២០១៤
ថ្នាំ​បំពុល​ដែល​ទាក់ទាញ​បំផុត
October 2014


ថ្នាំ​បំពុល​ដែល​ទាក់ទាញ​បំផុត

អាលីសុន អិល រេនឌល រដ្ឋ យូថាហ៍ ស.រ.អា.

illustration of ants in a garden

​កាល​ខ្ញុំ​ចេញ​តាម​ទ្វារ​ខាង​មុខ​ផ្ទះ​ទៅ​យក​សារព័ត៌មាន ខ្ញុំ​បាន​ឃើញ​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​សៅ​ហ្មង ។ ពំនូក​ដី​ដែល​ស្រមោច​ភ្លើង​បានពូន​ឡើង​ពី​យប់​មិញ ដោយ​មាន​ផុស​ចេញ​មក​ពី​ស្នាម​ប្រេះនៅវាល​ស្មៅ​មុខ​ផ្ទះ និង ផ្លូវ​ដើរ ។

ទោះជា​ស្វាមី​ខ្ញុំ និង ខ្ញុំ​មិន​ធ្លាប់​រស់នៅ​រដ្ឋ តិចសាស ស.រ.អា. ក្ដី​ក៏​ខ្ញុំ​បាន​ដឹង​ពី​បទពិសោធន៍​ដ៏​ឈឺ​ចាប់​នៃ​ការ​ខាំ​ទិច​របស់​ស្រមោច​នេះ​ដែរ ឈ្មោះ​របស់​វា​មិន​មែន​ត្រូវបាន​គេ​ឲ្យ​ដោយសារ​តែ​ពណ៌​របស់​វា​នោះ​ទេ ។ ខ្ញុំ​រត់​ទៅ​កន្លែង​ដាក់​ឡាន ជា​កន្លែង​ដែល​យើង​ទុក​ថ្នាំ​សម្លាប់​សត្វ​ល្អិត​នៅ​ទីនោះ ។ រួច​ខ្ញុំ​បាន​អាន​ការ​ណែនាំ​នៅ​លើ​នោះ ។

វា​សរសេរ​ថា « [ ថ្នាំ​សម្លាប់​សត្វ​ល្អិត​នេះ ] គឺ​ទាក់ទាញ​បំផុត​ដល់​ស្រមោច​ភ្លើង » ។ « វា​នឹង​នាំ​ថ្នាំ​នោះ​ចូល​ទៅ​ក្នុង​ពំនូកមេ​វា​ស៊ី ហើយ​ហ្វូង​ស្រមោច​នោះ​នឹង​ស្លាប់ » ។ ស្លាក​ណែ​នាំ​នោះ​បាន​ប្រាប់​ខ្ញុំ​ឲ្យ​រោយ​ថ្នាំ​នោះ​មួយ​ចំនួន​លើ​ពំនូក​នោះ និង​ជុំវិញ​ពំនូក​វា ។ ហ្វូង​ស្រមោច​នឹង​ធ្វើ​ការ​បន្ទាប់​ទៀត ។

ខ្ញុំ​មាន​ចិត្ត​សង្ស័យ​ខ្លះ ។ ចំពោះ​ខ្ញុំ ស្រមោច​ភ្លើង​ហាក់​ដូចជា​ឈ្លាសវៃ អាច​សង់​ពំនូក​ដ៏​ខ្ពស់​តែ​ក្នុង​រយៈពេល​មួយ​យប់​ប៉ុណ្ណោះ ។​ ខ្ញុំ​សង្ស័យ​ថា វា​នឹង​មិន​ស៊ី​ថ្នាំ​ពុល​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​នៅតែ​រោយ​វា​ចោល ។

មួយ​សន្ទុះ​ក្រោយ​មក ខ្ញុំ​បាន​ឃើញ​ពំនូក​នោះ​មាន​ភាពច្របូក​ច្របល់ ។ ខ្ញុំ​បាន​ឈរ​ឲ្យ​ឆ្ងាយ ប៉ុន្តែ​បាន​ឱន​មើល​ភាពច្របូក​ច្របល់​នោះ ។ វា​បាន​រត់​ច្រួល​ច្រាល​ចេញ​ខាង​ក្រៅ​ដូច​ជា​នំ​ម៉ាណា​ធ្លាក់​ពី​លើ​មេឃ​ដូច្នោះ​ដែរ ។ វា​បាន​ទាញ​កន្ត្រាក់​គ្រាប់​ថ្នាំ​សៗ​ទាំង​នោះ​ជាមួយ​នឹង​ដង្គាប​ដ៏​តូច​របស់​វា ហើយ​ប្រញាយ​គ្នា​ប្រញាប់​នាំ​យក​ថ្នាំ​បំពុល​នោះ​ចូល​ទៅ​ក្នុង​ពំនូក​របស់​វា ។

ខ្ញុំ​បាន​មើល​ទាំង​ភាពភ្ញាក់​ផ្អើល​ជា​ខ្លាំង ។ វា​សុខ​ចិត្ត​យក​ថ្នាំ​បំពុល​ចូល​ទៅ​ក្នុង​សំបុក​វា ។ ពិត​ណាស់ ពាក្យ​ថា « ទាក់ទាញ​បំផុត » នោះ​គឺ​មិន​បាន​បំផ្លើស​ឡើយ ។ ក្រុម​ហ៊ុន​ថ្នាំ​សម្លាប់​សត្វ​ល្អិត​នេះ អាច​ធ្វើ​ឲ្យ​អ្វី​មួយ​ដែល​អាក្រក់—គឺ​សាហាវបំផុត​—មើល​ទៅ​ដូចជា​រឿង​ល្អ​ណាស់ ។

ខ្ញុំ​មិន​ធ្លាប់​ឃើញ​គំរូ​ដ៏​អស្ចារ្យ​ជាក់ច្បាស់​មួយ ​ព​របៀប​ដែល​រឿង​អាក្រក់​អាច​ធ្វើ​ឲ្យ​មើល​ទៅ​ថា​ហាក់ ដូច​ល្អ​ពី​មុនឡើយ ។ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ពី​របៀប​ដែល​សាតាំង​ធ្វើ​នូវ​រឿង​ដូចគ្នា​នេះ ។ ខ្ញុំ​ត្រូវ​បាន​លួងលោម​ឲ្យ​ដឹង​ថា ទោះ​ជា​វា​អាច​រោយ​ថ្នាំ​បំពុល​របស់​វា​ជុំវិញ​ផ្ទះ​ខ្ញុំ​ក្ដី ក៏​វា​មិន​អាច​នាំ​យក​ថ្នាំ​នោះ​ចូល​មក​ខាង​ក្នុង​ផ្ទះ​បាន​ឡើយ—លុះ​ត្រា​តែ​ខ្ញុំ​អនុញ្ញាត​ឲ្យ​វា​ចូល ។ អញ្ចឹង​តើ​ខ្ញុំ​ការពារ​កុំ​ឲ្យ​វា​ចូល​មក​តាម​របៀប​ណា ?

បទ​គម្ពីរ​មួយ​ដែល​ខ្ញុំ​ចូលចិត្ត​បាន​ផុស​ឡើង​ក្នុង​គំនិត​ខ្ញុំ ៖ « ត្បិត​មើល​ចុះ ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ​ត្រូវ​បាន​ប្រទាន​ដល់​មនុស្ស​គ្រប់​រូប ដើម្បី​ឲ្យ​គេ​អាច​ដឹង​ខុស​ត្រូវ » ។ ដោយ​មាន​ព្រះវិញ្ញាណ​នោះ មរមន​ពន្យល់​ថា យើង « អាច​ដឹង​ដោយ​ដំរិះ​ដ៏​ឥតខ្ចោះ » ថា​រឿង​មួយ​ណា​មក​ពី​ព្រះ ឬ សាតាំង ( មរ៉ូណៃ 7:16 ) ។

បទ​ពិសោធន៍​នៃ​ការ​មើល​ហ្វូង​ស្រមោច​ដ៏​មាន​វាសនា​អាក្រក់​ទាំង​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ​គុណ​ថា ស្វាមី​ខ្ញុំ និង ខ្ញុំ​អាច​វិនិច្ឆ័យ ហើយ​ដឹង​ដោយ​ប្រាកដ​ពីមុន​អនុញ្ញាត​ឲ្យ​អ្វី​មួយ​ចូល​មក​ក្នុង​ផ្ទះ​របស់​យើង ។ កិច្ចការ​យើង​គឺ​ត្រូវ​បង្រៀន​កូនចៅ​យើង​ឲ្យ​ធ្វើ​តាម​ព្រះវិញ្ញាណ​នៃ​ព្រះ​គ្រីស្ទ ដើម្បី​ពួកគេ​អាច​ស្គាល់​ពី​ថ្នាំ​បំពុល កាល​ពួកគេ​ជួប​ប្រទះ​នឹង​វា​ផងដែរ ។

កាល​ខ្ញុំ​ឱន​មើល​សត្វ​ល្អិត​ទាំង​នោះ​ដឹក​ជញ្ជូន​គ្រាប់​ថ្នាំ​ទាំងអស់​ចូល​ទៅ​ក្នុង​ពំនូក​របស់​វា ខ្ញុំ​បាន​សច្ចា​អស់​ពី​ចិត្ត​ខ្ញុំ​ដើម្បី​ការពារ​ថ្នាំ​បំពុល​មិន​ឲ្យ​ចូល​ក្នុង​ផ្ទះ​របស់​ខ្ញុំ​ឡើយ ។

ស្លាក​ណែនាំ​នោះ​បាន​ប្រាប់​ខ្ញុំ​ឲ្យ​រោយ​ថ្នាំ​នោះ​មួយ​ចំនួន​លើ​ពំនូក​នោះ និង​ជុំវិញ​វា ។ ហ្វូង​ស្រមោច​នឹង​ធ្វើ​ការ​បន្ទាប់​ទៀត ។