សម្លឹងមើលទៅលើ
ដកស្រង់ចេញពី « Look Up » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2013 ទំព័រ 102 ។
« ចូរចាំយាមចុះ ហើយអធិស្ឋានជានិច្ច » ( លូកា 21:36 ) ។
កាលអាយុប្រាំបីឆ្នាំ ខ្ញុំ និងបងប្អូនជីដូនមួយខ្ញុំពីរនាក់ទៀត ត្រូវបានឲ្យទៅទិញម្ហូបក្នុងក្រុងមួយក្បែរនោះ ។ ពេលមើលទៅក្រោយវិញ ខ្ញុំស្ងើចចំពោះទំនុកចិត្ត ដែលលោកយាយ និងពូមីងខ្ញុំមានចំពោះយើង ។ យើងបានចាកចេញទៅដោយជិះលើសេះតូចបីក្បាល នៅក្រោមផ្ទៃមេឃភ្លឺស្រឡះនាព្រឹកព្រលឹម ។
នៅចំកណ្ដាលវាលស្មៅដ៏ធំមួយ យើងបានសម្រេចចិត្ត ចុះពីលើសេះលេងបាញ់ឃ្លី ។ យើងបានវក់នឹងល្បែង ភ្លេចសម្លឹងមើលទៅលើឃើញដុំពពកខ្មៅកំពុងតែបិទបាំងផ្ទៃមេឃ ។ ទម្រាំតែយើងដឹងថា មានអ្វីកើតឡើង យើងគ្មានពេលច្រើនជិះសេះយើងឡើយ ។ មានភ្លៀង និងព្រិលដ៏ខ្លាំងបានធ្លាក់មកប៉ះយើង ហើយអ្វីដែលយើងអាចគិតឃើញគឺ ដោះកែបសេះចេញ ហើយយកភួយនៅក្រោមកែបតូចនោះចេញមកដណ្ដប់ខ្លួន ។ រួចសេះយើងក៏រត់ទៅបាត់ ។
យើងបានបន្តដំណើរដោយគ្មានសេះ ទាំងខ្លួនរងារ ទទឹកជោគ ដែលឥឡូវនេះព្យាយាមដើរយ៉ាងលឿនតាមដែលយើងអាចធ្វើបានទៅកាន់ទីក្រុងមួយក្បែរនោះ ។ ពេលយើងរកឃើញផ្ទះមួយ ហើយបានទៅគោះទ្វារ នោះវាយប់ជ្រៅទៅហើយ ។ គ្រួសារដ៏ល្អនោះបានជូតខ្លួនឲ្យយើង ធ្វើប៊ើររីតូសណ្ដែកយ៉ាងឆ្ងាញ់ឲ្យយើងហូប រួចដាក់យើងដេកក្នុងបន្ទប់មួយដែលមានឥដ្ឋសុទ្ធតែដី ។
បងប្អូនជីដូនមួយខ្ញុំ និង ខ្ញុំបានក្រោកនៅពេលព្រឹកនៅក្រោមពន្លឺព្រះអាទិត្យដ៏ភ្លឺ និង ផ្ទៃមេឃដ៏ស្រស់ស្អាត ។ មានបុរសម្នាក់បានគោះទ្វាររកក្មេងប្រុសបាត់ខ្លួនបីនាក់ ។ ខ្ញុំពុំដែលភ្លេចពីអ្វីដែលខ្ញុំបានឃើញនៅតាមផ្លូវត្រឡប់មកផ្ទះវិញឡើយ—ពីចំនួនមនុស្សដ៏ច្រើនដែលកំពុងស្វែងរកយើងពេញមួយយប់ ។ នៅពីមុខពួកគេគឺលោកយាយ និងពូមីងជាទីស្រឡាញ់របស់ខ្ញុំ ។ ពួកគេបានឱបយើង ហើយក៏យំ ដោយក្ដីរីករាយដែលពួកគាត់បានឃើញពួកយើង ។
ព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់យើងមានព្រះទ័យខ្វល់ខ្វាយពីយើង ។ ទ្រង់រង់ចាំយើងត្រឡប់មកផ្ទះវិញដោយអន្ទះសារ ។ មានទីសម្គាល់នៃព្យុះខាងវិញ្ញាណកំពុងកើតឡើងនៅជុំវិញយើង ។ ចូរយើងសម្លឹងមើលទៅលើ ហើយរៀបចំខ្លួន ដោយពង្រឹងទីបន្ទាល់យើងជារៀងរាល់ថ្ងៃ ។