២០១៤
ការ​ឈរការពារ​អ្វី​ដែល​យើង​ជឿ
October 2014


ការ​ឈរការពារ​អ្វីដែល​យើង​ជឿ

យើង​រស់​នៅ​ក្នុង​ពិភពលោក​មួយដែល​មាន​មនុស្ស​ជាច្រើន​មើល​ឃើញ​រឿង​អាក្រក់​ថា​ជា​រឿង​ល្អ ហើយ​រឿង​ល្អ​ថា​ជា​រឿង​អាក្រក់ ហេតុដូច្នេះ​ហើយ​យើង​ត្រូវ​តែ​ឈរ​ការពារ​រឿង​ល្អ ។ ទីបន្ទាល់ខាងក្រោម​នេះគឺ​មក​ពី​ពួក​មជ្ឈិមវ័យ​វ័យ​ក្មេង​ដែល​បាន​ឈរ​ការពារ​អ្វីដែល​ពួកគេជឿ ។ ពួកគេ​មិន​បាន​ឈ្លោះប្រកែក ឬ​បញ្ចេញប្រតិកម្ម​ដោយ​កំហឹង ឬទង្វើ​អសប្បុរសធម៌ឡើយ ។ ពួកគេ​បាន​បង្ហាញ « ទាំង​ភាពក្លាហាន និង សុភាវធម៌ »1 ហើយ​ជា​លទ្ធផល ពួកគេ​បាន​ពង្រឹង​ដល់​អ្នកដទៃ​ទៀត ( សូម​មើល នីហ្វៃទី 3 12:44–45 ) ។

ប្អូនប្រុស​ខ្ញុំ​បាន​បដិសេធ​មិន​ផឹក​ស្រា​ស៊ាំប៉ាញ

Amber liquid in three of 4 wine glasses.  All four glasses have red roses in them.

នៅ​ប្រទេស​បារាំង ការ​បម្រើ​ទ័ព​គឺ​ជា​កាតព្វកិច្ច​ចាំបាច់មួយ ។ ប្អូន​ប្រុស​ខ្ញុំ​អាយុ 20 ឆ្នាំ ឈ្មោះ ឡូអ៊ីក បាន​សម្រេច​ចិត្ត​ទៅ​សាលារៀន​មន្ត្រី​បម្រុង​ដើម្បី​ក្លាយ​ជា​អនុសេនី​មួយរូប ។ នៅ​ពេល​គាត់​បាន​បញ្ចប់​ពី​សាលា​នោះ មាន​នូវ​ពិធី​សច្ចា​ប្រណិធាន​មួយ​សម្រាប់​មន្ត្រី​ថ្មី ។ ពួកគេ​ម្នាក់ៗ​បាន​ផ្លាស់គ្នា​សូត្រ​ពាក្យ​ស្លោក​នៃ​កងវរសេនា​ធំ ។ រួច​ពួកគេ​ត្រូវ​ផឹក​ស្រា​ស៊ាំប៉ាញ​មួយ​កែវ​ដែល​មាន​ដាក់​ផ្កាកូលាប—ក្នុង​នោះ ។ ទំនៀមទម្លាប់​នេះ​បាន​ដោយផ្ដើម​ជាមួយ​នឹង​ណាប៉ូឡេអុង បូណាប៉ាត ហើយ​ចាប់​តាំង​ពីពេល​នោះ​មក​គ្មាន​មន្ត្រី​ណា​ម្នាក់​បដិសេធ​មិន​ចូលរួម​ឡើយ ។

ឡូអ៊ីក បាន​ប្រាប់​ទៅ​វរសេនីយ៍ឯក​នោះ​ថា គោលការណ៍​សាសនា​របស់​គាត់​មិន​អនុញ្ញាត​ឲ្យ​គាត់​ផឹក​គ្រឿង​ស្រវឹង​ទេ ។ ភាពស្ងប់ស្ងាត់​មួយ​ខុស​ពី​ធម្មតា​បាន​កើត​ឡើង​បន្ទាប់ពី​សំណើរ​របស់​ឡូអ៊ីក​ឲ្យ​មាន​ការ​លើកលែង ។ វរសេនីយ៍ឯក​នោះ​បាន​ក្រោក​ឈរឡើង ។ ជាជាង​ការ​បង្ខំ​ឡូអ៊ីក​ឲ្យ​ផឹកស្រា​ស៊ាំប៉ាញ​នោះ គាត់​បាន​អបអរ​ដល់​ឡូអ៊ីក​ដែល​បាន​រក្សា​គោលការណ៍​របស់​ខ្លួន​ទោះ​ជា​មាន​ការ​ដាក់​សម្ពាធ​ក្ដី ដោយ​ថ្លែង​ថា គាត់​មាន​មោទនភាព​ដើម្បី​ស្វាគមន៍​បុរស​ដ៏​មាន​សេចក្ដី​ទៀងត្រង់​ម្នាក់​នេះ​ចូល​ទៅ​ក្នុង​កងវរសេនា​ធំ​របស់​គាត់ ។ ពួកគេ​បាន​ប្ដូរ​ស្រា​ស៊ាំប៉ាញ ហើយ​ឡូអ៊ីក​បាន​ចូលរួម​នៅ​ក្នុង​ពិធី​សច្ចាប្រណិធាន​នោះ ។

ព្យែរ អង់ធីយ៉ាន ប្រទេស​បារាំង

ខ្ញុំ​ត្រូវ​បាន​អញ្ជើញ​ទៅ​ពិធី​ជប់លៀង​មួយ​ដ៏​រញ៉េរញ៉ៃ

Asian woman sitting at a desk looking very sad and emotional.  She looks like she is ready to cry.

បន្ទាប់ពី​បញ្ចប់​មហា​វិទ្យាល័យ បងស្រី​ខ្ញុំ​ឈ្មោះ ហ្គ្រេស និង ខ្ញុំបាន​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​មួយ​ដែល​មាន​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ពីរបី​នាក់​ផ្សេង​ទៀត ។ និយោជក​របស់​យើង​ពុំ​មែន​ជា​សមាជិក​សាសនាចក្រ​ទេ ។ នៅ​ពេល​បងស្រី​បាន​ភ្ជាប់ពាក្យ និយោជក​របស់​យើង​បាន​រៀបចំ​ពិធី​ជប់លៀង​សម្រាប់​កូនក្រមុំ​មួយ​ដ៏ភ្ញាក់ផ្អើល​ឲ្យ​គាត់ ។ ខ្ញុំ​បាន​សង្ឃឹម​ថា គាត់នឹង​គោរព​ដល់​បទដ្ឋាន​របស់​យើង ប៉ុន្តែ​ផ្ទុយទៅ​វិញ​គាត់​បញ្ជា​ទិញ​គ្រឿង​ស្រវឹង អ្នក​រាំ​ប្រុស​ម្នាក់ និង វីដេអូ​អាស្រូវ ។

ពីមុន​ពិធី​ជប់លៀង​សម្រាប់​កូន​ក្រមុំ​នោះ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ខ្សឹប​ប្រាប់ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ក្នុង​ខ្លួន ដោយ​លើក​ទឹកចិត្ត​ខ្ញុំ​ឲ្យ​រំឭក​ដល់​មេ​របស់ខ្ញុំ​ពី​បទដ្ឋាន​របស់​យើង ។ ខ្ញុំ​បាន​យក​មេដាយ​យុវនារី​របស់​ខ្ញុំ ហើយ​បាន​គិត​ពី​រាល់​កិច្ចខិតខំ និង ការលះបង់​ដែល​ខ្ញុំ​បាន​ធ្វើ​ កាល​ខ្ញុំ​នៅ​ជា​វ័យ​ជំទង់​ដើម្បី​បំពេញ​ការអភិវឌ្ឍន៍​ខ្លួន​របស់​ក្រុម​យុវនារី​របស់​ខ្ញុំ ។ ខ្ញុំ​បាន​អធិស្ឋាន​ថា ខ្ញុំ​នឹង​ទទួល​បាន​ការ​ដឹកនាំ​ឲ្យ​ឈរ​យ៉ាង​រឹង​មាំ​នៅ​ពេលនេះ ។ ខ្ញុំ​បាន​ផ្ញើសារ​ទៅ​និយោជក​នោះ​ពី​កង្វល់​របស់​ខ្ញុំ ដោយ​គិត​ថាគាត់នឹង​មាន​ការ​អាក់អន់ចិត្ត ។ ប៉ុន្តែ​បំណង​ប្រាថ្នា​ដ៏​ធំ​បំផុត​របស់​ខ្ញុំ​គឺ​ធ្វើ​ឲ្យ​ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​រីករាយ ។

នៅ​ពេល​ពិធី​ជប់លៀង​នោះ​បាន​ចាប់ផ្ដើម ចៅហ្វាយ​ខ្ញុំ​មិន​បាន​និយាយ ឬ ញញឹម​រក​ខ្ញុំ​ទេ ។ ប៉ុន្តែ​គាត់​បាន​លុបចោល​កម្មវិធី​អ្នក​រាំ និង វីដេអូ ។

បន្ទាប់ពី​ពិធី​ជប់លៀង​នោះ​មក​ជាច្រើន​ថ្ងៃ ចៅហ្វាយ​ខ្ញុំ​មិន​បាន​និយាយ និង​សើច​រក​ខ្ញុំ​ដូច​ដែល​គាត់​ធ្លាប់​មាន​កាល​ពី​មុន​ពិធី​ជប់លៀង​នោះ​ឡើយ ។ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ស្រណុក​ក្នុង​ចិត្ត ដោយ​សារ​ខ្ញុំ​បាន​ដឹង​ថា ព្រះ​មាន​ព្រះទ័យ​រីករាយ​នឹង​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ ។ ប្រមាណ​ជា​មួយ​សប្ដាហ៍​ក្រោយ​មក ទំនាក់ទំនង​របស់​ខ្ញុំ​នឹង​ចៅហ្វាយ​ខ្ញុំបាន​ត្រឡប់​មក​ដូចជា​ធម្មតា​វិញ ។ ខ្ញុំ​ដឹង​ថា ព្រះ​បាន​បន្ទន់​ចិត្ត​គាត់ ហើយ​បាន​ជួយ​គាត់​ឲ្យ​ដឹង​ថា ខ្ញុំ​បាន​រស់​នៅ​តាម​អ្វី​ដែល​ខ្ញុំ​ជឿ ។

ឡេមី ឡាប៊ីតាក់ កាហ្គាយ៉ាន វ៉ាលី ប្រទេស​ហ្វីលីពីន

ខ្ញុំ​បាន​ឮ​ពាក្យ​សម្ដី​ជេរ​ប្រមាថ​នៅ​ក្នុង​ថ្នាក់

High school sewing class full of young women.

កាល​ខ្ញុំ​អាយុ​ប្រហែល​ជា 18 ឆ្នាំ ខ្ញុំ​បាន​ចូល​រៀន​ក្នុង​ថ្នាក់​ដេរ​ប៉ាក់​មួយ ។ នៅថ្ងៃ​មួយ​មាន​ក្មេងស្រី​បីនាក់នៅ​ចម្ងាយ​ពី​ខ្ញុំ​ពីរ​ទៅ​បី​ម៉ែត្រ​បាន​ចាប់ផ្ដើម​ប្រើ​ពាក្យ​សម្ដី​ជេរ​ប្រមាថ ។ ខ្ញុំ​មិន​ដឹងថា​ខ្ញុំ​គួរ​តែ​កុំ​អើរពើរ​នឹង​ពួកគេ​ដើម្បី​កុំ​ឲ្យ​មាន​ការ​ឈ្លោះប្រកែក​គ្នា ឬ​ខ្ញុំគួរ​តែ​ឈរ​ការពារ​បទដ្ឋាន​របស់​ខ្ញុំ ហើយ​សុំ​ឲ្យ​ពួកគេ​ឈប់​និយាយ​ពាក្យ​ទាំងនោះ ។ នៅ​ទីបំផុត ខ្ញុំ​បាន​និយាយ​ពាក្យ​ល្អៗ​តាម​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ថា « អត់ទោស សូម​អ្នក​ទាំងអស់​គ្នា​មេត្តា​ប្រើ​ពាក្យ​សម្ដី​ឲ្យ​សមរម្យ​បាន​ទេ ?

ក្មេង​ស្រី​ដែល​ធំ​ជាង​គេ​បាន​មើល​មុខ​ខ្ញុំ ហើយ​តប​ថា « យើង​និយាយ​អ្វី​ស្រេច​តែ​យើង » ។

ខ្ញុំ​ក៏តប​ថា « តែ​ឯង​ត្រូវ​តែ​ប្រើ​ពាក្យ​ជេរ​ដោយ​ខាន​មិន​បានឬ ? វា​រំខាន​ដល់ចិត្ត​ខ្ញុំ​ណាស់ » ។

នាង​តប​ថា « អញ្ចឹង​កុំ​ស្ដាប់​អី » ។

ខ្ញុំ​បាន​ចាប់ផ្ដើម​រកាំ​ចិត្ត ហើយ​តបថា « មិន​ឲ្យ​ខ្ញុំ​ស្ដាប់​យ៉ាងម៉េច​បាន​ បើ​ឯង​និយាយ​ឮៗ​បែប​នេះ » ។

នាង​តប​ថា « អញ្ចឹង​ទ្រាំទៅ » ។

ខ្ញុំ​បាន​ចុះចាញ់ ។ ខ្ញុំ​បាន​ខឹងនឹង​ក្មេងស្រី​ទាំងនោះ ជាពិសេស​គឺ​ខឹង​នឹង​ខ្លួនឯង ។ ខ្ញុំ​មិន​ចង់​ជឿ​ថា ខ្ញុំនិយាយ​ចាញ់គេសោះ ។ ក្មេងស្រី​ទាំងនោះ​នៅ​តែ​បន្ត​ប្រើ​ពាក្យ​ជេរ​ប្រមាថ ហើយ​នៅពេល​នេះ​យើង​ទាំងអស់​គ្នា​ចាប់​ផ្ដើម​ខឹង ។

បន្ទាប់ពី​ខ្ញុំ​បាន​ស្ងប់ចិត្ត ខ្ញុំ​បាន​ឃើញ​ថា ក្មេងស្រី​ទាំងនោះ​កំពុង​មាន​បញ្ហា​ជាមួយ​នឹង​ម៉ាស៊ីន​ដេរ​របស់​ពួកគេ ។ ខ្ញុំ​បាន​ដឹង​ថាវា​ខូចអ្វី ដោយ​សារ​ខ្ញុំ​ធ្លាប់មាន​បញ្ហា​ដូចគ្នា​កាលពី​មុន ។ ដូច្នេះ​ខ្ញុំ​បាន​បង្ហាញ​ពួកគេ​ពី​របៀប​ជួសជុល​វា ។ ខ្ញុំ​បាន​ឃើញ​ទឹកមុខ​របស់​ក្មេង​ស្រីដែល​ធំ​ជាងគេ​បាន​ផ្លាស់ប្ដូរ ។ នាង​និយាយ​ថា « នែ ! ឲ្យ​ពួកយើង​សុំទោស » ។ ខ្ញុំ​មិន​ចង់​ជឿទេ—នាង​បាន​សុំទោស ។ ខ្ញុំ​បាន​ប្រាប់នាង​ថា « ខ្ញុំ​ក៏​សុំទោស​ដែរ » ។ « ខ្ញុំ​មិន​គួរ​ខឹង​បែបនោះ​ទេ » ។

ខ្ញុំ​បាន​ដើរ​ត្រឡប់​ទៅ​ម៉ាស៊ីន​ដេរ​របស់​ខ្ញុំ​វិញ ហើយ​មិន​បាន​ឮ​ពាក្យ​ជេរ​ប្រមាថ​ទៀត​ឡើយ ។ បទពិសោធន៍​នោះ​បាន​បង្រៀន​ខ្ញុំ​ថា ពាក្យ​សម្ដី​យើង​ប្រហែល​ជាមិន​អាច​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​អ្នកដទៃ​បាន​ឡើយ ប៉ុន្តែ​សេចក្ដី​សប្បុរស និង ការ​បម្រើ​ជារឿយៗ​អាច​ធ្វើ​ឲ្យ​វា​កើត​ឡើង​បាន ។

ឃេធី ផែក រដ្ឋ​យូថាហ៍ ស.រ.អា.

ខ្ញុំ​បាន​ការពារ​ការបម្រើ​បេសកកម្ម​

ខ្ញុំ​បាន​ចូល​ក្នុង​សាសនាចក្រ​កាល​ខ្ញុំ​អាយុ 19 ឆ្នាំ ខ្ញុំ​ជា​កូនប្រុស​ទីពីរ​ក្នុង​ចំណោម​កូន​ប្រុស​បី​នាក់ ហើយ​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោ​យ​តែ​ម្នាក់​គត់​ក្នុង​គ្រួសារ​ខ្ញុំ ។ ក្រោយ​ពី​បុណ្យ​ជ្រមុជ​ទឹក​មិន​យូរប៉ុន្មាន ខ្ញុំ​បាន​ចាប់ផ្ដើម​មាន​អារម្មណ៍ពី​បំណងប្រាថ្នា​ដើម្បី​បម្រើ​បេសកកម្ម ។ មួយ​ឆ្នាំ​ក្រោយ​មក ព្រះវិញ្ញាណ​មាន​បន្ទូល​ប្រាប់ខ្ញុំ​ថា ខ្ញុំ​គួរតែទៅ ។ ខ្ញុំ​បាន​និយាយ​នឹង​ម្ដាយ​ខ្ញុំ ដែល​គាត់​មាន​អារម្មណ៍​ថា​ខ្ញុំ​មិន​គួរទៅទេ ។ ខ្ញុំបាន​ពន្យារ​ពេល​មួយ​ឆ្នាំ​ទៀត ប៉ុន្តែ​បំណង​ប្រាថ្នា​បម្រើ​បេសកកម្ម​មិន​ដែល​រសាយ​ចេញពីចិត្ត​ខ្ញុំ​ឡើយ ។ ​នៅ​ឆ្នាំ​នោះ ខ្ញុំ​បាន​សិក្សា​ព្រះគម្ពីរ សន្សំ​ប្រាក់ រៀបចំ​ឯកសារ ធ្វើការ​ពិនិត្យ​សុខភាព ហើយ—បន្ទាប់​ពី​អ្វីៗ​គ្រប់​យ៉ាង​បាន​ធ្វើ​អស់ហើយ—ខ្ញុំ​បាន​រង់​ចាំព្រះអម្ចាស់ ។ មិន​យូរប៉ុន្មាន ខ្ញុំ​បាន​ទទួល​ការហៅមួយ​ឲ្យ​បម្រើ​នៅ​បេសកកម្ម​កំពីណាស់ ប្រទេស​ប្រេស៊ីល ។

ឪពុក​ម្ដាយ​ខ្ញុំ​នៅតែ​ជំទាស់ ។ ខ្ញុំ​បាន​តមអាហារ ហើយ​បាន​អធិស្ឋាន​ដោយ​ឥត​លាក់លាម ដោយ​ប្រាប់​ទៅ​ព្រះវរបិតាសួគ៌​នូវ​រាល់​ការ​ភ័យខ្លាច​របស់​ខ្ញុំ ។ ខ្ញុំ​បាន​សូម​ទ្រង់​ឲ្យ​បន្ទន់ចិត្ត​ឪពុក​របស់​ខ្ញុំ ។ ទ្រង់​បាន​ធ្វើ​មែន ។ គួរ​ឲ្យ​ភ្ញាក់ផ្អើល ឪពុក​ខ្ញុំ​បាន​ចូលរួម​ក្នុង​ពិធី​ជប់លៀង​លា​គ្នា​ដែល​មិត្តខ្ញុំ​បាន​រៀបចំ​សម្រាប់​ខ្ញុំ​នៅថ្ងៃ​សៅរ៍​ពី​មុន​ខ្ញុំ​ចាកចេញ​ទៅ ។ ហើយ​នៅថ្ងៃ​ច័ន្ទ ឪពុក​ខ្ញុំ​បាន​ជូន​ខ្ញុំ​ទៅ​អាកាសយានដ្ឋាន ។

នៅ​ក្នុង​បេសកកម្ម​របស់​ខ្ញុំ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ កាល​ខ្ញុំ​បាន​ប្រកាស​ពី​ដំណឹង​ល្អ ។ ម្ដាយ​ខ្ញុំ​នៅ​តែ​បន្ត​ធ្វើ​ម្ដាយ​ដ៏​ល្អ ហើយ​កាល​ខ្ញុំ​បាន​ត្រឡប់​មក​ផ្ទះ​វិញ គាត់​គឺ​ជា​មនុស្ស​ដំបូងគេ​ដែល​បាន​ឱប​ខ្ញុំ ។

ខ្ញុំបាន​រៀនថា ការ​បម្រើ​បេសកកម្ម​គឺ​មានតម្លៃលើស​ពី​កាតព្វ​កិច្ច​មួយ​ទៅ​ទៀត វា​គឺ​ជា​ឯកសិទ្ធិ និង ជាគ្រា​ដ៏​អស្ចារ្យ​មួយ​នៃ​ការ​រីកចម្រើន និង ការរៀន​សូត្រ ។

ក្លេសុង វែលីងតុន អាម៉ូរីម ប្រ៊ីតូ ប៉ារ៉ៃបា ប្រទេស​ប្រេស៊ីល

ខ្ញុំ​បាន​ថ្លែង​ទីបន្ទាល់​ពី​ព្រះ

High school classroom. Oriental students

ក្នុងនាម​ជា​និស្សិត​ថ្មី​ម្នាក់​នៅ​ក្នុង​សាកលវិទ្យាល័យ​ដ៏​ល្អ​បំផុត​របស់​ប្រទេស​យើង ខ្ញុំទទួល​នូវសម្ពាធ​ដើម្បី​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​របស់​ខ្ញុំ ។ ការបៀតបៀន​បាន​កើត​ឡើង ហើយ​ខ្ញុំ​បាន​ចាប់ផ្ដើម​សួរ​ពីជំនឿ​របស់​ខ្ញុំ​លើ​ដំណឹង​ល្អ កាល​សាស្ត្រាចារ្យ​របស់ខ្ញុំ​ជា​ច្រើន​បាន​ពន្យល់ពី​អ្វី​ដែល​ពួកគាត់​ហៅ​ថា « ជីវិតពិត » ។ មិត្តរួម​ថ្នាក់​ខ្ញុំ​ជាច្រើន​ឲ្យ​តម្លៃថា​វា​អស្ចារ្យ ។ បរិយាកាស​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ក្នុងការ​ប្រកាន់ខ្ជាប់​នូវ​គុណតម្លៃ​ជា​គ្រីស្ទាន ។ ខ្ញុំ​បាន​គិត​ពីការឈប់ ប៉ុន្តែ​ខ្ញុំបាន​សម្រេចចិត្ត​ថា​វា​ជាការ​ប្រសើរ​ដើម្បី​បន្ត​រស់នៅ​តាម​គុណតម្លៃ​នោះ ។ ហើយ​ខ្ញុំ​សួរ​ខ្លួនឯង​ថា ប្រសិនបើ​មាន​តែ​មនុស្ស​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​មានលក្ខណៈសម្បត្តិ​ចូល​មក​ក្នុង​សាកលវិទ្យាល័យ​នេះ ហើយ​ក្នុង​ចំណោម​មនុស្ស​ប៉ុន្មាន​នាក់​នោះ​មាន​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​តែ​ពីរបី​នាក់​ប៉ុណ្ណោះ ដូច្នេះ​ខ្ញុំ​គួរ​បន្ត ហើយ​ឈរការពារ​សេចក្ដី​ពិត ។

សាស្ត្រចារ្យ​ផ្នែក​ជីវវិទ្យា​របស់ខ្ញុំ ជា​អ្នក​ដែល​មិន​ជឿ​លើព្រះ បាន​បង្រៀន​ពី​វិទ្យាសាស្ត្រ​ដោយ​គ្មាន​ជំនឿ​ណា​មួយ​ទៅ​លើ​ព្រះឡើយ ។ ប៉ុន្តែ​កាល​ខ្ញុំ​ស្ដាប់​កាន់តែ​ច្រើន វា​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា​មាន​ព្រះ​ដ៏​ខ្ពស់​បំផុត​មួយ​អង្គ—ជា​ព្រះវរបិតា​យើង—ដែល​បាន​បង្កើត​វត្ថុ​សព្វសារពើ ។ អ្នក​ដទៃ​ទៀត​បាន​ប្រកែក​ថា​គំនិត​នេះ​មិន​សមហេតុផលទេ ។ ការ​ពិភាក្សា​របស់​យើង​កាន់តែ​មាន​ភាពតានតឹង ។ ខ្ញុំ​មាន​ចិត្ត​បារម្ភ​ដើម្បី​លើកដៃ​ខ្ញុំ​ឡើង ហើយ​ពន្យល់​ថា​ខ្ញុំ​ជឿ​លើ​ព្រះ​ជា​ព្រះ​ដ៏​បង្កបង្កើត ។

ពេល​ផ្ដល់​មតិ​បាន​មកដល់ ។ នៅ​ឯសាលា​របស់ខ្ញុំ វា​ជា​រឿង​ធម្មតា​ដើម្បី​ទះដៃ​អបអរ ស្រែក ឬ​ សម្ដែងការ​មិន​ពេញចិត្ត​ដល់​អ្នកដែល​បង្ហាញ​ពី​គំនិត​របស់​ពួកគ ។ ខ្ញុំ​បាន​ឈរ​យ៉ាង​ម៉ឺងម៉ាត់ ហើយ​និយាយ​យ៉ាង​ច្បាស់​ទៅ​ដល់ក្រុម​ជំទាស់​ថា ៖ « ការ​ជឿ​លើ​ព្រះ​ប្រហែលជា​មិន​សមហេតុផល​សម្រាប់​អ្នក​នៅពេល​នេះ ប៉ុន្តែ​ថ្ងៃ​នោះ​នឹង​មក​ដល់ ជាពេល​ដែល​នឹង​សមហេតុ​ផល​ចំពោះអ្នកយ៉ាង​ច្បាស់​ដូចជា​ខ្ញុំ​នៅពេល​នេះ​ដែរ » ។​

ចាប់​ពីពេល​នោះ​មក ខ្ញុំ​មិន​ដែល​ទទួល​ការ​ស្រែក​ជំទាស់​ណា​មួយ ពេលខ្ញុំ​ក្រោក​ឈរ​ការពារ​ជំនឿ​របស់​ខ្ញុំ​ឡើយ ។ ពេល​ក្រោយ​មក​ទៀត ខ្ញុំ​បានរីកចម្រើន​ទាំង​ខាង​ការអប់រំ សង្គម និង ខាង​វិញ្ញាណ ។ ខ្ញុំ​បាន​ចាប់ផ្ដើម​សកម្ម​នៅ​ក្នុង​សកម្មភាព​របស់​សិស្ស ហើយ​បាន​ត្រូវបាន​ផ្ដល់​ឲ្យ​នូវ​មុខ​តំណែង​នៅ​សាលា​មួយ​ចំនួន ។

ខ្ញុំ​បាន​រៀន​ថា ការ​ឈរការពារ​សេចក្ដីពិត​សូម្បី​តែម្ដង វា​ជះឥទ្ធិល​យ៉ាង​ខ្លាំង​ទៅ​ដល់​ការ​សម្រេច​ចិត្ត​ពេលអនាគត​របស់​យើង ។

វីនស៍ អេ. ម៉ូឡេចាន់ ជុញ្ញ័រ, មីនដាណៅ ប្រទេស​ហ្វីលីពីន

កំណត់​ចំណាំ

  1. សូម​មើល ជែហ្វ្រី អ័រ ហូឡិន « The Cost—and Blessings —of Discipleship » Liahona ខែ ឧសភា ឆ្នាំ 2014 ទំព័រ 6 ។