អ្នកត្រួសត្រាយផ្លូវនៅគ្រប់ដែនដី
ការប្រែចិត្តជឿ និង ការផ្លាស់ប្ដូរនៅក្នុងប្រទេសស៊ីលី
បុណ្យជ្រមុជទឹកដំបូងធ្វើឡើងនៅឆ្នាំ 1956 ។ ឥឡូវនេះសាសនាចក្រមានព្រះវិហារបរិសុទ្ធ 1 បេសកកម្ម 9 ស្តេក 74 និងសមាជិកជិត 600,000 នាក់នៅក្នុងប្រទេសស៊ីលី ។
អំឡុង 58 ឆ្នាំនៃប្រវត្តិសាស្ត្ររបស់ពួកគេ សមាជិកសាសនាចក្រនៅប្រទេសស៊ីលីបានបង្ហាញសមត្ថភាពរបស់ពួកគេដើម្បីផ្លាស់ប្ដូរផ្លូវ ធ្វើការកែសម្រួលនៅក្នុងជីវិតរបស់ពួកគេទៅរកទិសដៅដែលព្យាការីបានបង្ហាញ ។ ទង្វើនេះបានចូលរួមចំណែកដល់ការលូតលាស់ដ៏អស្ចារ្យរបស់សាសនាចក្រនៅទីនោះអំឡុងពេលពាក់កណ្ដាលសតវត្សចុងក្រោយនេះ ។ សព្វថ្ងៃនេះ ប្រទេសមានសមាជិកជិត 600,000 នាក់ ដោយធ្វើឲ្យនៅក្នុងចំណោមប្រជាជនស៊ីលី 30 នាក់ មានប្រហែលជាម្នាក់គឺជាសមាជិកនៃសាសនាចក្រ ។1
សាវកមួយរូបបានទៅទស្សនកិច្ចប្រទេសស៊ីលី
នៅឆ្នាំ 1851 អែលឌើរ ប៉ាលី ភី ប្រាត្ត ( 1807–1857 ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមកដល់ទីក្រុងវ៉ាល់ប៉ារៃសូ ព្រមជាមួយនឹងគោលបំណងនៃការស្ថាបនាសាសនាចក្រ ។ ប៉ុន្តែ លោក និង ដៃគូលោកមិនចេះនិយាយភាសាអេស្ប៉ាញ ពួកលោកមានប្រាក់កាក់បន្តិចបន្តូច ហើយប្រទេសនេះខ្វះនូវសេរីភាពខាងសាសនា ដូច្នេះពួកលោកមិនអាចស្ថាបនាសាសនាចក្របានឡើយ ។
អែលឌើរ ប្រាត្ត បានផ្ដល់អនុសាសន៍ដល់ប្រធាន ព្រិកហាំ យ៉ង់ ( ឆ្នាំ 1801–77 ) ថា ៖ « ព្រះគម្ពីរមរមន និង ការបោះពុម្ពមួយចំនួនដែលមានតម្លៃថោកគួរត្រូវបានបកប្រែជាភាសាអេស្ប៉ាញ ហើយបោះពុម្ព រួចកូនសោត្រូវបានងាកទៅរកប្រជាជាតិទាំងនេះ កាលអមដោយបព្វជិតភាពជាមួយនឹងអ្វីមួយសម្រាប់ឲ្យពួកគេអាន—គឺជាការសរសេរទាំងនោះដែលមាននូវការសន្យារបស់ព្រះ ការអធិស្ឋាន និង សេចក្ដីជំនឿនៃមនុស្សកាលពីបុរាណ និង ព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធដើម្បីធ្វើការជាមួយពួកគេនៅក្នុងការស្ដារវង្សអ៊ីស្រាអែលឡើងវិញ » ។2
សាសនាចក្រត្រូវបានស្ថាបនាឡើង
ទោះជាមានការសាកល្បងពីមុនរបស់អែលឌើរប្រាត្តក្ដី ច្រើនជាង 100 ឆ្នាំក្រោយមក ទើបសាសនាចក្រត្រូវបានស្ថាបនាឡើងជាអចិន្ត្រៃនៅក្នុងប្រទេសស៊ីលី ។ នៅឆ្នាំ 1956 អែលឌើរ យ៉ូសែប ប៊េនលី និង វើល អល់រេឌ ត្រូវបានបញ្ជូនពីបេសកកម្មអាហ្សង់ទីនទៅផ្សាយដំណឹងល្អនៅក្នុងប្រទេសស៊ីលី ដែលឥឡូវរីករាយនឹងការទទួលយកខាងសាសនាច្រើនជាងមុន ។ នៅសាន់ត្យាហ្គោ ពួកអ្នកផ្សព្វផ្សាយសាសនាទាំងនេះបានមានការគាំទ្រពីគ្រួសារហ្វូធើររីងហ្គាំ ជាសមាជិកដែលផ្លាស់មកពីប្រទេសប៉ាណាម៉ា ហើយដែលសង្ឃឹមថានឹងមានពួកអ្នកផ្សព្វផ្សាយសាសនាមក ។
បុណ្យជ្រមុជទឹកដំបូងត្រូវបានធ្វើឡើងនៅប្រទេសស៊ីលីគឺនៅថ្ងៃទី 25 ខែ វិច្ឆិកា ឆ្នាំ 1956 ក្នុងអាងទឹកនៅក្លឹបមួយក្នុងទីក្រុងសាន់ត្យាហ្គោ ។ អែលឌើរអល់រេឌបានថ្លែងថា « យើងបានទៅក្លឹបនោះពីមុនព្រះអាទិត្យរះ ហើយធ្វើកម្មវិធីមួយដោយមានការអធិស្ឋាន និង ការនិយាយខ្លីៗ ។ ខ្ញុំបានចូលទៅក្នុងទឹកជាមួយនឹងបងប្រុស ហ្គាសៀ ។ ខ្ញុំបានជ្រមុជទឹកគាត់មុន រួចហើយមនុស្សប្រាំបីនាក់ផ្សេងទៀតបន្ទាប់ពីគាត់ ។ នេះជាពេលមួយដ៏ពិសេសបំផុត ។ អារម្មណ៍ដែលយើងទាំងគ្នាមាននៅពេលនោះគឺមិនអាចបំភ្លេចបានឡើយ ។ … សមាជិកទាំងនេះនឹងក្លាយជាពួកអ្នកត្រួសត្រាយផ្លូវនៃសាសនាចក្រក្នុងប្រទេសស៊ីលី ហើយខ្ញុំជឿថា ពួកគេគ្រប់គ្នានឹងបន្តស្មោះត្រង់រហូតដល់ស្លាប់ ៖គ្រួសារហ្គាសៀ គ្រួសារសាលដាញ៉ូស និង បងស្រី ឡាន់ហ្សារ៉ូតទី » ។3
ការហៅថ្នាក់ដឹកនាំ
ក្នុងខែ កុម្ភៈ ឆ្នាំ 1959ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( 1895–1985 ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមកទស្សនកិច្ចនៅប្រទេសស៊ីលី ហើយបានសង្កត់ធ្ងន់ពីសេចក្ដីត្រូវការសម្រាប់អភិវឌ្ឍន៍ថ្នាក់ដឹកនាំក្នុងមូលដ្ឋាន ។ អ្នកដឹកនាំដំបូងម្នាក់ក្នុងមូលដ្ឋានគឺ ខាឡូស ស៊ីហ្វូអង់តេស ដែលជាទីប្រឹក្សារបស់ប្រធានបេសកកម្ម រ៉ូប៊ឺត ប៊ើរតុន ។ អែលឌើរ ហ៊ូលីអូហារ៉ាមីឡូ ដែលក្រោយមកក្លាយជាពួកចិតសិបនាក់ប្រចាំតំបន់ និង ជាប្រធានព្រះវិហារបរិសុទ្ធ បានលើកឡើងពីបទពិសោធន៍នេះថា ៖ « ខ្ញុំបានទទួលការចាប់អារម្មណ៍ដំបូងរបស់ខ្ញុំចំពោះបងប្រុស ស៊ីហ្វូអង់តេស កាលខ្ញុំបានអញ្ជើញទៅចូលរួមការប្រជុំបព្វជិតភាពមួយបន្ទាប់ពីបុណ្យជ្រមុជទឹករបស់ខ្ញុំ ។ កាលការប្រជុំនោះបានចាប់ផ្ដើម គាត់បានឡើងមកកាន់វេទិការ ហើយរឿងតែមួយគត់ដែលខ្ញុំបានឃើញគឺក្រចកដៃខ្មៅកខ្វក់របស់គាត់ ។ ខ្ញុំបានគិតថា ‹ តើបុរសម្នាក់អាចដឹកនាំការប្រជុំមួយរួម ជាមួយប្រធានបេសកកម្មចូលរួមបានយ៉ាងដូចម្ដេចទៅ បើដៃគាត់កខ្វក់យ៉ាងនេះ ?› រហូតដល់គាត់បានចាប់ផ្ដើមនិយាយ ទើបខ្ញុំបានភ្លេចនូវអ្វីៗគ្រប់បែបយ៉ាង កាលខ្ញុំបានទទួលអារម្មណ៍នូវវិញ្ញាណរបស់គាត់ ។ ជាមួយនឹងពាក្យសម្ដីដ៏សាមញ្ញ គាត់បានបង្រៀនពីមនោភាពដ៏អស្ចារ្យដល់យើង ។ គាត់គឺជាជាងម៉ាស៊ីនធុនធ្ងន់ម្នាក់ ហើយនៅថ្ងៃសៅរ៍គាត់បានធ្វើការរហូតដល់យប់ រួចទើបលាងសម្អាតដៃគាត់ ប៉ុន្តែដោយមានធនធានបន្តិចបន្តួចនៅឯហាងរបស់គាត់ គាត់មិនអាចលាងសម្អាតខ្លាញ់ទាំងនោះឲ្យជ្រះបានឡើយ ។ នៅពេលនោះទើបខ្ញុំបានរៀនកុំឲ្យវិនិច្ឆ័យអ្នកឯទៀតតាមអាការៈខាងក្រៅ ប៉ុន្តែឲ្យតម្លៃដល់ពួកគេនូវអ្វីដែលពួកគេមានវិញ » ។4
ការពង្រឹងជំនាន់កំពុងពេញវ័យ
អំឡុងទសវត្សរ៍ 1960 និង 1970 សាសនាចក្រនៅប្រទេសស៊ីលីត្រូវបានពង្រឹងមិនត្រឹមតែតាមរយៈការកើនឡើងនៃថ្នាក់ដឹកនាំក្នុងមូលដ្ឋានដែលមានបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏តាមរយៈសំណង់ថ្មី និង កម្មវិធីអប់រំផងដែរ ។ សំណង់ទាំងនេះរួមបញ្ចូលទាំងការសង់សាលាប្រជុំ រួមជាមួយការស្ថាបនាសាលាសាសនាចក្រ ថ្នាក់សិក្ខាសាលា និង ថ្នាក់វិទ្យាស្ថានផងដែរ ។
ក្នុងខែ មីនា ឆ្នាំ 1964 សាលាបឋមសិក្សាពីរកន្លែងដែលគ្រប់គ្រងដោយសាសនាចក្រត្រូវបានបង្កើតឡើងនៅប្រទេសស៊ីលី ។ នៅទីបំផុត សាលារៀនមួយចំនួនត្រូវបានបើក ហើយមានសិស្សចុះឈ្មោះចូលរៀនច្រើនជាង 2,600 នាក់ ។ គិតត្រឹមចុងទសវត្សរ៍ 1970 និង ដើមទសវត្សរ៍ 1980 ដោយសាលារៀនរបស់រដ្ឋមានកាន់តែច្រើន នោះសាសនាចក្របានប្រកាសបិទទ្វារសាលារបស់ខ្លួននៅប្រទេសស៊ីលី ។
អែលឌើរ អេឌុអាដូ អា ឡាម៉ាទីណេ ជាអតីតពួកចិតសិបនាក់ប្រចាំតំបន់ និង អ្នកប្រឹក្សាប្រវត្តិសាស្ត្រសាសនាចក្រនៅប្រទេសស៊ីលីបច្ចុប្បន្នបានថ្លែង អំពីកម្មវិធីអប់រំនោះថា « សាលារៀននៅប្រទេសស៊ីលីគឺជាឥទ្ធិពលមួយដ៏ធំនៅក្នុងការសិក្សា និង ការបំពាក់បំប៉នខាងវិញ្ញាណដល់យុវវ័យរាប់ពាន់នាក់ ហើយវាបានចូលរួមចំណែកដើម្បីរៀបចំថ្នាក់ដឹកនាំ និងពួកអ្នកផ្សព្វផ្សាយសាសនានៅឆ្នាំបន្ទាប់មកទៀត » ។5
កម្មវិធីថ្នាក់សិក្ខាសាលា និង ថ្នាក់វិទ្យាស្ថានបានចាប់ផ្ដើមក្នុងប្រទេសស៊ីលីក្នុងឆ្នាំ 1972 ។ ដំបូង សិស្សបានចូលរួមនៅក្នុងកម្មវិធីសិក្សានៅផ្ទះជាមួយថ្នាក់ប្រចាំសប្ដាហ៍ ។ ក្រោយមក បន្តិចម្ដងៗថ្នាក់ជាច្រើនត្រូវបានរៀបចំឡើង ។ កម្មវិធីទាំងនេះបានប្រទានពរដល់យុវវ័យក្នុងប្រទេសនេះ ហើយបានជួយពួកគេរៀបចំខ្លួនបម្រើជាពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។ អែលឌើរ អេឌ័្វរដូ អាយ៉ាឡា ជាអតីតសមាជិកនៃពួកចិតសិបនាក់ គឺជាគ្រូបង្រៀនម្នាក់ក្នុងចំណោមគ្រូបង្រៀនថ្នាក់សិក្ខាសាលាដំបូងគេ ហើយក្រោយមកធ្វើការឲ្យប្រពន្ធ័អប់រំសាសនាចក្រនៅប្រទេសស៊ីលី ។ លោកបានថ្លែងថា « ព្រះអម្ចាស់បានជ្រើសយុវវ័យដែលនៅទីនោះនៅពេលនោះ ហើយពួកគេជាច្រើនគឺជាពួកអ្នកផ្សព្វផ្សាយសាសនាដែលបានត្រឡប់មកវិញ និងជាថ្នាក់ដឹកនាំដ៏ឆ្នើមដែលមានក្រុមគ្រួសារល្អ ។ … ចំពោះខ្ញុំ ថ្នាក់សិក្ខាសាលា និង ថ្នាក់វិទ្យាស្ថានសាសនាគឺជាមធ្យោបាយនៃសេចក្ដីសង្គ្រោះក្នុងគ្រានៃការលំបាកយ៉ាងច្រើននៅក្នុងប្រទេសនេះ ហើយខ្ញុំមានអំណរគុណដែលខ្ញុំត្រូវបានហៅឲ្យធ្វើការជាមួយប្រព័ន្ធអប់រំ » ។6
ស្តេកទីមួយ
នៅថ្ងៃទី 19 ខែ វិច្ឆិកា ឆ្នាំ 1972 អែលឌើរ ហ្គរដុន ប៊ី ហ៊ិងគ្លី ( 1910–2008 ) នៅពេលនោះស្ថិតនៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានរៀបចំស្តេកស៊ីលីសាន់ត្យាហ្គោ ដោយមាន ខាឡូស ស៊ីហ្វូអង់តេស ជាប្រធាន ។
ការរៀបចំសម្រាប់ស្តេកបានបង្ហាញពីលក្ខណៈសម្បត្តិរបស់ពួកបរិសុទ្ធនៅប្រទេសស៊ីលី និង ឆន្ទៈរបស់ពួកគេដើម្បីធ្វើតាមពួកព្យាការី ។ អែលឌើរ ហ៊ិងគ្លី បានមកដល់ប្រទេសស៊ីលីពីរបីខែមុនដើម្បីរៀបចំស្តេកនោះ ។ ប៉ុន្តែបន្ទាប់ពីការធ្វើការសម្ភាសន៍មក វាត្រូវបានផ្អាក ។ នៅពេលនោះ មានមនុស្សជាច្រើនកំពុងមានបញ្ហាខាងហិរញ្ញវត្ថុ ហើយសមាជិកមួយចំនួនកំពុងជួបប្រទះនឹងការលំបាកនៅក្នុងការរស់នៅតាមច្បាប់ដង្វាយមួយភាគក្នុងដប់ ។
អែលឌើរ ហ៊ិងគ្លី បានពន្យល់ថា « ប្រាំមួយខែក្រោយមកខ្ញុំបានត្រឡប់មកវិញ ហើយកាលខ្ញុំធ្វើការសម្ភាស ខ្ញុំបានឃើញពីការកើនឡើងនៃសេចក្ដីជំនឿ ។ ជាថ្មីម្ដងទៀត ពួកគេបានដើរដោយស្មោះត្រង់ចំពោះព្រះអម្ចាស់ ស្តេកត្រូវបានរៀបចំឡើង ហើយចាប់តាំងពីពេលនោះមក ពួកគេបានរីកចម្រើន ហើយបរិបូរណ៌ » ។7
ពួកអ្នកត្រួសត្រាយផ្លូវនៅតាមព្រំប្រទល់
សព្វថ្ងៃនេះមានស្តេកពីរនៅទីក្រុង អារីកា ជាទីក្រុងនៅភាគខាងជើងបំផុតក្នុងប្រទេសឈៀលី ។ ដំណើររឿងរបស់គ្លេឌីស និង ហ្វ័ន ប៊េណាវីដេស្ស ជាពួកអ្នកប្រែចិត្តជឿដំបូងនៅអារីកា បង្ហាញពីវិញ្ញាណនៃអ្នកត្រួសត្រាយផ្លូវ និង ឥទ្ធិពលដ៏ទេវភាពនៅក្នុងការស្ថាបនាសាសនាចក្រនៅក្នុងប្រទេសស៊ីលី ។
បងប្រុស ប៊េណាវីដេស្ស ត្រូវបានណែនាំឲ្យស្គាល់សាសនាចក្រក្នុងឆ្នាំ 1961 កាលខ្យល់បានបក់ក្រដាសមួយចំនួនទៅចំគាត់ ៖គាត់បានថ្លែងថា « ក្រដាសទាំងនេះជាទំព័រនៃទស្សនាវដ្ដី Reader’s Digest Selections ដោយមានអត្ថបទដ៏ទូលំទូលាយមួយស្ដីពី « ពួកមរមន » ដោយរៀបរាប់ពីជីវិត និង ជំនឿរបស់ពួកគេ » ។
ក្រោយមកមិនយូរប៉ុន្មាន គាត់បានធ្លាក់ខ្លួនឈឺជាទម្ងន់ដែលតម្រូវឲ្យគាត់មានការព្យាបាលផ្នែកវេជ្ជសាស្ត្រនៅសាន់ត្យាហ្គោ ។ គាត់បានថ្លែងថា « កាលនៅទីនោះ ខ្ញុំបានទៅលេងបងស្រីខ្ញុំ ហើយបានដឹងថា គាត់បានក្លាយជាសមាជិកសាសនាចក្រ » ។ « នាងបានអញ្ជើញខ្ញុំទៅសន្និសីទពិសេសមួយ ។ កាលខ្ញុំបានស្ដាប់ការអធិស្ឋានបើក ហើយគិតពីពាក្យទាំងនោះ ខ្ញុំមានសេចក្ដីអំណរជាខ្លាំងសព្វសារពាង្គកាយខ្ញុំ ហើយស្គាល់ពីព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។ នៅចុងបញ្ចប់នៃសន្និសីទនោះ ពួកអ្នកផ្សព្វផ្សាយសាសនាបាននាំខ្ញុំឡើងចាប់ដៃនឹងអ្នកមានសិទ្ធិអំណាចដែលមកទស្សនកិច្ចគឺ អែលឌើរ អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( 1899–1994 ) នៅពេលនោះស្ថិតនៅក្នុងកូរ៉ុមនៃពួកដប់ពីរនាក់ » ។
បងប្រុស ប៊េណាវីដេស្ស បានត្រឡប់ទៅអារីកាវិញ ហើយបានចែកបទពិសោធន៍នេះនឹងមិត្តស្រីគាត់ឈ្មោះ គ្លេឌីស អាហ្គីឡា ដែលឥឡូវនេះជាភរិយារបស់គាត់ ។ ពីរបីថ្ងៃក្រោយមក គ្លេឌីស បានឃើញពួកអ្នកផ្សព្វផ្សាយសាសនាពីរនាក់ដើរកាត់តាមផ្ទះនាង ។ បងប្រុសប៊េណាវីដេស្សបានថ្លែងថា « យើងបានរូតរះដើររកពួកគេ » ។ « នៅថ្ងៃទី 1 ខែ កក្កដា ឆ្នាំ 1961 យើងបានជ្រមុជទឹក រួមទាំងគ្រួសាររបស់ភរិយាខ្ញុំដែរ ។ សព្វថ្ងៃនេះ យើងមានកូន និងចៅនៅក្នុងសាសនាចក្រ ។ ខ្ញុំមានអំណរគុណជាខ្លាំងចំពោះព្រះអម្ចាស់ចំពោះខ្យល់នោះដែលបានបក់នាំយកព័ត៌មានអំពីសាសនាចក្រចូលមកក្នុងដៃខ្ញុំ » ។8
គ្រានៃការសាកល្បង
ក្នុងការបោះឆ្នោតនាឆ្នាំ 1970 វេជ្ជ. សាលវ៉ាឌ័រ អាឡែនឌេ បានក្លាយជាប្រធានាធិបតី ហើយបានបង្កើតជារដ្ឋាភិបាលម៉ាក្ស៍និយមមួយ ។ សមាជិកសាសនាចក្របានរងការលំបាកដោយសារការខ្វះអាហារ និង ថ្នាំពេទ្យ មានការយាយីជាញឹកញាប់ដល់ពួកអ្នកផ្សព្វផ្សាយសាសនា និង មតិអវិជ្ជមានពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ ។
ក្នុងឆ្នាំ 1973 វិបត្តិផ្នែកហិរញ្ញវត្ថុ និង សង្គមបានបង្កើតជារដ្ឋប្រហារខាងយោធា និង របបផ្ដាច់ការដែលបានបញ្ចប់រហូតដល់ឆ្នាំ 1990 ។ ទោះជាសព្វថ្ងៃ ប្រទេសស៊ីលីជាប្រទេសប្រជាធិបតេយ្យក្ដី ក៏រយៈពេលពីរទសវត្សរ៍នោះគឺជាពេលដ៏លំបាកមួយសម្រាប់សមាជិកដែរ ។ ក្រុមដែលប្រឆាំងនឹងរបបផ្ដាច់ការខាងយោធានោះបានវាយប្រហារមកលើសាលាប្រជុំ និង សមាជិកដោយសារពួកគេគិតថា សាសនាចក្រតំណាងផលប្រយោជន៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ។ អែលឌើរ អាយ៉ាឡា ជាប្រធានស្តេកនៅពេលនោះ បានថ្លែងថា « យើងបានជួបនឹងពួកអ្នកមានសិទ្ធិអំណាចទូទៅ ហើយពួកលោកបានប្រាប់យើងថា ‹ សូមអនុវត្តការប្រើប្រាស់ប្រាជ្ញា អធិស្ឋានឲ្យច្រើន ធ្វើរឿងត្រឹមត្រូវ ដើម្បីសមាជិកអាចមានរបៀបរៀបរយនៅក្នុងក្រុមជំនុំ ›» ។9
ទោះជាយ៉ាងណាក្ដី ការលំបាកខាងហិរញ្ញវត្ថុរបស់ប្រទេសនេះ និង បដិបក្ខភាពខាងនយោបាយបានបំបែកសង្គមជនជាតិស៊ីលីនៅដើមទសវត្សរ៍ 1980 សាសនាចក្របានរីកចម្រើនយ៉ាងឆាប់រហ័ស ។ នៅចន្លោះឆ្នាំ 1970 និង 1985 ចំនួនសមាជិកក្នុងប្រទេសស៊ីលីបានកើនឡើងពី 15,728 ទៅ 169,361 នាក់ ។
ព្រះវិហារបរិសុទ្ធសាន់ត្យាហ្គោ
ក្នុងឆ្នាំ 1980 ពួកបរិសុទ្ធត្រូវបានប្រទានពរឲ្យជាមួយនឹងការប្រកាសថា ព្រះវិហារបរិសុទ្ធមួយនឹងត្រូវសាងសង់នៅសាន់ត្យាហ្គោ ប្រទេស ស៊ីលី ។
នៅពេលប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹលបានឧទ្ទិសឆ្លងទីលានព្រះវិហារបរិសុទ្ធនោះ លោកមានសុខភាពខ្សោយខ្លាំងណាស់ ប៉ុន្តែវត្តមានរបស់លោកនៅទីនោះបានបង្ហាញនូវសេចក្ដីស្រឡាញ់របស់លោកចំពោះពួកបរិសុទ្ធនៃអាមេរិកខាងត្បូងដោយលោកបានធ្វើការជាមួយពួកគេចាប់តាំងពីឆ្នាំ 1959 មកម៉្លេះ ។ បងស្រី អាឌ្រីយ៉ាណា ហ្គែរ៉ា ឌេ សេពុលវ៉េដា ដែលបានបកប្រែសម្រាប់ស៊ិស្ទើរ ឃឹមបឹល នៅឯព្រឹត្តិការណ៍ បានថ្លែងថា « កាលខ្ញុំបានឃើញព្យាការី ជាមនុស្សតូចមានទឹកមុខដ៏រីករាយ ខ្ញុំបានចាប់ផ្ដើមយំ ហើយរកពាក្យនិយាយទៅកាន់លោកមិនរួចឡើយ ។ វាជាលើកដំបូងហើយដែលខ្ញុំបាននៅក្បែរព្យាការីដែលកំពុងរស់នៅ ។ ដោយមើលឃើញអ្នកនាំពាក្យរបស់ព្រះអម្ចាស់នៅលើផែនដីនេះ និង នៅក្នុងប្រទេសរបស់ខ្ញុំ វាគឺជារឿងអស្ចារ្យណាស់ » ។10
ព្រះវិហារបរិសុទ្ធត្រូវបានឧទ្ទិសឆ្លងក្នុងឆ្នាំ 1983 ដោយក្លាយជាព្រះវិហារទីពីរក្នុងអាមេរិកខាងត្បូង និង ជាទីមួយនៅក្នុងប្រទេសដែលនិយាយភាសាអេស្ប៉ាញ ។
អែលឌើរជែហ្វ្រី អ័រ ហូឡិននៅក្នុងប្រទេសស៊ីលី
ក្នុងខែ សីហា ឆ្នាំ 2002 គណៈប្រធានទីមួយបានចាត់សមាជិកពីររូបនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដើម្បីធ្វើជាអធិបតីលើតំបន់សាសនាចក្រចំនួនពីរ ៖អែលឌើរ ដាល្លិន អេក អូក ត្រូវបានចាត់ទៅប្រទេសហ្វីលីពីន ហើយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន មកប្រទេសស៊ីលី ។ ការបម្រើ និង ឥទ្ធិពលរបស់អែលឌើរ ហូឡិន កាលនៅក្នុងប្រទេសស៊ីលីគឺមិនអាចវាស់វែងបានឡើយ ហើយឥទ្ធពលរបស់វានឹងបន្តនៅជាច្រើនជំនាន់ទៅមុខទៀត ។
ការគូសបញ្ជាក់ដំបូងរបស់អែលឌើរ ហូឡិន គឺផ្ដល់គំរូនៃការដឹកនាំតាមរបៀបរបស់ព្រះអម្ចាស់ ។ លោកបានជួយបំពាក់បំប៉នថ្នាក់ដឹកនាំថ្មី និងគ្រប់គ្រងការរៀបចំឡើងវិញ ការបញ្ឈប់ និង ការដាក់បញ្ចូលនៃវួដរាប់រយ និង ស្ដេកជាច្រើន ។ ការរៀបចំឡើងវិញ និង ការបំពាក់បំប៉ននេះគឺមានភាពចាំបាច់ ដោយសារការរីកចម្រើនយ៉ាងឆាប់រហ័សរបស់សាសនាចក្រនៅក្នុងប្រទេសនេះ ។ ភាពជាអ្នកដឹកនាំរបស់លោកបានជួយពង្រឹងដល់អង្គភាពទាំងឡាយ ហើយរៀបចំសាសនាចក្រនៅក្នុងប្រទេសស៊ីលីសម្រាប់ពេលអនាគត ។
លើសពីនេះទៅទៀត អែលឌើរហូឡង់បានធ្វើការទំនាក់ទំនងដ៏សំខាន់មួយចំនួននៅក្នុងប្រទេសស៊ីលី ។ អែលឌើរ ខាល ប៊ី ប្រាត្ត នៃពួកចិតសិបនាក់ ជាទីប្រឹក្សានៅក្នុងគណៈប្រធានតំបន់នោះ បានរៀបរាប់ពីទំនាក់ទំនងដ៏សំខាន់មួយចំនួនថា ៖« អែលឌើរ ហូឡិន បានបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធមួយជាមួយនឹង រីកាដូ ឡាហ្គូស [ ប្រធានាធិបតីស៊ីលី ] និងភរិយារបស់លោក ។ ពួកលោកបានបង្កើតគម្រោងជំនួយផ្នែកមនុស្សធម៌មួយចំនួន ។ អែលឌើរ ហូឡិន បានស្គាល់សាវក នុនស្យ៉ូ [ ជាមន្ត្រីកាតូលីកជាន់ខ្ពស់ម្នាក់ ] និងបុគ្គលសំខាន់ៗដទៃទៀតក្នុងប្រទេសស៊ីលី » ។11
ទំនុកចិត្តលើអនាគត
កិច្ចខិតខំរបស់អែលឌើរ ប៉ាលី ភី ប្រាត្ត និង ជែហ្វ្រី អ័រ ហូឡិន ការលះបង់នៃពួកអ្នកផ្សព្វផ្សាយសាសនាដំបូងដែលមកដល់សាន់ត្យាហ្គោ ការស្មោះត្រង់របស់ថ្នាក់ដឹកនាំដូចជា ខាឡូស ស៊ីហ្វូអង់តេសនិងអ្នកត្រួសត្រាយផ្លូវពីមុនដទៃទៀតក្នុងប្រទេសស៊ីលី រួមជាមួយនឹងសេចក្ដីជំនឿ និង ការលះបង់របស់មនុស្សរាប់រយរាប់ពាន់នាក់ដែលបានចូលរួមនឹងសាសនាចក្រច្រើនជាងកន្លះសតវត្សរ៍មកនេះបានស្ថាបនានូវគ្រឹះមួយដ៏រឹងមាំសម្រាប់សាសនាចក្រក្នុងប្រទេសស៊ីលី ។ សព្វថ្ងៃនេះ ប្រទេសនេះមានព្រះវិហារមួយ ( មួយទៀតទើបបានប្រកាស ) មជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនាមួយ បេសកកម្ម 9 និង ស្តេក 74 ។ អនាគតមិនមានកំណត់នៅក្នុងកិច្ចការខាងវិញ្ញាណនៃការអញ្ជើញមនុស្សទាំងអស់ឲ្យមករកព្រះគ្រីស្ទ ។