សំណួរ និង ចម្លើយ
« ខ្ញុំកំពុងព្យាយាមគ្រប់គ្រងគំនិតរបស់ខ្ញុំ ប៉ុន្តែមានការល្បួងច្រើនពេក ។ តើខ្ញុំអាចសម្អាតគំនិតខ្ញុំបានដោយរបៀបណា ? »
ការគ្រប់គ្រងគំនិតរបស់អ្នកគឺជារឿងពិបាកណាស់ ប៉ុន្តែវាអាចធ្វើទៅបាន ហើយនាំមកនូវពរជ័យ ៖ « កាលអ្នករៀនគ្រប់គ្រងគំនិតរបស់អ្នក អ្នកអាចយកឈ្នះទម្លាប់នានា សូម្បីតែវាប៉ះពាល់ដល់ទម្លាប់ផ្ទាល់ខ្លួនក្ដី ។ អ្នកអាចទទួលបានទំនុកចិត្ត យកឈ្នះលើការភ័យខ្លាច ហើយមានជីវិតមួយដ៏រីករាយ » ។1
ក៏សូមពិចារណាពីពរជ័យទាំងនេះដែរ ៖
-
គំនិតស្អាតស្អំនឹងជួយអ្នកឲ្យ « មានចិត្តក្លាហានឡើងនៅចំពោះវត្តមាននៃព្រះ » ហើយ « ព្រះវិញ្ញាណបរិសុទ្ធនឹងទៅជាគូកនអ្នក » ( គ. និង ស. 121:45–46 ) ។
-
គំនិតស្អាតស្អំនឹងជួយអ្នកឲ្យស្គាល់ពីការបំផុសគំនិត ដោយសារព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលទៅកាន់ចិត្ត និង គំនិតរបស់អ្នក ( សូមមើលគ. និង ស. 8:2–3 ) ។
-
គំនិតស្អាតស្អំនឹងជួយអ្នកឲ្យគោរពប្រតិបត្តិតាមបទបញ្ញត្តិធំទីមួយ ៖ ដើម្បីស្រឡាញ់ព្រះឲ្យអស់ពីចិត្ត ពីព្រឹលឹង និងគំនិតរបស់អ្នក ( សូមមើល ម៉ាថាយ 22:37 ) ។
មានរឿងជាច្រើនដែលអ្នកអាចធ្វើដើម្បីមានគំនិតកាន់តែស្អាតស្អំ ដូចដែលអ្នកនឹងឃើញគំនិតទាំងនោះនៅលើទំព័រទាំងនេះ ។ ប៉ុន្តែរឿងដ៏សំខាន់បំផុតមួយដែលអ្នកអាចធ្វើ—ហើយដែលវាដំណើរការបន្តិចម្ដងៗ—គឺការយកឈ្នះលើ « មនុស្សខាងសាច់ឈាម » ។ បុរស ឬស្ត្រីខាងសាច់ឈាមប្រៀបដូចជាគំនិតមិនស្អាតស្អំដូច្នោះដែរ ។ នេះជារបៀបដើម្បីយកឈ្នះវា ៖ « មនុស្សខាងសាច់ឈាមជាសត្រូវដល់ព្រះ…ហើយនឹងនៅយ៉ាងនេះជារៀងដរាបតទៅ លើកលែងតែគេព្រមធ្វើតាមសេចក្ដីទូន្មាននៃព្រះវិញ្ញាណបរិសុទ្ធ ហើយសម្រាតភាពខាងសាច់ឈាមចេញ ហើយក្លាយទៅជាអ្នកបរិសុទ្ធវិញ តាមរយៈដង្វាយធួននៃព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ ហើយក្លាយទៅដូចជាកូនក្មេងងាយប្រដៅ ស្លូតបូត ទាបរាបសា អត់ឱន ពោរពេញទៅដោយសេចក្ដីស្រឡាញ់ » ( ម៉ូសាយ 3:19 ) ។
តើរឿងមួយដែលអ្នកអាចធ្វើនៅថ្ងៃនេះដើម្បីអញ្ជើញដង្វាយធួនរបស់ព្រះអង្គសង្គ្រោះឲ្យនាំមកនូវការផ្លាស់ប្ដូរជីវិតនេះ របស់អ្នកគឺជាអ្វីទៅ ?
ប្រព័ន្ធផ្សព្វផ្សាយ និង មិត្តភក្តិ
ចំណុចចាប់ផ្ដើមដ៏សំខាន់បំផុតមួយគឺការជ្រើសរើសខ្សែភាពយន្ត តន្ត្រី និង អត្ថបទល្អៗ ។ ជ្រើសមិត្តភក្ដិដែលអ្នកអាចរក្សាឲ្យមានការសន្ទនាដ៏សក្ដិសម និង សកម្មភាពសុចរិត ។ កាលអ្នកមានរឿងល្អកាន់តែច្រើនដើម្បីគិត នោះអ្នកនឹងមានភាពងាយស្រួលបន្តិចម្ដងៗដើម្បីបំបាត់នូវគំនិតអាក្រក់ ហើយជារឿយៗនឹងមានតិចទៅៗ ។
អែមប៊ើរ អេស អាយុ 18 ឆ្នាំ កូឡុំប៊ីអង់គ្លេស ប្រទេសកាណាដា
ការអធិស្ឋាន
ការអធិស្ឋាននាំខ្ញុំឲ្យខិតជិតព្រះវរបិតាសួគ៌យើង ហើយជួយខ្ញុំឲ្យគិតពីគំនិតល្អៗ ។ ការសិក្សាព្រះគម្ពីរប្រចាំថ្ងៃពង្រឹងទំនុកចិត្តខ្ញុំក្នុងការយកឈ្នះលើការល្បួង ។ នៅក្នុងព្រះគម្ពីរអាចឃើញពីគំរូនៃពួកសិស្សដ៏ស្មោះត្រង់របស់ព្រះគ្រីស្ទ ។ ការថ្លែងទីបន្ទាល់របស់ខ្ញុំក៏ជួយខ្ញុំឲ្យរក្សាគំនិតខ្ញុំបានស្អាតស្អំផងដែរ ។
ដាស្សា អិម អាយុ 17 ឆ្នាំ កៀវ ប្រទេសអ៊ុយក្រែន
ព្រះគម្ពីរ
ការអានព្រះគម្ពីររាល់ព្រឹកពីមុនទៅសាលាអាចជួយបាន ។ នៅពេលខ្ញុំមានគំនិតមិនល្អ ខ្ញុំបានប្ដូរវាចេញភ្លាមជាមួយនឹងអ្វីមួយដែលប្រសើរជាង ។ ជាជាងការដែលគ្រាន់តែនិយាយថា « កុំគិតពីរឿងនោះអី » ( ដែលជារឿងល្អមួយដែលត្រូវធ្វើ ) សូមប្ដូរវាជាមួយនឹងគំនិតល្អមួយ ។ សូមចងចាំថា អ្នកអាចគ្រប់គ្រងគំនិតរបស់អ្នកបាន ពុំមែនរបស់សាតាំងនោះទេ ។ យើងគឺជាបុត្រាបុត្រីដ៏ក្លាហានរបស់ព្រះវរបិតាសួគ៌ ហើយយើងមានបេសកកម្មយ៉ាងខ្ជាប់ខ្ជួនមួយដើម្បីធ្វើឲ្យខ្លួនយើងបានប្រសើរឡើង។
នីក ស៊ី អាយុ 16 ឆ្នាំ អាកាន់សាស ស.រ.អា.
ល្អ ឬ ត្រឹមត្រូវ ?
អ្នកមិនអាចគ្រប់គ្រងគំនិតមួយនឹងផុសចេញមកនោះឡើយ ប៉ុន្តែអាចមានលទ្ធភាពដើម្បីលុបវាចេញ ឬទុកវាឲ្យនៅបាន ។ អ្នកអាចចោទសួរថា ៖ តើគំនិតនេះនឹងមានផលល្អដល់ខ្ញុំដែរឬទេ ? តើវានឹងជួយខ្ញុំឲ្យដើរនៅលើផ្លូវត្រូវដែរឬទេ ? នៅពេលមានគំនិតល្បួងមួយផុសឡើង សូមច្រៀងចម្រៀងល្អមួយ គិតពីអនុស្សាវរីយល្អមួយ ឬអធិស្ឋាន ។ សំខាន់បំផុតគឺការប្ដូរគំនិតអាក្រក់ជាមួយនឹងអ្វីមួយដែលល្អ ។
លីស្សា ភី អាយុ 17 ប្រទេស ដាណឺម៉ាក
គំរូរបស់លីហៃ
នៅក្នុងនីហ្វៃទី 1 15:27 នីហ្វៃប្រាប់ដល់ពួកបងប្រុសគាត់ថា ឪពុកពួកគេបានហ៊ុមព័ទ្ធដោយភាពកខ្វក់ នៅក្នុងការនិមិត្តរបស់គាត់អំពីដើមឈើជីវិត ។ ប៉ុន្តែលីហៃមិនបានមើលឃើញពីភាពកខ្វក់នោះទេ ដោយសារ « ចិត្តលោករវល់តែគិតដល់រឿងផ្សេងទៀត » ។ ការណ៍នេះនៅតែពិតចំពោះយើងសព្វថ្ងៃ ។ ប្រសិនបើយើងមានបំណងប្រាថ្នាចង់បាននូវសេចក្តីសុចរិត សូមអធិស្ឋាន ហើយផ្ដោតលើរឿងសុចរិត នោះគំនិតយើងនឹងពោរពេញដោយសេចក្តីសុចរិត និង គុណធម៌រហូតដល់គំនិតអាក្រក់មានអាចនៅបាន ។
ហាទី ដបុលយូ អាយុ 16 ឆ្នាំ អារីហ្សូណា ស.រ.អា.
ទំនុកតម្កើង
ទំនុកតម្កើងអាចជួយយើងឲ្យមានគំនិតស្អាតស្អំ ។ តន្ត្រីល្អលើកតម្កើងដល់វិញ្ញាណ ។ នៅពេលខ្ញុំស្ដាប់ទំនុកតម្កើង វាតែងលើកតម្កើងខ្ញុំឲ្យស្ថិតនៅក្នុងបរិយាកាសស្ងប់ ហើយសេលេស្ទាល ។ វាជួយខ្ញុំឲ្យចងចាំពីសេចក្ដីស្រឡាញ់ដែលព្រះវរបិតាសួគ៌មានចំពោះយើងម្នាក់ៗ ហើយវាងាយដើម្បីចៀសវាងពីការល្បួង ។
អាមែនដា អេ អាយុ 18 ឆ្នាំ អាម៉ាហ្សូណាស ប្រទេស ប្រេស៊ីល
ការសិក្សាគម្ពីរជាគ្រួសារ
នៅពេលគំនិតអាក្រក់កើតមាននៅក្នុងគំនិតខ្ញុំ ខ្ញុំព្យាយាមចងចាំបទគម្ពីរដែលគ្រួសារខ្ញុំ និងខ្ញុំបានអាននៅពេលព្រឹក ។ រាល់ព្រឹកម៉ោង 6:00 គ្រួសារខ្ញុំអានព្រះគម្ពីរជាមួយគ្នា ។ វាព្រលឹមមែន ប៉ុន្តែវាជាពរជ័យមួយ ហើយធ្វើឲ្យមានអារម្មណ៍ខ្ញុំកាន់តែរឹងមាំនៅក្នុងថ្ងៃនោះ ។
អេឡេណា ដបុលយូ អាយុ 16 ឆ្នាំ ប្រទេស ស្វ៊ីស
ពិធីសាក្រាម៉ង់
ការអធិស្ឋានពិធីសាក្រាម៉ង់ចែងថា ប្រសិនបើយើងលើកដាក់មកលើខ្លួននូវព្រះនៃព្រះគ្រីស្ទ គោរពព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ហើយចងចាំទ្រង់ជានិច្ច នោះយើងនឹងមានព្រះវិញ្ញាណរបស់ទ្រង់គង់ជាមួយយើងជាដរាប ។ តាមរយៈការចងចាំដល់ទ្រង់ យើងបានខិតខំរុញច្រានគំនិតខាងលោកិយចេញ ហើយផ្ដោតទៅលើគំនិតដ៏អស់កល្ប ។ នៅពេលយើងចងចាំទ្រង់ជានិច្ច គំនិត បំណងប្រាថ្នា និង ទង្វើយើងនឹងផ្លាស់ប្ដូរទៅរកភាពប្រសើរឡើង ។
មិកឃេ អិម អាយុ 18 ឆ្នាំ រដ្ឋ យូថាហ៍ ស.រ.អា