សន្និសីទទូទៅ
អ្វី​ដែល​យើងកំពុងរៀន​នឹង​មិន​ភ្លេច​ឡើយ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


អ្វី​ដែល​យើងកំពុងរៀន​នឹង​មិន​ភ្លេច​ឡើយ

ប្រសិនបើ​បងប្អូន​ក្រឡេក​មើល​ជីវិត​របស់​បងប្អូន​ប្រកប​ដោយ​ការអធិស្ឋាន​វិញ ខ្ញុំ​ជឿថា បងប្អូន​នឹង​មើលឃើញ​របៀប​ជាច្រើន​ដែល​ព្រះអម្ចាស់​បាន និង​កំពុង​ដឹកនាំ​បងប្អូន​ឲ្យ​ឆ្លងកាត់​ពេលវេលា​ដ៏​លំបាក​នេះ

បងប្អូន​ប្រុស​ជា​ទីស្រឡាញ់ ខ្ញុំ​បាន​ទន្ទឹង​រង់ចាំ​ឲ្យ​ដល់​ថ្ងៃ​ប្រជុំ​ជាមួយ​បងប្អូន​តាម​ប្រព័ន្ធ​អនឡាញ​នេះ​ខ្លាំងណាស់ ។ លើក​ចុងក្រោយ​ដែល​យើង​មាន​សម័យ​ប្រជុំ​បព្វជិតភាព​ក្នុង​សន្និសីទ​ទូទៅ​គឺ​កាល​ពី​ខែ មេសា ឆ្នាំ ២០១៩ ។ មាន​អ្វីៗ​ជាច្រើន​បាន​កើតឡើង​ក្នុង​រយៈ​ពេល​ពីរឆ្នាំ​កន្លង​ទៅនេះ ! បងប្អូន​មួយ​ចំនួន​បាន​បាត់បង់​មនុស្ស​ជា​ទីស្រឡាញ់​ ។ បងប្អូន​មួយ​ចំនួនទៀត​បាន​បាត់បង់​ការងារ ការប្រកប​របរ​ចិញ្ចឹម​ជីវិត ឬ ​សុខភាព​មិន​ល្អ ។ បងប្អូន​ផ្សេងទៀត​បាន​បាត់បង់​អារម្មណ៍​នៃ​ភាពសុខសាន្ត ឬ​ក្តីសង្ឃឹម​សម្រាប់​អនាគត ។ ដួងចិត្ត​ខ្ញុំ​មាន​ក្តី​អាណិតអាសូរ​ដល់​បងប្អូន​ម្នាក់ៗ ដែល​បាន​រងទុក្ខ​ដោយ​ការបាត់បង់​ទាំងនេះ ឬ​ការបាត់បង់​ផ្សេងទៀត ។ ខ្ញុំ​អធិស្ឋាន​ឥតឈប់ឈរ សូម​ឲ្យ​ព្រះអម្ចាស់​នឹង​លួងលោម​ដល់​បងប្អូន ។ កាល​ដែល​បងប្អូន​បន្ដ​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​របស់​បងប្អូន ខ្ញុំ​ដឹងថា ទ្រង់​មាន​សុទិដ្ឋិនិយម​ខ្លាំង​ចំពោះ​អនាគត​របស់​បងប្អូន ដូច​ទ្រង់​មាន​ពីមុន​មក​ដែរ ។

ទោះជា​យើង​ជួបប្រទះ ការបាត់បង់ក្តី ក៏​មាន​អ្វីមួយ​ថ្មី​ដែល​យើង រកឃើញផងដែរ ។ មនុស្ស​មួយ​ចំនួន​រកឃើញ​សេចក្តីជំនឿ​កាន់តែ​រឹងមាំ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ។ មនុស្ស​ជាច្រើនបាន​រកឃើញ​ទស្សនវិស័យ​ថ្មី​មួយ​អំពី​ជីវិត—ជា​ទស្សនវិស័យ​ដ៏​នៅ​អស់កល្ប​ផងដែរ ។ បងប្អូន​អាច​រកឃើញ​ទំនាក់ទំនង​កាន់តែ​រឹងមាំ​ជាងមុន​ជាមួយ​មនុស្ស​ជាទីស្រឡាញ់ និង​ជាមួយ​ព្រះអម្ចាស់ ។ ខ្ញុំ​សង្ឃឹមថា បងប្អូន​បានរកឃើញ​លទ្ធភាព​ដើម្បី ស្តាប់ទ្រង់បន្ថែមទៀត ហើយ​ទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន ។ ជារឿយៗ ឧបសគ្គ​លំបាកៗ​ផ្តល់​ជា​ឱកាស​ដើម្បី​រីកចម្រើន ដែល​ពុំអាច​ទទួលបាន​តាមរបៀប​ណា​ផ្សេងទៀត​ឡើយ ។

សូម​គិត​ពី​រយៈពេល​ពីរឆ្នាំ​កន្លងទៅ​នេះ ។ តើ​បងប្អូន​បាន​រីកចម្រើន​អ្វីខ្លះ ? តើ​បងប្អូន​បាន​រៀន​អ្វី​ខ្លះ ? ដំបូង ប្រហែល​ជា​បងប្អូន​ចង់​ត្រឡប់​ទៅ​ឆ្នាំ ២០១៩ វិញ ហើយ​ពុំចង់ចូល​ឆ្នាំ​ថ្មី​ឡើយ ! ប៉ុន្តែ​ប្រសិនបើ​បងប្អូន​ក្រឡេក​មើល​ជីវិត​របស់​បងប្អូន​ប្រកប​ដោយ​ការអធិស្ឋាន​វិញ ខ្ញុំ​ជឿថា បងប្អូន​នឹង​មើលឃើញ​របៀប​ជាច្រើន​ដែល​ព្រះអម្ចាស់​បាន និង​កំពុង​ដឹកនាំ​បងប្អូន​ឲ្យ​ឆ្លងកាត់​ពេលវេលា​ដ៏​លំបាក​នេះ ដោយ​ការជួយ​បងប្អូន​ឲ្យ​កាន់តែ​ក្លាយ​ជា​បុរស​ស្មោះត្រង់ និង​ប្រែចិត្តជឿ—ជា​បុរស​ដ៏​ពិត​របស់​ព្រះ ។

ខ្ញុំ​ដឹង​ថា ព្រះអម្ចាស់​មាន​ផែនការ​ដ៏​អស្ចារ្យ​សម្រាប់​យើង—ទាំង​ជា​បុគ្គល និង​ជា​សមូហភាព ។ ដោយ​ការអាណិតអាសូរ និង​អំណត់ ទ្រង់​មាន​ព្រះបន្ទូលថា ៖

« អ្នករាល់គ្នា​ជា​កូនក្មេង​តូច ហើយ​អ្នករាល់គ្នា​ពុំ​ទាន់​យល់​នៅឡើយ​ទេ អំពី​ព្រះពរ​ដ៏​ធំ​ណាស់​ហ្ន៎ ដែល​ព្រះវរបិតា​… បាន​រៀបចំ​ទុក​សម្រាប់​អ្នក

« ហើយ​អ្នករាល់គ្នា​ពុំ​អាច​ទ្រាំ​គ្រប់​ទាំងអស់​បាន​ឡើយ​នៅពេល​នេះ ទោះជា​យ៉ាងណា​ក៏​ដោយ ចូរ​សង្ឃឹម​ឡើង ដ្បិត​យើង​នឹង​ដឹកនាំ​អ្នករាល់គ្នា » ។

បងប្អូន​ប្រុស​ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ថា ទ្រង់​បាន ហើយ កំពុងដឹកនាំ​យើង កាល​ដែល​យើង​ព្យាយាម​ស្តាប់​ទ្រង់ ។ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​រីកចម្រើន និង​រៀនសូត្រ ទោះបីជា​មាន—ឬ​ថា ជាពិសេសពេល​មាន—ទុក្ខ​វេទនា​ក្តី ។

គ្រូបង្រៀន​ដ៏​អស្ចារ្យនោះ គឺភាពលំបាក​ ។ តើ បងប្អូនបាន​រៀន​អ្វីខ្លះ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មកនេះ ដែល​បងប្អូន​ចង់​ចងចាំ​ជានិច្ច​នោះ ? ចម្លើយ​របស់​បងប្អូន​ប្រាកដ​ជា​ពិសេស​ចំពោះ​បងប្អូន​ហើយ ប៉ុន្តែ​សូម​ឲ្យ​ខ្ញុំ​ប្រាប់​មេរៀន​បួន ដែល​ខ្ញុំ​សង្ឃឹម​ថា​យើង​ទាំងអស់​គ្នា​បានរៀន ហើយ​នឹង​មិន​ភ្លេច​ឡើយ ។

មេរៀន​ទី ១ ៖ គេហដ្ឋាន​គឺជា​ទីកន្លែង​ដ៏​សំខាន់​នៃ​សេចក្តីជំនឿ និង​ការថ្វាយបង្គំ

ជាញឹកញាប់ នៅពេល​ព្រះអម្ចាស់​ព្រមាន​យើង​អំពី​គ្រោះថ្នាក់​នៅ​ថ្ងៃ ចុងក្រោយ ទ្រង់​បាន​ផ្តល់​ការប្រឹក្សា​ថា « ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ​ទាំង​ឡាយ ហើយ​ចូរ​កុំ​រើ​ឡើយ » ។ ច្បាស់ណាស់ « ទី​បរិសុទ្ធ » ទាំងនេះ រួមមាន​ព្រះវិហារ​បរិសុទ្ធ និង​សាលាជំនុំ ។ ប៉ុន្តែ​កាល​ដែល​លទ្ធភាព​របស់​យើង​ក្នុង​ការជួបជុំ​គ្នា​នៅ​ទីកន្លែងទាំងនេះ​ត្រូវបាន​ហាមឃាត់​តាម​កម្រិត​ផ្សេងៗ នោះ​យើង​បាន​រៀន​ថា ទីកន្លែងដ៏​បរិសុទ្ធ​បំផុត​នៅលើ​ផែនដី​នេះ​ នោះគឺ​គេហដ្ឋាន—មែន​ហើយ គឺ​ជា គេហដ្ឋានរបស់​បងប្អូន ។

បងប្អូន​ប្រុស បងប្អូន​កាន់​បព្វជិតភាព​របស់​ព្រះ ។ « សិទ្ធិ​ទាំងឡាយ​នៃ​បព្វជិតភាព គឺ​ជាប់​ជាមួយ​នឹង​អំណាច​ទាំងឡាយ​នៃ​ស្ថានសួគ៌ » ។ បងប្អូន និង​គ្រួសារ​របស់​បងប្អូន​បាន​ទទួល​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព ។ គឺ​តាមរយៈ « ពិធី​បរិសុទ្ធ​ទាំងឡាយ [ នៃ​បព្វជិតភាព​នោះ ] អំណាច​នៃ​ព្រះ​ត្រូវ​បាន​សម្ដែង​ឲ្យ​ឃើញ » ។ អំណាច​នេះ​មាន​ចំពោះ​បងប្អូន និង​គ្រួសារ​របស់​បងប្អូន នៅក្នុង​គេហដ្ឋាន​របស់​បងប្អូន​ផ្ទាល់កាល​ដែល​បងប្អូន​គោរពតាម​សេចក្តី​សញ្ញា​ដែល​បងប្អូន​បាន​ធ្វើ ។

ទើបតែ ១៨៥ ឆ្នាំ​កន្លង​ទៅ​នៅ​ថ្ងៃនេះ​ថ្ងៃទី ៣ ខែមេសា ឆ្នាំ១៨៣៦ អេលីយ៉ា​បាន​ស្ដារ​កូនសោ​បព្វជិតភាព​ដែល​អនុញ្ញាត ឲ្យ គ្រួសារ​យើង​ផ្សារភ្ជាប់​ជា​មួយ​គ្នា​ជា​រៀង​រហូត ។ នោះ​ជា​ហេតុផល​ដែល​ទទួល​អារម្មណ៍​ដ៏ល្អ​ចំពោះ​ការធ្វើ​ពិធី​សាក្រាម៉ង់​នៅក្នុង​គេហដ្ឋាន​របស់​បងប្អូន ។ តើ​បងប្អូន​គិត​ថា​វា​មាន​ឥទ្ធិពល​ចំពោះ​សមាជិកគ្រួសារ​របស់​បងប្អូន​មើល​មក​បងប្អូន—ក្នុង​នាម​ជា​ឪពុក ជាជីតា ជាស្វាមី ជាកូនប្រុស ឬជា​បងប្អូន​ប្រុស—របស់​ពួកគេ ធ្វើ​ពិធីបរិសុទ្ធ​ដ៏​បរិសុទ្ធ​នេះ​យ៉ាង​ដូចម្តេច ? តើ​បងប្អូន​នឹង​ធ្វើ​អ្វី​ដើម្បី​រក្សា​អារម្មណ៍​ដ៏​ពិសិដ្ឋ​នោះ​នៅក្នុង​គ្រួសារ​របស់​បងប្អូនបន្តទៀត ?

បងប្អូន​អាច​មាន​អារម្មណ៍​ថា នៅតែ​មាន​អ្វីជាច្រើន​ទៀតដែល​បងប្អូន​ត្រូវ​ធ្វើ ដើម្បី​ធ្វើ​ឲ្យ​គេហដ្ឋានរបស់​បងប្អូន​ក្លាយ​ជា​ទីកន្លែង​ដ៏​បរិសុទ្ធ​នៃ​សេចក្តី​ជំនឿ ។ បើ​ដូច្នេះមែន សូម​ធ្វើ​តាម​អារម្មណ៍​នោះ​ចុះ ! ប្រសិនបើ​បងប្អូន​បានរៀបការរួចហើយ នោះសូម​ប្រឹក្សា​ជាមួយ​ភរិយា​របស់​បងប្អូន​ក្នុងនាម​ជា​ដៃគូ​ស្មើភាពគ្នា​នៅក្នុង​កិច្ចការ​ដ៏សំខាន់​នេះ ។ មាន​ការខិតខំ​មួយចំនួន​ដែល​មាន​សារៈសំខាន់​ជាង​ការងារនេះ ។ នៅ​ចន្លោះពេល​នេះ និង​ពេល​ដែល​ព្រះអម្ចាស់​យាងមក​ម្តងទៀត យើង​ទាំងអស់​គ្នា​ត្រូវ​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់​យើង​ជា​ទី​កន្លែង​ស្ងប់ស្ងាត់ និង​សុវត្ថិភាព ។

ឥរិយាបទ និង​សកម្មភាព​ដែល​អញ្ជើញ​ព្រះវិញ្ញាណ​នឹង​បង្កើន​ភាពបរិសុទ្ធ​នៅក្នុង​គេហដ្ឋាន​របស់​បងប្អូន ។ ការពិត​សំខាន់​ដូចគ្នា​នេះ​គឺថា ភាព​បរិសុទ្ធ​នឹង​រលាយបាត់ប្រសិនបើ មាន​​ឥរិយាបទ ឬ​បរិយាកាស​អ្វីមួយ​បង្ខូច​ដល់​ព្រះវិញ្ញាណ​បរិសុទ្ធ ដ្បិតថា « ស្ថានសួគ៌​ដក​ខ្លួន​ចេញ » ។

តើ​បងប្អូន​ធ្លាប់​ដែល​ឆ្ងល់​ដែរ​ឬទេ​ថា ហេតុអ្វី​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់​យើង​ជា​ទីកន្លែង​នៃ​ការរៀន​សូត្រ​ដំណឹងល្អ និង​ការរស់នៅ​តាម​ដំណឹងល្អយ៉ាងដូច្នេះ ? គេហដ្ឋាន​មិនមែន​គ្រាន់តែ​រៀបចំ​យើង និង​ជួយ​យើង​ឲ្យ​ឆ្លងកាត់​ជំងឺ​រាតត្បាត​មួយ​នេះប៉ុណ្ណោះនោះទេ ។ ការ​រឹតបន្តឹង​លើ​ការជួបជុំ​បច្ចុប្បន្ន​នេះ​នៅ​ទីបំផុត​នឹង​ត្រូវ​បញ្ចប់ ។ ទោះជា​យ៉ាងណា​ក្តី ការប្តេជ្ញាចិត្ត​របស់​បងប្អូន​ដើម្បី​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់បងប្អូន​ជា​ទីកន្លែង​ដ៏​បរិសុទ្ធ​នៃ​សេចក្តីជំនឿ ដ៏​សំខាន់នឹង មិនដែលបញ្ចប់​ទៅ​ឡើយ ។ កាល​ដែល​សេចក្តីជំនឿ និង​ភាព​បរិសុទ្ធ​ថយចុះ​នៅក្នុង​ពិភពលោក​ដ៏​ធ្លាក់ចុះនេះ នោះ​​តម្រូវការ​របស់​បងប្អូន​ដើម្បី​មាន​ទីកន្លែងដ៏បរិសុទ្ធ​នឹង​កើនឡើង ។ ខ្ញុំ​សូម​ជំរុញ​បងប្អូន​ឲ្យ​បន្ត​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់​បងប្អូន​ជា​ទីកន្លែង​ដ៏​បរិសុទ្ធ​យ៉ាងពិត​ប្រាកដ « ហើយ ចូរ​កុំរើចេញពី​គោលដៅ​ដ៏​ចាំបាច់​នោះឡើយ ។

មេរៀនទី ២ ៖ យើង​ត្រូវការ​គ្នា​ទៅវិញ​ទៅមក

ព្រះ​សព្វ​ព្រះទ័យ​ចង់​ឲ្យ​យើង​ធ្វើការ​ជាមួយគ្នា ហើយ​ជួយគ្នា​ទៅវិញ​ទៅមក ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ទ្រង់​បាន​បញ្ជូន​យើង​មកកាន់​ផែនដី​ជា​ក្រុមគ្រួសារ ហើយ​រៀបចំ​យើង​ជា​វួដ និង​ស្តេក ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ទ្រង់​បង្គាប់​យើង​ឲ្យ​បម្រើ និង​ធ្វើការងារ​បម្រើ​ចំពោះ​គ្នា​ទៅវិញ​ទៅមក ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ទ្រង់​បង្គាប់​យើង​ឲ្យ​រស់នៅ នៅក្នុងពិភពលោក​នេះ ប៉ុន្តែ​ពុំមែន​ជា របស់ពិភពលោក​នេះ​ឡើយ ។ យើង​អាច​សម្រេច​បាន​ច្រើន​ឥត​គណនា នៅពេល​យើង​មាន​សាមគ្គីភាព ជាជាង​ពេល​យើង​នៅ​តែ​ម្នាក់​ឯង ។១០ ផែនការ​នៃ​សុភមង្គល​របស់​ព្រះ​នឹង​ត្រូវ​បង្អាក់ ប្រសិនបើ​កូនចៅ​របស់​ទ្រង់​​នៅ​ឆ្ងាយ​ពី​គ្នា​នោះ ។

ជំងឺរាតត្បាត​បច្ចុប្បន្ន​នេះ​មាន​លក្ខណៈពិសេស ត្រង់​វា​ជះ​ឥទ្ធិពល​លើ​មនុស្ស​គ្រប់គ្នា​លើពិភពលោក​ក្នុង​ពេលដំណាលគ្នា ។ ខណៈ​ដែល​អ្នក​ខ្លះ​រងទុក្ខ​ជាង​អ្នក​ផ្សេងខ្លះទៀត តែ​យើង​ទាំងអស់​គ្នា​បាន​ប្រឈមមុខ​នឹង​បញ្ហា​ផ្សេងៗគ្នា ។ ដោយសារ​តែហេតុនេះ​ហើយ ទើប​ការ​សាកល្បង​រួម​របស់​យើង​មាន​សក្តានុពល​ដើម្បី​ជួយ​បង្រួប​បង្រួម​កូនចៅ​របស់​ព្រះ ជាង​ពេល​ណាៗ​ទាំងអស់ ។ ដូច្នេះហើយ ខ្ញុំ​សូម​សួរថា តើ​ការសាកល្បង​នេះ​បាន​ធ្វើ​ឲ្យ​បងប្អូន​យកចិត្ត​ទុកដាក់​ចំពោះ​អ្នក​ជិតខាង​—ចំពោះ​បងប្អូន​ប្រុសស្រី​នៅ​ផ្ទះ​ទល់មុខគ្នារបស់​បងប្អូន និង​នៅជុំវិញ​ពិភពលោក​ដែរ​ឬ​ទេ ?

បញ្ហា​នេះ បទបញ្ញត្តិ​ធំពីរ​អាច​ដឹកនាំ​យើង​បាន ៖ ទីមួយ ឲ្យ​ស្រឡាញ់​ព្រះ ហើយ​ទីពីរ ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង ។១១ យើង​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​យើង​តាមរយៈ​ការបម្រើ ។

ប្រសិនបើ​យើង​ដឹងថា នរណា​ម្នាក់​កំពុង​ឯកា សូម​ជួយ—ទោះជា​ខ្លួន​ឯង​កំពុងតែ​មាន​អារម្មណ៍​ថាឯកា​ក្តី ! បងប្អូន​ពុំចាំបាច់​ត្រូវការ​ហេតុផល ឬ​សារលិខិត ឬ​អាជីវកម្ម​ដើម្បី​ធ្វើ​វា​នោះទេ ។ គ្រាន់តែ​សួរ​សុខទុក្ខ និង​បង្ហាញ​សេចក្តីស្រឡាញ់​របស់​បងប្អូន​ប៉ុណ្ណោះ ។ បច្ចេកវិទ្យា​អាច​ជួយ​បងប្អូន​បាន ។ ទោះ​មាន​ជំងឺរាតត្បាត ឬ​គ្មានក្តី ក៏​បុត្រ​ដ៏មាន​តម្លៃ​ម្នាក់ៗ​របស់​ព្រះ​ត្រូវ​ដឹងថា ពួកគេ​មិននៅ​ឯកា​​ឡើយ !

មេរៀនទី ៣ ៖ ការប្រជុំ​កូរ៉ុម​របស់​បងប្អូន​គឺ​មាន​អត្ថន័យ​លើស​ពី​ការប្រជុំ​ឆ្ងាយណាស់

នៅអំឡុង​ជំងឺ​រាតត្បាត​នេះ ការប្រជុំ​កូរ៉ុម​ នៅថ្ងៃអាទិត្យ​ត្រូវបាន​ផ្អាក​មួយ​រយៈ ។ កូរ៉ុម​មួយចំនួន​ឥឡូវនេះ​អាច​ជួប​គ្នា​បាន​តាម​អនឡាញ ។ ទោះជាយ៉ាងណាក្តី កិច្ចការ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​កូរ៉ុម​បព្វជិតភាព​មិនមែន​គ្រាន់តែ​ជា​ការប្រជុំ​នោះទេ ។ ការប្រជុំ​ទាំងឡាយ​គ្រាន់តែ​ជា​ផ្នែក​តូចមួយ​នៃ​អត្ថន័យ​របស់​កូរ៉ុម និង​អ្វី​ដែល​កូរ៉ុម​អាចធ្វើ​ប៉ុណ្ណោះ ។

បងប្អូនប្រុស​នៃ​បព្វជិតភាព​អើរ៉ុន និង​កូរ៉ុម​អែលឌើរ​ទាំងឡាយ សូម​ពង្រីក​ចក្ខុ​វិស័យ​របស់​បងប្អូន​អំពី​មូលហេតុ​ដែល​យើង​មាន​កូរ៉ុម​នេះ ។ តើ​ព្រះ​អម្ចាស់​សព្វ​ព្រះទ័យ​ចង់​ឲ្យ​បងប្អូន​ប្រើ​កូរ៉ុម​របស់​បងប្អូន ដើម្បី​សម្រេច​កិច្ចការ​របស់​ទ្រង់—ឥឡូវ​នេះ ដោយ​របៀប​ណា ? សូម​ស្វែងរក​វិវរណៈ​ពី​ព្រះអម្ចាស់ ។ ចូរ​បន្ទាបខ្លួន ! ចូរសូម ! ចូរ​ស្ដាប់ ! ប្រសិនបើ​បងប្អូន​ត្រូវបាន​ហៅ​ឲ្យ​ដឹកនាំ សូម​ប្រឹក្សា​ជាមួយ​គណៈប្រធាន និង​ជាមួយ​សមាជិក​កូរ៉ុម ។ មិនថា​បងប្អូន​មាន​តំណែង​បព្វជិតភាព ឬ​ការហៅ​អ្វី​នោះទេ សូម​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ការប្តេជ្ញាចិត្ត​របស់​បងប្អូន ក្នុងនាម​ជាសមាជិក​នៃ​កូរ៉ុម និង​នៅក្នុង​ការបម្រើ​របស់​បងប្អូន ។ សូម​ដកពិសោធន៍​ដោយ​អំណរ​នូវ​សេចក្តី​សុចរិត​ដែល​បងប្អូន​នឹង​នាំមក កាល​បងប្អូន « ឧស្សាហ៍​ចូលរួម​ក្នុង​ប្រយោជន៍​ល្អ » ។១២ កូរ៉ុម​គឺជា​មុខតំណែង​ដ៏​ពិសេស​ដើម្បី​ពន្លឿន​ការ​ប្រមូល​ផ្តុំ​នៃ​អ៊ីស្រាអែល​ទាំង​សង​ខាង​វាំងនន ។

មេរៀនទី ៤ ៖ យើង​ស្តាប់​ព្រះយេស៊ូវ​គ្រីស្ទ​បានប្រសើរឡើង នៅពេល​យើង​នៅ​ស្ងៀម

យើង​រស់នៅ​ក្នុង​សម័យកាល​ដែល​បាន​ព្យាករ​ទុក​ជាយូរ​មកហើយ នៅពេល « គ្រប់​ទាំងអស់​នឹង​នៅក្នុង​ស្ថានភាព​ចលាចល ហើយ​ប្រាកដ​មែន មនុស្ស​លោក​នឹង​ស្រយុត​ចិត្ត » ។១៣ វា​ពិត​មែន ពីមុន​មាន​ជំងឺ​រាតត្បាត​នេះ ហើយ​នឹង​ពិត ក្រោយពី​ជំងឺ​រាតត្បាត​នេះ ។ ភាពចលាចល​នៅក្នុង​ពិភពលោក​នេះ​នឹង​បន្ត​កើនឡើង ។ ផ្ទុយទៅវិញ សំឡេង​របស់​ព្រះអម្ចាស់​គឺ​ពុំ « មែន​ជា​សំឡេង​អឺងកង​ដែរ ប៉ុន្តែ … [ គឺជា ] សំឡេង​រហៀងៗ​នៃ​ភាព​ស្រទន់​ឥត​ខ្ចោះ [ ហាក់បី ] ដូច​ជា​ពាក្យ​ខ្សឹប ហើយ​វា [ បាន​ចាក់​ទម្លុះ ] ទៅ​ដល់​ទាំង​ព្រលឹង » ។១៤ ដើម្បី​ស្តាប់​ឮ​សំឡេង​តូច​រហៀង​នេះ​បាន បងប្អូន​ខ្លួនឯង​ក៏ត្រូវ​នៅ​ស្ងៀម​ដែរ !១៥

អស់មួយរយៈពេល ជំងឺរាតត្បាត​នេះ​បាន​បញ្ឈប់​សកម្មភាព​ជាធម្មតាទាំងឡាយ​ដែល​បំពេញ​ជីវិត​យើង ។ មិនយូរ​ប៉ុន្មាន​នោះទេ យើង​នឹង​អាច​ជ្រើសរើស​បំពេញនូវ​ចន្លោះ​ពេលវេលា​នោះ​វិញម្តងទៀត ជាមួយ​នឹង​សំឡេង​អ៊ូអរ និង​ភាព​រញ៉េរញ៉ៃ​នៃ​ពិភពលោក​នេះ ។ ឬ​ក៏​យើង​អាច​ប្រើ​ពេលវេលា​របស់​យើង​ដើម្បី​ស្តាប់​សំឡេង​របស់​ព្រះអម្ចាស់​ខ្សឹបប្រាប់​ពី​ការណែនាំ ការលួងលោម និង​សេចក្តី​សុខសាន្ត​របស់ទ្រង់ ។ ពេលវេលា​ស្ងប់ស្ងាត់​គឺជា​ពេល​ដ៏​ពិសិដ្ឋ—ជាពេល​ដែល​នឹង​នាំ​ឲ្យ​ទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន និង​នាំមក​នូវ​សេចក្តី​សុខសាន្ត ។

សូម​លត់ដំ​ខ្លួន​បងប្អូន​ឲ្យ​មាន​ពេលវេលា​នៅ​តែ​ឯង និង​នៅ​ជាមួយ​មនុស្ស​ជា​ទីស្រឡាញ់​របស់​បងប្អូន ។ សូម​បើកដួងចិត្ត​បងប្អូន​ទៅកាន់​ព្រះ​ក្នុង​ការអធិស្ឋាន ។ សូម​ចំណាយពេល​ដើម្បី​ជ្រមុជ​ខ្លួន​បងប្អូន​នៅក្នុង​បទគម្ពីរ និង​ការថ្វាយ​បង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

បងប្អូនប្រុស​ជាទី​ស្រឡាញ់​របស់​ខ្ញុំ មាន​រឿង​ជាច្រើន​ដែល​ព្រះអម្ចាស់សព្វ​ព្រះទ័យ​ចង់​ឲ្យ​យើងរៀន ចេញ​ពី​បទពិសោធន៍​របស់​យើង នៅអំឡុង​ការមាន​ជំងឺ​រាតត្បាត​នេះ ។ ខ្ញុំ​បាន​រៀបរាប់​តែ​បួន​ចំណុច​ប៉ុណ្ណោះ ។ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ធ្វើ​បញ្ជី​របស់​បងប្អូន សូម​ពិចារណា​ពី​វា​ដោយ​ប្រុងប្រយ័ត្ន ហើយ​សូម​ចែកចាយ​វា​ជាមួយ​មនុស្ស​ដែល​បងប្អូន​ស្រឡាញ់ ។

អនាគត​មាន​ភាព​ភ្លឺស្វាង​សម្រាប់​រាស្ត្រ​ដែល​រក្សា​សេចក្តី​សញ្ញា​របស់​ព្រះ ។១៦ ព្រះអម្ចាស់​នឹង​អំពាវនាវ​កាន់តែ​ខ្លាំង​ឡើង​ឲ្យ​ពួក​អ្នកបម្រើ​ទ្រង់​ដែល​មាន​ភាពស័ក្តិសម ដែល​កាន់​បព្វជិតភាព​ឲ្យ​ប្រសិទ្ធពរ លួងលោម និង​ពង្រឹង​មនុស្ស​គ្រប់គ្នា ហើយ​ជួយ​រៀបចំ​ពិភពលោក​នេះ និង​បណ្ដាជន​ទាំងឡាយ​សម្រាប់​ការ​យាងមក​ជាលើក​ទីពីរ​របស់ទ្រង់ ។ ការអំពាវនាវ​នេះ​ផ្តល់​ជា​ប្រយោជន៍​ដល់​យើង ដើម្បី​ឲ្យ​ត្រូវ​នឹង​ការតែងតាំង​ដ៏​ពិសិដ្ឋ​ដែល​យើង​បាន​ទទួល ។ យើង​អាច​ធ្វើ​ដូចនេះ​បាន ! ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​គ្រប់​គ្នា ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​នេះ​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕