គេហដ្ឋាន ៖ កន្លែងដ៏សំខាន់នៃការរៀនសូត្រ
នៅពេលការរៀនសូត្រនៅសាសនាចក្រ ស្របគ្នានឹងការរៀនសូត្រនៅគេហដ្ឋាន នោះអ្នកកំពុងសង់គ្រឹះដ៏រឹងមាំមួយនៃការរស់នៅតាមដំណឹងល្អហើយ ។
« សូមប្រាកដថា អ្នកអានកិច្ចការដែលបានដាក់ឲ្យសម្រាប់មេរៀនសប្តាហ៍ក្រោយ » ។ តើធ្លាប់ឮពាក្យទាំងនោះទេ ? ជាញឹកញាប់ ពាក្យទាំងនោះ គឺជាពាក្យស្នើសុំរបស់គ្រូបង្រៀននៅចុងម៉ោងក្នុងថ្នាក់រៀននៅព្រះវិហារ ។
ដោយសារតែវាពិតជាសំខាន់ដើម្បីមានការរៀបចំ សម្រាប់មេរៀនថ្ងៃអាទិត្យរបស់អ្នក ពេលខ្លះ តើអ្នកគិតថា គោលបំណងចម្បងរបស់អ្នកនៅក្នុងការសិក្សា និង ការពិចារណា គឺជាអ្វីមួយដែលអ្នកមានអារម្មណ៍ថាបានត្រៀមខ្លួនជាស្រេចសម្រាប់ថ្ងៃអាទិត្យដែរទេ ?
តាមពិតទៅ វាផ្ទុយស្រឡះពីនេះ ។
គ្រប់ « ការបង្រៀន កម្មវិធី និង សកម្មភាព របស់សាសនាចក្រទាំងអស់ [ គឺ ] ផ្តោតទៅលើគេហដ្ឋាន និង គាំទ្រសាសនាចក្រ » ។1 នោះមានន័យថា ការប្រជុំនានារបស់សាសនាចក្រយើង គឺពិតជាគាំទ្រការរៀនសូត្ររបស់បុគ្គលម្នាក់ៗ និង គ្រួសារ ។ ដូចដែលប៊ីស្សពជាអធិបតី ហ្គែរី អ៊ី ស្ទីវ៉ែនសុន បានបង្រៀនថា « កន្លែងដ៏សំខាន់នៃការបង្រៀន និង ការរៀនសូត្រនោះគឺគេហដ្ឋាន » ។2 នៅពេលការរៀនសូត្រ និង ការបង្រៀនត្រូវបានយកចិត្តទុកដាក់នៅក្នុងគេហដ្ឋាន នោះវាមានឥទ្ធិពលដែលអាចដឹកនាំទៅការប្រែចិត្តជឿ ។
នោះគឺជាសារលិខិតនៃការប្រជុំបំពាក់បំប៉នអង្គការជំនួយឆ្នាំ 2014 Learning and Teaching in the Home and the Church ( ការរៀនសូត្រ និង ការបង្រៀននៅក្នុងគេហដ្ឋាន និង សាសនាចក្រ ) មាននៅលើអ៊ិនធើរណែតនៅគេហទំព័រannualtraining.lds.org ។ « គ្មាននរណាម្នាក់ត្រូវបានគេគិតថាមិនសំខាន់នៅក្នុងការបង្រៀននៅក្នុងសាលប្រជុំ ឬ បន្ទប់រៀនឡើយ » ប្រសាសន៍របស់អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ « យើងទាំងអស់គ្នា បានធ្វើកិច្ចការទាំងនោះពេញមួយជីវិតយើងហើយ ប៉ុន្តែយើងចង់ឲ្យមានការបង្រៀននោះនៅគ្រប់ 24 ម៉ោងក្នុងជីវិតរស់នៅរបស់យើង » ។3 នៅពេលអ្នកអនុវត្តនូវការរៀនសូត្រគ្រប់ 24 ម៉ោង ទៅក្នុងពេលវេលាប្រចាំថ្ងៃក្នុងជីវិតគ្រួសាររបស់អ្នក នោះអ្នកអាចស្ថាបនាគ្រឹះរឹងមាំមួយសម្រាប់ « ដំណាក់នៃការរៀនសូត្រ » ( គ. និង ស.88:119 ) ដែលនឹងផ្តល់ជម្រក និង ការការពារខាងវិញ្ញាណសម្រាប់អ្នក និង គ្រួសារអ្នក ។
ការរៀនសូត្រនៅផ្ទះ
អ្នកប្រហែលជាមិនអាចឃើញលទ្ធផលភ្លាមៗជានិច្ចនោះទេ ប៉ុន្តែនៅពេលអ្នកទាញយកផលប្រយោជន៍ពី ឱកាសដ៏សាមញ្ញៗសម្រាប់ការរៀនសូត្រ និង ការបង្រៀនទៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក នោះវាអាចមានប្រសិទ្ធិភាពយ៉ាងខ្លាំង ។ នេះគឺជារបៀបដែលគ្រួសារមួយចំនួនបានកត់សម្គាល់ពីឥទ្ធិពលនោះនៅក្នុងជីវិតរបស់ពួកគេ ។
ឱកាសសាមញ្ញៗ
« មានពេលខ្លះ យើងអាចមានអារម្មណ៍ថាចម្លែក ដើម្បីមានការសុន្ទនាជាផ្លូវការអំពីប្រធានបទមួយចំនួនដែលទាក់ទងនឹងដំណឹងល្អ ។ ឱកាសបង្រៀនដ៏សាមញ្ញនេះ ពិតជាបានប្រទានពរដល់យើងឲ្យ បង្រៀនមេរៀនសំខាន់ៗដល់កូនៗរបស់យើង ។ មានឱកាសបង្រៀនដ៏សាមញ្ញច្រើនជាងឱកាសបង្រៀនជាផ្លូវការផងដែរក្នុងមួយថ្ងៃៗ ដូច្នេះ យើងពិតជាអាចចាប់យកឱកាសទាំងនោះដើម្បីបង្រៀនកូនៗរបស់យើងអំពីគោលការណ៍សំខាន់ៗ ។ ឧទាហរណ៍ ខ្ញុំបង្រៀនអំពីភាពទៀងត្រង់ ពេលទិញឥវ៉ាន់ ។ កូនៗរបស់ខ្ញុំ រៀនគោលការណ៍នានាកាន់តែងាយស្រួល នៅពេលពួកគេឃើញពីរបៀបដើម្បីអនុវត្តគោលការណ៍ទាំងនោះ » ។
ម៉ូណា វីលឡាណូអ៊ីវ៉ា ប្រទេស ហ្វីលីពីន
ការធ្វើដំណើរ និង ការសន្ទនា
« ខ្ញុំបានយកកូនស្រីខ្ញុំទៅសាលារៀនដោយជិះឡានក្រុងជារៀងរាល់ព្រឹក ដូច្នេះយើងមានឱកាសច្រើនដើម្បីជជែកគ្នា ។ ក្នុងឱកាសមួយក្នុងពេលថ្មីៗនេះ យើងបានកត់សម្គាល់ថា ស្វាមី និង ភរិយាមួយគូមានការឈ្លោះប្រកែកគ្នា ។ កូនស្រីរបស់ខ្ញុំ បានងាកមកខ្ញុំយ៉ាងលឿន ហើយរង់ចាំឲ្យខ្ញុំផ្តល់យោបល់ ។ ផ្ទុយទៅវិញ ខ្ញុំបានសួរពួកគេ ពីអារម្មណ៍ដែលពួកគេមានចំពោះអ្វីដែលបានកើតឡើង ។ ពួកគេបានប្រាប់ខ្ញុំថា ពួកគេបានគិតថា បុរសម្នាក់នោះពុំគួរនិយាយបែបនេះដាក់ភរិយាគាត់ទេ ។ បន្ទាប់មក យើងបានជជែកគ្នាអំពីអាពាហ៍ពិពាហ៍ និង ទំនាក់ទំនងគ្រួសារ ។ ជាលទ្ធផលការធ្វើដំណើរតាមឡានក្រុងរយៈពេល 30 នាទីរបស់យើងពិតជាបានស្អាង និង លើកស្ទួយយ៉ាងខ្លាំង » ។
ម៉ារីអូ ឡូរ៉ែនស៍ ប្រទេស ក្វាតេម៉ាឡា
ភាពជិតស្និទ្ធនៅពេលបរិភោគអាហារសំរ៉ន់
« ឱកាសបង្រៀនដ៏សាមញ្ញនានាបានជួយខ្ញុំឲ្យមានទំនាក់ទំនងកាន់តែប្រសើរជាងមុនជាមួយកូនៗរបស់ខ្ញុំ ។ នៅពេលយើងកំពុងអង្គុយនៅតុអាហារនៅផ្ទះបាយ បរិភោគអាហារសំរ៉ន់បន្ទាប់មកពីសាលារៀនវិញ នោះយើងពិភាក្សាគ្នាពីអ្វីដែលបានកើតឡើងអំឡុងពេលទៅសាលារៀនរបស់ពួកគេ ។ ជាញឹកញាប់ មានកូនម្នាក់នឹងនិយាយអ្វីមួយដែលមិត្តភក្តិម្នាក់បាននិយាយ ឬ ពីអារម្មណ៍ដែលពួកគេមាននៅពេលនរណាម្នាក់បាននិយាយ ឬ បានធ្វើអ្វីមួយ ។ បន្ទាប់មកខ្ញុំអាចចែកចាយទីបន្ទាល់ផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយពិភាក្សាពីរបៀបដែលកូនរបស់ខ្ញុំមានអារម្មណ៍អំពីស្ថានភាពនោះ ។ ខ្ញុំគិតថា ការពិភាក្សាដោយស្មោះត្រង់ ពេលកូនៗមានអារម្មណ៍ធូរស្បើយ នោះពួកគេនឹងមានឆន្ទៈកាន់តែខ្លាំង ដើម្បីពិភាក្សាពីចំណុចសំខាន់នានា នៅពេលមានសេចក្តីត្រូវការ ពីព្រោះពួកគេមានកម្រិតនៃការទុកចិត្ត ដោយដឹងថាឪពុកម្តាយរបស់ខ្លួននឹងស្តាប់ » ។
អាលីសុន ហ្វ្រូស ប្រទេស ក្រិក
វដ្តនៃការថែទាំ
« ភរិយាខ្ញុំ និង ខ្ញុំបានដឹងថា វាគឺជាទំនួលខុសត្រូវចម្បងរបស់យើង ដើម្បីបង្រៀនកូនៗយើង ហើយពុំមែនជាទំនួលខុសត្រូវរបស់ថ្នាក់ដឹកនាំឡើយ ប៉ុន្តែយើងមានអំណរគុណចំពោះអ្វីដែលពួកគាត់បានធ្វើ ហើយពួកយើងជួយតាមដែលអាចធ្វើទៅបាន ។ វួដរបស់យើងមានថ្នាក់ដឹកនាំដ៏អស្ចារ្យ ដែលពិតជាយកចិត្តទុកដាក់លើយុវវ័យ និង កូនក្មេង ហើយធ្វើអ្វីៗដែលពួកគេអាចធ្វើបាន ដើម្បីជួយពួកគេឲ្យឃើញពីសក្តានុពលដ៏ពេញលេញរបស់ខ្លួន ដោយផ្តោតលើអ្វីដែលឪពុកម្តាយបានធ្វើ ។ ខ្ញុំបានជួបជាមួយប៊ីស្សពពីរបីដង ហើយខ្ញុំមានការសុន្ទនាដ៏ល្អ ជាមួយថ្នាក់ដឹកនាំយុវវ័យ ហើយជាញឹកញាប់ខ្ញុំសួរអំពីកូនៗខ្ញុំ និង ការរីកចម្រើនរបស់ពួកគេ ។ ជាញឹកញាប់ ភាពពិតនៃការជជែកគ្នាអំពីការរីកចម្រើនរបស់កូនៗយើង បានជួយយើងទាំងអស់គ្នា យល់ពីរបៀបដើម្បីជួយពួកគេម្នាក់ៗ » ។
ជេស៊ី អែន អារ៉ូម៉ូហ្គាម ប្រទេស អាហ្វ្រិកភាគខាងត្បូង
ឥទ្ធិពលពីព្រះគម្ពីរ
« ការសិក្សាព្រះគម្ពីរជួយខ្ញុំឲ្យរៀនពីព្រះយេស៊ូវគ្រីស្ទ និង លក្ខណៈរបស់ទ្រង់ ដូច្នេះខ្ញុំអាចប្រែក្លាយកាន់តែដូចទ្រង់ ។ វាក៏ផ្តល់ឲ្យខ្ញុំនូវព្រះវិញ្ញាណដ៏បរិបូរណ៍ ដែលដឹកនាំខ្ញុំ និង បង្រៀនខ្ញុំពីរបៀបដែលខ្ញុំអាចអនុវត្តអ្វីៗទាំងនោះដែលខ្ញុំបានរៀន ដូច្នេះខ្ញុំអាចត្រៀមខ្លួនទប់ទល់នឹងឧបគ្គសនានាក្នុងជីវិត និង ការល្បួងនានារបស់សាតាំង ដែលកើតលើរូបខ្ញុំ ។ បើគ្មានពរជ័យនេះក្នុងជីវិតរបស់ខ្ញុំទេ នោះខ្ញុំដឹងថា ខ្ញុំនឹងពុំអាចបំពេញសក្តានុពលខ្ញុំក្នុងនាមជាបុត្រាម្នាក់របស់ព្រះឡើយ » ។
ណាថាន វ៉ូដវ៉ដ ប្រទេស អង់គ្លេស
ការរៀនសូត្រនៅសាសនាចក្រ ៖ គោលការណ៍ 10 យ៉ាងដែលគ្រូបង្រៀនម្នាក់ៗគួរយល់ដឹង
បន្ថែមលើការពង្រឹងឥទ្ធិពលនៃការរៀនសូត្រ និង ការបង្រៀននៅក្នុងគេហដ្ឋាន នោះយើងអាចពង្រឹងបទពិសោធន៍នៅថ្នាក់រៀននៅព្រះវិហារបានផងដែរ ។ នៅពេលគ្រូបង្រៀនអនុវត្តគោលការណ៍ទាំង 10 យ៉ាងនេះ នោះពួកគេនឹងចិញ្ចឹមបីបាច់ការប្រែចិត្តជឿនៅក្នុងជីវិតមនុស្សទាំងអស់ដែលពួកគេបង្រៀន ។
-
ប្រឹក្សាជាមួយឪពុកម្តាយ ដែលជាអ្នកមានតួនាទីសំខាន់ដូចជាគ្រូបង្រៀន ដើម្បីស្វែងយល់ពីសេចក្តីត្រូវការរបស់សមាជិកក្នុងថ្នាក់ ហើយបន្ទាប់មកបង្រៀនអ្នកដែលមានសេចក្តីត្រូវការនោះ ។
-
រៀបចំ និង បង្រៀនដោយព្រះវិញ្ញាណ ។ ស្វែងរកសំណួរ ហើយសកម្មភាពរៀនសូត្រនានា ដែលនឹងផ្តល់ការពិភាក្សាប្រកបដោយការដឹកនាំពីព្រះវិញ្ញាណ ហើយបីបាច់សមាជិកក្នុងថ្នាក់ខាងវិញ្ញាណ ។
-
បង្រៀនមនុស្ស ពុំមែនបង្រៀនមេរៀនទេ ។
-
ផ្តោតយកចិត្តទុកដាក់លើខ្លឹមនៃគោលលទ្ធិនៃដំណឹងល្អ ។
-
បង្រៀនគោលការណ៍សំខាន់មួយ ឬ ពីរឲ្យស៊ីជម្រៅ ជាជាងព្យាយាមបង្រៀនគ្រប់ចំណុចទាំងអស់នៃមេរៀន ។
-
អញ្ជើញព្រះវិញ្ញាណ ដោយអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាចូលរួម ( សូមមើលគ. និង ស.88:122) ។
-
រួមបញ្ចូលនូវការអញ្ជើញដ៏មានឥទ្ធិពលមួយដើម្បីអនុវត្ត—គឺមិនគ្រាន់តែទៅផ្ទះ ហើយអាននោះទេ ប៉ុន្តែគឺទៅផ្ទះហើយរស់នៅតាមវិញ ។
-
ថ្លែងទីបន្ទាល់របស់អ្នកអំពីគោលលទ្ធិ—នៅចុងបញ្ចប់នៃថ្នាក់រៀន និង នៅពេលណាក៏ដោយដែលព្រះវិញ្ញាណបំផុសគំនិតអ្នក ។
-
រស់នៅតាមដំណឹងល្អ ហើយ « តាំងឲ្យមានរបៀបរៀបរយ » នៅក្នុងគេហដ្ឋានផ្ទាល់របស់អ្នក ( សូមមើលគ. និង ស. 93:43–44, 50 ) ។ »
-
ស្វែងរកវិធីផ្សេងៗ ដើម្បីឲ្យការបង្រៀនបន្តមាន តាមរយៈឱកាសសាមញ្ញៗនៅក្នុងជីវិតប្រចាំថ្ងៃ ។