើង​នឹង​បង្ហាញ​អព្ភូតហេតុ … ដល់​អស់​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​នាម​យើង » ។

ស្តេចនេប៊ូក្នេសា​បាន​តម្រូវ​ឲ្យ សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ថ្វាយ​បង្គំ​រូប​ព្រះ​ដែល​ទ្រង់​បាន​បង្កើត​ធ្វើ​ជា​ព្រះ ដោយ​គំរាមកំហែង​ថា « បើ​មិន​ថ្វាយបង្គំ​ទេ នោះ​នឹង​ត្រូវ​បោះ​ឯង … ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធៅ » ។ បន្ទាប់​មក​ទ្រង់​បាន​ពោល​ពាក្យ​ឡកឡឺយ​ថា « តើ​មាន​ព្រះ​ឯ​ណា​ដែល​អាច​នឹង​ដោះ​ឯង​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​យើង​បាន ? »​

ពួក​សិស្ស​ស្មោះត្រង់​ទាំងបី​នាក់​នេះ​ថ្លែង​ថា ៖ « បើ​ជា​យ៉ាង​នោះ​មែន នោះ​ព្រះ​នៃ​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​គោរព​ប្រតិបត្តិ​តាម ទ្រង់​អាច​នឹង​ជួយ​ឲ្យ​យើង​ខ្ញុំ​រួច​ពី​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​បាន​ហើយ ។ …តែ​បើ​មិន​ជួយ​ទេ នោះ​សូម​ឲ្យ​ទ្រង់​ព្រះ​ករុណា​ជ្រាប​ថា យើង​ខ្ញុំ​មិន​ព្រម​គោរព​តាម​ព្រះ​របស់​ទ្រង់​ឡើយ » ។

ពួកគេ​មាន​ទំនុកចិត្ត​ទាំងស្រុង​ថា ព្រះ​អាច​សង្គ្រោះ​ពួកគេ « តែ​បើ​មិន​ជួយ​ទេ » ពួកគេ​មាន​សេចក្តីជំនឿ​ទាំងស្រុង​នៅក្នុង​ផែនការ​របស់​ទ្រង់ ។

ស្រដៀង​នេះ​ផងដែរ​មាន​គ្រា​មួយ អែលឌើរ ដាវីឌ អេ បែដណា បាន​សួរ​យុវជន​ម្នាក់​ដែល​បាន​ស្នើសូម​ការប្រសិទ្ធពរ​បព្វជិតភាព​ថា « ប្រសិនបើ​នេះ​ជា​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌​យើង នោះ​អ្នក​ត្រូវបាន​ប្តូរ​ដោយ​ការស្លាប់​ទាំង​វ័យ​ក្មេង​ទៅក្នុង​ពិភព​វិញ្ញាណ ដើម្បី​បន្ត​ការបម្រើ​របស់​អ្នក តើ​អ្នក​មាន​ជំនឿ​ចុះចូល​នឹង​ព្រះទ័យ​របស់​ទ្រង់ ហើយ​ពុំ​បាន​ជា​សះស្បើយ​ដែរ​ឬ​ទេ ? » តើ យើង មាន​ជំនឿ « ពុំ [ បាន ] ជា​សះស្បើយ » ពី​ទុក្ខវេទនា​នៅលើ​ផែនដី​របស់​យើង ដើម្បី​ឲ្យ​យើង​អាច​ត្រូវបាន​ជា​សះស្បើយ​អស់កល្ប​ជានិច្ច​ដែរ​ឬ​ទេ ?

សំណួរ​សំខាន់​មួយ​ដើម្បី​ពិចារណា​នោះ​គឺ « តើ​យើង​ដាក់​សេចក្តីជំនឿ​របស់​យើង​នៅ​ទីណា ? » តើ​សេចក្តីជំនឿ​របស់​យើង​ផ្តោត​ទៅលើ​ការចង់​បាន​ដ៏​ងាយស្រួល ដើម្បី​ឲ្យ​បាន​ធូរស្បើយ​ពី​ការឈឺចាប់ និង​ការរងទុក្ខ ឬ​សេចក្តីជំនឿ​យើង​ផ្តោត​យ៉ាង​រឹងប៉ឹង​លើ​ព្រះ​ជា​ព្រះវរបិតា និង​ផែនការ​ដ៏​បរិសុទ្ធ​របស់​ទ្រង់ និង​លើ​ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​ដែរ​ឬ​ទេ ? សេចក្តីជំនឿ​លើ​ព្រះវរបិតា និង​ព្រះបុត្រា​ធ្វើ​ឲ្យ​យើង​យល់ ហើយ​ទទួល​យក​ព្រះទ័យ​របស់​ពួកទ្រង់ ពេល​យើង​រៀបចំខ្លួន​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។

ថ្ងៃ​នេះ​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​អព្ភូតហេតុ ។ ការធ្វើ​ជា​កូន​របស់​ព្រះ​គឺ​ជា​អព្ភូតហេតុ​មួយ ។ ការទទួល​បាន​រូបកាយ​ដូច​ជា​រូបអង្គទ្រង់ និង​មាន​ភាព​ដូច​ទ្រង់​គឺ​ជា​អព្ភូតហេតុ​មួយ ។ អំណោយ​នៃ​ព្រះអង្គសង្គ្រោះ​គឺ​ជា​អព្ភូតហេតុ​មួយ ។ ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​អព្ភូតហេតុ​មួយ ។ សក្តានុពល​សម្រាប់​ជីវិត​អស់កល្ប​ជានិច្ច​គឺ​ជា​អព្ភូតហេតុ​មួយ ។

ទោះវា​ជា​ការណ៍​ល្អ​ដែល​យើង​អធិស្ឋាន​ទូល​សូម និង​ខិតខំ​ក្នុងការ​ទទួល​បានការ​ការពារ​ខាង​រូបកាយ និង​បាន​ជាសះស្បើយ​អំឡុងពេល​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង នោះ​ការផ្តោត​សំខាន់​បំផុត​របស់​យើង​គួរតែ​ផ្តោត​ទៅ​លើ​អព្ភូតហេតុ​ខាង​វិញ្ញាណ ដែល​មាន​សម្រាប់​កូនចៅ​ទាំងអស់​របស់​ព្រះ ។ មិន​ថា​យើង​មាន​ប្រវត្តិ សញ្ញាតិ​អ្វី​នោះ​ទេ មិន​ថា​យើង​បាន​ធ្វើអ្វី​ខ្លះ មិនថា​មាន​រឿង​អ្វី​ខ្លះ​កើត​ឡើង​ចំពោះ​យើង​ឡើយ ប្រសិនបើ​យើង​ប្រែចិត្ត—ពួកយើង​ទាំងអស់​គ្នា​មាន​សិទ្ធិ​ស្មើគ្នា​ទទួល​អព្ភូតហេតុ​ទាំង​នេះ ។ យើង​កំពុង​រស់នៅ​ក្នុង​អព្ភូតហេតុ ហើយ​មាន​អព្ភូតហេតុ​បន្ថែម​ទៀត​នៅ​ខាង​មុខ​យើង ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។