ការបង្កើតមិត្តភាពនៅជុំវិញពិភពលោក
ខ្ញុំឈ្មោះបាបារ៉ាមកពីប្រទេសស៊ីលី
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា.
អូឡា អាមីហ្គូស !*
បាបារ៉ារស់នៅក្នុងប្រទេសស៊ីលី ជាប្រទេសមួយនៅឆ្នេរសមុទ្រភាគខាងលិចនៃអាមេរិកខាងត្បូង ។ វាមានរាងទ្រវែង ហើយតូចដូចជាខ្សែបូ ។ តំបន់ខ្លះក្ដៅ ហើយស្ងួត ( ដូចជាឆ្នេរខ្សាច់អាតាកាម៉ា ) ហើយខ្លះទៀតជាតំបន់ត្រូពិត ហើយសើម ( ដូចជាកោះអ៊ីសស្ទើរ ) ។ នាងរស់នៅក្នុងរាជធានីរបស់ប្រទេសស៊ីលី ឈ្មោះថា សាន់ត្យាហ្គោ ។
ខ្ញុំជាសមាជិកសាសនាចក្រតែម្នាក់គត់នៅក្នុងថ្នាក់រៀនរបស់ខ្ញុំ ។ ការណ៍នេះផ្តល់ឱកាសឲ្យខ្ញុំប្រាប់ដល់មិត្តភក្ដិរបស់ខ្ញុំពីព្រះយេស៊ូវគ្រីស្ទ និង ព្រះគម្ពីរមរមន ។ ពេលមួយ មានមិត្តសម្លាញ់ខ្ញុំម្នាក់បានសុំឲ្យខ្ញុំបង្រៀននាងពីរបៀបអធិស្ឋាន ។ ដូច្នេះខ្ញុំក៏បានបង្រៀនដល់នាង ។ រួចយើងទាំងពីរនាក់បានអធិស្ឋាននៅពេលបាយថ្ងៃត្រង់នៅឯសាលារៀន ។
ខ្ញុំមានអាយុប្រាំបួនឆ្នាំ ហើយមានប្អូនប្រុសពីរនាក់ ។ ខ្ញុំព្យាយាមធ្វើជាបងស្រីដ៏ល្អម្នាក់ ហើយជួយមើលថែពួកគេ ហើយលេងជាមួយនឹងពួកគេ ។ ខ្ញុំចូលចិត្តមើលថែក្មេងៗ ខ្ញុំចង់ក្លាយជាគ្រូបង្រៀនពេលខ្ញុំធំឡើង ។
ក្នុងឆ្នាំ 2013 ខ្ញុំមានអាយុប្រាំបីឆ្នាំ ហើយទទួលពិធីបុណ្យជ្រមុជទឹក និង ពិធីបញ្ជាក់ដោយឪពុករបស់ខ្ញុំ ។ ខ្ញុំរីករាយខ្លាំងណាស់ ! វាជាបទពិសោធន៍ដ៏ពិសេសមួយដែលខ្ញុំនឹងចងចាំវាជានិច្ច ។
យើងអបអរថ្ងៃបុណ្យឈប់សម្រាកដ៏រីករាយនៅប្រទេសស៊ីលី ។ ថ្ងៃទី 18 ខែ កញ្ញា គឺជាថ្ងៃបុណ្យឯករាជ្យ ហើយថ្ងៃទី 19 គឺជាថ្ងៃបុណ្យទិវាកងទ័ព ។ អំឡុងពេលពីរថ្ងៃនេះ យើងរាំរបាំជាតិរបស់យើងហៅថា « ឡាគូអេកា » ហើយបរិភោគនំស្នូលសាច់ដ៏ឈ្ងុយឆ្ងាញ់ម្យ៉ាងហៅថា នំចំណិត ។
នៅចុងសប្ដាហ៍ គ្រួសារខ្ញុំចូលចិត្តដើរ និងជិះម៉ូតូកង់បួនឡើងភ្នំនៅក្បែរផ្ទះរបស់យើង ។ យើងក៏ចូលចិត្តទៅលេងមាត់សមុទ្រដែរ ។
យើងមានអាហារដ៏ពិសេសមួយសម្រាប់បុណ្យគ្រីស្ទម៉ាស—គឺប៉េងប៉ោះលាយជាមួយត្រីធូណា ។ នៅប្រទេសស៊ីលី សាន់តាក្លូសបានមកនៅពាក់កណ្ដាលអាធ្រាត្រក្នុងយប់មុនបុណ្យគ្រីស្ទម៉ាស ។ យើងបាននៅចាំរហូតដល់គាត់បានមក !
ខាងស្ដាំ ៖ រចនារូបភាពដោយថូម៉ាស អេស ឆាល