« គោលការណ៍ទាំងឡាយនៃដំណឹងល្អរបស់យើង »
( គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១២ )
គោលការណ៍នៃដំណឹង ល្អគឺជាសេចក្ដីណែនាំមួយដែលផ្អែកលើគោលលទ្ធិសម្រាប់អនុវត្តសិទ្ធិជ្រើសរើសខាងសីលធម៌តាមផ្លូវសុចរិត ។
នៅក្នុងសន្និសីទទូទៅនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅ ខែតុលា ឆ្នាំ ១៨៤៩ អែលឌើរ យ៉ូហាន ថេលើរ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ត្រូវបានហៅឲ្យប្រកាសបើកការផ្សព្វផ្សាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងប្រទេសបារាំង ។ ការបម្រើរបស់លោករួមមាន ការកែសម្រួលការចេញផ្សាយរបស់សាសនាចក្រជាផ្លូវការលើកដំបូងនៅប្រទេសនោះ ។ អែលឌើរ ថេលើរ បានរៀបចំចេញផ្សាយអត្ថបទមួយនៅឆ្នាំ ១៨៥១ ជាការឆ្លើយតបនឹងសំណួរដែលគេតែងតែសួរលោកជាញឹកញាប់អំពីសាសនាចក្រ ។ ហើយនៅជិតចុងបញ្ចប់នៃសំណេរនោះ អែលឌើរ ថេលើរ បានរំឭកពីឧបកថាដូចតទៅនេះ ៖
« ប៉ុន្មានឆ្នាំកន្លងទៅ នៅទីក្រុងណៅវូ លោកបានស្ដាប់ឮសុភាពបុរសម្នាក់ ជាសមាជិកនៃក្រុមអ្នកច្បាប់ បានសួរយ៉ូសែប ស្ម៊ីធថា លោកធ្វើយ៉ាងដូចម្ដេច ដើម្បីលោកអាចគ្រប់គ្រងមនុស្សជាច្រើន ហើយរក្សារបៀបរៀបរយដ៏ឥតខ្ចោះបែបនោះបាន ដោយគូសបញ្ជាក់នៅពេលទន្ទឹមគ្នានោះថា វាពិបាកខ្លាំងណាស់សម្រាប់ពួកគេដើម្បីធ្វើដូច្នេះនៅកន្លែងផ្សេងទៀត ។ លោក ស្ម៊ីធ បានតបថា វាងាយស្រួលខ្លាំងណាស់ដើម្បីធ្វើដូច្នោះ ។ សុភាពបុរសនោះបានឆ្លើយថា ‹ តើលោកធ្វើយ៉ាងម៉េច ? សម្រាប់ពួកយើង វាពិបាកខ្លាំងណាស់ › ។ លោក ស្ម៊ីធ បានតបថា ‹ ខ្ញុំបង្រៀនពួកគេនូវគោលការណ៍ត្រឹមត្រូវ ហើយពួកគេគ្រប់គ្រងខ្លួនគេ › » ។១
ខ្ញុំអធិស្ឋានថា ព្រះវិញ្ញាណបរិសុទ្ធនឹងណែនាំ ហើយស្អាងពួកយើងម្នាក់ៗ កាលខ្ញុំសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់នៃគោលការណ៍ទាំងឡាយ នៅក្នុងដំណឹងល្អដែលបានស្តារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។
គោលការណ៍ទាំងឡាយ
ព្រះអម្ចាស់បានបើកបង្ហាញដល់ព្យាការី យ៉ូសែប ស្ម៊ីធ ថា « ពួកអែលឌើរ ពួកសង្ឃ និងពួកគ្រូក្នុងសាសនាចក្រនេះ ត្រូវបង្រៀនគោលការណ៍ទាំងឡាយនៃដំណឹងល្អរបស់យើង ដែលមាននៅក្នុងព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន គឺជាភាពពោរពេញនៃដំណឹងល្អ » ។២ ទ្រង់ក៏បានប្រកាសថា ពួកបរិសុទ្ធថ្ងៃចុងក្រោយគួរតែ « អាចត្រូវបានបង្គាប់ឲ្យបានល្អទៅទៀតអំពីទ្រឹស្ដី អំពីគោលការណ៍ អំពីគោលលទ្ធិ អំពីក្រឹត្យវិន័យនៃដំណឹងល្អ អំពីគ្រប់ទាំងអស់ដែលទាក់ទងទៅនឹងនគរព្រះ ដែលជាការចាំបាច់សម្រាប់ឲ្យអ្នកយល់ » ។៣
ដូចចែងមកយ៉ាងខ្លីហើយច្បាស់ គោលការណ៍នៃដំណឹងល្អគឺជាសេចក្ដីណែនាំមួយដែលផ្អែកលើគោលលទ្ធិ ដើម្បីឲ្យអនុវត្តសិទ្ធិជ្រើសរើសខាងសីលធម៌តាមផ្លូវសុចរិត ។ គោលការណ៍ទាំងឡាយគឺដកស្រង់ពីសេចក្ដីពិតដ៏ទូលំទូលាយនៃដំណឹងល្អ ហើយផ្ដល់ការដឹកនាំ និងបទដ្ឋាន កាលយើងឈានទៅមុខនៅលើផ្លូវនៃសេចក្ដីសញ្ញា ។
ឧទាហរណ៍ មាត្រានៃសេចក្ដីជំនឿបីមាត្រាដំបូងកំណត់ពីចំណុចគ្រឹះនៃគោលលទ្ធិនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ៖ និស្ស័យនៃក្រុមព្រះនៅក្នុង មាត្រាទីមួយនៃសេចក្ដីជំនឿឥទ្ធិពលនៃការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ានៅក្នុង មាត្រាទីពីរនៃសេចក្ដីជំនឿនិងពរជ័យដែលអាចកើតមានឡើងបានតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុង មាត្រាទីបីនៃសេចក្ដីជំនឿ៤ហើយ មាត្រាទីបួននៃសេចក្ដីជំនឿដាក់ចេញនូវគោលការណ៍ទីមួយ—សេចក្ដីណែនាំអំពីការអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងការប្រែចិត្ត—និងពិធីបរិសុទ្ធនៃបព្វជិតភាពទីមួយ ដែលធ្វើឲ្យដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទមានអានុភាពនៅក្នុងជីវិតរបស់យើង ។៥
ពាក្យសម្ដីនៃប្រាជ្ញាវាងវៃគឺជាឧទាហរណ៍មួយទៀតនៃគោលការណ៍ដែលធ្វើជាសេចក្ដីណែនាំ ។ សូមកត់ចំណាំខគម្ពីរណែនាំទាំងនេះនៅក្នុង កណ្ឌទី ៨៩នៃគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញា ។
« ដែលបានប្រទានសម្រាប់គោលការណ៍ដោយសេចក្ដីសន្យា គឺដែលបានសម្រួលតាមសមត្ថភាពនៃពួកកម្សោយ និងអស់ទាំងពួកបរិសុទ្ធ ដែលកម្សោយជាងគេបំផុតផង ដែលជា ឬដែលអាចហៅថាជាពួកបរិសុទ្ធ ។
« មើលចុះ ប្រាកដមែន ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដល់អ្នកដូច្នេះថា ៖ ពីព្រោះតែអំពើអាក្រក់ទាំងឡាយ និងផែនការទាំងឡាយដែលមាន ហើយនឹងមាននៅក្នុងដួងចិត្តមនុស្ស ដែលរួមគំនិតប្រព្រឹត្តអំពើទុច្ចរិតនៅថ្ងៃចុងក្រោយបង្អស់ ទើបយើងបានព្រមានដល់អ្នក ហើយហាមអ្នកទុកជាមុន ដោយប្រទានដល់អ្នកនូវពាក្យសម្ដីនៃប្រាជ្ញាវាងវៃនេះតាមរយៈវិវរណៈ » ។៦
ការណែនាំដ៏បំផុសគំនិតដែលមានបន្ដពីសេចក្ដីផ្ដើមនេះ ផ្ដល់ជាគោលការណ៍ណែនាំដ៏អង្វែងសម្រាប់សុខុមាលភាពផ្លូវកាយផង និងផ្លូវវិញ្ញាណផង ហើយថ្លែងទីបន្ទាល់អំពីពរជ័យជាក់លាក់នានា ដែលអាស្រ័យលើភាពស្មោះត្រង់របស់យើងតាមគោលការណ៍នេះ ។
ការរៀនសូត្រ ការយល់ដឹង និងការរស់នៅតាមគោលការណ៍ទាំងឡាយនៃដំណឹងល្អពង្រឹងដល់សេចក្ដីជំនឿរបស់យើងលើព្រះអង្គសង្គ្រោះ បង្កើនភក្ដីភាពរបស់យើងលើទ្រង់ ហើយនាំឲ្យមានពរជ័យ និងអំណោយទានខាងវិញ្ញាណដ៏ច្រើនសន្ធឹកមកក្នុងជីវិតយើង ។ គោលការណ៍នៃសុចរិតភាពក៏ជួយយើងឲ្យមើលហួសពីចំណូលចិត្តផ្ទាល់ខ្លួនរបស់យើង និងបំណងប្រាថ្នាដែលគិតតែពីខ្លួនឯង តាមរយៈការផ្ដល់ទស្សនវិស័យដ៏មានតម្លៃអំពីសេចក្ដីពិតដ៏អស់កល្ប កាលយើងឆ្លងកាត់កាលៈទេសៈ ឧបសគ្គ ការសម្រេចចិត្ត និងបទពិសោធន៍នៃជីវិតរមែងស្លាប់នេះផ្សេងៗគ្នា ។
គំរូបច្ចុប្បន្ននៃការបង្រៀនគោលការណ៍ត្រឹមត្រូវ
សេចក្ដីថ្លែងការណ៍ដោយព្យាការី យ៉ូសែប ស្ម៊ីធ អំពីការបង្រៀនគោលការណ៍ត្រឹមត្រូវ គឺប្រហែលជាការបង្រៀនមួយរបស់លោក ដែលត្រូវបានគេដកស្រង់ញឹកញាប់បំផុត ។ ហើយយើងរកឃើញគំរូដ៏មានអានុភាពនៃគន្លងការណែនាំដ៏បំផុសគំនិតនេះ នៅក្នុងការបង្រៀនរបស់អ្នកបម្រើដែលមានសិទ្ធិអំណាចរបស់ព្រះអម្ចាស់នាសព្វថ្ងៃនេះ ។
គោលការណ៍នៃការធ្វើឲ្យមានស្មារតីមូល
ប្រធាន ដាល្លិន អេច អូក បានថ្លែងនៅក្នុងសន្និសីទទូទៅនៅឆ្នាំ ១៩៩៨ អំពីកាតព្វកិច្ចរបស់អ្នកកាន់បព្វជិតភាពអើរ៉ុន ដែលទាក់ទងនឹងការរៀបចំ និងការចែកសាក្រាម៉ង់ ។ លោកបានរៀបរាប់ពី គោលការណ៍នៃការធ្វើឲ្យមានស្មារតីមូលនិងបានបង្ហាញថា អ្នកកាន់បព្វជិតភាពអើរ៉ុនមិនដែលចង់មានអ្វីមួយជាប់នឹងខ្លួន ឬអាកប្បកិរិយារបស់ពួកគេ ដែលបង្អាក់ដល់ការថ្វាយបង្គំ និងការរំឭកសេចក្ដីសញ្ញាជាថ្មីរបស់សមាជិកណាម្នាក់ក្នុងសាសនាចក្រឡើយ ។ ប្រធាន អូក ក៏គូសបញ្ជាក់ផងដែរពីគោលការណ៍ដែលទាក់ទងនឹងភាពមានរបៀបរៀបរយ ភាពស្អាតបាត គារវភាព និងសេចក្ដីថ្លៃថ្នូរ ។
អ្វីគួរឲ្យចាប់អារម្មណ៍គឺ ប្រធាន អូក មិនបានផ្ដល់បញ្ជីដ៏វែងអន្លាយអំពីអ្វីដែលត្រូវធ្វើ និងមិនត្រូវធ្វើសម្រាប់យុវជនឡើយ ។ ប៉ុន្ដែ លោកបានពន្យល់ពីគោលការណ៍នេះ ដោយមានការរំពឹងទុកថា យុវជន និងឪពុកម្ដាយ ព្រមទាំងគ្រូបង្រៀនរបស់ពួកគេអាច និងគួរតែប្រើការកាត់សេចក្ដី និងការបំផុសគំនិតផ្ទាល់ខ្លួនគេដើម្បីធ្វើតាមសេចក្ដីណែនាំនេះ ។
លោកបានពន្យល់ថា « ខ្ញុំមិនផ្ដល់យោបល់អំពីក្បួនលម្អិតនោះទេ ព្រោះកាលៈទេសៈតាមវួដ និងសាខានានានៅក្នុងសាសនាចក្ររបស់យើងទូទាំងពិភពលោកគឺខុសគ្នាយ៉ាងខ្លាំង ដូច្នេះក្បួនជាក់លាក់មួយដែលហាក់ត្រូវនឹងមជ្ឈដ្ឋានមួយ អាចមិនសមរម្យនៅក្នុងមជ្ឈដ្ឋានមួយទៀត ។ ប៉ុន្ដែ ខ្ញុំនឹងស្នើឲ្យមានគោលការណ៍មួយ ដោយផ្អែកលើគោលលទ្ធិនានា ។ បើមនុស្សទាំងអស់យល់ពីគោលការណ៍នេះ ហើយធ្វើសកម្មភាពតាមវាដោយសុខដុម នោះយើងសឹងតែមិនត្រូវការក្បួនទេ ។ បើក្បួន ឬការប្រឹក្សាគឺចាំបាច់នៅក្នុងករណីមួយៗ នោះថ្នាក់ដឹកនាំក្នុងមូលដ្ឋានអាចផ្ដល់ក្បួន ឬការប្រឹក្សានេះបាន ដែលវាខ្ជាប់ខ្ជួនតាមគោលលទ្ធិ និងគោលការណ៍ដែលទាក់ទងនានា » ។៧
គោលការណ៍នៃថ្ងៃឈប់សម្រាកជាទីសម្គាល់
នៅក្នុងសន្និសីទទូទៅខែ មេសា ឆ្នាំ ២០១៥ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនយើងថា « ថ្ងៃឈប់សម្រាកជាថ្ងៃមួយដ៏សប្បាយ » ។៨ លោកក៏បានពន្យល់ពីរបៀបដែលលោកបានយល់ពីគោលការណ៍គ្រឹះមួយដោយខ្លួនលោក អំពីការគោរពថ្ងៃឈប់សម្រាក ៖
« តើយើងធ្វើឲ្យថ្ងៃឈប់សម្រាកស័ក្ដិសិទ្ធិដោយរបៀបណា ? កាលខ្ញុំនៅក្មេង ខ្ញុំបានសិក្សាពីបញ្ជីមួយ ដែលគេចុះអំពីកិច្ចការដែលត្រូវធ្វើ និងកិច្ចការដែលមិនត្រូវធ្វើនៅថ្ងៃឈប់សម្រាក ។ ក្រោយមកទើបខ្ញុំបានរៀនពីព្រះគម្ពីរថា ការប្រព្រឹត្ត និងអាកប្បកិរិយារបស់ខ្ញុំនៅថ្ងៃឈប់សម្រាកគឺជាទីសម្គាល់រវាងខ្ញុំ និងព្រះវរបិតាសួគ៌ខ្ញុំ ។ ដោយមានការយល់ដឹងបែបនោះ ខ្ញុំពុំត្រូវការបញ្ជីនៃកិច្ចការដែលត្រូវធ្វើ និងមិនត្រូវធ្វើទៀតឡើយ ។ ពេលខ្ញុំត្រូវធ្វើការសម្រេចចិត្តថាតើសកម្មភាពណា ដែលសមស្របនៅថ្ងៃឈប់សម្រាក ខ្ញុំគ្រាន់តែសួរខ្លួនឯងថា ‹ តើទីសម្គាល់ណាដែលខ្ញុំចង់បង្ហាញទៅដល់ព្រះ សំណួរនេះបានធ្វើឲ្យជម្រើសខ្ញុំ នៅថ្ងៃឈប់សម្រាកមានភាពច្បាស់លាស់ឡើង » ។៩
សំណួរដ៏សាមញ្ញ ប៉ុន្ដែដ៏មានអានុភាពរបស់ប្រធាន ណិលសុន គូសបញ្ជាក់ពីគោលការណ៍មួយ ដែលកាត់ចោលភាពមិនប្រាកដប្រជាណាមួយអំពីអត្ថន័យនៃថ្ងៃឈប់សម្រាក និងអ្វីដែលយើងគួរតែធ្វើដើម្បីគោរពដល់ថ្ងៃឈប់សម្រាក ។ សំណួររបស់លោកសង្ខេបពីសេចក្ដីណែនាំ និងបទដ្ឋានដែលអាចផ្ដល់ពរជ័យដល់យើងទាំងអស់គ្នា នៅក្នុងកាលៈទេសៈផ្សេងៗគ្នារបស់យើង ។
គោលការណ៍នៃការស្ម័គ្រចិត្តដើម្បីទុកឲ្យព្រះឈ្នះ
កាលពីប្រាំមួយខែកន្លងទៅនៅក្នុងសន្និសីទទូទៅ ប្រធាន ណិលសុន បានរៀបរាប់ពីការរំភើបផ្ទាល់ខ្លួនរបស់លោក កាលលោកត្រូវបានដឹកនាំឲ្យមានការយល់ដឹងថ្មីមួយអំពីអត្ថន័យនៃពាក្យ អ៊ីស្រាអែល លោកបានប្រាប់យើងថា ព្រលឹងរបស់លោកបានខ្មួលខ្មាញ់ កាលលោកបានដឹងថា « ឈ្មោះ អ៊ីស្រាអែលសំដៅទៅលើបុគ្គលដែល ស្ម័គ្រចិត្តឲ្យព្រះឈ្នះលើជីវិតរបស់គាត់ » ។១០ បន្ទាប់មក ប្រធាន ណិលសុន បានកំណត់ពីការទាក់ទងដ៏សំខាន់មួយចំនួនចេញមកពីការយល់ដឹងនេះ ។
សារលិខិតរបស់លោកអំពី ការស្ម័គ្រចិត្តដើម្បីទុកឲ្យព្រះឈ្នះគឺជាគំរូដ៏អស្ចារ្យមួយក្នុងការបង្រៀនគោលការណ៍ត្រឹមត្រូវ ដើម្បីយើងអាចគ្រប់គ្រងខ្លួនយើងបាន ។ ហើយដូចជាអ្វីដែលលោកបានបង្រៀននៅក្នុងសារលិខិតរបស់លោក អំពីការធ្វើឲ្យថ្ងៃឈប់សម្រាកជាថ្ងៃដ៏សប្បាយមួយ នោះប្រធាន ណិលសុន បានសួរសំណួរដោយផ្អែកលើគោលការណ៍នានា ដែលទុកជាសេចក្ដីណែនាំ និងបទដ្ឋានសម្រាប់ពួកយើងម្នាក់ៗ ។
« តើ បងប្អូនស្ម័គ្រចិត្តទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់បងប្អូនដែរឬទេ ? តើ បងប្អូនស្ម័គ្រចិត្តទុកឲ្យព្រះមានឥទ្ធិពលដ៏ខ្លាំងបំផុតនៅក្នុងជីវិតរបស់បងប្អូនដែរឬទេ ? »
លោកបានបន្តថា ៖
សូមគិតពិចារណាថា តើការស្ម័គ្រចិត្តបែបនោះអាចប្រទានពរជ័យដល់បងប្អូនប៉ុណ្ណា ។ ប្រសិនបើបងប្អូនពុំទាន់រៀបការ ហើយកំពុងស្វែងរកដៃគូដ៏នៅអស់កល្បជានិច្ច នោះបំណងប្រាថ្នារបស់បងប្អូនដើម្បីធ្វើជា ‹ អ៊ីស្រាអែល › នឹងជួយបងប្អូនឲ្យធ្វើការសម្រេចចិត្តថា តើបងប្អូននឹងធ្វើការណាត់ជួបជាមួយនរណា ហើយថាតើធ្វើតាមរបៀបណា ។
« ប្រសិនបើបងប្អូនបានរៀបការជាមួយដៃគូដែលបានធ្វើខុសសេចក្តីសញ្ញារបស់គាត់ នោះការស្ម័គ្រចិត្តរបស់បងប្អូនដើម្បីទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់បងប្អូន នឹងអនុញ្ញាតឲ្យសេចក្តីសញ្ញារបស់បងប្អូននៅបំពេញដដែល ។ ព្រះអង្គសង្រ្គោះនឹងព្យាបាលការខូចចិត្តរបស់បងប្អូន ។ ស្ថានសួគ៌នឹងបើក នៅពេលបងប្អូនព្យាយាមដឹងពីរបៀបដើម្បីឆ្ពោះទៅមុខ ។ បងប្អូនពុំចាំបាច់ដើរវង្វេង ឬងឿងឆ្ងល់នោះទេ ។
« ប្រសិនបើបងប្អូនមានសំណួរដោយស្មោះអំពីដំណឹងល្អ ឬសាសនាចក្រនេះ កាលណាបងប្អូនជ្រើសរើសទុកឲ្យព្រះឈ្នះ នោះបងប្អូននឹងត្រូវបានដឹកនាំឲ្យទៅរកឃើញ និងយល់ពីសេចក្តីពិតដ៏អស់កល្បជានិច្ចទាំងស្រុង ដែលនឹងដឹកនាំជីវិតរបស់បងប្អូន ហើយជួយបងប្អូនឲ្យបន្តនៅរឹងមាំនៅលើផ្លូវនៃសេចក្តីសញ្ញា ។
« នៅពេលបងប្អូនប្រឈមមុខនឹងការល្បួង—ទោះបីជាការល្បួងនោះកើតឡើងនៅពេលបងប្អូននឿយហត់ ឬមានអារម្មណ៍ឯកោ ឬយល់ច្រឡំក្ដី—សូមស្រមៃពីភាពក្លាហានដែលបងប្អូនអាចប្រមូលបាន នៅពេលបងប្អូនជ្រើសរើសទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់បងប្អូន និងនៅពេលបងប្អូនបួងសួងសូមទ្រង់ឲ្យពង្រឹងបងប្អូន ។
« នៅពេលបំណងប្រាថ្នាដ៏ធំបំផុតរបស់បងប្អូនគឺទុកឲ្យព្រះឈ្នះ ដើម្បីធ្វើជាផ្នែកមួយនៃអ៊ីស្រាអែល នោះការសម្រេចចិត្តជាច្រើននឹងកាន់តែងាយស្រួល ។ បញ្ហាជាច្រើននឹងក្លាយជាគ្មានបញ្ហា ! បងប្អូនដឹងថាត្រូវតុបតែងខ្លួនបងប្អូនបែបណា ។ បងប្អូនដឹងថាអ្វីដែលត្រូវមើល និងអាន កន្លែងដែលបងប្អូនត្រូវចំណាយពេល និងនរណាដែលបងប្អូនត្រូវសេពគប់ ។ បងប្អូនដឹងអ្វីដែលបងប្អូនចង់សម្រេចបាន ។ បងប្អូនដឹងថាបងប្អូនគួរក្លាយជាមនុស្សបែបណា » ។១១
សូមកត់ចំណាំថា តើមានការសម្រេចចិត្ត និងបទពិសោធន៍ជីវិតសំខាន់ៗច្រើនប៉ុណ្ណាដែរ ដែលអាចរងឥទ្ធិពលពីគោលការណ៍នៃ ការស្ម័គ្រចិត្តដើម្បីទុកឲ្យព្រះឈ្នះការណាត់ជួប និងអាពាហ៍ពិពាហ៍ សំណួរ និងកង្វល់អំពីដំណឹងល្អ ការល្បួង ការតុបតែងខ្លួន អ្វីដែលត្រូវមើល និងអាន កន្លែងដែលត្រូវចំណាយពេល មនុស្សដែលត្រូវសេពគប់ជាមួយ និងអ្វីជាច្រើនថែមទៀត ។ សំណួរដ៏បំផុសគំនិតរបស់ប្រធាន ណិលសុន សង្កត់ធ្ងន់លើគោលការណ៍សាមញ្ញមួយ ដែលផ្ដល់ការដឹកនាំក្នុងគ្រប់ផ្នែកនៃជីវិតរបស់យើង ហើយធ្វើឲ្យយើងអាចគ្រប់គ្រងខ្លួនឯងបាន ។
ចង្កូតដ៏តូច
នៅពេល យ៉ូសែប ស្ម៊ីធ បានជាប់នៅគុកលិបើទី លោកបានសរសេរសំបុត្រណែនាំសមាជិក និងថ្នាក់ដឹកនាំសាសនាចក្រ ហើយរំឭកពួកគេថា «សំពៅដ៏ធំបានទទួលជំនួយពីចង្កូតដ៏តូចក្នុងកាលមានខ្យល់ព្យុះ ដោយសារដំណើរប្រក្រតីនឹងខ្យល់ និងរលក » ។១២
« ចង្កូត » គឺជារង្វង់កាំមួយ ឬដៃចង្កូត និងជាឧបករណ៍ទាក់ទងដែលប្រើដើម្បីកាច់ចង្កូតសំពៅ ឬទូក ។ ហើយ « ដោយសារដំណើរប្រក្រតីនឹងខ្យល់ និងរលក » សំដៅលើការបត់សំពៅដើម្បីឲ្យវារក្សាលំនឹង ហើយមិនក្រឡាប់នៅពេលមានខ្យល់ព្យុះ ។
សម្រាប់ខ្ញុំ និងបងប្អូន គោលការណ៍នៃដំណឹងល្អគឺដូចជាចង្កូតសម្រាប់សំពៅ ។ គោលការណ៍ត្រឹមត្រូវធ្វើឲ្យយើងរកឃើញផ្លូវរបស់យើង ហើយឈរយ៉ាងរឹងមាំ ខ្ជាប់ខ្ជួន និងមិនរង្គោះរង្គើ ដើម្បីកុំឲ្យយើងបាត់បង់លំនឹងយើង ហើយដួលក្នុងព្យុះនៃភាពងងឹត និងការភាន់ច្រឡំនៅថ្ងៃចុងក្រោយដ៏ឃោរឃៅនេះ ។
យើងមានពរជ័យយ៉ាងខ្លាំងនៅក្នុងសន្និសីទទូទៅនេះ ដើម្បីរៀនអំពីគោលការណ៍ដ៏អស់កល្បជាច្រើន មកពីអ្នកបម្រើដែលមានសិទ្ធិអំណាចរបស់ព្រះអម្ចាស់ ។ ឥឡូវនេះ ការទទួលខុសត្រូវរបស់យើងម្នាក់ៗគឺត្រូវគ្រប់គ្រងខ្លួនយើង ស្របតាមសេចក្ដីពិតដែលវាបានថ្លែងទីបន្ទាល់នេះ ។១៣
ទីបន្ទាល់
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀនថា « សម្រាប់រយៈពេលប្រាំមួយខែបន្ទាប់ ការបោះពុម្ពផ្សាយសន្និសីទរបស់បងប្អូនពី [ លីអាហូណាគួរតែដាក់នៅជាប់នឹងបទដ្ឋានព្រះគម្ពីររបស់បងប្អូន ហើយត្រូវបានប្រើប្រាស់ជាញឹកញាប់ » ។១៤
នៅក្នុងថាមពលនៃព្រលឹងរបស់ខ្ញុំ ខ្ញុំសូមអញ្ជើញពួកយើងទាំងអស់គ្នាឲ្យរៀនសូត្រ រស់នៅតាម និងស្រឡាញ់គោលការណ៍នៃសុចរិតភាព ។ មានតែសេចក្ដីពិតនៃដំណឹងល្អប៉ុណ្ណោះដែលអាចធ្វើឲ្យយើង « ប្រព្រឹត្តការណ៍ទាំងនេះដែលនៅក្នុងអំណាចយើងដោយមានចិត្តរីករាយចុះ ហើយលំដាប់នោះ យើងអាចឈរនៅស្ងៀមដោយជឿជាក់ថានឹងបានឃើញសេចក្ដីសង្គ្រោះពីព្រះ និងបានព្រះពាហុទ្រង់បើកសម្ដែងមកឲ្យឃើញ » ។១៥
ខ្ញុំដឹងថា គោលលទ្ធិ និងគោលការណ៍ទាំងឡាយនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ គឺជាប្រភពមូលដ្ឋានគ្រឹះតែមួយគត់ដើម្បីដឹកនាំជីវិតរបស់យើង និងមានអំណរដ៏អង្វែងក្នុងជីវិតរមែងស្លាប់ និងភាពអស់កល្ប ។ ហើយនៅថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរដ៏រុងរឿងនេះ ខ្ញុំសូមថ្លែងជាសាក្សីដោយអំណរថា ព្រះអង្គសង្គ្រោះដ៏មានព្រះជន្មរស់របស់យើង គឺជាប្រភពដែលសេចក្ដីពិតទាំងនេះកើតឡើងមក ។ ខ្ញុំថ្លែងទីបន្ទាល់ដូច្នោះ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕