នៅលើផ្ទៃទឹក
អ្នកនិពន្ធរស់នៅក្នុងរដ្ឋ យូថាហ៍ ស.រ.អា. ។
ខ្ញុំបានធ្លាប់ទូលអង្វរព្រះវរបិតាសួគ៌ឲ្យដកយកការព្រួយបារម្ភ និង ភាពអស់សង្ឃឹមចេញពីខ្ញុំ ប៉ុន្តែបើគ្មានការសាកល្បងទាំងនេះទេ ខ្ញុំមិនអាចទៅដល់ « ដែនដីសន្យា » ដែលទ្រង់កំពុងតែដឹកនាំខ្ញុំទៅឡើយ ។
ប្រហែលជាប្រាំមួយខែបន្ទាប់ពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ ខ្ញុំបានចាបផ្តើមជួបនឹងការវាយប្រហារដ៏ខ្លាំងក្លា ការប្រយុទ្ធនឹងក្ដីព្រួយ និង រលកនៃការថប់បារម្ភ ។ ខ្ញុំមិនដឹងថាអារម្មណ៍ទាំងនេះមកពីណាទេ ប៉ុន្តែវាមានកម្លាំងខ្លាំងណាស់ក្លា ។
ខ្ញុំពិបាកនឹងផ្ដោតអារម្មណ៍ណាស់ ។ នៅកន្លែងធ្វើការ មានការងារថ្មីៗដែលនាំមកនូវការព្រួយបារម្ភបែបនេះ ធ្វើឲ្យខ្ញុំមិនអាចអង្គុយស្ងៀមបានឡើយ ។ គំនិតខ្ញុំមានភាពច្របូលច្របល់ ហើយបេះដូងខ្ញុំលោតយ៉ាងលឿនរហូតខ្ញុំបានគិតថា វានឹងលោតចេញមកក្រៅ ។ បញ្ហានេះបានបន្តអស់រយៈពេលជាច្រើនថ្ងៃ ហើយបន្ទាប់ពីត្រឡប់ពីកន្លែងធ្វើការមកផ្ទះវិញរាល់ថ្ងៃ ខ្ញុំបានទម្លាក់ខ្លួនចុះទៅលើសាឡុង ។ ពីមុនខ្ញុំបានដឹងខ្លួន ពេលល្ងាចបានកន្លងផុតទៅ ហើយថ្ងៃធ្វើការមួយទៀតបានមកដល់ ។
អារម្មណ៍ទាំងនេះបានបន្តអស់រយៈពេលជាច្រើនខែ សូម្បីតែបន្ទាប់ពីខ្ញុំរកបានការងារថ្មីមួយ ហើយរកជំនួយពីអ្នកឯកទេសក្ដី ។
ខ្ញុំបានអធិស្ឋាននៅរាល់ថ្ងៃតាមផ្លូវទៅធ្វើការទូលសូមកម្លាំងដើម្បីឆ្លងឲ្យផុតថ្ងៃនោះ ហើយត្រឡប់មកផ្ទះជួបនឹងភរិយា និង កូនស្រីខ្ញុំវិញ ។ ខ្ញុំមិនអាចមើលឃើញពីចុងបញ្ចប់ចំពោះបញ្ហារបស់ខ្ញុំឡើយ ហើយជារឿយៗខ្ញុំចង់ចុះចាញ់នឹងវា ។ ខ្ញុំបានទូលអង្វរទៅសួគ៌ាជាច្រើនថ្ងៃដើម្បីទូលសូមជំនួយទាំងទឹកភ្នែក ។ ខ្ញុំបានអធិស្ឋានដោយស្មោះជាងខ្ញុំធ្លាប់ធ្វើកាលពីមុនមក ដោយទូលអង្វរដល់ព្រះវរបិតាសួគ៌ឲ្យជួយខ្ញុំយល់ពីការសាកល្បងនេះ ហើយដកយកវាចេញពីខ្ញុំ ។
ខ្ញុំមានអារម្មណ៍ថាវង្វេងនៅក្នុងភាពងងឹត និង ភាពអស់សង្ឃឹម កាលខ្ញុំគ្មានអារម្មណ៍ពីព្រះវិញ្ញាណ ។ ប៉ុន្តែកាលព្រះវិញ្ញាណបានលើកខ្ញុំចេញពីភាពអស់សង្ឃឹមរបស់ខ្ញុំ ខ្ញុំបានមានទំនុកចិត្តដើម្បីបន្ត—រហូតដល់ការអធិស្ឋានរបស់ខ្ញុំលើកក្រោយទៀត ។ ខ្ញុំបានចាប់ផ្ដើមពឹងផ្អែកលើព្រះវរបិតាសួគ៌បន្ថែមទៀតលើសពីការគ្រាន់តែអធិស្ឋាននៅពេលហូបអាហារ ឬពេលចូលដេកនៅយប់ឡើយ ។ ជាលទ្ធផល ខ្ញុំកាន់តែខិតទៅជិតទ្រង់ ។
បានបោកបក់នៅលើរលក
នៅក្នុងភាពព្រួយបារម្ភ និង ភាពអស់សង្ឃឹមរបស់ខ្ញុំ ខ្ញុំបានអានឡើងវិញនូវដំណើររឿងរបស់សាសន៍យ៉ារេឌឆ្លងកាត់ « ទីជំរៅដ៏ធំ » ( អេធើរ 2:25 ) ។ ខ្ញុំអាចស្រមៃឃើញពីការដឹងជាមុនដ៏គួរឲ្យបារម្ភរបស់ពួកគេ កាលពួកគេចូលទៅក្នុងភេត្រារបស់ពួកគេ ។ ដំណើររបស់ពួកគេអាចនឹងមានគ្រោះថ្នាក់ ប៉ុន្តែពួកគេបានដឹងថា ពួកគេកំពុងឆ្ពោះទៅ « ដែនដីដ៏ជំរើសលើអស់ទាំងដែនដីឯទៀត » ( អេធើរ 2:15 ) ។
យើងបានអានពីដំណើររបស់ពួកគេថា ៖
« ព្រះអម្ចាស់ទ្រង់បានធ្វើឲ្យមានខ្យល់ដ៏ខ្លាំងមួយបក់នៅលើផ្ទៃសមុទ្រឆ្ពោះទៅឯដែនដីសន្យា ម៉្លោះហើយ ពួកគេត្រូវបក់បោកដោយខ្យល់នៅលើរលកសមុទ្រ ។
« ហើយហេតុការណ៍បានកើតឡើងថា ពួកគេត្រូវបានកប់នៅក្នុងជំរៅសមុទ្រជាច្រើនគ្រាច្រើនដង ពីព្រោះមកពីរលកទាំងឡាយដូចជាភ្នំដែលបានបោកមកលើពួកគេ ព្រមទាំងព្យុះដ៏ធំគួរឲ្យខ្លាចដែលបណ្ដាលមកពីសភាពខ្លាំងក្លានៃខ្យល់ ។
«… កាលពួកគេហ៊ុមព័ទ្ធជុំវិញដោយទឹកជាច្រើន នោះពួកគេបានអំពាវនាវទៅព្រះអម្ចាស់ ហើយបាននាំយកពួកគេឡើងមកលើទឹកវិញ ។
« ហើយហេតុការណ៍បានកើតឡើងថា ខ្យល់បក់មិនឈប់ឈរឆ្ពោះទៅដែនដីសន្យានៅពេលដែលពួកគេនៅលើទឹក ម៉្លោះហើយ ពួកគេត្រូវបានរុញទៅដោយខ្យល់ » ( អេធើរ 6:5–8 ) ។
បទគម្ពីរទាំងនេះបានធ្វើឲ្យខ្ញុំចូលចិត្តជាខ្លាំង ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំស្ថិតនៅក្នុងភេត្រារបស់ខ្ញុំ ដោយមានខ្យល់នៃភាពព្រួយបារម្ភបក់បោកមកលើខ្ញុំ ហើយរលកនៃភាពអស់សង្ឃឹមកំពុងតែគ្របដណ្ដប់ខ្ញុំ ហើយពន្លិចខ្ញុំចូលទៅក្នុងជម្រៅនៃភាពអស់សង្ឃឹម ។ កាលខ្ញុំត្រូវបាន « ហ៊ុមព័ទ្ធជុំវិញ » ហើយបានដង្ហោយហៅព្រះអម្ចាស់ នោះខ្ញុំបានរួចផុតពីបញ្ហា ប៉ុន្តែក្រោយមកត្រូវបានជួបវាម្ដងទៀត ។
ខ្ញុំបានអានខទី 8 សារជាថ្មី ៖ « ខ្យល់បក់មិនឈប់ឈរឆ្ពោះទៅដែនដីសន្យា … ម៉្លោះហើយ ពួកគេត្រូវបានរុញទៅដោយខ្យល់ » ( ការគូសបញ្ជាក់បានបន្ថែម ) ។ បន្ទាប់មកវាបានប៉ះដល់ចិត្តខ្ញុំ ។ ខ្យល់ដែលធ្វើឲ្យមានរលកដ៏ធំមកពន្លិចភេត្រានោះក៏ប្រទានពរដល់សាសន៍យ៉ារេឌនៅក្នុងការធ្វើដំណើររបស់ពួកគេដែរ ។ ខ្ញុំបានធ្លាប់ទូលអង្វរព្រះវរបិតាសួគ៌ដោយធ្វើឲ្យខ្យល់ និង រលកនោះស្ងប់ប៉ុន្តែបើគ្មានវាទេ ខ្ញុំមិនអាចទៅដល់ « ដែនដីសន្យា » ដែលទ្រង់កំពុងតែដឹកនាំខ្ញុំទៅឡើយ ។
បទគម្ពីរទាំងនេះបានផ្លាស់ប្ដូរទស្សនៈរបស់ខ្ញុំអំពីជីវិត ។ ភាពព្រួយបារម្ភ និងភាពអស់សង្ឃឹមរបស់ខ្ញុំបានបង្កើតការពឹងផ្អែករបស់ខ្ញុំទៅលើព្រះវរបិតាសួគ៌ ។ បើគ្មានខ្យល់ និង រលកទេនោះ ខ្ញុំនឹងមិនបានស្គាល់ព្រះដូចជាពេលនេះឡើយ—ហើយសាសន៍យ៉ារេឌក៏មិនបានទៅដល់ដែនដីសន្យាដែរ ។
ក្នុងខណៈពេលនេះ ក្រោយពីបទពិសោធន៍នោះបានពីរបីឆ្នាំមក ខ្យល់នៃភាពព្រួយបារម្ភរបស់ខ្ញុំលែងបក់បោក ហើយរលកនៃភាពអស់សង្ឃឹមរបស់ខ្ញុំបានឈប់បោកពន្លិចខ្ញុំទៀតហើយ ។ ប៉ុន្តែប្រសិនបើខ្យល់ព្យុះនោះត្រឡប់មកវិញ ខ្ញុំនឹងអំពាវនាវទៅរកព្រះអម្ចាស់ ហើយថ្លែងអំណរគុណ ដោយដឹងថាសមុទ្រដ៏ស្ងប់មិនអាចនាំភេត្រាទៅកាន់ដែនដីសន្យាបានឡើយ—មានតែសមុទ្រដែលមានខ្យល់បក់បោកប៉ុណ្ណោះ ។