ការអធិស្ឋានរបស់ខ្ញុំនៅសមុទ្រខាងជើង
អូឡាហ្វ ធ័រលីហ្វ ជេនសិន រដ្ឋយូថាហ៍ ស.រ.អា.
កាលខ្ញុំអាយុ 17 ឆ្នាំ យើងបានរស់នៅលើកោះមួយភាគខាងត្បូងប្រទេសន័រវែសដែលហៅថា អាន់ដាប៊េឡូយ ។ ឪពុកខ្ញុំបានប្រែចិត្តជឿលើសាសនាចក្រនៅអាន់ដាប៊េឡូយ ហើយខ្ញុំបានជ្រមុជទឹកនៅទីនោះក្នុងសមុទ្រ ។
នៅពេលនោះ ខ្ញុំជាអ្នកនេសាទត្រី ហើយមានបទពិសោធន៍ជាច្រើននៅក្នុងការជិះទូក ។ ឪពុកខ្ញុំបានឲ្យខ្ញុំមើលខុសត្រូវរបររត់ទូកតាមសមុទ្ររបស់យើងសម្រាប់មនុស្សដែលរស់នៅទីនោះ ។
មានថ្ងៃមួយនោះ ក្នុងឆ្នាំ 1941 យើងបានទទួលទូរសព្ទពីវេជ្ជបណ្ឌិតម្នាក់នៅ ផ្លេកកេហ្វជ័ដ នៅភាគខាងជើង ។ មានស្ត្រីម្នាក់ដែលរស់នៅប្រមាណជាពីរម៉ោងតាមផ្លូវទឹក ត្រូវការការព្យាបាលជាបន្ទាន់ ។ វេជ្ជ. ហ័ហ្វមិន បានសួរថា តើខ្ញុំអាចជូនគាត់ទៅមើលស្ត្រីនោះបានដែរឬទេ ប៉ុន្តែឪពុកម្ដាយខ្ញុំបានព្រួយបារម្ភពីព្យុះមួយដែលកំពុងបោកបក់នៅសមុទ្រភាគជើង ។ យើងបានសម្រេចចិត្តអធិស្ឋាន ទូលសូមដល់ព្រះវរបិតាសួគ៌ពីអ្វីដែលត្រូវធ្វើ ។ យើងបានទទួលចម្លើយមួយថា ខ្ញុំគួរតែទៅ ។
នៅពេលខ្ញុំស្រាយទ្រីគជាទូកនេសាទត្រីរបស់ខ្ញុំប្រវែង 10 ម. ចូលទៅក្នុងសមុទ្រ អាកាសធាតុកាន់តែអាប់អួរ ហើយមានរលកធំៗ ។ បន្ទាប់ពីទៅយកលោកវេជ្ជបណ្ឌិតរូបនោះមក ខ្ញុំបានបើកទូកចេញទៅឆ្លងកាត់ដៃសមុទ្រចូលទៅក្នុងផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ ។ យើងត្រូវធ្វើដំណើរទៅសហគមន៍មួយនៅភាគខាងជើងលីស្តា ដែលមានទីតាំងនៅលើឆ្នេរភាគខាងត្បូងតំបន់ភ្នំរបស់ប្រទេសន័រវែស—ជាកន្លែងដែលសម្បូរទៅដោយព្យុះ និង ការលេចនាវាជាច្រើន ។
ខ្ញុំសម្លឹងមើលព្យុះនោះមិនដាក់ភ្នែកសោះ រហូតយើងទៅដល់ដៃសមុទ្រប្រមាណជា 12 ម. ដែលដឹកនាំទៅកាន់គោលដៅរបស់យើង ។ កម្ពស់ទឹករលកខ្ពស់ខ្លាំងណាស់ ខ្ញុំមិនអាចបញ្ជាទូកឲ្យឆ្លងកាត់ដៃសមុទ្រនោះបានទេ ហើយរលកបោកចូលមកក្នុងដៃសមុទ្រនោះ ហើយប៉ះទៅនឹងថ្ម ។
« តើយើងគួរធ្វើយ៉ាងម៉េចទៅ ? » លោកវេជ្ជបណ្ឌិតបានសួរនៅពេលមានខ្យល់បោកបក់យ៉ាងខ្លាំង ។
ខ្ញុំបានតបថា « ខ្ញុំត្រូវអធិស្ឋានសួរពីរឿងនេះសិន » ។
ខ្ញុំបានឈប់ ហើយអធិស្ឋាន ដោយទូលព្រះវរបិតាសួគ៌សូមការដឹកនាំ ។ កាលខ្ញុំពោលពាក្យអាម៉ែនភ្លាម ខ្ញុំបានទទួលចម្លើយមួយយ៉ាងច្បាស់ ។ រំពេចនោះខ្ញុំបាននឹកឃើញពីដំណើររឿងមួយដែលអ្នកនេសាទវ័យចំណាស់ម្នាក់ធ្លាប់ប្រាប់ខ្ញុំ ។ គាត់ធ្លាប់បាននេសាទត្រីនៅតំបន់នេះ ក្នុងអំឡុងពេលមានព្យុះមួយដ៏ធំ ហើយមិនអាចទៅដល់ឆ្នេរបាន ។ កាលគាត់រង់ចាំឲ្យព្យុះនោះស្ងប់ នោះគាត់បានសង្កេតឃើញពីលំនាំមួយនៅក្នុងទឹករលកដែលនឹងបោកបក់ចូលមក ។ បន្ទាប់ពីរលកបីធំៗបានបោកបក់មក នោះផ្ទៃទឹកបានស្ងប់ក្នុងរយៈពេលមួយខ្លី—គឺល្មមគ្រប់គ្រាន់ឲ្យគាត់បើកចូលទៅក្នុងដៃសមុទ្រ ។
ខ្ញុំធ្លាប់ធ្វើការនេសាទត្រីជាច្រើនដងនៅតំបន់នេះ ប៉ុន្តែមិនធ្លាប់សង្កេតពីលំនាំនៃទឹករលកឡើយ ។ ថ្វីបើដូច្នោះក្តី ខ្ញុំបានបើកទូកទៅខាងមុខដៃសមុទ្រនោះ ហើយរង់ចាំមើលកាលរលកបីធំៗបោកបក់ចូលមក ។ ពិតណាស់ ភាពស្ងប់បានកើតឡើងតាមក្រោយ។ ខ្ញុំបានបើកទូកឆ្ពោះទៅផ្ទៃទឹកស្ងប់នៃដៃសមុទ្រខាងក្នុង ហើយនាំវេជ្ជ. ហ័ហ្វមិន ទៅដល់ឆ្នេរដោយសុវត្ថិភាព ។ គាត់បានប្រញាប់ប្រញាល់ទៅរកស្ត្រីដែលមានជំងឺនោះ កាលខ្ញុំរង់ចាំគាត់នៅលើទូក អរគុណដល់ព្រះវរបិតាសួគ៌បានឆ្លើយតបការអធិស្ឋានខ្ញុំ ។
កាលលោកវេជ្ជបណ្ឌិតបានត្រឡប់មកវិញប្រហែលជាមួយម៉ោងក្រោយមក គាត់បានប្រាប់ថា « យើងជួយសង្គ្រោះជីវិតគាត់បានហើយ ! »
ដោយបានធូរចិត្តពេលឮដំណឹងនេះ ហើយអាកាសធាតុបានប្រសើរឡើង ខ្ញុំបានបើកទូកមកផ្ទះវិញដោយគ្មានបញ្ហាសោះឡើយ ។
ខ្ញុំសូមថ្លែងជាសាក្សីថា ពេលយើងត្រូវការជំនួយ យើងគួរតែអធិស្ឋាន ។ ខ្ញុំដឹងថា ព្រះវរបិតាសួគ៌នឹងឆ្លើយតប ។