សារលិខិតបង្រៀនសួរសុខទុក្ខ
បេសកកម្មដ៏ទេវភាពរបស់ព្រះយេស៊ូវគ្រីស្ទ នំប៉័ងនៃជីវិត
សូមសិក្សាឯកសារនេះដោយការអធិស្ឋាន ហើយព្យាយាមយល់ដឹងនូវអ្វីដែលត្រូវចែកចាយ ។ តើការយល់ដឹងពីឆាកជីវិត និង បេសកកម្មរបស់ព្រះអង្គសង្គ្រោះ នឹងពង្រឹងសេចក្ដីជំនឿរបស់អ្នកលើទ្រង់ ហើយប្រទានពរដល់ជនអ្នកទាំងឡាយដែលអ្នកមើលថែតាមរយៈការបង្រៀនតាមផ្ទះបានដោយរបៀបណា ? ចំពោះព័ត៌មានបន្ថែម សូមចូលទៅ reliefsociety.lds.org។
ព្រះយេស៊ូវបានមានបន្ទូលថា « ខ្ញុំជានំប៉័ងដ៏រស់ដែលចុះពីស្ថានសួគ៌មក បើអ្នកណាបរិភោគនំប៉័ងនេះ នោះនឹងរស់នៅអស់កល្បជានិច្ច » ( យ៉ូហាន 6:51 ) ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងថា « ព្រះយេស៊ូវបង្រៀនយើង ដែលជាពួកសិស្សទ្រង់ថា យើងគួរមើលទៅព្រះរាល់ថ្ងៃសម្រាប់នំប៉័ង—ជំនួយ និង ការទ្រទ្រង់ជីវិត—ដែលយើងត្រូវការនៅក្នុងថ្ងៃនោះ » ។ « ការអញ្ជើញរបស់ព្រះអម្ចាស់ … ថ្លែងពីព្រះជាទីស្រឡាញ់មួយអង្គ ដែលជ្រាបសូម្បីតែសេចក្ដីត្រូវការប្រចាំថ្ងៃដ៏តូចរបស់កូនចៅទ្រង់ ហើយចង់ជួយពួកគេម្ដងម្នាក់ៗ ។ ទ្រង់កំពុងតែមានព្រះបន្ទូលថា យើងអាចសុំដោយសេចក្តីជំនឿនៃជន ‹ ដែលប្រទានដល់មនុស្សទាំងអស់ដោយសទ្ធាឥតបន្ទោសផង នោះទ្រង់នឹងប្រទានឲ្យ › ( យ៉ាកុប 1:5 ) ។1នៅពេលយើងដឹងថា ព្រះយេស៊ូវគ្រីស្ទនឹងបំពេញសេចក្ដីត្រូវការរបស់យើង នោះយើងនឹងងាកទៅរកទ្រង់សម្រាប់ការទ្រទ្រង់ជីវិតខាងវិញ្ញាណរបស់យើង ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់អញ្ជើញយើង « ឲ្យចូលរួមនៅក្នុងដំណើរផ្សងព្រេងនៃសិស្សរបស់ព្រះគ្រីស្ទកាលពីបុរាណ ដែលចង់បាននំប៉័ងនៃជីវិតដែរ—ជនដែលមិនត្រឡប់ថយក្រោយ ប៉ុន្តែជាជនដែលបានមករកទ្រង់ នៅជាមួយនឹងទ្រង់ ហើយដែលស្គាល់ថា សម្រាប់សុវត្ថិភាព និង សេចក្ដីសង្គ្រោះ ពួកគេមិនអាចពឹងផ្អែកទៅលើនរណាផ្សេងទៀតបានឡើយ » ។2
ព្រះគម្ពីរបន្ថែម
ដកស្រង់ចេញពីព្រះគម្ពីរ
ព្រះយេស៊ូវគ្រីស្ទបានបង្រៀនដល់ហ្វូងមនុស្សច្រើនជាង 4,000 នាក់ ។ បីថ្ងៃក្រោយមក ទ្រង់បានមានបន្ទូលទៅពួកសិស្សរបស់ទ្រង់ថា ៖ « ខ្ញុំមានចិត្តក្ដួលអាណិតដល់មនុស្សទាំងអស់នេះណាស់ ពីព្រោះគេ… គ្មានអ្វីបរិភោគទេ ៖
« បើខ្ញុំឲ្យគេត្រឡប់ទៅផ្ទះវិញទាំងអត់ នោះគេនឹងហេវតាមផ្លូវ ត្បិតខ្លះបានមកពីឆ្ងាយណាស់ ។ …
« ពួកសិស្សទូលឆ្លើយថា នៅទីស្ងាត់នេះ តើនឹងរកនំប៉័ងពីណា ដើម្បីចំអែតដល់មនុស្សទាំងនេះបាន ?
« [ ព្រះយេស៊ូវ ] សួរគេថា អ្នករាល់គ្នាមាននំប៉័ងប៉ុន្មាន ? គេទូលឆ្លើយថា មានប្រាំពីរ » ។
រួចព្រះគ្រីស្ទ « យកនំប៉័ងប្រាំពីរនោះមក ក៏អរព្រះគុណ ហើយកាច់ប្រទានដល់ពួកសិស្ស ឲ្យលើកទៅជូនដល់ហ្វូងមនុស្ស …
« គេក៏លើកទៅមានត្រីតូចៗខ្លះដែរ កាលទ្រង់បានប្រទានពរហើយ នោះក៏បង្គាប់ឲ្យលើកយកទៅឲ្យគេ ។
« ហើយទាំងអស់គ្នាបានបរិភោគឆ្អែត រួចគេប្រមូលចំណិតដែលសល់នៅបានប្រាំពីរកំប្រោង » ។ ( សូមមើលម៉ាកុស 8:1–9 ) ។