គិតដល់សេឡេស្ទាល !
ការជ្រើសរើសរបស់បងប្អូននឹងកំណត់កន្លែងដែលបងប្អូននឹងរស់នៅដ៏អស់កល្បជានិច្ច ប្រភេទរូបកាយដែលបងប្អូននឹងរស់ឡើងវិញ និងអស់អ្នកដែលបងប្អូននឹងរស់នៅជាមួយជារៀងរហូត ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ ខ្ញុំមានអំណរគុណយ៉ាងជ្រាលជ្រៅក្នុងការថ្លែងទៅកាន់បងប្អូននៅថ្ងៃនេះ ។ នៅវ័យខ្ញុំនេះ ថ្ងៃថ្មីនីមួយៗនាំមកនូវភាពអស្ចារ្យ ក៏ដូចជាបញ្ហាភ្ញាក់ផ្អើលជាច្រើនផងដែរ ។ បីសប្តាហ៍មុន ខ្ញុំមានរបួសសាច់ដុំខ្នង ។ ដូច្នេះ ខណៈដែលខ្ញុំបានឈរថ្លែងសុន្ទរកថាក្នុងសន្និសីទទូទៅជាង ១០០ ដង ថ្ងៃនេះ ខ្ញុំគិតថាខ្ញុំអង្គុយថ្លែងសុន្ទរកថាវិញម្តង ។ ខ្ញុំសូមអធិស្ឋានឲ្យព្រះវិញ្ញាណនាំសារលិខិតខ្ញុំចូលទៅកាន់ដួងចិត្តបងប្អូន ។
ថ្មីៗនេះខ្ញុំបានប្រារព្ធខួប ៩៩ ឆ្នាំ ដូច្នោះ ខ្ញុំបានចាប់ផ្ដើមរស់នៅក្នុងឆ្នាំទី ១០០ហើយ ។ ជាញឹកញាប់គេសួរខ្ញុំពីអាថ៌កំបាំងនៃការមានអាយុវែង ។ សំណួរដែលល្អបំផុតនោះគឺ « តើខ្ញុំបានរៀនអ្វីខ្លះក្នុងរយៈពេលដែលបានរស់នៅជិតមួយសតវត្សរ៍នេះ ? »
ពេលវេលាថ្ងៃនេះមិនអនុញ្ញាតឲ្យខ្ញុំឆ្លើយសំណួរនោះទាំងស្រុងទេ ប៉ុន្តែខ្ញុំសូមចែកចាយមេរៀនដ៏សំខាន់បំផុតមួយដែលខ្ញុំបានរៀន ។
ខ្ញុំបានរៀនថា ផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់យើងគឺ អស្ចារ្យ ថា អ្វីដែលយើងធ្វើក្នុងជីវិតនេះពិតជាសំខាន់ ហើយថា ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះគឺជាអ្វីដែលធ្វើឲ្យផែនការរបស់ព្រះវរបិតាយើងសម្រេចទៅបាន ។១
នៅពេលខ្ញុំពុះពារនឹងការឈឺចាប់ដ៏ខ្លាំងដែលបណ្តាលមកពីរបួសខ្ញុំថ្មីៗនេះ ខ្ញុំមានអារម្មណ៍ដឹងគុណកាន់តែខ្លាំងចំពោះព្រះយេស៊ូវគ្រីស្ទ និងអំណោយទាននៃដង្វាយធួនរបស់ទ្រង់ ដែលហួសពីការយល់បាន ។ សូមគិតអំពីការណ៍នេះ ! ព្រះអង្គសង្រ្គោះបាន « រងការឈឺចាប់ និងទុក្ខវេទនា និងការល្បួងគ្រប់បែបយ៉ាង »២ដើម្បីទ្រង់អាចលួងលោមយើង ព្យាបាលយើង សង្រ្គោះយើងនៅគ្រាដែលខ្វះខាត ។៣ ព្រះយេស៊ូវគ្រីស្ទបានពិពណ៌នាពីបទពិសោធន៍របស់ទ្រង់នៅក្នុងសួនច្បារគែតសេម៉ានី និងនៅកាលវ៉ារីថា « សេចក្ដីរងទុក្ខវេទនា ដែលបណ្ដាលឲ្យយើង គឺជាព្រះដែលមហិមាលើអ្វីៗទាំងអស់ ត្រូវញ័រដោយសារតែការឈឺចាប់ ហើយត្រូវច្រួចលោហិតចេញពីគ្រប់រន្ធញើស » ។៤ របួសខ្ញុំបណ្តាលឲ្យខ្ញុំគិតដដែលៗអំពី « ភាពមហិមានៃព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល » ។៥ ក្នុងអំឡុងពេលនៃការព្យាបាលរបស់ខ្ញុំ ព្រះអម្ចាស់បានសម្ដែងនូវព្រះចេស្ដាដ៏ទេវភាពតាមរបៀបដ៏សុខសាន្ត និងមិនអាចបំភ្លេចបាន ។
ដោយសារដង្វាយធួនដ៏គ្មានទីបញ្ចប់របស់ព្រះយេស៊ូវគ្រីស្ទ នោះផែនការរបស់ព្រះវរបិតាសួគ៌យើងគឺជាផែនការដ៏ឥតខ្ចោះមួយ ! ការយល់ដឹងអំពីផែនការដ៏អស្ចារ្យរបស់ព្រះ ដកអាថ៌កំបាំងចេញពីជីវិត និងភាពមិនច្បាស់លាស់ចេញពីអនាគតរបស់យើង ។ វាអនុញ្ញាតឲ្យ យើង ម្នាក់ៗជ្រើសរើស របៀប ដែលយើងនឹងរស់នៅលើផែនដីនេះ និង កន្លែង យើងនឹងរស់នៅជារៀងរហូត ។ គំនិតគ្មានមូលដ្ឋានដែលថាយើងគួរ « ស៊ីផឹក ហើយអរសប្បាយទៅចុះ ដ្បិតស្អែកឡើង យើងត្រូវស្លាប់ហើយ ហើយនឹងបានស្រួលដល់យើង »៦ គឺជាការកុហកមិនសមហេតុផលបំផុតមួយនៅក្នុងសកលលោកនេះ ។
នេះគឺជាដំណឹងដ៏អស្ចារ្យពីផែនការរបស់ព្រះ ៖ ជាអ្វីៗដែលនឹងធ្វើឲ្យជីវិត រមែងស្លាប់ របស់បងប្អូនបានប្រសើរបំផុត វា អាចជារឿង ដូចគ្នា ដែលនឹងធ្វើឲ្យជីវិតនៅ ភាពអស់កល្បជានិច្ច បងប្អូនបានប្រសើរបំផុតតាមដែល ផែនការនេះ អាចធ្វើបាន ! នៅថ្ងៃនេះ ដើម្បីជួយបងប្អូនស័ក្តិសមទទួលបានពរជ័យដ៏សម្បើមនោះ ដែលព្រះវរបិតាសួគ៌មានសម្រាប់បងប្អូន ខ្ញុំសូមអញ្ជើញបងប្អូនឲ្យធ្វើតាមការអនុវត្តនៃ « ការគិតដល់សេឡេស្ទាល ! »៧ ការគិតសេឡេស្ទាល មានន័យថាគឺមានគំនិតខាងវិញ្ញាណ ។ យើងរៀនពី យ៉ាកុប ដែលជាព្យាការីក្នុងព្រះគម្ពីរមរមនថា « រីឯគំនិតដែលជាប់ទៅខាងវិញ្ញាណ គឺជាជីវិតដ៏នៅអស់កល្បជានិច្ចវិញ » ។៨
ជីវិតរមែងស្លាប់គឺជាថ្នាក់រៀនកម្រិតជាន់ខ្ពស់ក្នុងការរៀនជ្រើសរើសអ្វីៗដែលមហិមាបំផុតនាំចូលដល់ភាពអស់កល្បជានិច្ច ។ មានមនុស្សជាច្រើនដែលរស់នៅមួយជីវិតនេះគិតថាវាមានតែប៉ុណ្ណឹង ។ ទោះជាយ៉ាងណា ការជ្រើសរើសរបស់បងប្អូននៅថ្ងៃនេះនឹងកំណត់ចំណុចបីយ៉ាង ៖ កន្លែងដែលបងប្អូននឹងរស់នៅអស់ទាំងភាពអស់កល្បជានិច្ច ប្រភេទរូបកាយដែលបងប្អូននឹងរស់ឡើងវិញ និងអស់អ្នកដែលបងប្អូននឹងរស់នៅជាមួយជារៀងរហូត ។ ដូច្នេះ សូមគិតដល់សេឡេស្ទាល ។
នៅក្នុងសារលិខិតដំបូងរបស់ខ្ញុំក្នុងនាមជាប្រធាននៃសាសនាចក្រនេះ ខ្ញុំបានលើកទឹកចិត្តបងប្អូនឲ្យពិចារណាពីគោលដៅដ៏ខ្ពស់បំផុតរបស់បងប្អូន ។ ការណ៍នេះមានន័យថាដាក់នគរសេឡេស្ទាលជាគោលដៅដ៏អស់កល្បជានិច្ចរបស់បងប្អូន ហើយបន្ទាប់មកពិចារណាដោយប្រុងប្រយ័ត្នថា ការសម្រេចចិត្តនីមួយៗរបស់បងប្អូនខណៈនៅលើផែនដីនេះ នឹងនាំបងប្អូនទៅកន្លែងណានៅពិភពលោកបន្ទាប់ទៀត ។៩
ព្រះអម្ចាស់បានបង្រៀនយ៉ាងច្បាស់ថា មានតែបុរស និងស្ត្រីដែលបានផ្សារភ្ជាប់ជាស្វាមីភរិយានៅក្នុងព្រះវិហារបរិសុទ្ធ ហើយរក្សាសេចក្តីសញ្ញារបស់ខ្លួនប៉ុណ្ណោះនឹងរស់នៅជាមួយគ្នារហូតដល់ភាពអស់កល្បជានិច្ច ។ ទ្រង់បានមានព្រះបន្ទូលថា ៖ « គ្រប់ទាំងសេចក្ដីសញ្ញា កិច្ចសន្យា សំបុត្រធានា កាតព្វកិច្ច សម្បថ ការសច្ចា ការប្រព្រឹត្តិ ការរួបរួម ការចូលរួម ឬការសង្ឃឹម ដែល ពុំបានធ្វើ ហើយចូល ហើយភ្ជាប់ ដោយព្រះវិញ្ញាណបរិសុទ្ធនៃសេចក្ដីសន្យា… ក៏ឈប់ដែរ នៅពេលមនុស្សស្លាប់ទៅ » ។១០
ហេតុដូច្នោះហើយ បើយើងជ្រើសរើស មិនឈ្លាសវៃ រស់នៅតាមក្រឹត្យវិន័យ ទេឡេស្ទាល ឥឡូវនេះ យើងកំពុងតែជ្រើសរើសរស់ឡើងវិញជាមួយនឹងរូបកាយ ទេឡេស្ទាល ដែរហើយ ។ យើងកំពុងតែជ្រើសរើស មិន រស់នៅជាមួយក្រុមគ្រួសារយើងជារៀងរហូតហើយ ។
ដូច្នេះហើយ បងប្អូនប្រុសស្រីជាទីស្រឡាញ់ តើ ដោយរបៀបណា និង កន្លែងណា និងជាមួយ នរណា ដែល បងប្អូន ចង់រស់នៅជារៀងរហូត ? បងប្អូនត្រូវជ្រើសរើស ។១១
នៅពេលបងប្អូនធ្វើការជ្រើសរើសផ្សេងៗ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យមានទស្សនៈវែងឆ្ងាយ—ជាទស្សនៈដ៏អស់កល្បជានិច្ច ។ សូមដាក់ព្រះយេស៊ូវគ្រីស្ទជាចម្បង ពីព្រោះជីវិតដ៏នៅអស់កល្បជានិច្ចរបស់បងប្អូនគឺអាស្រ័យលើសេចក្តីជំនឿរបស់បងប្អូនទៅលើទ្រង់ និងដង្វាយធួនរបស់ទ្រង់ ។១២ វាក៏អាស្រ័យទៅលើការគោរពប្រតិបត្តិរបស់បងប្អូនតាមក្រឹត្យវិន័យរបស់ទ្រង់ដែរ ។ ការគោរពប្រតិបត្តិត្រាយផ្លូវឲ្យបងប្អូនមានជីវិតដ៏រីករាយនៅថ្ងៃនេះ និងជារង្វាន់ដ៏នៅអស់កល្បជានិច្ចនៅថ្ងៃស្អែក ។
នៅពេលបងប្អូនប្រឈមមុខនឹងបញ្ហា សូមគិតដល់សេឡេស្ទាល ! នៅពេលជួបនឹងការល្បួង សូមគិតដល់សេឡេស្ទាល ! នៅពេលជីវិត ឬមនុស្សជាទីស្រឡាញ់បំបាក់ទឹកចិត្តបងប្អូន សូមគិតដល់សេឡេស្ទាល ! នៅពេលនរណាម្នាក់ស្លាប់ មុនកាលកំណត់ សូមគិតដល់សេឡេស្ទាល ! នៅពេលនរណាម្នាក់មានជំងឺកាចសាហាវ សូមគិតដល់សេឡេស្ទាល ! នៅពេលសម្ពាធជីវិតគ្របដណ្ដប់លើបងប្អូន សូមគិតដល់សេឡេស្ទាល ! នៅពេលបងប្អូនបានរួចផុតពីគ្រោះថ្នាក់ ឬជាពីជំងឺ ដូចជាខ្ញុំកំពុងតែមានឥឡូវនេះ សូមគិតដល់សេឡេស្ទាល !
នៅពេលបងប្អូនផ្ដោតការគិតដល់សេឡេស្ទាល សូមរំពឹងថានឹងជួបការជំទាស់ប្រឆាំង ។១៣ ជាច្រើនទសវត្សរ៍មុន មិត្តរួមការងារអាជីពម្នាក់បានរិះគន់ខ្ញុំចំពោះការមាន « ព្រះវិហារបរិសុទ្ធ » ច្រើនពេកនៅក្នុងគំនិតខ្ញុំ ហើយអ្នកចាត់ការជាច្រើននាក់បានដាក់ពិន័យខ្ញុំដោយសារតែជំនឿរបស់ខ្ញុំ ។ ទោះជាយ៉ាងណា ខ្ញុំជឿជាក់ថា ការគិតដល់សេឡេស្ទាលបានពង្រឹងអាជីពខ្ញុំ ។
នៅពេលបងប្អូនគិតដល់សេឡេស្ទាល នោះដួងចិត្តបងប្អូននឹងផ្លាស់ប្តូរបន្តិចម្តងៗ ។ បងប្អូននឹងចង់អធិស្ឋានឲ្យបានញឹកញាប់ និងដោយស្មោះសរជាងនេះ ។ សូមកុំបណ្តោយឲ្យការអធិស្ឋានរបស់បងប្អូនស្តាប់ទៅដូចជាបញ្ជីទិញទំនិញឡើយ ។ ទស្សនៈរបស់ព្រះអម្ចាស់លើសលប់ពីប្រាជ្ញារមែងស្លាប់របស់បងប្អូន ។ ការឆ្លើយតបរបស់ទ្រង់ចំពោះការអធិស្ឋានបងប្អូនអាចធ្វើឲ្យបងប្អូនភ្ញាក់ផ្អើល ហើយនឹងជួយបងប្អូនឲ្យគិតដល់សេឡេស្ទាល ។
សូមពិចារណាអំពីការឆ្លើយតបរបស់ព្រះអម្ចាស់ចំពោះ យ៉ូសែប ស្ម៊ីធ នៅពេលលោកបានទូលអង្វរសុំការសង្គ្រោះនៅក្នុងគុកលិបើទី ។ ព្រះអម្ចាស់បានបង្រៀនព្យាការីថា ការប្រព្រឹត្តចំពោះលោកដោយអមនុស្សធម៌នេះនឹងផ្តល់ឲ្យលោកនូវបទពិសោធន៍ និងជាប្រយោជន៍ដល់លោក ។១៤ « បើសិនជាអ្នកស៊ូទ្រាំការណ៍នោះដោយហ្មត់ចត់ » ព្រះអម្ចាស់បានសន្យាថា « ព្រះទ្រង់នឹងតម្កើងអ្នកឡើងនៅស្ថានខ្ពស់ » ។១៥ ព្រះអម្ចាស់បានបង្រៀនយ៉ូសែបឲ្យគិតដល់សេឡេស្ទាល ហើយស្រមៃគិតអំពីរង្វាន់ដ៏អស់កល្បជានិច្ចជាជាងផ្ដោតលើការលំបាកដ៏ក្រៀមក្រំនៅថ្ងៃនោះ ។ ការអធិស្ឋានយើងអាចជា—និងគួរតែជា—ការពិភាក្សាយ៉ាងសកម្មជាមួយនឹងព្រះវរបិតាសួគ៌យើង ។
នៅពេលបងប្អូនគិតអំពីសេឡេស្ទាល នោះបងប្អូននឹងឃើញថាខ្លួនឯងកំពុងចៀសពី អ្វីៗ ដែលប្លន់សិទ្ធិជ្រើសរើសរបស់បងប្អូន ។ រាល់ ការញៀន—មិនថាជាការលេងហ្គេម ការលេងល្បែង បំណុល គ្រឿងញៀន គ្រឿងស្រវឹង កំហឹង ការណ៍អាសគ្រាម ការរួមភេទ ឬសូម្បីតែជាអាហារ—គឺជាការធ្វើឲ្យព្រះអាក់អន់ព្រះទ័យ ។ ហេតុអ្វី ? ពីព្រោះការឈ្លក់វង្វេងរបស់បងប្អូនបានក្លាយជាព្រះរបស់បងប្អូន ។ បងប្អូនខ្វល់ខ្វាយតែនឹង វាជំនួសឲ្យ ទ្រង់ដើម្បីទទួលបានការសម្រាលទុក្ខ ។ បើបងប្អូនពុះពារនឹងការញៀន សូមស្វែងរកជំនួយខាងវិញ្ញាណ និងអ្នកជំនាញដែលបងប្អូនត្រូវការ ។ សូមកុំបណ្តោយឲ្យការឈ្លក់វង្វេងប្លន់សេរីភាពបងប្អូនពីការធ្វើតាមផែនការដ៏អស្ចារ្យរបស់ព្រះឡើយ ។
ការគិតដល់សេឡេស្ទាលក៏នឹងជួយបងប្អូនឲ្យគោរពតាមច្បាប់ព្រហ្មចារីភាពដែរ ។ មានរឿងមួយចំនួននឹងធ្វើឲ្យជីវិតបងប្អូនស្មុគស្មាញលឿនជាងការបំពានច្បាប់ដ៏ទេវភាពនេះ ។ សម្រាប់អ្នកដែលបានចុះសេចក្ដីសញ្ញាជាមួយនឹងព្រះ អំពើអសីលធម៌គឺជាវិធីបាត់បង់ទីបន្ទាល់លឿនបំផុត ។
មានការល្បួងជាច្រើនឥតឈប់ឈរមកពីមារសត្រូវទាក់ទងនឹងការបំពានលើភាពបរិសុទ្ធខាងសីលធម៌ ។ អំណាចដើម្បីបង្កើតជីវិតគឺជា អភ័យឯកសិទ្ធិមួយ នៃភាពជាព្រះ ដែលព្រះវរបិតាសួគ៌អនុញ្ញាតឲ្យដល់បុត្រាបុត្រីទ្រង់ក្នុងជីវិតរមែងស្លាប់ ។ ដូច្នេះហើយ ព្រះបានកំណត់គោលការណ៍ណែនាំយ៉ាងច្បាស់លាស់សម្រាប់ការប្រើអំណាចដ៏ទេវភាពរស់រវើកនេះ ។ ភាពស្និទ្ធស្នាលខាងរាងកាយគឺសម្រាប់តែបុរស និងស្រ្តីដែលបានរៀបការជាមួយគ្នា ប៉ុណ្ណោះ ។
ពិភពលោកភាគច្រើនមិនជឿរឿងនេះទេ ប៉ុន្តែមតិសាធារណៈមិនមែនជាអ្នកកំណត់សេចក្តីពិតនោះទេ ។ ព្រះអម្ចាស់បានប្រកាសថា គ្មានបុគ្គលដែលមិនបរិសុទ្ធណាអាចចូលនគរសេឡេស្ទាលឡើយ ។ ដូច្នេះ នៅពេលបងប្អូនធ្វើការសម្រេចចិត្តទាក់ទងនឹងសីលធម៌ សូមគិតដល់សេឡេស្ទាល ។ បើបងប្អូនមិនបរិសុទ្ធ ខ្ញុំសូមអង្វរបងប្អូនឲ្យប្រែចិត្ត ។ សូមមករកព្រះគ្រីស្ទ ហើយទទួលសេចក្តីសន្យានៃការអភ័យទោស ពេញលេញ របស់ទ្រង់ នៅពេលបងប្អូនប្រែចិត្តពីអំពើបាប ។១៦
នៅពេលបងប្អូនគិតដល់សេឡេស្ទាល បងប្អូននឹងមើលទៅការសាកល្បង និងការផ្ទុយតាមពន្លឺថ្មីមួយ ។ នៅពេលអ្នកដែលបងប្អូនស្រឡាញ់វាយប្រហារលើសេចក្តីពិត សូមគិតដល់សេឡេស្ទាល ហើយកុំមានការសង្ស័យលើទីបន្ទាល់ បងប្អូន ឡើយ ។ សាវកប៉ុល បានព្យាករថា « នៅគ្រាជាន់ក្រោយបង្អស់អ្នកខ្លះនឹងលាចាកចេញពីសេចក្តីជំនឿដោយស្តាប់តាមវិញ្ញាណបញ្ឆោត និងសេចក្តីបង្រៀនរបស់ពួកអារក្ស » ។១៧
ការបោកបញ្ឆោតរបស់មារសត្រូវគ្មានទីបញ្ចប់ឡើយ ។ សូមរៀបចំខ្លួន ។ សូមកុំស្តាប់ដំបូន្មានរបស់អ្នកដែលគ្មានជំនឿ ។ សូមស្វែងរកការណែនាំពីសំឡេងដែលបងប្អូនអាចទុកចិត្ត—ពីព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ និងពីការខ្សឹបប្រាប់នៃព្រះវិញ្ញាណបរិសុទ្ធ ដែល « នឹងបង្ហាញដល់អ្នកនូវគ្រប់ អ្វី ទាំងអស់ ដែលអ្នកត្រូវធ្វើ » ។១៨ សូមបងប្អូនធ្វើកិច្ចការខាងវិញ្ញាណ ដើម្បីបង្កើនសមត្ថភាពទទួលវិវរណៈផ្ទាល់ខ្លួន ។១៩
នៅពេលបងប្អូនគិតដល់សេឡេស្ទាល នោះសេចក្តីជំនឿបងប្អូននឹងកើនឡើង ។ នៅពេលខ្ញុំនៅជាអ្នកហាត់ការវ័យក្មេង ខ្ញុំរកចំណូលបាន ១៥ ដុល្លារក្នុងមួយខែ ។ នៅយប់មួយ ភរិយាខ្ញុំ ឌេនហ្សេល បានសួរថា តើខ្ញុំបានបង់ដង្វាយមួយភាគក្នុងដប់ពីប្រាក់ចំណូលបន្តិចបន្តួចនោះដែរទេ ? ខ្ញុំមិនបានបង់ទេ ។ ខ្ញុំបានប្រែចិត្តភ្លាមៗ ហើយចាប់ផ្តើមថ្វាយដង្វាយមួយភាគក្នុងដប់ ១.៥ ដុល្លារជារៀងរាល់ខែ ។
តើមានភាពខុសប្លែកដល់សាសនាចក្រទេដោយសារយើងបង្កើនដង្វាយមួយភាគក្នុងដប់ ? ប្រាកដជាគ្មានទេ ។ ទោះជាយ៉ាងណា ការថ្វាយដង្វាយមួយភាគក្នុងដប់ពេញលេញបានផ្លាស់ប្តូរ ខ្ញុំ ។ នោះជាពេលដែលខ្ញុំបានរៀនថា ការថ្វាយដង្វាយមួយភាគក្នុងដប់គឺទាក់ទងនឹងសេចក្ដីជំនឿ មិនមែនលុយនោះទេ ។ កាលខ្ញុំក្លាយជាអ្នកថ្វាយដង្វាយមួយភាគក្នុងដប់ពេញលេញ នោះបង្អួចនៃស្ថានសួគ៌បានចាប់ផ្ដើមបើកឲ្យខ្ញុំ ។ ខ្ញុំចាត់ទុកឱកាសជោគជ័យក្នុងវិជ្ជាជីវៈជាច្រើនបានមកពីការថ្វាយដង្វាយមួយភាគក្នុងដប់ដោយស្មោះត្រង់របស់យើង ។២០
ការថ្វាយដង្វាយមួយភាគក្នុងដប់តម្រូវឲ្យមានសេចក្តីជំនឿ ហើយវាក៏ ស្ថាបនា សេចក្តីជំនឿលើព្រះ និងព្រះរាជបុត្រាស្ងួនភ្ញារបស់ទ្រង់ផងដែរ ។
នៅក្នុងពិភពលោកដែលគិតតែពីផ្លូវភេទ និងនយោបាយ ការជ្រើសរើសរស់នៅក្នុងជីវិតប្រកបដោយគុណធម៌ជួយស្ថាបនាសេចក្តីជំនឿ ។
ការចំណាយពេលកាន់តែច្រើននៅក្នុងព្រះវិហារបរិសុទ្ធជួយស្ថាបនាសេចក្ដីជំនឿ ។ ហើយការបម្រើ និងការថ្វាយបង្គំរបស់បងប្អូននៅក្នុងព្រះវិហារបរិសុទ្ធនឹងជួយបងប្អូនឲ្យគិតដល់សេឡេស្ទាល ។ ព្រះវិហារបរិសុទ្ធគឺជាកន្លែងនៃវិវរណៈ ។ នៅទីនោះមានបង្ហាញបងប្អូនពីរបៀបដើម្បីឈានទៅរកជីវិតសេឡេស្ទាល ។ នៅទីនោះ បងប្អូននៅកាន់តែជិតព្រះអង្គសង្គ្រោះ ហើយត្រូវបានផ្ដល់សិទ្ធិឲ្យទទួលបានព្រះចេស្ដាទ្រង់កាន់តែមហិមា ។ នៅទីនោះបងប្អូនទទួលបានណែនាំក្នុងការដោះស្រាយបញ្ហាជីវិតរបស់បងប្អូន សូម្បីតែបញ្ហាដែលស្មុគស្មាញបំផុតក្តី ។
ពិធីបរិសុទ្ធ និងសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធមានសារៈសំខាន់ដ៏នៅអស់កល្បជានិច្ច ។ យើងបន្តសង់ព្រះវិហារបរិសុទ្ធបន្ថែមទៀតដើម្បីធ្វើឲ្យលទ្ធភាពដ៏ពិសិដ្ឋទាំងនេះក្លាយជាការពិតនៅក្នុងជីវិតបងប្អូនម្នាក់ៗ ។ យើងមានអំណរគុណដើម្បីប្រកាសពីគម្រោងការសាងសង់ព្រះវិហារបរិសុទ្ធនៅតាមទីតាំងនីមួយៗដូចតទៅនេះ ៖
-
សាវៃអ៊ី សាម័រ
-
កានគុន ម៊ិកស៊ីក
-
ពីអូរ៉ា ពេរ៉ូ
-
ហូនកាយ៉ូ ពេរ៉ូ
-
វីណា ដេលម៉ា ឈីលី
-
ហ្គយយ៉ាណា ប្រេស៊ីល
-
ជូអោ ពេសៅ ប្រេស៊ីល
-
កាឡាបា នីហ្សេរីយ៉ា
-
ជ្រោយ កេប ហ្កាណា
-
លូនដា អាន់ហ្គូឡា
-
ប៊ូជី ម៉ាយី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
-
ឡាអូហ្គ ហ្វីលីពីន
-
អូសាកា ជប៉ុន
-
គាហ៊ូលូអ៊ី ម៉ូអ៊ី ហាវ៉ៃ
-
ហ្វែប៊ែង អាឡាស្កា
-
វែនខូវើ វ៉ាស៊ីនតោន
-
កូឡូរ៉ាដូ ស្ព្រីង កូឡូរ៉ាដូ
-
តាល់សា អូក្លូហូម៉ា
-
រ៉ូនុក វើជីញ៉ា
-
យូឡានបាតា ម៉ុងហ្គោលី
ព្រះអម្ចាស់កំពុងដឹកនាំយើងឲ្យសាងសង់ព្រះវិហារបរិសុទ្ធទាំងនេះ ដើម្បីជួយយើងឲ្យគិតដល់សេឡេស្ទាល ។ ព្រះមានព្រះជន្មរស់ ។ ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ។ សាសនាចក្រទ្រង់ត្រូវបានស្ដារឡើងវិញ ដើម្បីផ្ដល់ពរដល់បុត្រាបុត្រីរបស់ព្រះទាំងអស់ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ដូច្នោះ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕