ការឈរការពារអ្វីដែលយើងជឿ
យើងរស់នៅក្នុងពិភពលោកមួយដែលមានមនុស្សជាច្រើនមើលឃើញរឿងអាក្រក់ថាជារឿងល្អ ហើយរឿងល្អថាជារឿងអាក្រក់ ហេតុដូច្នេះហើយយើងត្រូវតែឈរការពាររឿងល្អ ។ ទីបន្ទាល់ខាងក្រោមនេះគឺមកពីពួកមជ្ឈិមវ័យវ័យក្មេងដែលបានឈរការពារអ្វីដែលពួកគេជឿ ។ ពួកគេមិនបានឈ្លោះប្រកែក ឬបញ្ចេញប្រតិកម្មដោយកំហឹង ឬទង្វើអសប្បុរសធម៌ឡើយ ។ ពួកគេបានបង្ហាញ « ទាំងភាពក្លាហាន និង សុភាវធម៌ »1 ហើយជាលទ្ធផល ពួកគេបានពង្រឹងដល់អ្នកដទៃទៀត ( សូមមើល នីហ្វៃទី 3 12:44–45 ) ។
ប្អូនប្រុសខ្ញុំបានបដិសេធមិនផឹកស្រាស៊ាំប៉ាញ
នៅប្រទេសបារាំង ការបម្រើទ័ពគឺជាកាតព្វកិច្ចចាំបាច់មួយ ។ ប្អូនប្រុសខ្ញុំអាយុ 20 ឆ្នាំ ឈ្មោះ ឡូអ៊ីក បានសម្រេចចិត្តទៅសាលារៀនមន្ត្រីបម្រុងដើម្បីក្លាយជាអនុសេនីមួយរូប ។ នៅពេលគាត់បានបញ្ចប់ពីសាលានោះ មាននូវពិធីសច្ចាប្រណិធានមួយសម្រាប់មន្ត្រីថ្មី ។ ពួកគេម្នាក់ៗបានផ្លាស់គ្នាសូត្រពាក្យស្លោកនៃកងវរសេនាធំ ។ រួចពួកគេត្រូវផឹកស្រាស៊ាំប៉ាញមួយកែវដែលមានដាក់ផ្កាកូលាប—ក្នុងនោះ ។ ទំនៀមទម្លាប់នេះបានដោយផ្ដើមជាមួយនឹងណាប៉ូឡេអុង បូណាប៉ាត ហើយចាប់តាំងពីពេលនោះមកគ្មានមន្ត្រីណាម្នាក់បដិសេធមិនចូលរួមឡើយ ។
ឡូអ៊ីក បានប្រាប់ទៅវរសេនីយ៍ឯកនោះថា គោលការណ៍សាសនារបស់គាត់មិនអនុញ្ញាតឲ្យគាត់ផឹកគ្រឿងស្រវឹងទេ ។ ភាពស្ងប់ស្ងាត់មួយខុសពីធម្មតាបានកើតឡើងបន្ទាប់ពីសំណើររបស់ឡូអ៊ីកឲ្យមានការលើកលែង ។ វរសេនីយ៍ឯកនោះបានក្រោកឈរឡើង ។ ជាជាងការបង្ខំឡូអ៊ីកឲ្យផឹកស្រាស៊ាំប៉ាញនោះ គាត់បានអបអរដល់ឡូអ៊ីកដែលបានរក្សាគោលការណ៍របស់ខ្លួនទោះជាមានការដាក់សម្ពាធក្ដី ដោយថ្លែងថា គាត់មានមោទនភាពដើម្បីស្វាគមន៍បុរសដ៏មានសេចក្ដីទៀងត្រង់ម្នាក់នេះចូលទៅក្នុងកងវរសេនាធំរបស់គាត់ ។ ពួកគេបានប្ដូរស្រាស៊ាំប៉ាញ ហើយឡូអ៊ីកបានចូលរួមនៅក្នុងពិធីសច្ចាប្រណិធាននោះ ។
ព្យែរ អង់ធីយ៉ាន ប្រទេសបារាំង
ខ្ញុំត្រូវបានអញ្ជើញទៅពិធីជប់លៀងមួយដ៏រញ៉េរញ៉ៃ
បន្ទាប់ពីបញ្ចប់មហាវិទ្យាល័យ បងស្រីខ្ញុំឈ្មោះ ហ្គ្រេស និង ខ្ញុំបានធ្វើការឲ្យក្រុមហ៊ុនមួយដែលមានពួកបរិសុទ្ធថ្ងៃចុងក្រោយពីរបីនាក់ផ្សេងទៀត ។ និយោជករបស់យើងពុំមែនជាសមាជិកសាសនាចក្រទេ ។ នៅពេលបងស្រីបានភ្ជាប់ពាក្យ និយោជករបស់យើងបានរៀបចំពិធីជប់លៀងសម្រាប់កូនក្រមុំមួយដ៏ភ្ញាក់ផ្អើលឲ្យគាត់ ។ ខ្ញុំបានសង្ឃឹមថា គាត់នឹងគោរពដល់បទដ្ឋានរបស់យើង ប៉ុន្តែផ្ទុយទៅវិញគាត់បញ្ជាទិញគ្រឿងស្រវឹង អ្នករាំប្រុសម្នាក់ និង វីដេអូអាស្រូវ ។
ពីមុនពិធីជប់លៀងសម្រាប់កូនក្រមុំនោះ ខ្ញុំបានទទួលអារម្មណ៍ខ្សឹបប្រាប់ពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុងខ្លួន ដោយលើកទឹកចិត្តខ្ញុំឲ្យរំឭកដល់មេរបស់ខ្ញុំពីបទដ្ឋានរបស់យើង ។ ខ្ញុំបានយកមេដាយយុវនារីរបស់ខ្ញុំ ហើយបានគិតពីរាល់កិច្ចខិតខំ និង ការលះបង់ដែលខ្ញុំបានធ្វើ កាលខ្ញុំនៅជាវ័យជំទង់ដើម្បីបំពេញការអភិវឌ្ឍន៍ខ្លួនរបស់ក្រុមយុវនារីរបស់ខ្ញុំ ។ ខ្ញុំបានអធិស្ឋានថា ខ្ញុំនឹងទទួលបានការដឹកនាំឲ្យឈរយ៉ាងរឹងមាំនៅពេលនេះ ។ ខ្ញុំបានផ្ញើសារទៅនិយោជកនោះពីកង្វល់របស់ខ្ញុំ ដោយគិតថាគាត់នឹងមានការអាក់អន់ចិត្ត ។ ប៉ុន្តែបំណងប្រាថ្នាដ៏ធំបំផុតរបស់ខ្ញុំគឺធ្វើឲ្យព្រះវរបិតាសួគ៌មានព្រះទ័យរីករាយ ។
នៅពេលពិធីជប់លៀងនោះបានចាប់ផ្ដើម ចៅហ្វាយខ្ញុំមិនបាននិយាយ ឬ ញញឹមរកខ្ញុំទេ ។ ប៉ុន្តែគាត់បានលុបចោលកម្មវិធីអ្នករាំ និង វីដេអូ ។
បន្ទាប់ពីពិធីជប់លៀងនោះមកជាច្រើនថ្ងៃ ចៅហ្វាយខ្ញុំមិនបាននិយាយ និងសើចរកខ្ញុំដូចដែលគាត់ធ្លាប់មានកាលពីមុនពិធីជប់លៀងនោះឡើយ ។ ប៉ុន្តែខ្ញុំមានអារម្មណ៍ស្រណុកក្នុងចិត្ត ដោយសារខ្ញុំបានដឹងថា ព្រះមានព្រះទ័យរីករាយនឹងអ្វីដែលខ្ញុំបានធ្វើ ។ ប្រមាណជាមួយសប្ដាហ៍ក្រោយមក ទំនាក់ទំនងរបស់ខ្ញុំនឹងចៅហ្វាយខ្ញុំបានត្រឡប់មកដូចជាធម្មតាវិញ ។ ខ្ញុំដឹងថា ព្រះបានបន្ទន់ចិត្តគាត់ ហើយបានជួយគាត់ឲ្យដឹងថា ខ្ញុំបានរស់នៅតាមអ្វីដែលខ្ញុំជឿ ។
ឡេមី ឡាប៊ីតាក់ កាហ្គាយ៉ាន វ៉ាលី ប្រទេសហ្វីលីពីន
ខ្ញុំបានឮពាក្យសម្ដីជេរប្រមាថនៅក្នុងថ្នាក់
កាលខ្ញុំអាយុប្រហែលជា 18 ឆ្នាំ ខ្ញុំបានចូលរៀនក្នុងថ្នាក់ដេរប៉ាក់មួយ ។ នៅថ្ងៃមួយមានក្មេងស្រីបីនាក់នៅចម្ងាយពីខ្ញុំពីរទៅបីម៉ែត្របានចាប់ផ្ដើមប្រើពាក្យសម្ដីជេរប្រមាថ ។ ខ្ញុំមិនដឹងថាខ្ញុំគួរតែកុំអើរពើរនឹងពួកគេដើម្បីកុំឲ្យមានការឈ្លោះប្រកែកគ្នា ឬខ្ញុំគួរតែឈរការពារបទដ្ឋានរបស់ខ្ញុំ ហើយសុំឲ្យពួកគេឈប់និយាយពាក្យទាំងនោះ ។ នៅទីបំផុត ខ្ញុំបាននិយាយពាក្យល្អៗតាមដែលខ្ញុំអាចធ្វើបានថា « អត់ទោស សូមអ្នកទាំងអស់គ្នាមេត្តាប្រើពាក្យសម្ដីឲ្យសមរម្យបានទេ ?
ក្មេងស្រីដែលធំជាងគេបានមើលមុខខ្ញុំ ហើយតបថា « យើងនិយាយអ្វីស្រេចតែយើង » ។
ខ្ញុំក៏តបថា « តែឯងត្រូវតែប្រើពាក្យជេរដោយខានមិនបានឬ ? វារំខានដល់ចិត្តខ្ញុំណាស់ » ។
នាងតបថា « អញ្ចឹងកុំស្ដាប់អី » ។
ខ្ញុំបានចាប់ផ្ដើមរកាំចិត្ត ហើយតបថា « មិនឲ្យខ្ញុំស្ដាប់យ៉ាងម៉េចបាន បើឯងនិយាយឮៗបែបនេះ » ។
នាងតបថា « អញ្ចឹងទ្រាំទៅ » ។
ខ្ញុំបានចុះចាញ់ ។ ខ្ញុំបានខឹងនឹងក្មេងស្រីទាំងនោះ ជាពិសេសគឺខឹងនឹងខ្លួនឯង ។ ខ្ញុំមិនចង់ជឿថា ខ្ញុំនិយាយចាញ់គេសោះ ។ ក្មេងស្រីទាំងនោះនៅតែបន្តប្រើពាក្យជេរប្រមាថ ហើយនៅពេលនេះយើងទាំងអស់គ្នាចាប់ផ្ដើមខឹង ។
បន្ទាប់ពីខ្ញុំបានស្ងប់ចិត្ត ខ្ញុំបានឃើញថា ក្មេងស្រីទាំងនោះកំពុងមានបញ្ហាជាមួយនឹងម៉ាស៊ីនដេររបស់ពួកគេ ។ ខ្ញុំបានដឹងថាវាខូចអ្វី ដោយសារខ្ញុំធ្លាប់មានបញ្ហាដូចគ្នាកាលពីមុន ។ ដូច្នេះខ្ញុំបានបង្ហាញពួកគេពីរបៀបជួសជុលវា ។ ខ្ញុំបានឃើញទឹកមុខរបស់ក្មេងស្រីដែលធំជាងគេបានផ្លាស់ប្ដូរ ។ នាងនិយាយថា « នែ ! ឲ្យពួកយើងសុំទោស » ។ ខ្ញុំមិនចង់ជឿទេ—នាងបានសុំទោស ។ ខ្ញុំបានប្រាប់នាងថា « ខ្ញុំក៏សុំទោសដែរ » ។ « ខ្ញុំមិនគួរខឹងបែបនោះទេ » ។
ខ្ញុំបានដើរត្រឡប់ទៅម៉ាស៊ីនដេររបស់ខ្ញុំវិញ ហើយមិនបានឮពាក្យជេរប្រមាថទៀតឡើយ ។ បទពិសោធន៍នោះបានបង្រៀនខ្ញុំថា ពាក្យសម្ដីយើងប្រហែលជាមិនអាចផ្លាស់ប្ដូរឥរិយាបថរបស់អ្នកដទៃបានឡើយ ប៉ុន្តែសេចក្ដីសប្បុរស និង ការបម្រើជារឿយៗអាចធ្វើឲ្យវាកើតឡើងបាន ។
ឃេធី ផែក រដ្ឋយូថាហ៍ ស.រ.អា.
ខ្ញុំបានការពារការបម្រើបេសកកម្ម
ខ្ញុំបានចូលក្នុងសាសនាចក្រកាលខ្ញុំអាយុ 19 ឆ្នាំ ខ្ញុំជាកូនប្រុសទីពីរក្នុងចំណោមកូនប្រុសបីនាក់ ហើយជាពួកបរិសុទ្ធថ្ងៃចុងក្រោយតែម្នាក់គត់ក្នុងគ្រួសារខ្ញុំ ។ ក្រោយពីបុណ្យជ្រមុជទឹកមិនយូរប៉ុន្មាន ខ្ញុំបានចាប់ផ្ដើមមានអារម្មណ៍ពីបំណងប្រាថ្នាដើម្បីបម្រើបេសកកម្ម ។ មួយឆ្នាំក្រោយមក ព្រះវិញ្ញាណមានបន្ទូលប្រាប់ខ្ញុំថា ខ្ញុំគួរតែទៅ ។ ខ្ញុំបាននិយាយនឹងម្ដាយខ្ញុំ ដែលគាត់មានអារម្មណ៍ថាខ្ញុំមិនគួរទៅទេ ។ ខ្ញុំបានពន្យារពេលមួយឆ្នាំទៀត ប៉ុន្តែបំណងប្រាថ្នាបម្រើបេសកកម្មមិនដែលរសាយចេញពីចិត្តខ្ញុំឡើយ ។ នៅឆ្នាំនោះ ខ្ញុំបានសិក្សាព្រះគម្ពីរ សន្សំប្រាក់ រៀបចំឯកសារ ធ្វើការពិនិត្យសុខភាព ហើយ—បន្ទាប់ពីអ្វីៗគ្រប់យ៉ាងបានធ្វើអស់ហើយ—ខ្ញុំបានរង់ចាំព្រះអម្ចាស់ ។ មិនយូរប៉ុន្មាន ខ្ញុំបានទទួលការហៅមួយឲ្យបម្រើនៅបេសកកម្មកំពីណាស់ ប្រទេសប្រេស៊ីល ។
ឪពុកម្ដាយខ្ញុំនៅតែជំទាស់ ។ ខ្ញុំបានតមអាហារ ហើយបានអធិស្ឋានដោយឥតលាក់លាម ដោយប្រាប់ទៅព្រះវរបិតាសួគ៌នូវរាល់ការភ័យខ្លាចរបស់ខ្ញុំ ។ ខ្ញុំបានសូមទ្រង់ឲ្យបន្ទន់ចិត្តឪពុករបស់ខ្ញុំ ។ ទ្រង់បានធ្វើមែន ។ គួរឲ្យភ្ញាក់ផ្អើល ឪពុកខ្ញុំបានចូលរួមក្នុងពិធីជប់លៀងលាគ្នាដែលមិត្តខ្ញុំបានរៀបចំសម្រាប់ខ្ញុំនៅថ្ងៃសៅរ៍ពីមុនខ្ញុំចាកចេញទៅ ។ ហើយនៅថ្ងៃច័ន្ទ ឪពុកខ្ញុំបានជូនខ្ញុំទៅអាកាសយានដ្ឋាន ។
នៅក្នុងបេសកកម្មរបស់ខ្ញុំ ខ្ញុំបានទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ព្រះ កាលខ្ញុំបានប្រកាសពីដំណឹងល្អ ។ ម្ដាយខ្ញុំនៅតែបន្តធ្វើម្ដាយដ៏ល្អ ហើយកាលខ្ញុំបានត្រឡប់មកផ្ទះវិញ គាត់គឺជាមនុស្សដំបូងគេដែលបានឱបខ្ញុំ ។
ខ្ញុំបានរៀនថា ការបម្រើបេសកកម្មគឺមានតម្លៃលើសពីកាតព្វកិច្ចមួយទៅទៀត វាគឺជាឯកសិទ្ធិ និង ជាគ្រាដ៏អស្ចារ្យមួយនៃការរីកចម្រើន និង ការរៀនសូត្រ ។
ក្លេសុង វែលីងតុន អាម៉ូរីម ប្រ៊ីតូ ប៉ារ៉ៃបា ប្រទេសប្រេស៊ីល
ខ្ញុំបានថ្លែងទីបន្ទាល់ពីព្រះ
ក្នុងនាមជានិស្សិតថ្មីម្នាក់នៅក្នុងសាកលវិទ្យាល័យដ៏ល្អបំផុតរបស់ប្រទេសយើង ខ្ញុំទទួលនូវសម្ពាធដើម្បីធ្វើឲ្យអស់ពីលទ្ធភាពរបស់ខ្ញុំ ។ ការបៀតបៀនបានកើតឡើង ហើយខ្ញុំបានចាប់ផ្ដើមសួរពីជំនឿរបស់ខ្ញុំលើដំណឹងល្អ កាលសាស្ត្រាចារ្យរបស់ខ្ញុំជាច្រើនបានពន្យល់ពីអ្វីដែលពួកគាត់ហៅថា « ជីវិតពិត » ។ មិត្តរួមថ្នាក់ខ្ញុំជាច្រើនឲ្យតម្លៃថាវាអស្ចារ្យ ។ បរិយាកាសនេះបានធ្វើឲ្យមានការពិបាកក្នុងការប្រកាន់ខ្ជាប់នូវគុណតម្លៃជាគ្រីស្ទាន ។ ខ្ញុំបានគិតពីការឈប់ ប៉ុន្តែខ្ញុំបានសម្រេចចិត្តថាវាជាការប្រសើរដើម្បីបន្តរស់នៅតាមគុណតម្លៃនោះ ។ ហើយខ្ញុំសួរខ្លួនឯងថា ប្រសិនបើមានតែមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះដែលមានលក្ខណៈសម្បត្តិចូលមកក្នុងសាកលវិទ្យាល័យនេះ ហើយក្នុងចំណោមមនុស្សប៉ុន្មាននាក់នោះមានពួកបរិសុទ្ធថ្ងៃចុងក្រោយតែពីរបីនាក់ប៉ុណ្ណោះ ដូច្នេះខ្ញុំគួរបន្ត ហើយឈរការពារសេចក្ដីពិត ។
សាស្ត្រចារ្យផ្នែកជីវវិទ្យារបស់ខ្ញុំ ជាអ្នកដែលមិនជឿលើព្រះ បានបង្រៀនពីវិទ្យាសាស្ត្រដោយគ្មានជំនឿណាមួយទៅលើព្រះឡើយ ។ ប៉ុន្តែកាលខ្ញុំស្ដាប់កាន់តែច្រើន វាបញ្ជាក់ប្រាប់ខ្ញុំថាមានព្រះដ៏ខ្ពស់បំផុតមួយអង្គ—ជាព្រះវរបិតាយើង—ដែលបានបង្កើតវត្ថុសព្វសារពើ ។ អ្នកដទៃទៀតបានប្រកែកថាគំនិតនេះមិនសមហេតុផលទេ ។ ការពិភាក្សារបស់យើងកាន់តែមានភាពតានតឹង ។ ខ្ញុំមានចិត្តបារម្ភដើម្បីលើកដៃខ្ញុំឡើង ហើយពន្យល់ថាខ្ញុំជឿលើព្រះជាព្រះដ៏បង្កបង្កើត ។
ពេលផ្ដល់មតិបានមកដល់ ។ នៅឯសាលារបស់ខ្ញុំ វាជារឿងធម្មតាដើម្បីទះដៃអបអរ ស្រែក ឬ សម្ដែងការមិនពេញចិត្តដល់អ្នកដែលបង្ហាញពីគំនិតរបស់ពួកគ ។ ខ្ញុំបានឈរយ៉ាងម៉ឺងម៉ាត់ ហើយនិយាយយ៉ាងច្បាស់ទៅដល់ក្រុមជំទាស់ថា ៖ « ការជឿលើព្រះប្រហែលជាមិនសមហេតុផលសម្រាប់អ្នកនៅពេលនេះ ប៉ុន្តែថ្ងៃនោះនឹងមកដល់ ជាពេលដែលនឹងសមហេតុផលចំពោះអ្នកយ៉ាងច្បាស់ដូចជាខ្ញុំនៅពេលនេះដែរ » ។
ចាប់ពីពេលនោះមក ខ្ញុំមិនដែលទទួលការស្រែកជំទាស់ណាមួយ ពេលខ្ញុំក្រោកឈរការពារជំនឿរបស់ខ្ញុំឡើយ ។ ពេលក្រោយមកទៀត ខ្ញុំបានរីកចម្រើនទាំងខាងការអប់រំ សង្គម និង ខាងវិញ្ញាណ ។ ខ្ញុំបានចាប់ផ្ដើមសកម្មនៅក្នុងសកម្មភាពរបស់សិស្ស ហើយបានត្រូវបានផ្ដល់ឲ្យនូវមុខតំណែងនៅសាលាមួយចំនួន ។
ខ្ញុំបានរៀនថា ការឈរការពារសេចក្ដីពិតសូម្បីតែម្ដង វាជះឥទ្ធិលយ៉ាងខ្លាំងទៅដល់ការសម្រេចចិត្តពេលអនាគតរបស់យើង ។
វីនស៍ អេ. ម៉ូឡេចាន់ ជុញ្ញ័រ, មីនដាណៅ ប្រទេសហ្វីលីពីន