មនុស្សខ្ជះខ្ជាយ និងផ្លូវដែលដឹកនាំទៅផ្ទះ
ទោះបីជាជម្រើសខ្លះអាចនាំបងប្អូនឲ្យឃ្លាតឆ្ងាយពីព្រះអង្គសង្គ្រោះ និងសាសនាចក្រទ្រង់ក្ដី ក៏អង្គព្យាបាលគង់ចាំស្វាគមន៍បងប្អូននៅលើផ្លូវដែលដឹកនាំទៅផ្ទះ ។
បុរសម្នាក់មានកូនប្រុសពីរនាក់ ។
រឿងនេះត្រូវបានគេចាត់ទុកជាដំណើររឿងខ្លីដ៏អស្ចារ្យបំផុតដែលមិនធ្លាប់មាន ។១ ចាប់តាំងពីរឿងនេះបានបកប្រែជារាប់ពាន់ភាសានៅទូទាំងពិភពលោក វាអាចនិយាយបានថា ក្នុងអំឡុងពីរសហស្សវត្សរ៍កន្លងមកនេះ ព្រះអាទិត្យនឹងមិនលិចទេបើដំណើររឿងនេះពុំបានដំណាលប្រាប់នៅកន្លែងណាមួយក្នុងពិភពលោកនេះ ។
រឿងនេះត្រូវបានដំណាលដោយព្រះយេស៊ូវគ្រីស្ទ ព្រះអង្គសង្រ្គោះ និងព្រះប្រោសលោះរបស់យើងដែលបានយាងមកលើផែនដី « ដើម្បីជួយសង្រ្គោះអ្វីដែលបានបាត់បង់ » ។២ ទ្រង់ចាប់ផ្តើមដោយពាក្យសាមញ្ញទាំងនេះ ៖ « បុរសម្នាក់មានកូនប្រុសពីរនាក់ » ។៣
ភ្លាមៗនោះ យើងដឹងអំពីជម្លោះដ៏គួរឲ្យសោកស្ដាយមួយ ។ កូនប្រុសម្នាក់ ៤ ប្រាប់ឪពុករបស់គាត់ ថាគាត់មិនចង់នៅផ្ទះនេះទៀតទេ ។ គាត់ចង់បានសេរីភាព ។ គាត់ចង់ចេញពីវប្បធម៌ និងការបង្រៀនរបស់ឪពុកម្តាយគាត់ ។ គាត់បានសុំយកចំណែកមរតករបស់គាត់—ឥឡូវ ។៥
តើអ្នកអាចស្រមៃមើលថា តើឪពុកមានអារម្មណ៍យ៉ាងណានៅពេលគាត់ឮដូចនេះ ? នៅពេលគាត់ដឹងថាអ្វីដែលកូនប្រុសចង់បានបំផុតគឺជាការចាកចេញពីក្រុមគ្រួសារ ហើយប្រហែលជាមិនវិលត្រឡប់មកវិញទេ ?
ដំណើរផ្សងព្រេងដ៏អស្ចារ្យ
កូនប្រុសនោះច្បាស់ជាមានអារម្មណ៍រំភើប និងញាប់ញ័រចំពោះដំណើរផ្សងព្រេងនេះ ។ ទីបំផុតគាត់ក៏បានចេញដំណើរទៅតែឯង ។ ការមានសេរីភាពពីគោលការណ៍ និងច្បាប់ទម្លាប់នៃវប្បធម៌ ក្នុងយុវវ័យរបស់គាត់ ទីបំផុតគាត់អាចជ្រើសរើសដោយខ្លួនឯងដោយមិនរងឥទ្ធិពលពីឪពុកម្តាយទៀត ។ ដោយមិនសោកស្ដាយអី ។ គាត់អាចទទួលយកសហគមន៍ដែលមានគំនិតដូចគ្នា ហើយរស់នៅតាមលក្ខខណ្ឌផ្ទាល់ខ្លួនរបស់គាត់ ។
ពេលទៅដល់ប្រទេសឆ្ងាយមួយ គាត់ចាប់ផ្តើមមានមិត្តភក្តិថ្មីជាច្រើន ហើយចាប់ផ្តើមរស់នៅតាមជីវិតដែលគាត់តែងស្រមៃចង់បាន ។ គាត់ក្លាយជាមនុស្សពេញនិយមរបស់មនុស្សជាច្រើន ព្រោះគាត់បានចាយលុយដោយមិនខ្វល់ ។ មិត្តភក្តិថ្មីៗគាត់—ទទួលប្រយោជន៍ពីភាពខ្ជះខ្ជាយរបស់គាត់—មិនមាននរណាវិនិច្ឆ័យគាត់ទេ ។ ពួកគេបានអបអរសាទរ ទះដៃ ហើយសរសើរដល់ជម្រើសរបស់គាត់ ។៦
បើមានប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងសម័យនោះ ប្រាកដណាស់ គាត់ប្រហែលជាត្រូវបានគេសរសេរលើទំព័រជាច្រើន ទាំងមានរូបថតមិត្តភក្តិកំពុងសើចក្អាកក្អាយ ៖ ការស់នៅជីវិតដ៏អស្ចារ្យរបស់ខ្ញុំ ! មិនដែលសប្បាយជាងនេះទេ ! គួរតែបានធ្វើវាយូរមកហើយ !
គ្រោះទុរ្ភិក្ស
ប៉ុន្តែពិធីជប់លាងនៅមិនបានយូរ—មិនគង់វង្យនោះទេ ។ មានរឿងពីរបានកើតឡើង ៖ ទីមួយ កូនប្រុសនោះអស់លុយ ហើយទីពីរ នៅក្នុងស្រុកនោះមានគ្រោះទុរ្ភិក្ស ។៧
នៅពេលគ្រោះទុរ្ភិក្សមានកាន់ខ្លាំងឡើងៗ គាត់ភិតភ័យណាស់ ។ គាត់ធ្លាប់តែជាអ្នកមានចាយមិនអស់ ឥឡូវបែរជាមិនអាចទិញអាហារញ៉ាំមួយពេលបាននោះមិនគិតពីកន្លែងស្នាក់នៅផង ។ តើគាត់នឹងរស់ដោយរបៀបណា ?
គាត់ចិត្តល្អនឹងមិត្តភក្តិ—តើមិត្តទាំងនោះនឹងជួយដល់គាត់ទេពេលនេះ ? ខ្ញុំអាចមើលឃើញថាគាត់សុំជំនួយខ្លះៗ—សម្រាប់ឥឡូវ—រហូតដល់គាត់អាចឈរដោយខ្លួនឯងវិញបាន ។
ព្រះគម្ពីរប្រាប់យើងថា « គ្មាននរណាជួយគាត់ទេ » ។៨
ដោយហេតុតែចង់រស់ គាត់បានជួបនឹងកសិករម្នាក់ដែលជួលគាត់ឲ្យដាក់ចំណីឲ្យជ្រូក ។៩
ឥឡូវស្រេកឃ្លានខ្លាំងណាស់ ត្រូវគេបោះបង់ចោលឲ្យនៅតែឯងឯកា យុវជនរូបនោះច្បាស់ជាឆ្ងល់ថាតើរឿងអាក្រក់ៗគួរឲ្យខ្លាចបែបនេះកើតឡើងដោយរបៀបណាបាន ។
វាមិនគ្រាន់តែរឿងស្រេកឃ្លានដែលធ្វើឲ្យគាត់មានបញ្ហានោះទេ ។ វាគឺជារឿងវិញ្ញាណឯកោ ។ គាត់ប្រាកដចិត្តណាស់ថា ការធ្វើតាមបំណងប្រាថ្នាខាងលោកិយ វាធ្វើឲ្យគាត់រីករាយដែលក្រិត្យវិន័យសីលធម៌រារាំងដល់សុភមង្គលរបស់គាត់ ។ ឥឡូវគាត់ដឹងច្រើនជាងមុន ។ អូ៎ ! ហើយ តើគាត់បង់ថ្លៃប៉ុន្មានសម្រាប់ចំណេះដឹងនោះ !១០
នៅពេលសេចក្តីស្រេកឃ្លានខាងរូបកាយ និងខាងវិញ្ញាណមានខ្លាំងឡើងៗ គាត់បាននឹកឃើញឪពុករបស់គាត់ ។ តើឪពុកនឹងជួយគាត់ទេ ក្រោយពីរឿងរ៉ាវបានកើតឡើងដូចនោះ ? សូម្បីតែឈ្នួលរបស់ឪពុកគាត់ក៏មានអាហារទទួលទាន និងកន្លែងជ្រកពីព្យុះភ្លៀងដែរ ។
ប៉ុន្តែគួរទៅជួបឪពុកវិញទេ ?
អត់ទេ ។
តើគាត់ត្រូវសារភាពប្រាប់អ្នកភូមិថា គាត់បានខ្ជះខ្ជាយមរតកឬទេ ?
មិនអាចទៅរួចទេ ។
ត្រូវប្រឈមមុខនឹងអ្នកជិតខាងដែលធ្លាប់ព្រមានគាត់ថា គាត់កំពុងធ្វើឲ្យគ្រួសារអាម៉ាស់មុខ និងធ្វើឲ្យឪពុកម្តាយខូចចិត្តហើយ ? ត្រូវត្រឡប់ទៅជួបមិត្តចាស់ៗក្រោយពីអួតថាមានសេរីភាពហើយនោះឬ ?
មិនអាចទេ ។
តែភាពស្រេកឃ្លាន ភាពឯកោ និងវិប្បដិសារី មិនឃ្លាតឆ្ងាយទៅណាទេ ទាល់តែ « គាត់បានមករកខ្លួនគាត់ពីដើមវិញ »។១១
គាត់បានដឹងនូវអ្វីដែលគាត់ត្រូវធ្វើ ។
ការត្រឡប់ទៅវិញ
ឥឡូវសូមយើងងាកទៅមើលឪពុកដែលជាមេគ្រួសារដែលខូចចិត្តវិញម្តង ។ តើឪពុកបានចំណាយពេលប៉ុន្មានរយពាន់ម៉ោង ព្រួយបារម្ភអំពីកូនប្រុសគាត់នោះ ?
តើប៉ុន្មានដងដែលគាត់មើលទៅផ្លូវដែលកូនប្រុសគាត់ដើរចេញ ហើយនឹកគិតពីអារម្មណ៍នៃការបាត់បង់របស់គាត់ ? តើឳពុកគាត់បានអធិស្ឋានប៉ុន្មានដងនាពេលយប់ជ្រៅ ទូលអង្វរករសូមព្រះប្រទានសុវត្ថិភាពដល់កូន ឲ្យកូនរកឃើញសេចក្តីពិត ហើយត្រឡប់មកវិញ ?
តែថ្ងៃមួយ ឪពុកបានសម្លឹងមើលទៅផ្លូវដ៏ស្ងាត់មួយ—គឺជាផ្លូវដែលតម្រង់មកផ្ទះក៏ឃើញស្រមោលៗពីចម្ងាយដើរសំដៅមករកគាត់ ។
តើវាអាចទៅរួចទេ ?
ទោះបុគ្គលនោះនៅលើផ្លូវដ៏ឆ្ងាយក្ដី ក៏ឪពុកដឹងភ្លាមថា គឺជាកូនប្រុសរបស់គាត់ ។
ឪពុកបានរត់ទៅរកកូន ឱប ហើយថើបកូន ។១២
តាមសម្តីរបស់កូនប្រុសនោះដែលគេលើកឡើងរាប់រយពាន់ដងកូនបានស្រែកថា « លោកឪពុក ខ្ញុំបានធ្វើបាបនឹងព្រះ ហើយនិងលោកឪពុកមែន » ។ ខ្ញុំនេះមិនគួរឲ្យគេហៅជាកូនលោកឪពុកទៀតទេ ។ សូមទទួលខ្ញុំ ទុកដូចជាជើងឈ្នួលលោកឪពុកវិញចុះ » ។១៣
ប៉ុន្តែឪពុក កាត់សម្តីគាត់ ។ គាត់បានស្រក់ទឹកភ្នែក ក៏បញ្ជាឲ្យអ្នកបម្រើខ្លួនថា ៖ « ចូរយករ៉ូបដ៏ល្អបំផុតនៅក្នុងផ្ទះ ហើយដាក់វាលើស្មាកូនប្រុសខ្ញុំ ។ ហើយយកចិញ្ចៀន និងស្បែកជើងមកឲ្យផង ។ ចូររៀបចំពិធីមួយដើម្បីអបអរសាទរ ។ កូនប្រុសរបស់ខ្ញុំបានត្រឡប់មកវិញហើយ ! »១៤
ពិធីអបអរសាទរ
នៅការិយាល័យខ្ញុំមានគំនូវិចិត្រករអាឡឺម៉ង់ រីឆាត ប៊ឺដ មួយផ្ទាំង ។ ហារីត និងខ្ញុំស្រឡាញ់រូបគំនូរនោះណាស់ ។ វាពិពណ៌នាអំពីទិដ្ឋភាពដ៏ទន់ភ្លន់មួយអំពីរឿងប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះដោយទស្សនៈដ៏ស៊ីជម្រៅមួយ ។
ខណៈដែលមនុស្សស្ទើរតែគ្រប់គ្នាត្រេកអរនឹងកូនប្រុសពៅត្រឡប់មកវិញ ក៏មានអ្នកមិនសប្បាយចិត្ត—នោះគឺជាបងប្រុសរបស់គាត់ ។១៥
គាត់ស្ពាយសម្ពាធសតិអារម្មណ៍ជាច្រើន ។
គាត់បាននៅទីនោះ ពេលដែលប្អូនប្រុសទាមទារចែកមរតក ។ គាត់បានឃើញឪពុកមានទុក្ខព្រួយយ៉ាងខ្លាំងផ្ទាល់ភ្នែក ។
តាំងពីប្អូនប្រុសគាត់ចាកចេញទៅ គាត់បានព្យាយាមជួយសម្រាលបន្ទុកឪពុករបស់គាត់ ។ ជារៀងរាល់ថ្ងៃ គាត់ខិតខំធ្វើឲ្យឪពុកគាត់កាត់ចិត្ត ។
ហើយឥឡូវ កូនដែលឥតប្រយោជន៍នោះបានត្រឡប់មកវិញ គ្រប់គ្នានៅតែយកចិត្តទុកដាក់លើប្អូនប្រុសដែលមិនស្តាប់បង្គាប់នោះទៀត ។
គាត់បានប្រាប់ឪពុកគាត់ថា « ខ្ញុំបានបម្រើលោកឪពុកប៉ុន្មានឆ្នាំមកនេះ ហើយមិនដែលធ្វើខុសអ្វីនឹងបង្គាប់សោះ ។ ប៉ុន្តែរាល់ពេលកន្លងមក ឪពុកមិនដែលអបអរខ្ញុំទេ » ។១៦
ឪពុកតបដោយក្ដីស្រឡាញ់ថា « កូនអើយ ឯរបស់អញទាំងប៉ុន្មាន ក៏ជារបស់ឯងដែរ ! និយាយនេះពុំមែនប្រៀបធៀបអំពីរង្វាន់ ឬការប្រារព្ធពិធីនោះទេ ។ គឺនិយាយអំពីការព្យាបាល ។ នេះជាគ្រាដែលយើងសង្ឃឹមអស់ជាច្រើនឆ្នាំមកហើយ ។ ប្អូនឯងនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ! វាបានបាត់បង់ តែឥឡូវបានឃើញមកវិញហើយ ! »១៧
រឿងប្រៀបប្រដូចសម្រាប់សម័យរបស់យើង
បងប្អូនប្រុសស្រី និងមិត្តជាទីស្រឡាញ់ ដូចជារឿងប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះទាំងអស់ដែរ វាពុំគ្រាន់តែនិយាយអំពីមនុស្សដែលរស់នៅពីយូរលង់នោះទេ ។ វានិយាយអំពីបងប្អូន និងខ្ញុំនាសព្វថ្ងៃនេះ ។
តើមានអ្នកណាក្នុងចំណោមពួកយើងដែលមិនបានចាកចេញពីផ្លូវនៃបរិសុទ្ធភាព ដោយគិតល្ងិតល្ងង់ថាយើងអាចស្វែងរកសុភមង្គល តាមវិធីផ្ទាល់ខ្លួនបានច្រើនជាងនោះ ?
តើមានអ្នកណាម្នាក់ក្នុងចំណោមពួកយើង ដែលពុំមានអារម្មណ៍រាបសា សោកសង្រេង ហើយចង់បានការអភ័យទោស និងក្ដីមេត្តាករុណាជាខ្លាំងឬទេ ?
ប្រហែលជាមនុស្សខ្លះធ្លាប់ឆ្ងល់ថា « តើអាចត្រឡប់ទៅវិញបានឬ ? តើខ្ញុំនឹងត្រូវគេថាស្តីឲ្យ បដិសេធ ហើយមិត្តចាស់ៗគេចមុខជារៀងរហូតដែរឬទេ ? តើនៅវង្វេងជារៀងរហូតល្អជាងឬ ? តើព្រះនឹងតបយ៉ាងណា បើខ្ញុំព្យាយាមត្រឡប់មកវិញ ? »
រឿងប្រៀបប្រដូចនេះផ្តល់ចម្លើយមួយឲ្យយើង ។
ព្រះវរបិតាសួគ៌យើងនឹងយាងមករកយើង ព្រះទ័យទ្រង់ពោរពេញដោយក្តីស្រឡាញ់ និងក្តីមេត្តា ។ ទ្រង់នឹងឱបយើង ពាក់អាវនៅលើស្មាឲ្យយើង ពាក់ចិញ្ចៀនឲ្យយើង និងពាក់ស្បែកជើងឲ្យយើង ហើយប្រកាសថា « ថ្ងៃនេះយើងធ្វើពិធីអបអរសាទរ ! ដ្បិតកូនអញនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ! »
ស្ថានសួគ៌នឹងរីករាយនៅពេលយើងត្រឡប់មកវិញ ។
អំណរដែលពុំអាចថ្លែងបាន ហើយពោរពេញដោយសិរីល្អ
ខ្ញុំសុំពេលមួយភ្លែត និយាយទៅកាន់បងប្អូនជាលក្ខណៈបុគ្គលបានទេ ?
មិនថាមានអ្វីកើតឡើងពីអតីតកាលនោះទេ ខ្ញុំសូមបន្ទរ ហើយប្រកាសសុន្ទរកថាមិត្តជាទីស្រឡាញ់របស់ខ្ញុំ ដែលជាសាវកមួយរូបគឺ អែលឌើរ ជេហ្វ្រី អ័រ ហូឡិនថា ៖ « បងប្អូនមិនអាចលិចចុះទៅជ្រៅជាងពន្លឺដ៏ចែងចាំង[ នៃដង្វាយធួនរបស់ព្រះគ្រីស្ទ ]ដ៏និរន្ដន៍នោះទេ » ។១៨
ទោះបីជាជម្រើសខ្លះអាចនាំបងប្អូនឲ្យឃ្លាតឆ្ងាយពីព្រះអង្គសង្គ្រោះ និងសាសនាចក្រទ្រង់ក្ដី ក៏អង្គព្យាបាលគង់ចាំស្វាគមន៍បងប្អូននៅលើផ្លូវដែលដឹកនាំទៅផ្ទះ ។ ក្នុងនាមយើងជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ យើងព្យាយាមធ្វើតាមគំរូទ្រង់ ហើយឱបក្រសោបបងប្អូនក្នុងនាមជាបងប្អូនប្រុសស្រី និងជាមិត្តសំឡាញ់របស់យើង ។ យើងរីករាយ និងអបអរសាទរជាមួយបងប្អូន ។
ការត្រឡប់មកវិញរបស់បងប្អូននឹងមិនធ្វើឲ្យពរជ័យរបស់អ្នកដទៃថយចុះនោះទេ ។ ដ្បិតរង្វាន់របស់ព្រះវរបិតាគ្មានដែនកំណត់ឡើយ ហើយអ្វីដែលត្រូវបានប្រទានដល់អ្នកណាម្នាក់នឹងមិនកាត់បន្ថយសិទ្ធិពីកំណើតរបស់អ្នកដទៃនោះឡើយ ។១៩
ខ្ញុំពុំថា ការត្រឡប់មកវិញជារឿងងាយនោះទេ ។ ខ្ញុំអាចថ្លែងទីបន្ទាល់អំពីរឿងនោះបាន ។ តាមពិត វាអាចជាជម្រើសដ៏លំបាកបំផុតដែលបងប្អូននឹងត្រូវធ្វើ ។
ប៉ុន្តែខ្ញុំសូមថ្លែងជាសាក្សីថា ពេលបងប្អូនសម្រេចចិត្តត្រឡប់មកវិញ ដើរតាមមាគ៌ានៃព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់បងប្អូន នោះព្រះចេស្ដាទ្រង់នឹងយាងចូលមកក្នុងជីវិតបងប្អូន ហើយនឹងធ្វើការផ្លាស់ប្រែជីវិត ។២០
ទេវតាទាំងឡាយនៅស្ថានសួគ៌នឹងអររីករាយ ។
ហើយយើងជាគ្រួសាររបស់បងប្អូននៅក្នុងព្រះគ្រីស្ទ ក៏នឹងរីករាយផងដែរ ។ នៅទីបំផុត យើងដឹងថាការក្លាយជាមនុស្សខ្ជះខ្ជាយវាយ៉ាងម៉េច ! យើងទាំងអស់គ្នាពឹងផ្អែកលើអំណាចនៃដង្វាយធួនរបស់ព្រះគ្រីស្ទ ជារៀងរាល់ថ្ងៃដូចគ្នា ។ យើងស្គាល់ផ្លូវនេះ ហើយយើងនឹងដើរជាមួយបងប្អូន ។
ទេ ផ្លូវរបស់យើងនឹងគេចមិនផុតពីទុក្ខព្រួយ កង្វល់ ឬសោកសៅឡើយ ។ ប៉ុន្តែយើងបានមកដល់ពេលនេះ « ដោយសារព្រះបន្ទូលនៃព្រះគ្រីស្ទ ដោយមានសេចក្ដីជំនឿដ៏រឹងប៉ឹងនៅលើទ្រង់ ដោយពឹងផ្អែកទាំងស្រុង ទៅលើគុណបុណ្យទ្រង់ ដែលមានឥទ្ធិឫទ្ធិដើម្បីសង្គ្រោះ » ។ យើងនឹង « ឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ ដោយមានពន្លឺនៃសេចក្តីសង្ឃឹមដ៏ឥតខ្ចោះ ហើយដោយមានចិត្តស្រឡាញ់ព្រះ និងមនុស្ស[ គ្រប់រូប ] ជាមួយគ្នា » ។២១ យើងនឹង« ត្រេកអរក្នុងទ្រង់ដោយអំណរដ៏ប្រសើររកថ្លែងពុំបាន » ជាមួយគ្នា២២ ដ្បិតព្រះយេស៊ូវគ្រីស្ទជាកម្លាំងយើង !២៣
ខ្ញុំអធិស្ឋានសូមឲ្យយើងម្នាក់ៗអាចស្ដាប់ឮ សំឡេងរបស់ព្រះវរបិតាដែលហៅយើងឲ្យមកលើផ្លូវដែលដឹកនាំទៅផ្ទះ នៅក្នុងរឿងប្រៀបធៀបដ៏ជ្រាលជ្រៅនេះ —ដើម្បីយើងអាចមានភាពក្លាហានការប្រែចិត្ត ទទួលបានការអភ័យទោស និងដើរតាមមាគ៌ាដែលដឹកនាំត្រឡប់ទៅព្រះនៃសេចក្ដីមេត្តាករុណា និងប្រកបដោយព្រះគុណ ។ ខ្ញុំសូមថ្លែងជាសាក្សី ហើយបន្សល់ទុកពរជ័យខ្ញុំជាមួយនឹងបងប្អូនរាល់គ្នា នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕