សារលិខិតសា្វគមន៍
សូមស្វាគមន៍មកកាន់សន្និសីទទូទៅ ហើយមានឯកសិទ្ធិដើម្បីស្ដាប់ឮសំឡេងរបស់ព្រះអម្ចាស់ ។
បងប្អូនប្រុសស្រី និងមិត្តជាទីស្រឡាញ់របស់ខ្ញុំទូទាំងពិភពលោក ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅមកកាន់សន្និសីទទូទៅនេះ ។ យើងជួបជុំគ្នាជាគ្រួសារសកលដ៏ធំមួយ ដោយមានបំណងដើម្បីថ្វាយបង្គំព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះនៃយើង គឺព្រះយេស៊ូវគ្រីស្ទ ។ សូមអរគុណចំពោះការចូលរួមជាមួយនឹងយើង ។
ឆ្នាំមុននេះគឺជាឆ្នាំមួយដែលអស្ចារ្យ និងមិនធម្មតា ។ ច្បាស់ណាស់ យើងម្នាក់ៗបានរៀនអ្វីមួយ ដែលយើងមិនបានដឹងពីមុនមក ។ មេរៀនមួយចំនួនដែលខ្ញុំបានដឹង ពីមុនបានចារទុកក្នុងដួងចិត្តខ្ញុំតាមរបៀបណែនាំថ្មី ។
ឧទាហរណ៍ ខ្ញុំ ដឹងយ៉ាងប្រាកដថា ព្រះអម្ចាស់ដឹកនាំកិច្ចការក្នុងសាសនាចក្ររបស់ទ្រង់ ។ ទ្រង់បានមានបន្ទូលថា « យើងនឹងបង្ហាញដល់ [ ឯង ] ថា យើងអាចធ្វើកិច្ចការរបស់យើងបាន » ។១
ជារឿយៗ ទីប្រឹក្សាខ្ញុំ និងខ្ញុំមានអារម្មណ៍ក្តុកក្តួល កាលយើងឃើញទ្រង់ជួយសម្រុះសម្រួលក្នុងកាលៈទេសៈដែលពិបាកបំផុត ដែលយើងបានធ្វើអស់ពីលទ្ធភាពហើយ ប៉ុន្តែនៅតែមិនអាចធ្វើអ្វីបាននោះ ។ យើងពិតជាឆ្ងល់យ៉ាងអស្ចារ្យ ។
នៅពេលនេះខ្ញុំក៏យល់កាន់តែច្បាស់ដែរពីអ្វីដែលទ្រង់ចង់សំដៅលើ កាលទ្រង់មានបន្ទូលថា « មើលចុះ យើងនឹងពន្លឿនកិច្ចការរបស់យើងឲ្យឆាប់នៅពេលកំណត់ » ។២ ខ្ញុំអររីករាយម្ដងហើយម្ដងទៀត កាលទ្រង់បានដឹកនាំ និងអនុវត្តការពន្លឿនកិច្ចការរបស់ទ្រង់—ទោះជាក្នុងពេលមានជំងឺរាតត្បាតទូទាំងពិភពលោកក្ដី ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ កម្លាំងនៃសាសនាចក្រនេះស្ថិតលើការប្រឹងប្រែង និងទីបន្ទាល់ដែលរីកចម្រើនឥតឈប់ឈររបស់សមាជិកទាំងឡាយ ។ ទីបន្ទាល់ទាំងឡាយដុះដាលបានល្អបំផុតនៅក្នុងគេហដ្ឋាន ។ ឆ្នាំមុននេះ បងប្អូន ជាច្រើនបានបង្កើនការសិក្សាដំណឹងល្អនៅក្នុងគេហដ្ឋានរបស់បងប្អូនយ៉ាងខ្លាំង ។ ខ្ញុំសូមអរគុណដល់បងប្អូន ហើយកូនចៅរបស់បងប្អូននឹងអរគុណដល់បងប្អូន ។
គម្រោងដ៏ធំដើម្បីជួសជុលព្រះវិហារបរិសុទ្ធសលត៍ លេក នៅតែបន្ដ ។ ខ្ញុំមានកៅអីជួរខាងមុខមួយក្នុងការិយាល័យ ដែលខ្ញុំអាចមើលទៅការបំពេញការងារនានានៅទីធ្លាព្រះវិហារបរិសុទ្ធ ។
កាលខ្ញុំមើលទៅជាងដែលកំពុងជីកឫសឈើ ទុយោទឹក ខ្សែភ្លើងចាស់ៗ និងប្រភពទឹកដែលធ្លាយនោះ ខ្ញុំបានគិតអំពីតម្រូវការរបស់យើងម្នាក់ៗ ដើម្បីរើកម្ទេចកម្ទីចាស់ៗក្នុងជីវិតយើងចេញ ដោយមានជំនួយពីព្រះអង្គសង្គ្រោះ ។
ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ គឺជាដំណឹងល្អនៃការប្រែចិត្ត ។៣ ដោយសារតែដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ នោះដំណឹងល្អរបស់ទ្រង់ផ្ដល់ការអញ្ជើញឲ្យបន្ដផ្លាស់ប្ដូរ រីកចម្រើន ហើយក្លាយកាន់តែបរិសុទ្ធ ។ នេះគឺជាដំណឹងល្អនៃសេចក្ដីសង្ឃឹម ការព្យាបាល និងការរីកចម្រើន ។ ហេតុដូច្នេះហើយ ដំណឹងល្អគឺជាសារលិខិតនៃ អំណរ វិញ្ញាណរបស់យើងអររីករាយនឹងគ្រប់ជំហានតូចៗ ដែលយើងបោះទៅមុខ ។
ផ្នែកមួយនៃការប្រមូលផ្ដុំអ៊ីស្រាអែល ជាផ្នែកដ៏សំខាន់មួយគឺជាកាតព្វកិច្ចរបស់យើងក្នុងនាមជាមនុស្សដែលមាន ភាពស័ក្ដិសមនិង ឆន្ទៈដើម្បីជួយរៀបចំពិភពលោកនេះសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ។
កាលយើងស្ដាប់សារលិខិតដែលបានរៀបចំយ៉ាងប្រុងប្រយ័ត្ន ដោយថ្នាក់ដឹកនាំរបស់យើងនៅក្រោមការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ នោះខ្ញុំសូមអញ្ជើញបងប្អូនឲ្យអធិស្ឋានដើម្បីស្គាល់ពីកម្ទេចកម្ទីចាស់ៗ ដែលបងប្អូនគួរតែរើចេញពីជីវិតរបស់បងប្អូន ដើម្បីបងប្អូនអាចកាន់តែមានភាពស័ក្ដិសម ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ ខ្ញុំស្រឡាញ់បងប្អូនណាស់ ហើយខ្ញុំថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌របស់យើង និងព្រះរាជបុត្រាសំណព្វរបស់ទ្រង់ស្គាល់ ហើយស្រឡាញ់បងប្អូនម្នាក់ៗ ។ ទ្រង់ទាំងទ្វេត្រៀមព្រះកាយរួចរាល់ ដើម្បីជួយបងប្អូនគ្រប់ជំហានដែ សូមស្វាគមន៍មកកាន់សន្និសីទទូទៅ ហើយមានឯកសិទ្ធិដើម្បីស្ដាប់ឮសំឡេងរបស់ព្រះអម្ចាស់ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕