សូរ្យគ្រាសខាងវិញ្ញាណ
ចូរកុំឲ្យការរំខានក្នុងជីវិតជាសូរគ្រាសបាំងពន្លឺរបស់ស្ថានសួគ៌ឡើយ ។
នៅថ្ងៃទី ២១ ខែ សីហាឆ្នាំនេះ មានព្រឹត្តិការណ៍ដ៏កម្រពីរបានកើតឡើង ដែលទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើននៅជុំវិញពិភពលោក ។ ព្រឹត្តិការណ៍ទីមួយគឺការប្រារព្ធខួបកំណើត ៩០ឆ្នាំ របស់ប្រធាន ថូម៉ាស អេស ម៉នសុន ព្យាការីដ៏ជាទីស្រឡាញ់របស់យើង ។ នៅពេលនោះ ខ្ញុំកំពុងបំពេញការចាត់តាំងនៅក្នុងតំបន់ប៉ាស៊ីហ្វិក ហើយរំភើបណាស់ដែលពួកបរិសុទ្ធនៅប្រទេស អូស្ត្រាលី វ៉ានូតូ នូវហ្សើលែន និងហ្វ្រែន ប៉ូលីនេស្សា មិនត្រឹមតែបានដឹងពីព្រឹត្តិការណ៍ដ៏សំខាន់ផ្ទាល់ខ្លួននេះប៉ុណ្ណោះទេ តែពួកគេថែមទាំងរីករាយនៅក្នុងការប្រារព្ធវាទៀតផង ។ ខ្ញុំមានអារម្មណ៍ថា មានសំណាងណាស់ដែលបានរួមចំណែកក្នុងការបង្ហាញជំនឿ និងក្ដីស្រឡាញ់ដ៏កក់ក្ដៅដល់បុរសដ៏អស្ចារ្យនេះ ។ វាជាការបំផុសគំនិតណាស់ដែលឃើញពីទំនាក់ទំនងដែលពួកបរិសុទ្ធថ្ងៃចុងក្រោយមានជាមួយនឹងព្យាការីរបស់ពួកគេ ។
ពិតណាស់ ដោយគិតដល់អ្នកដែលមានបំណងជូនពរថ្ងៃខួបកំណើតលោកប្រធាន ម៉នសុន បានពិពណ៌នាពីអ្វីដែលលោកគិតថា ជាអំណោយថ្ងៃកំណើតដ៏ល្អឥតខ្ចោះថា « ចូរស្វែងរកនរណាម្នាក់ដែលកំពុងជួបការលំបាក ឬមានជំងឺ ឬឯកោ ហើយធ្វើអ្វីមួយសម្រាប់គាត់ ។ ខ្ញុំសូមតែប៉ុណ្ណឹងទេ » ។ ពួកយើងស្រឡាញ់ និងគាំទ្រប្រធាន ម៉នសុន ។
សូរ្យគ្រាស
ព្រឹត្តិការណ៍ដ៏កម្រ និងប្រពៃមួយទៀតដែលកើតឡើងនៅថ្ងៃដដែលនោះ ហើយបានទាក់ទាញមនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ជាពិសេសទ្វីបអាមេរិកខាងជើងនោះគឺសូរ្យគ្រាស ។ នេះជាលើកទីមួយក្នុងរយៈពេល ៩៩ឆ្នាំ ដែលមានសូរ្យគ្រាសបែបនេះគ្របដណ្ដប់ពេញទាំងសហរដ្ឋអាមេរិក ។ តើបងប្អូនធ្លាប់ឃើញសូរ្យគ្រាសទេ ? ប្រហែលខ្ញុំអាចពិពណ៌នារឿងនេះឲ្យកាន់តែលម្អិត ។
សូរ្យគ្រាសកើតឡើងពេលព្រះចន្ទរំកិលនៅចន្លោះផែនដី និងព្រះអាទិត្យ ដោយបាំងពន្លឺនៃផ្ទៃព្រះអាទិត្យទាំងស្រុងតែម្ដង ។ ភាពពិតដែលអាចកើតឡើងនេះគឺជារឿងមួយអស្ចារ្យចំពោះខ្ញុំ ។ បើបងប្អូនស្រមៃថា ព្រះអាទិត្យជាទំហំនៃរង្វង់កង់មួយ នោះបើធ្វើការប្រៀបធៀបព្រះចន្ទស្ទើរតែមិនបាននឹងទំហំក្រួសតូចមួយផង ។
តើវាអាចទៅរួចដោយរបៀបណា ដែលប្រភពនៃភាពកក់ក្ដៅ ពន្លឺ និងជីវិតរបស់យើងត្រូវបានធ្វើឲ្យស្រអាប់ទាំងស្រុងដោយអ្វីមួយដ៏តូចយ៉ាងនោះ ?
ទោះជាព្រះអាទិត្យធំជាងព្រះចន្ទ ៤០០ដងមែន តែវាក៏នៅឆ្ងាយពីផែនដី ៤០០ដងផងដែរ ។ បើយើងមើលចេញពីផែនដី នោះធរណីមាត្រនេះធ្វើឲ្យព្រះអាទិត្យ និងព្រះចន្ទហាក់ដូចជាមានទំហំប៉ុនគ្នា ។ នៅពេលដែលព្រះអាទិត្យ និងព្រះចន្ទដើរចំពីលើគ្នា នោះព្រះចន្ទហាក់ដូចជាបាំងព្រះអាទិត្យទាំងស្រុង ។ មិត្តភក្ដិ និងគ្រួសារខ្ញុំដែលនៅក្នុងតំបន់សូរ្យគ្រាស បានពិពណ៌នាពីការដែលពន្លឺត្រូវបានជំនួសដោយភាពងងឹត ផ្កាយបានលេចឡើង ហើយបក្សាបក្សីឈប់ច្រៀង ។ ខ្យល់ប្រែជាត្រជាក់ព្រោះសីតុណ្ហភាពនៅក្នុងសូរ្យគ្រាសអាចធ្លាក់ចុះទាបជាង ១១ អង្សាសេ ។
ពួកគេបានពិពណ៌នាពីសេចក្ដីស្ញើច ការភ្ញាក់ផ្អើលដ៏អស្ចារ្យ និងការព្រួយបារម្ភទៀតផង ដោយដឹងថាសូរ្យគ្រាសនាំមកនូវគ្រោះអន្តរាយជាក់លាក់ផ្សេងៗ ។ ទោះយ៉ាងណា ពួកគេទាំងអស់គ្នាបានអនុវត្តការប្រុងប្រយ័ត្នដើម្បីការពារការខូចភ្នែកជាអចិន្ត្រៃ ឬហៅថា « ការខ្វាក់ដោយសារសូរ្យគ្រាស » អំឡុងព្រឹត្តិការណ៍សូរ្យគ្រាសនោះ ។ វាមានសុវត្ថិភាពដោយសារពួកគេបានពាក់វ៉ែនតាដែលបំពាក់ដោយកញ្ចក់ទប់ពន្លឺជាពិសេស ដែលការពារភ្នែកពួកគេពីការអន្តរាយដែលអាចកើតមានណាមួយ ។
សទិសភាព
នៅក្នុងរបៀបដូចគ្នានោះដែលព្រះចន្ទដ៏តូចអាចបាំងព្រះអាទិត្យដ៏ធំបាន ដោយពន្លត់ពន្លឺ និងភាពកក់ក្ដៅរបស់វា នោះសូរ្យគ្រាសខាងវិញ្ញាណក៏អាចកើតឡើងពេលដែលយើងបណ្ដោយឲ្យឧបសគ្គ និងបញ្ហាតូចតាចចូលមកជិតយើងពេក—ជាឧបសគ្គដែលយើងជួបរាល់ថ្ងៃក្នុងជីវិតយើង—ដែលវាបាំងទំហំ ភាពភ្លឺចែងចាំង និងកក់ក្ដៅនៃពន្លឺរបស់ព្រះយេស៊ូវគ្រីស្ទ និងនៃដំណឹងល្អរបស់ទ្រង់ ។
អែលឌើរ នែល អេ ម៉ាក់ស្វែល បានពន្យល់សទិសភាពនេះកាន់តែជ្រាលជ្រៅថា « ទោះរបស់នោះតូចដូចជាមេដៃរបស់មនុស្សក៏ដោយ តែពេលដាក់វានៅជិតភ្នែក នោះអាចធ្វើឲ្យមនុស្សនោះមើលមិនឃើញព្រះអាទិត្យដ៏ធំឡើយ ។ តែព្រះអាទិត្យគឺនៅតែនៅទីនោះឯង ។ ការមើលមិនឃើញគឺនាំមកដល់មនុស្សនោះដោយខ្លួនគាត់ផ្ទាល់ ។ ពេលយើងទាញយកអ្វីៗផ្សេងទៀតមកដាក់ជិតពេក ដោយដាក់វាដំបូងគេ នោះយើងបាំងគំហើញរបស់យើងពីស្ថានសួគ៌ » ។
ច្បាស់ណាស់ គ្មាននរណាម្នាក់ចង់បាំងគំហើញរបស់យើងពីស្ថានសួគ៌ ឬបណ្ដោយឲ្យសូរ្យគ្រាសខាងវិញ្ញាណកើតឡើងក្នុងជីវិតយើងដោយចេតនានោះឡើយ ។ ខ្ញុំសូមចែកចាយគំនិតមួយចំនួនដែលអាចជួយយើងនៅក្នុងការការពារសូរ្យគ្រាសខាងវិញ្ញាណ កុំឲ្យវាបណ្ដាលឲ្យយើងជួបការខូចខាតខាងវិញ្ញាណជាអចិន្ត្រៃយ៍ ។
វ៉ែនតាដំណឹងល្អ ៖ រក្សានូវទស្សនវិស័យខាងដំណឹងល្អ
តើបងប្អូនចាំពីការពិពណ៌នារបស់ខ្ញុំអំពីវ៉ែនតាពិសេសដែលត្រូវបានប្រើដើម្បីការពារអស់អ្នកដែលមើលសូរ្យគ្រាសកុំឲ្យខូចភ្នែក ឬកុំឲ្យខ្វាក់ដោយសារសូរ្យគ្រាសដែរឬទេ ? ការមើលទៅសូរ្យគ្រាសខាងវិញ្ញាណដោយប្រើកញ្ចក់ការពារ និងស្រទន់នៃព្រះវិញ្ញាណ ផ្ដល់នូវទស្សនវិស័យខាងដំណឹងល្អ ហេតុដូច្នោះហើយវាការពារយើងពីការខ្វាក់ខាងវិញ្ញាណ ។
ចូរយើងពិចារណាពីគំរូមួយចំនួន ។ ដោយមានពាក្យសម្ដីព្យាការីនៅក្នុងដួងចិត្តយើង និងព្រះវិញ្ញាណបរិសុទ្ធជាទីប្រឹក្សា នោះយើងអាចសម្លឹងទៅពន្លឺស្ថានសួគ៌ដែលត្រូវបានបាំងផ្នែកខ្លះ ដោយពាក់ « វ៉ែនតាដំណឹងល្អ » ដើម្បីចៀសវាងពីការអន្តរាយមកពីសូរ្យគ្រាសខាងវិញ្ញាណ ។
ដូច្នេះតើយើងពាក់វ៉ែនតាដំណឹងល្អយ៉ាងដូចម្ដេច ? នេះជាគំរូមួយចំនួន ៖ វ៉ែនតាដំណឹងល្អរបស់យើងប្រាប់យើងថា ព្រះអម្ចាស់មានព្រះរាជបំណងឲ្យយើងទទួលទានសាក្រាម៉ង់ជារៀងរាល់សប្ដាហ៍ហើយថាបំណងប្រាថ្នារបស់ទ្រង់គឺថា យើងត្រូវសិក្សាព្រះគម្ពីរ និងអធិស្ឋានជារៀងរាល់ថ្ងៃ ។ ពួកលោកក៏បានប្រាប់យើងថា សាតាំងនឹងល្បួងយើងពុំឲ្យធ្វើកិច្ចការទាំងនោះ ។ យើងដឹងថា សិទ្ធិជ្រើសរើសរបស់វាគឺព្យាយាមដកយកសិទ្ធិសេរីភាពចេញពីយើង តាមរយៈការរំខាន និងការល្បួងនានាខាងលោកិយ ។ សូម្បីតែនៅក្នុងជំនាន់របស់យ៉ូប ប្រហែលជាមានបទពិសោធន៍អំពីសូរ្យគ្រាសខាងវិញ្ញាណមួយចំនួន ដោយបានពិពណ៌នាថា ពួកគេ « ប្រទះនឹងសេចក្តីងងឹតនៅវេលាថ្ងៃ ហើយគេដើរស្ទាបៗនៅពេលថ្ងៃត្រង់ ដូចជានៅពេលយប់ » ។
បងប្អូនប្រុសស្រី ពេលខ្ញុំនិយាយអំពីការមើលតាមរយៈវ៉ែនតាដំណឹងល្អ សូមដឹងថា ខ្ញុំមិនបានផ្ដល់យោបល់ថា យើងមិនទទួលស្គាល់ ឬមិនពិភាក្សាពីឧបសគ្គដែលយើងជួបប្រទះ ឬថាយើងដើរដោយមានក្ដីសុខ ដោយមិនអើពើរនឹងអន្ទាក់ ឬការអាក្រក់ដែលមារសត្រូវបានដាក់នៅពីមុខយើងនោះឡើយ ។ ខ្ញុំពុំមែនចង់និយាយអំពីការពាក់របាំងភ្នែកទេ—តែនិយាយពីអ្វីដែលផ្ទុយពីនោះវិញ ។ ខ្ញុំកំពុងផ្ដល់យោបល់ថា យើងមើលទៅឧបសគ្គទាំងឡាយតាមកញ្ចក់នៃដំណឹងល្អ ។ អែលឌើរ ដាល្លិន អេច អូក បានសង្កេតថា « ទស្សនវិស្ស័យគឺជាលទ្ធភាពដើម្បីមើលឃើញព័ត៌មានដែលទាក់ទងទាំងអស់នៅក្នុងទំនាក់ទំនងដ៏មានអត្ថន័យមួយ » ។ ទស្សនវិស័យដំណឹងល្អពង្រីកការយល់ដឹងរបស់យើងឲ្យទៅដល់ទស្សនដ៏អស់កល្បជានិច្ច ។
ពេលបងប្អូនពាក់វ៉ែនតាដំណឹងល្អ អ្នកឃើញទស្សនវិស័យដែលពង្រីក ផ្ដោត និងចក្ខុវិស័យនៅក្នុងរបៀបដែលធ្វើឲ្យបងប្អូនគិតពីអាទិភាព បញ្ហា ការល្បួង និងកំហុសរបស់បងប្អូនថែមទៀតផង ។ បងប្អូននឹងឃើញពន្លឺកាន់តែចែងចាំង ដែលបងប្អូនពុំអាចមើលឃើញដោយមិនមានវ៉ែនតានោះ ។
ដោយមិនសមនឹងកើតឡើង ភាពអវិជ្ជមានមិនគ្រាន់តែអាចបណ្ដាលឲ្យមានសូរ្យគ្រាសខាងវិញ្ញាណនៅក្នុងជីវិតរបស់យើងនោះប៉ុណ្ណោះទេ ។ ជាញឹកញាប់ ការខ្នះខ្នែងដ៏គួរឲ្យសរសើរ និងវិជ្ជមានដែលយើងបានបូជាខ្លួនយើង អាចត្រូវបានទាញយកមកជិតពេក ដែលវាអាចបំផ្លាញដល់ពន្លឺដំណឹងល្អ និងនាំមកនូវភាពងងឹតវិញ ។ គ្រោះថ្នាក់ ឬការរំខានទាំងនេះអាចរួមមានការអប់រំ និងការរីកចម្រើន អំណាច និងឥទ្ធិពល មហិច្ឆិតា សូម្បីជាទេពកោសល្យ និងអំណោយទាននានាផង ។
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បានបង្រៀនថា « គុណធម៌ណាក៏ដោយ ពេលដែលធ្វើវាជ្រុលហួសហេតុពេក អាចក្លាយជាសេចក្ដីអាក្រក់វិញ ។… ពេលនោះ ជំហានចាំបាច់ទាំងឡាយអាចក្លាយជាភារៈកិច្ចដែលរវល់ និងក្លាយជាមហិច្ឆិតា ជាអ្វីដែលបង្កឲ្យលំបាកនៅពាក់ជុំវិញ-កយើងវិញ » ។
ខ្ញុំសូមចែកចាយឲ្យកាន់តែពិស្ដារនូវគំរូទាំងឡាយដែលអាចក្លាយជាកាតាលីករសម្រាប់ចៀសវាងពីសូរ្យគ្រាសខាងវិញ្ញាណរបស់យើងផ្ទាល់ ។
ប្រព័ន្ធផ្សព្វផ្សាយសង្គម
ពីរបីខែកន្លងទៅនេះខ្ញុំបានថ្លែងនៅសន្និសីទស្ត្រី ប៊ីវ៉ាយយូ ។ ខ្ញុំបានពិពណ៌នាអំពីរបៀបដែលបច្ចេកវិទ្យា រួមមានប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រួលដល់ការចែកចាយ « ការចេះដឹងអំពីព្រះអង្គសង្គ្រោះនឹងបានផ្សាយទូទៅ គ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា និងគ្រប់ទាំងប្រជាជនដែ » ។ បច្ចេកវិទ្យាទាំងនេះរួមមានគេហទំព័ររបស់សាសនាចក្រដូចជា LDS.orgនិង Mormon.orgកម្មវិធីបញ្ចូលក្នុងឧបករណ៍ចល័តដូចជា Gospel Library, Mormon Channel, LDS Tools, និង Family Tree ព្រមទាំងវេទិកាសង្គមរួមមាន Facebook, Instagram, Twitter, និង Pinterest ។ បែបបទទាំងនេះបានធ្វើឲ្យមនុស្សរាប់រយលាននាក់ចូលចិត្ត ចែកចាយ មើល ចែកចាយជាថ្មី និងរក្សាទុក ហើយប្រែជាមានប្រសិទ្ធភាព និងមានសមត្ថភាពក្នុងការចែកចាយដំណឹងល្អជាមួយគ្រួសារ មិត្តភក្តិ និងមិត្តរួមការងារ ។
ថ្វីបើបច្ចេកវិទ្យាទាំងនេះមានគ្រប់អស់ទាំងគុណធម៌ និងការប្រើប្រាស់ដ៏សមរម្យក្ដី ក៏មាននូវហានិភ័យទាក់ទងនឹងវាផងដែរ ដែលពេលយើងទាញវាមកជិតពេក វាអាចដាក់យើងចូលក្នុងសូរ្យគ្រាសខាងវិញ្ញាណ ហើយមានសក្តានុពលបាំងពន្លឺ និងភាពកក់ក្ដៅនៃដំណឹងល្អ ។
ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម កម្មវិធីសម្រាប់ឧបករណ៍ចល័ត និងល្បែងនានា អាចទាញយកពេលវេលាច្រើនហួសហេតុ ហើយអាចកាត់បន្ថយការប្រាស្រ័យទាក់ទងដែលជួបដោយផ្ទាល់មុខ ។ ការបាត់បង់ការសន្ទនាដោយផ្ទាល់នេះ អាចប៉ះពាល់ដល់អាពាហ៍ពិពាហ៍ កាត់បន្ថយការអនុវត្តខាងវិញ្ញាណដ៏មានតម្លៃ និងរាំងស្ទះដល់ការអភិវឌ្ឍជំនាញសង្គម ជាពិសេសក្នុងចំណោមយុវវ័យ ។
ហានិភ័យពីរបន្ថែមទៀតទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម ត្រូវបានគិតយ៉ាងខ្ពង់ខ្ពស់ថា ជាការពិតជាក់ស្ដែង ហើយធ្វើឲ្យមានការប្រៀបធៀបដែលធ្វើឲ្យយើងបាក់ទឹកចិត្ត ។
រូបភាពជាច្រើន ( បើមិនទាំងអស់ ) នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមានទំនោរទៅរកការបង្ហាញអំពីជីវិតដែលល្អបំផុត—ជាញឹកញាប់វាគឺរឿងមិនពិតប្រាកដទេ ។ យើងទាំងអស់គ្នាធ្លាប់បានឃើញរូបភាពស្អាតៗនៃការតុបតែងផ្ទះ កន្លែងដើរកម្សាន្តដ៏សប្បាយរីករាយ រូបភាពសែលហ្វី ញញឹមពព្រាយ ការរៀបចំម្ហូបយ៉ាងសម្បើម និងរូបភាពនៃរូបកាយដែលហាក់ដូចជាមិនគិតគូរសោះ ។
ឧទាហរណ៍ នេះជារូបភាពមួយដែលបងប្អូនអាចនឹងឃើញនៅលើគណនីសង្គមរបស់នរណាម្នាក់ ។ ទោះយ៉ាងណា វាមិនបានផ្ដិតយកនូវរូបភាព ទាំងស្រុង នូវអ្វីដែល ពិតជា កំពុងកើតឡើងនៅក្នុងជីវិតពិតនោះទេ ។
ការប្រៀបធៀបរូបភាពជីវិតដែលហាក់ដូចជាធម្មតាៗរបស់យើងផ្ទាល់ ទៅនឹងជីវិតរបស់អ្នកដទៃទៀតដែលបានកែច្នៃយ៉ាងល្អ នឹងឥតខ្ចោះដូចដែលបានបង្ហាញនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម អាចធ្វើឲ្យយើងមានអារម្មណ៍បាក់ទឹកចិត្ត ច្រណែន និងបរាជ័យ ។
មនុស្សម្នាក់ដែលបានចែកចាយការបង្ហោះជាច្រើនរបស់នាងផ្ទាល់បាននិយាយ ប្រហែលគ្រាន់តែនិយាយលេងខ្លះថា « ចង់សប្បាយធ្វើអ្វី បើមិនដាក់រូបលើបណ្ដាញសង្គមផងនោះ ? »
ដូចដែលស៊ីស្ទើរ ប៊ូននី អិល អូស្ការសិន បានរំឭកយើងនៅព្រឹកនេះថា ភាពជោគជ័យក្នុងជីវិតពុំមែនកំណត់លើចំនួន Like ដែលយើងទទួលបាន ឬចំនួនមិត្តភក្ដិ ឬអ្នក Follow នៅលើបណ្ដាញសង្គមដែលយើងមាននោះឡើយ ។ ទោះយ៉ាងណា វាពិតជាមានអត្ថន័យក្នុងការទំនាក់ទំនងជាមួយអ្នកផ្សេងទៀត ហើយបន្ថែមពន្លឺទៅដល់ជីវិតពួកគេ ។
សង្ឃឹមថាយើងអាចរៀនឲ្យកាន់តែពិត កាន់តែសប្បាយ ហើយទទួលបទពិសោធន៍នៃការបាក់ទឹកចិត្តកាន់តែតិច ពេលដែលជួបនឹងរូបភាពដែលអាចនឹងបង្ហាញតែពីជីវិតល្អៗដែលបានកែច្នៃ ហើយដែលជាញឹកញាប់ណាស់នាំទៅរកការប្រៀបធៀបដែលធ្វើឲ្យយើងទន់ខ្សោយនោះ ។
ការប្រៀបធៀបនឹងអាការៈខាងក្រៅ ពុំគ្រាន់តែជាទីសម្គាល់មួយអំពីជំនាន់យើងប៉ុណ្ណោះទេ ប៉ុន្តែជាទីសម្គាល់នៅក្នុងជំនាន់អតីតកាលផងដែរ ។ សាវកប៉ុលបានព្រមានមនុស្សនៅជំនាន់របស់លោកថា « ពួកអ្នកនោះដែលគេវាស់ ហើយផ្ទឹមខ្លួននឹងខ្លួនគេ នោះគ្មានប្រាជ្ញាទេ » ។
ដោយមានការប្រើប្រាស់ដ៏សមរម្យ និងបំផុសគំនិតជាច្រើននៃបច្ចេកវិទ្យា នោះចូរយើងប្រើវាដើម្បីបង្រៀន បំផុសគំនិត និងលើកស្ទួយខ្លួនយើង ហើយលើកទឹកចិត្តអ្នកដទៃ ឲ្យក្លាយជាមនុស្សដែលល្អបំផុត—ជាជាងបង្ហាញពីរូបភាពខ្លួនឯងដែលល្អតែមើលនោះ ។ ចូរយើងបង្រៀន និងបង្ហាញផងដែរនូវការប្រើប្រាស់សុចរិតនៃបច្ចេកវិទ្យាទៅដល់ជំនាន់ដែលកំពុងធំឡើង ហើយព្រមានទាស់នឹងមហន្តរាយដែលទាក់ទង ព្រមទាំងការប្រើប្រាស់ដ៏បង្ហិនបង្ហោចនៃបច្ចេកវិទ្យាផងដែរ ។ ការបើកមើលបណ្ដាញសង្គមតាមរយៈកញ្ចក់ដំណឹងល្អ អាចការពារវាកុំឲ្យក្លាយជាសូរ្យគ្រាសខាងវិញ្ញាណនៅក្នុងជីវិតយើង ។
ការឆ្មើងឆ្មៃ
ឥឡូវនេះ យើងនឹងនិយាយពីថ្មជំពប់នៃការឆ្មើងឆ្មៃដែលមានតាំងពីយូរមកហើយ ។ ការឆ្មើងឆ្មៃគឺជាការផ្ទុយពីភាពរាបសា ដែល « ជាការសុខចិត្តចុះចូលនឹងព្រះរាជបំណងរបស់ព្រះអម្ចាស់ » ។ ពេលមានការឆ្មើងឆ្មៃ យើងមានទំនោរចង់បានកិត្តិយសសម្រាប់ខ្លួនឯង ជាជាងផ្ដល់ដល់អ្នកដទៃ រួមទាំងព្រះអម្ចាស់ដែរ ។ ជាញឹកញាប់ ការឆ្មើងឆ្មៃគឺមានការប្រកួតប្រជែង វាគឺជាទំនោរមួយក្នុងការព្យាយាមទទួលឲ្យបានកាន់តែច្រើន ហើយសន្មតថាខ្លួនយើងល្អជាងអ្នកដទៃ ។ ជាញឹកញាប់ ការឆ្មើងឆ្មៃនាំឲ្យមានកំហឹង និងការស្អប់ វាធ្វើឲ្យមនុស្សម្នាក់ប្រកាន់ចិត្តគុំគួន ឬមិនចង់អត់ទោស ។ ទោះជាយ៉ាងណាក្តី ការឆ្មើងឆ្មៃអាចត្រូវបានលុបបំបាត់នៅក្នុងភាពរាបសាដែលជាលក្ខណៈដូចព្រះគ្រីស្ទ ។
ទំនាក់ទំនងនានា ទោះជាមួយគ្រួសារ និងមនុស្សជាទីស្រឡាញ់ដ៏ជិតដិតក្ដី ជាពិសេស ជាមួយនឹងគ្រួសារ និងមនុស្សជាទីស្រឡាញ់ដ៏ជិតដិត—សូម្បីតែរវាងស្វាមី និងភរិយា—គឺត្រូវបានចិញ្ចឹមបីបាច់នៅក្នុងភាពរាបសា និងត្រូវរាំងស្ទះដោយការឆ្មើងឆ្មៃ ។
ច្រើនឆ្នាំមកហើយ មាននាយកប្រតិបត្តិនៃក្រុមហ៊ុនលក់រាយដ៏ធំមួយ បានទូរសព្ទមកពិភាក្សានឹងខ្ញុំអំពីក្រុមហ៊ុនគាត់ ដែលត្រូវបានទិញយកដោយក្រុមហ៊ុនប្រកួតប្រជែងមួយរបស់គាត់ ។ គាត់រួមនឹងបុគ្គលិកជាច្រើននាក់ផ្សេងទៀតនៅការិយាល័យកណ្ដាល មានការភិតភ័យជាខ្លាំងក្រៃលែងថាពួកគេអាចនឹងបាត់បង់ការងារ ។ ដោយដឹងថា ខ្ញុំជិតស្និទ្ធនឹងអ្នកគ្រប់គ្រងធំនៃក្រុមហ៊ុននោះ គាត់បានសូមខ្ញុំ បើខ្ញុំសុខចិត្តណែនាំគាត់ និងផ្ដល់យោបល់បញ្ជាក់យ៉ាងខ្លាំងអំពីសមត្ថភាពគាត់ជំនួសរូបគាត់ គឺសូម្បីតែរៀបចំឲ្យមានការជួបគ្នាមួយសម្រាប់គាត់ទៀតផង ។ ក្រោយមកគាត់បានបញ្ចប់ជាមួយនឹងការថ្លែងដូចនេះថា « លោកដឹងថាគេនិយាយថាម៉េចទេ ? ‹ ជនស្លូតបូតនឹងត្រូវវិនាស ! › »
ខ្ញុំបានយល់ថា ពាក្យសម្ដីរបស់គាត់គឺទំនងជាមានបំណងចង់និយាយលេងប៉ុណ្ណោះ ។ ខ្ញុំយល់ពីរឿងកំប្លែងហ្នឹង ។ ប៉ុន្តែមានគោលការណ៍សំខាន់មួយដែលខ្ញុំមានអារម្មណ៍ថា គាត់អាចប្រើប្រាស់វាបាន ។ ខ្ញុំបានឆ្លើយតបថា « តាមពិតទៅ គេមិនមែននិយាយអញ្ចឹងទេ ។ តាមពិត វាផ្ទុយពីនោះទៅវិញទេ ។ គេនិយាយថា ‹ ជនស្លូតបូតនឹងទទួលគ្រងផែនដី… › ។
តាមបទពិសោធន៍របស់ខ្ញុំក្នុងសាសនាចក្រ ក៏ដូចជាក្នុងអាជីពការងាររបស់ខ្ញុំដែរ មនុស្សមួយចំនួនដែលអស្ចារ្យបំផុត មានប្រសិទ្ធិភាពបំផុតដែលខ្ញុំធ្លាប់បានស្គាល់ គឺនៅក្នុងចំណោមមនុស្សស្លូតបូត និងរាបសានោះឯង ។
ភាពរាបសា និងស្លូតបូតគឺត្រូវគ្នាដូចដៃនៅក្នុងស្រោមដៃអញ្ចឹង ។ ចូរយើងចាំថា « គ្មានអ្នកណាអាចបានទៅជាទីគាប់ចំពោះព្រះឡើយ លើកលែងតែមនុស្សស្លូតបូត ហើយសុភាពរាបសាប៉ុណ្ណោះ » ។
ខ្ញុំអធិស្ឋានថា យើងនឹងពុះពារចៀសវាងពីសូរ្យគ្រាសខាងវិញ្ញាណនៃការឆ្មើងឆ្មៃ ដោយការឱបក្រសោបគុណធម៌នៃភាពរាបសា ។
សេចក្ដីបញ្ចប់
ជាសង្ខេប សូរ្យគ្រាសគឺពិតជាបាតុភូតធម្មជាតិដ៏អស្ចារ្យ ខណៈដែលភាពស្រស់ស្អាត ភាពកក់ក្ដៅ និងពន្លឺនៃព្រះអាទិត្យអាចត្រូវបានបាំងទាំងស្រុងដោយវត្ថុដ៏តូចបើធៀបនឹងខ្លួនវា បណ្ដាលឲ្យមានភាពងងឹត និងអាកាសធាតុត្រជាក់ ។
បាតុភូតស្រដៀងគ្នាមួយអាចកើតឡើងដូចគ្នានៅខាងវិញ្ញាណដែរ ពេលបញ្ហាតូចតាច និងមិនសំខាន់នានាត្រូវបានផ្ដោតខ្លាំងពេក ហើយបាំងនូវភាពស្រស់ស្អាត ភាពកក់ក្ដៅ និងពន្លឺសួគ៌ានៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ហើយជំនួសមកវិញនូវភាពងងឹងដ៏ត្រជាក់វិញ ។
វ៉ែនតាត្រូវបានរចនាឡើងដើម្បីការពារភ្នែករបស់អ្នកដែលនៅក្នុងតំបន់សូរ្យគ្រាស ដែលអាចការពារកុំឲ្យមានការខូចភ្នែកជាអចិន្ត្រៃយ៍ និងធ្វើឲ្យខ្វាក់ភ្នែក ។ វ៉ែនតាដំណឹងល្អរួមមានទាំងការចេះដឹង និងទីបន្ទាល់អំពីគោលការណ៍ និងពិធីបរិសុទ្ធនៃដំណឹងល្អ ផ្តល់ទស្សនវិស័យនៃដំណឹងល្អ ដែលអាចស្រដៀងទៅនឹងការផ្ដល់នូវការការពារ និងភាពច្បាស់ខាងវិញ្ញាណដ៏អស្ចារ្យ ដល់មនុស្សម្នាក់ដែលជួបនឹងមហន្តរាយនៃសូរ្យគ្រាសខាងវិញ្ញាណ ។
បើអ្នករកឃើញថាមានអ្វីមួយហាក់ដូចជាបាំងក្ដីអំណរ និងពន្លឺនៃដំណឹងល្អក្នុងជីវិត របស់អ្នក ខ្ញុំសូមអញ្ជើញអ្នកឲ្យដាក់វានៅក្នុងទស្សនវិស័យនៃដំណឹងល្អ ។ សូមមើលតាមកញ្ចក់ពង្រីកនៃដំណឹងល្អ ហើយមានការប្រុងប្រយ័ត្នកុំបណ្តោយឲ្យរឿងមិនសំខាន់ និងគ្មានប្រយោជន៍មកក្នុងជីវិតអ្នក ដើម្បីបិទបាំងទស្សនអស់កល្បជានិច្ចរបស់អ្នកអំពីផែនការនៃសុភមង្គលដ៏មហិមាឡើយ ។ សរុបសេចក្ដីមកចូរកុំឲ្យការរំខានក្នុងជីវិតជាសូរ្យគ្រាសបាំងពន្លឺរបស់ស្ថានសួគ៌ឡើយ ។
ទីបន្ទាល់
ខ្ញុំសូមថ្លែងទីបន្ទាល់ថា មិនថាមានឧបសគ្គណាមួយដែលមកបាំងចក្ខុវិស័យរបស់យើងអំពីពន្លឺដំណឹងល្អនោះទេ ពន្លឺនៅតែនៅទីនោះ ។ ប្រភពនៃភាពកក់ក្ដៅ សេចក្ដីពិត និងភាពភ្លឺចែងចាំងនោះគឺជាដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំសូមថ្លែងទីបន្ទាល់អំពីព្រះវរបិតាសួគ៌ ព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទ និងតួនាទីរបស់ព្រះរាជបុត្រាថា ជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។