សន្និសីទទូទៅ
គិត​ដល់​សេឡេស្ទាល !
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២៣


គិត​ដល់​សេឡេស្ទាល !

ការជ្រើសរើស​របស់​បងប្អូន​នឹង​កំណត់​កន្លែង​ដែល​បងប្អូន​នឹង​រស់នៅ​ដ៏​អស់កល្ប​ជានិច្ច ប្រភេទ​រូបកាយ​ដែល​បងប្អូន​នឹង​រស់​ឡើងវិញ និង​អស់​អ្នក​ដែល​បងប្អូន​នឹង​រស់នៅ​ជាមួយ​ជា​រៀងរហូត ។

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់ ខ្ញុំ​មាន​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ក្នុង​ការថ្លែង​ទៅកាន់​បងប្អូន​នៅ​ថ្ងៃនេះ ។ នៅ​វ័យ​ខ្ញុំ​នេះ ថ្ងៃ​ថ្មី​នីមួយៗ​នាំ​មក​នូវ​ភាពអស្ចារ្យ ក៏​ដូចជា​បញ្ហា​ភ្ញាក់ផ្អើល​ជាច្រើន​ផង​ដែរ ។ បី​សប្តាហ៍​មុន ខ្ញុំ​មាន​របួស​សាច់ដុំ​ខ្នង ។ ដូច្នេះ ខណៈ​ដែល​ខ្ញុំ​បាន​ឈរ​ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​ទូទៅ​ជាង ១០០ ដង ថ្ងៃនេះ ខ្ញុំ​គិត​ថា​ខ្ញុំ​អង្គុយ​ថ្លែង​សុន្ទរកថា​វិញ​ម្តង ។ ខ្ញុំ​សូម​អធិស្ឋាន​ឲ្យ​ព្រះវិញ្ញាណ​នាំ​សារលិខិត​ខ្ញុំ​ចូល​ទៅ​កាន់​ដួងចិត្ត​បងប្អូន ។

ថ្មីៗ​នេះ​ខ្ញុំ​បាន​ប្រារព្ធ​ខួប ៩៩ ឆ្នាំ ដូច្នោះ​ ខ្ញុំ​បាន​ចាប់ផ្ដើម​រស់នៅ​ក្នុង​ឆ្នាំ​ទី ១០០​ហើយ ។ ជាញឹកញាប់​គេ​សួរ​ខ្ញុំ​ពី​អាថ៌កំបាំង​នៃ​ការ​មាន​អាយុវែង ។ សំណួរ​ដែល​ល្អ​បំផុត​នោះ​គឺ « តើ​ខ្ញុំ​បាន​រៀន​អ្វីខ្លះ​ក្នុង​រយៈពេល​ដែល​បាន​រស់នៅ​ជិត​មួយ​សតវត្សរ៍​នេះ ? »

ពេលវេលា​ថ្ងៃ​នេះ​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ឆ្លើយ​សំណួរ​នោះ​ទាំង​ស្រុង​ទេ ប៉ុន្តែ​ខ្ញុំ​សូម​ចែកចាយ​មេរៀន​ដ៏​សំខាន់​បំផុត​មួយ​ដែល​ខ្ញុំ​បាន​រៀន ។

ខ្ញុំ​បាន​រៀន​ថា ផែនការ​របស់​ព្រះ​វរបិតាសួគ៌​សម្រាប់​យើង​គឺ អស្ចារ្យ ថា អ្វី​ដែល​យើង​ធ្វើ​ក្នុង​ជីវិត​នេះ​ពិត​ជា​សំខាន់ ហើយ​ថា ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​គឺជា​អ្វី​ដែល​ធ្វើ​ឲ្យ​ផែនការ​របស់​ព្រះវរបិតា​យើង​សម្រេច​ទៅ​បាន ។

នៅពេល​ខ្ញុំ​ពុះពារ​នឹង​ការឈឺចាប់​ដ៏​ខ្លាំង​ដែល​បណ្តាល​មក​ពី​របួស​ខ្ញុំ​ថ្មីៗ​នេះ ខ្ញុំ​មាន​អារម្មណ៍​ដឹងគុណ​កាន់តែ​ខ្លាំង​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ និង​អំណោយទាន​នៃ​ដង្វាយធួន​របស់​ទ្រង់ ដែល​ហួស​ពី​ការ​យល់​បាន ។ សូម​គិត​អំពី​ការណ៍​នេះ ! ព្រះអង្គសង្រ្គោះ​បាន « រង​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា និង​ការ​ល្បួង​គ្រប់​បែប​យ៉ាង »ដើម្បី​ទ្រង់​អាច​លួងលោម​យើង ព្យាបាល​យើង សង្រ្គោះ​យើង​នៅគ្រា​ដែល​ខ្វះខាត ។ ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ពិពណ៌នា​ពី​បទពិសោធន៍​របស់​ទ្រង់​នៅក្នុង​សួនច្បារ​គែតសេម៉ានី និង​នៅ​កាលវ៉ារី​ថា « សេចក្ដី​រងទុក្ខ​វេទនា ដែល​បណ្ដាល​ឲ្យ​យើង គឺជា​ព្រះ​ដែល​មហិមា​លើ​អ្វីៗ​ទាំង​អស់ ត្រូវ​ញ័រ​ដោយ​សារ​តែ​ការ​ឈឺ​ចាប់ ហើយ​ត្រូវ​ច្រួច​លោហិត​ចេញ​ពី​គ្រប់​រន្ធ​ញើស » ។ របួស​ខ្ញុំ​បណ្តាល​ឲ្យ​ខ្ញុំ​គិត​ដដែលៗ​អំពី « ភាព​មហិមា​នៃ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល » ។ ក្នុង​អំឡុងពេល​នៃ​ការព្យាបាល​របស់ខ្ញុំ ព្រះអម្ចាស់​បាន​សម្ដែង​នូវ​ព្រះចេស្ដា​ដ៏​ទេវភាព​តាម​របៀប​ដ៏​សុខសាន្ត និង​មិន​អាច​បំភ្លេច​បាន ។

ដោយសារ​ដង្វាយធួន​ដ៏​គ្មាន​ទីបញ្ចប់​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ផែនការ​របស់​ព្រះវរបិតាសួគ៌​យើង​គឺជា​ផែនការ​ដ៏​ឥតខ្ចោះ​មួយ ! ការយល់ដឹង​អំពី​ផែនការ​ដ៏​អស្ចារ្យ​របស់​ព្រះ ដក​អាថ៌កំបាំង​ចេញ​ពី​ជីវិត និង​ភាពមិន​ច្បាស់លាស់​ចេញ​ពី​អនាគត​របស់យើង ។ វា​អនុញ្ញាត​ឲ្យ យើង ម្នាក់ៗ​ជ្រើសរើស របៀប ដែល​យើង​នឹង​រស់នៅ​លើ​ផែនដី​នេះ និង កន្លែង យើង​នឹង​រស់នៅ​ជា​រៀងរហូត ។ គំនិត​គ្មាន​មូលដ្ឋាន​ដែល​ថា​យើង​គួរ « ស៊ីផឹក ហើយ​អរសប្បាយ​ទៅ​ចុះ ដ្បិត​ស្អែក​ឡើង យើង​ត្រូវ​ស្លាប់​ហើយ ហើយ​នឹង​បាន​ស្រួល​ដល់​យើង » គឺជា​ការកុហក​មិន​សម​ហេតុផល​បំផុត​មួយ​នៅក្នុង​សកលលោក​នេះ ។

នេះ​គឺជា​ដំណឹង​ដ៏​អស្ចារ្យ​ពី​ផែនការ​របស់​ព្រះ ៖ ជា​អ្វីៗ​ដែល​នឹង​ធ្វើ​ឲ្យ​ជីវិត រមែងស្លាប់ របស់​បងប្អូន​បាន​ប្រសើរ​បំផុត វា អាច​ជា​រឿង ដូច​គ្នា ដែល​នឹង​ធ្វើ​ឲ្យ​ជីវិត​នៅ ភាពអស់កល្ប​ជានិច្ច បងប្អូន​បាន​ប្រសើរ​បំផុត​តាម​ដែល ផែនការ​នេះ អាច​ធ្វើ​បាន ! នៅថ្ងៃនេះ ដើម្បី​ជួយ​បងប្អូន​ស័ក្តិសម​ទទួល​បាន​ពរជ័យ​ដ៏​សម្បើម​នោះ ដែល​ព្រះវរបិតាសួគ៌​មាន​សម្រាប់​បងប្អូន ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ធ្វើ​តាម​ការអនុវត្ត​នៃ « ការគិត​ដល់​សេឡេស្ទាល ! » ការ​គិត​សេឡេស្ទាល មានន័យ​ថា​គឺ​មាន​គំនិត​ខាង​វិញ្ញាណ ។ យើង​រៀន​ពី យ៉ាកុប ដែលជា​ព្យាការី​ក្នុង​ព្រះគម្ពីរ​មរមន​ថា « រីឯ​គំនិត​ដែល​ជាប់​ទៅ​ខាង​វិញ្ញាណ គឺជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ » ។

ជីវិត​រមែងស្លាប់​គឺជា​ថ្នាក់​រៀន​កម្រិត​ជាន់ខ្ពស់​ក្នុងការ​រៀន​ជ្រើសរើស​អ្វីៗ​ដែល​មហិមា​បំផុត​នាំចូល​ដល់​ភាពអស់កល្ប​ជានិច្ច ។ មាន​មនុស្ស​ជា​ច្រើន​ដែល​រស់នៅ​មួយ​ជីវិត​នេះ​គិតថា​វា​មាន​តែ​ប៉ុណ្ណឹង ។ ទោះជា​យ៉ាង​ណា ការជ្រើសរើស​របស់​បងប្អូន​នៅ​ថ្ងៃនេះ​នឹង​កំណត់​ចំណុច​បី​យ៉ាង ៖ កន្លែង​ដែល​បងប្អូន​នឹង​រស់នៅ​អស់​ទាំង​ភាព​អស់កល្ប​ជានិច្ច ប្រភេទ​រូបកាយ​ដែល​បងប្អូន​នឹង​រស់​ឡើងវិញ និង​អស់​អ្នក​ដែល​បងប្អូន​នឹង​រស់នៅ​ជាមួយ​ជា​រៀងរហូត ។ ដូច្នេះ សូម​គិត​ដល់​សេឡេស្ទាល ។

នៅក្នុង​សារលិខិត​ដំបូង​របស់​ខ្ញុំ​ក្នុងនាម​ជា​ប្រធាន​នៃ​សាសនាចក្រ​នេះ ខ្ញុំ​បាន​លើកទឹកចិត្ត​បងប្អូន​ឲ្យ​ពិចារណា​ពី​គោលដៅ​ដ៏​ខ្ពស់​បំផុត​របស់​បងប្អូន ។ ការណ៍​នេះ​មាន​ន័យ​ថា​ដាក់​នគរ​សេឡេស្ទាល​ជា​គោលដៅ​ដ៏​អស់កល្ប​ជានិច្ច​របស់​បងប្អូន ហើយ​បន្ទាប់មក​ពិចារណា​ដោយ​ប្រុងប្រយ័ត្ន​ថា ការសម្រេចចិត្ត​នីមួយៗ​របស់​បងប្អូន​ខណៈ​នៅលើ​ផែនដី​នេះ នឹង​នាំ​បងប្អូន​ទៅ​កន្លែង​ណា​នៅ​ពិភពលោក​បន្ទាប់​ទៀត ។

ព្រះអម្ចាស់​បាន​បង្រៀន​យ៉ាង​ច្បាស់​ថា មាន​តែ​បុរស និង​ស្ត្រី​ដែល​បាន​ផ្សារភ្ជាប់​ជា​ស្វាមី​ភរិយា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​រក្សា​សេចក្តីសញ្ញា​របស់​ខ្លួន​ប៉ុណ្ណោះ​នឹង​រស់នៅ​ជាមួយ​គ្នា​រហូត​ដល់​ភាពអស់កល្ប​ជានិច្ច ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា ៖ « គ្រប់​ទាំង​សេចក្ដី​សញ្ញា កិច្ច​សន្យា សំបុត្រ​ធានា កាតព្វកិច្ច សម្បថ ការ​សច្ចា ការប្រព្រឹត្តិ ការរួបរួម ការចូលរួម ឬ​ការសង្ឃឹម ដែល ពុំបាន​ធ្វើ ហើយ​ចូល ហើយ​ភ្ជាប់ ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា​… ក៏​ឈប់​ដែរ នៅ​ពេល​មនុស្ស​ស្លាប់​ទៅ » ។១០

ហេតុដូច្នោះហើយ បើ​យើង​ជ្រើសរើស មិន​ឈ្លាសវៃ រស់នៅ​តាម​ក្រឹត្យវិន័យ ទេឡេស្ទាល ឥឡូវ​នេះ យើង​កំពុងតែ​ជ្រើសរើស​រស់​ឡើងវិញ​ជាមួយ​នឹង​រូបកាយ ទេឡេស្ទាល ដែរ​ហើយ ។ យើង​កំពុងតែ​ជ្រើសរើស មិន រស់នៅ​ជាមួយ​ក្រុមគ្រួសារ​យើង​ជា​រៀងរហូត​ហើយ ។

ដូច្នេះហើយ បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់ តើ ដោយ​របៀប​ណា និង កន្លែងណា និង​ជាមួយ នរណា ដែល បងប្អូន ចង់​រស់នៅ​ជា​រៀងរហូត ? បងប្អូន​ត្រូវ​ជ្រើសរើស ។១១

នៅពេល​បងប្អូន​ធ្វើការ​ជ្រើសរើស​ផ្សេងៗ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​មាន​ទស្សនៈ​វែងឆ្ងាយ—ជា​ទស្សនៈ​ដ៏​អស់កល្ប​ជានិច្ច ។ សូម​ដាក់​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ចម្បង ពីព្រោះ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​បងប្អូន​គឺ​អាស្រ័យ​លើ​សេចក្តី​ជំនឿ​របស់​បងប្អូន​ទៅលើ​ទ្រង់ និង​ដង្វាយធួន​របស់​ទ្រង់ ។១២ វា​ក៏​អាស្រ័យ​ទៅលើ​ការគោរព​ប្រតិបត្តិ​របស់​បងប្អូន​តាម​ក្រឹត្យវិន័យ​របស់​ទ្រង់​ដែរ ។ ការគោរព​ប្រតិបត្តិ​ត្រាយ​ផ្លូវ​ឲ្យ​បងប្អូន​មាន​ជីវិត​ដ៏​រីករាយ​នៅ​ថ្ងៃនេះ និង​ជា​រង្វាន់​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៅ​ថ្ងៃ​ស្អែក ។

នៅពេល​បងប្អូន​ប្រឈមមុខ​នឹង​បញ្ហា សូម​គិត​ដល់​សេឡេស្ទាល ! នៅពេល​ជួប​នឹង​ការល្បួង សូម​គិត​ដល់​សេឡេស្ទាល ! នៅពេល​ជីវិត ឬ​មនុស្ស​ជា​ទីស្រឡាញ់​បំបាក់​ទឹកចិត្ត​បងប្អូន សូម​គិត​ដល់​សេឡេស្ទាល ! នៅពេល​នរណា​ម្នាក់​ស្លាប់ មុន​កាលកំណត់ សូម​គិត​ដល់​សេឡេស្ទាល ! នៅពេល​នរណា​ម្នាក់​មាន​ជំងឺ​កាចសាហាវ សូម​គិត​ដល់​សេឡេស្ទាល ! នៅពេល​សម្ពាធ​ជីវិត​គ្របដណ្ដប់​លើ​បងប្អូន សូម​គិត​ដល់​សេឡេស្ទាល ! នៅពេល​បងប្អូន​បាន​រួចផុត​ពី​គ្រោះថ្នាក់ ឬ​ជា​ពី​ជំងឺ ដូចជា​ខ្ញុំ​កំពុង​តែមាន​ឥឡូវ​នេះ សូម​គិត​ដល់​សេឡេស្ទាល !

នៅពេល​បងប្អូន​ផ្ដោត​ការគិត​ដល់​សេឡេស្ទាល សូម​រំពឹង​ថា​នឹង​ជួប​ការជំទាស់​ប្រឆាំង ។១៣ ជាច្រើន​ទសវត្សរ៍​មុន មិត្តរួម​ការងារ​អាជីព​ម្នាក់​បាន​រិះគន់​ខ្ញុំ​ចំពោះ​ការមាន « ព្រះវិហារ​បរិសុទ្ធ » ច្រើន​ពេក​នៅក្នុង​គំនិត​ខ្ញុំ ហើយ​អ្នកចាត់ការ​ជាច្រើន​នាក់​បាន​ដាក់​ពិន័យ​ខ្ញុំ​ដោយសារ​តែ​ជំនឿ​របស់ខ្ញុំ ។ ទោះជា​យ៉ាងណា ខ្ញុំ​ជឿជាក់​ថា ការគិត​ដល់​សេឡេស្ទាល​បានពង្រឹង​អាជីព​ខ្ញុំ ។

នៅពេល​បងប្អូន​គិត​ដល់​សេឡេស្ទាល នោះ​ដួងចិត្ត​បងប្អូន​នឹង​ផ្លាស់ប្តូរ​បន្តិច​ម្តងៗ ។ បងប្អូន​នឹង​ចង់​អធិស្ឋាន​ឲ្យ​បាន​ញឹកញាប់ និង​ដោយ​ស្មោះសរ​ជាង​នេះ ។ សូម​កុំ​បណ្តោយ​ឲ្យ​ការអធិស្ឋាន​របស់​បងប្អូន​ស្តាប់​ទៅ​ដូចជា​បញ្ជី​ទិញ​ទំនិញ​ឡើយ ។ ទស្សនៈ​របស់​ព្រះអម្ចាស់​លើសលប់​ពី​ប្រាជ្ញា​រមែង​ស្លាប់​របស់​បងប្អូន ។ ការឆ្លើយតប​របស់ទ្រង់​ចំពោះ​ការអធិស្ឋាន​បងប្អូន​អាច​ធ្វើ​ឲ្យ​បងប្អូន​ភ្ញាក់ផ្អើល ហើយ​នឹង​ជួយ​បងប្អូន​ឲ្យ​គិត​ដល់​សេឡេស្ទាល ។

សូម​ពិចារណា​អំពី​ការឆ្លើយតប​របស់​ព្រះអម្ចាស់​ចំពោះ យ៉ូសែប ស្ម៊ីធ នៅពេល​លោក​បាន​ទូល​អង្វរ​សុំ​ការសង្គ្រោះ​នៅក្នុង​គុក​លិបើទី ។ ព្រះអម្ចាស់​បាន​បង្រៀន​ព្យាការី​ថា ការប្រព្រឹត្ត​ចំពោះ​លោក​ដោយ​អមនុស្សធម៌​នេះ​នឹង​ផ្តល់​ឲ្យ​លោក​នូវ​បទពិសោធន៍ និង​ជា​ប្រយោជន៍​ដល់​លោក ។១៤ « បើ​សិន​ជា​អ្នក​ស៊ូទ្រាំ​ការណ៍​នោះ​ដោយ​ហ្មត់ចត់ » ព្រះអម្ចាស់​បាន​សន្យា​ថា « ព្រះ​ទ្រង់​នឹង​តម្កើង​អ្នក​ឡើង​នៅ​ស្ថាន​ខ្ពស់ » ។១៥ ព្រះអម្ចាស់​បាន​បង្រៀន​យ៉ូសែប​ឲ្យ​គិត​ដល់​សេឡេស្ទាល ហើយ​ស្រមៃ​គិត​អំពី​រង្វាន់​ដ៏​អស់កល្ប​ជានិច្ច​ជាជាង​ផ្ដោតលើ​ការលំបាក​ដ៏​ក្រៀមក្រំ​នៅ​ថ្ងៃ​នោះ ។ ការអធិស្ឋាន​យើង​អាច​ជា—និង​គួរ​តែ​ជា—ការ​ពិភាក្សា​យ៉ាង​សកម្ម​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​យើង ។

នៅពេល​បងប្អូន​គិត​អំពី​សេឡេស្ទាល នោះ​បងប្អូន​នឹង​ឃើញថា​ខ្លួន​ឯង​កំពុង​ចៀសពី អ្វីៗ ដែល​ប្លន់​សិទ្ធិ​ជ្រើសរើស​របស់​បងប្អូន ។ រាល់ ការញៀន—មិនថា​ជា​ការលេង​ហ្គេម ការលេង​ល្បែង បំណុល គ្រឿងញៀន គ្រឿងស្រវឹង កំហឹង ការណ៍អាសគ្រាម ការរួមភេទ ឬ​សូម្បីតែ​ជា​អាហារ—គឺជា​ការធ្វើ​ឲ្យ​ព្រះ​អាក់អន់​ព្រះទ័យ ។ ហេតុអ្វី ? ពីព្រោះ​ការឈ្លក់​វង្វេង​របស់​បងប្អូន​បាន​ក្លាយ​ជា​ព្រះ​របស់​បងប្អូន ។ បងប្អូន​ខ្វល់ខ្វាយ​តែនឹង វាជំនួស​ឲ្យ ទ្រង់ដើម្បី​ទទួល​បាន​ការសម្រាល​ទុក្ខ ។ បើ​បងប្អូន​ពុះពារ​នឹង​ការញៀន សូម​ស្វែងរក​ជំនួយ​ខាងវិញ្ញាណ និង​អ្នក​ជំនាញ​ដែល​បងប្អូន​ត្រូវការ ។ សូម​កុំ​បណ្តោយ​ឲ្យ​ការឈ្លក់​វង្វេង​ប្លន់​សេរីភាព​បងប្អូន​ពី​ការ​ធ្វើ​តាម​ផែនការ​ដ៏​អស្ចារ្យ​របស់​ព្រះ​ឡើយ ។

ការគិត​ដល់​សេឡេស្ទាល​ក៏​នឹង​ជួយ​បងប្អូន​ឲ្យ​គោរព​តាម​ច្បាប់​ព្រហ្មចារីភាព​ដែរ ។ មាន​រឿង​មួយ​ចំនួន​នឹង​ធ្វើ​ឲ្យ​ជីវិត​បងប្អូន​ស្មុគស្មាញ​លឿនជាង​ការបំពាន​ច្បាប់​ដ៏​ទេវភាព​នេះ ។ សម្រាប់​អ្នក​ដែល​បាន​ចុះ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ អំពើ​អសីលធម៌​គឺជា​វិធី​បាត់បង់​ទីបន្ទាល់​លឿន​បំផុត ។

មានការល្បួង​ជាច្រើន​ឥតឈប់ឈរ​មកពី​មារសត្រូវ​ទាក់ទង​នឹង​ការបំពាន​លើ​ភាពបរិសុទ្ធ​ខាង​សីលធម៌ ។ អំណាច​ដើម្បី​បង្កើត​ជីវិត​គឺជា អភ័យឯកសិទ្ធិ​មួយ នៃ​ភាព​ជា​ព្រះ ដែល​ព្រះវរបិតាសួគ៌​អនុញ្ញាត​ឲ្យ​ដល់​បុត្រាបុត្រី​ទ្រង់​ក្នុង​ជីវិត​រមែងស្លាប់ ។ ដូច្នេះហើយ ព្រះ​បាន​កំណត់​គោលការណ៍​ណែនាំ​យ៉ាងច្បាស់លាស់​សម្រាប់​ការប្រើ​អំណាច​ដ៏​ទេវភាព​រស់រវើក​នេះ ។ ភាពស្និទ្ធស្នាល​ខាង​រាងកាយ​គឺ​សម្រាប់​តែ​បុរស និង​ស្រ្តី​ដែល​បាន​រៀបការ​ជាមួយ​គ្នា ប៉ុណ្ណោះ ។

ពិភពលោក​ភាគច្រើន​មិន​ជឿ​រឿង​នេះ​ទេ ប៉ុន្តែ​មតិ​សាធារណៈ​មិន​មែន​ជា​អ្នក​កំណត់​សេចក្តីពិត​នោះ​ទេ ។ ព្រះអម្ចាស់​បាន​ប្រកាស​ថា គ្មាន​បុគ្គល​ដែល​មិន​បរិសុទ្ធ​ណា​អាច​ចូល​នគរ​សេឡេស្ទាល​ឡើយ ។ ដូច្នេះ នៅពេល​បងប្អូន​ធ្វើ​ការសម្រេចចិត្ត​ទាក់ទង​នឹង​សីលធម៌ សូម​គិត​ដល់​សេឡេស្ទាល ។ បើ​បងប្អូន​មិន​បរិសុទ្ធ ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​ប្រែចិត្ត ។ សូម​មករក​ព្រះ​គ្រីស្ទ ហើយ​ទទួល​សេចក្តី​សន្យា​នៃ​ការអភ័យទោស ពេញលេញ របស់​ទ្រង់ នៅពេល​បងប្អូន​ប្រែចិត្ត​ពី​អំពើ​បាប ។១៦

នៅពេល​បងប្អូន​គិត​ដល់​សេឡេស្ទាល បងប្អូន​នឹង​មើលទៅ​ការសាកល្បង និង​ការផ្ទុយ​តាម​ពន្លឺ​ថ្មី​មួយ ។ នៅពេល​អ្នក​ដែល​បងប្អូន​ស្រឡាញ់​វាយ​ប្រហារ​លើ​សេចក្តីពិត សូម​គិត​ដល់​សេឡេស្ទាល ហើយ​កុំ​មាន​ការសង្ស័យ​លើ​ទីបន្ទាល់ បងប្អូន ឡើយ ។ សាវក​ប៉ុល បាន​ព្យាករ​ថា « នៅ​គ្រា​ជាន់​ក្រោយ​បង្អស់​អ្នក​ខ្លះ​នឹង​លា​ចាកចេញ​ពី​សេចក្តី​ជំនឿ​ដោយ​ស្តាប់​តាម​វិញ្ញាណ​បញ្ឆោត និង​សេចក្តី​បង្រៀន​របស់​ពួក​អារក្ស » ។១៧

ការបោក​បញ្ឆោត​របស់​មារសត្រូវ​គ្មាន​ទីបញ្ចប់​ឡើយ ។ សូម​រៀបចំ​ខ្លួន ។ សូម​កុំ​ស្តាប់​ដំបូន្មាន​របស់​អ្នក​ដែល​គ្មាន​ជំនឿ ។ សូម​ស្វែងរក​ការណែនាំ​ពី​សំឡេង​ដែល​បងប្អូន​អាច​ទុកចិត្ត—ពី​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ និង​ពី​ការ​ខ្សឹបប្រាប់​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល « នឹង​បង្ហាញ​ដល់​អ្នក​នូវ​គ្រប់ អ្វី ទាំងអស់ ដែល​អ្នក​ត្រូវ​ធ្វើ » ។១៨ សូម​បងប្អូន​ធ្វើ​កិច្ចការ​ខាងវិញ្ញាណ ដើម្បី​បង្កើន​សមត្ថភាព​ទទួល​វិវរណៈ​ផ្ទាល់ខ្លួន ។១៩

នៅពេល​បងប្អូន​គិត​ដល់​សេឡេស្ទាល នោះ​សេចក្តីជំនឿ​បងប្អូន​នឹង​កើនឡើង ។ នៅពេល​ខ្ញុំ​នៅ​ជា​អ្នក​ហាត់ការ​វ័យក្មេង ខ្ញុំ​រក​ចំណូល​បាន ១៥ ដុល្លារ​ក្នុង​មួយ​ខែ ។ នៅ​យប់​មួយ ភរិយា​ខ្ញុំ ឌេនហ្សេល បាន​សួរ​ថា តើ​ខ្ញុំ​បាន​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពី​ប្រាក់​ចំណូល​បន្តិចបន្តួច​នោះ​ដែរ​ទេ ? ខ្ញុំ​មិន​បាន​បង់​ទេ ។ ខ្ញុំ​បាន​ប្រែចិត្ត​ភ្លាមៗ ហើយ​ចាប់ផ្តើម​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់ ១.៥ ដុល្លារ​ជា​រៀងរាល់​ខែ ។

តើ​មាន​ភាពខុសប្លែក​ដល់​សាសនាចក្រ​ទេ​ដោយសារ​យើង​បង្កើន​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ? ប្រាកដ​ជា​គ្មានទេ ។ ទោះជា​យ៉ាង​ណា ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញលេញ​បាន​ផ្លាស់ប្តូរ ខ្ញុំ ។ នោះ​ជា​ពេល​ដែល​ខ្ញុំ​បាន​រៀន​ថា ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​គឺ​ទាក់ទង​នឹង​សេចក្ដីជំនឿ មិនមែន​លុយ​នោះ​ទេ ។ កាល​ខ្ញុំ​ក្លាយ​ជា​អ្នក​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញលេញ នោះ​បង្អួច​នៃ​ស្ថានសួគ៌​បាន​ចាប់ផ្ដើម​បើក​ឲ្យ​ខ្ញុំ ។ ខ្ញុំ​ចាត់ទុក​ឱកាស​ជោគជ័យ​ក្នុង​វិជ្ជាជីវៈ​ជាច្រើន​បាន​មកពី​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដោយ​ស្មោះត្រង់​របស់​យើង ។២០

ការថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់​តម្រូវ​ឲ្យ​មាន​សេចក្តីជំនឿ ហើយ​វា​ក៏ ស្ថាបនា សេចក្តីជំនឿ​លើ​ព្រះ និង​ព្រះរាជបុត្រា​ស្ងួនភ្ញា​របស់​ទ្រង់​ផងដែរ ។

នៅក្នុង​ពិភពលោក​ដែល​គិតតែ​ពី​ផ្លូវភេទ និង​នយោបាយ ការជ្រើសរើស​រស់នៅ​ក្នុង​ជីវិត​ប្រកប​ដោយ​គុណធម៌​ជួយ​ស្ថាបនា​សេចក្តី​ជំនឿ ។

ការចំណាយ​ពេល​កាន់តែ​ច្រើន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ជួយ​ស្ថាបនា​សេចក្ដីជំនឿ ។ ហើយ​ការបម្រើ និង​ការថ្វាយ​បង្គំ​របស់បងប្អូន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នឹង​ជួយ​បងប្អូន​ឲ្យ​គិត​ដល់​សេឡេស្ទាល ។ ព្រះវិហារ​បរិសុទ្ធ​គឺជា​កន្លែង​នៃ​វិវរណៈ ។ នៅទីនោះ​មាន​បង្ហាញ​បងប្អូន​ពី​របៀប​ដើម្បី​ឈាន​ទៅរក​ជីវិត​សេឡេស្ទាល ។ នៅ​ទីនោះ បងប្អូន​នៅ​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ ហើយ​ត្រូវបាន​ផ្ដល់​សិទ្ធិ​ឲ្យ​ទទួល​បាន​ព្រះចេស្ដា​ទ្រង់​កាន់តែ​មហិមា ។ នៅ​ទីនោះ​បងប្អូន​ទទួល​បាន​ណែនាំ​ក្នុងការ​ដោះស្រាយ​បញ្ហា​ជីវិត​របស់​បងប្អូន សូម្បីតែ​បញ្ហា​ដែល​ស្មុគស្មាញ​បំផុត​ក្តី ។

ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ​មាន​សារៈសំខាន់​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ យើង​បន្ត​សង់​ព្រះវិហារ​បរិសុទ្ធ​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ឲ្យ​លទ្ធភាព​ដ៏​ពិសិដ្ឋ​ទាំងនេះ​ក្លាយ​ជា​ការពិត​នៅក្នុង​ជីវិត​បងប្អូន​ម្នាក់ៗ ។ យើង​មាន​អំណរ​គុណ​ដើម្បី​ប្រកាស​ពី​គម្រោង​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​នៅ​តាម​ទីតាំង​នីមួយៗ​ដូច​ត​ទៅ​នេះ ៖

  • សាវៃអ៊ី សាម័រ

  • កានគុន ម៊ិកស៊ីក

  • ពីអូរ៉ា ពេរ៉ូ

  • ហូនកាយ៉ូ ពេរ៉ូ

  • វីណា ដេលម៉ា ឈីលី

  • ហ្គយយ៉ាណា ប្រេស៊ីល

  • ជូអោ ពេសៅ ប្រេស៊ីល

  • កាឡាបា នីហ្សេរីយ៉ា

  • ជ្រោយ កេប ហ្កាណា

  • លូនដា អាន់ហ្គូឡា

  • ប៊ូជី ម៉ាយី សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ

  • ឡាអូហ្គ ហ្វីលីពីន

  • អូសាកា ជប៉ុន

  • គាហ៊ូលូអ៊ី ម៉ូអ៊ី ហាវ៉ៃ

  • ហ្វែប៊ែង អាឡាស្កា

  • វែនខូវើ វ៉ាស៊ីនតោន

  • កូឡូរ៉ាដូ ស្ព្រីង កូឡូរ៉ាដូ

  • តាល់សា អូក្លូហូម៉ា

  • រ៉ូនុក វើជីញ៉ា

  • យូ​ឡានបាតា ម៉ុងហ្គោលី

ព្រះអម្ចាស់​កំពុង​ដឹកនាំ​យើង​ឲ្យ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ទាំងនេះ ដើម្បី​ជួយ​យើង​ឲ្យ​គិត​ដល់​សេឡេស្ទាល ។ ព្រះ​មាន​ព្រះជន្មរស់ ។ ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ។ សាសនាចក្រ​ទ្រង់​ត្រូវ​បាន​ស្ដារឡើងវិញ ដើម្បី​ផ្ដល់​ពរ​ដល់​បុត្រាបុត្រី​របស់​ព្រះ​ទាំងអស់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដូច្នោះ នៅក្នុង​ព្រះនាម​ដ៏ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. សូមមើល យ៉ូហាន ៦:៣៨ ។

  2. អាលម៉ា ៧:១១ ។

  3. សូមមើល អាលម៉ា ៧:១២ ។

  4. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៩:១៨ ។

  5. នីហ្វៃទី២ ៩:៤០ ។

  6. នីហ្វៃ​ទី​២ ២៨:៧ ។

  7. វា​អាច​បង្ហាញ​ថា ការប្រែចិត្ត និង​ការរីកចម្រើន​ខាងវិញ្ញាណ​នៅ​ទីនេះ​គឺ​ងាយស្រួល​ជាង​ការប្រែចិត្ត និង​ការរីកចម្រើន​ខាង​វិញ្ញាណ​នៅ​ពិភព​បន្ទាប់ ដែល​នៅ​ចន្លោះ​ពេល​យើង​ស្លាប់ និង​រស់ឡើងវិញ ខណៈ​ដែល​វិញ្ញាណ និង​រូបកាយ​របស់យើង​នៅ​ជាមួយ​គ្នា ។ ដូច​ដែល​អាមូលេក បាន​បង្រៀន​ទៅ​ពួក​ក្បត់​សាសនា​សូរាំ​ថា « នេះ​គឺជា​ពេល​វេលា … ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ » ( សូម​មើល អាលម៉ា ៣៤:៣២–៣៥ ) ។

  8. នីហ្វៃ​ទី​២ ៩:៣៩ ។

  9. សូមមើល ម៉ូសាយ ៤:៣០ ដែល​ស្តេច​បេនយ៉ាមីន ដាស់តឿន​ដល់​ប្រជារាស្ត្រ​របស់​ទ្រង់​ថា « បើ​សិន​ជា​អ្នក​រាល់​គ្នា​ពុំ​ប្រយ័ត្ន​ខ្លួន ទាំង​គំនិត​របស់​ខ្លួន និង​ពាក្យ​សម្ដី​របស់​ខ្លួន និង​កិច្ចការ​របស់​ខ្លួន ហើយ​គោរព​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ ហើយ​បន្ត​ទៅ​ក្នុង​សេចក្ដី​ជំនឿ​ជឿ … នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស » ។

  10. គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣២:៧ ការគូស​បញ្ជាក់​បាន​បន្ថែម ។

  11. ជា​ការពិតណាស់ សិទ្ធិ​ជ្រើសរើស​របស់​បងប្អូន​មិន​អាច​មាន​ជ័យជំនះ​លើ​សិទ្ធិជ្រើសរើស​របស់​អ្នក​ផ្សេង និង​លទ្ធផល​នៃ​ជម្រើស​របស់​មនុស្ស​ផ្សេង​ឡើយ ។ ខ្ញុំ​ចង់​ផ្សារភ្ជាប់​ជាមួយ​ឪពុកម្តាយ​របស់​ខ្ញុំ​យ៉ាង​ខ្លាំង ។ ទោះជា​យ៉ាងណា ខ្ញុំ​ត្រូវ​រង់ចាំ​រហូត​ដល់ ពួកលោកជ្រើសរើស​ដើម្បី​ទទួល​អំណោយទាន​ពិសិដ្ឋ នៅពេល​ពួកលោក​មាន​អាយុ​ជាង ៨០ ឆ្នាំ ទៅ​ហើយ ។ បន្ទាប់មក ពួកលោក​ត្រូវ​បាន​ផ្សារភ្ជាប់​ជា​ស្វាមីភរិយា ហើយ​យើង​ជា​កូនៗ​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​ពួកលោក ។

  12. ព្រះគម្ពីរ​ថ្លែងទីបន្ទាល់​ម្តង​ហើយ​ម្តងទៀត​ថា អំណោយទាន​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​គឺ​អាច​ធ្វើ​ទៅបាន​តែ​តាមរយៈ​គុណបុណ្យ សេចក្តី​មេត្តា​ករុណា និង​ព្រះគុណ​នៃ​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ ( សូម​មើល ឧទាហរណ៍ មរ៉ូណៃ ៧:៤១ សូមមើល​ផងដែរ នីហ្វៃទី២ ២:៦–៨, ២៧ ) ។

  13. សូមមើល នីហ្វៃទី២ ២:១១ ។

  14. សូម​មើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១២២:៧ ។

  15. គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២១:៨ ។

  16. សូមមើល អេសាយ ១:១៦–១៨; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៨:៤២–៤៣ ។

  17. ធីម៉ូថេ ទី១ ៤:១ ។ ខ-បន្ទាប់​បន្ត​ថា « ដោយ‌សារ​ពុត​មាយា​របស់​ពួក​អ្នក ដែល​ពោល​តែ​ពាក្យ​កុហក ទាំង​មាន​បញ្ញា​ចិត្ត​រលាក » ( ខទី ២ ) ។ ប៉ុល ក៏​បាន​ប្រកាស​ថា មនុស្ស​ទាំងអស់​ដែល « រស់​ដោយ​គោរព​ប្រតិបត្តិ​ដល់​ព្រះ‌គ្រីស្ទ​យេស៊ូវ នោះ​នឹង​ត្រូវ​មាន​សេចក្ដី​បៀតបៀន​ដែរ » ( ធីម៉ូថេ ទី២ ៣:១២ ) ។

  18. នីហ្វៃ​ទី​២ ៣២:៥ បាន​គូសបញ្ជាក់​បន្ថែម ។ ប្រសិនបើ​យើង​សូម នោះ​យើង​អាច « បាន​ទទួល​វិវរណៈ​ថែម​ទៅ​លើ​វិវរណៈ តម្រិះ​ថែម​ទៅ​លើ​តម្រិះ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤២:៦១ ) ។

  19. សូមមើល រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Liahonaខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ ។

  20. ការណ៍នេះ​មិន​មែន​សំដៅ​លើ​ទំនាក់ទំនង​បុព្វហេតុ និង​ផល​នោះ​ទេ ។ អ្នក​ខ្លះ​មិន​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ តែ​ទទួល​បាន​ឱកាស​វិជ្ជាជីវៈ ឯ​អ្នក​ខ្លះ​ទៀត​បាន​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ តែ​មិន​បាន​ទទួល​ឱកាស ។ សេចក្តី​សន្យា​នោះ​គឺ​ថា បង្អួច​នៃ​ស្ថានសួគ៌ នឹង បើក​ឲ្យ​ដល់​អ្នក​ដែល​បង់​ដង្វាយ​មួយភាគ​ក្នុង​ដប់ ។ លក្ខណៈ​នៃ​ពរជ័យ​នឹង​បាន​ខុសៗ​គ្នា ។