យើងនិយាយអំពីព្រះគ្រីស្ទ
ថ្លើមថ្មចម្លាក់រូបស្ពៃ
អ្នកនិពន្ធរស់នៅក្នុងរដ្ឋ យូថាហ៍ ស.រ.អា. ។
កាលខ្ញុំបម្រើបេសកកម្មនៅប្រទេសតៃវ៉ាន ដៃគូខ្ញុំ និង ខ្ញុំបានចំណាយពេលបន្តិចបន្តួចនៅថ្ងៃការរៀបចំខ្លួនមួយ នៅឯសារមន្ទីរវិមានជាតិក្នុងទីក្រុងតៃប៉ិ ។ ការទាក់ទាញដ៏សំខាន់គឺជាបំណែកសិល្បៈមួយហៅថា ថ្លើមថ្មចម្លាក់រូបស្ពៃ ។ មានមនុស្សជាច្រើនបានស្ងប់ស្ងែងពីវត្ថុនោះ ប៉ុន្តែខ្ញុំមើលឃើញវាគ្រាន់តែជាថ្លើមថ្មមួយដែលគេបានឆ្លាក់ចេញជារូបស្ពៃប៉ុណ្ណោះ ។ វាពិតជាស្អាតណាស់ ប៉ុន្តែពិតណាស់ ប្រហែលជាអ្វីមួយដែលខ្ញុំគិតមិនឃើញហើយមើលទៅ ។
កាលយើងបានបញ្ចប់ការទស្សនានៅសារមន្ទីរនោះ ខ្ញុំបានសួរដៃគូខ្ញុំថា « តើឯងគិតថា ថ្លើមថ្មចម្លាក់រូបស្ពៃនោះយ៉ាងម៉េចដែរ ? »
« ខ្ញុំស្រឡាញ់វាខ្លាំងណាស់ ! »
« ហេតុអ្វី ? ខ្ញុំបានសួរ ។ « វាគ្រាន់តែជាថ្លើមថ្មចម្លាក់រូបស្ពៃមួយប៉ុណ្ណោះ » ។
« តើឯងនិយាយលេងទេឬ ? ថ្លើមថ្មចម្លាក់រូបស្ពៃនោះគឺជានិមិត្តរូបមួយសម្រាប់ជីវិតខ្ញុំ ! » នាងបន្លឺសំឡេងឡើង ។
« ថ្លើមថ្មចម្លាក់រូបស្ពៃនោះមែនទេ ? »
« មែនហើយ ! តើឯងមិនដឹងពីដំណើររឿងរបស់វាទេឬអី ? »
« ពិតជាមិនបានដឹងមែន ។ »
នាងបានប្រាប់ខ្ញុំពីដំណើររឿងនោះ ។ ហើយនាងនិយាយត្រូវណាស់ ។ វាបានក្លាយជានិមិត្តរូបសម្រាប់បេសកកម្ម និង ជីវិតរបស់ខ្ញុំ ។
ដើម្បីឲ្យចម្លាក់មួយមានតម្លៃបំផុត ថ្លើមថ្មនោះត្រូវតែមានពណ៌តែមួយ ។ ការឆ្លាក់ថ្លើមថ្មដ៏ល្អឥតខ្ចោះនោះ មានតម្លៃខ្ពស់ណាស់ ដោយសារវាជាថ្លើមថ្មដ៏ល្អឥតខ្ចោះដែលកម្ររកមាន ។ ថ្លើមថ្មចម្លាក់រូបស្ពៃនោះមានចុងពណ៌បៃតង ហើយមានគល់ពណ៌-ស ហើយវាមានស្នាមប្រេះ និងផ្នត់ជាច្រើន ។ គ្មានជាងឆ្លាក់យ៉ាងជំនាញណាម្នាក់ចង់ចំណាយពេលឆ្លាក់ថ្លើមថ្មនេះឡើយ រហូតដល់មានមនុស្សម្នាក់បានមកដែលជនជាតិចិនហៅថា ជាងឆ្លាក់ដ៏ឆ្នើមម្នាក់ ។
ប្រសិនបើថ្លើមថ្មនេះអាចនិយាយបាន ខ្ញុំអាចស្រមៃឃើញពីការសន្ទនាដែលវាមានជាមួយនឹងជាងឆ្លាក់ថ្មីនេះ ។ ខ្ញុំស្រមៃឃើញជាងឆ្លាក់នោះលើកដុំថ្លើមថ្មនេះឡើង ។
« តើលោកចង់បានអ្វី ? » ថ្លើមថ្មនោះបានសួរ ។
ជាងឆ្លាក់នោះតបថា « ខ្ញុំកំពុងសម្លឹងមើលថ្លើមថ្មដើម្បីឆ្លាក់ » ។
« អញ្ចឹងសូមរកដុំផ្សេងទៀតចុះ ។ ខ្ញុំគ្មានតម្លៃទេ ។ ខ្ញុំមានពណ៌ពីរប្រភេទផ្សេងគ្នា ដែលលោកមិនអាចញែកវាចេញពីគ្នាបានឡើយ ។ ខ្ញុំមានស្នាមប្រេះ និងផ្នត់ជាច្រើន ។ ខ្ញុំនឹងគ្មានតម្លៃអ្វីនោះទេ ។ កុំចំណាយពេលលោកអត់ប្រយោជន៍អី » ។
« អូ៎ ថ្លើមថ្មដ៏តូចអើយ ។ សូមទុកចិត្តយើងចុះ ។ យើងជាជាងឆ្លាក់ដ៏ឆ្នើម ។ យើងនឹងធ្វើឲ្យឯងមានភាពល្អឯក » ។
អ្វីដែលធ្វើឲ្យថ្លើមថ្មចម្លាក់រូបស្ពៃនោះមានភាពអស្ចារ្យគឺថា ជាងឆ្លាក់ដ៏ឆ្នើមដែលមិនស្គាល់ឈ្មោះនេះ បានប្រើចំណុចខ្សោយរបស់ថ្លើមថ្មនោះ— មានពីរពណ៌ ស្នាមប្រេះ និង ផ្នត់—ដើម្បីធ្វើជារូបស្ពៃដូចជារបស់ពិត ។ ផ្នែកពណ៌-សស្រអាប់នោះបានក្លាយទៅជាគល់ស្ពៃ ហើយស្នាមប្រេះ និងផ្នត់បានធ្វើឲ្យស្លឹកទាំងឡាយមានជីវិតរស់រវើក ។ ប្រសិនបើមិនដោយសារ « ភាពទន់ខ្សោយ » របស់ថ្លើមថ្មនោះទេ វាមិនអាចដូចជារបស់ពិតបានឡើយ ។
ដោយសារតែភាពស្រស់ស្អាតនៃវត្ថុនេះ វាបានក្លាយជាដង្វាយមួយថ្វាយដល់ព្រះមហាក្សត្រមួយអង្គរបស់ប្រទេសចិន ហើយបានដាក់តាំងលំអរតាមច្រកដើរនៃវិមានដ៏ស្រស់ស្អាតជាច្រើននៅអាស៊ីរហូតដល់ចុងក្រោយត្រូវបានគេមកតាំងនៅក្នុងសារមន្ទីរប្រទេសតៃវ៉ាន់ ។
វាបានរំឭកខ្ញុំពីអេធើរ 12:27 ៖ « បើសិនជាមនុស្សលោកមករកយើង នោះយើងនឹងបង្ហាញដល់ពួកគេនូវភាពទន់ខ្សោយរបស់ពួកគេ ។ … គុណរបស់យើងមានគ្រប់គ្រាន់សម្រាប់មនុស្សទាំងអស់ដែលបន្ទាបខ្លួននៅចំពោះយើង ត្បិតបើសិនជាពួកគេបន្ទាបខ្លួននៅចំពោះយើង ហើយមានសេចក្ដីជំនឿជឿដល់យើង លំដាប់នោះយើងនឹងធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែចំពោះពួកគេវិញ » ។
បន្ទាប់ពីខ្ញុំបានឃើញថ្លើមថ្មចម្លាក់រូបស្ពៃនោះមក បទគម្ពីរនេះបានចាប់ផ្ដើមមានអត្ថន័យថ្មី ។ យើងប្រៀបដូចជាដុំថ្លើមថ្មនេះដែរ ប៉ុន្តែខុសគ្នាត្រង់យើងកំពុងស្ថិតនៅក្នុងដំណើរការនៃការឆ្លាក់ ។ យើងត្រូវទុកចិត្តលើជាងឆ្លាក់ដ៏ឆ្នើមម្នាក់ គឺព្រះយេស៊ូវគ្រីស្ទ ដែលនឹងធ្វើឲ្យភាពទន់ខ្សោយរបស់យើងបានខ្លាំងពូកែ ។ ក្នុងទស្សនៈមិនល្អឥតខ្ចោះរបស់យើង ពេលខ្លះ យើងផ្ដោតទៅលើភាពមិនល្អឥតខ្ចោះរបស់យើង រួចហើយកើតក្ដីអស់សង្ឃឹម ដោយសារយើងគិតថា យើងនឹងគ្មានថ្ងៃបានសក្ដិសមឡើយ ។ ប៉ុន្តែព្រះអង្គសង្គ្រោះរបស់យើង ព្រះយេស៊ូវគ្រីស្ទ ទតឃើញពីសក្តានុពលរបស់យើង ។ កាលយើងអនុញ្ញាតឲ្យដង្វាយធួនទ្រង់មាន ចលនានៅក្នុងជីវិតរបស់យើង នោះទ្រង់នឹងធ្វើឲ្យយើងបានល្អឯក ជាអ្នកដែលនឹងរស់នៅជាមួយនឹងស្ដេចនៃអស់ទាំងស្ដេចនៅថ្ងៃណាមួយ ។