ការបម្រើនៅពេលនេះ ដើម្បីបម្រើនៅពេលក្រោយ
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា.
« ឲ្យគោរពប្រតិបត្តិដល់ទ្រង់ឲ្យអស់ពីចិត្តចុះ » ( សាំយូអែលទី 1 12:20 ) ។
« បងនឹងរត់ប្រណាំងជាមួយឯងទៅព្រះវិហារ ! » មរមនបានពោល ដោយចង្អុលទៅកំពូលព្រះវិហារដែលលេចចេញមកពីលើដើមត្នោត ។ រួចគាត់បានខំរត់យ៉ាងលឿន ដើម្បីរត់នាំមុខប្អូនប្រុសគាត់ឈ្មោះម៉ូរៀន ។
ក្មេងប្រុសទាំងពីរ និង ឪពុកម្ដាយពួកគេបានដើរប្រមាណលើសពីមួយគីឡូម៉ែត្រពីផ្ទះរបស់ពួកគេ ប៉ុន្តែមរមន និង ម៉ូរៀននៅតែប្រឹងប្រែងរត់ប្រណាំងគ្នា នៅពេលពួកគេបានមកដល់ច្រកទ្វារដែក ខាងក្រៅសាលាប្រជុំនៃវួដរបស់ពួកគេ ។ ពួកគេបានឈប់ដើម្បីដកដង្ហើម ។
ពីមុនពួកគេអាចសម្រេចថានរណាជាអ្នករត់ឈ្នះ នោះមានក្មេងប្រុសម្នាក់បានស្រែកទៅពួកគេថា « តើឯងលេងបាល់ទាត់ទេ ? »
មរមនចូលចិត្តលេងបាល់ទាត់ណាស់ ប៉ុន្តែគាត់ និង គ្រួសារគាត់នឹងទៅសម្អាតអគារវួដ ដើម្បីឲ្យវាបានស្អាតសម្រាប់ព្រះវិហារនៅថ្ងៃស្អែក ។
មរមនបានគ្រវីក្បាល ។ « ឥឡូវខ្ញុំលេងអត់បានទេ—ចាំពេលក្រោយចុះ ! » គាត់បានស្រែកប្រាប់ទៅវិញ ។
រំពេចនោះមរមន និង ម៉ូរៀនបានខិតខំធ្វើការ ។ មរមនបានលើកកៅអី ហើយបោសឥដ្ឋជាមួយឪពុកគាត់ កាលម៉ូរៀនជូតឥដ្ឋជាមួយម្ដាយគាត់ ។
ក្រោយមកទៀតក្មេងប្រុសទាំងពីរបានជូតកញ្ចក់ក្នុងបន្ទប់ទឹកជាមួយគ្នា ។ ម៉ូរៀនបានពោលថា « ខ្ញុំមិនបានគិតថា ខ្ញុំពេញចិត្តនឹងសម្អាតព្រះវិហារទេ ប៉ុន្តែវាសប្បាយមែន » ។ « ចុះបងវិញ មរមន ? នោះជាហេតុផលដែលបងមិនទៅលេងបាល់ទាត់មែនទេ ? »
មរមនបានគិតពីឪពុករបស់គាត់ ។ គាត់ជាប៊ីស្សពក្នុងវួដពួកគេ ប៉ុន្តែគាត់នៅចំណាយពេលជួយសម្អាតសាលាប្រជុំ ។
មរមនតបថា « បងនៅទីនេះដោយសារបងចង់ធ្វើដូចជាប៉ា » ។
រួចគាត់បានគិតពីពួកអ្នកផ្សព្វផ្សាយសាសនានៅក្នុងវួដ ។ ពួកគេខំដើរគោះទ្វារ ហើយចែកព្រះគម្ពីរមរមនជាមួយនឹងអ្នកដទៃ ។ ពួកគេបានអញ្ជើញមនុស្សឲ្យមកព្រះវិហារ ជាអគារដែលក្មេងប្រុសទាំងពីរកំពុងសម្អាត ។
មរមនបានគិតថា « ខ្ញុំនៅទីនេះ ដោយសារនៅថ្ងៃណាមួយ ខ្ញុំក៏ចង់បម្រើបេសកកម្មដែរ » ។ « ខ្ញុំអាចជួយពួកអ្នកផ្សព្វផ្សាយសាសនាដោយការរៀបចំព្រះវិហារឲ្យរួចរាល់ » ។
មរមនបានគិតពីថ្ងៃស្អែក ក្នុងពេលដែលគាត់ និង ប្អូនប្រុសគាត់ត្រូវក្រោកឡើងនៅវេលាម៉ោង 6:00 ព្រឹក ដើរទៅព្រះវិហារដោយមានពាក់អាវពណ៌-ស និង ក្រវ៉ាត់-ក ហើយរៀបចំកៅអី និង សៀវភៅចម្រៀងក្នុងបន្ទប់កុមារ ។
គាត់បានគិតថា « ខ្ញុំនៅទីនេះ ដោយសារខ្ញុំចង់បម្រើក្នុងមុខងារក្នុងសាសនាចក្រ » ។
មរមនបានគិតពីរបៀបដែលគាត់នឹងក្លាយជាឌីកុនម្នាក់ក្នុងពេលឆាប់ៗ ។ គាត់នឹងចែកសាក្រាម៉ង់ ហើយបំពេញភារកិច្ចជាច្រើនផ្សេងៗទៀតដើម្បីបម្រើ ។
« ខ្ញុំនៅទីនេះ ដោយសារឆ្នាំក្រោយខ្ញុំនឹងទទួលបព្វជិតភាព ហើយខ្ញុំដឹងធ្វើអ្វីៗគ្រប់យ៉ាងដែលខ្ញុំអាចរៀបចំខ្លួនពីឥឡូវនេះ » ។
មរមនបានបំពេញកាតព្វកិច្ចនានារួចរាល់ដើម្បីរៀបចំខ្លួនទទួលបព្វជិតភាពរួចទៅហើយ ៖ គាត់បានទទួលរង្វាន់របស់គាត់សម្រាប់សេចក្ដីជំនឿលើទ្រង់ ។ គាត់រៀនរួចហើយដើម្បីរស់នៅតាមដំណឹងល្អ និងបម្រើដល់អ្នកដទៃ ។
នៅទីបំផុត គាត់បានមើលរូបគាត់នៅក្នុងកញ្ចក់ ហើយញញឹម ។
គាត់បានពោលថា « ខ្ញុំនៅទីនេះដោយសារខ្ញុំស្រឡាញ់ព្រះអម្ចាស់ ហើយដោយសារការបម្រើនៅពេលនេះនឹងជួយខ្ញុំឲ្យត្រៀមខ្លួនជាស្រេច ដើម្បីបម្រើនៅពេលក្រោយ » ។