ពន្លឺនៅជាប់នឹងពន្លឺ
នៅពេលយើងពង្រឹងជំនឿរបស់យើងលើព្រះគ្រីស្ទឲ្យកាន់តែខ្លាំង នោះយើងទទួលបានពន្លឺកាន់តែខ្លាំងឡើងរហូតដល់វាលុបបំបាត់ភាពងងឹត ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ ខ្ញុំរីករាយជាមួយបងប្អូនថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរដ៏ ពិសិទ្ធនេះក្នុងការសញ្ជឹងគិតអំពីពន្លឺដ៏ រុងរឿងដែល បានរះ នៅលើផែនដីជា មួយ នឹងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអម្ចាស់ ព្រះអង្គសង្គ្រោះរបស់ យើងគឺព្រះយេស៊ូវគ្រីស្ទ ។
ក្នុងអំឡុងការបម្រើក្នុងនៃជិវិតរមែងស្លាប់ ព្រះយេស៊ូវបានប្រកាសថា « ខ្ញុំជាពន្លឺលោកីយ៍ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្តីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ » ។១ ព្រះវិញ្ញាណនៃ ព្រះគ្រីស្ទគឺ ជា « ពន្លឺដែលនៅ ក្នុងគ្រប់ទាំងអស់ [ និង ] ដែលផ្ដល់ជីវិតដល់គ្រប់ទាំងអស់ » ។២ ព្រះវិញ្ញាណនៃព្រះគ្រីស្ទឈ្នះលើ ភាពងងឹត បើមិនដូច្នេះទេវានឹងរុំព័ទ្ធជុំវិញយើងហើយ ។
ជាច្រើនឆ្នាំកន្លងទៅនៅ ក្នុងដំណើរផ្សង ព្រេង កូនប្រុសពីរនាក់របស់ ខ្ញុំ និងខ្ញុំបាននាំក្រុមយុវជនទៅរូងភ្នំ ម៉ៅនីង ខេវីន ដែលត្រូវបានគេដាក់ឈ្មោះថាមានសំឡេងមួយដែលបន្លឺចេញពីមាត់ល្អាងនោះ ។ រូងភ្នំនេះគឺជារូងភ្នំដែលមានផ្លូវដ៏តូចចង្អៀត មានជម្រៅបញ្ឍរប្រហែល៥៥ ម៉ែត្រចុះក្រោម ដែលជារូងគុហាតែមួយធំជាងគេបំផុតនៅរដ្ឋកាលីហ្វ័រញ៉ា ។
វិធីមានតែពីរគត់ដែលអាចចុះទៅក្រោមបាន ៖ តាមជណ្ដើររាងជារង្វង់ដែលមានសុវត្ថិភាព ឬតោងខ្សែពួរចុះទៅដល់បាតរូងភ្នំ ដូច្នេះកូនប្រុសទាំងពីររបស់ខ្ញុំ និងខ្ញុំបានជ្រើសរើសចុះតាមខ្សែពួរ ។ កូនប្រុសច្បងរបស់ខ្ញុំបានចុះទៅមុនគេ ខណៈពេលដែលខ្ញុំ និងកូនពៅរបស់ខ្ញុំបានសម្រេចចុះក្រោយគេដើម្បីយើងអាចចុះជាមួយគ្នា ។
បន្ទាប់ពីអ្នកមគ្គុទេសក៍របស់យើងបានណែនាំ និងធានាសុវត្ថិភាពដល់យើងដោយប្រើខ្សែពួរ និងខ្សែក្រវ៉ាត់ទៅនឹងខ្សែពួរដ៏រឹងមាំមួយ នោះយើងបានដើរថយក្រោយរហូតទាល់តែយើងបានឈរនៅលើគែមខ្ពស់តូចមួយ ហើយប្រមូលនូវទំនុកចិត្តរបស់យើង ព្រោះនេះគឺជាកន្លែងចុងក្រោយដើម្បីថយ និងជាកន្លែងចុងក្រោយដែលយើងអាចមើលឃើញ ពន្លឺព្រះអាទិត្យចេញពីមាត់រូងភ្នំនេះ ។
បន្ទាប់មក យើងបានឈានថយក្រោយចុះចូលទៅក្នុងរូងគុហាមួយដែលខ្ពស់ និងធំទូលាយដែលវាអាចលេបរូបសំណាកសេរីភាពទាំងមូល យ៉ាងងាយ ។ យើងបានសម្រូតចុះយឺតៗ ភ្នែករបស់យើងបានសម្របទៅនឹងភាពងងឹតនៅទីនោះ ។ កាលយើងបន្តសម្រូតចុះមកក្រោមតិចៗ ពន្លឺនៃអំពូលភ្លើងអគ្គិសនីបានបំភ្លឺជញ្ជាំងថ្មកញ្ចក់ដីក្នុងរូងភ្នំ និងរ៉ែដែលកើតឡើងនៅលើដំបូលនៃរូងភ្នំ ។
ដោយមិនបានដឹងមុន ស្រាប់តែភ្លើងដាច់ងងឹតឈឹង ។ កាលព្យួរខ្លួននៅលើទីជ្រៅបំផុត យើងបានព័ទ្ធជុំវិញទៅដោយភាពងងឹតយ៉ាងខ្លាំងរហូតដល់យើងមិនអាចមើលឃើញដៃយើងដែលកាន់ខ្សែពួរនៅចំពោះមុខយើងឡើយ ។ សំឡេងមួយបន្លឺឡើងភ្លាមៗថា « ប៉ាប៉ា នៅឯណា ? »
ខ្ញុំបានឆ្លើយតបវិញថា « ប៉ានៅទីនេះកូនប្រុស ប៉ានៅទីនេះទេ » ។
ការបាត់បង់ពន្លឺដែលមិនបានរំពឹងទុក បង្ហាញថាបើគ្មានភ្លើងអគ្គិសនីទេ ភាពងងឹតក្នុងរូងភ្នំនោះ គឺមើលមិនឃើញឡើយ ។ ពិតណាស់យើង « បានធ្លាក់ចូលក្នុង »ភាពងងឹត ។ នៅពេលពន្លឺ ត្រឡប់មកវិញ នោះភាពងងឹតបានបាត់ភ្លាម ភាពងងឹតតែងតែចុះចាញ់ពន្លឺជានិច្ច សូម្បីតែពន្លឺដែលតិចបំផុតក្តី ។ កូនប្រុសខ្ញុំ និងខ្ញុំបានចងចាំអំពីភាពងងឹតដែលយើងមិនធ្លាប់ស្គាល់ កាន់តែដឹងគុណចំពោះពន្លឺហើយធានាថាយើងមិននៅម្នាក់ឯងក្នុងទីងងឹតទេ ។
ការចុះទៅក្នុងរូងភ្នំរបស់យើងមានលក្ខណៈស្រដៀងគ្នាទៅនឹងដំណើរជីវិតរបស់យើងក្នុងជីវិតរមែងស្លាប់នេះ ។ យើងបានចាកចេញពីពន្លឺដ៏រុងរឿងនៃស្ថានសួគ៌ ហើយចុះមកតាមរយៈវាំងនននៃការភ្លេចភ្លាំងទៅពិភពលោកដែលជាកម្មវត្ថុនៃអំពើបាប និងអំពើអាក្រក់ ។ ព្រះវរបិតាសួគ៌របស់យើងមិនបានបោះបង់យើងចោលក្នុង ភាពងងឹត ទេ ប៉ុន្តែបានការសន្យា ថានឹងផ្តល់ពន្លឺ ដល់យើងសម្រាប់ដំណើររបស់យើងតាមរយៈព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ។
យើងដឹងថាពន្លឺព្រះអាទិត្យមានសារសំខាន់សម្រាប់ជីវិតនៅលើផែនដី ។ អ្វីដែលសំខាន់ដូចគ្នាចំពោះជីវិតខាងវិញ្ញាណរបស់យើងគឺពន្លឺដែលចែងចាំងមកពីព្រះអង្គសង្រ្គោះរបស់យើង ។ នៅក្នុងសេចក្តីស្រឡាញ់ដ៏ល្អឥតខ្ចោះរបស់ទ្រង់ ព្រះអម្ចាស់ ទ្រង់ប្រទានពន្លឺរបស់ព្រះគ្រីស្ទដល់មនុស្សទាំងអស់ « ដែលកើតមកក្នុងលោកិយ »៣ដើម្បីឲ្យពួកគេអាច « ដឹងខុស និងត្រូវ »៤ដើម្បីត្រូវបានបំផុស « ឲ្យធ្វើល្អឥតឈប់ឈរ » ។៥ ពន្លឺនោះបង្ហាញខ្លួនតាមរយៈអ្វីដែលយើងច្រើនតែហៅថាមនសិការដែលអញ្ជើញយើងឲ្យធ្វើ និងកាន់តែល្អប្រសើរ ធ្វើជាមនុស្សល្អបំផុតទៅតាមលទ្ធភាពរបស់ខ្លួន ។
នៅពេលយើងពង្រឹងជំនឿរបស់យើងលើព្រះគ្រីស្ទឲ្យកាន់តែខ្លាំងនោះយើងទទួលបានពន្លឺកាន់តែខ្លាំងឡើងរហូតដល់វាលុបបំបាត់ភាពងងឹតទាំងអស់ដែលអាចរុំព័ទ្ធជុំវិញខ្លួនយើង ។ « អ្វីដែលមកពីព្រះ ជាពន្លឺ ហើយអ្នកណាដែលទទួលពន្លឺ ហើយនៅជាប់ក្នុងព្រះ នោះទទួលពន្លឺថែមទៀត ហើយពន្លឺនោះភ្លឺកាន់តែខ្លាំងឡើងៗ រហូតដល់ថ្ងៃបានល្អឥតខ្ចោះ » ។៦
ពន្លឺរបស់ព្រះគ្រីស្ទរៀបចំយើងដើម្បីទទួលឥទ្ធិពលនៃការងារបម្រើរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលជា « ព្រះចេស្ដានៃព្រះ…នៃសេចក្តីពិតនៃដំណឹងល្អ » ។៧ សមាជិកទីបីនៃក្រុមព្រះគឺជាព្រះវិញ្ញាណបរិសុទ្ធ « តែមានរូបជាព្រះវិញ្ញាណវិញ » ។៨ ប្រភពពន្លឺដ៏អស្ចារ្យដែលព្រះវរបិតាសួគ៌ផ្ដល់ដល់បងប្អូនក្នុងជីវិតរមែងស្លាប់ គឺបានមកតាមរយៈព្រះវិញ្ញាណបរិសុទ្ធដ៏មានឥទ្ធិពល « ដែលនឹងបំភ្លឺគំនិតរបស់អ្នក ដែល [ នឹង ] បំពេញព្រលឹងរបស់អ្នកដោយអំណរ » ។៩
នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយតាមរយៈសិទ្ធិអំណាចបព្វជិតភាពដែលបានស្ដារឡើងវិញ បងប្អូនត្រូវបានទទួលបុណ្យជ្រមុជទឹកដោយការពន្លិចសម្រាប់ការផ្ដាច់បាប ។ បន្ទាប់មកជាការដាក់ដៃលើក្បាលរបស់បងប្អូន និងដោយ « អំណោយទានដែលពុំអាចប្រាប់បាន » ១០ជាព្រះវិញ្ញាណបរិសុទ្ធដែលបានប្រទានឲ្យដល់បងប្អូន ។
នៅពេលបំណងប្រាថ្នា និងសកម្មភាពរបស់បងប្អូនផ្តោតទៅលើផ្លូវនៃសេចក្ដីសញ្ញា នោះព្រះវិញ្ញាណបរិសុទ្ធដែលជាពន្លឺនៅក្នុងខ្លួនបងប្អូននឹងបង្ហាញ និងថ្លែងទីបន្ទាល់ពីសេចក្តីពិត ១១ព្រមានពីគ្រោះថ្នាក់ ការលួងលោម១២និងសម្អាត១៣និងផ្តល់នូវសេចក្តីសុខសាន្ត១៤ដល់ព្រលឹងរបស់បងប្អូន ។
ពីព្រោះ « ពន្លឺនៅជាប់នឹងពន្លឺ១៥ភាពជាដៃគូដ៏ខ្ជាប់ខ្ជួននៃព្រះវិញ្ញាណបរិសុទ្ធនឹងដឹកនាំបងប្អូនឲ្យជ្រើសរើស ដែលនឹងជួយបងប្អូនឲ្យនៅក្នុងពន្លឺ តែការជ្រើសរើសដែលធ្វើដោយគ្មានឥទ្ធិពលរបស់ព្រះវិញ្ញាណបរិសុទ្ធនឹងនាំបងប្អូនទៅរកស្រមោល និងភាពងងឹត ។ អែលឌើរ រ៉ូបឺត ឌី ហែល បានបង្រៀន « នៅពេលមានពន្លឺ នោះភាពងងឹតត្រូវតែបរាជ័យ ហើយត្រូវតែរលាយបាត់ទៅ ។… នៅពេលដែលពន្លឺខាងវិញ្ញាណពីព្រះវិញ្ញាណបរិសុទ្ធមានវត្តមាន នោះភាពងងឹតរបស់សាតាំងនឹងចាកចេញទៅ » ។១៦
ខ្ញុំសូមផ្តល់យោបល់ថា នេះគឺជាពេលវេលាដែលត្រូវសួរខ្លួនឯងថា ៖ តើខ្ញុំមានពន្លឺនោះនៅក្នុងជីវិតរបស់ខ្ញុំដែរឬទេ ? បើមិនដូច្នោះទេ តើពេលណាដែលជាពេលចុងក្រោយដែលខ្ញុំបានមានពន្លឺនោះ ?
ដូចពន្លឺព្រះអាទិត្យស្រោចស្រពទៅផែនដីដើម្បីបន្ត និងទ្រទ្រង់ដល់ជីវិតប្រចាំថ្ងៃ បងប្អូនអាចបំភ្លឺពន្លឺនៅក្នុងខ្លួននៅពេលបងប្អូនជ្រើសរើសដើរតាមទ្រង់—ព្រះយេស៊ូវគ្រីស្ទ ។
កាំរស្មីពន្លឺត្រូវបានភ្លឺបន្ថែមរាល់ពេលដែលបងប្អូនស្វែងរកព្រះដោយការអធិស្ឋាន សិក្សាបទគម្ពីរដើម្បី « ស្តាប់ទ្រង់ »១៧ធ្វើតាមការណែនាំ និងវិវរណៈរបស់ពួកព្យាការីដែលកំពុងរស់នៅ និង « ដើរតាមរបៀបទាំងអស់នៃព្រះអម្ចាស់ ។ »១៨
បងប្អូននឹងអញ្ជើញពន្លឺខាងវិញ្ញាណឲ្យចូលក្នុងព្រលឹង និងភាពសុខសាន្តមកក្នុងជីវិតរាល់ពេលដែលបងប្អូនប្រែចិត្ត ។ នៅពេលបងប្អូនទទួលទានសាក្រាម៉ង់រាល់សប្តាហ៍ដើម្បីយកព្រះនាមរបស់ព្រះអង្គសង្គ្រោះមកដាក់លើខ្លួន ដើម្បីនឹកចាំទ្រង់ជានិច្ច ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ នោះពន្លឺរបស់ទ្រង់នឹងភ្លឺចែងចាំងក្នុងបងប្អូន ។
មានពន្លឺនៅក្នុងព្រលឹងបងប្អូន រាល់ពេលដែលបងប្អូនចែកចាយដំណឹងល្អ និងថ្លែងទីបន្ទាល់របស់បងប្អូន ។ រាល់ពេលដែលបងប្អូនបម្រើគ្នាដូចដែលព្រះអង្គសង្គ្រោះបានធ្វើ នោះបងប្អូននឹងទទួលអារម្មណ៍កក់ក្តៅក្នុងចិត្តពីទ្រង់ ។ ពន្លឺរបស់ព្រះវរបិតាសួគ៌តែងតែស្ថិតនៅក្នុងព្រះវិហារបរិសុទ្ធ និងនៅលើអស់អ្នកដែលមានវត្តមាននៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ។ ពន្លឺរបស់ទ្រង់នៅក្នុងបងប្អូនត្រូវបានធ្វើឲ្យប្រសើរឡើងជាមួយនឹងទង្វើនៃសេចក្តីសប្បុរស អត់ធ្មត់ អភ័យទោស សប្បុរសធម៌ និងបង្ហាញនៅក្នុងទឹកមុខរីករាយរបស់បងប្អូន ។ ហើយម៉្យាងវិញទៀត យើងធ្វើតាមការល្បួង នៅពេលយើងឆាប់ខឹង ឬយឺតយ៉ាវក្នុងការអត់ទោសឲ្យអ្នកដទៃ ។ « នៅពេលបងប្អូនបែរមុខឆ្ពោះទៅរកពន្លឺព្រះអាទិត្យ នោះស្រមោលមិនអាចនៅពីមុខទេ ប៉ុន្តែត្រូវនៅពីក្រោយបងប្អូនវិញ ។១៩
នៅពេលបងប្អូនរស់នៅក្នុងភាពស័ក្ដិសមទៅនឹងភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ នោះបងប្អូនពិតជា « បង្កើនសមត្ថភាពខាងវិញ្ញាណដើម្បីទទួលបានវិវរណៈ » ។២០
ជីវិតពោរពេញទៅដោយបញ្ហាដែលត្រូវប្រឈមមុខ និងឧបសគ្គដែលរារាំងយើង ហើយយើងទាំងអស់គ្នាត្រូវប្រឈមមុខនឹងថ្ងៃដែលងងឹត និងព្យុះភ្លៀងផងដែរ ។ ប្រសិនបើយើង « ទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់យើង »២១នោះពន្លឺនៃព្រះវិញ្ញាណបរិសុទ្ធនឹងបង្ហាញថា ជីវិតមានគោលបំណង និងអត្ថន័យនៅក្នុងការសាកងរបស់យើង នៅទីបំផុត ការសាកល្បងទាំងនោះនឹងបំលែងយើងឲ្យទៅជាមនុស្សកាន់តែល្អប្រសើរ មានជំនឿមុតមាំ និងមានសេចក្តីសង្ឃឹមកាន់តែភ្លឺស្វាងនៅក្នុងព្រះគ្រីស្ទ ដោយដឹងថាព្រះអម្ចាស់គង់នៅជាមួយយើងគ្រប់ពេលវេលា ។ ដូចប្រធាន រ័សុល អិមណិលសុនបានទូន្មានថា « កាលណាភាពងងឹតមកជាមួយនឹងការឈឺចាប់ដ៏ខ្លាំងកើតមានកាន់តែច្រើន នោះធ្វើឲ្យពន្លឺនៃព្រះយេស៊ូវគ្រីស្ទភ្លឺកាន់តែចែងចាំង » ។២២
រដូវកាលនៃជីវិតរបស់យើងអាចនាំយើងទៅកន្លែងដែលមិននឹកស្មានដល់ និងមិនចង់បានឡើយ ។ ប្រសិនបើអំពើបាបបានដឹកនាំបងប្អូនទៅដល់ទីនោះ សូមបើកវាំងនននៃភាពងងឹតចេញ ហើយចាប់ផ្តើមឥឡូវនេះដើម្បីចូលទៅជួបព្រះវរបិតាសួគ៌របស់បងប្អូនដោយបន្ទាបខ្លួន ដោយចិត្តសង្រេង និងវិញ្ញាណទន់ទាប ហើយប្រែចិត្ត ។ ទ្រង់នឹងស្តាប់ឮការអធិស្ឋានដោយអស់ពីចិត្តរបស់បងប្អូន ។ សូមមានភាពក្លាហាននៅថ្ងៃនេះដើម្បី « ខិតទៅជិត [ ទ្រង់ ] ហើយ [ ទ្រង់ ] នឹងខិតមកជិតអ្នករាល់គ្នា » ។២៣ បងប្អូននឹងទៅមិនហួសពីអំណាចនៃការព្យាបាលនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទឡើយ ។
ខ្ញុំមានឪពុកម្តាយល្អ និងមានបុព្វការីជនស្មោះត្រង់ដែលបានឆ្លើយតបនឹងពន្លឺនៃព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ដែលប្រទានពរដល់ជីវិតរបស់ពួកគេ និងជំនាន់ដែលបានធ្វើតាមដោយកម្លាំងខាងវិញ្ញាណ ។ ឪពុកខ្ញុំតែងតែនិយាយអំពីឪពុកគាត់ ម៉ៃលូ ធីឌីឆេស និងបានចែកចាយពីរបៀបដែលជំនឿរបស់គាត់ទៅលើព្រះជាពន្លឺដល់ឪពុកខ្ញុំទាំងយប់ទាំងថ្ងៃ ។ លោកតាជាអ្នកអនុរក្សព្រៃឈើហើយជារឿយៗតែងតែជិះម្នាក់ឯងនៅលើភ្នំដោយដាក់ជីវិតគាត់ដោយគ្មានការសង្ស័យចំពោះការណែនាំ និងការមើលថែពីព្រះ ។
កាលពីចុងខែរដូវរងារមុន លោកតាបាននៅតែម្នាក់ឯងនៅលើភ្នំខ្ពស់ៗ ។ អាកាសធាតុនៃរដូវរងារបានចូលមកដល់ ជា ពេលដែលគាត់បានជិះសេះ ដែលគាត់ចូល ចិត្តឈ្មោះ អូលព្រីន ហើយបានជិះទៅរោងអារឈើ មួយដើម្បីថ្លឹង និងវាស់វែងឈើ មុន ពេលគេអារដើមឈើនោះ ទៅ ជាបន្ទះៗ។
នៅពេលព្រលប់គាត់បានបញ្ចប់ការងារ ហើយបានជិះសេះត្រឡប់មកវិញ ។ នៅពេលនោះសីតុណ្ហភាពធ្លាក់ចុះយ៉ាងខ្លាំង ហើយព្យុះទឹកកកដ៏កាចសាហាវកំពុងហ៊ុំព័ទ្ធជុំវិញភ្នំ ។ ដោយគ្មានពន្លឺ ឬផ្លូវដើម្បីដឹកនាំនោះគាត់បានបង្វែរសេះរបស់គាត់ទៅតាមទិសដៅដែលគាត់គិតថានឹងនាំពួកគេត្រឡប់ទៅស្ថានីយ៍អនុរក្សវិញ ។
បន្ទាប់ពីធ្វើដំណើរបានប៉ុន្មានគីឡូមែត្រនៅក្នុងទីងងឹត ព្រីនក៏បានបន្ថយល្បឿនបន្ទាប់មកក៏បានឈប់ ។ លោកតាបានជម្រុញឲ្យព្រីនធ្វើបន្តដំណើរឆ្ពោះទៅមុខ ប៉ុន្តែសេះនោះពុំព្រមទៅឡើយ ។ ដោយមិនអាចមើលឃើញព្រោះមានព្រិលធ្លាក់ចុះមកច្រើនខ្លាំងពេកនៅជុំវិញខ្លួន នោះលោកតាដឹងថាគាត់ត្រូវការជំនួយមកពីព្រះ ។ ដូចដែលគាត់បានធ្វើអស់ពេញមួយជីវិតរបស់គាត់ នោះគាត់បន្ទាបខ្លួន« បាន[ សូម ] ដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ » ។២៤ សំឡេងតូចរហៀងៗបានឆ្លើយឡើង « ម៉ៃលូ បន្ធូរខ្សែកងក្រវិលនៅលើច្រមុះព្រីន » ។ លោកតាបានធ្វើតាម ហើយនៅពេលដែលគាត់បន្ធូរខ្សែ ព្រីនបានបែរក្បាលបកក្រោយ និងបានដើរជាមួយជំហានធ្ងន់យឺតៗនៅក្នុងទិសដៅផ្សេង ។ ប៉ុន្មានម៉ោងក្រោយមកព្រីនបានឈប់ម្តងទៀត ហើយបន្ទាបក្បាលរបស់វាចុះ ។ តាមរយៈការធ្វើដំណើរលើព្រិលលោកតាបានឃើញថា ពួកគេបានទៅដល់ច្រកទ្វារស្ថានីយ៍អនុរក្សដោយសុវត្ថិភាព ។
នៅពេលព្រឹក លោកតាបានត្រឡប់មកមើលតាមផ្លូវដែលព្រីនមិនព្រមដើរទៅមុខនៅក្នុងព្រិលនោះ ។ លោកតាបានដកដង្ហើមធំ នៅពេលគាត់ឃើញថាកន្លែងដែលគាត់បានបន្ធូរខ្សែក្រវិលច្រមុះឲ្យព្រីន ៖ វាគឺជាច្រាំងថ្មភ្នំជម្រាលដ៏ខ្ពស់ ហើយតែមួយជំហានទៀត វាអាចនឹងធ្លាក់ចុះទាំងសេះ និងអ្នកជិះ ដែលបណ្ដាលឲ្យស្លាប់បានដោយផ្ទាំងថ្មរដុបនៅខាងក្រោមនោះ ។
ដោយផ្អែកលើបទពិសោធន៍នោះ និងបទពិសោធន៍ជាច្រើនទៀត លោកតាបានផ្តល់ដំបូន្មានថា « ដៃគូដ៏ល្អ និងអស្ចារ្យបំផុត ដែលបងប្អូននឹងមានគឺព្រះវរបិតារបស់បងប្អូននៅឯនគរឋានសួគ៌ » ។ នៅពេលដែលឪពុកខ្ញុំនិយាយរឿងលោកតា ខ្ញុំចាំ បានថា គាត់បានដកស្រង់ចេញពីបទគម្ពីរថា ៖ ឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ។
« ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ។
« ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង » ។២៥
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទគឺជាពន្លឺអស់កល្បអស់កាលជានិច្ចថាជា « ពន្លឺនោះក៏ភ្លឺមកក្នុងសេចក្តីងងឹត » ។២៦ គ្មានភាពងងឹតណាដែលអាចបង្ក្រាប ពន្លត់ យកឈ្នះ ឬកម្ចាត់ពន្លឺនោះបានឡើយ ។ ព្រះវរបិតាសួគ៌របស់យើងប្រទានពន្លឺនោះដល់បងប្អូនដោយមិនគិតថ្លៃ ។ បងប្អូនពុំនៅឯកោឡើយ ។ ទ្រង់ឮ ហើយឆ្លើយតបរាល់ការអធិស្ឋាន ។ ទ្រង់ដែលបាន « ហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់ » ។២៧ នៅពេលបងប្អូនសួរថា « ព្រះវរបិតា ព្រះវរបិតា តើទ្រង់គង់នៅទីនោះឬ ? » ទ្រង់នឹងឆ្លើយតបជានិច្ចថា « យើងគង់នៅទីនេះ បុត្រសម្លាញ់ យើងគង់នៅទីនេះ » ។
ខ្ញុំសូមថ្លែងជាសាក្សីថា ព្រះយេស៊ូវគ្រីស្ទបានបំពេញផែនការរបស់ព្រះវរបិតាសួគ៌ដោយធ្វើជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង២៨ទ្រង់គឺជាពន្លឺជីវិត និងជាផ្លូវរបស់យើង ។ ពន្លឺរបស់ទ្រង់នឹងមិនងងឹតទេ២៩សិរីរុងរឿងរបស់ព្រះអង្គនឹងនៅស្ថិតស្ថេរឥតឈប់ឈរ សេចក្តីស្រឡាញ់របស់ទ្រង់ចំពោះបងប្អូនគឺនៅអស់កល្បជានិច្ច—ទោះពីថ្ងៃម្សិលថ្ងៃនេះ និងរហូតតទៅ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕