សន្និសីទទូទៅ
ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់​ឡើងវិញ សេចក្តី​ជំនឿ​លើ​ទ្រង់​នឹងរើ​ភ្នំចេញ​បាន
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់​ឡើងវិញ សេចក្តី​ជំនឿ​លើ​ទ្រង់​នឹងរើ​ភ្នំចេញ​បាន

សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​អំណាច​ដ៏​ធំ​បំផុត​ដែល​យើង​មាន​នៅក្នុង​ជីវិត​នេះ ។ ការណ៍​ទាំងអស់​នឹង​សម្រេច​បាន​ដល់​អ្នកណា​ដែល​ជឿ ។

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់​ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ឯកសិទ្ធិ​ដើម្បី​និយាយ​ទៅកាន់​បងប្អូន នៅ​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ​នេះ ។​ ពលិកម្មធួន​ និង​ការរស់ឡើងវិញ​របស់​ព្រះយេស៊ូគ្រីស្ទ​បាន​ផ្លាស់ប្តូរ​ជីវិត​យើង​ម្នាក់ៗ​ជា​រៀងរហូត ។ យើង​ស្រឡាញ់​ ហើយ​ថ្វាយបង្គំ​ទ្រង់ ​និង​ព្រះវរបិតាសួគ៌​ដោយ​អំណរគុណ ។

អំឡុង​ប្រាំមួយ​ខែ​ចុងក្រោយ​នេះ យើង​នៅតែ​បន្ដ​ពុះពារ​នឹង​ជំងឺ​រាតត្បាតជា​សកល​ ។ ខ្ញុំ​សូម​សរសើរ​ភាពអត់ធន់ និង​កម្លាំង​ខាង​វិញ្ញាណ​របស់​បងប្អូន ពេល​ប្រឈម​នឹង​ជំងឺ ការបាត់បង់ ព្រមទាំង​ភាពកណ្ដោច​កណ្ដែង ។ ខ្ញុំ​អធិស្ឋាន​ជានិច្ច​ថា បងប្អូន​នឹង​ទទួល​អារម្មណ៍​ក្ដីស្រឡាញ់​ដ៏​ឥត​រេរា​របស់​ព្រះអម្ចាស់​ចំពោះ​បងប្អូន ពេល​បងប្អូន​ឆ្លងកាត់​រឿង​ទាំងនេះ ។ បើ​បងប្អូន​បាន​ឆ្លើយតប​នឹង​ការសាកល្បង​​ដោយ​ភាពជា​សិស្ស​ដ៏​រឹងមាំ នោះ​ឆ្នាំមុន​នេះ​នឹង​មិន​អត់​ប្រយោជន៍ឡើយ ។

នៅ​ព្រឹក​នេះ យើង​បាន​ស្ដាប់​ថ្នាក់ដឹកនាំ​សាសនាចក្រ​មកពី​គ្រប់​ទ្វីប​លើ​ផែនដី​នេះ ។ ពិតណាស់ ពរជ័យ​នៃ​ដំណឹងល្អ​គឺមាន​សម្រាប់ គ្រប់ពូជសាសន៍ ភាសា និង​មនុស្ស​ទាំងអស់ ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​សាសនាចក្រ សាកលមួយ ។ ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​អង្គ​ដឹកនាំ​របស់យើង ។

យើង​ពេញ​ដោយ​អំណរគុណ ទោះបី​មាន​ជំងឺ​រាតត្បាត​នេះ​ក្ដី ក៏វាមិន​អាច​បន្ថយ​ការរីកចម្រើន​ដ៏​ឥត​ឈប់ឈរ​នៃ​សេចក្ដីពិត​របស់​ទ្រង់​បានដែរ ។ ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​អ្វីដែលត្រូវការ​ចាំបាច់​សម្រាប់​ពិភពលោក​ដ៏​ភាន់​ច្រឡំ ទាស់ទែង និង​នឿយហត់​នេះ ។

កូនចៅ​របស់​ព្រះ​ម្នាក់ៗសម​នឹង​មាន​ឱកាស​ស្ដាប់ ហើយ​ទទួលយក​សារលិខិត​នៃ​ការព្យាបាល និង​ការប្រោសលោះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ គ្មាន​សារលិខិត​ណា​ផ្សេងទៀត​ដែល​សំខាន់​ជាង​​សុភមង្គល​របស់​យើង​ឡើយ—ទាំង​ពេលនេះ និង​ពេល​អនាគត ។ គ្មាន​សារលិខិត​ណា​ដែល​ពោរពេញ​ដោយ​សេចក្ដីសង្ឃឹម​ខ្លាំង​ជាង​នេះ​ទេ ។ គ្មាន​សារលិខិត​ណា​​ដែល​អាច​លុបបំបាត់​ការទាស់ទែង​គ្នា​ក្នុង​សង្គម​យើង​បាន​ទេ ។

សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​គ្រឹះ​នៃ​ជំនឿ​ទាំងអស់ និង​ជា​របៀប​ដើម្បី​ទទួល​បាន​ព្រះចេស្ដា​របស់​ព្រះ ។ យោងតាម​សាវក​ប៉ុល « បើ​ឥត​មាន​សេចក្តី​ជំនឿ​ទេ នោះ​មិន​អាច​នឹង​គាប់​ដល់​ព្រះហឫទ័យ [ ព្រះ ] បាន​ឡើយ ដ្បិត​អ្នកណា​ដែល​ចូលទៅ​ឯ​ព្រះ នោះ​ត្រូវតែ​ជឿ​ថា មាន​ព្រះ​មែន ហើយ​ថា ទ្រង់​ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ស្វែងរក​ទ្រង់ » ។

អ្វីៗ​គ្រប់យ៉ាង​ដែល​ល្អ​ក្នុង​ជីវិត—គ្រប់​ពរជ័យ​ដែល​សំខាន់​ដ៏​អស់កល្ប—ចាប់ផ្ដើម​ដោយ​សេចក្ដី​ជំនឿ ។ ការទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​យើង ចាប់ផ្ដើម​ដោយ​សេចក្ដី​ជំនឿ​ថា ទ្រង់​ស្ម័គ្រ​ព្រះទ័យ​ដឹកនាំ​យើង ។ ការប្រែចិត្ត​ដ៏​ពិត​ចាប់ផ្ដើម​ដោយ​សេចក្ដី​ជំនឿ​ថា ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះចេស្ដា​ដើម្បី​សម្អាត ព្យាបាល និង​ពង្រឹង​យើង ។

ព្យាការី​មរ៉ូណៃ​បាន​ប្រកាស​ថា « សូម​កុំ​បដិសេធ​ព្រះចេស្ដា​នៃ​ព្រះ​ឡើយ ដ្បិត​ទ្រង់​ធ្វើការ​ដោយ​ព្រះចេស្ដា ស្របតាម​សេចក្ដី​ជំនឿនៃ​កូនចៅ​មនុស្ស ថ្ងៃនេះ​ក៏​ដូចគ្នា​នឹង​ថ្ងៃស្អែក និង​រហូត​តទៅ » ។ គឺ​សេចក្ដី​ជំនឿ របស់​យើងដែល​ចាក់សោ​បើក​ព្រះចេស្តា​នៃ​ព្រះ​មកក្នុង​ជីវិត របស់​យើង

ហើយ​ការអនុវត្ត​សេចក្ដី​ជំនឿ​អាច​មើល​ទៅ​ថា​ជា​រឿង​ដ៏​លើ​សលប់ ។ ពេលខ្លះ យើង​អាច​ឆ្ងល់​ថា តើ​យើង​​អាច​មាន​​ជំនឿ​គ្រប់គ្រាន់​ដើម្បី​ទទួលបាន​ពរជ័យ ដែល​យើង​ចង់​បាន​យ៉ាងខ្លាំង​នោះ​ដែរ​ឬទេ ។ ប៉ុន្ដែ ព្រះអម្ចាស់​បានរម្ងាប់​ការភ័យខ្លាច​ទាំងនោះ​ តាមរយៈ​ពាក្យសម្ដី​របស់​ព្យាការី​អាលម៉ា​ក្នុង​ព្រះគម្ពីរ​មរមន ។

រូបភាព
គ្រាប់ពូជ​មួយ​យ៉ាង​ល្អិត

អាលម៉ា​គ្រាន់តែ​សុំ​យើង​ឲ្យ ធ្វើការ​ពិសោធន៍ដល់​ពាក្យសម្ដី​នេះ ហើយ « អនុវត្ត​សេចក្ដី​ជំនឿ​មួយ តូចមែន​ហើយ គឺ​បើសិនជា [ យើង ] ពុំអាច​ធ្វើអ្វី​ក៏ដោយ ក្រៅពី​ការចង់​ជឿ » ។ ឃ្លា « សេចក្ដី​ជំនឿ​មួយ​តូច » រំឭក​ខ្ញុំ​អំពី​ការសន្យា​របស់​ព្រះអម្ចាស់​ក្នុង​ព្រះគម្ពីរ​ប៊ីប​ថា បើ​យើង « មាន​សេចក្តី​ជំនឿ​ដូច គ្រាប់​ពូជ​១​យ៉ាង​ល្អិតនោះ​យើង​នឹង​អាច « និយាយ​ទៅ​ភ្នំ​នេះ​ថា ចូរ​រើ​ចេញ​ពី​ទីនេះ​ទៅ​ទីនោះ​ចុះ នោះ​នឹង​បាន​ដូច្នោះ​ហើយ ក៏​គ្មាន​ការអ្វី​ដែល​អ្នករាល់គ្នា​ធ្វើ​មិន​កើត​នោះ​ទេ

រូបភាព
សត្វ​ស្លាប​នៅកណ្ដាល​គ្រាប់ពូជ​មួយ​យ៉ាងល្អិត

ព្រះអម្ចាស់​យល់ពី​ភាពទន់ខ្សោយ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង ។ យើង​ទាំងអស់​គ្នា​ស្ទាក់ស្ទើរ​ពេលខ្លះ ។ ប៉ុន្តែ​ទ្រង់​ក៏ស្គាល់​សក្ដានុពល​ដ៏​អស្ចារ្យ​របស់​យើង​ផងដែរ ។ គ្រាប់ពូជ​មួយ​នេះ​តូច​មែន ប៉ុន្ដែ​វា​ធំ​ទៅជា​ដើមឈើ​ដ៏ធំ​មួយ ល្មម​ឲ្យ​បក្សា​បក្សី​ធ្វើ​សំបុក​លើ​មែកវា​បាន ។ គ្រាប់ពូជ​នេះ​តំណាង​ឲ្យ​សេចក្ដី​ជំនឿ​ដ៏​តូច ប៉ុន្ដែ​វា​បន្ដ​រីកចម្រើន ។១៣

ព្រះអម្ចាស់​មិន​តម្រូវ​ឲ្យមាន​សេចក្ដី​ជំនឿ ឥតខ្ចោះ ដើម្បី​ឲ្យយើង​មាន​អំណាច ឥតខ្ចោះរបស់​ទ្រង់​នោះទេ ។ ប៉ុន្តែ​ទ្រង់​បាន​បង្គាប់​ឲ្យ​យើង​ជឿ ។

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់​ ខ្ញុំ​សូម​ឲ្យ​បងប្អូន​គ្រប់រូប​នៅ​ព្រឹក​អ៊ីស្ទើរ​នេះ​ ឲ្យ ចាប់ផ្ដើម​ថ្ងៃនេះដើម្បី​បង្កើន​សេចក្ដី​ជំនឿ​របស់​បងប្អូន ។ តាមរយៈ​សេចក្ដី​ជំនឿ​របស់​បងប្អូន នោះ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​បង្កើន​សមត្ថភាព​របស់​បងប្អូន​ឲ្យ​រើ​ភ្នំ​ក្នុង​ជីវិត​របស់​បងប្អូន​បាន ទោះជា​ឧបសគ្គ​ផ្ទាល់ខ្លួន​របស់​បងប្អូន​​ធំ​ប៉ុន​ភ្នំ​អេវើរ៉េស​ក្ដី ។

ភ្នំ​របស់​បងប្អូន​អាច​ជា​ភាពឯកោ ភាពសង្ស័យ ជំងឺ ឬ​បញ្ហា​ផ្ទាល់ខ្លួន​ផ្សេងៗ​ទៀត ។ ភ្នំ​របស់​បងប្អូន​អាច​មានខុសៗ​គ្នា ប៉ុន្ដែ​ចម្លើយ​ចំពោះ​ឧបសគ្គ​នីមួយៗ​របស់​បងប្អូន​គឺ ត្រូវ​បង្កើន​សេចក្ដី​ជំនឿ​របស់​បងប្អូន ។ សេចក្ដី​ជំនឿ​តម្រូវ​ឲ្យ​មាន​សកម្មភាព ។ អ្នករៀន​ខ្ជិល និង​ពួកសិស្ស​ខ្ជីខ្ជា​​ តែងតែ​ពិបាក​មាន សូម្បីតែ​សេចក្ដី​ជំនឿ​មួយ​តូច​ក្ដី ។

ដើម្បី​ធ្វើ​អ្វីៗ​បាន​ល្អ វា​តម្រូវ​ឲ្យមាន​ការខិតខំ ។ ការក្លាយជា​សិស្ស​ដ៏ពិត​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ តម្រូវ​ឲ្យមាន​ការខិតខំ ។ ការបង្កើន​សេចក្ដី​ជំនឿ និង​ការទុកចិត្ត​របស់​បងប្អូន​លើ​ទ្រង់​តម្រូវឲ្យ​មាន​ការខិតខំ ។ ខ្ញុំ​សូម​ផ្ដល់​យោបល់​ចំនួន​ប្រាំ ដើម្បី​ជួយ​បងប្អូន​ឲ្យ​អភិវឌ្ឍ​សេចក្ដី​ជំនឿ និង​ការទុកចិត្ត​នោះ ។

ទីមួយ សូម សិក្សា សូម​ក្លាយជា​អ្នករៀន​ដ៏​ឧស្សាហ៍ ។ សូម​ជ្រមុជ​ខ្លួន​បងប្អូន​នៅក្នុង​បទគម្ពីរ ដើម្បី​យល់ពី​បេសកកម្ម និង​ការងារ​បម្រើ​របស់​ព្រះគ្រីស្ទ​កាន់តែ​ច្បាស់។ សូម​ដឹងពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ដើម្បីឲ្យ​បងប្អូន​យល់ពី​អំណាច​នៃ​គោលលទ្ធិ​ក្នុង​​ជីវិត​របស់​បងប្អូន ។ សូម​ទទួលស្គាល់​សេចក្ដីពិត​ថា ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អនុវត្ត​ចំពោះ បងប្អូន ។ ទ្រង់​បាន​លើក​ដាក់​មកលើ​ព្រះអង្គ​ទ្រង់​នូវ​ការឈឺចាប់ របស់​បងប្អូនកំហុស របស់​បងប្អូនភាពទន់ខ្សោយ របស់​បងប្អូននិង​អំពើបាប របស់​បងប្អូន ។ ទ្រង់​បាន​បង់​ថ្លៃ​សង ហើយ​បាន​ផ្ដល់​អំណាច​ឲ្យ​បងប្អូន​អាច​រើ​ភ្នំ ទាំងអស់ដែល​បងប្អូន​នឹង​ជួប​ប្រទះ ។ បងប្អូន​ទទួលបាន​អំណាច​នោះ ​ដោយសារ​សេចក្ដី​ជំនឿ ការទុកចិត្ត និង​ការស្ម័គ្រចិត្ត​របស់​បងប្អូន​ដើម្បី​ធ្វើតាម​ទ្រង់ ។

ការរើ​ភ្នំ​របស់​បងប្អូន​អាច​តម្រូវ​ឲ្យមាន​អព្ភូតហេតុ​កើតឡើង ។ សូម​រៀនពី​អព្ភូតហេតុ ។ អព្ភូតហេតុ​កើតមាន​ស្របតាម​សេចក្ដី​ជំនឿ​របស់​បងប្អូន​លើ​ព្រះអម្ចាស់ ។ អ្វី​ដែល​សំខាន់​ចំពោះ​សេចក្ដី​ជំនឿ​នោះ​គឺ ការទុកចិត្ត​លើ​ព្រះទ័យ និង​កាលវិភាគ​របស់​ទ្រង់—របៀប និង​ពេលវេលា​ដែល​ទ្រង់​នឹង​ប្រទានពរ​ដល់​បងប្អូន ឲ្យ​ទទួលបាន​ជំនួយ​ដ៏​អព្ភូតហេតុ​ដែល​បងប្អូន​ចង់បាន​នោះ ។ មានតែ ការឥតជំនឿ របស់​បងប្អូនទេ ដែល​នឹង​រារាំង​មិនឲ្យ​ព្រះ​ប្រទានពរ​ដល់​បងប្អូន ឲ្យ​មាន​អព្ភូតហេតុ​រើ​ភ្នំ​ក្នុង​ជីវិត របស់​បងប្អូននោះ ។១០

កាលណា​បងប្អូន​រៀន​ពី​ព្រះអង្គ​សង្គ្រោះ​កាន់តែ​ច្រើន នោះ​វា​កាន់តែ​ងាយស្រួល​ដើម្បី​ទុកចិត្ត​លើ​សេចក្ដី​មេត្តា​របស់​ទ្រង់ សេចក្ដី​ស្រឡាញ់​ដ៏​និរន្ដរ​របស់​ទ្រង់ និង​ព្រះចេស្ដា​របស់​ទ្រង់​ក្នុងការ​ពង្រឹង ព្យាបាល និង​ប្រោសលោះ ។​ ព្រះអង្គ​សង្គ្រោះ​នឹង​គង់នៅ​កាន់តែ​ជិត​បងប្អូន ពេល​បងប្អូន​កំពុង​ជួប​បញ្ហា ឬ​កំពុង​ឡើង​ភ្នំ​ដោយ សេចក្ដី​ជំនឿ ។

ទីពីរ សូម​ជ្រើសរើស​ដើម្បី ជឿលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ បើ​បងប្អូន​សង្ស័យ​ពី​ព្រះ ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​សំណព្វ​របស់​ទ្រង់ ឬ​ពី​ភាពពិត​នៃ​ការស្ដារ​ឡើងវិញ ឬ​សេចក្ដីពិត​ពេញលេញ​នៃ​ការហៅ​ដ៏​ទេវភាព​របស់​យ៉ូសែប ស្ម៊ីធ​ ជា​ព្យាការី នោះ​សូម ជ្រើសរើសជឿ១១ ហើយ​បន្ដ​នៅ​ស្មោះត្រង់ ។ សូម​យក​សំណួរ​របស់​បងប្អូន​ទូលទៅ​ព្រះអម្ចាស់ និង​ទៅកាន់​ប្រភព​ដ៏​ស្មោះសរ​ផ្សេងទៀត ។ សូម​សិក្សា​ដោយ​មាន​បំណង​ចិត្ត​ដើម្បី ជឿ ជាជាង​សង្ឃឹម​ថា បងប្អូន​នឹង​រកឃើញ​កំហុស​ក្នុង​ជីវិត​របស់​ព្យាការី ឬ​ភាពមិន​ស្របគ្នា​នៅក្នុង​បទគម្ពីរ ។ សូម​ឈប់​បង្កើន​ការសង្ស័យ​របស់​បងប្អូន ដោយ​ទៅការពិភាក្សា​ជាមួយ​អ្នកសង្ស័យ​ផ្សេងទៀត ។ សូម​ទុក​ឲ្យ​ព្រះអម្ចាស់​ដឹកនាំ​បងប្អូន​ក្នុង​ដំណើរ​រុករក​ខាង​វិញ្ញាណ​របស់​បងប្អូន ។

ទីបី សូម ធ្វើ​សកម្មភាពដោយ​​ជំនឿ ។ តើ​បងប្អូន​នឹង​ធ្វើអ្វីខ្លះ បើសិនជា​បងប្អូន​មាន​ជំនឿ បន្ថែមទៀតនោះ ? សូម​គិត​ពី​ការណ៍​នេះ ។ សូម​កត់ត្រា​វា​ទុក ។ រួចហើយ សូម ទទួល​ជំនឿ​បន្ថែមទៀតតាមរយៈ​ការធ្វើ​អ្វីមួយ​ដែល តម្រូវ​ឲ្យមាន​ជំនឿបន្ថែម ។

ទីបួន សូម ទទួលទាន​ពិធីបរិសុទ្ធ​ពិសិដ្ឋដោយ​ភាពស័ក្ដិសម ។ ពិធីបរិសុទ្ធចាក់សោ​បើក​ព្រះចេស្ដា​នៃ​ព្រះ​មកក្នុង​ជីវិត​របស់​បងប្អូន ។១២

ហើយ​ទីប្រាំ ចូរ ទូល​សូមជំនួយ​ពី​ព្រះវរបិតាសួគ៌​របស់​បងប្អូន​ដោយ​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

សេចក្ដី​ជំនឿ​តម្រូវ​ឲ្យ​មាន​សកម្មភាព ។ ការទទួល​វិវរណៈ​តម្រូវ​ឲ្យ​មាន​ការអនុវត្ត ។ ប៉ុន្ដ « អស់​អ្នកណា​ដែល​សូម នោះ​រមែង​បាន អ្នកណា​ដែល​រក នោះ​រមែង​ឃើញ ហើយ​នឹង​បើក​ឲ្យ​អ្នកណា​ដែល​គោះ​ដែរ » ។១៣ ព្រះ​ជ្រាបពី​អ្វី​ដែល​នឹង​ជួយដល់​សេចក្ដី​ជំនឿ​របស់​បងប្អូន​ឲ្យ​រីកចម្រើន ។ ចូរ​សូម​ហើយ​សូម​ទៀត ។

អ្នកឥត​ជំនឿ​អាច​និយាយ​ថា សេចក្ដី​ជំនឿ​គឺ​សម្រាប់​អ្នកទន់ខ្សោយ ។ ប៉ុន្ដែ​ការថ្លែង​ដូច្នេះ​មើល​រំលង​នូវ អំណាចនៃ​សេចក្តី​ជំនឿ ។ បន្ទាប់ពី​ការសុគត​របស់​ទ្រង់ តើ​សាវក​របស់​ព្រះអង្គ​សង្គ្រោះ​នឹង​បន្ដ​បង្រៀន​គោលលទ្ធិ​របស់​ទ្រង់ ទាំង​ប្រថុយ​ប្រថាន​ជីវិត​របស់​ពួកគេ​ទេ បើ​ពួកគេ​សង្ស័យ​លើ​ទ្រង់​នោះ ?១៤ តើ​យ៉ូសែប និង ហៃរុម ស្ម៊ីធ ព្រម​រងទុក្ខ​រហូតដល់ស្លាប់​ពីជនកំណាច ដោយសារ​តែ​ការពារដល់​ការស្ដារឡើងវិញនៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់ឬទេ លើកលែង​តែ​ពួកលោកមាន​សាក្សីបញ្ជាក់ពីការពិតនោះ ? តើ​ពួកបរិសុទ្ធ​ជិត ២,០០០ នាក់​ព្រម​ស្លាប់​នៅតាម​ផ្លូវ​ត្រួសត្រាយ​ឬទេ១៥បើ​ពួកគេ​សង្ស័យ​ថា ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​មិន​ត្រូវបាន​ស្ដារឡើងវិញ​នោះ ? ពិតណាស់ សេចក្ដី​ជំនឿ​គឺជា​អំណាច​ដែល ធ្វើឲ្យ រឿង​​ដែលមិនអាចធ្វើ​​ទៅរួច ​ក្លាយទៅជា​រឿង​ដែល​អាច​សម្រេច​បាន ។

សូម​កុំ​កាត់បន្ថយ​សេចក្ដី​ជំនឿ ដែល​បងប្អូន​មាន​រួចទៅហើយនោះ​ឡើយ ។ វា​ត្រូវការ​សេចក្ដី​ជំនឿ​ដើម្បី​ចូលរួម​ក្នុង​សាសនាចក្រ​នេះ ហើយ​បន្ដ​នៅ​ស្មោះត្រង់ ។ វា​ត្រូវការ​សេចក្ដី​ជំនឿ​ដើម្បី​ធ្វើតាម​ព្យាការី ជាជាង​ធ្វើតាម​អ្នកជំនាញការ និង​ទស្សនៈ​ល្បីល្បាញ ។ វា​ត្រូវការ​សេចក្ដី​ជំនឿ​ដើម្បី​បម្រើ​បេសកកម្ម​អំឡុង​ជំងឺ​រាតត្បាត ។ វា​ត្រូវការ​សេចក្ដី​ជំនឿ​ដើម្បី​មាន​ជីវិត​មួយ​ដ៏​បរិសុទ្ធ កាល​លោកិយ​ស្រែក​ថា ច្បាប់​ព្រហ្មចារីភាព​របស់​ព្រះ​គឺ​ហួស​សម័យ ។ វា​ត្រូវការ​សេចក្ដី​ជំនឿ​ដើម្បី​បង្រៀន​ដំណឹងល្អ​ដល់​កូនចៅ​ក្នុង​ពិភពលោក​មួយ​ដែល​មិន​ជឿលើ​ព្រះ ។ វា​ត្រូវការ​សេចក្ដី​ជំនឿ​ដើម្បី​អង្វរ​សូម​ជីវិត​របស់​មនុស្ស​ជាទី​ស្រឡាញ់​ម្នាក់ ហើយ​វា​ត្រូវការ​សេចក្ដី​ជំនឿ​កាន់តែ​ខ្លាំង​ដើម្បី​ទទួល​យក​ចម្លើយ​ដែល​មិន​ដូច​ចិត្ត​នោះ ។

កាល​ពីរ​ឆ្នាំ​មុន​ស៊ីស្ទើរ ណិលសុន និង​ខ្ញុំ​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស សាម័រ តុងហ្គា ហ្វីជី និង​តាហ៊ីទី ។ ប្រជាជាតិ​ដែល​នៅ​លើ​កោះ​នីមួយៗ​បាន​ជួប​នឹង​គ្រោះ​ភ្លៀង​ដ៏​ធំ​រាប់សិប​ថ្ងៃ ។ សមាជិក​បាន​តម​អាហារ និង​អធិស្ឋាន ដើម្បី​កុំ​ឲ្យភ្លៀងលើ​ការប្រជុំ​នៅហាលវាល​របស់​ពួកគេ ។

នៅ​ប្រទេស​សាម័រ ហ្វីជី និង​តាហ៊ីទី​គឺភ្លៀង​បាន​រាំងភ្លាម ពេល​ដែល​ការប្រជុំ​ចាប់ផ្ដើម ។ ប៉ុន្ដែ​នៅ​ប្រទេស​តុងហ្គា ភ្លៀង​មិនបាន​រាំង​ទេ ។ ប៉ុន្ដែ ពួកបរិសុទ្ធ​ដ៏​ស្មោះត្រង់​ចំនួន ១៣,០០០ នាក់​បាន​មក​ចាប់​កៅអី​រាប់​ម៉ោង​មុន បាន​រង់ចាំ​ដោយ​អំណត់​នៅ​កណ្ដាល​ភ្លៀង​ដ៏​ជោគជាំ រួចហើយ​អង្គុយ​ក្នុង​ការប្រជុំ​ពីរ​ម៉ោង​ទាំង​ទទឹក​ជោគ ។

រូបភាព
ពួកបរិសុទ្ធ​តុងហ្គា​នៅ​កណ្ដាល​ភ្លៀង

យើង​បាន​ឃើញ​សេចក្ដី​ជំនឿ​ដ៏​រឹងមាំ​ក្នុង​ចំណោម​អ្នកកោះ​ទាំងនោះ​—ជា​សេចក្ដី​ជំនឿ​ដែល​គ្រប់គ្រាន់​ដើម្បី​បញ្ឈប់​ភ្លៀង និង​ជា​សេចក្ដី​ជំនឿ​ដើម្បី​តស៊ូ​ព្យាយាម ទោះ​ភ្លៀង​មិន​រាំង​ក្ដី ។

ភ្នំ​នៅក្នុង​ជីវិត​របស់​យើង​មិន​រើ​តាម​របៀប ឬ​ពេលវេលា​ដែល​យើង​ចង់​ឲ្យ​វា​រើ​ចេញ​ជានិច្ច​ទេ ។ ប៉ុន្ដែសេចក្ដី​ជំនឿ​របស់​យើង​នឹង​ធ្វើឲ្យ​យើង​ឆ្ពោះ​ទៅមុខ ជានិច្ច ។ សេចក្ដី​ជំនឿ តែងតែបង្កើន​លទ្ធភាព​​យើង​ឲ្យ​ទទួល​បាន​អំណាច​ពី​ព្រះ ។

សូម​ចាំ​ការណ៍​នេះ ៖ បើ​អ្វី​គ្រប់យ៉ាង ហើយ​មនុស្ស​គ្រប់គ្នា​ក្នុង​ពិភពលោក​នេះ​ដែល​បងប្អូន​ទុកចិត្ត ធ្វើឲ្យ​បងប្អូន​ខកចិត្ត នោះ​ព្រះយេស៊ូវ​គ្រីស្ទ និង​សាសនាចក្រ​របស់​ទ្រង់​នឹង មិន​ដែលធ្វើឲ្យ​បងប្អូន​ខកចិត្ត​ឡើយ ។ ព្រះអម្ចាស់​មិន​ដែល​ងោកងុយ ក៏​មិនដែល​ផ្ទំលក់​ឡើយ ។១៦ ទ្រង់ « គឺ​នៅតែ​ដដែល​ទោះជា​ម្សិលមិញ ថ្ងៃនេះ និង [ ថ្ងៃ​ស្អែក ] » ១៧ ទ្រង់​នឹង​មិន​បោះបង់​ចោល​រាស្ត្រ​ក្នុង​សេចក្ដីសញ្ញា​របស់ទ្រង់​ឡើយ ១៨ ការ​សន្យា​របស់​ទ្រង់ ឬ​សេចក្ដីស្រឡាញ់​របស់​ទ្រង់​ចំពោះ​រាស្ត្រ​របស់ទ្រង់ ។ ទ្រង់​ធ្វើ​ឲ្យ​មាន​អព្ភូតហេតុ​នៅ​ថ្ងៃនេះ ទ្រង់ក៏​នឹង​ធ្វើ​ឲ្យ​មាន​អព្ភូតហេតុ​នៅ​ថ្ងៃ​ស្អែក​ដែរ ។១៩

សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​អំណាច​ដ៏​ធំ​បំផុតដែល​យើង​មាន​នៅក្នុង​ជីវិត​នេះ ។ ការណ៍​ទាំងអស់​នឹង​សម្រេច​បាន​ដល់​អ្នកណា​ដែល​ជឿ ។២០

សេចក្ដី​ជំនឿរបស់​បងប្អូន​ទៅលើ​ទ្រង់ ដែល​ចម្រើន​ឡើង ​នឹង​រើ​ភ្នំ​ចេញ—មិន​មែន​ជា​ភ្នំ​ថ្ម​ដែល​ធ្វើឲ្យ​ផែនដី​នេះ​ស្រស់ស្អាត​នោះ​ទេ—តែ​ជា​ភ្នំ​នៃ​ទុក្ខសោក​ក្នុង​ជីវិត​របស់​បងប្អូន​វិញ ។ សេចក្ដី​ជំនឿ ដ៏​លូតលាស់របស់​បងប្អូន​នឹង​ជួយ​បងប្អូន​ឲ្យ​បង្វែរ​ឧបសគ្គ​ទៅជា​ការរីកចម្រើន និង​ឱកាស​ដ៏មិន​អាច​ប្រៀបផ្ទឹម​បាន​វិញ ។

នៅ​ថ្ងៃអាទិត្យ​អ៊ីស្ទើរ​នេះ ដោយ​មាន​សេចក្ដី​ស្រឡាញ់ និង​ការដឹងគុណ​ដ៏​ជ្រាលជ្រៅ ខ្ញុំ​សូម​ប្រកាសជា​សាក្សី​​ថា ព្រះ​យេស៊ូវគ្រីស្ទ​គឺ​ពិត​មាន​ព្រះជន្ម​រស់​ឡើង​វិញ » ។ ទ្រង់​មាន​ព្រះជន្ម​រស់ឡើង​វិញ​ដើម្បី​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ។ ទ្រង់​មាន​ព្រះជន្ម​រស់ឡើង​វិញ​ដើម្បី​ប្រទាន​ពរ​ដល់​ជីវិត​កូនចៅ​ទាំងអស់​របស់​ព្រះ មិន​ថា​ពួកគេ​រស់នៅ​ទីណា​នោះទេ ។ ដោយ​មាន​សេចក្ដី​ជំនឿ​ទៅលើ​ទ្រង់ យើង​អាច​រើ​ភ្នំ​ទាំងឡាយ​ចេញពី​ក្នុង​ជីវិត​របស់​យើង​បាន ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដូច្នោះ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. នៅ​ក្នុង​តំបន់​មួយ​ចំនួន​ក្នុង​ពិភពលោក​នេះ មនុស្សបាន​ស្វាគមន៍​គ្នា​តាម​របៀប​ពិសេសៗ​នៅ​ព្រឹក​បុណ្យ​អ៊ីស្ទើរ ។ ជា​ភាសា​កំណើត​របស់​ពួកគេ ម្ចាស់ផ្ទះ​នឹង​និយាយ​ថា « ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់​ឡើងវិញ ! » បន្ទាប់មក ភ្ញៀវ​ដែល​គេ​ស្វាគមន៍​នោះ​ឆ្លើយ​ថា « ពិត​ណាស់ ! ទ្រង់​រស់​ឡើង​វិញ » ! ឧទាហរណ៍ ការស្វាគមន៍​គ្នា​ទៅវិញ​ទៅមក​នៅ​បុណ្យ​អ៊ីស្ទើរ ដោយ​អ្នកនិយាយ​ភាសា​រុស្សី​ចាប់ផ្ដើម​ដោយ « Христос воскрес » ( ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់ឡើង​វិញ [ រស់​ឡើងវិញ ] ! ) ហើយ​ឆ្លើយ​មកវិញ​ថា « Воистину! Воскрес! » ( ពិត​ណាស់ ! ទ្រង់​មាន​ព្រះជន្ម​រស់ឡើង​វិញ ! ) ។

  2. សូម​មើល ម៉ូសាយ ២:៤១ ។

  3. ហេព្រើរ ១១:៦ ។ Lectures on Faith ថ្លែង​ថា សេចក្ដី​ជំនឿ « គឺជា​គោលការណ៍​គ្រប់គ្រង​ដ៏​ធំ​បំផុត​ដំបូង​គេ ដែល​មាន​អំណាច ការគ្រប់គ្រង និង​សិទ្ធិ​អំណាច​លើ​គ្រប់​អ្វី​ទាំងអស់ » ( [ ឆ្នាំ ១៩៨៥ ] ទំព័រ ៥ ) ។

  4. សូមមើល ម៉ាថាយ ១១:២៨–៣០អាលម៉ា ៧:១២–១៣អេធើរ ១២:២៧ ។

  5. មរ៉ូណៃ ១០:៧ បាន​បន្ថែម​ការគូស​បញ្ជាក់ ។

  6. អាលម៉ា ៣២:២៧ បាន​បន្ថែម​ការគូស​បញ្ជាក់ ។

  7. ម៉ាថាយ ១៧:២០បាន​បន្ថែម​ការគូស​បញ្ជាក់; សូមមើល​ផងដែរ ហេលេមិន ១២:៩, ១៣ ។

  8. សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៨:១៧–១៨ ។ រង្វាន់​នៃ​ការសម្រាត​ភាព​ខាង​សាច់ឈាម​ចេញ គឺ​ការក្លាយជា « អ្នកបរិសុទ្ធ​វិញ តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ​ដ៏ជា​ព្រះអម្ចាស់ » ( ម៉ូសាយ ៣:១៩ ) ។

  9. សូមមើល នីហ្វៃ​ទី​១ ៧:១២

  10. សូមមើល មរមន ៩:១៩–២១; អេធើរ ១២:៣០ ។

  11. សូមមើល នីហ្វៃ​ទី​២ ៣៣:១០–១១ ។

  12. សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៤:២០ ។

  13. ម៉ាថាយ ៧:៨ ។

  14. បើ​គ្មាន​អំណាច​នៃ​សេចក្ដី​ជំនឿ​ទេ តើ​អ័ប៊ីណាដៃ​ព្រម​រងទុក្ខ​ដល់​ស្លាប់​ដោយ​ភ្លើង ដោយសារ​ការមិន​ព្រម​បដិសេធ​អ្វី​ដែល​លោក​បាន​ដឹង​ថា​ពិត​ដែរ​ឬទេ ? ( សូមមើល ម៉ូសាយ ១៧:៧–២០ ) ។ បើ​គ្មាន​អំណាច​នៃ​សេចក្ដី​ជំនឿ​ទេ តើ​អេធើរ​ព្រម​លាក់ខ្លួន​ក្នុង​រូងថ្ម​ទេ ( សូមមើល អេធើរ ១៣:១៣–១៤ហើយ​តើ​មរ៉ូណៃ​ព្រម​ស៊ូទ្រាំ​នឹង​ភាពឯកោ​រាប់ឆ្នាំ​ទេ ( សូមមើល មរ៉ូណៃ ១:១–៣នៅពេល​ដែល​ជីវិត​របស់​ពួកលោក​អាច​បាន​ស្រណុក​ខ្លាំង​ក្រៃ បើ​ពួកលោក​គ្រាន់តែ​បដិសេធ​អ្វី​ដែល​ពួកលោក​បាន​ជឿ​នោះ ?

  15. សូមមើល Melvin L. Bashore, H. Dennis Tolley, and the BYU Pioneer Mortality Team « Mortality on the Mormon Trail, 1847–1868 » BYU Studiesវ៉ុល ៥៣, លេខ ៤ ( ឆ្នាំ ២០១៤ ) ទំព័រ ១១៥ ។

  16. សូមមើល ទំនុក​ដំកើង ១២១:៤ ។

  17. មរមន ៩:៩ ។

  18. សូមមើល អេសាយ ៥៤:១០នីហ្វៃ​ទី​៣ ២២:១០ ។

  19. សូមមើល មរមន ៩:១០–១១, ១៥ ។

  20. សូមមើល ម៉ាកុស ៩:២៣ ។