ការបម្រើនៅក្នុងសាសនាចក្រ
អរគុណបងប្រុស ជេ
អ្នកនិពន្ធរស់នៅក្នុងរដ្ឋ ណាវ៉ាដា ស.រ.អា. ។
ខ្ញុំមានអំណរគុណយ៉ាងខ្លាំចំពោះអារម្មណ៍ ការតាំងចិត្ត ការរៀបចំ និង សេចក្ដីស្រឡាញ់នៃពួកអ្នកបម្រើដ៏ស្មោះត្រង់ជាច្រើនរាប់មិនអស់នៅទូទាំងសាសនាចក្រ ។
ខ្ញុំបានប្រាប់កូនស្រីខ្ញុំអាយុប្រាំឆ្នាំកាលនាងអង្គុយនៅលើភ្លៅរបស់ខ្ញុំថា « ស្អែកគឺជាថ្ងៃអាទិត្យ » ។ ស្នាមញញឹមបានលេចឡើងនៅលើផ្ទៃមុខរបស់នាង ។
នាងបានតបថា « អូ៎ ល្អណាស់ » ។ « អញ្ចឹងកូននឹងបានជួបបងប្រុសជេហើយ » ។
អំណរគុណបានមានពេញដួងចិត្តខ្ញុំ ។ ខ្ញុំមានអំណរគុណជាខ្លាំងចំពោះគ្រូបង្រៀនថ្នាក់កុមារម្នាក់ដែលមានសេចក្ដីស្រឡាញ់ ហើយចេះជួយទុក្ខធុរៈ ជាអ្នកដែលបានធ្វើឲ្យដំណើរផ្លាស់ប្ដូររបស់យើងទៅកាន់វួដថ្មីមួយ បន្ទាប់ពីការផ្លាស់ប្ដូរទីលំនៅមានភាពងាយស្រួល ។ ដោយចាកចេញពីផ្ទះរបស់យើងនៅភូមិភាគកណ្ដាលភាគខាងលិចនៃសហរដ្ឋអាមេរិក ហើយប្ដូរទីលំនៅថ្មីដែលមានចម្ងាយ 2,173 គ.ម.ពីគ្នា បានធ្វើឲ្យគ្រួសារទាំងមូលមានការលំបាក ជាពិសេសកូនស្រីយើង ស៊ីស្សិន ។ ដោយមានភាពខ្មាស់អៀនពីកំណើតនោះនាងភ័យខ្លាចចំពោះស្ថានភាពថ្មី ហើយបារម្ភពីការទៅព្រះវិហារសម្រាប់សប្ដាហ៍ទីមួយរបស់យើងនៅក្នុងវួដថ្មីមួយ ។
បងប្រុសជេ ជាបុរសដែលសុភាព ហើយការលះបង់ ដោយប្រើពាក្យកំប្លែង លាយបញ្ចូលនឹងសេចក្ដីស្រឡាញ់ដ៏ត្រឹមត្រូវដើម្បីទាក់ទាញចិត្តស៊ីស្សិន ។ នៅថ្ងៃអាទិត្យទីមួយនោះ បានឱនចុះចាប់ដៃនាង ហើយមើលមុខនាង រួចក៏ពោលថា « តោះ ស៊ីស្សិន ។ ប្អូននឹងសប្បាយរីករាយនៅក្នុងថ្នាក់របស់យើង » ។
កាលជាច្រើនសប្ដាហ៍បានកន្លងផុតទៅ ស៊ីស្សិនបានទន្ទឹងចាំថ្ងៃអាទិត្យលើសពីថ្ងៃណាៗទាំងអស់ ។ កាលយើងបានមកដល់ព្រះវិហារភ្លាម នាងបានរកមើលគ្រូបង្រៀនរបស់នាងនៅក្នុងក្រុមជំនុំ ។ គាត់បានញញឹមរាក់ទាក់ ។
អស់រយៈពេលជាច្រើនឆ្នាំ បងប្រុសជេ បានចងចាំសិស្សម្នាក់ៗដោយផ្ដល់អំណោយបន្តិចបន្តួចសម្រាប់ថ្ងៃបុណ្យឈប់សម្រាក និង ថ្ងៃខួបកំណើត ។ កាលថ្ងៃកំណើតស៊ីស្សិនបានមកដល់ ភ្ញៀវដ៏សំខាន់បំផុតដែលនាងអញ្ជើញមកពិធីជប់លៀងរបស់នាងគឺបងប្រុសជេ ។
តើគាត់បានដឹងថាគាត់មានឥទ្ធិពលនៅក្នុងជីវិតកូនស្រីដ៏តូចរបស់យើងប៉ុណ្ណាទេ ? តើគាត់ធ្លាប់ស្មានដឹងថាពាក្យសម្ដី និង ទង្វើររបស់គាត់បានជះឥទ្ធិពលទៅលើសិស្សក្នុងថ្នាក់កុមារគាត់ដែលមានអាយុប្រាំឆ្នាំប៉ុណ្ណាដែរទេ ? តើគាត់បានដឹងថាវាមានន័យយ៉ាងណាចំពោះខ្ញុំដែរទេ ក្នុងនាមជាម្ដាយម្នាក់ ដោយមានគាត់ជាផ្នែកមួយនៃជីវិតកូនស្រីរបស់ខ្ញុំនោះ ?
ក្រោយមកទៀត ស៊ីស្សិនបានឡើងថ្នាក់ដោយចូលរៀនក្នុងថ្នាក់បងប្រុស អេដវួដ ហើយបទពិសោធន៍ដ៏អស្ចារ្យរបស់នាងក្នុងថ្នាក់កុមារបានបន្ត ។ ខ្ញុំមានអំណរគុណជាខ្លាំងចំពោះបុរស និងស្ត្រីដែលយកចិត្តទុកដាក់ រៀបចំយ៉ាងល្អិតល្អន់ ហើយរាបសារដែលបានជះឥទ្ធិពលខាងវិញ្ញាណដ៏វិជ្ជមានមួយដល់ជីវិតរបស់ស៊ីស្សិន ។
គ្រួសារយើងទាំងមូលមានពរតាមរយៈបុគ្គលទាំងឡាយដែលបូជាលះបង់ខ្លួន ដោយបានបម្រើយើងនៅលើផ្លូវនៃការរីកចម្រើនខាងវិញ្ញាណរបស់យើង ។ ខ្ញុំនៅចងចាំពីគ្រូក្រុមកាយរិទ្ធិដ៏ឆ្នើម អ្នកប្រឹក្សាក្នុងកូរ៉ុមសង្ឃដែលមានចិត្តអត់ធ្មត់ គ្រូថ្នាក់សិក្ខាសាលា គណៈប្រធានយុវនារីដ៏អស្ចារ្យ និង ប៊ីស្សដែលយកចិត្តទុកដាក់ ។
គ្រួសារយើងមានពរជ័យយ៉ាងធំ ខ្ញុំដឹងថា យើងពុំមែនជាមនុស្សពិសេសនោះទេ ។ « បងប្រុសជេ » អាចជាមនុស្សជាច្រើន ពីព្រោះមានបងប្អូនប្រុសស្រីជាច្រើនដែលមានការលះបង់ ហើយដែលការបម្រើរបស់ពួកគេបានជួយដល់ជីវិតក្រុមគ្រួសារជាច្រើនដូចជាគ្រួសារយើងផងដែរ ។ យើងមានអំណរគុណជាខ្លាំងចំពោះអារម្មណ៍ ការតាំងចិត្ត ការរៀបចំ និង សេចក្ដីស្រឡាញ់ ។
សូមអរគុណចំពោះពួកអ្នកបម្រើដ៏ស្មោះត្រង់ជាច្រើនរាប់មិនអស់នៅទូទាំងសាសនាចក្រដែលបានជួយដល់គ្រួសារយើង ។