គេហដ្ឋាន និង ក្រុមគ្រួសាររបស់យើង
បេះដូងរបស់លីហ្សូកា
សព្វថ្ងៃអ្នកនិពន្ធរស់នៅប្រទេសបែលហ្ស៊ិក ។
ស្វាមីខ្ញុំ និង ខ្ញុំបានចូលរួមក្នុងសាសនាចក្រនៅប្រទេសរុស្សីនៅឆ្នាំ 1995 ហើយត្រូវបានផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ ស្តុកខូម ស៊ុយអែត មួយឆ្នាំក្រោយមក ។ កូនស្រីតូចយើងទាំងពីរនាក់ត្រូវបានផ្សារភ្ជាប់នឹងយើងផងដែរ ។ ពីរឆ្នាំក្រោយមក យើងមានពរដោយមានកូនស្រីម្នាក់ទៀតឈ្មោះ លីហ្សូកា ។ ជីវិតរបស់យើងមានភាពល្អប្រសើរ ។ យើងទាំងអស់គ្នារីករាយ ។ ប៉ុន្តែក្រោយពីនាងកើតបានពីរថ្ងៃ កូនតូចរបស់យើងបានចាប់ផ្ដើមមិនសូវញ៉ាំអ្វីសោះ ។ ក្នុងមួយខែនាងឡើងទម្ងន់បានតែ 300 ក្រ. ប៉ុណ្ណោះ ។
បុគ្គលិកនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រសម្រាប់កុមារបានប្រាប់យើងឲ្យនាងញ៉ាំអាហារឲ្យបានញឹកញាប់ ។ ខ្ញុំបានឃើញថានាងចង់ញ៉ាំ ប៉ុន្តែនាងមិនអាចញុំបានសោះ ។ នៅទីបំផុត ស្វាមីខ្ញុំបាននាំនាងទៅមន្ទីរពេទ្យក្នុងទីក្រុង ។ រំពេចនោះ វេជ្ជបណ្ឌិតបានផ្ដល់ការវិនិច្ឆ័យរោគមួយដល់យើង—គឺពិការភាពនៃបេះដូងពីកំណើត។ សន្ទះបិទបើកបេះដូងមួយមិនដំណើរការ ហើយមានលំហូរឈាមតិចតួចហូរចូលក្នុងសួតរបស់នាង ធ្វើឲ្យនាងពិបាកដកដង្ហើម ឬបរិភោគ ។
នាងត្រូវធ្វើការវះកាត់ ប៉ុន្តែនៅប្រទេសរុស្សីកុមារដែលអាចទទួលការវះកាត់បែបនេះ យ៉ាងហោចណាស់ត្រូវមានអាយុពីរឆ្នាំ ។ កូនស្រីយើងទើបមានអាយុបានមួយខែប៉ុណ្ណោះ ។ វេជ្ជបណ្ឌិតបានចេញវេជ្ជបញ្ជាឲ្យនាង ហើយពោលថា នៅពេលនាងធំឡើង ពួកគេនឹងធ្វើការវះកាត់ឲ្យនាង ។
មួយខែក្រោយមក សុខភាពរបស់លីហ្សូកាកាន់តែធ្ងន់ធ្ងរឡើងៗ ហើយយើងបានប្រញាប់ប្រញាល់យកនាងទៅមន្ទីរពេទ្យ ។ ខ្ញុំបានបីនាង ពេលយើងកំពុងបើកឡាន ។ នាងបានមើលមុខខ្ញុំហាក់ដូចជាកំពុងអង្វរសូមឲ្យជួយ ។ ប្រសិនបើខ្ញុំពុំមែនជាសមាជិកសាសនាចក្រ ខ្ញុំមិនដឹងថា ខ្ញុំត្រូវធ្វើអ្វីនោះទេ ។ ប៉ុន្តែស្វាមីខ្ញុំ និង ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ហើយជឿជាក់យ៉ាងមុតមាំថា អ្វីៗនឹងបានប្រសើរឡើង ។ ខ្ញុំបានព្យាយាមលួងនាង ដោយពោលថា « កុំខ្លាចអី កូនស្រីមាសម្ដាយ ។ ព្រះស្រឡាញ់យើង ។ ទ្រង់នឹងជួយយើង ហើយអ្វីៗនឹងបានប្រសើរឡើង » ។
ទីបំផុតយើងបានទៅដល់មន្ទីរពេទ្យ ។ ដោយបីនាងនៅក្នុងដៃ ខ្ញុំបានរត់រកផ្នែកទទួលអ្នកជំងឺ ។ ផ្នែករបស់លីហ្សូកាបានចាប់ផ្ដើមបិទ ។ នាងដកដង្ហើមខ្លីៗ ។ ខ្ញុំស្ទើរតែនិយាយប្រាប់គ្រូពេទ្យមិនរួចពីកូនរបស់ខ្ញុំ ហើយបុគ្គលិកវេជ្ជសាស្ត្របានយកនាងទៅបន្ទប់សង្គ្រោះបន្ទាន់ ។ វេជ្ជបណ្ឌិតបានប្រាប់ថា សួតនាងកំពុងចាប់ផ្ដើមហើម ហើយពួកគេបានដាក់ខ្យល់អុកស៊ីសែនឲ្យនាង ។
លុះស្អែកឡើង យើងបាននិយាយនឹងនាយកផ្នែកវះកាត់បេះដូង ។ គាត់បានពោលថា « ខ្ញុំធ្លាប់ធ្វើការវះកាត់បែបនេះ ប៉ុន្តែសម្រាប់តែក្មេងធំៗប៉ុណ្ណោះ ។ តើនាងមានអាយុប៉ុន្មានហើយឥឡូវនេះ ? »
យើងបានប្រាប់គាត់ថា « ពីរខែ » ។
« នាងឈឺច្រើនពេកហើយ ។ នាងតូចណាស់ ហើយសួតនាងដែលហើមនោះវាជារឿងស្មុគស្មាញណាស់ ប៉ុន្តែយើងមិនអូសបន្លាយពេលទៀតបានទេ ។ ខ្ញុំពុំធ្លាប់ធ្វើការវះកាត់បែបនេះដល់កុមារតូចពីមុនមកឡើយ ។ ខ្ញុំនឹងព្យាយាមធ្វើឲ្យអស់ពីលទ្ធភាព ។ អ្នកត្រូវទិញសន្ទះបិទបើកបេះដូងសិប្បនិមិត្មមួយ ប៉ុន្តែវាមានតម្លៃថ្លៃណាស់—ប្រហែល 2,100 ដុល្លារ ។ ការវះកាត់នឹងធ្វើឡើងនៅបួនថ្ងៃទៀត » ។
តើយើងត្រូវធ្វើអ្វីទៅ ? ទាំងយើង ឬអ្នកដែលយើងស្គាល់គ្មានប្រាក់ច្រើនបែបនេះឡើយ ។ ទោះជាយ៉ាងណា ស្ថានភាពរបស់យើងបានធ្វើឲ្យអ្នកដទៃមានចំណាប់អារម្មណ៍ ហើយតាមរយៈសេចក្ដីសប្បុរសរបស់ពួកគេ និង សេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់ យើងមានប្រាក់គ្រប់គ្រាន់ ។ ស្វាមីខ្ញុំបានទិញសន្ទះបិទបើកបេះដូងសិប្បនិមិត្មមួយដែលយើងត្រូវការដើម្បីជួយសង្គ្រោះដល់អាយុជីវិតកូនស្រីយើង ។
មិនត្រឹមតែមានបងប្អូនប្រុសស្រីនៅក្នុងសាខាយើងដែលបានអធិស្ឋាន ហើយតមអាហារសម្រាប់កូនស្រីតូចយើងប៉ុណ្ណោះទេ ពួកអ្នកផ្សព្វផ្សាយសាសនា និង ពួកបរិសុទ្ធថ្ងៃចុងក្រោយជាច្រើននៅក្នុងទីក្រុងក៏បានធ្វើបែបនេះផងដែរ ។ យើងទទួលអារម្មណ៍ពីការគាំទ្ររបស់ពួកគេ ។ ដោយអង្គុយនៅច្រកដើរនៅថ្ងៃធ្វើការវះកាត់នោះ យើងមានអារម្មណ៍នូវវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធ និង ការអធិស្ឋានរបស់បងប្អូនប្រុសស្រីយើង ។ យើងបានដឹងថា ពួកគេនៅក្បែរយើង ! ហើយព្រះគង់នៅជាមួយយើង ដោយធ្វើការដឹកនាំដល់ពួកគ្រូពេទ្យវះកាត់ទាំងនោះ ។ ទ្រង់មិនបោះបង់យើងឡើយ ហើយអ្វីៗគ្រប់យ៉ាងនឹងបានប្រសើរឡើង ។
នៅពេលគ្រូពេទ្យវះកាត់បានចេញមកបន្ទាប់ពីការវះកាត់បានបញ្ចប់ គាត់បានប្រាប់យើងទំនងដូចជាមានការងឿងឆ្ងល់ថា « អ្វីៗគ្រប់យ៉ាងមិនអីទេ ។ យើងបានដាក់សន្ទះបិទបើកបេះដូងនោះចូលហើយ ។ ខ្ញុំមិនដឹងថាតាមរបៀបណានោះទេ ប៉ុន្តែវាទទួលបានជោគជ័យ » ។ ប៉ុន្តែយើងបានដឹងពីរបៀបដែលកិច្ចការនោះបានទទួលជោគជ័យ ។ ព្រះវរបិតាសួគ៌បានប្រទានពរដល់គាត់ ។
លីហ្សូកាសម្រាកនៅមន្ទីរពេទ្យបីថ្ងៃទៀត ដើម្បីឲ្យបេះដូង និង សួតរបស់នាងដែលហើមនោះបានស្រកមកវិញ ។ មុខរបួសនាងត្រូវទុកចំហចោលដោយបិទភ្ជាប់នឹងភ្នាសស្ដើងមួយ ហើយពីរបីថ្ងៃក្រោយមកទៀត ពួកគេបានធ្វើការវះកាត់ម្ដងទៀតដើម្បីដេរផ្ជិតមុខរបួសនៅលើទ្រូងរបស់នាង ។ ស្ទើរតែគ្មានគ្រូពេទ្យណាម្នាក់រំពឹងថានាងនឹងរស់ណាស់ ។ ប៉ុន្តែយើងជឿលើព្រះវរបិតាសួគ៌ និង ព្រះចេស្ដាទ្រង់ ហើយយើងជឿថា ប្រសិនបើវាជាព្រះឆន្ទៈទ្រង់ នាងនឹងជាសះស្បើយវិញ ។
មានតែព្រះប៉ុណ្ណោះដែលអាចប្រទានលីហ្សូកាមកឲ្យយើងវិញបាន ។ នាងបានប្រសើរឡើងវិញជារៀងរាល់ថ្ងៃ ។ នាងបានសម្រាកនៅមន្ទីរពេទ្យមួយខែទៀត ហើយឥឡូវនេះនាងបាននៅផ្ទះជាមួយនឹងយើង ។
ព្រះគឺជាព្រះនៃអព្ភូតហេតុ ។ ទ្រង់ស្ដាប់ឮការអធិស្ឋានរបស់យើង ហើយនៅគ្រាដ៏លំបាករបស់យើង ទ្រង់បានជួយទ្រទ្រង់យើងឡើង ។ ការសាកល្បងបានពង្រឹងសេចក្ដីជំនឿយើង ហើយបង្រៀនយើងឲ្យជឿ សង្ឃឹម ហើយស្រឡាញ់ ។