សន្និសីទទូទៅ
សេចក្ដី​សង្ឃឹម​នៅក្នុង​ព្រះគ្រីស្ទ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


15:45

សេចក្ដី​សង្ឃឹម​នៅក្នុង​ព្រះគ្រីស្ទ

យើង​ចង់​ជួយ​មនុស្ស​ទាំងអស់ ដែល​មាន​អារម្មណ៍​ឯកោ ឬ​មាន​អារម្មណ៍​ថា​ពួកគេ​មិន​ចុះ​ចំណោម ។ ខ្ញុំ​សូម​លើកឡើង​ជាពិសេស​ចំពោះ​អ្នក​ដែល​នៅលីវ​នាពេលនេះ ។

បងប្អូន​ប្រុសស្រី នៅ​រដូវ​បុណ្យ​អ៊ីស្ទើរ​នេះ យើង​ផ្ដោតលើ​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​ដ៏​រុងរឿង​របស់​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​ចាំ​ពី​ការអញ្ជើញ​ពេញ​ដោយ​ក្ដីស្រឡាញ់​របស់​ទ្រង់​ថា « អស់​អ្នក​ដែល​នឿយព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មកឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នករាល់គ្នា​ឈប់​សម្រាក ។

« ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព ៖​នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សម្រាក​ដល់​ព្រលឹង ។

ពី​ព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល » ។

ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​មក​រក​ទ្រង់ គឺជា​ការអញ្ជើញ​ដល់​មនុស្ស​ទាំងអស់ មិន​ត្រឹមតែ​ឲ្យ​មករក​ទ្រង់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ឲ្យ​ជា​ចំណែក​កម្មសិទ្ធិ​ក្នុង​សាសនាចក្រ​របស់​ទ្រង់​ផងដែរ ។

នៅ​ខ​មុន​ការអញ្ជើញ​ដែល​ពេញ​ដោយ​ក្ដីស្រឡាញ់​នេះ ព្រះយេស៊ូវ​បង្រៀន​ពី​របៀប​ធ្វើ​ការណ៍​នេះ តាមរយៈ​ការព្យាយាម​ធ្វើ​តាម​ទ្រង់ ។ ទ្រង់​បាន​ប្រកាស​ថា « គ្រប់​សេចក្តី​ទាំងអស់​បាន​ប្រគល់​មក​ខ្ញុំ​ពី​ព្រះវរបិតា​នៃ​ខ្ញុំ ហើយ​គ្មាន​អ្នកណា [ ម្នាក់ ] ស្គាល់​ព្រះរាជបុត្រា​ទេ មាន​តែ​ព្រះវរបិតា​តែ​១ ក៏​គ្មាន​អ្នកណា [ ម្នាក់ ] ស្គាល់​ព្រះវរបិតា​ដែរ មាន​តែ​ព្រះរាជបុត្រា ហើយ​និង​អ្នកណា [ ម្នាក់ ] ដែល​ព្រះរាជបុត្រា​សព្វ​ព្រះហឫទ័យ​ចង់​បើក​ឲ្យ​ស្គាល់​ទ្រង់​ផង​ប៉ុណ្ណោះ » ។

ព្រះយេស៊ូវ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ដឹង​ថា ព្រះ​គឺជា​ព្រះវរបិតាសួគ៌​ដែល​ពេញ​ដោយ​ក្ដីស្រឡាញ់ ។

ការដឹង​ថា ព្រះវរបិតាសួគ៌​របស់​យើង​ស្រឡាញ់​យើង នឹង​ជួយ​យើង​ឲ្យ​ដឹង​ថា យើង​ជា​នរណា ហើយ​ដឹង​ថា យើង​ជា​កម្មសិទ្ធិ​ក្នុង​គ្រួសារ​អស់កល្ប​ជានិច្ច​ដ៏​មហិមា​របស់​ទ្រង់ ។

គ្លីនិក ម៉ាយ៉ូ បាន​កត់សម្គាល់​នាពេល​ថ្មីៗ​នេះ​ថា « ការមាន​អារម្មណ៍​ថា​ខ្លួនជា​ចំណែក​កម្មសិទ្ធិ​មួយ មាន​សារៈសំខាន់​ខ្លាំង​ណាស់ ។ … ស្ទើរតែ​គ្រប់​ផ្នែក​ទាំងអស់​នៃ​ជីវិត​យើង ត្រូវបាន​រៀបចំ​ឡើង​ជា​ចំណែក​កម្មសិទ្ធិ​របស់​អ្វីមួយ » ។ របាយការណ៍​នេះ​បាន​បន្ថែម​ថា « យើង​មិន​អាច​បំបែក​សារៈសំខាន់​នៃ​ការមាន​អារម្មណ៍​ជា​ចំណែក​កម្មសិទ្ធិ ពី​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​យើង​បាន​ទេ »ហើយ​ខ្ញុំ​សូម​បន្ថែម​សុខភាព​ខាង​វិញ្ញាណ​របស់​យើង​ផងដែរ ។

នៅ​ល្ងាច​មុនពេល​ការរងទុក្ខ​របស់​ទ្រង់​នៅ​ច្បារ​គែតសេម៉ានី និង​ការសុគត​នៅលើ​ឈើឆ្កាង ព្រះអង្គ​សង្គ្រោះ​បាន​ជួប​នឹង​ពួកសិស្ស​របស់​ទ្រង់​នៅ​អាហារ​ពេល​ល្ងាច​ចុងក្រោយ ។ ទ្រង់​មាន​បន្ទូល​ទៅកាន់​ពួកគេ​ថា « នៅ​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែនប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ » ។ មុន​ពេល​ថ្ងៃលិច​នៅ​ថ្ងៃ​បន្ទាប់ ព្រះយេស៊ូវ​គ្រីស្ទ​បាន​រងទុក្ខ ហើយ​បាន « បាន​សុគត [ នៅលើ​ឈើឆ្កាង ] ដោយ​ព្រោះ​បាប​របស់​យើង​រាល់​គ្នា » ។

ខ្ញុំ​ឆ្ងល់​ថា តើ​ស្ដ្រី និង​បុរស​ដ៏​ស្មោះត្រង់​ដែល​បាន​ដើរតាម​ទ្រង់​នៅ​ក្រុង​យេរូសាឡិម មាន​អារម្មណ៍​ឯកោ​ប៉ុណ្ណា​ទៅ កាល​ព្រះអាទិត្យ​អស្ដង្គត ហើយ​ភាពងងឹត និង​ការភ័យខ្លាច​បាន​ហ៊ុមព័ទ្ធ​ពួកគេ ។

ដូចជា​ពួកសិស្ស​ពីបុរាណ​ទាំងនេះ​កាលពី​ជិត ២០០០ ឆ្នាំ​កន្លង​ទៅ​ដែរ បងប្អូន​ភាគច្រើន​ក៏អាច​មាន​អារម្មណ៍​ឯកោ​ពេលខ្លះ​ផងដែរ ។ ខ្ញុំ​មាន​អារម្មណ៍​ឯកោ​នេះ តាំងពី​ឧត្តម​ភរិយា​របស់​ខ្ញុំ បាបារ៉ា បាន​លាចាក​លោក​ទៅ​ជាង​ពីរឆ្នាំ​កន្លះមក​ហើយ ។ ខ្ញុំ​ដឹងពី​អារម្មណ៍​ដែល​បាន​ជុំជិត​ដោយ​សមាជិក​គ្រួសារ មិត្តភក្ដិ និង​សហការី ប៉ុន្ដែ​នៅតែ​មាន​អារម្មណ៍​ឯកោ—ដោយសារ​ម្ចាស់​ជីវិត​ខ្ញុំ​លែង​នៅក្បែរ​ខ្ញុំ​ទៀតហើយ ។

ជំងឺ​រាតត្បាត កូវីដ-១៩ នេះ​បាន​គូស​បញ្ជាក់​ពី​ការមាន​អារម្មណ៍​ឯកឯង និង​ភាពឯកោ​សម្រាប់​មនុស្ស​ជាច្រើន ។ ទោះយ៉ាងណា ថ្វីបើ​យើង​មាន​ឧបសគ្គ​ក្នុង​ជីវិត​ក្ដី ដូចជា​ព្រឹក​បុណ្យ​អ៊ីស្ទើរ​ទីមួយ​នោះ​ដែរ យើង​អាច​ចាប់ផ្ដើម​ជីវិត​ថ្មី​មួយ​ក្នុង​ព្រះគ្រីស្ទ​ដោយ​មាន​លទ្ធភាព​ថ្មីៗ និង​អស្ចារ្យ​ជាច្រើន ព្រមទាំង​តថភាព​ថ្មីៗ កាល​យើង​ងាក​ទៅរក​ព្រះអម្ចាស់​ដើម្បី​បាន​ក្ដីសង្ឃឹម និង​ចំណែក​កម្មសិទ្ធិ ។

ខ្ញុំ​ខ្លួនឯង​ដឹងពី​ការឈឺចាប់​របស់​អស់​អ្នក​ដែល​ខ្វះ​អារម្មណ៍​មានចំណែក​ជា​កម្មសិទ្ធិ ។ កាល​ខ្ញុំ​មើល​ព័ត៌មាន​ជុំវិញ​ពិភពលោក ខ្ញុំ​ឃើញ​មនុស្ស​ជាច្រើន​ដែល​ហាក់​មាន​ភាពឯកោ​នេះ​ដែរ ។ ហើយ​ខ្ញុំ​គិត​ថា សម្រាប់​មនុស្ស​ជាច្រើន វា​គឺ​ដោយសារ​ពួកគេ​អាច​មិន​ដឹង​ថា ព្រះវរបិតាសួគ៌​ស្រឡាញ់​ពួកគេ ហើយ​ថា​យើង​ទាំងអស់​គ្នា​ជា​ចំណែក​កម្មសិទ្ធិ​ក្នុង​គ្រួសារ​ដ៏​អស់កល្ប​របស់​ទ្រង់ ។ ការជឿ​ថា​ព្រះ​ស្រឡាញ់​យើង ហើយ​ថា​យើង​គឺជា​បុត្រា​បុត្រី​របស់​ទ្រង់ វា​លួងលោម និង​អះអាង​ដល់​យើង ។

ដោយសារ​យើង​គឺជា​កូន​វិញ្ញាណ​របស់​ព្រះ នោះ​មនុស្ស​គ្រប់គ្នា​មាន​ដើម​កំណើត និស្ស័យ និង​សក្ដានុពល​ដ៏​ទេវភាព ។ យើង​ម្នាក់ៗ​គឺជា « បុត្រា ឬ​បុត្រី​សំណព្វ​ខាង​វិញ្ញាណ​របស់​ព្រះមាតា​បិតា​សួគ៌ » ។ នេះ​គឺជា​អត្តសញ្ញាណ​របស់​យើង ! នេះ​គឺ​ពិតជា​រូបយើង​មែន !

អត្តសញ្ញាណ​ខាង​វិញ្ញាណ​របស់​យើង​រីកចម្រើន ពេល​យើង​យល់ពី​អត្តសញ្ញាណ​នៃ​ជីវិត​រមែង​ស្លាប់​ជាច្រើន​របស់​យើង មាន​ដូចជា កេរ្ដិ៍​តំណែល​ជាតិពន្ធ វប្បធម៌ ឬ​ជាតិសាសន៍ ។

ញ្ញាណ​នៃ​អត្តសញ្ញាណ​ខាង​វិញ្ញាណ និង​ខាង​វប្បធម៌ នៃ​សេចក្ដី​ស្រឡាញ់ និង​នៃ​ចំណែក​កម្មសិទ្ធិ​នេះ អាច​បំផុស​ឲ្យ​មាន​ក្ដីសង្ឃឹម និង​ក្ដីស្រឡាញ់​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ។

ខ្ញុំ​និយាយ​អំពី​សេចក្ដី​សង្ឃឹម​នៅក្នុង​ព្រះគ្រីស្ទ​នេះ មិនមែន​ក្នុង​ការស្រមើ​ស្រមៃ​នោះ​ទេ ។ ផ្ទុយទៅវិញ ខ្ញុំ​និយាយ​ពី​សេចក្ដី​សង្ឃឹម ដែល​ជា​ការរំពឹង​ទុក​ដែល​នឹង​កើតឡើង ។ សេចក្ដី​សង្ឃឹម​បែបនោះ​គឺ​ចាំបាច់​ដើម្បី​យកឈ្នះ​លើ​ទុក្ខ​លំបាក បង្កើត​ឲ្យ​មាន​ភាពធន់ និង​កម្លាំង​ខាង​វិញ្ញាណ ហើយ​ដឹង​ថា ព្រះវរបិតា​ដ៏​អស់កល្ប​របស់​យើង​ស្រឡាញ់​យើង ហើយ​ថា​យើង​គឺជា​បុត្រា​បុត្រី​របស់​ទ្រង់ ដែល​ជា​ចំណែក​កម្មសិទ្ធិ​ក្នុង​គ្រួសារ​របស់​ទ្រង់ ។

ពេល​យើង​មាន​សេចក្ដី​សង្ឃឹម​នៅក្នុង​ព្រះគ្រីស្ទ នោះ​យើង​ដឹង​ថា កាល​យើង​ត្រូវ​ចុះ និង​រក្សា​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ នោះ​បំណង​ប្រាថ្នា និង​ក្ដីស្រមៃ​ដ៏​ល្អបំផុត​របស់​យើង​អាច​ត្រូវ​បំពេញ​បាន​តាមរយៈ​ទ្រង់ ។

កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ធ្វើការ​ប្រឹក្សា​រួមគ្នា​ដោយ​វិញ្ញាណ​នៃ​ការអធិស្ឋាន និង​ការចង់​យល់ដឹង​យ៉ាង​ខ្លាំង​ពី​របៀប​ដើម្បី​ជួយ​មនុស្ស​ទាំងអស់ ដែល​មាន​អារម្មណ៍​ឯកោ ឬ​មាន​អារម្មណ៍​ថា​ពួកគេ​មិនចូល​ចំណោម​គេ ។ យើង​ចង់​ជួយ​មនុស្ស​ទាំងអស់​ដែល​មាន​អារម្មណ៍​បែប​នេះ ។ ខ្ញុំ​សូម​លើកឡើង​ជាពិសេស​ចំពោះ​អ្នក​ដែល​នៅលីវ​នាពេលនេះ ។

បងប្អូន​ប្រុសស្រី​អើយ មជ្ឈិមវ័យ​ក្នុង​សាសនាចក្រ​ជាង​ពាក់​កណ្ដាល​សព្វថ្ងៃ​នេះ​គឺជា​ស្រ្តីមេម៉ាយ ជាពោះម៉ាយ លែងលះ​គ្នា ឬ​មិន​ទាន់​រៀបការ ។ មនុស្ស​មួយ​ចំនួន​ឆ្ងល់ពី​ឱកាស និង​ទីតាំង​របស់​ខ្លួន​នៅក្នុង​ផែនការ​របស់​ព្រះ និង​ក្នុង​សាសនាចក្រ​នេះ ។ យើង​គួរតែ​យល់​ថា ជីវិត​ដ៏​អស់កល្ប​មិនមែន​គ្រាន់តែ​ជា​សំណួរ​មួយ​អំពី​ស្ថានភាព​អាពាហ៍ពិពាហ៍​បច្ចុប្បន្ន​នោះ​ទេ ប៉ុន្ដែ​ពី​ភាពជា​សិស្ស និង​ការមាន​ចិត្ត « ក្លាហាន​ក្នុង​ទីបន្ទាល់​ពី​ព្រះយេស៊ូវ » ។ សេចក្ដី​សង្ឃឹម​របស់​មនុស្ស​ទាំងអស់​ដែល​នៅលីវ គឺ​ដូចគ្នា​នឹង​សេចក្ដី​សង្ឃឹម​របស់​សមាជិក​ទាំងអស់​ក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារឡើងវិញ​របស់​ព្រះអម្ចាស់​ដែរ—មាន​សិទ្ធិ​ទទួលបាន​ព្រះគុណ​របស់​ព្រះគ្រីស្ទ​តាមរយៈ « ការគោរព​តាម​ក្រឹត្យវិន័យ និង​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ » ។

ខ្ញុំ​សូម​ផ្ដល់​យោបល់​ពី​គោលការណ៍​សំខាន់​មួយ​ចំនួន​ដែល​យើង​ត្រូវ​យល់ ។

ទីមួយ ព្រះគម្ពីរ និង​ពួកព្យាការី​ថ្ងៃ​ចុងក្រោយ​បញ្ជាក់​ថា មនុស្ស​គ្រប់គ្នា​ដែល​ស្មោះត្រង់​ក្នុង​ការរក្សា​សេចក្ដី​សញ្ញា​នៃ​ដំណឹងល្អ នឹង​មាន​ឱកាស​សម្រាប់​ភាពលើក​តម្កើង ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « តាម​របៀប និង​ពេលវេលា​របស់​ព្រះអម្ចាស់​ផ្ទាល់ នោះ​ពុំមាន​ពរជ័យ​ណា​ដែល​នឹងត្រូវ​ដក​ចេញពី​ពួកបរិសុទ្ធ​ដ៏​ស្មោះត្រង់​របស់​ទ្រង់​នោះទេ ។ ព្រះអម្ចាស់​នឹង​កាត់​សេចក្ដី ហើយ​ប្រទាន​រង្វាន់​ដល់​បុគ្គល​ម្នាក់ៗ ស្របតាម​បំណង​ប្រាថ្នា​ដ៏​ស្មោះសរ និង​ទង្វើ​របស់​គេ » ។១០

ទីពីរ ពេលវេលា និង​របៀប​ជាក់លាក់​ដែល​ពរជ័យ​នៃ​ភាពលើក​តម្កើង​ត្រូវបាន​ប្រទាន​មក​នោះ ពុំទាន់​បាន​បើក​សម្ដែង​អស់​នៅឡើយ ប៉ុន្ដែ​វា​ត្រូវបាន​ធានា១១ប្រធាន ដាល្លិន អេក អូក បាន​ពន្យល់​ថា កាលៈទេសៈ​មួយ​ចំនួន « ក្នុង​ជីវិត​រមែង​ស្លាប់​នឹង​ត្រូវ​ដាក់​ឲ្យ​ត្រឹមត្រូវ​នៅ​គ្រា​សហសវត្សរ៍ ដែល​ជា​ពេល​សម្រាប់​ការបំពេញ​អ្វី​ទាំងអស់ ដែល​មិន​ពេញលេញ​ក្នុង​ផែនការ​នៃ​សុភមង្គល​ដ៏​អស្ចារ្យ សម្រាប់​បុត្រា​បុត្រី​ដ៏​ស័ក្ដិសម​ទាំងអស់​របស់​ព្រះវរបិតា​យើង » ។១២

ការណ៍​នោះ​មិនមែន​មាន​ន័យ​ថា ពរជ័យ​ទាំងអស់​ត្រូវ​ពន្យារពេល​រហូតដល់​សហសវត្សរ៍​នោះទេ ពរជ័យ​ខ្លះ​បាន​ទទួល​រួចហើយ ហើយ​ពរជ័យ​ផ្សេងទៀត​នឹង​បន្ដ​ទទួល​បាន​រហូតដល់​ថ្ងៃនោះ ។១៣

ទីបី ការរង់ចាំ​ដល់​ព្រះអម្ចាស់​មាន​ន័យ​ថា ការបន្ដ​គោរព​ប្រតិបត្តិ និង​រីក​ចម្រើន​ខាង​វិញ្ញាណ​ឆ្ពោះ​ទៅកាន់​ទ្រង់ ការរង់ចាំ​មិនមែន​មាន​ន័យ​ថា ការទន្ទឹង​ចាំ​ដោយ​គ្មាន​សកម្មភាព​នោះ​ទេ ។ បងប្អូន​មិនគួរ​មាន​អារម្មណ៍​ថា បងប្អូន​ស្ថិត​ក្នុង​បន្ទប់ រង់ចាំនោះទេ ។

ការរង់ចាំ​ព្រះអម្ចាស់​គឺ​ផ្តោត ពី​សកម្មភាព ។ ខ្ញុំ​បាន​រៀន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ថា សេចក្តីសង្ឃឹម​របស់​យើង​លើ​ព្រះគ្រីស្ទ​កើន​ឡើង​នៅ​ពេល​យើង​បម្រើ​ដល់​អ្នក​ដទៃ​ទៀត ។ ការបម្រើ​ដូច​ព្រះយេស៊ូវ​បាន​បម្រើ នោះ​យើង​បង្កើន​សេចក្តីសង្ឃឹម​របស់​យើង​ចំពោះ​ទ្រង់ ។

ការរីកចម្រើន​ផ្ទាល់ខ្លួន​ដែល​បុគ្គល​ម្នាក់​អាច​សម្រេច​បាន​នាពេល​នេះ ខណៈ​រង់ចាំ​ដល់​ព្រះអម្ចាស់ និង​ការសន្យា​របស់​ទ្រង់ គឺជា​ធាតុ​ដ៏​មាន​តម្លៃ និង​ពិសិដ្ឋ​មួយ​នៅក្នុង​ផែនការ​របស់​ទ្រង់​សម្រាប់​ពួកយើង​ម្នាក់ៗ ។ ការរួម​ចំណែក​ដ៏​សំខាន់​បំផុត​ដែល​បុគ្គល​ម្នាក់​អាច​ធ្វើ​បាន​នាពេល​នេះ គឺ​ត្រូវ​ជួយ​ស្ថាបនា​សាសនាចក្រ​នៅលើ​ផែនដី និង​ប្រមូលផ្ដុំ​អ៊ីស្រាអែល ។ ស្ថានភាព​អាពាហ៍ពិពាហ៍​ពុំមាន​អ្វី​ទាក់ទង​នឹង​សមត្ថភាព​បម្រើ​របស់​បុគ្គល​ម្នាក់​ឡើយ ។ ព្រះអម្ចាស់​សាទរ​ដល់​អស់​អ្នក​ដែល​បម្រើ ហើយ​រង់ចាំ​ដល់​ទ្រង់​ដោយ​ការអត់ធ្មត់ និង​សេចក្ដី​ជំនឿ ។១៤

ទីបួន ព្រះ​ប្រទាន​ជីវិត​ដ៏​អស់កល្ប​ដល់​បុត្រា​បុត្រី​របស់​ទ្រង់​ទាំងអស់ មនុស្ស​ទាំងអស់​ដែល​ទទួលយក​អំណោយ​ទាន​ដ៏​រុងរឿង​នៃ​ការប្រែចិត្ត​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​រស់នៅ​តាម​បទបញ្ញតិ្ត​របស់​ទ្រង់ នឹង​ទទួលបាន​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ទោះជា​ពួកគេ​មិន​ទទួលបាន​លក្ខណៈ​សម្បត្តិ និង​ភាពល្អ​ឥតខ្ចោះ​ទាំងអស់​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​ក្ដី ។ អស់​អ្នក​ដែល​ប្រែចិត្ត​នឹង​ទទួលបាន​ការត្រៀម​ជាស្រេច​ដើម្បី​អភ័យទោស​របស់​ព្រះអម្ចាស់ ដូច​ទ្រង់​បាន​ធានា​អះអាង​ថា « មែនហើយ ហើយ​ដរាបណា​រាស្ត្រ​យើង​ប្រែចិត្ត យើង​នឹង​អត់ទោស​ឲ្យ​គេ​ចំពោះ​ការរំលង​ច្បាប់​ទាំងឡាយ​ដែល​គេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​យើង » ។១៥

ក្នុង​ការវិភាគ​ចុងក្រោយ​នេះ សមត្ថភាព បំណង​ប្រាថ្នា និង​ឱកាស​របស់​បុគ្គល​ម្នាក់​ទាក់ទង​នឹង​សិទ្ធិ​ជ្រើសរើស និង​ការជ្រើស​រើស រួមមាន​ភាពស័ក្ដិសម​សម្រាប់​ពរជ័យ​ដ៏​អស់កល្ប គឺជា​រឿង​ដែល​មានតែ​ព្រះអម្ចាស់​ប៉ុណ្ណោះ​ដែល​អាច​កាត់​សេចក្ដី​បាន ។

ទីប្រាំ ទំនុកចិត្ត​របស់​យើង​លើ​ការធានា​អះអាង​ទាំងនេះ​មាន​ឫសគល់​ពី​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​តាមរយៈ​ព្រះគុណ​ទ្រង់ នោះ​គ្រប់​ការណ៍​ទាំងអស់​ទាក់ទង​នឹង​ជីវិត​រមែង​ស្លាប់ នឹង​ត្រូវបាន​ដាក់​ឲ្យ​ត្រឹមត្រូវ១៦តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ នោះ​ពរជ័យ​ដែល​បាន​សន្យា​ទាំងអស់​កើតឡើង​បាន​តាមរយៈ​ទ្រង់ ព្រោះ​ទ្រង់ « បាន​យាងចុះ​ក្រោម​គ្រប់​ទាំងអស់ »១៧ហើយ​បាន « ឈ្នះ​លោកីយ៍​ហើយ » ។១៨ ទ្រង់ « បាន​គង់នៅ​ខាងស្ដាំ​នៃ​ព្រះ ដើម្បី​សូម​ដល់​ព្រះវរបិតា​នូវ​សិទ្ធិ​នៃ​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់​ចំពោះ​កូនចៅ​មនុស្ស​លោក … ហេតុដូច្នោះ​ហើយ ទ្រង់​ជួយ​តវ៉ា ដើម្បី​ឧត្ដមគតិ​របស់​កូនចៅ​មនុស្ស » ។១៩ នៅ​ទីបញ្ចប់ « ពួកបរិសុទ្ធ​នឹង​ត្រូវបាន​ពោរពេញ​ទៅ​ដោយ​សិរីល្អ​របស់​ទ្រង់ ហើយ​ទទួល​កេរមរតក​របស់​ខ្លួន »២០ជា « អ្នកគ្រង​មរតក​នៃ​ព្រះ​ជាមួយ​នឹង​ព្រះគ្រីស្ទ​ផង » ។២១

បំណង​ប្រាថ្នា​របស់​យើង​គឺ​ថា គោលការណ៍​ទាំងនេះ​នឹង​ជួយ​មនុស្ស​ទាំងអស់​ឲ្យ​បង្កើន​សេចក្ដី​សង្ឃឹម​នៅក្នុង​ព្រះគ្រីស្ទ ហើយ​មាន​អារម្មណ៍​ថាជា​ចំណែក​កម្មសិទ្ធិ ។

សូម​កុំភ្លេច​ថា បងប្អូន​គឺជា​បុត្រ​របស់​ព្រះ ជា​ព្រះវរបិតា​ដ៏​អស់កល្ប​របស់​យើង នៅពេល​នេះ និង​ជារៀង​រហូត​តទៅ ។ ទ្រង់​ស្រឡាញ់​បងប្អូន ហើយ​សាសនាចក្រ​នេះ​ចង់​បាន​បងប្អូន និង​ត្រូវការ​បងប្អូន ។ មែនហើយ យើង​ត្រូវការ​បងប្អូន ! យើង​ត្រូវការ​សំឡេង ទេពកោសល្យ ជំនាញ សេចក្ដីល្អ និង​ភាពសុចរិត​របស់​បងប្អូន ។

អស់​រយៈពេល​ជាច្រើន​ឆ្នាំ យើង​បាន​និយាយ​អំពី « យុវមជ្ឈិមវ័យ​នៅលីវ » « មជ្ឈិមវ័យ​នៅលីវ » និង « មជ្ឈិមវ័យ » ។ ការជ្រើសរើស​ជាមុន​ទាំងនោះ​អាច​មាន​ប្រយោជន៍​ខាង​រដ្ឋបាល​ខ្លះដែរ នៅពេល​ខ្លះប៉ុន្ដែ​អាច​ផ្លាស់ប្ដូរ​ដោយ​ចៃដន្យ​លើ​របៀប​ដែល​យើង​យល់ពី​អ្វីផ្សេង ។

តើ​មាន​របៀប​ដើម្បី​ចៀសវាង​ពី​និន្នាការ​របស់​មនុស្ស​នេះ ដែល​អាច​បំបែក​យើង​ចេញពី​គ្នា​បាន​ទេ ?

ប្រធាន​ណិលសុន​បាន​សុំ​ឲ្យ​យើង​ហៅ​ខ្លួនយើង​ថា​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ការណ៍​នោះ​ហាក់​សំដៅ​លើ​យើង​ទាំងអស់​គ្នា មែនទេ ?

ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មាន​អំណាច​ដើម្បី​បង្រួប​បង្រួម​យើង ។ នៅ​ទីបំផុត យើង​មាន​ចំណុច​ដូចគ្នា​ច្រើនជាង​ចំណុច​ខុសគ្នា ។ ក្នុង​នាមជា​សមាជិក​គ្រួសារ​របស់​ព្រះ យើង​គឺជា​បងប្អូន​ប្រុសស្រី​នឹង​គ្នា ។ ប៉ុល​បាន​ថ្លែង​ថា « [ ព្រះ ] បាន​បង្កើត​មនុស្ស​គ្រប់​សាសន៍​ពី​ឈាម​តែ​១ ឲ្យ​បាន​នៅពេញ​លើ​ផែនដី ព្រមទាំង​សម្រេច​កំណត់​ពេលវេលា ដែល​បាន​តាំង​ជាមុន និង​ព្រំ​ទីលំនៅ​របស់​គេ​គ្រប់គ្នា » ។២២

ចំពោះ​បងប្អូន​ដែលជា​ប្រធាន​ស្ដេក ប៊ីស្សព និង​ថ្នាក់ដឹកនាំ​កូរ៉ុម និង​បងប្អូនស្រី​ទាំងឡាយ ខ្ញុំ​សូម​ឲ្យ​បងប្អូន​គិតដល់​សមាជិក​គ្រប់រូប​ក្នុង​ស្ដេក វួដ កូរ៉ុម ឬ​អង្គការ​របស់​បងប្អូន ថាជា​សមាជិក​ដែល​អាច​រួម​ចំណែក និង​បម្រើ​ក្នុង​ការហៅ​នានា​បាន ព្រមទាំង​ចូលរួម​តាម​របៀប​ជាច្រើន ។

សមាជិក​គ្រប់រូប​ក្នុង​កូរ៉ុម អង្គការ វួដ និង​ស្ដេក​របស់​យើង​មាន​អំណោយទាន និង​ទេពកោសល្យ​មកពី​ព្រះ ដែល​អាច​ជួយ​ស្ថាបនា​នគរ​របស់​ទ្រង់​បាន​នាពេល​នេះ ។

ចូរ​យើង​អំពាវនាវ​ដល់​សមាជិក​របស់​យើង​ដែល​នៅលីវ​ឲ្យ​បម្រើ លើកស្ទួយ និង​បង្រៀន ។ សូម​បោះចោល​ការយល់ឃើញ និង​គំនិត​ចាស់ៗ​ដែល​ពេលខ្លះ​បាន​បង្កើន​អារម្មណ៍​ឯកោ​របស់​ពួកគេ​ដោយ​អចេតនា ដែល​ថា​ពួកគេ​មិនមែន​ជា​ចំណែក​កម្មសិទ្ធិ ឬ​មិន​អាច​បម្រើ​បាន ។

ខ្ញុំ​សូម​ថ្លែង​សាក្សី​ខ្ញុំ​នៅ​ចុង​សប្ដាហ៍​បុណ្យ​អ៊ីស្ទើរ​នេះ អំពី​ព្រះអង្គ​សង្គ្រោះ​របស់​យើង ព្រះយេស៊ូវ​គ្រីស្ទ និង​សេចក្ដី​សង្ឃឹម​ដ៏​អស់កល្ប​ដែល​ទ្រង់​ប្រទាន​ដល់​ខ្ញុំ និង​មនុស្ស​ទាំងអស់​ដែល​ជឿ​លើ​ព្រះនាម​របស់​ទ្រង់ ។ ហើយ​ខ្ញុំ​ថ្លែង​ទីបន្ទាល់​នេះ​ដោយ​រាបសារ​នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ អាមែន ។