សិទ្ធិសេរីភាពជ្រើសរើស ឬ សិទ្ធិជ្រើសរើសខាងសីលធម៌ ?
ការប្រើប្រាស់សិទ្ធិជ្រើសរើសដោយឆ្លាតវៃ ធ្វើឲ្យការជ្រើសរើសយើងមានភាពទំលំទូលាយ ហើយអភិវឌ្ឍសមត្ថភាពយើងដើម្បីជ្រើសរើសដោយត្រឹមត្រូវ ។
ខ្ញុំនៅចាំពីការព្រួយបារម្ភដែលខ្ញុំមាន កាលខ្ញុំរៀបចំខ្លួនជួបនឹងប៊ីស្សពរបស់ខ្ញុំអំពីការបម្រើបេសកកម្ម ។ ខ្ញុំបានងឿងឆ្ងល់ថាតើខ្ញុំល្អគ្រប់គ្រាន់ហើយឬនៅ ។ ដូចជាព្យាការីយ៉ូសែប ស៊្មីធដែរ ខ្ញុំគ្មាន « ទោសដ៏ធំ ឬបាបដ៏ធ្ងន់នោះឡើយ » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ 1:28 ) ប៉ុន្តែខ្ញុំមានការព្រួយបារម្ភដូចគ្នា ។
ខ្ញុំព្រួយដោយសារ ខ្ញុំចេះតែគិតពីមិត្តរបស់ខ្ញុំឈ្មោះឌេននី ( ឈ្មោះត្រូវបានផ្លាស់ប្ដូរ ) ។ អស់រយៈពេលជាច្រើនឆ្នាំ ឌេននី បាននិយាយពីអារម្មណ៍ដែលគាត់ទន្ទឹងរង់ចាំយ៉ាងអន្ទះសារចំពោះការបម្រើបេសកកម្មមួយ ។ ប៉ុន្តែវាបានផ្លាស់ប្ដូរ បន្ទាប់ពីគាត់បានជួបនឹងប៊ីស្សព ។
ដោយសារឌេននីបានធ្វើនូវឥរិយាបថដែលមិនសក្ដិសមជាមួយនឹងយុវនារីមួយចំនួន ដែលក្រោយមកគាត់បានប្រាប់ខ្ញុំ នោះគាត់គ្មានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីបម្រើជាអ្នកផ្សាយសាសនាពេញម៉ោងឡើយ ។ គាត់លែងមានសិទ្ធិជ្រើសរើសបម្រើបេសកកម្មទៀតហើយ ។
នៅក្នុងប្រសាសន៍របស់ប្រធាន ប៊យដ៏ ឃេ ផាកកឺ ជាប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ឌេននីបានធ្លាក់ទៅក្នុងការល្បួងរបស់សាតាំង « ដោយប្រើសិទ្ធិជ្រើសរើសខាងសីលធម៌ [ របស់គាត់ ] ខុស » ។1
សេរីភាពពិត ដូចដែលដើម្បីកម្លាំងនៃយុវជនបង្រៀន កើតឡើងនៅពេលយើងប្រើសិទ្ធិជ្រើសរើសរបស់យើងដើម្បីជ្រើសយកការគោរពប្រតិបត្តិ ។ ការបាត់បង់សេរីភាព ដូចដែលឌេននីបានរៀន កើតឡើងពីការជ្រើសមិនគោរពប្រតិបត្តិ ។
« ខណៈពេលដែលអ្នកមានសេរីភាពដើម្បីជ្រើសរើសទង្វើរបស់អ្នក នោះអ្នកពុំមានសេរីភាពដើម្បីជ្រើសរើសលទ្ធផលវាទេ ។ ទោះបីជាល្អ ឬអាក្រក់ក្ដី លទ្ធផលនឹងកើតមានតាមក្រោយ ជាលទ្ធផលពីធម្មជាតិមួយនៃជម្រើសដែលអ្នកបានរើស » ។2
ភ្ញាក់ងារចំពោះខ្លួនយើង
ដោយសារព្រះគម្ពីរបង្រៀនថា យើងមាន « សិទ្ធិនឹងរើសយក » « សេរីភាពដើម្បីធ្វើអ្វីៗ » និងសេរីភាពដើម្បីធ្វើរឿងទាំងឡាយ « តាមបំណងចិត្ត [ របស់យើង ] » ( នីហ្វៃទី 2 2:27, 10:23, គ. និង ស. 58:27, ហេលេមិន 14:30 ) ជារឿយៗ យើងប្រើពាក្យថា « សេរីភាពជ្រើសរើស » ។
ប៉ុន្តែតើអ្នកដឹងទេថាឃ្លា « សេរីភាពជ្រើសរើស » គ្មាននៅក្នុងព្រះគម្ពីរដែរទេ ? ផ្ទុយទៅវិញ ព្រះគម្ពីរបង្រៀន « ថាមនុស្សគ្រប់រូបអាចប្រព្រឹត្តនូវគោលលទ្ធិ និង គោលការណ៍… តាមសិទ្ធិជ្រើសរើសខាងសីលធម៌ដែលយើងបានប្រទានដល់គេ ប្រយោជន៍ឲ្យមនុស្សគ្រប់រូបអាចបានទទួលការខុសត្រូវចំពោះអំពើបាបទាំងឡាយរបស់ខ្លួននៅថ្ងៃជំនុំជំរះ » (គ. និង ស. 101:78 ការគូសបញ្ជាក់បានបន្ថែម ) ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ៖ « ពាក្យថា សិទ្ធិជ្រើសរើសមាន [ នៅក្នុងព្រះគម្ពីរ ] ដាច់ដោយឡែកតែឯង ឬផ្សំជាមួយនឹងពាក្យ សីលធម៌ ។ …ពេលយើងប្រើពាក្យ សិទ្ធិជ្រើសរើសខាងសីលធម៌យើងកំពុងគូសបញ្ជាក់ដោយសមរម្យនូវទំនួលខុសត្រូវដែលគឺជាផ្នែកមួយដ៏សំខាន់នៃអំណោយទានដ៏ទេវភាពនៃសិទ្ធិជ្រើសរើស ។ យើងគឺជាមនុស្សដែលមានសីលធម៌ ហើយជាភ្ញាក់ងារចំពោះខ្លួនយើង មានសេរីភាពនឹងជ្រើសរើស ប៉ុន្តែយើងក៏ទទួលខុសត្រូវចំពោះការជ្រើសរើសរបស់យើងផងដែរ » ។3
ប្រធាន ផាកកឺ បានបន្ថែមថា « សិទ្ធិជ្រើសរើសត្រូវបានឲ្យនិយមន័យនៅក្នុងព្រះគម្ពីរថាជា « សិទ្ធិជ្រើសរើសខាងសីលធម៌ » ដែលមានន័យថា យើងអាចជ្រើសយករវាងល្អ និង អាក្រក់ » ។4 អំណោយទានដែលព្រះបានប្រទានឲ្យនេះមានន័យថា យើងមាន « សេរីភាពរើសយកឥស្សរភាព និង ជីវិតដ៏នៅអស់កល្បជានិច្ច តាមរយៈព្រះជាអ្នកសង្រួបសង្រួមដ៏ធំរបស់មនុស្សលោកទាំងអស់ ឬ ក៏រើសយកការជាប់ឃុំឃាំង និង ការស្លាប់ស្របតាមការជាប់ឃុំឃាំង និង អំណាចរបស់អារក្ស » ( នីហ្វៃទី 2 2:27 ) ។
សង្គ្រាមរបស់សាតាំងប្រឆាំងនឹងសិទ្ធិជ្រើសរើស
ដោយសារសិទ្ធិជ្រើសរើសខាងសីលធម៌ដើរតួយ៉ាងសំខាន់នៅក្នុងផែនការសង្គ្រោះ សាតាំងបានខិតខំដើម្បីបំផ្លាញវានៅពិភពមុនឆាកជីវិតនេះ ។ វាត្រូវបានបណ្ដេញចេញដោយសារការបះបោរ ហើយឥឡូវនេះវាខិតខំ « ដើម្បីបញ្ឆោត ហើយដើម្បីធ្វើឲ្យមនុស្សខ្វាក់ ហើយដើម្បីដឹកពួកគេយកទៅជាឈ្លើយ » ( ម៉ូសេ 4:3–4 ) ។
សាតាំងចង់ឲ្យយើងធ្វើការជ្រើសរើសដែលកំណត់នូវសេរីភាពរបស់យើង ដឹកនាំទៅរកទម្លាប់អាក្រក់ និង ការញៀន ហើយធ្វើឲ្យយើងគ្មានអំណាចដើម្បីតតាំងនឹងការល្បួងរបស់វា ។ ភាពស្រស់ស្អាតនៃដំណឹងល្អគឺថា ដំណឹងល្អធ្វើឲ្យយើងដឹងពីការជ្រើសរើសរបស់យើង និងលទ្ធផលនៃការជ្រើសរើសទាំងនោះ ។ ការប្រើប្រាស់សិទ្ធិជ្រើសរើសដោយឆ្លាតវៃធ្វើឲ្យការជ្រើសរើសយើងមានភាពទំលំទូលាយ ហើយអភិវឌ្ឍសមត្ថភាពយើងដើម្បីជ្រើសរើសដោយត្រឹមត្រូវ ។
គំរូរបស់ព្រះអង្គសង្គ្រោះ
នៅពេលផែនការសង្គ្រោះត្រូវបានបង្ហាញនៅក្នុងក្រុមប្រឹក្សាដ៏ធំនៅស្ថានសួគ៌ ព្រះអង្គសង្គ្រោះបានបង្ហាញយើងពីរបៀបប្រើសិទ្ធិជ្រើសរើសខាងសីលធម៌របស់យើងឲ្យបានត្រឹមត្រូវ ។ ទ្រង់បានមានបន្ទូលថា « ព្រះវរបិតាអើយ សូមឲ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេច ហើយសូមឲ្យសិរីល្អរបស់ព្រះអង្គបានជារបស់ផងព្រះអង្គរហូត » ( ម៉ូសេ 4:2 ) ។ ដោយសារទ្រង់មានឆន្ទៈធ្វើតាមព្រះទ័ររបស់ព្រះវរបិតានៅពេលនោះ ហើយក្រោយមកទៀតនៅសួនច្បារគែតសេម៉ានី និងនៅលើឈើឆ្កាង ( សូមមើល ម៉ាថាយ 26:39, លូកា 22:42) នោះព្រះយេស៊ូវបានបង់ថ្លៃសម្រាប់ការជ្រើសរើសមិនល្អរបស់យើង ហើយផ្តល់ផ្លូវសម្រាប់យើងដើម្បីទទួលបានការអត់ទោសតាមរយៈការប្រែចិត្ត ។
ប្រសិនបើយើងធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ជំនួសឲ្យការនិយាយថា « ខ្ញុំធ្វើអ្វីដែលខ្ញុំចង់ធ្វើ » នោះយើងនឹងប្រកាសថា « ខ្ញុំធ្វើអ្វីដែលព្រះវរបិតាសព្វព្រះទ័យ » ។ 5 ការប្រើសិទ្ធិជ្រើសរើសខាងសីលធម៌តាមរបៀបនេះនឹងនាំយកសេរីភាព និង សុភមង្គលមកឲ្យយើង ។
កាលខ្ញុំបានទៅជួបនឹងប៊ីស្សពរបស់ខ្ញុំសម្រាប់ការសម្ភាសលើកដំបូងរបស់ខ្ញុំសម្រាប់បេសកកម្ម ខ្ញុំមានអំណរគុណដែលខ្ញុំបានធ្វើការជ្រើសរើសល្អៗ ។ ប៉ុន្មានខែក្រោយមក ខ្ញុំកំពុង តែបម្រើព្រះអម្ចាស់នៅប្រទេសឃ្វ័តាម៉ាឡា—ដោយបង្រៀនដល់មនុស្សដទៃទៀតពីផែនការសង្គ្រោះ និង តួនាទីដ៏សំខាន់របស់សិទ្ធិជ្រើសរើសខាងសីលធម៌នៅក្នុងផែនការនោះ ។